ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ ស្ថិតនៅក្នុងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយឱ្យទៅជាប៉ូលសេដ្ឋកិច្ចទី៤ ប្រចាំប្រទេសនៅប៉ែកឦសាន ខេត្តមណ្ឌលគីរីកំពុងត្រូវបានកែប្រែមុខមាត់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន ក្នុងមានគម្រោងចំនួន៣ដែលលេចធ្លោរ។
គម្រោងធំៗទាំងនោះរួមមាន ៖
ព្រលានយន្តហោះខេត្តមណ្ឌលគិរី
រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានអនុម័តឲ្យក្រុមហ៊ុនPower China Groupសិក្សានិងបោះទុនវិនិយោគ លើការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលវាជាព្រលានយន្តហោះកម្រិតតំបន់ឬអន្តរជាតិ ដែលព្រលាននេះអាចអនុញ្ញាត្តឲ្យយន្តហោះផ្ទុកអ្នកដំណើរចន្លោះពី១៧០ ទៅ១៨០នាក់អាចចុះចតបាន។
បើតាមលោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា បន្ទាប់ពីសិក្សាចប់ ក្រុមហ៊ុនអាចចាប់ផ្តើមសាងសង់ព្រលាននេះនៅចុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុនPower China Groupមានជំនាញខាងការសាងសង់ ប៉ុន្តែមិនមានជំនាញលើការគ្រប់គ្រងទេ ហេតុនេះក្រុមហ៊ុននេះនឹងសិក្សារកដៃគូសហការ ដើម្បីដំណើរការព្រលាននេះឲ្យទទួលបានជោគជ័យផងដែរ។
គម្រោងបង្កើតក្រុងរណបនៅក្នុងស្រុងអូររាំង
រដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បាននិងកំពុងត្រៀមរៀបចំបង្កើតទីក្រុងរណបនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលផែនការរបស់រដ្ឋាភិបាលនឹងប្រែក្លាយខេត្តនេះជាតំបន់សេដ្ឋកិច្ចពហុបំណង ពិសេសប្រែក្លាយភូមិភាគឦសាន ដែលជាតំបន់កន្ទុយនាគនៃសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍប្រកបដោយសក្តានុពលនាពេលអនាគត។
គម្រោងវិនិយោគបង្កើតស្ថានីយអគ្គិសនី
គម្រោងវិនិយោគវិស័យថាមពលដោយការបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់កម្លាំង១០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនXinglan Maritime Energy Co.,Ltd ក្រោមទុនវិនិយោគសរុបចំនួន២០០លានដុល្លារ។
អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាងបានមានប្រសាសន៍ថា ពេលនេះលោកមិនទាន់អាចជម្រាបបានទេថា អាជីវកម្មរបស់ក្រុមហ៊ុនដំណើរការយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើគម្រោងរបស់ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីដើរដោយខ្យល់នេះលេចចេញជារូបរាងឡើង វាជាការល្អមួយក្នុងការជួយផ្គត់ផ្គង់ ថាមពលអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត ដែលកំពុងតែមានតម្រូវការ កសាងការអភិវឌ្ឍន៍ការបំភ្លឺផ្លូវសាធារណៈ ដែលទាមទារឲ្យមានថាមពលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
ខេត្តមណ្ឌលគីរីនាពេលបច្ចុប្បន្ន កំពុងក្លាយជាគោលដៅរបស់អ្នកវិនិយោគក្នុងស្រុកជាច្រើន ដោយភាគច្រើនបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យទេសចរណ៍ដោយការបង្កើតជាតំបន់កម្សាន្តបែបកែច្នៃ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរកាយដែលមានតម្លៃចាប់ ពីជាង៣ម៉ឺនដុល្លាររហូតដល់៥ម៉ឺនដុល្លារក្នុងមួយខ្នង។
លោកស្វាយ សំអ៊ាងបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបង្ហាញខ្លួនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងក្រុងសែនមនោរម្យ និងតំបន់ដែលស្ថិតនៅជាប់ក្រុងក្នុងរូបភាព ដូចជា ការសាងសង់បណ្តុំលំនៅដ្ឋានលំហែរក្បែរជើងភ្នំជាដើម។
លោកបានបន្តថា “គម្រោងអភិវឌ្ឍន៍ថ្មីៗពីវិស័យឯកជនលោកនៅមិនទាន់ក្តាប់បានច្បាស់នៅឡើយនោះទេ ប៉ុន្តែគម្រោងអភិវឌ្ឍន៍ក្រោមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគម្រោងសាងសង់ព្រលានយន្ដហោះ ក្នុងតំបន់ដែលស្ថិតនៅស្រុកអូររាំង គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដោយក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិពីរ ដ្ឋាភិបាល ដែលអាចនឹងគ្រោងចាប់ផ្តើមការដ្ឋាននៅចុងឆ្នាំនេះ”។
ដោយឡែកសម្រាប់គម្រោងបង្កើតក្រុងរណប ក៏ស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយដែរក្រោមសំណើររបស់ក្រសួងទេសចរណ៍។
លោកអភិបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា គម្រោងនេះនឹងអាចជួយរួមចំណែកការកែលម្អសោភ័ណភាពខេត្ត និងក្រុងដែលកំពុងតែរៀបចំផែនការអភិវឌ្ឍអេកូទេសចរណ៍ជាដើម។ ម្យ៉ាងទៀត នឹងអាចលើកមុខមាត់ខេត្តហើយទាក់ទាញនូវការទស្សនាពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕