ក្រសួងទេសចរណ៍ចុះអនុស្សរណៈជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមទីក្រុង

0

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងស្រុក និងការងារទីក្រុងស្អាត កម្ពុជាស្អាត ជាមួយនឹងការជំរុញការអភិវឌ្ឍសមត្ថភាពអាជីវករ ប្រកបរបរសេវាកម្មទេសចរណ៍ខ្នាតតូច ក្រសួងទេសចរណ៍ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា និងសារព័ត៌មានថ្មីៗ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)មួយ។

ការអនុស្សារណៈ ស្តីពី «ភាពជាដៃគូលើការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមផ្លូវ (Street Food Vendors) នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក DAVID WIGGLESWORTH នាយកក្រុមហ៊ុន កូកា-កូឡា, លោក គី សុខលីម ស្ថានិកសារព័ត៌មានថ្មីៗ រួមទាំងនាក់ពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត ផថដែរ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំង៣ បានឯកភាពគ្នាលើ៤ចំណុចសំខាន់ៗរួមមាន ទី១ ចូលរួមកម្មវិធីអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការប ណ្តុះបណ្តាលអាជីវកម្ម តាមផ្លូវខ្នាតតូចនៅតាមមូលដ្ឋាន ទី២ ចូលរួមធ្វើផែនការរួម ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល និងការគាំទ្រនានាដល់ស្រ្តីជាម្ចាស់អាជីវកម្មខ្នាតតូច ទី៣ ចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបង្រៀនអនឡាញ សម្រាប់បណ្តុះបណ្តាលអាជីវករខ្នាត មីក្រូ និងកម្រិតគ្រួសារ ក្នុងការបង្កើនគុណភាពចំណីអាហារ អនាម័យ និងអភិវឌ្ឍន៍អាជីវកម្ម

និងទី៤ ផ្តល់វាគ្មិនទៅវិញទៅមក ដើម្បីចែករំលែកបទពិសោធន៍ពាក់ព័ន្ធវិស័យទេសចរ​ណ៍ទីក្រុងស្អាត ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងសហគិ្រនភាព។

ភាគីទាំងពីរបានឯកភាពគ្នា ផ្តួចផ្តើមគំនិត និងសិក្សាលើយន្តការ ឬកម្មវិធីផ្លាស់ប្តូរ និងផ្តល់ជូនជាផលិតផល កូកា កូឡា ជាមួយនឹងការប្រមូលសំរាមដែលជាសំណល់ផ្លាស្ទីក។

លោកណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេ​ខាធិការនៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា គឺដើម្បីចូលរួមជួយជាគម្រោ​ងគំរូ និងសហការគ្នាចុះទៅបណ្តុះបណ្តាល ជំរុញការអប់រំការយល់ដឹង បណ្តុះបណ្តាលការរៀបចំអនាម័យ ដល់ប្រជាពលរដ្ឋលក់នៅតាមវិថីម្ហូបអាហារ ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងអនុវត្តត្រឹមត្រូវតាមវិធាន របស់ក្រសួងទេសចរណ៍ ដើម្បីត្រៀមទទួលយកភ្ញៀវទេសចរនៅពេលដែលជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។

លោកបន្តថា “វិថីម្ហូបអាហារនៅពេលបច្ចុប្បន្ននេះ ពិតជាមានសារសំខាន់ណាស់ ព្រោះភ្ញៀវទេសចរ នៅពេលទៅកាន់គោលដៅទេសចរណ៍ គឺត្រូវការស្វែងយល់ពីអ្វីដែលជាម្ហូបអាហារនៅក្នុងតំបន់នោះ ហើយម្ហូបអាហារនៅតាមដងផ្លូវនេះ គឺជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមួយផងដែរ”។

លោកបានបន្តថា ដើម្បីលើកកម្ពស់វិថីម្ហូបអាហារនេះ នៅពេលខាងមុខក្រសួងនឹងរៀបចំការប្រឡងប្រណាំង ខេត្តមួយវិថីម្ហូបអាហារមួយ ដើម្បីធ្វើយ៉ាងណាបំផុសឱ្យទៅជាផលិតផលទេសចរណ៍មួយ សម្រាប់ទាំងទេសចរជាតិ និងអន្តរជាតិ ហើយដើម្បីឱ្យវិថីម្ហូបអាហារនេះអាចទាក់ទាញទេសចរណ៍ បានវាគឺត្រូវទាមទារឱ្យ មានការអនាម័យស្អាត នឹងមានស្ទង់ដារមួយត្រឹមត្រូវផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here