រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អះអាងថា វ៉ាក់សាំង​កូ​វីដ១៩ នឹង​បង្កើន​លទ្ធភាព​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​ឡើងវិញ

0

ដោយៈ លក្ខិណា

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២០បាន​ធ្លាក់ចុះ​ជា​អវិជ្ជមាន មិន​ធ្លាប់​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ជា២ទសវត្សរ៍​កន្លងមក ហើយ​វិស័យ​ជាច្រើន ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច ក៏បាន​រងគ្រោះ​ផងដែរ ដោយសារតែ​វិបត្តិ​កូ​វីដ១៩ ។

ប៉ុន្តែ​ចូល​ដើមឆ្នាំ ២០២១ ជាពិសេស​នៅ​ដើមខែ​កុម្ភៈ២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ដំបូង ពី​ប្រទេស​ចិន​បាននិងកំពុង​ចាក់​ជូន ដល់​ពលរដ្ឋ​កម្ពុជា​បន្តបន្ទាប់​ផងដែរ។

ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប ការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​រសៀល​ថ្ងៃទី១៧ កុម្ភៈ២០២០នេះ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា រយៈ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ កំណើនសេដ្ឋកិច្ច​ជាតិ​ក​ម្ពុ​ជា សម្រេច​បានជា​មធ្យម​ប្រមាណ៧ភាគរយ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ដោយសារតែ​ផលប៉ះពាល់​នៃ​កូ​វីដ១៩ នៅ​ឆ្នាំ២០២០ ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​ធ្វើឱ្យ​ធ្លាក់ចុះ​សេដ្ឋកិច្ច​រហូតដល់ ៤ភាគរយ។

លោក​បាន​ថ្លែង​បន្តទៀតថា សម្រាប់​ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ងើប​ឡើងវិញ ក្នុង​រង្វង់៤ភាគរយ ស្របគ្នា​ជាមួយនឹង​ក្ដី​រំពឹង​នៃ​ការមកដល់​ដំបូង នៃ​វ៉ា​ក់កូ​វីដ១៩ នៅ​ខែកុម្ភៈ​នេះ និង​ដំណាក់កាល​បន្តបន្ទាប់ និង​កាន់តែ​បង្កើន​លទ្ធភាព ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម រក្សា​លំនឹង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាជន និង​កាត់បន្ថយ​ហានិភ័យ​ទាំងឡាយ ដែល​បណ្ដាលមកពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោក​បន្តថា “នៅក្នុង​បរិបទ​នៃ​សម័យ​កូ​វីដ១៩នេះ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ របស់​កម្ពុជា មិនមាន​ការផ្អាក ឬ​ពន្យារពេល​ឡើង ប៉ុន្តែ​ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុញ្ញាតឱ្យ​ប្រើប្រាស់ កញ្ចប់​ថវិកា​សន្សំ​រប​ស់​ជាតិ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ រួមមាន ដូចជា​គម្រោង​ផ្លូវ ៣៤ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ និង​ផ្លូវ៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប” ។

លោក អូន ព័​ន្ឋ​មុនី​រ័ត្ន បាន​ថ្លែង​ទៀតថា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ជាច្រើន​ទៀត ដូចជា​ស្ពាន ផ្លូវ​ល្បឿន​លឿន ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ និង​ប្រព័ន្ធគ្រប់គ្រង​មធ្យ​បាយ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​ដែលជា​វិស័យ​ដ៏​សំខាន់ និង​ជា​សរសៃឈាម​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ជំរុញ កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា​ផងដែរ។

លោក​បន្ថែមថា ការអភិវឌ្ឍ​រីកចម្រើន​ឧស្សាហកម្ម៤.០ ការប្រើប្រាស់​ឌីជីថល​ក្នុង​សេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា ចូលក្នុង​សេដ្ឋកិច្ច​អាស៊ាន។ កម្ពុជា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់ ដើម្បី​ប្រែក្លាយ​វិបត្តិ​កូ​វីដ១៩ ឱ្យទៅជា​ឱកាស ឬ​កាលានុវត្តភាព​ទៅតាម​តម្រូវការ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​និង​ភស្តុភា​រកម្ម ទាំង​ក្នុង​ទិដ្ឋភាព គុណភាព ទំហំ និង​តំបន់ ដែល​គ្រប​បណ្ដ​ប់ ដើម្បី​ធានា​ឱ្យបាន​ប្រព័ន្ធ​ដឹកជញ្ជូន​ភស្ដុភា​រកម្ម​មួយ ដែលមាន​ប្រសិទ្ធ​ខ្ពស់។

គិត​មកដល់​ថ្ងៃទី១៦ ខែកុម្ភៈ ២០២១ ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ លើក​ទី១មាន​ចំនួន២៦១១នាក់ និង​មានការ​ចាក់​ជា​បន្តបន្ទាប់​ទៀត ខណៈ​វ៉ាក់សាំង​ជំនួយ​ពី​ប្រទេស​ចិន​មកដល់​កម្ពុជា​ចំនួន៦០ម៉ឺន​ដូ​ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here