ថ្នាំលាប Temple Paint របស់កូនខ្មែប្រើប្រាស់រូបមន្តចុងក្រោយរបស់អាល្លឺម៉ង់ កំពុងចាប់យកចំណែកទីផ្សារនៅកម្ពុជា

ដោយ៖ ប៊ី
ភ្នំពេញ៖ ផលិតផលថ្នាំលាប ថេមភល ផេន (Temple Paint) របស់ក្រុមហ៊ុន IMCT Co., Ltd ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ត្រូវបានផលិតឡើងដោយប្រើប្រាស់រូបមន្តចុងក្រោយបង្អស់នៃបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីបម្រើជូនទីផ្សារនៅកម្ពុជា។

ក្រុមហ៊ុន IMT Co., Ltd, បានឱ្យដឹង “ផលិតផលរបស់យើង បានផលិតតាមរូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាល្លឺម៉ង់ ដែលមានភាពរឹងមាំ និងរលោង។

ក្រុមហ៊ុន បានឱ្យដឹងទៀតថា “ជាងនេះទៅទៀតជាប្រភេទថ្នាំដែលធន់នឹងទឹក អាចលាងសម្អាតបាន ដើម្បីអោយផ្ទៃជញ្ជាំងទាំងមូល រក្សានូវភាពស្អាត និងរឹងមាំបានយូរអង្វែង គ្មានធាតុផ្សំ APEO ដែលបង្ករផលប៉ះពាល់ទៅដល់ បរិស្ថាន អាចប្រើប្រាស់បាននៅក្នុងសំណង់ច្រើនប្រភេទ មានដូចជា បេតុង ជញ្ជាំងឥដ្ឋ ដែលបានបូកស៊ីម៉ង់ រួចជាស្រេច និងម្នាងសិលាគ្រប់ប្រភេទ រួមទាំងពិដាន ឬប្រើប្រាស់សម្រាប់ការតុងតែងផ្សេងៗ ការពារជញ្ជាំងផ្នែកខាងក្នុងជាមួយនឹងសារធាតុផ្សំមូលដ្ឋានដ៏ទៃទៀតបាន”។

ផលិតផលថ្នាំលាប ថេមភល ដែលផលិតដោយកូនខ្មែរនេះ បាននិងកំពុងទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងអតិថិជនពីគុណភាពរបស់ផលិតផលថ្នាំលាប ថេមភល។

ក្រុមហ៊ុន IMCT Co., Ltd បានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានប្រើឈ្មោះប្រាសាទអង្គរវត្ត ជាទីគោរពសក្ការៈ នៅក្នុងម៉ាកយីរហោ ផលិតផលថ្នាំលាប របស់ក្រុមហ៊ុន IMCT Co., Ltd។

ក្រុមហ៊ុន បានឱ្យដឹងទៀតថា ថេមផល ផេន ជាផលិតផល បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដើម្បីទុកជាការតបស្នងសងគុណ នូវឧបការៈគុណ ចំពោះបុព្វបុរសខ្មែរ ដើម្បីឱ្យមនុស្សក្នុងលោកចងចាំនូវឈ្មោះប្រាសាទនានា ដែលជាកេរិ៍ដំណែលដូនតាខ្មែរយើង។

ការធានាលើគុណភាពរបស់ផលិតផលថ្នាំលាប Temple Paint ក្នុងរយៈពេល១០ឆ្នាំ តែត្រូវចាំបាច់អនុវត្តន៍អោយបានខ្ចាប់ខ្ជួន ទៅតាមបទដ្ឋានបច្ចេកទេស៕

កម្ពុជា និងប្រទេសចំនួន៣ផ្សេងទៀតអនុម័តលើឯកសារក្របខណ្ឌស្ដីពីការអភិវឌ្ឍ និងគម្រោងអាទិភាពសម្រាប់ប្រទេស

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មេដឹកនាំប្រទេសកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រួមជាមួយនឹងប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានអនុម័តទៅលើផែនការសកម្មភាពសម្រាប់ប្រទេសទាំង៤ សម្រាប់ឆ្នាំ២០២១-២០២២ ដែលផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងគម្រោងអាទិភាពសម្រាប់ប្រទេស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ តាមប្រព័ន្ធវីដេអូ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួន បានអនុម័តលើសេចក្តីថ្លែងការណ៍ ៣សំខាន់ ក្នុងនោះ គឺសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលនៃប្រទេសទាំងបួន អនុម័តលើឯកសារក្របខណ្ឌស្ដីពីការអភិវឌ្ឍនៃប្រទេសទាំងបួន និងបញ្ជីគម្រោងអាទិភាព សម្រាប់ប្រទេសទាំងបួន។

ថ្នាក់ដឹកនាំ CLMV ក៏បានប្ដេជ្ញាជំរុញការតភ្ជាប់លើវិស័យដឹកជញ្ជូន បច្ចេកវិទ្យា អភិវឌ្ឍន៍ធនធានមនុស្ស ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញការកាត់បន្ថយគម្លាត នៃសមាជិកនីមួយៗនៃប្រទេសទាំងបួន។ កិច្ចប្រជុំកំពូលនេះ គឺផ្ដោតសំខាន់ ទៅលើការជំរុញការតភ្ជាប់តំបន់ ប្រកបដោយប្រសិទ្ធភាព និងជំរុញឲ្យកិច្ចសហប្រតិបត្តិការកាន់តែមានការកើនឡើង។

ថ្នាក់ដឹកនាំ ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន ជាពិសេសការជំរុញការតភ្ជាប់គ្រប់វិស័យ ដូចជាវិស័យដឹកជញ្ជូន ថាមពល ICT និងអាកាសចរស៊ីវិលផងដែរ។ មួយទៀត គឺការតភ្ជាប់រយករវាងប្រជាជន និងប្រជាជន ដោយផ្ដោតទៅលើការអភិវឌ្ឍធនធានមនុស្ស។ កន្លងទៅនេះ ទៅវៀតណាម ក៏បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ជាមួយនឹងការអភិវឌ្ឍការតភ្ជាប់ទេសចរណ៍ រវាងប្រទេសទាំង៤ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញជម្រុញការលើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់ ផ្តោតលើការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដោយបន្តលុបបំបាត់នូវឧបសគ្គទាំងឡាយ ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម ដោយជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងបួនផងដែរ។ ជាងនេះទៀត គឺការសមាហរណកម្មតំបន់ប្រកបដោយប្រសិទ្ធភាព ទាមទារនូវការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូនថាមពលពាណិជ្ជកម្ម ដែលមានទំហំធំនេះ។

សម្ដេចក៏បានជំរុញឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ ឲ្យកាន់តែល្អប្រសើរថែមទៀត និងការជំរុញការអភិវឌ្ឍ និងពង្រឹងធនធានមនុស្ស អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម ដើម្បីជំរុញភាពប្រកួតប្រជែង ដើម្បីជំរុញកាត់បន្ថយគម្លាត នៃការអភិវឌ្ឍនៃប្រទេសទាំងបួន។ សម្ដេចតេជោ បានអំពាវនាវឲ្យមានការកៀរគរ ស្វែងរកការជួយគាំទ្រពីបណ្ដាប្រទេសចិន កូរ៉េខាងត្បូង ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកជាដើម៕

ប្រមុខដឹកនាំកំពូលកម្ពុជា ឡាវ និងវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់អភិវឌ្ឍន៍ត្រីកោណ

        ដោយគង់ សូរិយា

        ភ្នំពេញៈ ប្រមុខដឹកនាំកំពូលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាមក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ឆ្នាំ២០២០-២០២៥ និងចក្ខុវិស័យឆ្នាំ ២០៣០ (Tourism Development Plan for CLV Development Triangle Area 2020-2025, vision for 2030)។

ការអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍ រវាងប្រទេសទាំងបីនេះ បានត្រូវធ្វើឡើង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នាកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម  (CLV DTA) លើកទី១១ តាមរយៈប្រព័ន្ធវីដេអូconference។

ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV DTA) គឺជាឯកសារយុទ្ធសាស្ត្រតំបន់ ដែលភ្ជាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៃខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា (ខេត្តចំនួន ៤: ក្រចេះ ស្ទឹងត្រែង រតនគិរី:គីរី និងមណ្ឌលគីរី) ឡាវ (ខេត្តចំនួន ៤) និងវៀតណាមខេត្ត(ចំនួន៥) ក្នុងចក្ខុវិស័យ ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍ត្រីកោណ ជាតំបន់សមាហរណកម្ម ក្នុងការអភិវឌ្ឍន៍គោលដៅទេសចរណ៍ ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ លើកកម្ពស់គុណភាពសេវាកម្មក្នុងអេកូទេសចរណ៍ កសិទេសចរណ៍ សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងបេតិកភ័ណ្ឌ ដែលចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម៕

ប្រា​សាក់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​រៃអង្គាស​ថវិការ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

ដោយ ស្រី​ណា​ង

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើត​យុទ្ធនាការ «រួមគ្នា​ទិញ​វ៉ាក់សាំង​ដើម្បី​កម្ពុជា» ដើម្បី​ឆ្លើយតប​នឹង​សេចក្ដីប្រកាស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នាពេលថ្មីៗនេះ​អំពី​ការបរិច្ចាគ​សប្បុរសធម៌​ដើម្បី​ប្រមូល​ថវិកា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា។ យុទ្ធនាការ​នេះ​អនុញ្ញាតឱ្យ​អតិថិជន​ប្រា​សាក់​និង​សាធារណជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការផ្ទេរ​ប្រាក់​ចូលទៅ​កាន់​គណនី​ប្រា​សាក់ ‘Covid-19 Vaccine Fund’ ដើម្បី​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា។

អតិថិជន​ប្រា​សាក់​និង​សាធារណជន អាច​ចូលរួម​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​តាម​គណនី​ដូចខាងក្រោម៖

ឈ្មោះ​គ្រឹះស្ថាន៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម.ក
ឈ្មោះ​គណនី៖ Covid-19 Vaccine Fund
លេខ​គណនី​ជា​ប្រាក់រៀល៖ 022518960025
លេខ​គណនី​ជា​ប្រាក់​ដុល្លារ៖ 022518960014

អតិថិជន​ប្រើប្រាស់​កម្មវិធី PRASAC Mobile Banking អាច​ស្កេ​ន QR កូដ ដែល​ភ្ជាប់​ជូន​នេះ​ដើម្បី​ផ្ទេរប្រាក់​បរិច្ចាគ​ទៅក្នុង​គណនី​ខាងលើនេះ​បាន​យ៉ាង​ងាយស្រួល។ ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ផ្សេង​ក៏​អាច​ផ្ទេរប្រាក់​ចូលក្នុង​គណនី​នេះ​ផងដែរ​ដោយ​ប្រើ​សេវា​ទូទាត់​បាគង ឬ សេវា​ផ្ទេរ​មូលនិធិភ្លាម។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «ប្រា​សាក់ សូម​ចូលរួមចំណែក​ផ្ដល់​ភាពងាយស្រួល​ជូន​អតិថិជន​ប្រា​សាក់​និង​សាធារណជន​តាមរយៈ​គ​ណ​នី​ប្រា​សាក់ “Covid-19 Vaccine Fund” នេះ។ លោកអ្នក​អាច​ចូលរួម​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព និង​តាម​ការស្ម័គ្រចិត្ត​ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី PRASAC Mobile Banking ឬ តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់។ រាល់​ថវិកា​ទាំងអស់​ដែល​ទទួលបាន​នឹង​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ចាត់ចែង​ទិញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ជូន​ដល់​ប្រជាជន​កម្ពុជា​យើង»។

លោក សូ​នី បន្តថា «តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន និង​សាធារណជន​ក្នុងការ​ចូលរួម​បរិច្ចាគ​ថវិកា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​សូម​គោរព​ជូនពរ​លោកអ្នក​មាន​សុខភាព​ល្អ សុវត្ថិភាព និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ-១៩» ៕

រដ្ឋាភិបាលសម្រេចលើកលែងការបងថ្លៃបន្តអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍បានសម្រេចប្រកាសលើកលែងការបង់ថ្លៃបន្តអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ដើម្បីជួយសម្រាលបន្ទុក ដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺ Covid-19។

នៅក្នុងសេចក្តីជូនដំណឹងចេញដោយក្រសួងទេសចរណ៍ដែលគេហទំព័រ Property Area Asia ទទួលបាននៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ-និយោជិតក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាប័ណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១ ដែលនឹងចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍នៅតែមានកាតព្វកិច្ចស្នើសុំបន្តអាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១ ហើយការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មីគ្រប់ប្រភេទ និងការអនុវត្តវិន័យអន្តរការណ៍ជាប្រាក់សម្រាប់អាជ្ញាប័ណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរក្សាការអនុវត្តការបង់កម្រៃដដែលស្របតាមប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍។

ក្រោមឥទ្ធិពលនៃផលប៉ះពាល់ពីការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចលើកលែងផ្នែកពន្ធដារដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកមួយនៃវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺនេះ។ ដោយឡែកតាមរយៈតួលេខពីក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា មានចំនួន ១,២៦ លាននាក់ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ ធ្លាក់ចុះប្រមាណ ៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩៕

ផ្សារហ៊ុនលើពិភពលោកហក់ឡើងខ្ពស់មិនធ្លាប់មាន បន្ទាប់ពីដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ១៩

ដោយ៖ សុខុម

អន្តរជាតិ៖ តម្លៃភាគហ៊ុនអាស៊ី បានហក់ឡើងខ្ពស់មិនធ្លាប់មាន ហើយភាគហ៊ុនសហរដ្ឋអាមេរិក ក៏បានហក់ឡើងដែរនៅថ្ងៃទី៩ ខែធ្នូនេះ នៅពេលបណ្ដាវិនិយោគិនបានតាមដានជាប់នូវដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ-១៩ និងការបន្តប្រឹងប្រែងទម្លាក់កញ្ចប់ថវិកាបន្ថែមទៀតដើម្បីស្ដារសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃនេះ។

សន្ទស្សន៍ផ្សារហ៊ុនចេញដោយក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSCI បង្ហាញថា ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង ០,៥១% ហើយនៅខណៈមួយ សន្ទស្សន៍បានហក់ឡើងខ្ពស់រហូតដល់ ៦៤៦,១០% ដែលខ្ពស់បំផុតមិនធ្លាប់មាន។ ទន្ទឹមនេះ ភាគហ៊ុនទូទាំងសកលលោកក៏បានឡើងថ្លៃខ្ពស់មិនធ្លាប់មានដែរ។

តួយ៉ាង ភាគហ៊ុនអូស្រ្តាលី បានហក់ឡើង ០,៦៩% ផ្សារភាគហ៊ុន Nikkei របស់ជប៉ុន បានហក់ឡើង ១,០១% ភាគហ៊ុននៅប្រទេសចិន បានហក់ឡើង ០,១៥% ភាគហ៊ុនរបស់កូរ៉េខាងត្បូង បានហក់ឡើង ១,២៦% ជិតដល់កម្រិតខ្ពស់មិនធ្លាប់មាន។

ភាគហ៊ុន S&P 500 E-Mini របស់សហរដ្ឋអាមេរិក បានហក់ឡើង ០,១១% ក្នុងពាណិជ្ជកម្មនៅអាស៊ី បន្ទាប់ពីភាគហ៊ុននៅ Wall Street ហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ស្ថានភាពល្អប្រសើរនេះកើតមានឡើងដោយសារដំណឹងវិជ្ជមានអំពីវ៉ាក់សាំងកូវីដ-១៩ និងវឌ្ឍនភាពវិជ្ជមាននៅក្នុងកិច្ចចរចាទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ងាកមករូបិយប័ណ្ណផោនរបស់អង់គ្លេស វិញក៏បានប្រែប្រួលជាវិជ្ជមានបន្តិចដែរ នៅមុនពេលកិច្ចចរចាជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប។

កាលពីកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ភាគហ៊ុន Dow Jones Industrial Average បានហក់ឡើង ០,៣៥% ភាគហ៊ុន S&P 500 E-Mini បានហក់ឡើង ០,២៨% ចំណែកឯភាគហ៊ុន Nasdaq Composite បានហក់ឡើង ០,៥%។

ខណៈពេលនេះក្រុមអ្នកធ្វើគោលបាយរបស់សហរដ្ឋអាមេរិក កំពុងបន្តចរចាជុំវិញការទម្លាក់កញ្ចប់ថវិកាបន្ថែមដើម្បីស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។
ក្រុមមេដឹកនាំនៃគណបក្សទាំងពីរបានប្រកាន់ជំហរមាំថា ចាំបាច់ត្រូវតែឈានដល់ការចុះកិច្ចព្រមព្រៀងមួយឱ្យខាងតែបាន ប៉ុន្តែនៅពិភាក្សាគ្នានៅឡើយលើចំណុចលម្អិតមួយចំនួនរួមមានកញ្ចប់ជំនួយទម្លាក់ទៅឱ្យរដ្ឋនីមួយៗ អាជ្ញាធរមូលដ្ឋាន និងការការពារបំណុលអាជីវកម្ម៕

អ្នកជំនាញ ៖ តម្រូវការទីផ្សារជួលខុនដូនៅចុងឆ្នាំ២០២០មានការធ្លាក់ចុះខ្លាំង

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងត្រីមាសទី៤ ជាពិសេសក្នុងអំឡុងដែលកំពុប្រឈមនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលកំពុងបន្តកើតមាននៅចុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារជួលខុនដូត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះខ្លាំងបើធៀបទៅនឹងត្រីមាសទី២ និងត្រីមាសទី៣នៃឆ្នាំនេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា ស្រដៀងគ្នាទៅនឹងទីផ្សារជួលអាផាតម៉ិនដែលកំពុងបង្ហាញពីសញ្ញាដាំក្បាលចុះនោះ ងាកមកការជួលខុនដូក៏កំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺអត្រាបានធ្លាក់រហូតប្រមាណ៨០ភាគរយបើធៀបទៅនឹងចុងឆ្នាំ២០១៩។

លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់ថាទីផ្សារខុនដូចាប់ផ្តើមមានការទទួលស្គាល់ និងយល់ដឹងពីសំណាក់ប្រជាជនខ្មែរក្នុងស្រុកជាបណ្តើរៗ ប៉ុន្តែសម្រាប់ជនជាតិខ្មែរគឺមិនសូវចូលទៅរស់នៅនោះឡើយ ហើយតម្រូវការជាក់ស្ដែងគឺមានតែជនជាតិបរទេសតែប៉ុណ្ណោះ។ ដោយសារតែបញ្ហាប្រឈមនៃជំងឺជាសាកលដែលមានការបិទជើងហោះហើរ បិទប្រទេស បានធ្វើឱ្យជនបរទេសទាំងនោះផ្អាកចរាចរណ៍ ដូច្នេះហើយបានជាតម្រូវការជួលខុនដូមានការធ្លាក់ចុះ”។

លោកស្រីបន្តថា “អ្វីដែលសំខាន់នៅក្នុងដំណាក់កាលនេះ ដែលកម្ពុជាប្រឈមទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅចុងឆ្នាំនេះ មានជនបរទេសមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងស្នាក់នៅក្នុងខុនដូ បានសម្រេចចិត្តចេញទៅជួលផ្ទះនៅជាយក្រុងបើទោះជាកិច្ចសន្យានៃការជួលខុនដូមិនទាន់បញ្ចប់ក៏ដោយ ព្រោះពួកគេមានភាពភ័យខ្លាចក្នុងការប្រើប្រាស់អគាររួមគ្នា ប្រើជណ្តើរយន្តរួមគ្នាដែលបញ្ហាប្រឈម”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “វាប្រាកដជាធ្លាក់ចុះ ព្រោះអ្នកជួលដែលជាជនជាតិបរទេសនោះបានចាកចេញទៅស្រុករបស់ពួកគាត់ និងមិនទាន់វិលត្រឡប់មកកម្ពុជាបានវិញនោះទេ”។

លោកបន្តថា “ក្នុងតំណាក់កាលនេះ មិនថាចំពោះតែការជួលនោះទេ ការលក់ក៏ធ្លាក់ចុះខ្លាំងដូចគ្នា ប៉ុន្តែវានឹងវិលទៅរកភាពល្អប្រសើរវិញ បន្ទាប់ពីការគ្រប់គ្រងត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធភាព។ តាមការប៉ាន់ស្មានរបស់ខ្ញុំ អាចនៅពាកើកណ្តាលឆ្នាំ ឬចុងឆ្នាំ២០២១ ទើបទីផ្សារខុនដូចាប់មានដំណើរការឡើងវិញជាបណ្តើរៗបើទោះជាការចែកចាយវ៉ាក់សាំងត្រូវបានអនុវត្តជាផ្លូវការក៏ដោយ”៕

អូស្ត្រាលីផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥លានដុល្លារដល់កម្ពុជា

ដោយ៖ រ៉ាណេត

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥ លានដុល្លារអាមេរិកដល់កម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ តាមរយៈផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (Camboda COVID-19 Development Response Plan)នេះ នឹងជំរុញដល់ការវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា។

 

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ផាប្លូ កាង បានមានប្រសាសន៍ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងកម្មពិធីការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជាថា រដ្ឋាភិបាលអូស្ត្រាលីនឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង ៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីវិបត្តិជំងឺកូវី-១៩។
ផែនការនេះបានកំណត់អំពីការគាំទ្ររបស់អូស្រ្តាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ ៣ គឺការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គមនិងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច។

លោកបានថ្លែងថា “ចង្កោមសកម្មភាពទាំងនោះរួមមានការធ្វើឱ្យប្រសើរឡើងគុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសុខភាពតាមមន្ទីពេទ្រ ការលើកកម្ពស់យេនឌ័រ និងពិការភាព ការជំរុញផលិតកម្មស្បៀង ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩”។

ក្នុងស្មារតីភាពជាដៃគូ រដ្ឋាភិបាលអូស្ត្រាលី ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ បានរៀបចំផែនការនេះដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ត្រាលី សម្រាប់ស្ថារសេដ្ឋកិច្ច-សង្គមកម្ពុជា ពីវិបត្តិជំងឺកូវី២១៩ ។

ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥ លានដុល្លារអាមេរិក ដល់កម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ ហិរញ្ញប្បទាននេះជាការផ្តល់ បន្ថែមលើហិរញ្ញប្បទានប្រមាណ ១៧០ លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រី អូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥ លានដុល្លារអាមេរិក ដែលអូស្ត្រាលីបានប្តេជ្ញាផ្តល់សម្រាប់ការ ចែកចាយវ៉ាក់សាំងជំងឺកូវីង-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

លោកឈៀង យ៉ាណារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគោលដៅចម្បងនៃផែនការនេះ ក្នុងការជួយការពារប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងគាំទ្រការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យម ប្រកបដោយភាពធន់នឹងវិបត្តិ និងបរិយាប័ន្ន ។

ក្នុងពិធីនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺភ្វី-១៩ នៅកម្ពុជា។

លោកឈៀង យ៉ាណារ៉ា បានបញ្ជាក់បន្ថែមថា អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍បុរេសកម្មមួយ ដែលបានចាត់វិធានការតាំងពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩នេះ។ ផែនការ
នេះបានបញ្ជាក់ពីកិច្ចសហការដ៍សំខាន់ក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី។

លោកបានថ្លែងបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះផែនការនេះ ពិសេសសកម្មភាពអាទិភាព ដែលផ្តោតលើវិស័យសំខាន់ទាំង៣ ដែលមានសង្គតិភាពជាមួយនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩”៕

អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ពីគម្រោងដីអភិវឌ្ឍន៍មានច្បាប់ និងគ្មានច្បាប់ដែលកំពុងកើតមាន

ដោយ ៖ រ៉ាណេត
សៀមរាប ៖ ស្របទៅនឹងផែនការនៃការអភិវឌ្ឍន៍ប្រែក្លាយស្រុកបន្ទាយស្រីពីតំបន់ដាច់ស្រយ៉ាលទៅជាក្រុងថ្មីនៃខេត្តសៀមរាប សម្រាប់តែនៅក្នុងស្រុកបន្ទាយស្រីបានកើតមានគម្រោងអភិវឌ្ឍន៍ប្រែក្លាយដីកសិកម្មទៅជាដីលំនៅដ្ឋានជាច្រើនគម្រោង ដែលក្នុងនោះមានគម្រោងខ្លះស្របច្បាប់ត្រឹមត្រូវ ហើយគម្រោងខ្លះទៀតមិនទាន់មានច្បាប់អនុញ្ញាតនោះឡើយ។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ តាមរយៈបណ្តាញទំនាក់ទំនងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០បានលើកឡើងថា កន្លងមករដ្ឋបាលស្រុកបន្ទាយស្រីបានផ្អាករាល់គម្រោងអភិវឌ្ឍដីទាំងអស់នៅក្នុងស្រុកជាបណ្តោះអាសន្នសិន ដោយសារតែបានរកឃើញថាសុទ្ធតែមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកបន្តថា ការហាមឃាត់នេះ គឺដើម្បីធានា និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ជៀសវាងទទួលរងផលប៉ះពាល់ ខាតបង់ទ្រព្យសម្បត្តិ ពីការទិញ ឬវិនិយោគទៅលើគម្រោងដែលមិនមានបទដ្ឋានត្រឹមត្រូវ ឬជាគម្រោងដែលជាប់គាំងមិនដំណើរការ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា “ជំហរតឹងរុឹងរបស់រដ្ឋបាលស្រុក គ្រាន់តែដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃគោលការណ៍បច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃច្បាប់តែប៉ុណ្ណោះ មិនមែនមានន័យថាស្រុកបន្ទាយស្រីមិនស្វាគមន៍អ្នកវិនិយោគនោះទេ ហើយក៏មិនមានន័យថា គ្រប់គម្រោងអភិវឌ្ឍន៍ដីទាំងអស់សុទ្ធតែជាគម្រោងដែលមានបញ្ហានោះដែរ។ តួយ៉ាង ដូចជាគម្រោងរបស់ក្រុមហ៊ុន អង្គរលែនម៉ាក ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្រុមហ៊ុនក្រវ៉ាន់សៀមរាបរេសុីដិន និងក្រុមហ៊ុនមួយចំនួនទៀត ដែលសុទ្ធសឹងតែជាគម្រោងខ្នាតធំ មានភាពច្បាស់លាស់ត្រឹមត្រូវ និងបានផ្តល់ការសហការយោគយល់តាមសំណូមពររបស់រដ្ឋបាលស្រុក និងយល់ព្រមរង់ចាំបំពេញនីតិវិធីខាងផ្លូវច្បាប់រួចជាមុនសិន មុននឹងប្រកាសលក់ជាផ្លូវការ”។

រដ្ឋបាលស្រុកតែងព្យាយាមលើកទឹកចិត្តដល់រាល់ការវិនិយោគមកក្នុងបន្ទាយស្រី និងផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូយ៉ាងជិតស្និទ្ធ ព្រោះគោលដៅចុងក្រោយនៃការអភិវឌ្ឍ គឺគ្មានអ្វីក្រៅពីការទាក់ទាញអ្នកវិនិយោគមកក្នុងស្រុក ដើម្បីផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ និងមុខរបរនោះឡើយ។ ហេតុដូច្នេះហើយទើបរដ្ឋបាលស្រុកបានសម្រួល និងអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីមួយចំនួនដាក់ពាក្យស្នើសុំសាងសង់សំណង់ក្រោម ៥០០ម៉ែត្រការ៉េ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងរៀបចំប្រព័ន្ធផ្លូវ-ភ្លើងនៅក្នុងបរិវេណដីគម្រោងរបស់ខ្លួនជាបណ្តើរៗ ដើម្បីចំណេញពេលវេលាក្នុងអំឡុងពេលដែលត្រូវរង់ចាំលិខិតអនុញ្ញាតជាផ្លូវការ៕

ក្រុមហ៊ុន AirAsia បង្ហាញសុទិដ្ឋិនិយមចំពោះវិស័យអាកាសចរណ៍ក្នុងតំបន់អាស៊ាននៅឆ្នាំក្រោយ

ដោយ៖ ប៊ី
អន្តរជាតិ៖ លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍ Bloomberg កាលពីថ្មីៗនេះថា ក្រុមហ៊ុន AirAsia Group កំពុងផ្តោតលើការពង្រីកមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងពិភាក្សាអំពីការចាប់ផ្តើមក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួនបីនៅក្នុងតំបន់។

លោក Fernandes រំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាសនឹងវិលត្រឡប់ទៅរកសភាពដើមវិញក្នុងរយៈពេល ៦ ទៅ ១២ខែខាងមុខ។ លោកបានមានប្រសាសន៍ថា ប្រជាជនចង់ធ្វើដំណើរ និងតម្រូវការគឺនៅទីនោះស្រាប់ ដែលជារឿងសំខាន់បំផុត។

លោកបានបន្តថា ឧទាហរណ៍ទីផ្សារក្នុងស្រុករបស់ប្រទេសថៃបានវិលត្រឡប់ទៅរកសភាពដើមវិញមុនខែធ្នូ ឆ្នាំក្រោយ។ ថ្លៃសំបុត្រធ្វើដំណើរនឹងនៅដដែល។

លោក បានថ្លែងថា “ផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដើម្បីបង្កើនថវិកាដល់ ២,៥ ពាន់លានរីងហ្គីដ គឺស្ថិតនៅក្នុងកាលវិភាគរបស់ខ្លួន។ យើងកំពុងមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២១”។

ក្រុមហ៊ុន AirAsia កំពុងបំលែងយន្ដហោះជាច្រើនទៅក្នុងយន្ដហោះដឹកទំនិញ ដើម្បីបំពេញបន្ថែមអាជីវកម្មអ្នកដំណើរ។
លោក Fernandes បាននិយាយថា ក្រុមហ៊ុនកំពុងវាយតម្លៃក្រុមហ៊ុនបណ្តាក់ទុន AirAsia India របស់ខ្លួនជាមួយក្រុមហ៊ុន Tata ខណៈពេលមានការពង្រីកទំនាក់ទំនងរបស់ពួកគេនៅក្នុងអាជីវកម្មឌីជីថល។

លោក បានថ្លែងថា “នៅពេលត្រឹមត្រូវមួយមកដល់ យើងនឹងធ្វើសេចក្តីប្រកាស ប៉ុន្តែកម្លាំងរបស់យើងគឺនៅអាស៊ីអាគ្នេយ៍ ហើយនោះជាកន្លែងដែលការពង្រីករបស់យើងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខទៀត”៕