U.Nថាសេដ្ឋកិច្ចពិភពលោកនឹងនៅទ្រឹងជាថ្មីក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ

0

ដោយៈ សុខុម

ហ្សឺណែវ: អង្គការសហប្រជាជាតិ(U.N.) បានចេញរបាយការណ៍កាលពីថ្ងៃពុធ ទី១០ កុម្ភៈនេះថា តាមការព្យាករសេដ្ឋកិច្ចពិភពលោក នឹងស្ថិតនៅក្នុងសភាពទ្រឹងជាថ្មីក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ នេះដោយសារការឆ្លងរាតត្បាត។

វីរុសកូវីដ-១៩ បន្តបង្អាក់សកម្មភាពឧស្សាហកម្មធ្វើដំណើរ (Travel Industry) ក្រោយពាណិជ្ជកម្មពិភពលោក បានធ្លាក់ចុះ៩% ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានលើកឡើងថា ក្រោយការរឹតបន្តឹងការធ្វើដំណើរ ឬការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានបណ្ដាលឱ្យពាណិជ្ជកម្មធ្លាក់ចុះ១៥% ក្នុងឆមាសទី១ ដើមឆ្នាំ២០២០ ពាណិជ្ជកម្មបានងើបឡើងវិញ នៅក្នុងឆមាសទី២ ដោយពាណិជ្ជកម្មពិភ​ព​លោក លើមុខទំនិញបានកើនឡើងប្រមាណ៨% នៅក្នុងត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣។

បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្ដាប្រទេសនៅអាស៊ីបូព៌ា ដែលពាណិ​ជ្ជកម្មលើមុខទំនិញ មានប្រភពចេញពីតំបន់ ទទួលបានកំណើន១២% នៅក្នុងត្រីមាសទី៤។

សន្និសីទនេះបានគូសបញ្ជាក់ថា “បណ្ដាសេដ្ឋកិច្ចនៅអាស៊ីបូព៌ា បាននិងកំពុងឈា​នមុខគេជាមួយនឹងកំណើននាំចេញរឹងមាំ និងការហក់ឡើងនៃភាគហ៊ុនក្នុងទីផ្សារពិភពលោក” ហើយថាវិស័យផលិតកម្មភាគច្រើន បានងើបឡើងវិញក្នុងត្រីមាសទី៤លើកលែ​ងវិស័យថាមពល និងដឹកជញ្ជូន។

ទោះជាយ៉ាងណា របាយការណ៍ដដែលបញ្ជាក់ថា ពាណិជ្ជកម្មក្នុងវិស័យសេវាកម្មបានជាប់ទ្រឹងដូចកម្រិតក្នុងត្រីមាសទី៣។

សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១ សន្និសីទUNCTAD ព្យាករថា ពាណិជ្ជកម្មលើមុខទំនិញនឹងធ្លាក់ចុះ១,៥% បើធៀបនឹងត្រីមាសទី៤ នៃឆ្នាំ២០២០ ហើយពាណិជ្ជកម្មលើសេវាកម្មនឹងធ្លាក់ចុះ៧%។

ប៉ុន្តែសន្និសីទនេះក៏បានបញ្ជាក់ដែរថា ការព្យាកររបស់ខ្លួន មិនមានភាពប្រាកដប្រជានោះទេ ដោយសារស្ថានភាពឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងភាពមិនប្រាកដប្រជាចំពោះការអនុម័តកញ្ចប់ថវិកាសង្គ្រោះដើម្បីស្ដារសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here