ក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នេរមាសតេជោសែនកំពុងពន្លឿនសកម្មភាពសាងសង់ និងបញ្ចប់ឱ្យបានឆាប់រហ័សតាមផែនការ

ដោយ ៖ រ៉ាណេត
កំពត ៖ ឆ្នេរមាសតេជោសែន ជាឆ្នេរកម្សាន្តដ៏ធំលើកដំបូងបង្អស់របស់ខេត្តកំពត ដែលត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាងរដ្ឋបាលខេត្តជាមួយក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ក្នុងរយៈពេលប្រមាណ២ឆ្នាំនៃការស្ថាបនា ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា ដោយសំអាងផ្អែកលើតួនាទីភារកិច្ចរបស់អនុគណៈកម្មការនីមួយៗដែលសម្រេចនៅពេលខាងមុខនេះ នឹងបង្កឱ្យមានភាពងាយស្រួលក្នុងការអនុវត្តន៍ការងារត្រួតពិនិត្យ និងគ្រប់គ្រងការអភិវឌ្ឍរបស់ក្រុមហ៊ុន ( IGB) សំដៅធ្វើយ៉ាងណាឱ្យគម្រោងមួយនេះមានការអភិវឌ្ឍបានឆាប់រហ័ស។

បន្ទាប់ពីសម្រេចបានលទ្ធផលលេចចេញជារូបរាងឡើងពិតប្រាកដក្រោយការស្ថាបនា តំបន់ឆ្នេរមាសតេជោសែន នឹងអាចទាក់ទាញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែកម្សាន្តនៅពេលខាងមុខឆាប់ៗនេះជាក់ជាមិនខាន។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើន កំពុងទន្ទឹងរង់ចាំមើល ថាតើឆ្នេរខ្សាច់កម្សាន្តរបស់ខេត្តកំពត ស្អាត និងទាក់ទាញដល់កម្រិតណា ស្របពេលដែលកន្លែងកម្សាន្ត ដ៏ទាក់ទាញថ្មីៗជាច្រើន ត្រូវបានបង្កើត ឡើងជាហែហូរ។ ប៉ុន្តែមកដល់ថ្ងៃនេះ ឆ្នេរសិប្បនិម្មិត ដែលត្រូវបានកំណត់ឈ្មោះថាឆ្នេរមាសសម្តេចតេជោ នោះនៅមិនទាន់ស្ថាបនារួចរាល់នៅឡើយទេ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា អ្វីដែលរាជរដ្ឋាភិបាលបានសម្រេចថា ត្រូវអភិវឌ្ឍហើយ ត្រូវនាំគ្នាសហការ ជំរុញដល់ដំណើរការអភិវឌ្ឍន៍នោះ ដោយត្រូវធ្វើជាបណ្តើរៗ មិនអាចរង់ចាំ ឬប្រើលេសច្រើនបានទេ ព្រោះនៅក្នុងកិច្ចសន្យាសុំធ្វើការអភិវឌ្ឍ ក៏បានកំណត់ពេលច្បាស់លាស់រួចហើយដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់បង្កើនល្បឿនការងារ បង្កើនកម្លាំង គ្រឿងចក្រឱ្យ បានច្រើន ដើម្បីបញ្ចប់ការងារតាមផែនការ ដែលបានកំណត់ទុក ប៉ុន្តែត្រូវគោរពតាមគំនូសប្លង់បច្ចេកទេស ដែលមានការចូលរួមសហការពីជំនាញពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិចបំផុត។

គម្រោងអភិវឌ្ឍបង្កើតតំបន់ឆ្នេរខ្សាច់ថ្មីសិប្បនិមិត្តនេះ រដ្ឋបាលខេត្តកំពត បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនវិនិយោគឯកជន (IGB) Cambodia CO.LTD ដែលបានអនុវត្តអស់រយៈពេលប្រមាណ ២ឆ្នាំរួចមកហើយ លើផ្ទៃដីប្រមាណ ២៣៤ហិកតា ដោយមានការបែងចែកផលប្រយោជន៍តាមសមាមាត្រផ្ទៃដី៦០ភាគរយ សម្រាប់ក្រុមហ៊ុន IGB Cambodia CO.LTD និងផ្ទៃដី៤០ភាគរយទុកជូនរដ្ឋក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត ពោលគឺក្រុមហ៊ុន IGB គ្រប់គ្រងលើផ្ទៃដីទំហំ១២០ហិកតា រដ្ឋបាលខេត្តកំពតទំហំផ្ទៃដី ៨០ហិកតា និង៣៤ហិកតាទៀតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ៕

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ជាង១ពាន់​លាន​ដុល្លារ​នៅក្នុង​ទីក្រុង​ឡុងបញ្ចប់​ការសាងសង់

ដោយ​វុត្ថា

ទីក្រុង​ឡុង​ដ៏ៈ ផែនការ​សាងសង់​គម្រោង​អគារ​ពាណិជ្ជកម្មធំៗ មួយចំនួន​នៅក្នុង​លើ​ពិភពលោក​សម្រាប់​ឆ្នាំ២០២០ ប្រហែលជា​ត្រូវ​ផ្អាក​បណ្តោះអាសន្ន ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​សម្រាប់​កា​រា​អគារ​ខ្ពស់​ជាងគេ​មួយ ក្នុង​ទីក្រុង​ឡុង​ដ៏​ត្រូវបាន​បញ្ចប់​ការសាងសង់។

យោងតាម​ការចុះផ្សាយ​ពី​គេហទំព័រ www.timeout.com បានឱ្យដឹងថា គម្រោង​សាងសង​អគារ​មជ្ឈមណ្ឌល 22 Bishopsgate  បាន​ឈានដល់​ដំណាក់កាល​បញ្ចប់ ដែល​ធ្វើឱ្យ​អាគារ​ខ្ពស់​ជាងគេ​នេះ នៅ​ទីក្រុង​ឡុង​មាន​កម្ពស់២៧៨ ម៉ែត្រ។

មជ្ឈមណ្ឌល​នេះ ត្រូវបាន​ប្រើប្រាស់​មុខងារ​ជា​អគា​រិ​យា​ល័យ ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​អឺរ៉ុប។ អគារ​នេះ​មាន​លក្ខណៈពិសេស​ជាច្រើន រួមមាន កន្លែង​ហាត់ប្រាណ ឧទ្យាន​មួយ​ដែលមាន​ទីធ្លា១.៧០០ម៉ែត្រការ៉េ ផ្សារ​ទំនើប អាហា​រដ្ឋា​ន ដែល​នឹង​ក្លាយជា​វិចិត្រសាល​ទស្សនា​សាធារណៈ ដោយ​ឥតគិតថ្លៃ​ខ្ពស់បំផុត​នៅ​ទីក្រុង​ឡុង។

អគារ 22 Bishopsgate មាន​កំពស់២៧៨ ម៉ែត្រ ស្មើនឹង​កំពស់៦២ ជាន់ ត្រូវបាន​គេ​ស្គាល់​ថា TwentyTwo រចនា​ឡើង​ដោយ ក្រម​ហ៊ុន PLP Architecture ដែល​បានរៀបចំ​ផែនការ​រចនា​ប្លង់​សំរាប់​អាគារ Nova ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​អាគារ Victoria ។

អគារ 22 Bishopsgate នេះ​បានចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០១៧  ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ ដែល​ធ្វើឱ្យ​ទីក្រុង​ឡុង​ដ៏​កាន់​តែមាន​ភាព​ទាក់ទាញ​កាន់​ខ្លាំង៕

ខេត្តកំពត​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគធំៗតម្លៃ​រាប់សិប​លាន​ដុល្លារ

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ប្រែក្លាយ​ខេត្ត​ជាប់មាត់​សមុទ្រ ឱ្យទៅជា​តំបន់​កម្សាន្ត​ដ៏​ទាក់ទាញ​លំដាប់​អន្តរជាតិ ប​ច្ចុ​ប្ប​នេះ ខេត្តកំពត បាន​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍ធំៗជាច្រើន​ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

ភ្ជាប់​ជាមួយនឹង​ការទទួលបាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​នៅ​ទូទាំង​ខេត្តកំពត លោក​ឧកញ៉ា តេង រិទ្ធី ដែលជា​អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ R Investment Group នៅ​ល្ងាច​ថ្ងៃទី៨ ខែធ្នូ  ឆ្នាំ២០២០បានបង្ហាញ​ពី​ក្ដី​សាទរ ទៅនឹង​អ្វីដែល​ខេត្តកំពត​ទទួលបាន​នៅពេលនេះ ជាមួយនឹង​ការបញ្ជា​ក់ថា គម្រោង​បណ្តាក់​ទុនវិនិយោគ​ដែលមាន​ទំហំ​ជាច្រើន​លាន​ដុល្លារ​ខាងលើនេះ ភាគច្រើន​ជាការ​វិនិយោគ ទៅលើ​ការបង្កើត​តំបន់​កម្សាន្ត​ទ្រង់ទ្រាយ​ធំ រួម​ជាមួយនឹង​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ។

លោក​ឧកញ៉ា​បន្តទៀតថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ” ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុង​បន្ត​អភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី ក៏បាន​បញ្ជាក់ថា សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣ ទៅ៤ម៉ឺន​ដុល្លារ​ឡើងទៅ​សម្រាប់​លំនៅដ្ឋាន​បែប​លំហែរ​មួយ​ខ្នង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បាន​មានប្រសាសន៍​ផងដែរ​ថា សព្វថ្ងៃនេះ​មាន​គម្រោង​វិនិយោគ លើ​វិស័យ​បដិសណ្ឋារកិច្ច​ជាច្រើន នៅក្នុង​ខេត្តកំពត ជាពិសេស គម្រោង​រមណីយដ្ឋាន សណ្ឋាគារ និង​បឹង​ហ្គា​ឡូ នៅតាម​ដងព្រែក​នានារ​បស់​ខេត្តកំពត។

លោក​បន្តថា  “នៅពេល​ដែលមាន​គម្រោង​វិនិយោគ ផ្នែក​បដិសណ្ឋារកិច្ច​ច្រើន​នៅក្នុង​ខេត្ត​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​នៃ​ភាពល្អប្រសើរ និង​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា នៅក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ធានាបាន​នូវ​គុណភាព​ខ្ពស់” ។ លោក​បញ្ជាក់ថា “ធម្មតា​នៅក្នុង​ធ្វើ​ពាណិជ្ជកម្ម ឬ​មុខ​ជំនួញ​ណាមួយ​ដែលមាន​ការប្រកួតប្រជែង វា​នឹង​ធានាបាន​នូវ​គុណភាព និង​កម្រិតស្តង់ដារ​មួយ ហើយ​យើង​ក៏​ចង់បាន​ការប្រកួតប្រជែង​បែបនេះ​ឱ្យបាន​ច្រើន ដើម្បី​ជំរុញ​ទៅដល់​ការលើកកម្ពស់​កម្រិត​គុណភាព” ។

លោក​សយ ស៊ី​ណុល បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា មិនមែន​មានការ​ប្រកួត​ប្រជែង​តែ​នៅក្នុង​ស្រុក​នៅទេ គឺ​កម្ពុជា​បាននិងកំពុង​ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក លើ​វិស័យ​បដិសណ្ឋារកិច្ច​នេះ។ ការទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​ទាមទារ​ឱ្យមាន​គុណភាព និង​ស្តងដារ​ចាំបាច់​បំផុត ដូច្នេះ​នៅពេល​មានការ​ប្រកួតប្រជែង​កាន់តែច្រើន​វា​កាត់​តែ​ល្អ ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ និង​ជាតិ​អន្តរជាតិ៕

គម្រោង​សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​អាច​ចំណាយ​ទឹកប្រាក់​ជាង ១៤០០លាន​ដុល្លារ​ប៉ុន្តែ​ការ​បរិច្ឆេទ​សាងសង់​មិនទាន់​កំណត់

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ គំរោង​សាងសង់​រថភ្លើង​លើ​អាកាស ឬ​ក្រោម​ដី​អាច​ចំណាយ​ទឹកប្រាក់​រហូតដល់១០០០ទៅ១៥០០លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការចាប់ផ្តើម​សាងសង់​នៅពេលណា​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​ទេ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់មាន​ប្រសាសន៍​ឲ្យ​ដឹង កាលពីពេល​កន្លងមកថ្មីៗនេះ​ថា គម្រោង​សិក្សា​រថភ្លើង​លើ​អាកាស គឺ​ខាង JICA បាន​សិក្សា​រួចហើយ ហើយ​ក្រសួង​នៅ​រង់ចាំ​លទ្ធផល​សិក្សា។ ដោយឡែក គម្រោង​រថភ្លើង Monorail និង​រថភ្លើង​ក្រោម​ដី ក្រុមហ៊ុន​ចិន​ជា​អ្នកសិក្សា។

លោក​បន្តថា “ក្រោយ​ការសិក្សា​ចប់ ក្រសួង​នឹង​ប្រៀបធៀប ដើម្បី​ជ្រើស​រើសយក​គម្រោង​ណាមួយ​ដែលមាន​តម្លៃ​សមរម្យ និង​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍” ។ លោក​បន្តថា “គម្រោង​នេះ អាច​នឹង​ប្រើប្រាស់​ថវិកា​ចន្លោះ​ពី ១០០០លាន​ដុល្លារ ទៅ១,៤០០ពាន់​លាន​ដុល្លារ​អាមេរិក។

ការសិក្សា​លទ្ធភាព​សាងសង់​គម្រោង​រថភ្លើង​លើ​អាកាស នៅ​ភ្នំពេញ​នៅតែ​បន្ត ដោយមាន​មួយ​បានបញ្ចប់​រួច និង២ផ្សេងទៀត​កំពុង​រង់ចាំ​លទ្ធផល។ អំឡុង​ពេលនេះ​រដ្ឋាភិបាល​ក៏​កំពុង​ស្វែងរក​ប្រភព​ហរិ​ញ្ញ​ប្ប​ទាន ដើម្បី​យកមក​អនុវត្តន៍​គម្រោង​នេះ​ផងដែរ។

ជាមួយគ្នានេះ លោក​លី បូ​រិ​ន អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួលបន្ទុក​ផ្នែក​ផ្លូវដែក​បានឱ្យដឹង​ផងដែ​រថា តាម​ការប៉ាន់ស្មាន គម្រោង​រថភ្លើង​លើ​អាកាស​នេះ មានតម្លៃ​ខ្ពស់​ណាស់​សម្រាប់​វិនិយោគ។

លោក​បាន​ឲ្យ​ដឹងថា “ការសិក្សា​រថភ្លើង​លើ​អាកាស យើង​បាន​សិក្សា​រួចហើយ ប៉ុន្តែ​គម្រោង​នឹង​វា​អស់​ច្រើនពេក។ ហេតុនេះ​ទាល់តែ​រដ្ឋាភិបាល​ជា​អ្នកសម្រេច។

សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​រាជធានី​ភ្នំពេញ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្ហាញថា ក្រសួង​កំពុង​ជ្រើសរើស​រវាង រថភ្លើង​លើ​អាកាស រថភ្លើង Mono Rail និង​រថភ្លើង​ក្រោម​ដី៕

រដ្ឋមន្ត្រី​សាធារណៈ​ការបង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​កូរ៉េ​លើ​គំរោង​សាងសង់​ស្ពាន​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ

ដោយ​គង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស ដើម្បី​ធ្វើការ​ជាមួយ​អ្នកជំនាញការ​កូរ៉េ សំរាប់​ពិភាក្សាគ្នា​ឈានទៅ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​នាពេល​ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ លោក​វ៉ា​ស៊ីម សូរិយា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី៨ ធ្នូ​កន្លងមក​ថា ផែនការ​សាងសង់​ស្ពាន​នេះ ត្រូវបាន​បង្ហើប​ដោយ​ប្រធានាធិបតី​កូរ៉េ លោក​ម៉ូ​ន ជេ​អ៊ី​ន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​វៀតណាម​កាលពី​កំឡុង​ខែវិច្ឆិកា​កន្លងមកនេះ។លោក​បន្តថា បច្ចុប្បន្ន​លោក​ទេសរដ្ឋមន្ត្រី​បាន​បង្កើត​ក្រុមការងារ ដើម្បី​ធ្វើ​ការងារ​នេះ​ជាមួយ​អ្នកជំនាញការ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​នៃ​សាធារណៈរដ្ឋ​កូរ៉េ (koica) ដើម្បី​ធ្វើ​ការងារ​នេះ។

លោក​បន្តថា “ខ្ញុំ​មិនបាន​ដឹងថា​គំរូ​ស្ពាន​នេះ​បាន​សិក្សា​រួច​ឬ​នៅ​នោះទេ ប៉ុន្តែ​នៅពេល​អ្នកជំនាញការ​កូរ៉េ​មកដល់​នាពេលខាងមុខ ពួកគេ​អាច​បង្ហាញ​ពី​ទម្រង់​ស្ពាន​នេះ​តែម្តង​ក៏​ថា​បាន ដោយសារ​កន្លងមក​ភាគី​កូរ៉េ​បាន​សិក្សា​រួចហើយ” ។

លោក​សូរិយា​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា តាម​ធម្មតា​គំរោងធំៗបែបនេះ យើង​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​បានទេ ដោយសារ​វា​នៅ​ត្រូវការ​ពេលវេលា​និង​និតិ​វិធី​ច្រើន លើកលែងតែ​សម្តេច​ប្រមុខ​រដ្ឋាភិបាល អញ្ជើញ​បើក​ការដ្ឋាន​តែម្តង​ទើប​យើង​អាច​ដឹងបាន​ជាក់លាក់។

ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅកាន់់​ប្រទេស​កូរ៉េ សម្តេច​តេ​ជោ​ហ៊ុន សែន​បានស្នើ​ភាគី​កូរ៉េ​ជួយ​សាងសង់​ស្ពាន​មិត្តភាព សម្រាប់​ប្រទេស​ទាំងពីរ ខណៈ​មិត្ត​ចិន និង​ជប៉ុន​បាន​សាងសង់​ស្ពាន​មិត្តភាព​សំរាប់​កម្ពុជា ជាច្រើន​រួចមកហើយ៕

រដ្ឋសភា​អនុម័ត​ច្បាប់​វិនិយោគ​លើ​វិស័យ​អគ្គិសនី​ចំនួន៧គម្រោង​នៅក្នុង​ឆ្នាំនេះ

ដោយ​វុត្ថា

ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​បានអនុម័ត​ច្បាប់​វិនិយោគ លើ​វិស័យ​អគ្គិសនី​ចំនួន៧ គម្រោង​នៅក្នុង​ឆ្នាំនេះ ដែល​បានស្នើរ​ឡើង​ដោយ​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ការរីកចំរើន​របស់​ប្រទេស​កម្ពុជា និង​ទាក់ទាញ​វិនិយោគ​បរទេស​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា។

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​កម្ពុជា លោក ឡេង ប៉េងឡុង បានឱ្យដឹង​កាលពី​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០កន្លង​នេះ​ថា  កម្ពុជា​ត្រូវមាន​ច្បាប់ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ដោយ​ក្នុងនោះ នៅក្នុង​ឆ្នាំ២០២០ នេះ រដ្ឋសភា​បានអនុម័ត​សំខាន់​ជាច្រើន ដូចជា ច្បាប់​វិនិយោគ​លើ​វិស័យ​អគ្គិសនី ច្បាប់​សំណង់ ច្បាប់​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​រកម្ម  ច្បាប់​មូល​ប​ត្រ​រដ្ឋ  ច្បាប់​ល្បែង​ពាណិជ្ជកម្ម និង​ច្បាប់​ជាច្រើន​ផ្សេងទៀត ដែល​សុទ្ធសឹង​ត្រូវតម្រូវ​ការចាំបាច់​រប​ស់​ប្រទេស។

លោក​បន្តថា “ច្បាប់​ទាំងអស់នេះ បាន​ជួយ​ច្រើន​ក្នុង​ទាក់ទាញ វិនិយោគ​ពី​ក្រៅប្រទេស​មកកាន់​កម្ពុជា ដើម្បី​រុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ” ។ លោ​កប​ន្យ​ល់​ថា “សម្រាប់​ការអនុម័ត​ច្បាប់​វិនិយោគ​លើ​វិស័យ​អគ្គិសនី​ចំនួន៧នេះ ធ្វើឡើង​ដើម្បី​ទាក់ទាញ​វិនិយោគ និង​ធ្វើ​យ៉ាង​ខិតខំ​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ” ។

លោក​ប៉េងឡុង​បាន​បន្តថា វិស័យ​អគ្គិសនី​មាន​តម្រូវការ​ច្រើន​ទាំង​ប្រជាពលរដ្ឋ វិនិយោគិន​ជាតិ និង​អន្តរជាតិ រួមជាមួយ​នឹង​បណ្តា​រោងចក្រ​សហគ្រាសផ្សេងៗ ដែលមាន​តម្រូវការ​លើ​វិស័យ​អគ្គិសនី​នេះ។ នៅពេល​តម្លៃ​អគ្គិសនី​ចុះថោក នឹងធ្វើ​ឱ្យមាន​ការទាក់ទាញ​វិនិយោគិន​មកពី​បរទេស។

យោងតាម​របាយការណ៍​របស់​រដ្ឋសភា​បង្ហាញ​ថា រដ្ឋសភា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន៧នៅក្នុង​ឆ្នាំនេះ នៅក្នុង​ចំណោម​ច្បាប់ផ្សេងៗទៀត រួមមាន​ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ី​ន​វេស​ម៉ិ​ន គ្រុប  ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ អនុភាព៧០០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកោះកុង។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង​សាងសង់ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព២៦៥មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាន សេង​ខូ​ល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង២៣០គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុ​ធ្យួ​ង​ថ្ម ខេត្តបន្ទាយមានជ័យ មក​ស្ថានីយ​សៀមរាប​ខាងកើត។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន ហ្គ្រី​ន សឺ​ស្គែ​ន​ណេ​ប៊​ល វេន​ឈ័​រ (ខេ​ម​បូ​ឌា) ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ អនុភាព២០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័រ សឹ​ប​ផ្លា​យ ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ អនុភាព៣០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ។

ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន រ៉ា​យ​សិន រេ​ត​នី​ជី (ខេ​ម​បូ​ឌា)បាត់ដំបង ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ​អនុភាព៦០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង។ និង​ច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក អ៊ី​ន​ហ្វី​នី ឯ.ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ៍ ផលិត​អគ្គិសនី ដើ​ដោយ​ពន្លឺ​ព្រះ​អាទិ​ទ្យ អនុភាព៣០មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់៕

ចំណេះដឹង! តើ​អ្វី​ជា​យុទ្ធសាស្ត្រ៤ចំណុច ក្នុង​គោលនយោបាយ​ឧស្សាហកម្ម?

ដោយ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច​ទៅក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ ដោយ​ផ្តោតទៅលើ​ការតម្រង់​ទិសដៅ​ទីផ្សារ និង​បរិយាកាស​អំណោយ​ផលស​ម្រា​ប់​ការអភិវឌ្ឍ​ឧស្សាហកម្ម។


នៅក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ខាងលើនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច រួមមាន ទី១ ការបញ្ចុះ​ថ្លៃ​អគ្គិសនី និង​ការបង្កើត​តំបន់​នៅ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដើម្បី​បម្រើ​សកម្មភាព កសិកម្ម និង​ឧស្សាហកម្ម ដោយ​ជួយ​បង្កើត​ផលិតភាព​ទាក់ទាញ ការវិនិយោគ និង​បង្កើន​ទំនុកចិត្ត​ផ្នែក​អាជីវកម្ម។

ទី២ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​នៅតាម​ដងផ្លូវ​ដឹកជញ្ជូន​ទាំង៣ ដែលមាន​អាទិភាព​ខ្ពស់ និង​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម ការតភ្ជាប់ ការប្រកួតប្រជែង និង​តម្រូវការ​របស់​វិស័យ​ឯកជន។

ទី៣ ការបង្កើត​យន្តការ​ពង្រីក​ទីផ្សារពលកម្ម និង​ជំនាញ​ជា​ឯកទេស​ដើម្បី​ធានាឱ្យមាន​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ និង​ផលិតភាព​កាន់តែ​ប្រសើរ​ទ្បើង និង​ទី៤ ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ស និង​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​ទៅ​ថ្ងៃ​អនាគត។

រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​អនុវត្តន៍ ផែនការ​សកម្មភាពសំខាន់ៗមួយចំនួនទៀត​មានដូចជា  ការពង្រឹង​និង​ពង្រីក​ផ្លូវជាតិ និង​អន្តរជាតិ​ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង ពង្រឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក  ការបង្កើន និង​ពង្រីក​ផ្លូវដែក​បន្ថែមទៀត ការអភិវឌ្ឍ​កំពង់ផែ​សមុទ្រ និង​កំពង់ផែ​ទន្លេ និង​ការកាត់បន្ថយ​ការចំណាយ​ឡូ​ជី​ស្ទីក (Logistic) ជាដើម៕

អ្នកជំនាញនិយាយពីការត្រៀមខ្លួនរបស់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីជំរុញវិស័យមួយនេះឱ្យល្អប្រសើរឡើងវិញក្រោយវិបត្តិ Covid-19

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ស្របពេលដែលបណ្តាប្រទេសជឿនលឿនមួយចំនួនចាប់ផ្តើមអនុវត្តលើការប្រើប្រាស់វ៉ាក់សាំងប្រឆាំង Covid-19 ជាបណ្ដើរៗទៅហើយនោះបានធ្វើឱ្យបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យបង្ហាញពីក្ដីសាទរ និងត្រៀមខ្លួនសារជាថ្មីក្នុងការចាប់ផ្តើមសកម្មភាពនៅក្នុងទីផ្សារមួយនេះ។ ស្របពេលជាមួយគ្នានេះ មានសំណួរលើកឡើងថា តើកម្ពុជាគួរត្រៀមអ្វីខ្លះដើម្បីជំរុញវិស័យអចលនទ្រព្យឱ្យបានល្អប្រសើរឡើងវិញបន្ទាប់ពីបញ្ចប់វិបត្តិនៃជំងឺឆ្លងមួយនេះ?

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថា រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនហើយបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 ហើយប្រជាជននៃប្រទេសទាំងនោះក៏កំពុងរង់ចាំមើលពីប្រតិកម្មរបស់វាផងដែរ។

លោកបានឱ្យដឹងថា បើសិនជាវ៉ាក់សាំងនេះមានប្រសិទ្ធភាពដែលអាចកំចាត់ Covid-19 បាននោះ ប្រជាជនលើពិភពលោក ទាំងវិនិយោគិន និងទេសចរនឹងចេញធ្វើសកម្មភាពវិនិយោគ និងទេសចរណ៍។

លោកបន្តថា “អ្វីដែលកម្ពុជាត្រូវត្រៀមសម្រាប់ទទួលស្វាគមន៍ការវិលត្រលប់នៃភាពប្រសើរឡើងវិស័យអចលនទ្រព្យគឺត្រូវមានផលិតផលដែលត្រឹមត្រូវច្បាស់លាស់ ។ក្នុងន័យនេះគឺត្រូវដោះស្រាយរាល់ទំនាស់ដែលកើតឡើងចំពោះអចលនទ្រព្យ ដើម្បីឱ្យវិនិយោគិនមានជំនឿជាក់លើអចលនទ្រព្យក្នុងប្រទេសកម្ពុជា និងមកបណ្ដាក់ទុនវិនិយោគ បន្ថែមទៀត”។

លោកបន្ថែមថា នៅពេលកម្ពុជាមានវ៉ាក់សាំង Covid-19 លោករំពឹងថា នៅឆ្នាំ ២០២១វិស័យអចលនទ្រព្យនឹងទទួលបានសកម្មភាពវិនិយោគ ការទិញលក់ប្រសើរឡើងវិញ តែវាត្រូវប្រើពេលយូរបន្តិចដើម្បីឱ្យវាបានប្រសើរដូចស្ថានភាពមុនកូវីដ១៩។

លោកបានថ្លែងថា “អ្វីដែលពលរដ្ឋត្រូវធ្វើនៅពេលនេះគឺការទប់ស្កាត់ការចម្លងមេរោគនេះបន្តទៀតក្នុងសហគមន៍ ដូច្នេះ ពលរដ្ឋត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន”៕

ឱកាសចំណេញសម្រាប់អ្នកអភិវឌ្ឍន៍ ! ដីទំហំ១៤ហិកតា ជាប់ផ្លូវជាតិលេខ៦ ក្បែរផ្សារទំនើបម៉ាក្រូ ដាក់លក់តម្លៃក្រោមទីផ្សារ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ដីទំនេរដែលស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍ធំៗក្នុងតំបន់ទីប្រជុំជន នៅជាប់ផ្លូវជាតិលេខ៦ និងមានផ្លូវហ៊ុមព័ទ្ធជុំវិញ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្បែរផ្សារទំនើបម៉ាក្រូត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃក្រោមទីផ្សារ ដែលផ្តល់ឱកាសដល់បណ្តាអ្នកអភិវឌ្ឍន៍ទទួលបានចំណេញច្រើនពីការវិនិយោគបន្ត។

លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា “សម្រាប់ដីដែលបានដាក់លក់ទំហំ១៤ ហិកតា ស្ថិតនៅទីតាំងដូចបានបញ្ជាក់ខាងលើនេះ អាចនិយាយបានថា ជាដីដែលមានទំហំធំ និងមានសក្ដានុពលក្នុងតំបន់ ព្រោះក្រៅពីនៅជាប់ផ្លូវជាលេខ៦ (ក្បាលដីខាងមុខ) នៅខាងក្រោយទីតាំងដីជាប់ផ្លូវរដ្ឋទំហំ២២ម៉ែត្រ ហើយនៅចំហៀងដី មានផ្លូវភូមិទំហំ១០ម៉ែត្រ និងនៅក្បែរផ្លូវក្រវាត់ក្រុងទំហំ៤០ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលចរាចរណ៍ និងដឹកជញ្ជូន”។

លោកស្រីបញ្ជាក់ថា “ក្រៅពីមានផ្លូវជាច្រើននៅហ៊ុមព័ទ្ធជុំវិញ ទីតាំងដីក៏ស្ថិតនៅជិតផ្សារម៉ាក្រូ ផ្សារស្វាយធំ មានសាលារៀនរដ្ឋ មណ្ឌលសុខភាពរដ្ឋ និងឯកជន ស្ថាប័នរដ្ឋ (មន្ទីរសាធារណការ និងដឹកជញ្ជូន) គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាជាច្រើន និងជាតំបន់ដែលមានការប្រកបអាជីវកម្មចម្រុះ ដែលទាំងអស់នេះសុទ្ធតែជាកត្តាសំខាន់ដែលជំរុញមានសក្ដានុពលកាន់តែខ្លាំង”។

ពាក់ព័ន្ធទៅនឹងការដាក់លក់ដីដែលមានទំហំធំមួយនេះ លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍បញ្ជាក់ថា “តម្លៃដីដែលត្រូវបានដាក់លក់នៅពេលនេះគឺស្ថិតក្នុងកម្រិតទាបជាងទីផ្សារ ពោលគឺត្រឹម១៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប្លង់រឹង ដែលផ្តល់ឱកាសចំណេញច្រើនសម្រាប់អ្នកទិញទុកវិនិយោគបន្ត ក៏ដូចជាអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗជាពិសេសគម្រោងអភិវឌ្ឍន៍ជាបុរី ឬបណ្តុំលំនៅដ្ឋានតម្លៃសមរម្យ”។

លោកស្រីបានបង្ហើបប្រាប់ថា “តាមខ្ញុំដឹក នៅក្បែរទីតាំងដីខាងលើនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនដ៏ធំមួយដែលគ្រោងនឹងចូលមកអភិវឌ្ឍន៍អចលនទ្រព្យ បង្កើតជាក្រុងថ្មីមួយ ដែលមានឈ្មោះថា China Town នៅទំហំទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ ហើយប្រសិនគមរោងអភិវឌ្ឍន៍មួយនេះលេចចេញជារូបរាង វានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ ទាំងដីនៅតំបន់ក្បែរខាងឡើងថ្លៃខ្ពស់ជាក់ជាមិនខាន។ ដូច្នេះសម្រាប់ការទិញដីនៅតំបន់នេះក្នុងពេលបច្ចុប្បន្ន គឺជាឱកាសដ៏ល្អបំផុត ខណៈដែលនៅមានកម្រិតនៅឡើយ”។

សម្រាប់ព័ត៌មានលម្អិតពីការលក់ដី អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 27 99 99 / 088 27 99 999

ខេត្តក្រុងចំនួន៥នៅតែបន្តមានតម្រូវការទីផ្សារដីធ្លីក្នុងស្ថានភាពវិបត្តិ Covid-19

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទោះជាកំពុងស្ថិតនៅក្នុងស្ថានភាព នៃវិបត្តិជំងឺCovid-19 យ៉ាងណាក៏ដោយ សម្រាប់ខេត្តក្រុងចំនួន៥រួមមាន ខេត្តកែប កំពត កោះកុង កំពង់ស្ពឺ និងខេត្តមណ្ឌលគីរី នៅតែបន្តមានតម្រូវការទីផ្សារដីធ្លី និងមានសកម្មភាពទិញលក់ដដែល ខណៈដែលនៅក្នុងរាជធានីភ្នំពេញកំពុងជួបភាពស្ងប់ស្ងាត់។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា ទោះជាមានបញ្ហាប្រ ឈមទៅនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ប៉ុន្តែសម្រាប់សកម្មភាពនៃការទិញលក់ដីធ្លីនៅតាមតំបន់ជាយក្រុង ជាពិសេសនៅខេត្តគោលដៅទេសចរណ៍មួយចំនួនដែលកំពុងមានគម្រោងអភិវឌ្ឍន៍ ពីវិស័យឯកជននៅតែមានសកម្មភាព គ្រាន់តែមិនសូវមមាញឹកខ្លាំង។

លោកស្រីបានបន្តថា “សម្រាប់នៅរាជធានីភ្នំពេញ ហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅតាមខេត្តមួយចំនួន ដូចជា កំពត កែប កោះកុង កំពង់ស្ពឺ ក៏ដូចជាមណ្ឌលគីរី គឺនៅបន្តសកម្មភាពទិញលក់ ប៉ុន្តែមិនសូវមមាញឹកខ្លាំងដូចដើមឆ្នាំនោះទេ ហើយភាគច្រើនអ្នកទិញគឺជាអ្នកអភិវឌ្ឍន៍គម្រោងនានា ដូចជាគម្រោងតំបន់កម្សាន្តជាដើម”។

លោកស្រីបានបន្តថា ខេត្តទាំងអស់នេះ គឺមានសក្ដានុពលដូចគ្នា ទៅលើផ្នែកទេសចរណ៍ ដូច្នេះការទិញភាគច្រើន គឺសម្រាប់អភិវឌ្ឍន៍ជាតំបន់កម្សាន្ត ផ្ទះលំហែរ ឬបឹងហ្គាឡូជាដើម ប៉ុន្តែសម្រាប់តម្លៃហាក់មិនមានការឡើងនោះទេ”។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិរៈ បានប្រសាសន៍ថា “តាមការមើលឃើញរបស់ខ្ញុំ ក្នុងតំណាក់កាលនេះ ទាំងនៅក្នុងរាជធានីភ្នំពេញ ទាំងនៅតាមបណ្តាខេត្តនានា គឺមានភាពស្ងប់ស្ងាត់បន្តិច លើកលែងតែខេត្តក្រុងដែលជាគោលដៅទេសចរណ៍ ដែលនៅមានបន្តការទិញលក់”។

លោកបានបន្តថា សកម្មភាពនៃការទិញលក់នេះទៀតសោត ក៏មិនមានទំហំធំដុំនោះដែរ ដោយសារតែចរន្តនៃការវិនិយោគទ្រង់ទ្រាយ ធំពីសំណាក់អ្នកវិនិយោគ និងអភិវឌ្ឍន៍បរទេសត្រូវបានកាត់បន្ថយ ជាពិសេសការអវត្តមានក្រុមហ៊ុនវិនិយោគចិនដែលបណ្តាលមកពីវិបត្តិនៃជំងឺដែលកំពុងកើតមាន។

លោក វ៉ា វីរៈ បានមានប្រសាសន៍ថា “នៅពេលដែលមានអ្នកវិនិយោគធំៗចុះទិញដីធ្លីសម្រាប់អភិវឌ្ឍន៍ក្នុងគម្រោងណាមួយ វានឹងបន្តជះឥទ្ធិពលល្អ ដល់អ្នកវិនិយោគបន្ទា​ប់ដែលមានទំហំតូចជាង ប៉ុន្តែនៅពេលដែលអវត្តមានក្រុមហ៊ុនធំ ដូច្នេះការទិញលក់មួយចំនួនទៀតការត្រូវបានកាត់បន្ថយ”។ លោកបន្តថា “ប៉ុន្តែសម្រាប់ខេត្តទាំង៥ដូចដែលបានលើកឡើងខាងលើនេះ ភាគច្រើនជាការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក សម្រាប់   រយៈពេលវែងតែប៉ុណ្ណោះ”៕