កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍​ប្រកាស​ក្ស័យ​ទុន​នៅឡើយ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្នុង​រយៈពេល​ជិត១ឆ្នាំ ដែល​កើតមាន​វិបត្តិ​សេដ្ឋកិច្ច ជា​សាកល​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ១៩ ដែល​ប៉ះពាល់​ដល់​ប្រតិបត្តិការ​អាកាសចរណ៍​គ្រប់​ប្រទេស​នោះ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា នៅ​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ប្រកាស​ពី​ការដួលរលំ ឬ​ក្ស័យ​ទុន​នៅឡើយ​នោះទេ។

លោក​ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ​ថា នៅក្នុង​អំឡុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បានធ្វើ​កិច្ច​អន្ដរាគមន៍​ដល់​ក្រុមហ៊ុន ដែល​ប្រកប​របរ​លើ​វិស័យ​អាកាសចរណ៍ បើទោះជា​ការអន្ដរាគមន៍​នេះ​នៅមានកម្រិត​កដោយ។

លោក​បន្តថា “យើង​មិនទាន់​ឃើញ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយណា ប្រកាស​ពី​ការ​ក្ស័យធន​របស់ខ្លួន​ឡើយ ពោលគឺ​មានតែ​វិធីសាស្ត្រ​កាត់បន្ថយ​បុគ្គលិក កាត់បន្ថយ​ប្រាក់ខែ​បុគ្គលិក ដើម្បី​សម្រាល​ការលំបាក​របស់ខ្លួន” ។ លោក​បាន​បន្តថា “មើល​ពី​ស្ថានភាព​ជាក់ស្ដែង​កម្រិត​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា នៅមានកម្រិត​នៅឡើយ ដូច្នេះ​ប្រសិនបើ រដ្ឋាភិបាល​ផ្តល់​ទំនុកបម្រុង​លើ​វិស័យ​ឯកជន​ទាំងអស់ កម្ពុជា​នឹង​ប្រឈម​ការខ្វះខាត និង​ជួប​បញ្ហា​ជាច្រើន” ។

លោក​បន្តថា ថ្វី​ត្បិត​បែបនេះ​ក៏ពិតមែន ប៉ុន្ដែ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា មិន​លែងដៃ​នោះទេ ដោយបាន​ផ្ដល់​អន្ដរាគ​មន៍​មួយចំនួន ដែល​អាចឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ទទួលយកបាន។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បានបញ្ជាក់​ទៀតថា យើង​ដឹង​ហើយ​ថា​ក្នុង​វិបត្តិ​កូ​វីដ១៩នេះ រាជរដ្ឋាភិបាល​បានផ្ដល់​កិច្ច​អន្តរាគមន៍ ចំពោះ​ក្រុមហ៊ុន​ដែល​ទទួលរង ផលប៉ះពាល់​នៅក្នុង​វិស័យ​អាកាសចរណ៍​នេះ ប៉ុន្តែ​សម្រាប់​ការអន្តរាគមន៍​នេះ គឺ​នៅមានកម្រិត​នៅឡើយ ដោយសារ​ប្រទេស​យើង​នៅមានកម្រិត។ ជាទូទៅ​យើង​មិនទាន់​ឃើញ​មាន​ក្រុមហ៊ុន​ណា​ប្រកាស​ក្ស័យធន​នៅឡើយ ប៉ុន្តែ​យើង​ឃើញ​មានការ​លំបាក​របស់​ក្រុមហ៊ុន ដូចជា​កាត់បន្ថយ​បុគ្គលិក កាត់បន្ថយ​ប្រាក់ខែ មាន​បំណុល​ច្រើន​ជាមួយ​អ្នកផ្ដល់​សេវា​គាំទ្រផ្សេងៗជាមួយ​គាត់ ប៉ុន្តែ​មិនទាន់​ក្ស័យធន និង​កំពុងមាន​ការលំបាក​ក្នុង​ការធ្វើ​អាជីវកម្ម។

តាម​តួលេខ​របស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល (SSCA) បានឱ្យដឹងថា អ្នកដំណើរ​ឆ្លងកាត់ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន៣របស់​កម្ពុជា ក្នុង​ឆ្នាំ២០២០កន្លងទៅ សរុប​មាន​ចំនួន២លាន១សែន​នាក់ ធ្លាក់ចុះ៧៩ភាគរយ​បើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួលបាន​អ្នកដំណើរ១,៣លាន​នាក់ ធ្លាក់ចុះ៧៦ភាគរយ។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួលបាន​អ្នកដំណើរ​ចំនួន ៦១៨,៦៦៣នាក់ ធ្លាក់ចុះ៨៣ភាគរយ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ទទួលបាន​អ្នកដំណើរ​ចំនួន២១៤,៩៦៩នាក់ ធ្លាក់ចុះ៨៦.៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here