ដោយ:គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកW. Patrick Murphy បានលើកឡើងនូវលទ្ធភាពពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀតនាពេលអនាគត។
លោកបានមានប្រសាសន៍ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៦ កុម្ភៈ ភាគីទាំងពីរបានពិភាក្សាផងដែរ អំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធ នឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។
ជាមួយគ្នារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញា មានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះកម្ពុជាបានចូល និងកំពុងសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ នឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះបានដាក់ឱ្យដំណើរការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត៕