ដោយៈប៊ី
ភ្នំពេញៈ ធនាគារ ហត្ថា ម.ក សម្រេចបានចំណូលសរុបមានចំនួនប្រមាណ៤៩លានដុល្លារក្នុងត្រីមាសទី៤ ឆ្នាំ២០២០ កើនឡើងចំនួន២១,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០របស់ធនាគារនេះ ដែលចេញផ្សាយនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

-->
លោកឧញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា បានថ្លែងបានថ្លែងនៅក្នុងរបាយការណ៍ថា ការពិតណាស់ នៅក្នុងឆ្នាំ២០២០នេះ ជំងឺកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងអាជីវកម្មនានារបស់ប្រទេសកម្ពុជា។

លោកបានថ្លែងថា ទោះជាយ៉ាងនេះក្តី ធនាគារ ហត្ថា ម.ក អាចឆ្លងផុតពេលវេលាដ៏លំបាកមួយនេះ ដោយសម្រេចបានសមិទ្ធផលធំៗទៅតាមផែនការដូចជា ការកម្លាយខ្លួនដោយជោគជ័យ ទៅជាធនាគារពាណិជ្ជ សមតុល្យប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ និងប្រាក់ចំណេញលើសផែនការ គួរជាទីពេញចិត្ត រីឯឥណទានមិនដំណើរការស្ថិតនៅក្នុងកម្រិតហានិភ័យទាបល្អប្រសើរ។
លោកបានថ្លែងបន្តទៀតថា “សមិទ្ធផលដែលយើងទទួលបានទាំងអស់នេះ គឺសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ធនាគារហត្ថាម.ក នៅតែរក្សាជំហរយ៉ាងរឹងមាំ និងឈានមុខគេនៅលើទីផ្សារហិរញ្ញវត្ថុកម្ពុជា”។
លោកបានឱ្យដឹងទៀតថា យ៉ាងណាម៉ិញសូមអតិថិជនមេត្តាជ្រាបថា ធនាគារ ហត្ថា ម.ក មានផលិតផល /សេវាកម្មដូចជា ធនាគារហត្ថាចល័ត អេធីអឹម សន្សំផលច្រើន (HYSA) សេវាកម្មបែបធនាគារពាណិជ្ជ និងមានផលិតផល/សេវាកម្មទំនើបថ្មីៗ ដែលត្រូវដាក់បម្រើដល់អតិថននាពេលដ៏ឆាប់ខាងមុខ។
លោកឧកញ៉ាហួត អៀងតុងបានបន្តទៀតថា ទន្ទឹមនឹងនេះផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង ធនាគារ ហត្ថា ម.ក បានបង្កើតគណនីសប្បុរសធម៌កូវីដ១៩ សម្រាប់ឱ្យអតិថិជនសប្បុរសជន និងបុគ្គលិកធនាគារ ហត្ថា ម.កទាំងអស់បរិច្ចាគថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវី១៩ ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។
លោកបានមានប្រសាសន៍ទៀតថា នេះគឺជាសកម្មភាពមួយដ៏មានអត្ថន័យបំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល។ បន្ថែមពីលើនេះ ធនាគារហត្ថា ម.ក បានចូលរួមបរិច្ចាគ ថវិកាជាប្រាក់រៀលចំនួន ២០០ ០០០ ០០០៛ (ពីររយលានរៀល) ផងដែរ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាត ត្បាតជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ ហត្ថា ម .ក បានទទួលលទ្ធផលល្អប្រសើរដូចខាងក្រោម៖-សមតុល្យប្រាក់កម្ចីលើសផែនការតែចំនួន១១៥លានដុល្លារអាមេរិក។-ប្រាក់បញ្ញើសន្សំលើសផែនការប្រមាណជិត១៧២លានដុល្លារអាមេរិក។-ប្រាក់ចំណេញលើសផែនការប្រមាណជិត ១២ លានដុល្លារអាមេរិក និង-ឥណទានមិនដំណើរការគឺ០,៧០% ទាបជាងផែនការចំនួន១,៤២%៕