ប្រទេស​វៀតណាម​គ្រោង​នឹង​នាំចូល​អគ្គិសនី​បន្ថែមទៀត​ពី​ប្រទេស​ឡាវ

ដោយ វុត្ថា

វៀង​ច័ន្ទ៖ ប្រទេស​វៀតណាម​កំពុង​ទិញ​អគ្គិសនី​ពី​រោងចក្រ​ថាមពល ដែល​សាងសង់​ដោយ​វិនិយោគិន​ឡាវ និង​វៀតណាម​ដើម្បី​យកទៅ​ផ្គត់ផ្គង់​តម្រូវ​នៅក្នុង​ប្រទេស​ខ្លួន។

អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​រ៉ែ លោក Daovong Phonekeo បានអោយដឹង​កាលពីពេលថ្មីៗនេះ​ថា ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ ២០២៥ ប្រទេស​វៀតណាម​នឹង​ទិញ​អគ្គិសនី​ចំនួន ៣០០០មេ​ហ្កា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​ក្នុងតម្លៃ ៦.៩៥សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។

លោក​បន្តថា បរិមាណ​អគ្គិសនី​ដែល​បាន​លក់​ទៅឱ្យ​ប្រទេស​វៀតណាម​នឹង​កើន​ឡើងដល់ ៥,០០០មេ​ហ្កា​វ៉ា​ត់ រវាង​ឆ្នាំ ២០២៦ និង ២០៣០ ដោយ​តម្លៃនឹង ត្រូវបាន​កំណត់​ឡើងវិញ។

លោក Daovong បន្តថា ប្រទេស​ឡាវ​មាន​សក្តានុពល​ធំធេង​ក្នុង​ការផលិត​ថាមពល​ពី​រោងចក្រ​វា​រី​អគ្គិសនី​ថាមពល​ពន្លឺព្រះអាទិត្យ និង​ខ្យល់​សម្រាប់​លក់​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​ប្រទេស​ឡាវ​មាន​រោងចក្រ​វា​រី​អគ្គិសនី​ចំនួន៧៨ ដែលមាន​កម្លាំង​ដំឡើង ៩.៩៧២មេ​ហ្កា​វ៉ា​ត់​កំពុងដំណើរការ​ដែល​លើសពី​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក។ ជាមួយគ្នានេះ​ក៏មាន​រោងចក្រ​ថាមពល​ធ្យូងថ្ម​គម្រោង​ជីវម៉ាស ៤ និង​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន ៦ ផងដែរ។

អគ្គិសនី​គឺជា​អ្នករក​ប្រាក់ចំណូល​ដ៏​សំខាន់​មួយ​របស់​ឡាវ​ជាពិសេស​តាមរយៈ​ការលក់​ទៅ​ប្រទេស​ថៃ វៀតណាម កម្ពុជា និង​មី​យ៉ាន់​ម៉ា។

ទន្ទឹមនឹង​នេះដែរ​តម្រូវ​ការ​អគ្គិសនី​នៅ​ប្រទេស​ឡាវ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​ឆ្នាំ ២០១៩ ដោយសារ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​និង​ចំនួន​រោងចក្រ។

នៅ​ឆ្នាំ ២០១៩ ការប្រើប្រាស់​អគ្គិសនី​នៅក្នុង​ស្រុក​មាន​ចំនួន ១,២២២ មេ​ហ្គា​វ៉ា​ត់​ហើយ​ក្រសួង​ថាមពល​និង​រ៉ែ​ឡាវ​បាន​បញ្ជាក់ថា​ការប្រើប្រាស់​អគ្គិសនី​នឹង​កើន​ឡើងដល់ ១.៨០០ មេ​ហ្គា​វ៉ា​ត់​នៅ​ចន្លោះ​ឆ្នាំ ២០២០ និង ២០២៥ ៕

មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​អះ​អា​ងា​ថា ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​មិនមាន​បញ្ហា​នោះទេ

ដោយ វុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា ការដឹកជញ្ជូន​គ្រប់​ប្រភេទ ជាពិសេស​ទំនិញ​តាម​នាវា​នៅតាម​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​រហូត​មកដល់​បច្ចុប្បន្ននេះ មិនមាន​អ្វី​រាំងស្ទះ​ដោយសារ​បង្កឡើង​ដោយ ជំងឺ​កូ​វីដ-១៩ នោះទេ ។

លោក ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​នៅ​ថ្ងៃ​ទ១០ ខែធ្នូ​ថា ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​ប្រព្រឹត្ត​ទៅតាម​ប្រក្រតី មិនមាន​បញ្ហា​នោះទេ បើ​ទោះ​ពិភពលោក​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ប៉ុន្តែ​លោក​ថា​មាន​ខែ​ខ្លះ​ក៏មាន​ចំនួន​ច្រើន ហើយ​ខ្លះទៀត ក៏មាន​ចំ​នួ​យ​ថយចុះ ទៅតាម​ការបញ្ជាទិញ។

លោក​បន្ថែមថា សម្រាប់​ការដឹកជញ្ជូន​ទំនិញ​នៅតាម​ផ្លូវ​សមុទ្រ​នេះ ហាក់​មាន​ទំនិញ​ឆ្លងកាត់​ក្នុង​ចំនួន​តិច បើ​ធៀប​ជាមួយនឹង​ផ្លូវ​ទឹកសាប​មាន​ច្រើន ។ លោក​ពន្យល់ថា បញ្ហា​នេះ គឺជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​លើក​ការដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ពិភពលោក និង​ពិភពលោក​មកកាន់​កម្ពុ​ជា​ទេ ។

លោក​បន្ថែមថា ការដឹកជញ្ជូន​ទំនិញ​មកពី​ក្រៅ​ស្រុក​ចូលមក​កម្ពុជា​ក៏​មិនមាន​សញ្ញា​ណាមួយ​គួ​ឱ្យ​ព្រួយបារម្ភ​ទេ  ពីព្រោះ  ពួកគេ​ទំលាក់​ទំនិញ ហើយ​ដឹក​ត្រឡប់​ទៅវិញ ដូច្នេះ វា​មិនមាន​អ្វី​ជា​បញ្ហា​ទេ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​មិន​បានដឹង​ពី​តួលេខ​ពិត​ប្រក​ដ​នោះទេ​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​នេះ ព្រោះ​ខែ​ខ្លះ​ក៏​ឡើង ខែ​ខ្លះ​ក៏មាន​ការធ្លាក់ចុះ​ទៅតាម​តម្រូវ​ការបញ្ជាទិញ ពី​ក្នុងស្រុក និង​ក្រៅ​ស្រុក ។

លោក​ថ្លែងថា “ និយាយ​ជារួម​គឺ​មិនមាន​បញ្ហា​អ្វី​ទេ​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​នេះ វា​មាន​ឡើង​ចុះ ជា​រឿង​ធម្មតា ប៉ុន្តែ​បើ​ឱ្យ​ធ្លាក់​ខ្លាំង គឺ​មិនមាន​ទេ” ។

បើទោះបី​មិន​មិន​បញ្ហា​នៅក្នុង​ការដឹកជញ្ជូន ក៏ដោយ លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា (CLA) តម្លៃ​សេវា​ដឹកទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន អឺរ៉ុប និង​អាមេរិក កំពុង​កើ​ឡើង​ខ្ពស់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។

លោក​ថា តម្លៃ​ដឹកជញ្ជូន​ទំនិញ​តាម​នាវា​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​ប្រទេស​ចិន​បាន​កើនឡើង​ពី ៦០០ ដុល្លារ​ដល់ ២ ០០០ដុល្លារ​ក្នុង ១ កុងតឺន័រ ៤០ហ្វី​ត​ចាប់តាំងពី​ខែសីហា​មក។

លោក ច​ន្ធី បាន​ពន្យល់ថា​តម្លៃ​ហ​ឡើង​នេះ​ដោយសារ​ចំនួន​នាវា​ផ្ទុក​កុងតឺន័រ​ដឹកទំនិញ​មក​កម្ពុ​ជាមាន​ការថយចុះ​ដែលជា​ការជះឥទ្ធិពល​អ​វិជ្ជមាន​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩ ជាស​កល ហើយ​អាច​នឹង​ធ្លាក់​ចុះមក​នៅ​ខែមករា ឬ​ខែកុម្ភៈ ឆ្នាំ ២០២១ ៕

ចំណេះដឹង! តើ​មាន​លក្ខខណ្ឌ​អ្វីខ្លះ​ក្នុងការ​ចុះបញ្ជី​ពាណិជ្ជកម្ម​សម្រាប់​ពាណិជ្ជករ​ជា​នីតិបុគ្គល​បរទេស?

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​ពាណិជ្ជកម្ម​បរទេស​ទាំងអស់ ដែល​មានតែ​សាខា ឬ​ទីភ្នាក់ងារ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវធ្វើ​ការបំពេញ​ទំរង់​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​មាត្រា១៧ និង​មាត្រា១៨ នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ដូចគ្នា​នឹង​ពាណិជ្ជករ​ជា​នីតិបុគ្គល​ដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម) ។

ផ្ទុយទៅវិញ ករណី​ដែល​ពាណិជ្ជករ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា ដែល​មិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម តាម​ការ​បញ្ញត្តិ​របស់​ក្រសួងពាណិជ្ជកម្ម​ទេ ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ចំនួន ៥០,០០០៛ (ប្រាំ​ម៉ឺន​រៀល) ទៅ ៥០០,០០០៛ (ប្រាំ​សែន​រៀល) (មាត្រា៤០ ចំណុច១ នៃ​ច្បាប់​ស្ដីពី វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម) ឬ​មានទោស​និទ្ធនភាព​សាមញ្ញ​ក្នុងករណី​ធនក្ស័យ (មាត្រា ៤១ នៃ​ច្បាប់​ដដែល) ។

ហើយ​ចំពោះ​ករណី ពាណិជ្ជករ ឬ​រាល់​អ្នកដឹកនាំ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ទាំងឡាយណា​ដែល​ប្រើ​ឯកសារ​ក្លែងក្លាយ​នោះ ត្រូវ​ផ្ដន្ទាទោស​ចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១,០០០,០០០៛ (មួយ​លាន​រៀល) ដល់ ១០,០០០,០០០៛ (ដប់​លាន​រៀល)(មាត្រា ៤២ នៃ​ច្បាប់​ដដែល) ។

សរុបមក​សម្រាប់​ពាណិជ្ជករ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា​ដែល​បានធ្វើ​ការចុះបញ្ជី​ពាណិជ្ជកម្ម លើ​អាជីវកម្ម​របស់ខ្លួន ពួកគេ​នឹង​ទទួលបាន នូវ​អាជីវកម្ម​មួយ​ស្របច្បាប់ ហើយ​ទទួលបាន​នូវ​ការការពារ​ចំពោះ​ឈ្មោះ និង​ផលិតផល​របស់​ក្រុមហ៊ុន​នោះ ព្រមទាំង​ដើម្បី​ធ្វើការ​បញ្ជៀ​ស ការខាតបង់​ផលប្រយោជន៍​នានា ដែល​បណ្ដាល មកពី​ជន​ទុ​ច្ច​រឹត​ធ្វើការ​ក្លែងបន្លំ​ឈ្មោះ ឬ​ផលិតផល​របស់​ក្រុមហ៊ុន​នោះ​ផងដែរ ។

ចំពោះ​ករណីនេះ ម្ចាស់​អាជីវកម្ម ក៏​អាច​ធ្វើការ​ប្ដឹងទៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ធ្វើការ​រំលាយ អាជីវកម្ម​របស់​ជន​ទុ​ច្ច​រឹត​នោះ​បានដែរ ប៉ុន្ដែ​បើ​អំពើ​របស់​ជន​នោះ បានធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍​ធ្ងន់ធ្ងរ នោះ​ម្ចាស់​អាជីវកម្ម​ដែល​ទទួលរង​គ្រោះ​អាចធ្វើ​ការប្ដឹង​ទាមទារ សំណង​តាមផ្លូវ​តុលាការ​ដែលមាន​សមត្ថ​កិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ៕

អ្នកជំនាញនិយាយពីផ្នែកមួយចំនួននៃទីផ្សារអចលនទ្រព្យ ដែលមានតម្រូវការលឿនក្រោយចប់កូវីដ១៩

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងដំណឹងល្អនៃការត្រៀមទិញវ៉ាក់សាំបង្ការជំងឺឆ្លងកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំសម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យសុទ្ធតែបានបង្ហាញពីក្ដីសាទរ រួមជាមួយនឹងក្ដីរំពឹងពីការកម្រើកឡើងវិញនូវតម្រូវការទីផ្សារក្នុងវិស័យមួយនេះ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LUCKY Realty Co,.Ltd លោកឌិត ចណ្ណា បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ទើរតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យនឹងមានតម្រូវការខ្ពស់ជាងឆ្នាំ២០២០នេះ ក្រោយពេលកម្ពុជាមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ព្រោះថាបច្ចុប្បន្ននេះទាំងតម្រូវការ លំនៅឋានជាប់ដី ទីផ្សារខុនដូ ក៏ដូចជាការជួយទីតាំងស្នាក់នៅ និងបំពេញការងារផ្សេងៗនៅតែមានខ្ពស់ ប៉ុន្តែត្រូវបានរារាំងដោយសារតែកូវីដ១៩។

លោកបន្តថា “ក្រោយពីមានវ៉ាក់សាំងរួចរាល់ អ្នកវិនិយោគក្រៅស្រុកប្រហែលជាមិនមានច្រើនដូចមុនទេ តែវានឹងចាប់ផ្ដើមពីអ្នកវិនិយោគក្នុងស្រុក ដូច្នេះនៅពេលអ្នកក្នុងស្រុកចាប់ផ្ដើមវិនិយោគច្រើន ហើយមានចលនាទិញដូរមានច្រើន ពេលនោះអ្នកវិនិយោគខាងក្រៅក៏ចាប់ផ្ដើមចូលមកដោយសារតែមានជំនឿចិត្ត។ ជាបន្តបន្ទាប់អ្នកវិនិយោគក្រៅស្រុក ទេសចរ នឹងចូលមកជាហូរហែរ ពេលនោះនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះប្រសើរឡើងវិញ”។

ស្រដៀងគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងផងដែរថា កម្ពុជាត្រូវការពេលយ៉ាងតិចប្រមាណ១ឆ្នាំ ដើម្បីស្ដារវិស័យអចលនទ្រព្យឱ្យបានដូចស្ថានភាពមុនកូវីដ១៩ ហើយវានឹងចាប់ផ្ដើមធ្វើសកម្មភាពដោយអ្នកវិនិយោគសម្រាប់គម្រោងតូចៗ ហើយបន្តទៅទៀត អ្នកវិនិយោគគម្រោងធំៗនឹងចាប់ផ្ដើមទៅតាមនោះដែរ ដោយសារតែមួយចំនួនរង់ចាំមើលពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ជាមុនសិន ។

លោកបានបញ្ជាក់ថា “បើទោះបីជាឆ្នាំ២០២០នេះកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ក្ដី ក៏មិនធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំងនោះដែរ។ តំបន់ខ្លះនៅតែមានតម្លៃខ្ពស់ និងងើបជាងឆ្នាំមុន តែតំបន់ខ្លះទៀតនៅទ្រឹង និងមានការថមថយតិចតួច”៕

តុលាការពាណិជ្ជកម្មកម្ពុជា អាចនឹងចាប់ដំណើរការនៅឆ្នាំក្រោយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តុលាការពាណិជ្ជកម្មកម្ពុជា ដែលផ្តួចផ្តើមឡើង និងជំរុញបង្កើតឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងជួយដោះស្រាយនូវរាល់បញ្ហានានានៅក្នុងវិស័យពាណិជ្ជកម្មប្រកបដោយតម្លាភាពនោះ អាចនឹងចាប់ដំណើរការនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ខណៈពេលដែលសមាសភាពនៃក្រុមអ្នកច្បាប់ និងអង្គចៅក្រមតុលាការមួយនេះត្រូវបានក្រសួងយុត្តិធម៌រៀបចំមន្ត្រីរួចរាល់ហើយនោះ ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ការបង្កើតឱ្យមានតុលាការពាណិជ្ជកម្មនេះគឺក្នុងគោលបំណងចម្បងបំផុតក្នុងការដោះស្រាយនូវរាល់បញ្ហាវិវាទនានាដែលតែងកើតមាន ដែលធានាបាននូវតម្លាភាព ដើម្បីជំរុញ និងបង្កើនភាពទាក់ទាញការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថមនៅកម្ពុជា។

លោកឧកញ៉ាបន្តថា “ដោយសារតែបញ្ហា និងរឿងវិវាទនានាដូចដែលបានលើកឡើងខាងលើនេះ តែងតែកើតមាន បានធ្វើឱ្យប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម ជាពិសេសទីផ្សារក្នុងស្រុក ដូច្នេះហើយបានជានៅពេលបច្ចុប្បន្ននេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញ និងស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ ក្នុងបង្កើតស្ថាប័នតុលាការពាណិជ្ជកម្ម ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន”។

លោកឧកញ៉ាបានបញ្ជាក់ថា “កាលពីពេលកន្លងទៅនេះ នៅតាមបណ្តាខេត្ត ក្រុង ស្ទើរទូទាំងប្រទេស តែងកើតមានបញ្ហារវាងពាណិជ្ជកម្ម និងស្ថាប័នតុលាការ ទៅលើការដោះស្រាយពាក្យបណ្តឹង ក្នុងការធ្វើពាណិជ្ជកម្មគ្មានតម្លាភាព។ ពេលនេះ ដើម្បីជាដំណោះស្រាយកាន់តែល្អ និងអាចជួយសម្រួលដល់បណ្តាពាណិជ្ជករផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់ក្រសួងយុត្តិធម៌ក្នុងការរៀបចំ និងបង្កើតឱ្យមានតុលាការពាណិជ្ជកម្ម ដែលរហូតមកដល់ពេលនេះ ក៏ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបង្ហាញពីកិច្ចគាំទ្រផងដែរ។ អ្វីដែលសំខាន់ គឺស្វែងរកទីតាំង ដែលជាបណ្តោះអាសន្នអាចនឹងដាក់ទីតាំងនៅក្នុងសភាពាណិជ្ជកម្ម ហើយអាចនឹងចាប់អនុវត្តនៅឆ្នាំ២០២១ខាងមុខនេះ”៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមគ្នាជាមួយបណ្ដាក្រុមហ៊ុន និងសប្បុរសជនជាច្រើនចូលរួមជាមួយ សម្តេច តេជោ ក្នុងយុទ្ធនាការទិញវ៉ាក់សាំងកូវីដ-១៩ចាក់ជូនប្រជាពលរដ្ឋ។

ក្នុងកាលៈទេសៈដ៏លំបាកដែលប្រទេសកម្ពុជាបានជួបប្រទះនៅក្នុងឆ្នាំ២០២០នេះ សាធារណៈជនសង្កេតឃើញថា
មានធុរៈជន និងក្រុមហ៊ុនធំៗជាច្រើនបានសាមគ្គីគ្នាឧបត្ថម្ភថវិកាជាហូរហែរដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាកំពុងជួបប្រទះ។

 

ជាក់ស្តែងចាប់តាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ គេសង្កេតឃើញមាន ឧកញ៉ា អ្នកឧកញ៉ាល្បីៗពីបណ្តាក្រុមហ៊ុនធំៗជាច្រើនបានបង្ហាញសាមគ្គីភាពសង្គមតាមរយៈការបរិច្ចាគថាវិកាយ៉ាងច្រើនជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្នុងចំណោមបណ្ដាក្រុមហ៊ុនធំៗទាំងនោះ ក៏មានក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលឈានមុខគេក្នុងវិស័យអចលនទ្រព្យ ​អភិវឌ្ឍបុរី និងវីឡាប្រណីតៗ បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិចផងដែរ។

 

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ បានលើកឡើងថា៖ “ភាពជោគជ័យ ការរីកចម្រើន និងទំនួលខុសត្រូវរបស់ក្រុមហ៊ុនមួយឆ្លុះបញ្ចាំងតាមរយៈ ការចែករំលែក និងចូលរួមក្នុងសង្គម។
ការីកចម្រើនរបស់ក្រុមហ៊ុនរហូតមកដល់សព្វថ្ងៃផ្សារភ្ជាប់ទៅនឹងទស្សនៈ ដែលជានិច្ចជាកាលដក់ជាប់ក្នុងផ្នត់គំនិតរបស់ថ្នាក់ដឹកនាំពោលគឺ “ផឹកទឹកនឹកដល់ប្រភព” ព្រមជាមួយចក្ខុវិស័យដែល “គ្រប់បែបយ៉ាងគឺដើម្បីធ្វើឲ្យជីវិតកាន់តែមានន័យ” ។ ប្រភពនៃការរីកចម្រើនរបស់ក្រុមហ៊ុន គឺការគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈ សន្តិភាព ស្ថិរភាពសង្គម និងបរិយាកាសវិនិយោគល្អ ការគំាំទ្រពីអតិថិជន កាខិតខំប្រឹងប្រែងរបស់បងប្អូនកម្មករ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ខណៈដែលការចែករំលែក ការជួយគ្នាក្នុងគ្រាលំបាក​គឺជាសេចក្តីសុខដែលធ្វើឲ្យជីវិតយើងទាំងអស់គ្នាកាន់តែមានន័យ។ ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំបាទ សូមថ្លែងអំណអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផល និងគម្រោងនានារបស់ក្រុមហ៊ុន និងចូលរួមចែករំលែកភាពជោគជ័យរបស់យើងទាំងអស់គ្នាទៅដល់សង្គមវិញ។​ សូមចូលរួមរក្សាអនាម័យ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គមអោយបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ-១៩

 

សូមរំលឹកផងដែរថាជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកនិងតបស្នងទៅសង្គមដូចជា សាងសង់វត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ ឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ចូលរួមជាមួយរាជរដ្ឋាភិបាលរាល់គ្រប់កាលៈទេសៈដូចជាគ្រោះទឹកជំនន់ កូវីដ-១៩។ល។

បេក្ខភាពដែលមានសក្ដានុពល២រូប នឹងឈរឈ្មោះជាប្រធាន CVEA ក្នុងអាណត្តិថ្មីឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្រាប់អាណត្តិថ្មីនៃការបោះឆ្នោតជ្រើសតាំងប្រធានដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឆ្នាំ២០២១ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ ក្រោមសម្លេងគាំទ្រដែលជាសមាជិកសរុបប្រមាណជាង១០០ក្រុមហ៊ុន។

ខុសប្លែកពីអាណត្តិមុនៗដែលមានបេក្ខភាពជាច្រើនរូបចូលរួមប្រកួតប្រជែងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) សម្រាប់អាណត្តិថ្មីឆ្នាំ២០២១ខាងមុខនេះ បេក្ខភាពប្រកួតប្រជែងមានតែ២រូបប៉ុណ្ណោះ ដែលសុទ្ធតែត្រូវបានគេស្គាល់ថាមានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យអចលនទ្រព្យយ៉ាងទូលាយ និងមានសក្ដានុពលខ្លាំងដូចគ្នា។

បេក្ខភាពទី១ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Mekong និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានៅពេលបច្ចុប្បន្ន។ បេក្ខភាពទី២ លោក វ៉ន ចាន់ថន អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ TOWN CITY Real Estate និងអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានាពេលបច្ចុប្បន្ន។

ជាមួយនឹងការឈរឈ្មោះជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក្រោមការស្វែងរកសន្លឹកឆ្នោតពីសមាជិកនៅក្នុងសមាគមសរុបជាង១០០ក្រុមហ៊ុន ដែលនឹងប្រព្រឹត្តទៅនៅត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ បេក្ខភាពទាំង២រូប សុទ្ធតែមានចក្ខុវិស័យ និងផែនការដឹកនាំសមាគម ក៏ដូចជាសមាជិកទាំងអស់ឱ្យមានដំណើរឆ្ពោះទៅមុខប្រកបដោយភាពរីកចម្រើន និងបង្កើនការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជាឱ្យមានសន្ទុះខ្លាំងជាងពេលបច្ចុប្បន្ន។

គួរកត់សម្គាល់ផងដែរថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាចំណុះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់មានប្រធានដឹកនាំក្នុងវិស័យឯកជនចំនួន៥រូប រួមមានលោក ស៊ឹង ប៊ុណ្ណា លោកឧកញ៉ា ចេង ខេង លោកឧកញ៉ា សុខ ប៊ុន លោកឧកញ៉ា គឹម ហ៊ាង និងលោក ច្រឹក សុខនីម ដែលកំពុងបន្តឈរឈ្មោះជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ឆ្នាំ២០២១ខាងមុខនេះ៕

ចិនប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីស្រាអូស្រ្តាលី ចំពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ

ដោយ៖ វុទ្ធី

ក្រុងប៉េកាំង៖ ចិន បានប្រកាសនៅថ្ងៃទី១០ ខែធ្នូថា ខ្លួនបានកំណត់ពន្ធនាំចូលថ្មីលើស្រាក្រហមអូស្រ្តាលី បន្ទាប់ចិនបានចោទប្រកាន់ថា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនជាច្រើន ដែលធ្វើឱ្យខូចដល់តម្លៃទំនិញក្នុងស្រុក។

ការប្រកាសយកពន្ធនេះ ត្រូវបានធ្វើឡើង នៅពេលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តមានភាពតានតឹង បន្ទាប់ពីប្រទេសអូស្រ្តាលី បានអំពាវនាវកាលពីដើមឆ្នាំនេះ ដើម្បីសាកសួរពីប្រភពដើមនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបានកើតឡើងនៅក្នុងប្រទេសចិន។

ពន្ធប្រឆាំងការឧបត្ថម្ភធនពី ៦,៣ ដល់ ៦,៤ ភាគរយ នឹងចាប់ផ្តើមនៅថ្ងៃសុក្រខាងមុខ។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ការសម្រេចដាក់ពន្ធធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតមួយបានប្រកាសកាលពីចុងខែសីហា។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “អាជ្ញាធរស៊ើបអង្កេត បានកំណត់ជាបឋមថា មានការឧបត្ថម្ភធនសម្រាប់ស្រាដែលនាំចូលមកពីប្រទេសអូស្ត្រាលី ហើយឧស្សាហកម្មស្រាក្នុងស្រុករបស់ប្រទេសចិន បានរងការខូចខាតយ៉ាងខ្លាំង”។

ក្រសួងបានត្អូញត្អែរថា អ្នកផលិតស្រាអូស្រ្តាលី ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ជាងក្រុមហ៊ុនចិន។

ប៉ុន្តែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្រ្តាលី បានហៅវិធានការណ៍កាលពីខែមុនថា ជារឿងអយុត្តិធម៌ទាំងស្រុង មិនមានការអះអាង និងគ្មានហេតុផល។

អ្នកផលិតអូស្រ្តាលី ក៏បានព្រមានថា ពន្ធគយកាលពីខែវិច្ឆិកា ទំនងជាមានន័យថា ទីផ្សារចិនដែលធ្លាប់តែរកប្រាក់ចំណេញ នឹងលែងមានការផ្គត់ផ្គង់។

ក្រុមហ៊ុនផលិតស្រា Treasury Wine Estates ដែលផលិតម៉ាក Penfolds ដែលមានប្រជាប្រិយភាពខ្ពស់ បាននិយាយថា ខ្លួននឹងសំឡឹងមើលទៅទីផ្សាររីកចម្រើនដ៏ទៃទៀត ហើយកាត់បន្ថយការចំណាយនៃការលក់ ព្រោះទីផ្សារមានចំនួនត្រឹមតែ ៣០ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនប៉ុណ្ណោះ៕ AFP

ធនាគារ ហត្ថា បង្ហាញលេខគណនីសម្រាប់សប្បុរសជនធ្វើការបរិច្ចាគក្នុងការចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល

ថ្មីៗនេះ សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាស​ពី​គម្រោងទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដើម្បី​ចាក់​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥតគិត​ថ្លៃ ក្នុង​គោល​បំណង​ទប់​ស្កាត់ និង​ការ​ពារ​ប្រ​ជាជន​កម្ពុជាពី​ការ​ឆ្លង​ជំងឺនេះ។ យុទ្ធសាស្រ្ត​របស់​     សម្តេច ដែលបានលើក​ឡើងពិតជាល្អឥតអ្វីប្រៀបបាន យើងខ្ញុំជាថ្នាក់គ្រប់គ្រង បុគ្គលិក ធនាគារ ហត្ថា និងប្រជាពលរដ្ឋកម្ពុជាសុំ​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ជា​មួយសម្តេច​ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដើម្បី​គាំទ្រដល់យុទ្ធសាស្រ្ត​របស់​សម្តេច និងជួយ​សម្រួល​ដល់​សប្បុរសជន​ទាំង​អស់​ដែល​មាន​បំណង​បរិច្ចាគ​ថវិកា​គាំទ្រ​ដល់​ការ​ទិញ​វ៉ាក់សាំងនេះ ធនាគារ ហត្ថា ដែល​មាន​បណ្តាញ​ការិយាល័យសាខា​ធំ​លំដាប់​ទី២ ក្នុង​ប្រទេសកម្ពុជា បាន​បង្កើត​​គណនី​សប្បុរសធម៌ កូវីដ១៩ សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ អតិថិជន របស់ធនាគារ ហត្ថា និងសប្បុរសជន​ទាំង​អស់ ព្រមទាំងនិយោជិតរបស់ខ្លួន ​ធ្វើការ​បរិច្ចាគជូនរាជ​រដ្ឋាភិបាល​។ សប្បុរសជនអាចធ្វើការបរិច្ចាគដោយផ្ទេរ​ចូល​គណនី Hattha Bank Covid-19 Contribution Fund របស់​ធនាគារ​ ហត្ថា ដែល​មាន​លេខ​គណនី 168000033270 (សម្រាប់ប្រាក់​រៀល) និង 168000033305 (សម្រាប់ប្រាក់​ដុល្លារ) ហើយការ​បរិច្ចាគ​អាច​ធ្វើឡើង​តាម​រយៈសេវាធនាគារ​ចល័ត ឬ​នៅ​បញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារ ហត្ថា ដោយ​មិន​គិតថ្លៃ។

គួររំលឹកផងដែរថា ធនាគារ​ ហត្ថា ទើបតែបាន​កម្លាយ​ខ្លួន​ជាផ្លូវការ​ទៅ​ជាធនាគារ​ពាណិជ្ជ ពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ហត្ថា កសិករ លីមីតធីត នៅ​ខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ២៦ឆ្នាំ។ បច្ចុប្បន្ន ធនាគារ ហត្ថា ​មានការិយាល័យសាខាចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុថ្មីៗជាច្រើន​បន្ថែមទៀត។ ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

 

 

អ្នកជំនាញៈ និយាយពីភាពប្រឈម និងឱកាសសម្រាប់ភ្នាក់ងារអចលនទ្រព្យក្នុងដំណាក់វិបត្តិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្នត្រូវបាន អ្នកជំនាញទទួលស្គាល់ថា ពិតជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺឆ្លង ហើយបានជះឥទ្ធិពលអាក្រក់បន្ត ទៅដល់បណ្តាភ្នាក់ងារដែលរកចំណូលពីទីផ្សារមួយនេះ។

យ៉ាងណាក៏ដោយ អ្នកជំនាញដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ បានរំលឹកថាក្នុងដំណាក់កាលនេះ ភ្នាក់ងារគួរតែយកពេលដែលទីផ្សារកំពុងស្ងប់ស្ងាត់នេះ បង្កើនចំណេះដឹងបន្ថែមទៀត។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា នៅក្នុងដំណាក់កាលនេះ មិនថាចំពោះទីផ្សារអចលនទ្រព្យនោះទេ ដែលរងនូវផលប៉ះពាល់ ទីផ្សារនៃវិស័យផ្សេងទៀតក៏ប៉ះពាល់ដូចគ្នា ទាស់ត្រង់ថាតិចឬច្រើនតែប៉ុណ្ណោះ។

លោកបន្តថា“សម្រាប់ទីផ្សារអចលនទ្រព្យ បានប៉ពាល់តាំងពីដើមឆ្នាំ២០២០ ប៉ុន្តែវាកាន់តែធ្ងន់ធ្ងរក្រោយពេលមានការរាតត្បាត នៅក្នុងសហគមន៍ដែលកាន់តែធ្វើឱ្យទីផ្សាររួមមានភាពស្ងប់ស្ងាត់”។ លោកបន្តថា “ភាពស្ងប់ស្ងាត់នេះ វាប៉ះពាល់ទាំងអ្នកវិនិយោគ ទាំងអស់អ្នកអភិវឌ្ឍន៍ ជាពិសេសធ្វើឱ្យបណ្តាភ្នាក់ងារភាគច្រើន ប៉ះពាល់ចំណូលដែលបានមកពីកម្រៃជើងសារ”។

លោកឃាង ពុទ្ធី បានមានប្រសាសន៍បន្តទៀតថា ពួកគាត់ភាគច្រើនពិតជាប៉ះពាល់ចំណូលប្រាកដមែន ព្រោះចំណូលរបស់ពួកគាត់បានមកពីការលក់ និងការទទួលបានកម្រៃជើងសារ លុះនៅពេលទីផ្សារធ្លាក់ចុះ មានភាពស្ងប់ស្ងាត់ដូចបច្ចុប្បន្ននេះ ចំណូលពួកគាត់ក៏ត្រូវធ្លាក់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ពួកគាត់ ដែលជាភ្នាក់ងារត្រូវធ្វើនៅពេលនេះ ត្រូវតែចេះយកពេលស្ងប់ស្ងាត់ទាំងនេះ ធ្វើឱ្យមានប្រយោជន៍ដោយការបង្កើនចំណេះដឹងបន្ថែម តាមរយៈការហាត់រៀនពីជំនាញនៃការលក់។ រៀនពីរបៀបនៃការផ្សព្វ​ផ្សាយតាមបច្ចេកវិទ្យា រៀនភាសាបន្ថែមសម្រាប់ត្រៀមអនុវត្តន៍ លើទីផ្សារក្រោយពេលស្ថានការណ៍វិលត្រឡប់រកភាពល្អប្រសើរវិញ។

លោកបន្តថា “យើងកុំប្រើយុទ្ធសាស្ត្រកាប់បំពុងរង់ចាំទឹកភ្លៀង ប៉ុន្តែត្រូវកែប្រែកាលៈទេសៈប្រឈមនៅពេលនេះ ឱ្យក្លាយជាវេលាល្អសម្រាប់បង្កើនចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតទៅលើអាជីពរបស់ខ្លួន”។

ជាមួយគ្នានេះ លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍ថា ទោះជាមិនស្ថិតនៅក្នុងកាលទេសៈបែបនេះក៏ដោយ ក្នុងនាមជាភ្នាក់ងារអាជីពដែលអាចមានទីផ្សារច្រើន និងអាចទទួលបានភាគរយជោគជ័យខ្ពស់ គឺជាភ្នាក់ងារដែលមានចំណេះដឹងទូលំទូលាយ មានកាស្វែងយល់ច្រើនពីទីផ្សាររួម ជាពិសេសមានជំនាញផ្នែកទំនាក់ទំនងខ្ពស់”។

លោកថា “ការរៀនសូត្រ បង្កើនចំណេះដឹងគឺមិនមានដែនកំណត់នោះទេ ដូច្នេះគួរកុំទុកពេលទំនេរឱ្យកន្លងផុតទៅឱ្យសោះ តែត្រូវយកឱកាសនេះចាប់ជំនាញថ្មី បន្ថែមទៀ​ត ចេះច្រើនពេលណា មានឱកាសចាប់បានចំណែកទីផ្សារបានច្រើនដូចគ្នា”៕