រដ្ឋាភិបាលចំណាយថវិកា៨២៣លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចខណៈចំណូលរកបានមានទំហំ៥៧០០លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាចំនួន៨២៣លានដុល្លារ ក្នុងគម្រោងថវិកាត្រៀមអន្ដរាគមន៍សរុបចំនួន១៦៦៤លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២០កន្លងមកនេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានមានប្រសាសន៍ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា យើងចាយអស់ប្រមាណ៩៦ភាគរយនៃច្បាប់ យើងបានផ្លាស់ប្ដូរ ការចំណាយបានល្អ តម្រង់ទិសទៅការទ្រទ្រង់ជីវភាពប្រជាជន សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់ជំងឺកូវីដ-១៩ គឺយើងធ្វើបានល្អ។ អ្វីយើងគ្រោង១៦៦៤លានដុល្លារជាអន្ដរាគមន៍ យើងបានចាយអស់៨២៣លានដុល្លារ។

លោកបញ្ជាក់ថា “ក្នុងឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូ​លក្នុងស្រុកបានប្រមាណ៥,៧០០លានដុល្លារអាមេរិក សម្រេចក្នុងផែនការបាន៨៨ភាគរយ បើទោះបីជាជួបវិបត្ដិសេដ្ឋកិច្ច យ៉ាងណាក្ដីក៏ដោយ”។

លោកវង្សី វិស្សុតបានបន្ដថា អ្វីដែលយើងគ្រោង១០០ភាគរយ ជាចំណូលក្នុងស្រុក ឥឡូវរកចំណូលបាន៨៨ភាគរយហើយ។ ដូច្នេះការរកចំណូលក្នុងស្រុក មានការធ្លាក់ចុះតែ១២ភាគរយប៉ុណ្ណោះ នៅក្នុងផែនការ ដែលធ្វើឲ្យស្ថានភាពថវិការបស់យើង មានភាពកាន់តែរឹងមាំ។

សម្រាប់ការចំណាយក្នុងឆ្នាំ២០២០វិញ ត្រូវបានលើករដ្ឋលេខាធិការបញ្ជាក់ថា កម្ពុជាចាយអស់តែ៩៦ភាគរយនៃច្បាប់ថវិកា ដោយបានផ្លាស់ប្តូរលើការបែងចែកមុខចំណាយឡើងវិញ ដោយតម្រង់ទិសទៅរកការទ្រទ្រង់ជីវភាពប្រជាជន ការទ្រទ្រង់សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់នឹងជំងឺ។

លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០២០ ក្រៅពីជំងឺកូវីដ-១៩ កម្ពុជាក៏បានរងគ្រោះនូវបញ្ហាទឹកជំនន់ និងបញ្ហាទឹកទាប ដែលធ្វើឲ្យប៉ះពាល់ ដល់វិស័យកសិកម្ម ធ្វើឲ្យកំណើនមានការធ្លាក់ចុះផងដែរ។ លោកបន្តថា កម្ពុជាធ្វើបានល្អ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមេដឹកនាំមួយរូប មានភាពឈ្លៀសវៃ រហ័ស គិតត្រូវ សម្រេចត្រូវ និងធ្វើអ្វីទាន់ពេលវេលា។

ក្រោយជួបវិបត្ដិសកល​នូវជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែន​ការយុទ្ធសាស្ដ្រជាបន្ដបន្ទាប់ ដើម្បីសំដៅធ្វើយ៉ាងណាស្ដារសេដ្ឋកិច្ចជាតិ ឲ្យមានកំណើនកើតឡើងវិញ និងបានត្រៀមថវិកា សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះនូវជំងឺនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here