វេទិកាសេដ្ឋកិច្ចពិភពលោកក្រុងដាវ៉ូសនឹងប្ដូរមករៀបចំនៅសិង្ហបុរីដោយសារ ស្ថានភាពកូវីដ-១៩

ដោយៈសុខុម

ក្រុងឡូសេន, ស្វ‍៊ីសៈ នេះជាលើកទី២ហើយ ក្នុងប្រវត្តិសាស្ត្រដែលវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) មិនអាចរៀបចំនៅក្នុងក្រុងដាវ៉ូស (Davos) ប្រទេសស្វ‍៊ីស។

លើកទី១ វេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំនេះ បានប្ដូរមករៀបចំនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០២ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកើតមានព្រឹត្តិការណ៍វាយប្រហារភេរវកម្មថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ និងការគំរាមកំហែងពីក្រុមចលនាប្រឆាំងសកលភាវូបនីយកម្ម។

នេះលើកទី២ ដែលមានការផ្លាស់ប្តូរទីតាំាំងរៀបចំវេទិកានេះម្តងទៀត ដោយសារកាលៈទេសៈបង្ខំ ព្រោះតែការឆ្លងរាតត្បាតវីរុសផ្លូវដង្ហើម ដ៏កាចសាហាវកូវីដ-១៩ នៅក្នុងប្រទេសស្វ‍៊ីស ក្រុមអ្នករៀបចំបានសម្រេចចិត្តថា ប្រសិនបើវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំ២០២១ នេះនៅតែត្រូវធ្វើឡើងដោយទល់មុខគ្នា គួរតែរកកន្លែងណាដែលមានសុវត្ថិភាពជាងនេះ ហើយកន្លែងដែលស័ក្ដិសមបំផុតគឺប្រទេសសិង្ហបុរី។

រដ្ឋាភិបាលស្វ‍៊ីស បានប្រកាសរឹតបន្តឹងទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ធ្នូ ដល់ថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១ ស្របពេលការឆ្លងវីរុសកូវីដ-១៩ បានកើនឡើង៤២៦២ ករណី គិតត្រឹមថ្ងៃអង្គារ ទី៨ធ្នូ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងក្នុងប្រទេសនេះ ចាប់តាំងពីផ្ទុះការឆ្លងរាតត្បាតដំបូងឡើងដល់ជាង៣៥០.០០០ ករណី។

តើវេទិកានេះ គួរធ្វើនៅក្រុងដាវ៉ូស ដែលមានអាកាសធាតុត្រជាក់ខ្លាំង ឬក៏នៅសិង្ហបុរី ដែលមានអាកាសធាតុក្ដៅ ហើយសើម?។

សម្រាប់អ្នកដែលបានចូលរួមវេទិកានេះយល់ថា ពួកគេមានការពិបាកខ្លាំង ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុ ដែលខុសគ្នាស្រឡះរវាងនៅប្រទេសស្វ‍៊ីស ដែលមានអាកាសធាតុត្រជាក់ខ្លាំង និងនៅប្រទេសសិង្ហបុរី ដែលមានអាកាសធាតុក្ដៅ ហើយសើម ជាពិសេសក្នុងខែឧសភា។

ទោះបីជាបែបនោះក្ដី ក្រៅពីការធានាបានសុវត្ថិភាព ផ្នែកសុខភាពសាធារណៈអំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩ ប្រទេសសិង្ហបុរី មានចំណុចពិសេសមួយចំនួនទៀត ដែលធ្វើឱ្យខ្លួនក្លាយជាកន្លែងដ៏ទាក់ទាញ ហើយអាចក្លាយជាទីតាំងអចិន្ត្រៃយ៍សម្រា​ប់ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកក៏អាចថាបាន។

សម្រាប់អ្នកដែលធ្លាប់ចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស យល់ថា ទោះបីជាក្រុងតូចដាវ៉ូស មានរមណីយដ្ឋានជិះស្គី ស្ថិតនៅជួរភ្នំAlps ស្រស់ត្រកាលយ៉ាងណាក្ដី ក៏វាផ្ដល់ការលំបាកដល់គណៈប្រតិភូ ដោយសារវាស្ថិតនៅឆ្ងាយពីអាកាសយានដ្ឋានធំៗ ហើយដើម្បីជៀសផុតពីបញ្ហានេះ ទាល់តែធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។

នៅទីនេះ(ទីក្រុងដាវ៉ូស) ក៏មានលក្ខណៈតូចចង្អៀត ពិបាកនឹងទទួលចំនួនគណៈប្រតិភូមានគ្នាច្រើន ហើយសណ្ឋាគារនៅទីនេះក៏អន់ខ្លាំង បើធៀបទៅនឹសណ្ឋាគារប្រណីតៗក្នុងពិភពលោក និងពិបាកចេញចូលទៅកាន់កន្លែងរៀបចំវេទិកា។ លើសពីនេះ គណៈប្រតិភូមត្រូវដើរតាមផ្លូវក្រោម អាកាសធាតុដ៏សែនត្រជាក់ ដែលពិបាកនឹងសន្ទនាគ្នា។

ផ្ទុយមកវិញ អាកាសយដ្ឋាននៅប្រទេសសិង្ហបុរី គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសំខាន់ៗបំផុតក្នុងពិភពលោក ហើយចំណាយពេលធ្វើដំណើរតែកន្លះម៉ោងប៉ុណ្ណោះពីកោះសេនតូសា (Sentosa Island) ដែលនឹងក្លាយជាកន្លែងដ៏លេចធ្លោសម្រាប់រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក នៅពេលក្រុមអ្នករៀបចំឈានដល់ការសម្រេចចុងក្រោយថាជ្រើសយកប្រទេសសិង្ហបុរី។

វាក៏ជាកន្លែងតែមួយ ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើង លោកគីម ជុងអ៊ុន យល់ថាមានសន្តិសុខ និងការការពារសុវត្ថិភាពខ្ពស់ដែលមេដឹកនាំទាំងពីរ ត្រូវការសម្រាប់ជំនួបកំពូលលើកដំបូង របស់ពួកលោកក្នុងឆ្នាំ២០១៨ ផងដែរ។

ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុមហ៊ុនធំៗភាគច្រើន ដែលបច្ចុប្បន្នកំពុងមានសកម្ម​ភាពនៅក្រុងដាវ៉ូស ក៏មានដំណើរការពាណិជ្ជកម្ម ឬការិយាល័យរបស់ខ្លួននៅប្រទេសសិង្ហបុរី ដែរ។ ប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសនេះ ក៏មានតំណាងនៃការសហការជាដៃគូ រវាងវិស័យរដ្ឋ និងឯកជនដែលវេទិកាសេដ្ឋកិច្ចពិភពលោកចង់បានខ្លាំងផងដែរ៕

យុវជនខ្មែរភាគច្រើនចាប់អារម្មណ៍រស់នៅតាមខុនដូជាជាងនៅក្នុងផ្ទះល្វែង

        ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបាននិយាយថា យុវជនកម្ពុជាកាន់តែច្រើនបានចាប់អារម្មណ៍ខុនដូ ជាជាងផ្ទះល្វែង ខណៈដែលខុនដូបាន និងកំពុងផ្តល់បែបផែនជីវិតថ្មីមួយសម្រាប់ប្រជាជនកម្ពុជា។

កញ្ញាឈុន កញ្ញាដែលមានស្រុកកំនើតនៅខេត្តក្រចេះ និងបានមករស់នៅទីក្រុងភ្នំពេញរយៈពេល៥ឆ្នាំកន្លងមកនេះ បាននិយាយឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសនាពេលថ្មីៗនេះថា បច្ចុប្បន្នកញ្ញាបានរស់នៅខុនដូ ដែលឳពុក ម្តាយបានទិញឲ្យនៅក្នុងខ័ណ្ឌសែនសុខ។

កញ្ញាបន្តថា “ការរស់នៅលើខុនដូបានធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសា​រខុនដូមានកំពស់ខ្ពស់ៗ ដែលផ្តល់នូវបរិយាកាស និងខ្យល់អាកាសស្រស់ស្រាយទាំងពេលព្រឹក និងពេលល្ងាច”។ កញ្ញាបន្តថា “វាជាបែបផែនជីវិតថ្មី ដែលខ្ញុំនិងយុវជនផ្សេងៗទៀតចូលចិត្ត ហើយខ្ញុំគិតថា យុវវ័យភាគច្រើនកំពុងចាប់អារម្មណ៍ដូចខ្ញុំដដែរ”។

ជាមួយគ្នានេះ កញ្ញាស្រីទូច ដែលមានស្រុកកំនើតនៅស្រុកគិរីវង្ស ខេត្តតាកែវបាននិយាយឲ្យដឹងផងដែរថា ការរស់នៅតាមខុនដូ និងផ្ទះល្វែង មានសភាពមិនដូចគ្នានោះទេ បើសិនជាជ្រើសរើសផ្ទះល្វែង នៅកណ្តាលក្រុងងាយស្រូលក្នុងការធ្វើដំណើរមកធ្វើការកញ្ញានឹងរើសផ្ទះល្វែង ប្រសិនជាមានតម្លៃដូចគ្នានឹងខុនដូ ប៉ុន្តែបើផ្ទះល្វែងនៅឆ្ងាយពីទីក្រុង ពិបាកធ្វើដំណើរ កញ្ញានឹងសម្រេចចិត្តរស់នៅតាមខុនដូវិញ។

កញ្ញាបន្តថា “តាមខ្ញុំដឹង និងអានព៌តមានច្រើន ខុនដូពិតជាផ្តល់នូវការរស់នៅប្រកបដោយផាសុខភាព មានអ្វីៗគ្រប់យ៉ាង ប្រសិនជាគំរោងខុនដូនោះធំ ហេតុនេះបើខុនដូមានតម្លៃសមរម្យ ប្រហាក់ប្រហែលនឹងផ្ទះល្វែង ខ្ញុំនឹងរស់នៅតាមខុនដូហើយ”។កញ្ញាបន្តទៀតថា “ផ្ទះល្វែង ដែលមានចម្ងាយ១០ទៅ២០គីឡូម៉ែត្រ នាតំបន់ជាយក្រុង ពិតជាពិបាកក្នុងការធ្វើដំណើរ ហេតុនេះជម្រើសនាពេលអនាគតរបស់ខ្ញុំ គឺជ្រើសរើសខុនដូ ទោះបីមិនមានទំហំធំ តែវាផ្តល់ឲ្យជីវិតមានផាសុខភាព”។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនCSA Real Estate Groupបានមានប្រសាសន៍ដោយទទួលស្គាល់ថា ខុនដូកាន់តែមានភាពទាក់ទាញសំរាប់ប្រជាជនកម្ពុជា ដោយការលក់របស់យើងបច្ចុប្បន្ន បានផ្តោតលើអតិថិជនក្នុងស្រុក ជាលទ្ឋផលទាំងប្រជាជនទទូទៅ ពិសេសយុវជនវ័យក្មេងពួកគេចង់រស់នៅខុនដូ ជាជាងផ្ទះល្វែង។

លោកបន្តថា “”អ្នកសាកគិតមើល ខុនដូមានអ្វីគ្រប់យ៉ាង ដែលផ្តល់ឲ្យជីវិតរស់នៅយ៉ាងគាប់ប្រសើរ ពួកគេចុះពីផ្ទះពួកគេ ពួកគេរស់នៅសហគមន៍ដែលមានភោជនីយដ្ឋាន បា មានកន្លែងហាត់ប្រាណ មានសន្តិសុខ២៤ម៉ោង មានSky Barដែលអាចសំរាកលំហែរបាន”។លោកបន្តថា “ផ្ទះល្វែងមានអ្វី? ចេញពីផ្ទះមកធ្វើការឆ្ងាយ ចំណាយពេលក្នុងការធ្វើដំណើរយូរ និងបរិស្ថានជុំវិញមិនមានផាសុខភាព”។

លោកបន្តថា មើលឃើញចំណុចនេះហើយ ទើបយុវជនភាគច្រើន ដែលលោកបានសាកសួរ ពួកគេជ្រើសរើសខុនដូកាន់តែច្រើន ហើយពួកគេមានក្តីស្រម័យនាពេលអនា​គតមួយយ៉ាងត្រចះត្រចង់៕

តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ទីតាំងក្នុងខេត្តកំពង់ស្ពឺនឹងជំរុញសកម្មភាពទិញ លក់ដីកាន់តែសកម្មក្នុងឆ្នាំ២០២១

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ អ្នកជំនាញ និងអ្នកជំនួញអចលនវត្ថុភាគច្រើន សុទ្ធតែបានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទីផ្សារដីធ្លីចំនួន៣ ទីតាំងផ្សេងគ្នាស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ជាមួយនឹងគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសទំហំធំ ដែលមានដើមទុនរាប់រយលានដុល្លារ ដែលអាចនឹងលេចចេញជារូបរាងនៅក្នុងឆ្នាំ២០២១។

លោកចាន់ ប៊ុនធឿន ជាឈ្មួញដីធ្លីដ៏ធំម្នាក់នៅក្នុងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា នៅពេលបច្ចុប្បន្ននេះ ដោយសា​រតែវត្តមាន នៃអ្នកវិនិយោគចិនភាគច្រើន ស្ថិតនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរមិនទាន់បានចូលមកកម្ពុជានោះ បានធ្វើឱ្យគម្រោងសាងសង់សំណង់ រោងចក្រមួយចំនួនមិនទាន់បានអនុវត្ត ប៉ុន្តែគម្រោងរបស់ពួកគេមានរួចហើយ។

លោកបន្តថា “ខ្ញុំគិតថា នៅក្នុងឆ្នាំ២០២១ខាងមុខនេះ ជាពិសេសក្រោយពេលរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងទប់ស្កាត់ការរាលដាលមានប្រសិទ្ធភាពខ្ពស់ខណៈដែលនៅប្រទេសចិនក៏បានធូរស្បើយ”។ លោកបន្តថា “អ្នកវិនិយោគទាំងនោះនឹងវិលមកចាប់អនុវត្តគម្រោងរបស់ពួកគេ។ នៅពេលដែលគម្រោងនានាចាប់ផ្តើមមានសកម្មភាព វាមិនត្រឹមតែធ្វើឱ្យវិស័យដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍មានហាងឆេងនោះទេ តំបន់ដែលស្ថិតនៅក្បែរគ្នាក៏ចាប់ផ្តើមមានតម្រូវការដែរ”។

លោកបន្តថា ដីដែលនឹងមានហាងឆេង និងមានសកម្មភាពទិញលក់ក្រោយវិបត្តិស្ងប់ស្ងាត់ គឺស្ថិតនៅតំបន់ចំនួន៣សំខាន់ៗ គឺមាននៅតំបន់ផ្លូវ៤៤ ផ្លូវ៤១ ដែលតម្លៃនៅធូរថ្លៃ ប៉ុន្តែសម្រាប់តំបន់ផ្លូវ៥១ តម្លៃបានឡើងខ្ពស់បន្តិចរួចទៅហើយ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment  លោក វ៉ា វីរៈបានមានប្រសាសន៍ថា “ឆ្នាំ២០២១ ប្រសិនបើការទប់ស្កាត់ភាពរីករាលដាលនៃជំងឺត្រូវបានធ្វើឡើងដោយជោគជ័យ សកម្មភាពនៃការចេញទិញដី សម្រាប់វិនិយោ​គ និងអភិវឌ្ឍន៍នឹងចាប់ផ្តើមឡើងវិញ ដែលផ្តើមចេញពីអ្នកនៅក្នុងស្រុកមុន”។

លោកបានបន្តថា សម្រាប់តម្រូវការនៃការប្រើប្រាស់ដី សម្រាប់វិស័យឧស្សាហកម្មនៅក្នុងខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅរបស់អ្នកវិនិយោគរួចទៅហើយ ដោយសារតែគេឃើញមានគម្រោងសាងសង់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកើតមាននៅក្នុងខេត្តមួយនេះ ហើយក្រៅពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍ជាបណ្តុំលំនៅឋានផងដែរ ជាពិសេសនៅផ្លូវ៤១ និងផ្លូវ៥១។

នៅពេលដែលគម្រោងអភិវឌ្ឍន៍នានា ចាប់ផ្តើមមានសកម្មភាព ដូចជាគម្រោងតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវ៤១ នៅផ្លូវ៤៤ ជាពិសេសគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់សហគ្រាសកាណាឌីយ៉ា វានឹងក្លាយជាចលករជំរុញ ឱ្យតម្រូវការប្រើប្រាស់ដីធ្លីកើតមានកាន់តែច្រើន ហើយតម្លៃក៏នឹងមានការកើនឡើងផងដែរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ធ្លាប់បានមានប្រសាសន៍កាលពីដើមស  ប្ដាហ៍នេះថា គម្រោងវិនិយោគពីសំណាក់ក្រុមហ៊ុនចិន និងកូរ៉េ មានច្រើនគម្រោងនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនៃស្រុកឱរ៉ាល់ ប៉ុន្តែដោយសារតែបញ្ហាដែលកំពុងប្រឈមនៅពេលនេះ ពួកគេមិនបានមកទេ រង់ចាំក្រោយពេលស្ងប់ស្ងាត់នៃវិបត្តិជំងឺនេះ។

លោកបានបញ្ជាក់ថា គម្រោងវិនិយោគ និងអភិវឌ្ឍន៍ជារោងចក្ររបស់ក្រុមហ៊ុនកូរ៉េ និងចិនក្នុងស្រុកឱរ៉ាល់តំបន់ផ្លូវ៤៤ រួមមានរោងចក្រកែច្នៃស្វាយសម្រាប់នាំចេញ រោងចក្រផលិតស្ករ និងរោងផលិតកេសកូតុងជាដើម។ ដោយឡែករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាមផ្លូវ៤១ ភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង និងរោងចក្រគ្រឿងបង្គុំ៕

ចកលរសំខាន់ៗចំនួន៥នឹងរុញសក្តានុពលខេត្តកោះកុងនឹងក្លាយជាខ្លា ថ្មីមួយនៅតំបន់ឆ្នេរនាពេលអនាគត

ដោយៈ ប៊ី

កោះកុងៈ កោះកុងធ្លាប់ជាខេត្តដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ តែគេនឹកឃើញបទចំរៀងរបស់លោកស៊ីន ស៊ីសាមុត “បុប្ឆាកោះកុង”បានធ្វើឲ្យខេត្តនេះនៅតែដក់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ហេដ្ឋារចនាសម្ព័ន្ឋ

ជាមួយនឹងការដាក់ចេញគោលនយោបាយត្រឹមត្រូវ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុងមានការអភិវឌ្ឍយ៉ាងលឿនស្លេវ ដោយបច្ចុប្បន្នខេត្តនេះមានព្រលានយន្តហោះអន្តរជាតិថ្មីមួយ ដែលនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះក្រុមហ៊ុនBangkok Airwayបាននិងកំពុងសហការជាមួយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប ដើម្បីរៀបចំព្រលានយន្តហោះថ្មីមួយទៀត នៅតំបន់កោះប៉ោ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងយោធពលខេមរភូមិន្ទ។

លើសនេះនេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជម្រុញការពង្រីផ្លូវជាតិលេខ៤៨ ជាពីរគន្លងសំរាប់រថយន្តទៅមកផងដែរ ជាពិសេសការតភ្ចាប់ជាប្រវត្តិសាស្រ្តនូវភូមិភាគពាយ័ព្យ មកកាន់តំបន់នារតី តាមរយៈការស្ថាបនាផ្លូវជាតិលេខ១០ ដោយចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកមួយចំនួននៃខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដែលផ្លូវនេះនឹងពង្រីកការដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជា ទៅកាន់ក្រៅប្រទេស តាមរយៈកំពង់ផែទឹកជ្រៅនៅតំបន់សារាសាគរ ក្នុងខេត្តកោះកុងផងដែរ។

នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីពេលថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដើម្បីពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ។

គោលបំណងនៃបេសកម្មចុះ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន ទី១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group ទី២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់ ទី៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៍មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង៤-បញ្ហាផ្សេងៗ។

អាកាសយានដ្ឋានះអន្តរជាតិ ដែលអាចទទួលការចុះចតនេះ នឹងពង្រីកមុខមាត់និងលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង និងសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរថែមទៀត ដែលតាមផែនការព្រលានយន្តហោះនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនអាកាសចរណ៍នានាហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ខាងមុខនេះ។

គំរោងអភិវឌ្ឍន៍តារាសាគរ

ទោះជារងទណ័្ឌកម្មពីសហរដ្ឋអាមេរិក ក៏គម្រោងតារាសាគរក្នុងខេត្តកោះកុង មិនបង្អង់ល្បឿននៃផែនការអភិវឌ្ឍន៍របស់ខ្លួននោះទេ។

គំរោងដែលទទួលបានដីសម្បទាន ពីរដ្ឋាភិបាលកម្ពុជា ជាង៤០,០០០ហិកតានេះកំពុងបំពេញតម្លៃឲ្យខេត្តនេះយ៉ាងធំសម្បើម ដែកគម្រោងនេះមានផែនការអភិវឌ្ឋន៍តំបន់កម្សាន្ដ និងលំហែរបែបធម្មជាតិកម្រិតខ្ពស់ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោន(Dara Sakor Stardream Lake Tourism Town)របស់ក្រុមហ៊ុនUnion City Development Group បានចាប់ផ្ដើមប្រកាសបើកដំណើរការ ព្រមទាំងជំរុញការអភិវឌ្ឍ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក សុខុម បានមានប្រសាសន៍ថា គម្រោងនឹងនេះមានលក្ខខណៈពិសេស និងអំណោយផលសម្រាប់ទូរគមនាគមន៍ ពោលគឺ អាចធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញ ដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅ ខេត្តព្រះសីហនុត្រឹមតែ២ម៉ោង នៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច។

លោកបន្ថែមថា “នៅពេលខាងមុខនេះ ភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរ និងតាមការចុះចតយានដ្ឋានតារាសាគរ ដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ”។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានស្នើសុំដល់ក្រុមហ៊ុន Union City Development Groupឲ្យក្រុមហ៊ុនបណ្តុះបណ្តាលជនជាតិខ្មែរឲ្យបានច្រើន ក៏ដូជាបង្កើនសកម្មភាពពង្រីករមណីយដ្ឋាន ឲ្យកាន់តែច្រើនថែមទៀតដើម្បីបំម្រើវិស័យទេចរណ៍។

តំបន់ទេសចរណ៍ដ៏អាថ៌កំបាំង

ជាមួយនឹងអំណោយផល នៃផែនការអភិវឌ្ឍន៍ពីរដ្ឋាភិបាល វិស័យឯកជន ខេត្តកោះកុងមានធនធានធម្មជាតិដ៏អាថ៌កំបាំង និងមានសក្តានុពលដ៏ធំសម្បើមផ្នែកអេកូទេ​សចរណ៍ ដោយមានកោះ ទឹកជ្រៅ ព្រៃភ្នំ ដងព្រែក ដៃសមុទ្រត្រពាំងរូងដ៏ស្រស់ស្អាត ខេត្តនេះ ក៏មិនទាន់ទាក់ទាញការវិនិយោគលើធនធានធម្មជាតិ និងប្រើប្រាស់ធនធានធម្មជាតិឲ្យអស់សក្តានុពលនៅឡើយទេ។

អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកស្រីភូថង មិថុនាធ្លាប់បានមានប្រសាសន៍ថា ខេត្តកោះកុង ជាខេត្តមួយមានសក្តាពនុពលធម្មជាតិ ដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ និងឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុ យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគួអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តកោះកុង ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិដែលបាននឹងកំពុងសាងសង់ ហើយនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនាពេលឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារតែមានទំនាក់ទំនងល្អ ជាមួយប្រទេសចិននោះកាលពីឆ្នាំ២០១៩កន្លងមក នេះខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរវាងមន្ទី ទេចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌ និងទេចរណ៍ខេត្តជីលីន នៅក្នុងទឹកដីខេត្តកោះកុង។

លោកស្រីអភិបាលខេត្តក៏បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុង បានកំពុងទាក់ទងនិងបានរៀបចំឯកសារស្តីពី អនុស្សរណៈនៃយោគយល់គ្នារវាងខេត្តកោះកុងជាមួយ នឹងខេត្តយូណាន និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តកោះកុង និងក្រុងវៃណាន ខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីជំរុញនិងលើកស្ទួយឲ្យមានការរីកចម្រើនច្រើនផងដែរ។

ឧស្សាហកម្មល្បែង

ដោយសារមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ខេត្តកោះកុងមានអំណោយផលមួយទៀតលើការធ្វើពាណិជ្ជកម្ម ទេសចរណ៍និងល្បែងកំសាន្ត ដូចជាកាស៊ីណូជាដើម។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិនិយោគកាស៊ីណូរបស់ហុងកុង Century Entertainment International Holdings បានបង្ហាញព័ត៌មានច្បាស់ការណ៍ថា ក្រុមហ៊ុនសម្រេចចិត្តប្តូរទិសដៅ វិនិយោគរបស់ខ្លួនពីក្រុងព្រះសីហនុ សម្តៅទៅខេត្តកោះកុងជំនួ​សវិញ។

ក្រុមហ៊ុន Century Entertainment នឹងផ្លាស់ប្ដូរតំបន់ប្រតិបត្តិការតុល្បែងពីទីតាំងកំណើតរបស់ខ្លួនស្ថិតនៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់សណ្ឋាគារមួយនៅក្នុងស្រុកតារាសាគរ ខេត្តកោះកុងវិញ។

ជាមួយនឹងគោលបំណងនៃការផ្លាស់ប្តូរនេះ ប្រធានក្រុមហ៊ុន និងជាស្ថាបនិកក្រុមហ៊ុន Century Entertainment លោក Ng Man Sun ធ្លាប់បានបង្ហាញពីផែនការផ្លាស់ប្តូរទីតាំងពីសណ្ឋាគារ Sunshine Bay Hotel នៅក្នុងខេត្តព្រះសីហនុ ទៅកាន់សណ្ឋាគារ Ming Guan ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដូចគ្នា។

ម្ចាស់កាស៊ីណូរូបនេះ ទទួលបានការផ្តល់ជូនដ៏ពិសេស ពីអចលនទ្រព្យនៅស្រុកតារាសាគរ ខេត្តកោះកុងជំនួសវិញ។ ទីតាំងថ្មីនេះមានផ្ទៃក្រឡាសរុប ១០,៥០០ ម៉ែត្រការ៉េ ដែលអាចតម្លើងតុល្បែងចំនួន ៤០ តុ លំដាប់វីអាយភីចំនួន ៥៥ និងស្លុតម៉ាស៊ីន ៨០ ដោយក្នុងនោះក៏មានការបង្កើតភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រី។ កាស៊ីណូនេះគ្រោងនឹងបើកដំណើរការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ខាងមុខនេះ។

តំបន់ឆ្នេរកម្ពុជា ឬតំបន់K4 ដែលអ្នកជំនាញក្នុងវិស័យទេសចរណ៍និយមហៅ បាននិងកំពុងរះយ៉ាងត្រចះត្រចង់ ក្រោមដំបូលនៃគោលនយោបាយដ៏ត្រឹមត្រុវ ចក្ខុវិស័យច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា ពិសេសតំបន់ “តារារះនាទិសនារតីនេះ”បាននិងកំពុ​ងចូលរួមលើកកំពស់កិត្យានុភាពកម្ពុជា ទៅកាន់ឆាកអន្តរជាតិ និងកំពុងក្លាយជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ៕

តើគួរវិភាគលើទីផ្សារហ៊ុនដូចម្តេចមុនសម្រេចចិត្តវិនិយោគ

        ដោយគង់ សូរិយា

        ភ្នំពេញៈ ការសិក្សាពីមូលដ្ឋាន និងវិភាគឲ្យបានច្បាស់លាស់ពិតជាមានសារៈសំខា​ន់ណាស់ ក្នុងការវិនិយោគលើផ្សារហ៊ុន ដែលជាទីផ្សារថ្មីមួយក្នុងបរិបទនៃសាកលភាវូបនីយកម្ម។

គេហទំព័រCambodiafinancialtimes.com សូមលើកយកមូលដ្ឋានវិភាគមួយចំនួន ដើម្បីចែកចាយជាចំណេះដឹង ដល់អ្នកចង់វិនិយោគលើផ្សារហ៊ុន ដែលជាផ្នែកមួយនៃវិស័យហិរញ្ញវត្ថុដ៏គួរឲ្យចាប់អារម្មណ៍។

វិភាគតាមកត្តាមូលដ្ឋាន

វិនិយោគិន គួរតែស្វែងយល់អំពីព័ត៌មានផ្សេងៗ ដែលមានសារៈប្រយោជន៍ដល់ការវិនិយោគលើវិស័យភាគហ៊ុន។ ព័ត៌មានទាំងនោះរួមមាន ព័ត៌មានសេដ្ឋកិច្ច របាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនចុះបញ្ជីនិមួយៗ ការប្រតិបត្តិនិងស្ថានភាព នៃក្រុមហ៊ុនចុះបញ្ជីនិមួយៗ ទិន្នន័យទីផ្សារ ការវិភាគរបស់អ្នកជំនាញ និងកត្តាផ្សេងៗដទៃទៀតដែលមានសារៈសំខាន់សម្រាប់ការជួញដូរ។

វិភាគបច្ចេកទេស

វិនិយោគិន គួរតែផ្ដោតលើទិន្នន័យចាស់ៗ រួមមាន បម្រែបម្រួលប្រចាំថ្ងៃនៃតម្លៃរបស់ភាគហ៊ុន ក្រាហ្វនៃបម្រែបម្រួលតម្លៃរបស់ក្រុមហ៊ុន ក៏ដូចជាទីផ្សារ ដែលទាំងអស់នេះ វិនិយោគិនអាចរកមើលបាន នៅលើវេបសាយរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ឬនៅលើវេបសាយរបស់ ផ.ម.ក.។

មើលរបាយការណ៍ប្រចាំឆ្នាំ

ការមើលរបាយការណ៍ហិរញ្ញវត្ថុ ក៏អាចចាត់ទុកជាកត្តាសំខាន់មួយ ដែលវាស្ថិតនៅក្នុងការវិភាគតាមបែបមូលដ្ឋាន​ វាអាចអោយយើងដឹងអំពីគម្រោងជំនួញ និងយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន រួមមាន របាយការណ៍ហិរញ្ញវត្ថុជាដើម។

ការអានរបាយការណ៍ហិរញ្ញវត្ថុ

ការអានរបាយការណ៍ហិរញ្ញវត្ថុ អាចជួយអោយយើងដឹងពីសកម្មរបស់ក្រុមហ៊ុនណាមួយដោយក្នុងរបាយការណ៍នេះ ដូចជា

– តារាងតុល្យការ (Balance Sheet): បង្ហាញពី ទ្រព្យសកម្ម បំណុល និងមូលធនភាគហ៊ុនិករបស់ក្រុមហ៊ុន។

-របាយការណ៍ចំណូល ចំណាយ (Income Statement): បង្ហាញពីចំណូល ចំណាយ និង​ព័ត៌មានជាក់លាក់មួយចំនួនទៀត។

-របាយការលំហូរសាច់ប្រាក់ (Cashflow Statement): បង្ហាញពីចំនួនសាច់ប្រាក់ ដែលធ្វើប្រតិបត្តិការ ចេញ ចូលរបស់ក្រុមហ៊ុន៕

 

អឺរ៉ុបបានបញ្ចេញកញ្ចប់ថវិកា៦០០ពាន់លានដុល្លារដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្លួនបន្ថែម

ដោយ៖ វុទ្ធី

អន្តរជាតិ៖ ធនាគារកណ្តាលអឺរ៉ុប បានបញ្ចេញទឹកប្រាក់ ៥០០ ពាន់លានអឺរ៉ូ (៦០០ ពាន់លានអាមេរិក) បន្ថែមទៀត ខណៈការរាតត្បាតជំងឺកូវីដ១៩ បានបិទផ្នែកមួយចំនួនធំនៃសេដ្ឋកិច្ច និងប៉ះពាល់ដល់ប្រាក់ចំណូលពីការលក់ទំនិញ មុនថ្ងៃបុណ្យណូអែល ដែលជាបុណ្យដ៏មានសារសំខានបំផុត។

ក្រុមប្រឹក្សាដែលមានសមាជិក ២៥ នាក់ បានសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនបញ្ចប់សង្គ្រោះសេដ្ឋកិច្ចតាមរយៈទិញប័ណ្ណបំណុលរបស់ខ្លួនរហូតទៅ ៥០០ ពាន់លានអឺរ៉ូ ស្មើនឹង ១,៨៥ លានដោដិផោន (២,២ ទ្រីលានដុល្លារ) ។ បញ្ចាប់ថវិកានេះ នឹងពន្យាររយៈពេលយ៉ាងហោចណាស់ខែមីនា ឆ្នាំ២០២២ ដែលជំនួសឱ្យកាលបរិច្ឆេទបញ្ចប់ដំបូងបំផុតនៅពាក់កណ្តាលឆ្នាំ២០២១។ វាក៏បានផ្តល់ប្រាក់កម្ចី ដែលមានការប្រាក់ទាបបំផុតដល់ធនាគារផងដែរ។

ការទិញប័ណ្ណបំណុលនេះ បានជួយធ្វើឱ្យឥណទានមានតំលៃសមរម្យ និងអាចរកបាននៅទូទាំងសេដ្ឋកិច្ចសម្រាប់អតិថិជន អាជីវកម្ម និងរដ្ឋាភិបាល។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយអាជីវកម្មឱ្យរស់រានរហូតដល់ការរីករាលដាលនៃជំងឺរាតត្បាតបញ្ជប់ ហើយដើម្បីគាំទ្រដល់រដ្ឋាភិបាល ដែលកំពុងខ្ចីប្រាក់យ៉ាងច្រើន ដើម្បីផ្តល់ជំនួយដល់អាជីវកម្ម និងកម្មករ។

លោក Christine Lagarde ប្រធានធនគារកណ្តាលអឺរ៉ុប (ECB) បានមានប្រសាសន៍ថា សកម្មភាពក្នុងអាជីវកម្មសេវាកម្មកំពុងត្រូវបាន “រារាំង” យ៉ាងខ្លាំង ដោយការកើនឡើងថ្មីនៃជំងឺកូវីដ១៩។ ហើយទិន្នន័យសេដ្ឋកិច្ចថ្មីៗនេះ “បង្ហាញពីផលប៉ះពាល់នាពេលខាងមុខកាន់តែធ្ងន់ធ្ងរលើសេដ្ឋកិច្ច ដែលបានអូសបន្លាយយូរជាងការរំពឹងទុក”។

គោលដៅរបស់ធនាគារកណ្តាល គឺដើម្បីបង្កើនអតិផរណា ដែលមានចំនួនប្រចាំឆ្នាំ ០,៣ ភាគរយក្នុងខែវិច្ឆិកា សម្រាប់គោលដៅរបស់ខ្លួន ក្រោម ២ភាគរយ ដែលជាកម្រិតមួយត្រូវបានចាត់ទុកថាល្អបំផុតសម្រាប់សេដ្ឋកិច្ច។

លោកស្រីបាននិយាយថា “ហេតុផលមួយដែលយើងកំពុងធ្វើ គឺច្បាស់ណាស់ដើម្បីចៀសវាងហានិភ័យ និងដើម្បីធ្វើឱ្យក្រុមហ៊ុនទាំងនោះ សាជីវកម្ម សហគ្រិន និងគ្រួសារទាំងនោះ ចេញផុតពីវិបត្តិជំងឺរោគរាតត្បាត”៕

វិស័យវាយណភណ្ឌកាត់ដេរ មិនរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ផ្ទុយពីវិស័យមួយចំនួនដែលកំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ដែលកំពុងបន្តរីករាយដាលទាំងនៅលើសាកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរនោះ សម្រាប់តែផ្នែកវាយណភ័ណ្ឌនៅកម្ពុជា ហាក់មិនទទួលរងនូវសំពាធធ្ងន់ធ្ងរនោះឡើយ ជាពិសេសក្រោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាថ្មីៗនេះតែម្ដង នៅមិនទាន់មានរោងចក្រសហគ្រាសក្នុងផ្នែកវាយណភ័ណ្ឌណាមួយស្នើសុំផ្អាកដំណើរការនោះទេ។

លោក ប៊ុន សុគន្ធ តំណាងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងមួកគ្រប់ប្រភេទសៅលែន (ខេមបូឌា) ដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា គិតចាប់ពីជំងឺឆ្លងកូវីដ១៩បង្ហាញវត្តមាននៅកម្ពុជា ក្នុងអំឡុងពេលនេះខាងរោងចក្រលោកនៅតែបន្តចូលរួមទប់ស្កាត់ និងបង្ការការពារ ដូចអ្វីដែលរដ្ឋាភិបាលបានណែនាំនិងដាក់ចេញនាពេលកន្លងមក។

លោកឱ្យដឹងទៀតថា សព្វថ្ងៃមុន នឹងអនុញ្ញាតឱ្យកម្មករនិយោជិតចូលបំពេញការងារ តម្រូវឱ្យពួកគាត់ពាក់ម៉ាស វាស់កំដៅ និងលាងដៃជាមួយទឹកអាលកុលសិន ដោយសកម្មភាពនេះ គឺធ្វើឡើងជាប់ជាប្រចាំនិងជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះ លោកបានអំពាវនាវទៅដល់កម្មករនិយោជិតគ្រប់រោងចក្រ សហគ្រាស សូមឱ្យចូលរួមទប់ស្កាត់ និងការពារទាំងអស់គ្នា ចៀងវាងការកើតមាន ឬឆ្លងកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះ៕

ប្រធាននាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុក ចាន់ធូ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រោយវិវត្តន៍នៃព្រឹត្តិការណ៍២៨វិច្ឆិកា ជុំវិញករណីឆ្លងជំងឺកូវីដ១៩ គិតមកទល់ថ្ងៃនេះមិនមានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងណាមួយទេស្នើរសុំបិទ ឬផ្អាកដំណើរការផលិតកម្មទេ ពោលគឺបន្តការងារជាធម្មតា និងប្រុងប្រយ័ត្នខ្ពស់។

លោកបានបញ្ជាក់ថា “មុន និងក្រោយព្រឹត្តការណ៍២៨វិច្ឆិកា ពុំមានអី្វប្រែប្រួលទេសម្រាប់វិស័យកាត់ដេរទាំងអស់ គឺនៅតែដំណើរការជាធម្មតា ពិសេសទៀតនោះនៅតាមរោងចក្រ សហគ្រាសគាត់មានការយកចិត្តទុកដាក់ ប្រសិនជាគាត់ដឹងថាមានកម្មករនិយោជិតណាម្នាក់ដែលមានជាប់ពាក់ព័ន្ធ ឬប្រយោលជាមួយព្រឹត្តិការណ៍នោះ គាត់នឹងឱ្យធ្វើចត្តាឡីស័កដែរ”។

លោកបន្តថា “និយាយយ៉ាងខ្លីក្នុងវិស័យរោងចក្រ សហគ្រាសកាត់ដេរ គឺអត់មានអ្វីប៉ះពាល់ទេ សម្រាប់យើងមើលតាមរូបភាពបងប្អូនកម្មករខាងក្រៅ ប៉ុន្តែបើចូលទៅខាងក្នុងរោងចក្រ មុននឹងចូលរោងចក្រ ខាងរោងចក្រមានការយកចិត្តទុកដាក់ និងមានគ្រប់ឧបករណ៍ទាំងអស់…ខ្ញុំសង្ស័យថាស្ថាប័នមួយចំនួនអត់ដល់វិស័យឯកជនទេ ខ្ញុំឃើញជាក់ស្តែងគឺមានការប្រុងប្រយ័ត្ននិងមានសម្ភារះគ្រប់បែបយ៉ាង ដើម្បីធ្វើការត្រួតពិនិត្យ អញ្ចឹងពុំទាន់មានឃើញរូបភាពណាមួយដែលនៅក្នុងរោងចក្រ សហគ្រាស”។

ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួងពីថ្នាក់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមអធិការកិច្ច ក៏ដូចជាក្រុមមន្ទីរបានធ្វើការត្រួតពិនិត្យជាប្រចាំទៅតាមរោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមដែនអនុវត្តរបស់សមត្ថកិច្ចនីមួយៗ ថ្នាក់ក្រសួងក៏ដូចជាថ្នាក់រាជធានីខេត្ត គឺឃើញការរាយការណ៍រាល់ថ្ងៃពុំមានអ្វីជាគួរឱ្យកត់សម្គាល់ គឺរឹតតែមានការយកចិត្តទុកដាក់រៀបចំក្នុងការផ្តល់ជូន ឬក៏មានឧបករណ៍ត្រួតពិនិត្យកំដៅ ទឹកអាល់កុល ជាពិសេសនៅក្រសួងការងារ ដែលឃើញមានបងប្អូនកម្មករចូលមកច្រើនដូចជាមកពិនិត្យសុខភាព ពិនិត្យកាយសម្បទាមកធ្វើសៀវភៅការងារគឺក្រសួងបានយកចិត្តទុកដាក់និងគិតគូរយ៉ាងម៉ត់ចត់ទៅដល់គាត់គ្រប់ៗគ្នា៕

ប្រធានសម្ព័ន្ធធនាគារដ៏ធំប្រចាំប្រទេសកូរ៉េ គ្រោងនឹងដាក់ទីស្នាក់ការកណ្តាលរបស់ខ្លួននៅកម្ពុជា

ដោយ ៖ រ៉ាណេត

កូរ៉េ ៖ ធនាគារដ៏ធំ និងល្បីឈ្មោះប្រចាំសាធារណរដ្ឋកូរ៉េ DGB Bank ដែលស្ថិតនៅក្នុងសម្ព័ន្ធ DGB Financial Group របស់កូរ៉េ បានបង្ហាញពីគោលការណ៍នៃរៀបចំទីស្នាក់កណ្តាលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈដែលសាខាដែលកំពុងមានដំណើរនៅកម្ពុជាចំនួន៩សាខារួចទៅហើយនោះ។

តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក លោក ឡុង ឌីម៉ង់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្ននោះ បើទោះជាស្ថានភាពប្រឈមទៅនឹងវិបត្តិនៃការរីករាយដាលនៃជំងឺឆ្លងនៅតែអូសបន្លាយ ប៉ុន្តែសម្រាប់កិច្ចទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ នៅតែបន្តដំណើរការវិវត្តន៍ជាបន្តបន្ទាប់គួរជាទីមោទនៈ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ឱ្យដឹងទៀតថា “នៅក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូតកម្ពុជា លើការពង្រឹងកិច្ចសហប្រតិបត្តិការយោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា បានពិភាក្សាគ្នាយ៉ាងច្រើន ដែលក្នុងនោះក៏បានផ្តោតសំខាន់ទៅលើគម្រោង និងផែនការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ”។

លោកបានបញ្ចាក់ថា សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត ៩សាខា ជាមួយបុគ្គលិកប្រមាណជាង ៦០០នាក់។

នៅន័យនេះ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជម្រុញបន្ថែមអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនាសម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ថ្នាក់ប្រធានដឹកនាំប្រតិភូរបស់សម្ព័ន្ធ DGB Financial Group លោក KIM TAE OH បានបញ្ជាក់ថាសម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយជាម៉ាស់ដល់កម្ពុជាដែលកំពុងមានតម្រូវការ តាមរយៈស្ថានទូត ដោយគិតជាទឹកប្រាក់ចំនួន ១០,០០០ដុល្លាអាមេរិក និងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរ តបតាមការស្នើរបស់ស្ថានទូតកម្ពុជា។

បន្ថែមពីលើនេះលោកប្រធានក៏បានស្នើដល់ឯកអគ្គរាជទូតកម្ពុជា ដើម្បីជួយសិក្សាណែនាំអំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាលរបស់ធនាគានៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្សដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗរបស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ៕

ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន ៥.៤ ភាគរយនៅឆ្នាំ២០២១

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ សេដ្ឋវិទូប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ២០២១ ខណៈកម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានកំណើននេះ។ នេះបើយោងតាមផេក Facebook ផ្លូវការរបស់ ADB នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ ADB ប្រចាំកម្ពុជា បានឱ្យដឹងថា “សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ក្នុងរង្វង់ -៤.០% ភាគរយក្នុងឆ្នាំ ២០២០ ហើយកំណើននឹងស្ទុះឡើង ៥.៤ ភាគរយនៅឆ្នាំ ២០២១”។

លោកបានថ្លែងទៀតថា “កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម”។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធ្លាប់ឱ្យដឹងកាលថ្មីៗនេះថា ការព្យាករណ៍គឺជាការព្យាករណ៍ តែសម្រេចបានឬមិនបាន មិនមែនអាស្រ័យលើការព្យាករណ៍នោះទេ វាអាស្រ័យទៅលើការខំប្រឹងរបស់រាជរដ្ឋាភិបាលខ្លួនឯង ថាតើបានធ្វើអ្វីដើម្បីទប់ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ជាងការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ។

លោកបណ្ឌិតបន្តថា “កន្លងមកគេព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានប៉ុណ្ណេះ ឬប៉ុណ្ណោះ តែធាតុពិតអាចសម្រេចបាន លើសការព្យាករណ៍របស់ស្ថាប័នទាំងនោះក៏មានដែរ”។ លោកបន្តថា “សម្រាប់ឆ្នាំ២០២០នេះ យើងឃើញថាកម្ពុជាបានខំប្រឹង កែប្រែ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឱ្យបានសម្រេចបានតាមការព្យាករណ៍របស់គេ ឬអាចលើសការព្យាករណ៍របស់គេ”។

លោកបណ្ឌិតបន្ថែមថា ឆ្នាំ២០២០នេះ ប្រទេសទាំងអស់លើពិភពលោក គ្មានប្រទេស ណាដែលគេចផុតពីវិបត្តិនៃកូវីដ១៩នេះទេ តែមានប្រទេសខ្លះបានរក្សានូវសេដ្ឋកិច្ចក្នុងកម្រិតមិនធ្លាក់ចុះខ្លាំង ហើយក៏មានប្រទេសខ្លះទៀតមានវិបត្តិធ្ងន់ធ្ងរ ហើយសម្រាប់កម្ពុជាក៏គេចមិនផុតពីវិបត្តិនៃកូវីដ១៩នេះដែរ។

ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី កន្លងមកបានកោតសរសើរកម្ពុជា ក្នុងការដោះស្រាយបញ្ហា ដែលបណ្ដាលមកពីកូវីដ១៩ ដូចជា ការបញ្ចេញថវិកាសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ ដែលជាទប់នូវការធ្លាក់ចុះអត្រាក្រីក្រកាន់តែច្រើន និងការទប់ស្កាត់ផលប៉ះពាល់ទៅលើវិស័យឯកជនជាច្រើនទៀតផងដែរ។
របាយការណ៍របស់ធនាគារពិភពលោកកន្លងមកបង្ហាញថា ថ្វីត្បិតតែការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងធ្លាក់ចុះក្ដី តែក៏បានជំនួសនូវផលិតផលផ្សេងដែលមានតម្លៃខ្ពស់ និងការនាំចេញផលិតផលកសិកម្មនៅដើមឆ្នាំ២០២០ ក៏មានសន្ទុះងើបឡើងល្អប្រសើរផងដែរ៕

លោក វ៉ន ចាន់ថន ៖ តម្រូវការ​នៃ​ការជួល​ដី​ក្នុង​រយៈពេល​យូរ​នឹង​ជំរុញ​ឱ្យ​តម្លៃ​ដី​ក្នុង​តំបន់​ឡើង​ខ្ពស់ជាង​ការទិញ​លក់

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ពិតណាស់ថា នៅពេល​ដែលមាន​តម្រូវ​ការទិញ​លក់​លើ​ផ្នែក​ណាមួយ​នៃ​អចលនទ្រព្យ​ដូចជា​លំនៅឋាន ខុន​ដូ​ជាដើម គឺ​តែង​ជំរុញ​ឱ្យ​តម្លៃ​នៃ​ផ្នែក​នោះ​មានការ​កើនឡើង។ ប៉ុន្តែ​សម្រាប់​ផ្នែក​ទីផ្សារ​ដីធ្លី​វិញ​ហាក់​មាន​ភាពខុសប្លែក​ពី​គេ​បន្តិច តម្លៃ​ដី​អាច​មានឱកាស​ឡើងថ្លៃ​ខ្លាំង​គឺ​អាស្រ័យទៅលើ​ទីផ្សារ​ជួល​ក្នុង​រយៈពេល​វែង មិន​ដូច​ការ​ឡើងថ្លៃ​តាមរយៈ​ទីផ្សារ​ទិញ​លក់ ដែល​ឡើង​ខ្ពស់​ក្នុង​មួយរយៈ​ពេល​ខ្លី​ប្រៀប​ដូច​ពពុះ​សាប៊ូ​នោះទេ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ TOWN CITY Real Estate និង​ជា​អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក វ៉ន ចាន់ថន បាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា ថ្វី​ត្បិត​តម្រូវការ​នៃ​ការទិញ​លក់​ដី​នៅក្នុង​តំបន់​ណាមួយ​បានធ្វើឱ្យ​តម្លៃ​ដី​ឡើងថ្លៃ ប៉ុន្តែ​បើ​ធៀប​ទៅនឹង​តម្រូវ​ការជួល​ដី​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ​វិញ​គឺ​កាន់តែ​ធ្វើឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​កាន់តែខ្លាំង ហើយ​មានពេលខ្លះ​អាច​ឡើង​ខ្ពស់​ហួស​ពី​ការរំពឹង​ក៏មានដែរ។

លោក វ៉ន ចាន់ថន បាន​មានប្រសាសន៍​បញ្ជាក់ថា “តម្រូវការ​នៃ​ការជួល​ដី​សម្រាប់​ប្រើប្រាស់​នៅក្នុង​វិស័យ​ណាមួយ ភាគច្រើន​គឺ​គេ​ធ្វើឡើង​មិនមែន​ត្រឹម​រយៈពេល​ខ្លី​នោះទេ ហើយក៏​ធ្វើឡើង​ទៅតាម​គម្រោង និង​ផែនការ​យុទ្ធសាស្ត្រ​របស់​អ្នក​ជួល​ផងដែរ ដែល​យ៉ាងហោចណាស់​ក៏​ចាប់ពី​រយៈពេល​កន្លះ​ឆ្នាំ​ឡើងទៅ ឬ​លើសពីនេះ​រហូតដល់៥-១០ឆ្នាំ​ក៏មាន” ។

លោក​បន្តថា “ប្រសិនបើ​នៅក្នុង​តំបន់​មួយ​ដែលមាន​តម្រូវ​ការជួល​ដី​សម្រាប់​ប្រើប្រាស់​ធ្វើជា​ទីតាំង​វិនិយោគ​លើ​ផ្នែក​អ្វីមួយ ឬ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ផ្សេង ដូចជា​ជួល​សម្រាប់​សាងសង់​ជាឃ្លាំង ជួល​សម្រាប់​សាងសង់​ជា​រោងចក្រ ឬ​ជួល​សម្រាប់​អភិវឌ្ឍន៍​គម្រោង​អាជីវកម្ម​បែប​សហគមន៍ ដែល​គម្រោង​ទាំងអស់នេះ​សុទ្ធ​តែមាន​រយៈពេល​យូរ ដូច្នេះ​ចង់​មិន​ចង់វា​បានធ្វើឱ្យ​ដី​ដែល​ធ្លាប់តែ​នៅ​ទំនេរ ធ្លាប់​នៅតែ​ជា​ដីស្រែ ឬ​ដីដុះ​ស្មៅ​ដែល​គេ​ទុកចោល​ក្លាយជា​ដី​មាន​សកម្មភាព​អាជីវកម្ម។ ក្នុង​រូបភាព​បែបនេះ សាក​នឹក​ស្រមៃ​ទៅ​មើលថា វា​នឹងមាន​ទិដ្ឋភាព​បែបណា? ខ្ញុំ​ចង់​មានន័យថា នៅពេលដែល​តំបន់​ណាមួយ​ដែល​សកម្មភាព​បែបនេះ​វា​នឹង​ជំរុញ​មាន​មនុស្ស​ចូលទៅ​រស់នៅ ហើយ​កាន់តែ​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ដីកា​ន់​តែ​ច្រើន ហើយ​តម្លៃ​ក៏​ដូចគ្នា វា​ក៏​កើនឡើង​ខ្ពស់​ផងដែរ” ។

ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការឡើង​ថ្លៃ​នៃ​តម្លៃ​ដី​ក្រោម​សកម្មភាព​ទិញ​លក់​វិញ លោក វ៉ន ចាន់ថន បាន​បញ្ជាក់ថា ប្រសិន​គេ​ទិញ​ដើម្បី​អភិវឌ្ឍន៍ ឬ​សាងសង់​គម្រោង​អ្វីមួយ ម្ចាស់​គម្រោង​ក៏​គេ​ទិញ​ដី​ដែលមាន​តម្លៃ​ទាប​ដែល​អាច​សមស្រប​ទៅនឹង​ថ្លៃដើម​នៃ​ខ្ទង់ចំណាយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់គេ​ដែរ មានន័យថា ភាគច្រើន​គេ​ទិញ​ដី​ដែលមាន​ទំហំ និង​មានតម្លៃ​នៅ​ទាប​ដែល​ងាយស្រួល​ក្នុងការ​អភិវឌ្ឍ ងាយស្រួល​លក់ ងាយ​ទទួលបាន​ចំណេញ។

លោក​ថា នៅមាន​រូបភាព​មួយទៀត គឺ​ការ​ឡើងថ្លៃ​នៅពេល​ដែលមាន​សកម្មភាព​ទិញ​ក្នុងពេល​តែមួយ ផ្អើល​ទិញ​តាម​គ្នា​ទាំង​ដែល​តំបន់​នោះ​គ្មាន​គម្រោង​អភិវឌ្ឍន៍​ណាមួយ​ជាក់លាក់ ឬ​ផ្អើល​ទិញ​តាម​ការ​ញុះ​ញ៉ុ​ង​របស់​ឈ្មួញ ដែល​រូបភាព​បែបនេះ​គេ​តែង​ហៅថា ទីផ្សារ​ពពុះ​សាប៊ូ ឡើងថ្លៃ​តែមួយ​ពេល ហើយក៏​ស្ងប់​បាត់​ឈឹង។ រូបភាព​បែបនេះ​គឺមាន​ច្រើន ហើយក៏​ជាការ​ប្រឈម​ទៅនឹង​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នក​ដែល​ផ្អើល​ទិញ​តាម​គេ។ ដូច្នេះ​មុនពេល​សម្រេចចិត្ត​ទិញ គប្បី​សិក្សា ស្វែងយល់​ពី​តម្រូវការ​ប្រើប្រាស់​នៅក្នុង​តំបន់​ឱ្យបាន​ច្បាស់៕