ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅភ្នំគូលែនត្រូវបានដាក់ឱ្យដំណើរការ

0

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ខេត្តសៀមរាបត្រូវបានដាក់ឱ្យដំណើរការសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងតំបន់។

លោកង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា សមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីយដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។

លោកបន្តថា ស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះ គឺជាមជ្ឈមណ្ឌលទី១ នៅក្នុងប្រទេសកម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ធ្វើការកំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និងសត្វក្នុងស្រុក ជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ ប្រភេទកម្រ និងប្រភេទជិតផុតពូជ សំដៅធានាដល់និរន្តរភាពនៃធនធានជីវចម្រុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានមានប្រសាសន៍ថា សមិទ្ធផលមួួនេះនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀតនាពេលអនាគត សំដៅអភិវឌ្ឍន៍មជ្ឈមណ្ឌលនេះឱ្យដើរតួនាទីជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្ត ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ការលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍដោយនិរន្តរភាព និងការរស់នៅដោយចីរភាពនៅកម្ពុជា។

លោកបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នឹងរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសទេសចរណ៍ផ្សាភ្ជាប់នឹងវប្បធម៌-ធម្មជាតិ និងជួយបង្កើនជម្រើសមុខរបរ ប្រភពចំណូលបន្ថែម និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះបានមួយកម្រិតបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រព័ន្ធស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ អាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ ប្រព័ន្ធអគ្គិសនីនេះបានផ្តល់ប្រយោជន៍ដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបូមទឹកបានរៀងរាល់ថ្ងៃ និងសម្រាប់បំពេញតម្រូវការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ស្ថានីយស្រាវជ្រាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here