តំបន់ភាគខាងត្បូងកាន់តែពង្រីកសក្តានុពលជាមួយគំរោងអភិវឌ្ឍន៍៍ធំៗជាច្រើន

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ តំបន់ភាគខាងត្បូងក្រុងភ្នំពេញ កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសាតការសាងសង់ទីក្រុងរណបING CITY ដែលមានគំរោងអភិវឌ្ឈន៍ធំៗជាច្រើនឆ្ពោះទៅតំបន់នេះ។

បច្ចុប្បន្នគំរោងអភិវឌ្ឍន៍ជាច្រើន កំពុងសាងសង់យ៉ាងសកម្មនៅតំបន់នេះ ដូចជាគម្រោងUrban Village, Peng Hourt, Chip Mong, EAON MALL3 និងគំរោងជាច្រើនទៀត ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍៍ពីអ្នកវិនិយោគក្នុងស្រុក។

ហេតុផលដែលគួរវិនិយោគលើគំរោងUrban Villageនៅតំបន់នេះ ដោយសារគំរោងនេះផ្តោតលើការរស់នៅ បែបសហគមន៍តំបូងគេនៅទីក្រុងភ្នំពេញ ជាគម្រោងដែល ផ្តោ​តលើគុណភាព និងបែបផែនជីវិតសម័យថ្មី ពិសេសតំបន់នេះមានការរីកចម្រើនលឿន និងមានហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដែលតភ្ជាប់ទៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា តំបន់ផ្លូវ៦០ម៉ែត្រ កំពុងពង្រីកសក្តានុពលបណ្តើរៗហើយ ដោយ​មានគំរោងជាច្រើនបានបាញ់ឆ្ពោះ និងសម្រុកសាងសង់នៅតំបន់នេះ។ ភាពទាក់ទាញតំបន់់នេះ ដោយសារវាជាទីក្រុងថ្មី ដែលមានដីធំៗច្រើន ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ពិសេសជាផ្លូវភ្ជាប់ជាមួយព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់យ៉ាងសកម្ម។

លោកបន្តថា ការរីកចម្រើនតំបន់់នេះបានធ្វើឲ្យតម្លៃដីធ្លីកើនឡើង ដែលតម្លៃដីមានចន្លោះពី១៨០០ទៅ២៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើគិតពីចំណុចច្រមុះជ្រូកផ្លូវ២៧១ ដល់ស្តុបទី១ ដែលជាសាលពិព៌ណរបស់រថយន្តម៉ាសឺដេស និងចាប់ពីតំបន់ស្តុបទី១ដល់ចំណុចផ្លូវ៥០០ម៉ែត្រ ដីមានតម្លៃចន្លោះពី១៥០០ដល់២៣០០ដុល្លារ និងចំណុចចុងក្រោយតភ្ជាប់ជាមួយផ្លូវជាតិលេខ២ ដីមានតម្លៃចន្លោះពី១៦០០ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្នគំរោងធំៗជាច្រើនឆ្ពោះទៅតំបន់នេះ ដែលវាបាននិងកំពុងជះឥទ្ឋិពលដល់តំបន់ផ្លូវជាតិលេខ២ ដែលនឹងមានគំរោងជាច្រើនពង្រីកទៅដល់តំបន់នេះ នៅពេលការពង្រីកផ្លូវជាតិនេះបញ្ចប់”៕

ក្រុមហ៊ុនធានារ៉ាប់រងដ៏ធំរបស់ថៃប្រកាសបង្កើនសកម្មភាពវិនិយោគនៅទីផ្សារកម្ពុជា

ដោយៈម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រងថៃ Muang Thai Life Assurance (MTL) នឹងបង្កើនសកម្មភាពវិនិយោគរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) ដើម្បីទទួលបានទីផ្សារធំជាងមុននៅប្រទេសទាំង៤នេះ។ នេះបើតាមប្រសា​សន៍របស់លោក Sara Lamsam ក្រុមហ៊ុន MTL។

ក្រុមហ៊ុន MTL មានប្រតិបត្តិការនៅក្នុងប្រទេសចំនួន៤ តាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាចំនួន៤ ដែលរួមមានក្រុមហ៊ុនធានារ៉ាប់រង ST-Muang Thai នៅប្រទេសឡាវក្រុមហ៊ុន MB Ageas Life នៅប្រទេសវៀតណាម ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិ និងក្រុមហ៊ុនធានារ៉ាប់រងដារ៉ានៅកម្ពុជា និងការិយាល័យតំណាងមួយនៅប្រទេសមីយ៉ាន់ម៉ា។

ក្រុមហ៊ុនធានារ៉ាប់រងដារ៉ា ដែលជាក្រុមហ៊ុនមិនផ្តោតលើការធានារ៉ាប់រងជីវិត និងបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិ គឺការវិនិយោគចុងក្រោយ បន្ទាប់ពីក្រុមហ៊ុន MTL ប្រកាសឈានចូលប្រទេសកម្ពុជាកាលពី៤ឆ្នាំមុន តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយធនាគារកាណាឌីយ៉ា។

លោកSara Lamsam បានមានប្រសាសន៍ថា “ទីផ្សារCLMVT មានសក្តានុពលខ្ពស់ណាស់ ដោយមានប្រជាជនសរុបជិត៣០០លាននាក់ និងមានចំនួនប្រជាសាស្ត្រចម្រុះ”។

លោកបានមានប្រសាសន៍ថា “ប្រទេសកម្ពុជា ជាកន្លែងវិនិយោគដ៏សំខាន់របស់ក្រុមហ៊ុន MTL ដោយសារតែកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស៧ភាគរយប្រចាំឆ្នាំ ក្នុងកំឡុងឆ្នាំ២០១៤-២០១៩ ដែលនាំឱ្យមានតម្រូវការកើនឡើង សម្រាប់ការការពារធានារ៉ាប់​រង”។

លោកបានថ្លែងទៀតថា “គ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្ម ដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ស្របនឹងសេដ្ឋកិច្ចសំណង់ និងទេសចរណ៍របស់ប្រទេសនេះ”។

ក្រុមហ៊ុនបុត្រសម្ព័ន្ធធានារ៉ាប់រងអាយុជីវិតថ្មីរបស់ក្រុមហ៊ុន MTL នឹងផ្តោតលើផលិតធានារ៉ាប់រងរថយន្ត ធានារ៉ាប់រងអចលនទ្រព្យ និងធានារ៉ាប់រងវិស្វកម្ម៕ Bangkok Post៕

ដំណឹងល្អ ! កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ-ក្រុងកំពត សម្រេចបាន៨៣ភាគរយហើយ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២០នេះ សម្រេចបានប្រមាណ៨៣ភាគរយ ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅរាជធានីភ្នំពេញដល់ក្រុងកំពតមានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ ដែលសរុបរយៈពេលសាងសង់ត្រឹម៤៨ខែ ។

លោកបានបញ្ជាក់ថា ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅមួយគន្លងមក)។ គម្រោងនេះចំណាយថវិកាប្រមាណជាង២១៥លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)មាន៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ៤គន្លង(២ទៅ២មក)សួនច្បារកណ្តាល ទទឹង២៤.៥ម និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង(១ទៅ១មក ទទឹង១២ម) ដោយក្រាលបេតុងកៅស៊ូ (AC 70mm)។

នៅពេលកែលម្អរួចរាល់ហើយ ផ្លូវនេះ នឹងចូលរួមចំណែកច្រើនដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល ពិសេសការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗនិងសម្រាប់វិស័យទេសចរណ៍ធ្វើដំណើរទៅកាន់ភូមិភាគទិសនារតីនៃតំបន់សមុទ្រកម្ពុជាផងដែរ។បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនឹងចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅលេងកំពង់សោម ក៏អាចធ្វើ ដំណើររតាមផ្លូវជាតិនេះបានផងដែរ។

ផ្លូវជាតិលេខ៣ (ពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស) គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ផ្លូវនេះអមដោយឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។ តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋនិងចក្ខុវិស័យរបស់ខ្លួនជៀសវាងផលវិបាកនានាដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ៕

កម្ពុជាឈរលំដាប់ទី២នៅអាស៊ី ដែលមានដីទំហំប្រមាណ៧,៣លានហិកតា សម្រាប់ជាតំបន់ការពារធម្មជាតិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា បច្ចុប្បន្នកម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ក្នុងអាស៊ី ដែលមានផ្ទៃដីទំហំរហូតដល់ប្រមាណ៧,៣លានហិកតា ស្មើនឹងប្រមាណ៤១ភាគរយនៃផ្ទៃប្រទេសសម្រាប់ជាតំបន់ការពារធម្មជាតិ។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ ៤៦,៨៦ភាគរយនៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា “មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,៣លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន ហើយកម្ពុជាក៏ទទួលបាននូវការកោតសរសើរពីសហគមន៍អន្តរជាតិថាបានអនុវត្តបានល្អលើការការពារនិងអភិរក្សជីវៈចម្រុះ និង បរិស្ថាន ព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះល្អ នៅក្នុងឆាកអន្តរជាតិលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្តថែមទៀតផង”។

ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការក្លាយខ្លួនជាប្រទេសស្ថិតនៅលំដាប់ទី២ក្នុងអាស៊ី បច្ចុប្បន្នមានក្រុមហ៊ុនឯកជនកំពុងបណ្តាក់ទុនចូលរួមវិនិយោគដាំកូនឈើរហូតដល់ប្រមាណ៣០លានដើមបន្ថែមទៀតនៅក្នុងត្រឹមរយៈពេល៤ឆ្នាំតែប៉ុណ្ណោះ។

លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីងបាយអូថេក(ខេមបូឌា) បានមានប្រសាសន៍ថា ទាំងនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ ២០២០ ក្រុមហ៊ុនស៉ីងបាយអូថេក បានដាំកូនឈើប្រភេទប្រេងខ្យល់បានចំនួនជិត ៤លានដើម ហើយរំពឹងថានឹងចាប់ផ្តើមទទួលផលនៅឆ្នាំ២០២៣ ខណៈដើមឈើបច្ចុប្បន្ននេះ មានការលូតលាស់បានល្អប្រកបដោយគុណភាព។ ដោយឡែកនៅអំឡុងខែឧសភា ឆ្នាំ២០២១ ខាងមុខ ក្រុមហ៊ុនបានត្រៀមដាំកូនឈើប្រភេទប្រេងខ្យល់ចន្លោះពី១០ ទៅ១២លានដើមបន្ថែមទៀតនៅពេលចាប់ផ្តើមរដូវវស្សាសាជាថ្មី។

លោកបានបន្តថា “នៅក្នុងផែនការរបស់ក្រុមហ៊ុន បាននឹងកំពុងបន្តផែនការដាំកូនឈើជាង ៣០លានដើម របស់ខ្លួន ក្នុងរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ”។

ជាមួយនឹងការវិនិយោគលើចម្ការឈើដាំដែលត្រូវបានសាទរ ដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ដែលចាត់ទុកចម្ការឈើដាំជាជម្រើសថ្មីមួយដើម្បី កាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិហួសកំណត់ និងដើម្បីចូលរួមការពារធនធម្មជាតិដែលកម្ពុជានៅសល់នាពេលបច្ចុប្បន្នឱ្យបានគង់វង្ស។

ចាប់តាំងពីដើមខែធ្នូមក ក្រុមហ៊ុនស៉ីងបាយអូថេក បាននឹងកំពុងឈូសឆាយសម្អាត ដីចន្លោះពី៨.០០០ ទៅ ១០.០០០ហិកតា នៅលើផ្ទៃដីសរុបលើផ្ទៃដីសរុបទំហំ ៣៤.០០៧ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលក្រុមហ៊ុនបានទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ដីព្រៃរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ៕

អ្នកជំនាញ​ព្យាករណ៍​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​អាច​អូសបន្លាយ​ដល់​ចុងឆ្នាំ២០២១ទើប​ងើប​ឡើងវិញ

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ក្រោម​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​សាកល ដែល​កំពុង​ញាំញី​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​ប្រទេស​លើ​សាកលលោក​ឱ្យដាំ​ក្បាល​ធ្លាក់ចុះ​នោះ សម្រាប់តែ​ចរន្ត​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ត្បិត​ថា​ទទួល​នូវ​ឥទ្ធិពល​អវិជ្ជមាន​មិនសូវ​ធ្ងន់ធ្ងរ​ដូច​គេ ប៉ុន្តែ​ទម្រាំ​ឱ្យមាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ដូច​ឆ្នាំ២០១៩ យ៉ាងហោចណាស់​រហូតដល់​ចុងឆ្នាំ២០២១ ។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា នៅលើ​សាកលលោក ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់ កម្ពុជា​ហាក់​មាន​ភាពល្អប្រសើរ​ជាងគេ​បន្តិច។ ដោយឡែក​សម្រាប់​វិស័យ​អចលនទ្រព្យ ក៏មាន​ស្ថានភាព​មិនអាក្រក់​ខ្លាំង​នោះដែរ ក្រោយ​សកម្មភាព​ទីផ្សារ​ក្នុង​នៅតែ​បន្ត។

លោក​បន្តថា “មួយរយៈ​ពេល​ចុង​ក្រោយនេះ ស្ថានភាព​នៃ​ចរន្ត​ទីផ្សារ​អចលនទ្រព្យ ទាំង​ការអភិវឌ្ឍ ទាំង​ការវិនិយោគ​ទៅលើ​គម្រោង​ធំ​គឺ​មិនមាន​នោះទេ លើកលែងតែ​ការសាងសង់​គម្រោង ដែល​បាន​បន្សល់ទុក​តាំងពី​ឆ្នាំ​ចាស់​តែប៉ុណ្ណោះ” ។ លោក​បាន​បន្តថា “ការទិញ​លក់​ពេលនេះ ស្ទើរតែ​មិនមាន​ដោយសារតែ​បញ្ហា នៃ​ការ​រាលដាល​ជំងឺ​ក្នុង​សហគមន៍ ដែល​ធ្វើឱ្យ​មនុស្ស​ភាគច្រើន មិន​ហ៊ាន​ចេញ​ក្រៅ​មើល​គម្រោង​អភិវឌ្ឍន៍ ឬ​ដីធ្លី​ដូច​កាលពី​ពាក់កណ្តាល​ឆ្នាំ២០២០នោះទេ” ។

លោក​គិតថា បើទោះជា​ពេលនេះ​មាន​បណ្តា​ប្រទេសធំៗ នៅលើ​សាកលលោក​បានចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​ត្រៀម​ទិញយក​មកប្រើប្រាស់​នៅក្នុង​ប្រទេស​ក៏ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​មួយ​នៅ​មិនទាន់​អាច​វិល​ទៅរក​ភាពល្អប្រសើរ​ដូច​ឆ្នាំ២០១៩ ភ្លាមៗនោះដែរ ពោលគឺ​វា​ត្រូវការ​ពេលវេលា​យូរ​បន្តិច។

ស្រដៀង​នឹង​ការលើកឡើង​ខាងលើនេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា “តម្រូវការ​ទីផ្សារ​អចលនវត្ថុ​ក្នុងស្រុក​គឺ​នៅតែ​បន្ត​មាន​ដដែល ជាពិសេស​ផ្នែក​លំនៅដ្ឋាន ខុន​ដូ​កម្រិត​មធ្យម រួម​នឹង​ការប្រើប្រាស់​ដី សម្រាប់​អភិវឌ្ឍន៍​ក្នុង​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ ក្រោម​ការបណ្តាក់ទុន​ពី​អ្នក​ក្នុងស្រុក ប៉ុន្តែ​សម្រាប់​គម្រោងធំៗ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​គឺ​មិនមាន​នោះទេ” ។

លោក​បាន​បន្តថា ត្បិត​ថា ថ្នាំ​បង្ការ​ជំងឺឆ្លង​អាច នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​នៅត្រឹម​ដើមឆ្នាំ២០២១ ប៉ុន្តែ​មិនមែន​មានន័យថា ទីផ្សារ​អចលនទ្រព្យ​នឹងមាន​ភាពល្អប្រសើរ​ស្របពេល​នៃ​ការប្រើ​ថ្នាំ​បង្ការ​នោះទេ” ។ លោក​បន្តថា“វា​ត្រូវការ​ពេលវេលា​ក្នុងការ​ស្រោចស្រង់​ឡើងវិញ លុះត្រាតែ​កំណើន​នៃ​ការព្យាបាល ទទួលបាន​លទ្ធផល​ច្រើន ហើយ​ការចម្លង​ត្រូវបាន​ទប់ស្កាត់បាន​ដោយ​ជោគជ័យ ដែល​វា​ត្រូវការ​ពេល​យូរ។

លោក​ច្រឹ​ក សុខ​នី​ម បាន​អះអាងថា “តាម​ខ្ញុំ​គិត ត្រូវ​ចំណាយពេល​មិនតិចជាង១ឆ្នាំ ឬ​អាច​លើស​នេះ ទើប​អាចមាន​ភាពល្អ​ប្រសើរឡើង​វិញ គ្រាន់តែ​ថា ចាប់ពី​ពាក់កណ្តាល​ឆ្នាំ២០២១ សកម្មភាព​ដែល​ផ្តើមចេញពី​ក្នុងស្រុក នឹង​ចាប់​កម្រើក​ឡើងវិញ​ជាបណ្តើរៗជំនួស​ភាព​អវត្តមាន​របស់​អ្នកវិនិយោគ​ធំ​មកពី​ក្រៅប្រទេស” ៕

ក្រុមហ៊ុន Cambodia Airports បញ្ចប់​ការបំពាក់​អំពូល LED ផ្លូវ​រត់​យន្តហោះនៅក្នុង​ខេត្ត​ព្រះសីហនុ

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមបច្ចេកទេស នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន Cambodia Airports បានបញ្ចប់​ការប្តូរ​អំពូល នៅតាម​ផ្លូវ​រត់​យន្តហោះ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ​ដែលមាន​ចម្ងាយ ៣.៣០០ ម៉ែត្រ (រួមទាំង​ការពង្រីក​បន្ថែម ៨០០ ម៉ែត្រ​ថ្មី)ទៅជា​អំពូល LED វិញ។

ក្រុមហ៊ុន Cambodia Airports ឱ្យដឹង​កាលពី​ថ្ងៃទី ៩ ខែធ្នូ ម្សិលមិញ​ថា  នេះ​គឺជា​ផែនការ​ប្រកបដោយ​មហិច្ឆតា​ចុងក្រោយ។ ក្រុមហ៊ុន​អាកាសយានដ្ឋាន Cambodia Airports ឥឡូវនេះ បាន​បំ​លែង​ប្រភព​ពន្លឺ ដែល​អាចមាន​ទាំងអស់​ទៅជា LED ។

ក្រុមហ៊ុន​បន្តថា ការបំពាក់​នេះ​គឺជា​ជំហាន​ដ៏​សំខាន់ ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី និង​ការកាត់បន្ថយ​ការបញ្ចេញ​កាបូន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង។

អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ បាន​ពង្រីក​ផ្លូវ​រត់​យន្តហោះ (Runway) ពី២.៥០០ម៉ែត្រ រហូតដល់៣.៣០០ម៉ែត្រ បន្ថែម​ពីលើ​ការពង្រឹង​ផ្លូវ​យន្តហោះ​ឡើង​ចុះ (airstrip) បច្ចុប្បន្ន។

ផ្លូវ​រត់​យន្តហោះ (Runway) ថ្មី​នេះ មាន​សមត្ថភាព​ទទួល​ការ​ចុះចត​យន្តហោះ​ប្រភេទធំៗ បាន​ដូចជា B-777-300ER ឬ​យន្តហោះ A-350-1000 ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ត្រង់​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ មកពី​អាកាសយានដ្ឋាន អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ពិភពលោក។

ការពង្រីក​ផ្លូវ​រត់​នេះ ធ្វើឱ្យ​អាកាស​យាន្ត​ដ្ឋា​ន​នេះ មាន​សមាសភាព​អាច​ទទួល​ការ​ចុះចត​យន្តហោះធំៗ (កូដ E) ដូចជា​យន្តហោះ B-777-300ER រឺ​យន្តហោះ A-350- 1000 ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ត្រង់​រយៈ​ចម្ងាយ​ឆ្ងាយ ទៅ​មកពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។

យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា នៅ​ចន្លោះ​ឆ្នាំ២០១៥ និង ២០១៩ អ្នកដំណើរ​បាន​កើនឡើង​ពី ៩៤,០០០នាក់ ដល់​ជាង១,៦លាន​នាក់ ហើយ​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​កំណើន​ក្នុង​តួលេខ៣ខ្ទង់​ស្ទើរតែ​រៀងរាល់ឆ្នាំ៕

គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ​បានរហូតដល់២០ឆ្នាំ

ដោយៈ​វុត្ថា

ភ្នំពេញៈ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅតែ​បន្ត​ដំណើរការ​ទៅមុខ បើទោះបី​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​ជំ​ង​កូ​វីដ១៩យ៉ាងណាក្តី  ហើយ​នៅពេល​សាងសង់​បញ្ចប់​ផ្លូវ​នេះ អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ​បាន​រហូតដល់២០ឆ្នាំ ខណៈ​បច្ចុប្បន្ននេះ សម្រេចបាន​លទ្ធផល​ប្រមាណ​ជាង៤០ភាគរយ ។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyarea.asia  កាលពី​កន្លងមកនេះ ថា  គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី ៣នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ក្រុមហ៊ុន​ចិន​ជាធម្មតា គឺ​អនុវត្ត​លឿន ជាង ការរំពឹងទុក  ដែល​រហូតមក​ដល់ពេលនេះ ជា​លទ្ធផល​នៃ​ការសាងសង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នៅតែ​បន្តដំណើរ​ទៅមុខ។

លោក​បន្តថា “យើង​បាន​ពិនិត្យឃើញថា ក្រុមហ៊ុន​សាងសង់​បាន​គោរព​តាម​បទ​ដ្ឋា ន​ស្តង់ដារ ទាំង​គុណភាព​បេតុង នៃ​ទម្រ​ជើង​សសរស្ពាន​អាកាស រួមទាំង​គុណភាព​ផ្លូវ អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ​បាន​រហូតដល់២០ឆ្នាំ ស្របទៅតាម​ផែនការមេ” ។

លោក​បន្តថា “ផ្លូវ​ដ៏​សំខាន់​នេះ​នឹង​ជួយ​សម្រួល ដល់​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង ជាពិសេស​ផ្លូវ​វេ​ង​ស្រេង ផ្លូវ​ទួល​ពង្រ ហើយ​ថែមទាំង​ជួយ​សម្រួល ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ត្រង់ ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់​តំបន់​ព្រំដែន​ក្រុង​បាវិត ដោយ​បំបែកចេញ ពី​ចំណុច​ដើមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៃ​ផ្លូវជាតិ​លេខ៤ នឹង​ចុះទៅ​កាន់​ផ្លូវជាតិ​លេខ១” ។

លោក​បញ្ជាក់​ទៀ​ថា រាល់​គម្រោង​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទាំងអស់ នៅ​កម្ពុជា ជាពិសេស​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នាពេល​បច្ចុប្បន្ននេះ កំពុងដំណើរការ​ដោយ​រលូន និង​អាច​បញ្ចប់​ទៅតាម​ផែនការ និង​ការគ្រោងទុក។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់​មេគង្គ។ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង។

ផ្លូវ​នេះ​មួយ​ខ្សែ​នេះ ត្រូវ​ស្ថាបនា​ផ្លូវ​ដោយមាន​ប្រវែង​សរុប៤៧.៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ៤គន្លង ដោយមាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ សម្រាប់​ផ្លូវ​រថយន្ត៤គន្លង មាន​ទទឹង៣.៥០ម៉ែត្រ /គន្លង និង​ផ្លូវ​ទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយ​ចាប់ ពី​ផ្លូវជាតិ​លេខ៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+ ១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ១ ត្រង់​គីឡូម៉ែត្រ​លេខ២៤+៨៤០ ដោយ​ត្រូវ​ង​កាត់​ផ្លូវជាតិ​លេខ ៣ត្រង់ ចំណុច​គីឡូម៉ែត្រ លេខ២១+២០០កាត់​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២២+៨០០ និង​កាត់​ផ្លូវ ជាតិ​លេខ២១ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៨+ ៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧គីឡូម៉ែត្រ៕

វិស័យ​សំណង់​នៅក្នុង​ក្រុងព្រះសីហនុ​នឹងមាន​សន្ទុះ​ឡើងវិញ​នៅក្រោយ​ចូលឆ្នាំ​ខ្មែរ

ដោយៈ​វុត្ថា

ភ្នំពេញៈ វិស្វករ​កម្ពុជា​ដែល​កំពុង​បំរើការ​ងារ​ឱ្យ​ក្រុម​ហ៊ុ​នចិន​មួយនៅក្នុង​ទីក្រុង​ព្រះសីហនុ​បាន​មើលឃើញថា  ការអភិវឌ្ឍវិស័យ​សំណង់នៅក្នុង​ក្រុងព្រះសីហនុ នឹងមាន​សន្ទុះ​ឡើងវិញ បន្ទាប់ពី​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ ព្រោះ​សំណង់​ភាគច្រើនត្រូវបាន​វិនិយោគ​ដោយ​ជនជាតិ​ចិន ហើយគេ​មិន​ទុកចោល​នោះទេ។

លោក​ឆន ច័ន្ទ​សុជាតិ វិស្វករ​កម្ពុជា ដែល​កំពុង​បំរើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ចិន China Construction Fouth (CSCEC) នៅក្នុង​ខេត្ត​ព្រះសីហនុ​ប្រាប់​គេហទំព័រ​Propertyarea.asia កាលពី​ថ្ងៃទី៩ ខែធ្នូ​ឆ្នាំ ២០២០កន្លងមកនេះ​ថា សម្រាប់​វិស័យ​ទាំងអស់​រួម​ទាំង​វិស័យ​សំណង់​ផងដែរ ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់តែ​មានការ​រីក​ចំ​រើ​នក៏​ទទួលរងនូវ​ផលប៉ះពាល់​ផងដែរ​ពី​ជំ​ងឹ​កូ​វីដ១៩  ប៉ុន្តែ​មិនយូ​រមិន​ឆាប់វា​នឹង​ងើ​ប​ឡើងវិញ​នាពេលខាងមុខ​ដ៏​ខ្លី។

លោក​បញ្ជាក់ថា “វិនិយោគិន​ចិន​វិលត្រឡប់មកកាន់​ទីក្រុង​ព្រះសីហនុនាពេល​ខាងមុខនេះ ហើយ​ការអភិវឌ្ឍ​វិស័យ​សំណង់នៅក្នុង​ខេត្ត​ព្រះសីហនុ នឹងមាន​សន្ទុះ​ឡើងវិញ ពីព្រោះថា​ពួកគេ​មិនអាច​ទុក​សំណង់​របស់គេ​ពាក់កណ្តាល​ទីបានទេ” ។

លោក​ ច័ន្ទសុជាតិ ដែល​ទទួលបាន​បញ្ចប់​ការសិក្សាខាង​ផ្នែក​ពី​វិស្វកម្ម​មកពី​សកល​វិទ្យាល័យ​មួយ​នៅក្នុង​ប្រទេស​ចិន បានបង្ហាញ​នូវ​ទស្សន​វិជ្ជមាន​ថា អ្វីៗនឹង​ល្អប្រសើរ​ឡើងវិញ​នៅ​ឆ្នាំ​ក្រោយនេះ បន្ទាប់ពី​ចូលឆ្នាំ​ខ្មែរ ។ ពេលនោះ វិស័យនេះ​នឹង​ចាប់ផ្តើម​ដំណើរ​ទៅ​មុខជាបណ្តើរៗ។

លោក​បន្ថែមថា ការអភិវឌ្ឍន៍​វិស័យ​សំណង់នៅក្នុង​ទីក្រុង​ព្រះសីហនុពី​សំណាក់​វិនិយោគិន​ចិន បាន​ចូលរួម​នៅក្នុង​អភិវឌ្ឍន៍​ខេត្ត​ឱ្យមាន​ការ​រីកចំរើ​ន។

ជាមួយគ្នានេះ លោក​ឃាង ភារ​ម្យ​ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្រុម​អ្នកវិនិយោគ អ្នកធ្វើការងារ​នៅតាម​ក្រុមហ៊ុន​ចិន​ជាច្រើន បាន និង​កំពុង​ចាប់ផ្តើម​មកកាន់​ខេត្ត​ព្រះសីហនុ​វិញ​ហើយ ដោយ​មួយខែ​មាន​អ្នកធ្វើដំណើរ​តាម​អាកាសចរណ៍​ប្រមាណ១០,០០០នាក់។

លោក​បន្តថា “សកម្មភាព​វិនិយោគ​ និង​កា​ររ​សាងសង់​សំណង់​នៅ​ខេត្ត​នេះ បាននិងកំពុង​ចាប់ផ្តើមបណ្តើរៗឡើងវិញ ប៉ុន្តែ​មិនមាន​សកម្មភាព​មមាញឹក​ខ្លាំង​នោះទេ” ។

ខេត្ត​ព្រះសីហនុ​ត្រូវបាន​រាជរដ្ឋាភិបាល ដាក់បញ្ចូល​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដោយ​ប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ក្រោយមក​ប្រែក្លាយ​ខេត្ត​នេះជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង។

ខេត្ត​ព្រះសីហនុ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​រីកចំរើន​លើ​វិស័យ​សំណង់ និង​អចល​នទ្រព្យ​យ៉ាងខ្លាំង តាមរយៈ​ការ​មក​វិនិយោគ​របស់​ជនជាតិ​ចិនដែល​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​មានឈ្មោះ​ល្បី​ទាំង​នៅក្នុង​តំបន់​និង​ពិភពលោក៕

ចំណេះដឹង! តើ​រដ្ឋាភិបាល​មាន​ចក្ខុវិស័យ​អ្វីខ្លះ​សំរាប់​ឆ្នាំ២០៣០ខាងមុខ?

ដោយ​វុត្ថា

ភ្នំពេញៈ ចក្ខុវិស័យ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា  គឺ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅក្នុង​ឆ្នាំ ២០៥០ ។

ដើម្បីឱ្យ​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​នេះ ក៏ដូចជា​ដើម្បី​ជួយ​ដល់​ប្រទេស​អភិ​វ ឌ្ឍ​ន៍​តិចតួច ឱ្យ​អាច​ចាក​ចេញពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ២០៣០ ។

វិស័យ​សំខាន់​មួយចំនួន ដូចខាងក្រោម៖

ទី១ ការពង្រីក​ភាព​ប្រកួតប្រជែង របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជួយ​គាំទ្រ​ដល់​កម្មវិធី និង​ដំណើរការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC Graduation)។

ទី២ ការបន្ត និង​បង្កើន​ការផ្តល់​ភាពអនុគ្រោះ​នានា តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឬ ឯកតោភាគី ហើយ​សូម​ធ្វើការ​ពិចារណា​ឱ្យបាន​ដិតដល់ មុននឹង​ដាក់​វិធាន​ការព្យួរ ឬ​ដកចេញ​នូវ​ភាពអនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ព្រោះ​ការព្យួរ​ឬ​ដកចេញ​នេះ នឹង​ធ្វើឱ្យ​ប្រទេស​ទាំងនោះ មិន​អាចជួយ​ពិភពលោក​ឱ្យសម្រេចបាន នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​មិន​អាចជួយ​ពួកគេ​ឱ្យ​ចាកចេញ ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បានឡើយ ដែល​ចលនា​នេះ គឺជា​ដំណើរ​ផ្ទុយ​ទាំងស្រុង ទៅនឹង​គោលដៅ​របស់​អង្គការសហប្រជាជាតិ និង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ទី៣ ការកសាង​សមត្ថភាព ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស ផ្នែក​សេវាកម្ម និង​ការទទួលយក​បដិវត្ត​ឧស្សាហកម្ម​ទី៤ និង​ដើម្បី​ទាញយក​ផលប្រយោជន៍​ដែល​អាច​ទទួលបាន​ពី​សេដ្ឋកិច្ច​ឌីជីថល។

ទី៤ ការរៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ផលិតផល​ចម្រុះ សំដៅ​បង្កើន​ការនាំចេញ ដែលជា​ប្រភព​ចំណូល​សម្រាប់​លើកកម្ពស់​សុខមាលភាព និង​ការងារ​ដល់​ស្ត្រី។

ទី៥ ការតភ្ជាប់​គោលនយោបាយ យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​នានា របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាមួយនឹង​ការវិវត្តន៍​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក។

ទី៦ ការបង្កើត​ន​វា​នុ​វត្ត និង​ជំរុញ​លើកកម្ពស់​ការអនុវត្ត​ន៍ថ្មីៗ តាមរយៈ​កៀរគរ​ហិរញ្ញប្បទាន​បន្ថែម ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​នេះ និង​កិច្ចប្រជុំ​ផ្សេងទៀត។

ទី៧ ការផ្តល់​ជំនួយ​នានា សម្រាប់​ការកែទម្រង់ និង​សម្រាប់​ការគាំទ្រ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម ពិសេស​លើ​ការងារ​កែទម្រង់​លិខិតបទដ្ឋាន​គតិយុត្តិ​នានា៕

ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជាង៨៥ភាគរយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងសកម្មរបស់ក្រុមហ៊ុនសាង់សងចិន ដើម្បីបញ្ចប់នៅត្រឹមខែឧសភា ឆ្នាំ២០២១ តាមការគ្រោងទុក ខណៈដែលបច្ចុប្បន្នសម្រេចបានជាង៨៥ភាគរយហើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនបានសាងសង់ប្រមាណជា៨៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។

លោកបានបញ្ជាក់ថា “គិតមកដល់ពេលនេះ សំណង់បានសាងសង់ប្រមាណជា៨៥ភាគរយហើយ ដោយភាគីចិនបានពន្លឿនការងារបានច្រើន ក្នុងនោះបានបំពាក់ដំបូល ជារចនាបថក្បាច់ផ្កាចន្ទបាន ១០ភាគរយ ទៅ ២០ភាគរយ បំពាក់កៅអីមានពណ៌ចម្រុះបន្ថែម មានព៌ណស ខៀវ និងបៃតង។ បន្ទាប់ពីបញ្ចប់ការសាងសង់ ពហុកីឡដ្ឋាជាតិមរតកតេជោនឹងរៀបចំការប្រកួតសាកល្បង ដូចជាកីឡាបាល់ទាត់ ជាពិសេសការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានអធិកអធម និងជាការថ្លែងអំណរគុណដល់មិត្តចិនផងដែរ”។

តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងបញ្ចប់ការសាងសង់នៅត្រឹមខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយ សង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិលើកទី៤នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ ក៏មានភូមិកីឡាដែលកំពុងដំណើរការសាងសង់ដូចគ្នា ដែលជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាបានប្រមាណ៧០០០នាក់ ហើយអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួលក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕