ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារជាសំឡេងណែនាំដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស អ្នករស់នៅក្នុងរាជធានីភ្នំពេញត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីជំងឺកូវី១៩ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈដែលទើបកើតមានក្នុងសហគមន៍នៅពេលបច្ចុប្បន្ន។
តាមរយៈសារជាសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា សូមឱ្យប្រជាជននៅទីក្រុងភ្នំពេញមានការប្រុងប្រយ័ត្ន ហើយបើគ្មានការចាំបាច់សូមកុំទាន់ចេញពីផ្ទះ ព្រោះសភាពការណ៍ឥឡូវនេះកំពុងមានភាពស្មុគស្មាញ និងកំពុងរាវរក និងបន្តតាមដាន។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា “ពិតមែនតែយើងពីចំណុចក្លិប N8 និងកន្លែងរស់នៅមួយចំនួន តំបន់មួយចំនួនត្រូវបានបិទ ក៏ប៉ុន្តែចរាចរណ៍មនុស្សដែលចេញពីតំបន់ទាំងនេះ តើចេញទៅទីកន្លែងណាខ្លះ យើងកំពុងរុករក ចឹងប្រសិនបើសម្រាកនៅនឹងផ្ទះបានក៏ជាការល្អ ខ្ញុំអង្វរ-ក- ខ្ញុំសុំឱ្យបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំនេះឱ្យបានល្អ”។
គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កំណើននៃអ្នកឆ្លងជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលមានចំនួន៩៣នាក់នៅទូទាំងប្រទេស ដែលក្នុងនោះមាន៣១នាក់ថ្មីបន្ថែមទៀតជាករណីឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងមានការបិទទីតាំពាក់ព័ន្ធចំនួន២៣កន្លែង។
ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ចេញនូវវិធានការសុខាភិបាល។ រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ទីតាំងចំនួន២៣កន្លែង ត្រូវបានបិទបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ចេញចូលទីនោះ។
ទីតាំងទាំងនោះរួមមាន៖ ក្លិប N8 សង្កាត់ទួលស្វាយព្រៃ, Casa By Meridian កោះពេជ្រ, Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣, City Confort សង្កាត់បឹងព្រលឹត, The Bridge សង្កាត់ទន្លេបាសាក់, The Point Service Apartemt សង្កាត់ផ្សារដើមគរ, Mekong Street សង្កាត់ជ្រោយចង្វារ, Pent House Apartment សង្កាត់ទន្លេបាសាក់, Skyline Dumex សង្កាត់មិត្តភាព, Somet Condoninium សង្កាត់វាលវង់, Residence L Olymic សង្កាត់អូឡាំពិច, Prince Plazza Centre សង្កាត់ទន្លេបាសាក់, Celests Skybar សង្កាត់ទន្លេបាសាក់, Diamond Twin កោះពេជ្រ, Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ, ក្លិបCoco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ, Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់, ហាង The World សង្កាត់បឹងត្របែក, ហាងវ័នមែនសិន សង្កាត់បឹងត្របែក, ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច, Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង, វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី និងសាលា SIS សង្កាត់ផ្សារដើមគរ។
ក្រសួងបន្តអំពាវនាវឱ្យបុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាពជារៀងរាល់ថ្ងៃ៕