ដោយ : គង់ សូរិយា
ភ្នំពេញៈ ក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សហការជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកផែ្នកអភិវឌ្ឍឧស្សាហកម្ម (UNIDO) និងមជ្ឈមណ្ឌលកម្ពុជា៤.០ បានរៀបចំ “វេទិកាអន្តរជាតិស្តីពីវិស័យទេសចរណ៍វៃឆ្លាត នៅកម្ពុជា”។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក់ សុខុម និងលោកស្រី អូហ្វេលី ប៊ួរីស នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងតំណាងគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ។
វេទិកានេះក៏មានអ្នកចូលរួមពីចម្ងាយជាច្រើន តាមប្រព័ន្ធZoom អនឡាញ និង Facebook Page ផងដែរ។
លោកប៉ាក់ សុខុមបានគូសបញ្ជាក់ថា ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការកើនឡើងនិងការប្រែប្រួលឥតឈប់ឈរ នៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើឱ្យការជម្រុញឌីជីថលរូបនីយកម្ម នៅក្នុងវិស័យទេសចរណ៍ កាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០។
លោកបន្តថា ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ វិបត្តិជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង មិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ លើវិស័យទេសចរណ៍កម្ពុជា បានតម្រូវឲ្យមានការគិតគូររកដំណោះស្រាយ ក្នុងការស្តារ និងលើកស្ទួយវិស័យនេះឡើងវិញ ដែលក្នុងនោះការប្រើប្រាស់បច្ចេកវិទ្យាអាចជាដំណោះស្រាយដ៏ល្អមួយទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។
ក្នុងបរិការណ៍នេះ ការធ្វើពិពិធកម្មកែច្នៃផលិតផល និងសេវាទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការទាក់ទាញទេសចរថ្មីៗ ជាពិសេសទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តម្តងហើយម្តងទៀត។
នៅក្នុងវេទិកានេះ មានការចូលរួមចែករំលែកបទពិសោធន៍ និងគំរូអនុវត្តល្អៗ ជាមួយនឹងការអនុវត្តជាក់ស្តែងនាពេលបច្ចុប្បន្ន ក៏ដូចជាការពិភាក្សាលើចំណុចគន្លឹះ ជាយុទ្ធសាស្ត្រ និងយន្តការនានាក្នុងការជម្រុញការអភិវឌ្ឍ វិស័យទេសចរណ៍វៃឆ្លាត ឫទេសចរណ៍ឌីជីថល ដោយវាគ្មិនកិត្តិយស តំណាងអង្គការទេសចរណ៍ពិភពលោក (UNWTO), អង្គការ UNIDO, លេខាធិការដ្ឋានអាស៊ាន បណ្ឌិតសភាទេសចរណ៍ចិន, European Cities Marketing, ក្រុមហ៊ុន Google, ក្រុមហ៊ុន MDSG, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”, Khmer Enterprise, ក្រុមហ៊ុន Cellcard, Impact Hub, ក្រុមហ៊ុន Unseentra, Uot App, Haystome ដែលជា Startups របស់កម្ពុជាផងដែរ៕