ដំណឹង​ល្អ៖ ព្រលានយន្តហោះ​តារា​សាគរ​នឹង​បើក​ដំណើរការ​នៅ​ដើម​ត្រីមាស​ទី៣ឆ្នាំនេះ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ខណៈ​ការសាងសង់​កំពុងដំណើរការ​យ៉ាងសកម្ម ព្រលានយន្តហោះ​តារា​សាគរ ខេត្តកោះកុង នឹង​អាច​បើក​ដំណើរការ​នៅ​កំឡុង​ខែកក្កដា ឬ​ខែសីហា​ខាងមុខនេះ បន្ទាប់ពី​ព្រលាន​នេះ​បាន​បំពេញ​តាម​និតិ​វិធី​រួចរាល់។

អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៧ មករា​នេះ​ថា ព្រលានយន្តហោះ​អន្តរជាតិ​នេះ អាចមាន​សមត្ថ​ភាពចុះ​ចត​យន្តហោះ​ប្រភេទ Boing 757 និង​ប្រភេទ​Boing 777 ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ចន្លោះ​ពី៣៥០ ទៅ ៤០០នាក់ ព្រោះ​វា​ជា​ព្រលានយន្តហោះ​ប្រភេទ 4E កម្រិត​អន្តរជាតិ។

លោក​បន្តថា “នៅពេល​សាងសង់​ចប់ អ្នកវិនិយោគ​ត្រូវបំពេញ​បែបបទ​ជាច្រើន ដើម្បី​ធ្វើការ​វាយតម្លៃថា​ព្រលាន​នេះ មាន​សុវត្ថិភាព​ក្នុងការ​ចុះចត ដោយ​ទទួល​វិញ្ញាបនបត្រ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​ស្ថាប័ន​អាកាសចរណ៍​អន្តរជាតិ” ។ លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​បន្តថា “ព្រលាន​នេះ​ទាក់ទាញ​ការចុះ​ចត របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ច្រើន​បែបណា វា​អាស្រ័យ​លើ​ការធ្វើ​ទីផ្សារ​របស់​ក្រុមហ៊ុន និង​ស្ថានភាព​ជំងឺ​កូ​វីដ១៩បញ្ចប់” ។

ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន​បាន​មានប្រសាសន៍ថា នៅពេល​ព្រលាន​នេះ​បើក​ដំណើរការ និង​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ឡើងវិញ ហើយ​អ្នកដំនើរ​ទូទាំង​ពិភពលោក​អាចធ្វើ​ដំណើរ​បាន លោកស្រី​ជឿថា​ព្រលាន​នេះ​នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ចុះចត​ច្រើន​មិន​ខាន ដោយសារ​ខេត្តកោះកុង ជា​ខេត្ត​មាន​សក្តានុពល​បំផុត​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ។

លោកស្រី​បន្ថែមថា “តាម​ធម្មតា​នៅពេល​វិនិយោគ​លើ​ព្រលានយន្តហោះ ក្រុមហ៊ុន​នឹងមាន​ផែនការ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​ចុះចត​នៅ​ព្រលានយន្តហោះ​របស់ខ្លួន​មិន​ខាន ព្រោះ​ពួកគេ​វិនិយោគ​អ្វីមួយ ពួកគេ​តែងតែ​ស្វែងរក​ផលចំណេញ” ។

តាម​ការ​ឲ្យ​ដឹង​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដែល​កំពុង​វិនិយោគ​ព្រលានយន្តហោះ​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ របស់​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នេះ នឹង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ទៅកាន់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង និង​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដទៃទៀត នៅពេល​ព្រលាន​នេះ​បើក​ដំណើរការ៕

រដ្ឋាភិបាល​ហ្វីលីពីន​លុបចោល​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​អាកាសយានដ្ឋានតម្លៃ ១០ពាន់​លាន​ដុល្លារ​ជាមួយ​ចិន

ដោយៈ​សុខុម

ម៉ានីល:  យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី២៧ មករា ឱ្យដឹងថា ខេត្ត​មួយ​នៃ​ប្រទេស​ហ្វីលីពីន បានសម្រេច​លុបចោល​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​មួយ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់ ១០ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ខ្លួន​បាន​ចុះ​ជាមួយ​ក្រុមហ៊ុន​ចិន។

គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​នេះ ស្ថិតក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍ធំៗបំផុត​ដែល​បណ្ដា​ក្រុមហ៊ុន​ចិន​ដេញថ្លៃ​បាន ក្រោម​រដ្ឋការ​ប្រធានាធិបតី រ៉ូ​ទ្រី​ហ្គោ ឌូ​ទើ​តេ ដែល​បាន​ពង្រឹង​ទំនាក់ទំនង​ការទូត​កាន់តែ​ស្អិតរ​មួ​ត ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចាប់តាំងពី​លោក​ចូលកាន់​អំណាច​ក្នុង​ឆ្នាំ២០១៦មក។

យោងតាម​សារព័ត៌មាន​ដដែល​ឱ្យដឹងថា ក្រុមហ៊ុន​ចិន China Communications Construction Co (CCCC) និង​ក្រុមហ៊ុន​ហ្វីលីពីន MacroAsia Corp បាន​ដេញថ្លៃ​គម្រោង​កែលម្អ​អាកាសយានដ្ឋាន Sangley Airport ស្ថិតក្នុង​ខេត្ត Cavite នេះ​ឈ្នះ​ក្នុង​ឆ្នាំ២០១៩ ។

ក្រុមហ៊ុន MacroAsia Corp បាន​ប្រាប់​ផ្សារភាគហ៊ុន​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ថា “សេចក្ដីជូនដំណឹង​អំពី​ការជ្រើសរើស និង​ការផ្ដល់​កិច្ចព្រមព្រៀង អនុវត្តន​ន៍​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ Sangley Point International Airport ដែល​បានចេញ​នៅ​ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ ត្រូវបាន​លុបចោល​វិញ​ហើយ”។

លោក Juanito Victor Remulla អភិបាលខេត្ត Cavite បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា “លិខិតស្នាម​របស់​ក្រុមហ៊ុន​ទាំងនេះ​ខ្វះ៣ ទៅ៤ឯកសារ។ យើង​ចាត់ទុក​វា​ជា​សញ្ញា​បង្ហាញថា ពួកគេ​មិនបាន​ប្ដេជ្ញាចិត្ត​អនុវត្តន៍​គម្រោង​នេះ ឱ្យបាន​ពេញលេញ​នោះឡើយ” ។

លោក​បានលើកឡើង​តាមរយៈ​ពេល​ហ្វេ​ស​ប៊ុ​ក ផូស (Post) ថា រដ្ឋបាលខេត្ត​នឹង​ចាប់ផ្ដើម​ចរចា​រក​ដៃគូ​ថ្មី ក្នុង​វិស័យ​ឯកជន ដើម្បី​បន្ត​អនុវត្ត​គម្រោង​អាកាសយានដ្ឋាន​នេះ។

គេ​ដឹងថា ក្រុមហ៊ុន CCCC ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ចិន ដែល​សហរដ្ឋអាមេរិក បាន​ចុះ​បញ្ជីខ្មៅ ដោយសារ​តួនាទី​របស់​ពួកគេ​នៅក្នុង​ការសាងសង់ និង​ការធ្វើ​យោ​ធូប​នីយកម្ម លើ​បណ្ដា​កោះ​សិប្ប​និមិត្ត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

អភិបាលខេត្ត​ខាងលើ​បាន​គូសបញ្ជាក់ថា ការចុះបញ្ជី​ខ្មៅ​របស់​ស​ហ​រដ្ឋ​អាមេរិក​គ្មានអ្វី​ពាក់ព័ន្ធ នឹង​ការលុបចោល​កិច្ចព្រមព្រៀង​នេះឡើយ។

ចំណែក​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន CCCC ក៏​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានដែរ​ជុំវិញ​បញ្ហា​នេះ៕

ចំណេះដឹង​ច្បាប់! តើ​តម្លៃ​នៃ​កិច្ចសន្យា​ទិញ​លក់​ត្រូវមាន​សារៈ​សំ​ខាប់​ដូចម្តេច?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ កិច្ចសន្យាលក់​ទិញ ជា​កិច្ចសន្យា​ដែល​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវមាន​កាតព្វកិច្ច  និង​គោរព​ទៅវិញទៅមក មានន័យថា ភាគី​ម្ខាង​ត្រូវមាន​កាត​ព្ច​កិច្ច​ប្រគល់​វត្ថុ ហើយ​ភាគី​ម្ខាង​ទៀត មាន​កាតព្វកិច្ច​ប្រគល់​លុយ​ជា​ថ្នូរ​នឹង​វត្ថុ​ដែល​បានប្រគល់។

កិច្ចសន្យាលក់​ទិញ ជា​កិច្ចសន្យា​មូលា ព្រោះ​កិច្ចសន្យា​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ស្វែងរក​ប្រយោជន៍ និង​ថ្នូរ​ទៅវិញទៅមក។

តម្លៃ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ចំពោះ​កិច្ចសន្យាលក់​ទិញ ពីព្រោះ​កិច្ចសន្យាលក់ ត្រូវតែ​មានតម្លៃ​ជា​ថ្នូរ ដែល​ខុសពី​កិច្ចសន្យា​ដូរ ដែល​គ្មាន​តម្លៃ​ជា​ថ្នូរ​ឡើយ ដូច​ច្នេះ ការកំណត់​តម្លៃ វា​ជា​កត្តា​មួយ​សំខាន់​ណាស់ ចំពោះ​ភាគី​អ្នកលក់ តែ​អ្វីដែល​សំខាន់​នោះ គឺជា​របៀប​និង​បច្ចេកទេស​នៃ​ការកំណត់​តម្លៃ​ថា តើ​យើង​ត្រូវធ្វើ​តាមរបៀប​ណា ដើម្បី​ឲ្យ​មាន​ភាព​សុ​ក្រឹត្យ​នោះ។

ការកំណត់​នូវ​តម្លៃ អាច​យកតាម​ទីផ្សារ ឬ​តាម​ការព្រមព្រៀង​របស់​ភាគី​ទាំងសងខាង។ ក្នុងន័យនេះ ទោះបីជា​តម្លៃ​នោះ​មិនទាន់​ត្រូវបាន ប្រគល់​ទៅ​ភាគី​ម្ខាង​ទៀត​ក៏ដោយ ក៏​កិច្ចសន្យា​អាច​កើតមាន​បានដែរ។ មាន​កិច្ចសន្យា​មួយចំនួន ការបង់ថ្លៃ​ត្រូវបាន​ធ្វើតាម​ក្រោយ។ នៅ​ថ្ងៃក្រោយ​លើកឡើង​អំពី​ទំរង់​នៃ​កិច្ចសន្យា​ទិញ លក់​អចលនទ្រព្យ​មក​ជូន​លោកអ្នក​បន្តទៀត៕

រដ្ឋាភិបាលចំណាយថវិកា៨២៣លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចខណៈចំណូលរកបានមានទំហំ៥៧០០លានដុល្លារ

ដោយគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាចំនួន៨២៣លានដុល្លារ ក្នុងគម្រោងថវិកាត្រៀមអន្ដរាគមន៍សរុបចំនួន១៦៦៤លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២០កន្លងមកនេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានមានប្រសាសន៍ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា យើងចាយអស់ប្រមាណ៩៦ភាគរយនៃច្បាប់ យើងបានផ្លាស់ប្ដូរ ការចំណាយបានល្អ តម្រង់ទិសទៅការទ្រទ្រង់ជីវភាពប្រជាជន សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់ជំងឺកូវីដ-១៩ គឺយើងធ្វើបានល្អ។ អ្វីយើងគ្រោង១៦៦៤លានដុល្លារជាអន្ដរាគមន៍ យើងបានចាយអស់៨២៣លានដុល្លារ។

លោកបញ្ជាក់ថា “ក្នុងឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូ​លក្នុងស្រុកបានប្រមាណ៥,៧០០លានដុល្លារអាមេរិក សម្រេចក្នុងផែនការបាន៨៨ភាគរយ បើទោះបីជាជួបវិបត្ដិសេដ្ឋកិច្ច យ៉ាងណាក្ដីក៏ដោយ”។

លោកវង្សី វិស្សុតបានបន្ដថា អ្វីដែលយើងគ្រោង១០០ភាគរយ ជាចំណូលក្នុងស្រុក ឥឡូវរកចំណូលបាន៨៨ភាគរយហើយ។ ដូច្នេះការរកចំណូលក្នុងស្រុក មានការធ្លាក់ចុះតែ១២ភាគរយប៉ុណ្ណោះ នៅក្នុងផែនការ ដែលធ្វើឲ្យស្ថានភាពថវិការបស់យើង មានភាពកាន់តែរឹងមាំ។

សម្រាប់ការចំណាយក្នុងឆ្នាំ២០២០វិញ ត្រូវបានលើករដ្ឋលេខាធិការបញ្ជាក់ថា កម្ពុជាចាយអស់តែ៩៦ភាគរយនៃច្បាប់ថវិកា ដោយបានផ្លាស់ប្តូរលើការបែងចែកមុខចំណាយឡើងវិញ ដោយតម្រង់ទិសទៅរកការទ្រទ្រង់ជីវភាពប្រជាជន ការទ្រទ្រង់សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់នឹងជំងឺ។

លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០២០ ក្រៅពីជំងឺកូវីដ-១៩ កម្ពុជាក៏បានរងគ្រោះនូវបញ្ហាទឹកជំនន់ និងបញ្ហាទឹកទាប ដែលធ្វើឲ្យប៉ះពាល់ ដល់វិស័យកសិកម្ម ធ្វើឲ្យកំណើនមានការធ្លាក់ចុះផងដែរ។ លោកបន្តថា កម្ពុជាធ្វើបានល្អ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមេដឹកនាំមួយរូប មានភាពឈ្លៀសវៃ រហ័ស គិតត្រូវ សម្រេចត្រូវ និងធ្វើអ្វីទាន់ពេលវេលា។

ក្រោយជួបវិបត្ដិសកល​នូវជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែន​ការយុទ្ធសាស្ដ្រជាបន្ដបន្ទាប់ ដើម្បីសំដៅធ្វើយ៉ាងណាស្ដារសេដ្ឋកិច្ចជាតិ ឲ្យមានកំណើនកើតឡើងវិញ និងបានត្រៀមថវិកា សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះនូវជំងឺនេះផងដែរ៕

សិក្សាលើចំណុចទាំងនេះ បើចង់លក់អចលនទ្រព្យបានជោគជ័យលឿន

ដោយៈ រ៉ាណេត

ភ្នំពេញៈ មានការណែនាំជាច្រើនពីអ្នកជំនាញ ដោយក្នុងនោះសុទ្ធតែបង្ហាញពីគន្លឹះ និងវិធីសាស្ត្រនានាដែលត្រូវអនុវត្ត ដើម្បីអាចជួយជំរុញឱ្យរាល់កិច្ចទំនាក់ទំនង និងការលក់អចលនទ្រព្យទទួលបានអត្រាជោគជ័យខ្ពស់។

ដោយឡែកពេលនេះ ប្រធានសមាគមអចលនទ្រព្យសកល ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងវិស័យមួយនេះ បានលើកយកចំណុចសំខាន់ៗទាំង៧ ដែលត្រូវតែជៀសវាងដាច់ខាត នៅក្នុងអាជីពជាភ្នាក់ងារលក់អចលនទ្រព្យ។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិKW Sen Sok បានលើកឡើងថា រាល់ការលក់អចលនទ្រព្យនៅលើទីផ្សារ ភ្នាក់ងារទាំងអស់សុទ្ធតែប្រាថ្នានូវភាពជោគជ័យ ហើយបានរិះរកនូវគ្រប់វិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាអាចទាក់ទាញអតិថិជនរបស់ខ្លួន បានរហូតមានអ្នកខ្លះបានអនុវត្តលើសពីគោលការណ៍នៃក្រមសីលធម៌ និងវិជ្ជាជីវៈ។

លោកបានបន្តថា បន្ថែមពីលើចំណេះដឹង ក្នុងនាមជាភ្នាក់ងារលក់ដែលទទួលបានពីការសិក្សា និងបណ្តុះបណ្តាលពីសំណាក់អ្នកជំនាញ ដែលធ្លាប់មានបទពិសោធន៍ ដើម្បីអាចទទួលបានជោគជ័យ លើចំណែកទីផ្សាររបស់ខ្លួន ភ្នាក់ងារក៏គួរតែជៀសឱ្យផុតពីចំណុចទាំង៧ ដូចបានបង្ហាញជូនជូនដូចជា

១. ជៀងវាងលក់អចលនវត្ថុណាដែលខ្លួនមិនស្គាល់ម្ចាស់។

២. ជៀសវាងដាក់តម្លៃបន្ថែម គួរយកតែកុំមីស្យុងបានហើយ។

៣. ជៀសវាងលក់អចលនវត្ថុណាដោយមិនផ្តាច់មុខទាំង ដែលម្ចាស់រស់នៅទីនោះ។

៤. ជៀសវាងលក់អចលនវត្ថុណាដែលម្ចាស់ដាក់ស្លាកលក់ខ្លួនឯង។

៥. ជៀសវាងលក់អចលនវត្ថុណាដែលមិនស្របច្បាប់។

៦. ជៀសវាងការខំប្រឹងរកដីជូនអ្នកទិញណា ដែលមិនដឹងថាអ្នកទិញមកពីប្រភពណាច្បាស់ពិតប្រាកដ គឺការឮតាមគ្នាឬច្រើនដំណពេក។

៧. ជៀសវាងការស៊ីដាច់កុងស្យុងគ្នា ទោះតិច ឬច្រើនត្រូវចេះចែករំលែកគ្នា។

លោកសំ សុខនឿន បានបញ្ជាក់ថា នៅក្នុងចំណោមចំណុចទាំង៧ខាងលើនេះ សុទ្ធតែមិនបានផ្តល់នូវភាពល្អប្រសើរ ដល់អ្នកដែលជាភ្នាក់ងារលក់ទទួលបានប្រយោជន៍នោះទេ ដូច្នេះគួរតែចង់ចាំទុក ឬអាចចែករំលែកបន្តដល់អ្នក ដែលរួមអាជីពជាមួយគ្នាផងដែរ៕

 

លោកវង្សី វិស្សុត: វិស័យសំណង់ និងអចលនទ្រព្យជាជន្ទល់រឹងមាំទ្រទ្រង់កំណើនសេដ្ឋកិច្ច

ដោយៈ ម៉ាណេត

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រដ្ឋាភិបាល នឹងបង្កើនយកចិត្តទុកដាក់ លើវិស័យសំណង់ និងអចលនទ្រព្យ ដែលជាជន្ទល់សេដ្ឋកិច្ចមួយរឹងមាំ ក្នុងការចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច។

លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យសំណង់គឺជន្ទល់សេដ្ឋកិច្ចមួយរឹងមាំ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយឺត អំឡុងពេលមានវិបត្តិ។

លោកបានឱ្យដឹងថា យើងរំពឹងថា (វិស័យសំណង់ និងអលនទ្រព្យ) ធ្លាក់ជាងនេះ ប៉ុន្តែជាក់ស្តែង អត់សូវធ្លាក់ចុះទេ វិស័យសំណង់ធ្លាក់ចុះតិច ពី១៣ភាគរយ ចុះត្រឹម៥ភាគរយ តែឥឡូវធ្លាក់តែក្នុងរង្វង់-២ភាគរយប៉ណ្ណោះ ដូច្នេះល្អជាងការគ្រោងទុក។វិស័យអចលនទ្រព្យនៅកម្ពុជាមានការងើបឡើងវិញបន្តិចដែរ ពីជាង-៧ ឬ-៨ភាគរយ មកត្រឹម-៤ភាគរយដែរ។

លោកបានថ្លែងថា “ខ្ញុំជឿថា មកដល់ពេលនេះ រដ្ឋ ជាគោលនយោបាយ ត្រូវថែទាំវិស័យនេះ ដោយសារវិស័យសំណង់ និងអចលនទ្រព្យគឺជន្ទល់សេដ្ឋកិច្ចមួយ ក្នុងពេលមានវិបត្តិផងដែរ”។

លោកបានថ្លែងទៀតថា ជាមួយគ្នានេះ យើងបានដាក់ចេញគោលការណ៍មួយ សម្រាប់លំនៅដ្ឋានតម្លៃសមរម្យ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ដោយអត់យកពន្ធទេ ដោយសារគោលនយោបាយការណ៍នេះ ការលក់ដូរអចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារ មានការកើនឡើងច្រើន ប៉ុន្តែខុនដូលំដាប់ប្រណីត ឬផ្ទះតម្លៃថ្លៃមានការធ្លាក់ចុះ ដោយសរុបជារួម វាធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះតិច។

លោកបានថ្លែងទៀតថា ទោះបីវិស័យនេះមានធ្លាក់ចុះក៏ដោយ ប៉ុន្តែវាល្អជាងការរំពឹងរបស់យើង។ វិស័យអចលនទ្រព្យនៅតែជាជន្ទល់រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់យើង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ដោយសារតែបញ្ហានៃវិបត្តិសេដ្ឋកិច្ចសាកលបានធ្វើឱ្យសកម្មភាពធំមួយចំនួនក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាសន្ទុះនៃការបណ្តាក់ទុនវិនិយោគនៅកម្ពុជាមានកាធ្លាក់ចុះ ប៉ុន្តែទោះជាយ៉ាងណា ទីផ្សារមួយនេះនៅតែមានលទ្ធភាពក្នុងការចូលចូលរួមជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាដដែល។

លោកបន្តថា “យើងទទួលស្គាល់ថាសកម្មភាពនៃការអភិវឌ្ឍគម្រោងថ្មីត្រូវបានធ្លាក់ចុះ ប៉ុន្តែមិនមែនទាំងអស់នោះទេ ព្រោះគម្រោងធំៗមួយចំនួនដែលបន្សល់ទុកតាំងពីឆ្នាំចាស់នៅតែបន្តសកម្មភាពសាងសង់របស់ខ្លួនគ្រាន់តែថាហាក់យឺតជាងមុនបន្តិច ដោយសារតែម្ចាស់គម្រោង ឬម្ចាស់ទុនដែលជាជនជាតិបរទេសនៅមិនទាន់អាចវិលត្រឡប់មកកាន់កម្ពុជានៅឡើយ”។

លោកច្រឹក សុខនីម បានមានប្រសាសន៍ទៀតថា បើទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបនេះក៏ដោយ ប៉ុន្តែតាមរយៈចរន្តទីផ្សារនៅក្នុងស្រុកបានជួយចូលរួមចំណែកក្នុងការជ្រោមជ្រែង និងទ្រទ្រង់សេដ្ឋកិច្ចជាតិបានមួយចំណែកផងដែរ ដោយសារតែអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកបានបញ្ចេញកញ្ចប់ថវិកាសម្រាប់កិច្ចដំណើរការគម្រោងរបស់ខ្លួនដើម្បីបំពេញតាមតម្រូវការទីផ្សារជាក់ស្ដែង៕

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តផ្អាកជើងហោះហើរត្រង់មកកាន់កម្ពុជារហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ជប៉ុន ៖ ក្រុមហ៊ុន ANA បានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រុមហ៊ុនANA មិនទាន់អាចហោះហើរធម្មតាឡើងវិញបានទេ តែអាចមានការហោះហើរពិសេស (Charter flight) ក្នុងករណីមានការស្នើសុំក្នុងភាពចាំបាច់ណាមួយ។

តាមរយៈស្ថានឯកអគ្គរាជទូតនៃកម្ពុជាប្រចាំប្រទេសជប៉ុនបានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ដោយសារបញ្ហានៃការរីករាលដាលជំងឺCovid-19 នៅតែបន្តមាន ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន ALL NIPPON AIRWAYS (ANA) បានប្រកាសបន្តផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងៃទី២៧ ខែមករា រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកក្នុងករណីអាចបើកជើងហោះហើរមុនពេលកំណត់ ក្រុមហ៊ុននឹងប្រកាសនៅពេលណាមួយសមស្រប។

កាលពីកន្លងមកនេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មក្ពុជា បានស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា-ជប៉ុន។

សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ -ណារីតាឡើងវិញ មុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសផ្អាកដំណើរការមួយរយៈ។

សម្រាប់ព័ត៌មានលម្អិតពីការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) លោកអ្នកអាចចូលមើលគេហទំព័រ ANA តាមរយៈអាសយដ្ឋាន ៖ www.anahd.co.jp/group/en/pr/202101/20210126.html ៕

តម្លៃដីធ្លីនៅខេត្តមណ្ឌលគិរីបានកើនឡើងទ្វេរដងក្នុងរយៈពេលចុងក្រោយនេះ

ដោយ៖ ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានវាយតម្លៃថា តម្លៃដីធ្លីនៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានកើនតម្លៃទ្វេរដងក្នុងរយៈពេលចុងក្រោយនេះបន្ទាប់ពីរដ្ឋាភិបាល​ប្រកាសសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ មករានេះថា តម្លៃដីធ្លីនៅទីរួមខេត្តមណ្ឌលគិរី ពិតជាបានឡើងថ្លៃ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលអាចតភ្ជាប់កម្រិតតំបន់ នឹងជម្រុញកំនើនសេដ្ឋកិច្ច និងវិនិយោគនៅក្នុងខេត្តនេះ។

លោកបន្តថា ជាក់ស្តែងតំបន់ពាណិជ្ជកម្មកណ្តាលក្រុងសែនមនោរម្យ តម្លៃផ្ទះមួយល្វែងបានកើនដល់ជាង២០ម៉ឺនដុល្លារ ខណៈតម្លៃដីនៅតំបន់បែបនេះមានតម្លៃចន្លោះពី៧០០ទៅ១០០០ដុល្លាររួចទៅហើយ ប៉ុន្តែនៅតំបន់តាមផ្លូវជាតិក្នុងទីក្រុងមួយចំនួន ការលក់គិតជាម៉ែត្រដើរ ដែលមួយម៉ែត្រមានតម្លៃចន្លោះពី១៧០០ ទៅ១៨០០ដុល្លារអាមេរិក​។ ចំណែកដីដែលមានចម្ងាយពីក្រុងសែនមនោរម្យ៥គីឡូម៉ែត្រ ដីធ្លីមានតម្លៃចន្លោះពី៦ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីនៅតំបន់ប៊ូស្រាមានតម្លៃចន្លោះពី៣ទៅ៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែការទិញលក់នៅតំបន់នេះគួរសិក្សាប្លង់ ឬប័ណ្ណកម្មសិទ្ឋឲ្យបានត្រឹមត្រូវ។

លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្នតម្លៃដីនៅខេត្តនេះបានកើនឡើង១គុណនឹងពីររួចទៅហើយ ប៉ុន្តែនាពេលអនាគតនឹងរីកចម្រើនលឿនថែមទៀត ហើយតម្លៃដីនឹងមានកំនើនខ្ពស់ ប្រសិនជាមានសកម្មភាពសេដ្ឋកិច្ចរសរវើក និងសកម្មភាពទិញលក់កើនឡើង។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញផែនការអភិវឌ្ឍន៍ខេត្តមណ្ឌ​លគិរីជាតំបន់សេដ្ឋកិច្ចពហុបំណង ពិសេសជម្រុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តនេះ តាមរយៈផែនការមេរបស់ខ្លួន ដោយនឹងមានការដាំផ្កា ដាំបន្លែសម្រាប់ផ្គត់ផ្គង់់ទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ពិសេសការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនឹងលេចឡើងនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនPowerchina Groupបាននិងកំពុងសិក្សាវិនិយោគលើព្រលានយន្តហោះនេះ។

លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះខេត្តមណ្ឌលគិរីជាព្រលានកម្រិតតំបន់ឬអន្តរជាតិ ដែលអាចអនុញ្ញាត្តឲ្យយន្តហោះ ដែលផ្ទុកអ្នកដំណើរ​ចន្លោះពី១៧០ទៅ១៨០នាក់អាចចុះចតបាន។

លោកបន្តថា “ប្រសិនជាផែនការមេនិងការសិក្សាបញ្ចប់តាមផែនការ ក្រុមហ៊ុនPower China Group នឹងចាប់ផ្តើមសាងសង់ព្រលានយន្តហោះនេះនៅចុងឆ្នាំនេះ”៕

រដ្ឋាភិបាលសម្រេចនិរាករណ៍នូវរាល់លិខិតបញ្ជាក់ពីការទិញលក់ និងការផ្ទេរកម្មសិទ្ធិដីធ្លីក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការជូនដំណឹងទៅលើបញ្ហាវិវាទដីធ្លីដែលប្រជាពលរដ្ឋអាស្រ័យផល និងកាន់កាប់ជិត២០០គ្រួសារ រួមជាមួយការសម្រេចធ្វើនិរាករណ៍ទៅលើរាល់លិខិតពាក់ព័ន្ធនឹងការបញ្ជាក់ពីការកាន់កាប់ ការទិញលក់ និងការផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លីស្ថិតនៅក្នុងដែនព្រៃឡង់ក្នុងខេត្តកំពង់ធំ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងវិវាទ និងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន២៨៨គ្រួសារ ដែលបានកាន់កាប់ និងអាស្រ័យផលជាយូរឆ្នាំមកហើយស្ថិតនៅតំបន់ដីក្រហម ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ប្រតិភូគណបក្សរស្មោះខេមរាបានរកឃើញតម្រុយមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាទាំងនេះ ដែលស្ថិតក្នុងដែនជម្រកសត្វព្រែ នៃតំបន់ព្រៃឡង់។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា រដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ជូនរដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលស្រុកសណ្តាន់ និងឃុំសុចិត្រ និរាករណ៍នូវរាល់លិខិតនានាពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី ការទិញលក់ ការផ្ទេរសិទ្ធិកាន់កាប់ដីធ្លីក្នុងតំបន់ដូចដែលបានបញ្ជាក់ខាងលើ។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលស្រុកសណ្តាន់ ស្រាវជ្រាវសាវតាឈ្មោះហ៊ាន តយ និងអ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានដីក្នុងតំបន់ខាងលើ ដើម្បីមានវិធានការតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងបរិស្ថានត្រូវសហការជាមួយអាជ្ញាធរក្នុងតំបន់ពាក់ព័ន្ធចុះពិនិត្យ និងកំណត់ព្រំប្រទល់ទីតាំងវិវាទក្នុងតំបន់ដីក្រហម ឬឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីរៀបចំកាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវបំផុត៕

ធនាគារហត្ថាប្រកាសសាងសង់ការិយាល័យកណ្តាលថ្មីរបស់ខ្លួនកម្ពស់២២ជាន់នៅបណ្តោយផ្លូវ៦០ម៉ែត្រ

ដោយៈ វាសនា

ភ្នំពេញៈ ធនាគារហត្ថា ដែល​ទើបទទួលបាន​អាជ្ញាប័ណ្ណជាធនាគារ​ពាណិជ្ជ កាល​ពី​ខែ​សីហា ឆ្នាំ២០២០​ថ្មីៗនេះ បាន​ប្រកាសពី​គម្រោង​សាង​សង់​ អគារ​ការិយាល័យ​កណ្តាល​ថ្មី​ដ៏ធំស្គឹមស្កៃ និងដ៏​ទំនើប ដើម្បីគាំទ្រ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ ដែល​មាន​សន្ទុះ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

ផែនការ​សាង​សង់​អគារ​ការិយាល័យកណ្តាលថ្មី​នេះ ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា សាងសង់អគារការិយាល័យកណ្តាលថ្មី របស់ខ្លួនជាមួយក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។

ធនាគារហត្ថាទទួលបានជោគជ័យធំៗផ្ទួនៗគ្នា បន្ថែមពីលើការរីកចម្រើនឥតឈប់ឈរពីអាជីវកម្មរបស់ខ្លួន ពីព្រោះថាកាលពីចុងឆ្នាំ ២០២០ កន្លងមកនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយបានកម្លាយខ្លួន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ទៅជាធនាគារពាណិជ្ជ ទោះបីជានៅក្នុងអំឡុងពេល ដែលប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ដោយ។​

ជាក់ស្តែងក្នុងថ្ងៃនេះ ធនាគារ ហត្ថា បានចុះហត្ថាលេខា ដើម្បីសាងសង់អគារការិយាល័យកណ្តាលថ្មីរបស់ខ្លួន ចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងជាតំបន់ដែលពោពេញទៅដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។​

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹងថា “ គម្រោង​សាងសង់​អគារ ការិយាល័យកណ្តាលថ្មីនេះ មានទំហំសំណង់សរុបប្រមាណជាង ៤០,០០០ម៉ែត្រក្រឡា និងមានកម្ពស់២២ជាន់ ដែលស្ថិតនៅលើផ្ទៃដីប្រមាណជិត១៥,០០០ ម៉ែត្រ​ក្រឡា តាមបណ្តោយមហាវិថីសម្តេចតេជោសែន (ឬផ្លូវ៦០ម៉ែត្រ)។ អគារថ្មីនេះ មានមុខងារជាច្រើន​ រួមមាន ការិយាល័យសម្រាប់បុគ្គលិកធ្វើការ ការិយាល័យ​ទទួលភ្ញៀវ ហាងកាហ្វេ អាហារដ្ឋាន ទារកដ្ឋាន និងក្លឹបហាត់ប្រាណជាដើម ។ល។”

លោកឧញ៉ាបានបន្ថែមទៀតថា “អគារការិយាល័យថ្មីនេះ គឺសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកលូតលាស់នៃអាជីវកម្ម កំណើនបុគ្គលិកដែលបានកើនឡើងយ៉ាងឆាប់រហ័ស និងឆ្លើ​យតបទៅផែនការអាជីវកម្ម ដែលយើងបានប្តេជ្ញាក្លាយទៅជាធនាគារជំរើសទីមួយ របស់អតិថិជន ព្រមទាំងដើម្បីបង្ហាញពីកិត្យានុភាព កសាងទំនុកចិត្ត និងផ្តល់ផាសុកភាពដល់អតិថិជន និងបុគ្គលិក​របស់ធនាគារហត្ថាទាំងអស់។”

បន្ទាប់ពីបានធ្វើការសិក្សាយ៉ាងល្អិតល្អន់ អស់រយៈជិតមួយឆ្នាំកន្លងមកនេះ ធនាគារហត្ថា បានធ្វើការជ្រើសរើស ក្រុមហ៊ុនស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ដើម្បីធ្វើការរចនា និងការសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ ។

លោកជំទាវ ជា សុខយូ នាយកគ្រប់គ្រង និងស្ថាបត្យករក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ពិតជាមានមោទនភាព ដែលធនាគារ ហត្ថា បានផ្តល់ទំនុកចិត្ដ ក្នុងភាពជាដៃគូដើម្បីរចនាប្លង់ និងសាងសង់នូវគម្រោងអគារការិយាល័យកណ្ដាលថ្មីរបស់ធនាគារ ហត្ថា ទាំងមូល ហើយជាពិសេស គឺយើងមានគោលដៅរួមគ្នា នោះគឺការសាងសង់នូវ​អគារ ដែលមានគុណភាព និងស្តង់ដា។

លោកជំទាវបន្តថា ការរចនាប្លង់ និងផែនការសាងសង់គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបាននូវវិញ្ញាបណ្ណប័ត្រ Green Mark ពីអង្គការ BCA ព្រមទាំងអនុលោមតាមស្ដង់ដារ British Standard Building Code បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាពវិស័យសំណង់ ក្នុងប្រទេសកម្ពុជារបស់យើងផងដែរ។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ធនាគារ ហត្ថា មានការិយាល័យសរុបចំនួន១៧៧ និងបណ្តាញអេធីអឹមចំនួន១៣៧នៅទូទាំងប្រទេស។ លើសពីនេះ អតិថិជនបានមកបើកគណនីជាមួយធនាគារ ហត្ថា គឺជិត៥០ម៉ឺនគណនី ដោយក្នុងនេះគណនីបញ្ញើសន្សំមានជិត៣០ម៉ឺនគណនី និងគណនីឥណទានជិត២០ម៉ឺនគណនី។ ជាមួយគ្នានេះដែរ សំពាធឥណទានរបស់យើង បានកើនឡើងដល់ជាង១៣០០លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ២៦% បើធៀបនឹងឆ្នាំ២០១៩។ ចំណែកសំពាធប្រាក់បញ្ញើសន្សំ បានកើនឡើងដល់ជិត៨០០លានដុល្លារអាមេរិក ដែលមានកំនើនប្រមាណ៣២% បើធៀបនឹងឆ្នាំ២០១៩។

ចំណែកអតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័តវិញ បានកើនឡើងរហូតដល់ ១០៥% គឺកើនឡើងពីជាង៨,០០០នាក់ ទៅ​ដល់ជាង១៦,០០០នាក់ បន្ទាប់ពីយើងបានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័ត ដែលទើបបានធ្វើទំនើបកម្មរួចរាល់កាលពីចុងឆ្នាំ២០២០៕