កញ្ចប់​ឥណទាន​របស់​វិស័យ​ធនាគារ​នៅសល់​ប្រមាណ ៧ពាន់​លាន​ដុល្លារ ដែលនឹង​បញ្ចេញ​បន្ត​នៅ​ឆ្នាំ២០២១នេះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តាម​របាយការណ៍​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា ឆ្នាំ ២០២០កន្លងទៅនេះ ការផ្តល់​ឥណទាន​រប​ស់​វិស័យ​ធនាគារ​មានការ​ធ្លាក់ចុះ ដោយសារ​ការបារម្ភ​អំពី​លទ្ធភាព នៃ​ការបង់​សង​របស់​អតិថិជន ដែល​ធ្វើ​ឲ្យ​កញ្ចប់​ឥណទាន​របស់​វិស័យនេះ​នៅសល់​ប្រមាណ ៧ពាន់​លាន​ដុល្លារ ដូច្នេះ​ឥណទាន​ទាំងនេះ អាច​នឹង​បញ្ចេញ​នៅ​ឆ្នាំ ២០២១នេះ។

តាមរយៈ​របាយការណ៍​ដដែល ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សប្ដាហ៍​នេះ​បាន​បង្ហាញថា ជាមួយនឹង​កញ្ចប់​ឥណទាន​ដែល​នៅសល់ និង​គ្រោង​បញ្ចេញ​នៅ​ឆ្នាំ២០២១នេះ ផ្គួប​ផ្សំ​ជាមួយ​ការបញ្ចេញ​កញ្ចប់ ថវិកា​ចំនួន២០០លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​ឥណទាន វិស័យ​ធនាគារ​បាន​យ៉ាងតិច២ពាន់​លាន​ដុល្លារ និង​ការទម្លាក់​ថវិកា​ទុន២៧០លាន​ដុល្លារ ទៅ​ធនាគារ SME និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សម្រាប់​បង្កើន​ឥណទាន​ទៅ​វិស័យ​អទិភាព និង​យុទ្ធសាស្ត្រ​ដង្ហើម​សេដ្ឋកិច្ច។

នៅ​ឆ្នាំ២០២០ប្រាក់​បញ្ញើ​អតិថិជន​មាន​ទំហំ ៣៣,៨ពាន់​លាន​ដុល្លារ​អាមេរិក មាន​កំណើន១៥,៥ភាគរយ ក្នុងនោះ​ឥណទាន​អតិថិជន​មាន​ទំហំ៣៧,៣ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង១៤,៨ភាគរយ បើ​ធៀប​កាលពី​ឆ្នាំ២០១៩ ។

ដោយឡែក​សម្រាប់​ការរៀបចំ ឥណទាន​ឡើងវិញ​មាន​ជាង២៨ម៉ឺន​គណនី ស្មើនឹង ៤,២ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការរៀបចំ​ឥណទាន​ឡើងវិញ របស់​គ្រឹះស្ថាន​ធនាគារ​បាន​ថយចុះ​ក្នុង​ខែវិច្ឆិកា ហើយ​សមតុល្យ​ឥណទាន​រៀបចំ​ឡើងវិញ បានចាប់ផ្ដើម​ថយចុះ​ចាប់ពី​ខែកញ្ញា​មក។ ចំណែកឯ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ គណនី និង​សមតុល្យ​ឥណទាន​រៀបចំ​ឡើងវិញ បាន​ថយចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ខែតុលា ប៉ុន្ដែ​បាន​កើន​ឡើងវិញ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here