រដ្ឋាភិបាល​គ្រោង​បោះ​លក់​មូល​ប​ត្រ​បំណុល​រដ្ឋ ខណៈ​កម្ចី​ពី​បរទេស​មានការប្រាក់​កាន់តែ​ខ្ពស់

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​ឲ​ម្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​កំពុង​គិតគូរ​បោះ​ផ្សារ​លក់​សញ្ញាប័ណ្ណ ឬ​ប័ណ្ណបំណុល ដើម្បី​យកប្រាក់​មក​អភិវឌ្ឍន៍​ប្រទេស ជាជាង​ប្រើប្រាស់​ប្រាក់កម្ចី​ពី​បរទេស ដែលមាន​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត​បានលើកឡើង​ក្នុង​វេទិកាសាធារណៈ​ស្តីពី គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​គិតគូរ ងាក​មករក​ប្រភពធនធាន​ក្នុងស្រុក​វិញ តាមរយៈ​ការបោះ​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល (Government Bond) ខណៈ​អត្រា​ការប្រាក់​កម្ចី​ពី​ដៃគូ​វិនិយោគ​ឡើងថ្លៃ​ជាង​មុន។

លោក​បាន​ឲ្យ​ដឹងថា កម្ពុជា​គួរ​ឈប់​ខ្ចីប្រាក់​ពី​ខាងក្រៅ ហើយ​ងាក​មក​ខ្ចី​ក្នុងស្រុក​វិញ ព្រោះ​កម្ចី​ខាងក្រៅ​ចាប់ផ្ដើម​ឡើងថ្លៃ ជាក់ស្ដែង​ធនាគារពិភពលោក​បច្ចុប្បន្ន​នេះ មាន​អត្រា​ការប្រាក់២.៨ភាគរយ​ក្នុង​មួយឆ្នាំ ខណៈ​ពីមុន​មាន​ត្រឹម០.៧ភាគរយ​ប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​បាន​ផ្អាក​ក្នុងការ​ខ្ចី​ខ្លះ ហើយ​ងាក​មក​ខ្ចី​ប្រទេស​ជប៉ុន ធនាគារ​ADB និង​ពី​អឺរ៉ុប​វិញ។

លោក​បាន​បន្ថែមថា បច្ចុប្បន្ននេះ​កម្ពុជា​ក៏​កំពុង​ចរចារ ជាមួយ​ធនាគារពិភពលោក ដើម្បី​បន្ធូរបន្ថយ​អត្រា​ការប្រាក់ កុំ​ឲ្យ​ឡើងថ្លៃ​ខ្លាំងពេក។

លោក​បញ្ជាក់ថា “យ៉ាងណាមិញ​គោលដៅ​ធំ​របស់​កម្ពុជា គឺ​មិន​ខ្ចីប្រាក់​ពី​ប្រទេសក្រៅ​ទៀត​ទេ គឺ​ងា​ក់មក​ខ្ចី​ក្នុងស្រុក តាមរយៈ​ការបោះ​មូល​ប​ត្រ​បំណុល” ។ លោក​បន្តថា “ចំណែកឯ​បំណុល​របស់​កម្ពុជា ស្ថិតក្នុង​ចន្លោះ​ទាប​នៅឡើយ​ទេ ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីដ១៩ ក្នុង​ឆ្នាំ២០២០ក្តី” ។

ច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ ត្រូវបាន​រដ្ឋសភា អនុម័ត​ទាំងស្រុង​កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២0 ហើយ​ត្រូវបាន​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រម ដាក់​ឲ្យ​ប្រាស់​នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។

ច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ មាន​គោលបំណង​ផ្តល់នូវ​ក្របខណ្ឌ​រួម សម្រាប់​គ្រប់គ្រង​ការបោះ​ផ្សាយ​ការជួញដូរ និង​ការគ្រប់គ្រង​មូល​ប​ត្រ​រដ្ឋ ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័​ក្កិ​សិទ្ធិ​ភាព ព្រមទាំង​ធានាបាន​នូវ​ចីរភាព នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ សំដៅ​រួមចំណែក​ពង្រឹង ការគ្រប់គ្រង​តម្រូវការ​សាច់ប្រាក់ របស់​រាជរដ្ឋាភិបាល, ឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម, អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ និង​ទីផ្សារ​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​គាំទ្រ​គម្រោង​អាទិភាព និង​ចាំបាច់​ផ្សេងទៀត។

បច្ចុប្បន្ន​គណកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​មួយចំនួន​បោះផ្សាយ​លក់​សញ្ញាប័ណ្ណ​រប​ស់​ខ្លួន ដូចជា ធនាគារ​ហត្ថា ធនាគារ ABA គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here