ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា កាលពីឆ្នាំ២០២០ក្រសួងប្រមូលបានចំណូល ជាង១៦លានដុល្លារពីការលក់ផ្លាកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងបានចុះបញ្ជីលេខពិសេសសម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាលសរុបចំនួន ៤២ ៧២៧ ផ្លាក បានទទួលចំណូលប្រមាណជាង ៣៤ ពាន់លានរៀល ស្មើនឹង ៨,៥៨ លានដុល្លារអាមេរិក (កើនឡើង ៤៥ភាគរយធៀបនឹងឆ្នាំ២០១៩)។
លោកបានមានប្រសាសន៍បញ្ជាក់ថា “បន្ទាប់ពីបានដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន គិតចាប់ពីថ្ងៃទី៧ ខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២០ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន ៣ ៧១៩ ផ្លាក និងប្រមូលចំណូលបានចំនួន ៨ លានដុល្លារអាមេរិក។ និយាយរួម សរុបចំណូលពីការលក់លេខពិសេសសម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាល និងផ្លាកលេខពិសេសផ្ទាល់ខ្លួនបានសរុបប្រមាណ ១៦ លានដុល្លារអាមេរិក”៕