ការព្យាករណ៍ៈប្រាក់ដុល្លារនឹងបន្តធ្លាក់ថ្លៃរហូតដល់ពាក់កណ្ដាលឆ្នាំ២០២១

ដោយៈសាខុម

អន្តរជាតិៈ ការព្យាករណ៍ថ្មីមួយបានរកឃើញថា តម្លៃប្រាក់ដុល្លារទំនងជានឹងបន្តធ្លាក់ចុះរយៈពេលយ៉ាងតិច៦ខែទៀត ស្របពេលបណ្ដាវិនិយោគិន បន្តងាកទៅវិនិយោគលើទ្រព្យសកម្មមានហានិភ័យ (Risky asset) ដែលផ្ដល់ផលចំណេញខ្ពស់។ នេះបើយោងតាមលទ្ធផលស្ទង់មតិរបស់ទីភ្នាក់ព័ត៌មាន Reuters ដែលបានសាកសួរក្រុមអ្នកជំនាញខាងរូបិយប័ណ្ណ។

ក្រុមអ្នកជំនាញបានឲ្យដឹងថា ក្រោយភាគហ៊ុនឡើងថ្លៃឡើងវិញ កាលពីខែវិច្ឆិកា រូបិយប័ណ្ណដុល្លារ បានធ្លាក់ថ្លៃប្រមាណ៣,០សេនកាលពីខែមុន ហើយបន្តធ្លាក់ថ្លៃជិត៦សេននៅឆ្នាំនេះ ធ្វើឱ្យរូបិយប័ណ្ណមួយនេះសំយ៉ុងក្បាលចុះ ឆ្ពោះទៅរកលទ្ធផលប្រចាំឆ្នាំដ៏អាក្រក់បំផុត របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧មក។

ថ្វីបើពលរដ្ឋអាមេរិករហូតដល់ទៅប្រមាណ១៤លាននាក់ បានឆ្លងវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏គេនៅតែមានក្ដីសង្ឃឹមថា ស្ថានភាពនឹងល្អប្រសើរឡើងក្នុងឆ្នាំសារពើពន្ធថ្មី ហើយវ៉ាក់សាំងកូវីដ-១៩ នឹងជួយជំរុញឱ្យភាគហ៊ុនពិភពលោកឡើងថ្លៃ ខណៈរូបិយប័ណ្ណដុល្លារ បន្តធ្លាក់ថ្លៃក្នុងរយៈពេលវែងគួរសម។

តាមការព្យាករណ៍ ធនាគារកណ្ដាលរបស់អាមេរិក ឬFederal Reserve នឹងផ្ដល់ការតម្រង់ទិសកាន់តែប្រសើរថា តើរយៈពេលយូរប៉ុណ្ណា ដែលខ្លួននឹងបន្តទិញប័ណ្ណបំណុ​ល ដើម្បីជួយស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យប៉ះពាល់ដល់រូបិយប័ណ្ណដុល្លារ។

ជាង២ភាគ៣នៃក្រុមអ្នកវិភាគ ពោលគឺចំនួន៥១រូបក្នុងចំណោម៧២រូប ដែលបានឆ្លើយសំណួរដាច់ដោយឡែកពីគ្នា របស់ទីភ្នាក់ព័ត៌មាន Reuters ពួកគេបានរំពឹងថា ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណដុល្លារ ទំនងជានឹងបន្តយ៉ាងហោចណាស់ ដល់ពាក់កណ្ដាលឆ្នាំ២០២១។ ចំណែកឯអ្នកវិភាគចំនួន២១រូបទៀតនិយាយថា រូបិយប័ណ្ណដុល្លារនឹងឡើងថ្លៃវិញឆាប់ជាងនេះ៕

រមណីយដ្ឋានកំពតឋានសួគ៌កំពុងបង្កើនភាពទាក់ទាញជាមួយសួនផ្កាឈូករ័ត្ន ដ៏ធំល្វឹងល្វើយលើកដំបូងនៅក្នុងខេត្ត

ដោយៈ រ៉ាណេត

កំពតៈ គម្រោងអភិវឌ្ឍន៍តំបន់កម្សាន្ត និងលំហែរកម្រិតខ្ពស់ប្រចាំខេត្ត “កំពតឋានសួគ៌” ក្រោមទុនវិនិយោគជាច្រើនលានដុល្លារ ដែលគ្រោងបើកដំណើរជាផ្លូវការនៅត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ កាន់តែបង្កើនភាពទាក់ទាញយ៉ាងខ្លាំងជាមួ​យនឹងសួនចំការផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយ មិនធ្លាប់មានពីមុនមកបន្ថែមពីលើតំបន់កម្សាន្ត និងលំហែរជាច្រើនកន្លែងទៀត។

លោកឧកញ៉ានួន អក ម្ចាស់អភិវឌ្ឈន៍គំរោងនេះបានមានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា ស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការអភិវឌ្ឍជាទីកម្សាន្តកម្រិតខ្ពស់ប្រចាំខេត្ត បច្ចុប្បន្នក្រុមការងារជំនាញបាន និងកំពុងរៀបចំនូវទីតាំងកម្សាន្តប្លែកៗជាច្រើន ដែលក្នុងនោះរួមមានដូចជាទីតាំងជិះទូកកម្សាន្តតាមមាត់ព្រែក កន្លែងថតរូបអនុស្សាវរីយ៍ តំបន់សួនផ្កាចំរុះ ជាពិសេសសួនផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយលើកដំបូងប្រចាំខេត្តកំពតដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង។

លោកឧកញ៉ាបានបន្តថា “តាមរយៈភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ ជាពិសេសភាពអំណោយផលពីធម្មជាតិ ទៅលើវិស័យទេសចរណ៍ ខ្ញុំជឿជាក់ថានៅថ្ងៃអនាគតខាងមុខដ៏ខ្លីនេះ ខេត្តកំពតនឹងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជាក់ជាមិនខាន ខណៈដែលបច្ចុប្បន្ននេះមានអ្នកវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនចំណាយដើមទុនជាច្រើនលានដុល្លារលើការវិនិយោគ និងកែច្នៃជាតំបន់កម្សាន្តបែបធម្មជាតិជាច្រើនទីតាំង” ។

គម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតមួយនេះគឺមានទំហំធំធេង និងត្រូវបានបែងចែកជាតំបន់កម្សាន្តផ្សេងៗគ្នាជាច្រើន មិនតិចជាង៥នោះទេ ដូចជា តំបន់កម្សាន្តសួនផ្កាឈូករ័ត្ន តំបន់កម្សាន្ត និងលំហែរព្រៃកោងកាង ព្រៃអំពិលអំពែក ភោជនីយដ្ឋាន តំបន់ផ្ទះលំហែរ និងសណ្ឋាគារ ដែលនៅថ្ងៃអនាគត អាចសាងសង់រហូតដល់ប្រមាណ១០០០បន្ទប់។

លោកឧកញ៉ានួន អកបានបញ្ជាក់ថា “ជាគោលដៅនៃភាពជោគជ័យរបស់គម្រោងគឺការប្រមូលផ្តុំនូវមនុស្ស ឱ្យទៅរស់នៅក្នុងតំបន់ដ៏ស្រស់ស្អាតមួយនេះ ឱ្យបានកាន់តែច្រើន រួមជាមួយនឹងការបង្កើតជាទីប្រជុំជន ដែលក្រៅពីជាតំបន់កម្សាន្ត ថែមទាំងអាចអនុញ្ញាតឱ្យបងប្អូនប្រជាជនមានការងារធ្វើ កាត់បន្ថយការចំនាកស្រុក ហើយអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារ យ៉ាងហោចណាស់១០០០ដុល្លារក្នុងមួយខែ ក៏ដូចជាអាចផ្តល់ចំណូលដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ”។

 

នៅក្នុងគំរោងដ៏ធំទីនេះ ត្រូវបានហ៊ុព័ទ្ធ ទៅដោយខ្សែទឹកសមុទ្រទាំងរដូវប្រាំង ទាំងរដូវវស្សា មានហ្វូងសត្វស្លាបទឹក ជាពិសេសមានដើមរុក្ខជាតិ ព្រៃកោងកាងនៅជុំយ៉ាងស្រស់ស្អាត ដែលនៅពេលអនាគត កំពតឋាន អាចនឹងកា្លយជាតំបន់ទេសចរណ៍ឈានមុខគេ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាផ្តល់ការងារជូនដល់ប្រជាពលរដ្ឋទូទៅប្រមាណ១០០០នាក់ ខណៈដែលគម្រោងដ៏អស្ចារ្យប្រចាំ ខេត្តកំពតមួយនេះ នឹងបើកសម្ពោធដំណើរការជាផ្លូវការនៅត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕

បុរីKC ផ្តល់ជូននូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែល្អប្រសើរសំរាប់អតិថិជន

ដោយគង់ សូរិយា

        ភ្នំពេញៈ ក្នុងគោលដៅលើទឹកចិត្ត និងផ្តល់លំនៅដ្ឋានតម្លៃសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា បុរីKCបាននិងកំពុងវិនិយោគ លើលំនៅដ្ឋានតម្លៃមធ្យមដល់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម។

បុរីដែលមានទីតាំងនៅក្បែរផ្សារព្រែកព្នៅថ្មីនេះ បាននិងងកំពុងសាងសង់លំនៅដ្ឋា​នតម្លៃមធ្យម និងខុនដូតម្លៃសមរមន្យផងដែរ។

បុរី​ខេ​ ស៊ី​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។

បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​ នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​ / ០១៦​ ៦៨៥​ ៨៥៨​ ៕

ក្រុមហ៊ុន SUNDOOR កំពុងរួមចំណែកយ៉ាងសកម្មក្នុងវិស័យសំណង់នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន SUN DOOR ផលិត និងផ្គត់ផ្គង់ពិដាន និងទ្វារ PVC នៅពេលបច្ចុប្បន្ន បាននិងកំពុងបំបែកទីផ្សារកាន់តែទូលាយ និងមានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសំណង់នៅកម្ពុជា។

វត្តមានរបស់ក្រុមហ៊ុនផលិតពិដាន និងទ្វារ PVC ម៉ាក SUNDOOR នៅលើទីផ្សារសំណង់កម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព សោភ័ណភាព និងភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ការបំពាក់ដាក់បន្ទប់គេង ខុនដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមានគុណភាពល្អ មិនរីករួម ស្រក អាចកម្មង់ទំហំទៅតាមតម្រូវការបែបទំនើបទាន់សម័យ។

អ្នកតំណាងក្រុមហ៊ុន SUNDOOR បានបញ្ជាក់ថា នៅក្នុងរយៈពេលដ៏ខ្លីនៃកិច្ចដំណើរការផ្គត់ផ្គង់ផលិតផលក្នុងវិស័យសំណង់នៅកម្ពុជាកន្លងទៅនេះ ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបានប្រព្រឹត្តទៅយ៉ាងរលូន ខណៈដែលក្រុមហ៊ុនមានការតាំងចិត្តខ្ពស់ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការជំនះនូវរាល់ឧបសគ្គដែលប្រឈម ហើយធ្វើការដោះស្រាយដោយសន្ដិវិធី ដើម្បីឈានទៅដល់ការគោលដៅនៃភាពជោគជ័យយ៉ាងត្រចះត្រចង់។

គោលបំណងចម្បងរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះ គឺចាំបាច់បំផុត ធ្វើគ្រប់មធ្យោបាយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាពង្រីកវិសាលភាព និងចែកចាយនៅលើទីផ្សារគ្រប់បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផលថ្មីៗប្រកបដោយគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា ដែលកំពុងមានកំណើនសេដ្ឋកិច្ច និងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបេសកកម្មពិសេស ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្ម រួមជាមួយនឹងផលិតផលមានគុណភាព ប្រកបដោយក្រមសីលធម៌របស់បុគ្គលិកជំនាញ មានសមត្ថភាព និងចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនគោលដៅរបស់ខ្លួន ដែលក្នុងនោះរួមមានជាអាទិ៍ ៖ អតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់ អ្នកចែកចាយបន្ត ក៏ដូចជាចែកចាយទៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេសទៅតាមតម្រូវការ។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 555 554 / 077 783 168 / 087 783 168

ចិនបានផ្តល់សម្បទានហិរញ្ញប្បទានជិត ៣០០០ លានដុល្លារក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ប្រទេសចិនបានជួយអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចំរើន តាមរយៈការផ្តល់សម្បទានហិរញ្ញប្បទានប្រមាណជិត ៣០០០លានដុល្លារអាមេរិក ក្នុងការកសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លើកទី១១ ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវនៃចិន រយៈពេលពីរថ្ងៃ២-៣ ខែធ្នូ ឆ្នាំ២០២០បញ្ជាក់ថា ក្រៅតែពីការផ្តល់ជំនួយសម្បទានហិរញ្ញប្បទាននេះ ក្រុមហ៊ុនចិនក៏បានចូលរួមស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ ដែលមានប្រវែងជាង ៣០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស និងស្ពានធំៗចំនួន ៨ ដែលមានប្រវែង ៨គីឡូម៉ែត្រសម្រាប់ប្រទេសកម្ពុជាផងដែរ។

លោកបន្តថា “បន្ថែមពីនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា ក៏កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge ដែលមានតម្លៃវិនិយោគប្រមាណ ២០០០លានដុល្លារអាមេរិក” ។

លោកបន្ថែមថា “ជាមួយគ្នានេះ ក្រុមហ៊ុននេះ បានសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងបាវិត នៃព្រំដែនកម្ពុជា-វៀតណាម ដោយតភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ”។

បើតាមលោក ស៊ុន ចាន់ថុល ក្រៅពីការទទួលបានសម្បទានហិរញ្ញប្បទានពីប្រទេសចិន កម្ពុជាក៏ទទួលពីសប្បទានហិរញ្ញប្បទាន និង ជំនួយឥតសំណង ពីប្រទេសជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន និង ដៃគូអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែផងដែរ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា មូលនិធិទាំងអស់នេះទាំងពីវិស័យឯកជន និងសាធារណៈត្រូវបានយកមកស្តារ និងលើកកម្ពស់គុណភាពនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជាដោយតភ្ជាប់ពីភ្នំពេញទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេស ដើម្បីបង្កើនការដឹកជញ្ជូនៅក្នុងស្រុក និងធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការវិនិយោគ។

លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសគម្រោងផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ថៃក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរសម្រាប់ធ្វើការដឹកជញ្ជូន។ ជាមួយគ្នានេះ កំពង់ផែកទឹកជ្រៅនៅក្រុងព្រះសីហនុដែលអាចធ្វើពាណិជ្ជកម្មបានប្រមាណ៧០ ភាគរយក៏ត្រូវបានពង្រីក និងធ្វើទំនើបកម្ម។ ក្រៅពីនេះ កំពង់ផែស្វាយ័តភ្នំពេញថ្មីនៅតាមដងទន្លេមេគង្គ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងព្រលានយន្តហោះអន្តរជាតិក៏កំពុងត្រូវបានសាងសង់យ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ ។

លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបានជួយឱ្យសេដ្ឋកិច្ចមានការរីកចំរើនក្នុងរង្វង់៧ភាគរយអស់រយៈពេលជាង២ទសវត្សកន្លងមកនេះ ហើយនឹងអាចជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អ្នកជំនាញរំពឹងថា ទីផ្សារអាផាតមិននឹងវិលទៅរកស្ថានភាពភាពល្អប្រសើរឡើងវិញនៅក្នុងឆមាសទី២ ឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការព្យាករណ៍ថា ទីផ្សារនៃការជួលអាផាតមិននឹងវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញនៅក្នុងឆមាសទី២ឆ្នាំ២០២១ បន្ទាប់ពីវិបត្តិនៃជំងឺសាកលត្រូវបានទប់ស្កាត់បានជោគជ័យ ខណៈដែលបច្ចុប្បន្នទីផ្សារមួយនេះកំពុងធ្លាក់ដាំក្បាលចុះខ្លាំង។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា សម្រាប់ទីផ្សារនៃការទិញ-លក់អចលនទ្រព្យនៅពេលបច្ចុប្បន្ន ទាំងផ្នែកដីធ្លី លំនៅដ្ឋានកម្រិតមធ្យម ក៏ដូចជាផ្នែកខុនដូកម្រិតមធ្យម គឺនៅតែបន្តមានសកម្មភាពធម្មតា ហាក់មិនជួបបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែទីផ្សារដែលជួបបញ្ហាខ្លាំង គឺការជួលអាផាតមិនមានការធ្លាក់ចុះខ្លាំងនៅចុងឆ្នាំ២០២០នេះ។

លោកស្រី អាន សុធីតា បានបញ្ជាក់ថា “សម្រាប់ទីផ្សារផ្នែកដទៃក៏មានការប៉ះពាល់ខ្លះដែរ ប៉ុន្តែមិនសូវជាធ្ងន់ធ្ងរខ្លាំងដូចជាទីផ្សារអាផាតមិននោះទេ ជាពិសេសនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២០តែម្ដង”។

លោកស្រីថា “នៅចុងឆ្នាំ២០២០នេះ បើធៀបទៅនឹងទៅចុងឆ្នាំ២០១៩ ទីផ្សារនៃការជួលអាផាតមិនត្រូវបានធ្លាក់ចុះតម្រូវការប្រមាណ៨០ភាគរយ ពោលគឺឧទាហរណ៍ថានៅចុងឆ្នាំ២០១៩ មានអ្នកជួលស្នាក់នៅចំនួន១០០នាក់ បច្ចុប្បន្ននៅសល់ត្រឹមតែប្រមាណ២០នាក់តែប៉ុណ្ណោះ។ ហេតុផលដែលធ្វើឱ្យមានការធ្លាក់ចុះចំនួននៃតម្រូវការគឺបណ្តាលមកពីវិបត្តិដែលកំពុងកើត”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់អចលនទ្រព្យអន្តរជាតិរូបនេះបញ្ជាក់ថា “ទីផ្សារមួយចំណែកធំគឺជាជនជាតិបរទេស ហើយពេលនេះពួកគេមិនអាចចេញពីប្រទេសរបស់ខ្លួននោះទេ ដែលជាមូលហេតុមួយកាត់បន្ថយនូវតម្រូវការជួល។ ម៉្យាងវិញទៀតសូម្បីតែអតិថិជនដែលមានស្រាប់នៅក្នុងស្រុកមួយចំនួនបើទោះជាស្ថិតនៅក្នុងកិច្ចសន្យាជួលមិនទាន់បញ្ចប់ ក៏មានអ្នកខ្លះចំណាយថវិកាបន្ថែមជួលផ្ទះស្នាក់នៅតំបន់ជាយក្រុង ដើម្បីកាត់បន្ថយភាពប្រឈមដូចជាការស្នាក់នៅក្នុងអគាររួម ការប្រើប្រាស់ជណ្ដើរយន្តរួមគ្នាដើម”។

ជាមួយនឹងការលើកឡើងពីផលប៉ះពាល់ខាងលើនេះ លោកស្រី អាន សុធីតា ក៏បានបង្ហាញពីការព្យាករណ៍ផងដែរថា ទីផ្សារជួលអាផាតមិននឹងវិលទៅរកភាពល្អប្រសើរវិញនៅត្រឹមឆមាសទី២ឆ្នាំ២០២១ក្រោយពិភពលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺដែលកំពុងកើតមាននៅពេលនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា នៅក្នុងកាលទេសៈដែលកំពុងប្រឈមនឹងការរាតត្បាតក្នុងសហគមន៍នាពេលនេះ សកម្មភាពនៅលើទីផ្សារអចលនទ្រព្យរួមគឺមានភាពស្ងប់ស្ងាត់បន្តិច បន្តែសម្រាប់ការផ្សព្វផ្សាយពីគម្រោង ក៏ដូចជាវិធីសាស្ត្រនៃការជំរុញទីផ្សារលក់ក្នុងស្រុកគឺនៅតែបន្តមានតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។

ទោះជាយ៉ាងណាក៏ដោយ លោក ច្រឹក សុខនីម បានសង្កត់ធ្ងន់ថា អ្វីដែលជាកត្តាចាំបាច់ត្រូវខ្វាយខ្វល់ និងត្រូវធ្វើនៅពេលនេះគឺការចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរាលដាលឆ្លងនៅក្នុងសហគមន៍។ ក្រោយពេលភាពប្រឈមមួយនេះត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ នោះវានឹងជួយជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងស្រុកចាប់ផ្តើមមានសន្ទុះឡើងវិញជាមិនខាន៕

ការយល់ដឹងរបស់ប្រជាពលរដ្ឋកើនឡើងបានធ្វើឲ្យទីផ្សារខុនដូកាន់តែរីកចម្រើន

ដោយវុត្ថា

ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានៅតែមានសញ្ញាវិជ្ជាមាន ចាប់ពីឆ្នាំ២០២០នេះទៅ ដោយសារតែមានការបញ្ជាទិញពីវិនិយោ​គិនជាតិ និងអន្តរជាតិ ព្រមទាំងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ទាក់ទាញវិនិយោ​គិនបរទេស។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodiaលោក ខន គង្គារបានប្រាប់គេហទំព័រPropertyarea.asia  កាលពីពេលថ្មីៗនេះថា  ទីផ្សារខុនដូនឹងនៅតែមានដំណើរការល្អ សម្រាប់ដើមឆ្នាំរហូតដល់ចុង២០២០នេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងចាប់ផ្តើមពង្រឹង ក្នុងការទំនាក់ទំនងជាមួយបរទេសជាច្រើន រួមមាន ប្រ​ទេសចិន ជប៉ុន និងកូរ៉េជាដើម ដើម្បីឱ្យពួកគេមកវិនិយោគ ពិសេសកំនើននៃការវិនិយោគពីប្រជាជនក្នុងស្រុកនៅចុងឆ្នាំនេះ ។

លោកបន្តថា ការរីកចម្រើននៃទីផ្សារខុនដូ វានឹងផ្តល់សេវកម្មផ្សេងទៀតដូចជាភោជនីយដ្ឋាន កន្លែងស្នាក់នៅ និង សេវាកម្មផ្សេងៗទៀតដែលជាតម្រូវការ រួមជាមួយនឹងចំណូលរបស់ពលរដ្ឋនឹងកើនឡើងផងដែរ”។

លោកខន គង្គាបានបន្តទៀថា ទីផ្សារខុននៅក្នុងប្រទេសកម្ពុជា មានការទាក់ទាញខ្លាំងនៃវិនិយោ​គិនបរទេស មកពីតំបន់អាស៊ី អារ៉ាប់ និងបជ្ឈឹមប្រទេស ដោយសារតែខុនដូនៅក្នុងប្រទេសមានតម្លៃក៏ធូរថ្លៃ។ ម្យ៉ាងទៀត តម្លៃនៃការចាយវាយសម្រាប់ការរស់នៅរបស់ប្រទេសពួកគេមានតម្លៃខ្ពស់ ដែលធ្វើឱ្យពួកគេបានបង្វែមកស្វែងរកលើវិស័យខុនដូនៅក្នុងប្រទេស ដែលមានតម្លៃសមរម្យដូចនៅក្នុងប្រទេសកម្ពុជាជាដើម។

លោកបន្ថែមទៀតថា សម្រាប់តម្លៃខុនដូកម្រិតខ្ពស់ គឺមានតម្លៃមួយម៉ែត្រការ៉េប្រមាណ៣៥០០ ទៅ៥៥០០ដុល្លារ  ហើយមានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនបរទេ​សស្ទើតែគ្រប់ជនជាតិ ជាពិសេសជនជាតិចិន តែសម្រាប់ប្រជាពលរដ្ឋខ្មែរមិនសូវជាចាប់អារម្មណ៍ខ្លាំងនោះទេ ។ តែសម្រាប់ខុនដូតម្លៃចន្លោះពី២០០០ ក្នុងមួយម៉ែត្រការ៉េចុះក្រោម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនខ្មែរ។

លោកស្រី អាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុន CBRE បានលើកឡើងស្រដផងគ្នាថា ទីផ្សារខុនដូសម្រាប់ឆ្នាំ២០២០នេះ នៅតែមានដំណើរការល្អ ដោយសារមានការផ្គត់ផ្គង់កាលពីចុងឆ្នាំ២០១៩ នេះ កើនដល់ជិត២០,០០០យូនីត  ។

លោកស្រីបន្តថា ចំពោះខុនដូប្រភេទកម្រិនសមរម្យ មានតម្លៃចន្លោះពី១២០០ ដុល្លារឡើង ក្នុងមួយម៉ែត្រការ៉េ និងខុនដូកម្រិតធម្យម មានតម្លៃចាប់ពី ១៥០០ ទៅ ២៥ ០០ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ បានដាក់លក់កាលពីចុងឆ្នាំ២០១៩ និងនៅដើមឆ្នាំ ២០២០នេះច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្រុក ព្រោះពលរដ្ឋខ្មែរភាគច្រើនចាប់អារម្មណ៍ខ្លាំងលើវិស័យខុនដូ។

អ្នកស្រីបន្ថែមថា សម្រាប់ខុនដូកម្រិតខ្ពស់ ដែលមានតម្លៃចាប់ពី៣០០០ ដុល្លារឡើងក្នុងម៉ែត្រការ៉េ  គឺជនបរទេសចាប់អារម្មណ៍វិនិយោគច្រើន ហើយភាគច្រើន គឺជាជនជាតិចិន។ និយាយជារួមទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា នៅតែមានទីផ្សារល្អប្រសើរ តាមរយៈកិច្ចសហការជាមួយធនាគារក្នុងផ្តល់ប្រាក់កម្ចី ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅឆ្នាំ២០៣០ខាងមុខ ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញនឹងកើនឡើងដល់៤លាននាក់ ដែលកំនើនប្រជាសាស្រ្តនេះនឹងជំរុញឲ្យប្រជាពលរដ្ឋខ្មែរ រស់នៅតាមខុនដូកាន់តែច្រើន ដោយសារ ទី១ ការកកស្ទះចរាចរណ៍កាន់តែខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ទី២ តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋានក្នុងទីក្រុងឡើងថ្លៃខ្ពស់ ដែលប្រជាជនមានជីវភាពមធ្យមមិនអាចទិញបាន ប៉ុន្តែពួកគេអាចទិញខុនដូរស់នៅបាន និងមានទីតាំងនៅកណ្តាលក្រុង ជិតកន្លែងធ្វើការរបស់ពួកគេ និងទី៣ ការរីកចម្រើន​បច្ចេកវិទ្យានឹងផ្តល់ឲ្យគុណភាពជីវិតកាន់តែប្រសើរជាងមុន៕

 

សម្ដេចតេជោ ហ៊ុន សែនៈសាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់និងជាសកល ជាធាតុសកម្មមិនអាចខ្វះបាន

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈ ដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងសម័យប្រជុំពិសេសលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី៤ ធ្នូ ឆ្នាំ២០២០នេះថា មកដល់បច្ចុប្បន្នជំងឺ Covid-19 បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត ។ ក្នុងន័យនេះ កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តន៍ ជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ ។

សម្ដេចមានប្រសាសន៍បន្តថា “ខណៈដែលជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក កំពុងស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេលើសមត្ថភាពគ្រប់គ្រង ការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយទៅវិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកលគឺជាធាតុសកម្មមិនអាចខ្វះបាននៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ”។

សម្ដេចបានបន្ថែមថា “ទោះបីជាវិបត្តិសុខភាពសាធារណៈនេះ អាចនឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខប្រទេសទាំងអស់ នឹងនៅតែត្រូវដោះស្រាយបន្តទៀតនូវបញ្ហាប្រឈមក្នុងដំណាក់កាល នៃការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ”។ លោកបន្តថា “ជាការពិត ជំនួយអាចជាចំណែកតូចមួយនៃការស្តារនេះ ក៏ប៉ុន្តែកត្តាដែលសំខាន់មិនអាចខ្វះបាន គឺការបន្តរក្សាបាននូវយន្តការពហុភាគីនិយម សាកលភាវូបនីយកម្មនិយម ពាណិជ្ជសរីភាវូបនីយកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ ទេសចរណ៍អន្តរជាតិ និងការធ្វើដំណើរជាទូទៅ”។

សម្តេចបន្តថា ក្នុងន័យនេះ កម្ពុជាគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើម របស់អគ្គលេខាធិការ អសប អំពីការបង្កើតមូលនិធិ អសប សម្រាប់ការឆ្លើយតបនឹងជំងឺ Covid-19 និងការរៀបចំស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ”៕

កំណើនគម្រោងអភិវឌ្ឍន៍ធំៗ និងលំហូរប្រជាសាស្ត្រខេត្តកោះកុង ជំរុញឱ្យបង្កើនការផលិតទឹកស្អាតឱ្យលើស៣លានម៉ែត្រគូបក្នុងមួយឆ្នាំ

ដោយ ៖ រ៉ាណេត

កោះកុង ៖ ជាមួយនឹងភាពអំណោយផល និងសក្ដានុពលដែលកំពុងទាក់ទាញគម្រោងវិនិយោគធំៗ ដែលមានតម្លៃទឹកប្រាក់ដ៏មហាសាលរាប់ពាន់លានដុល្លារលើគ្រប់វិស័យនៅពេលបច្ចុប្បន្ននេះ ខេត្តកោះកុងកំពុងពង្រឹងសមត្ថភាពបន្ថែមទៅលើការពង្រឹងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងខេត្តដោយផ្តើមពីការធ្វើពិពិធកម្មអាងស្តុកទឹកឱ្យលើស៣លានម៉ែត្រគូបក្នុងមួយឆ្នាំ ជាពិសេសតម្រូវការប្រើប្រាស់ក្នុងក្រុងខេមរភូមិន្ទ។

លោកខ្លឹម គរគី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុងបានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រុងខេមរភូមិន្ទបច្ចុប្បន្នកំពុងមានភាពរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ។ ម៉្យាងវិញទៀតកំណើនប្រជាជនក៏កាន់តែមានការកើនឡើង ហើយការបង្កើតមុខរបរ ផ្សេងៗក៏មានកំណើនផងដែរ។ ជាពិសេសនោះតំបន់សេដ្ឋកិច្ចពិសេស ដែលបានអភិវឌ្ឍន៍ និងគ្រោងធ្វើការអភិវឌ្ឍន៍ថ្មីៗរបស់ក្រុមហ៊ុនធំៗជាច្រើនក៏មានការក៏គ្រោងចូលមកវិនិយោគបន្ថែមទៀតផងដែរ។

លោកបន្តថា ក្នុងរដូវប្រាំងខាងមុខនេះគ្រាន់តែមានការបារម្ភតិចតួចប៉ុណ្ណោះ ចំពោះការចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋ ប្រសិនបើក្នុងរដូវប្រាំងនេះមានការអូសបន្លាយយូរ និងពុំមានភ្លៀងកក់ខែនោះវានឹងអាចមានការខ្វះខាតទឹកប្រើប្រាស់មានចំនួនតិចតួចមិនដល់ថ្នាក់ដូចជាឆ្នាំកន្លងទៅនោះទេ។

អាងស្តុកទឹកបានសាងសង់រួចរាល់អាចផ្ទុកទឹកបានរហូតដល់ទៅជាង ៣លានម៉ែត្រគូប និងមានអាងប្រតិកម្មដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងចន្លោះ ១៨០០០ដល់ ២០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់។ ដូច្នេះវានឹងអាចឆ្លើយតប នឹងតម្រូវការនាពេលបច្ចុប្បន្នបាន។

តំណាងក្រុមហ៊ុន LYP គ្រុប ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកោះកុង លោក ផាត់ ប៊ុនហួ បានប្រាប់ឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២០ ក្រុមហ៊ុនត្រៀមបរិមាណទឹកស្អាតជាង ៣លានម៉ែត្រគូបដើម្បីបម្រើសេចក្តីត្រូវការ និងកំពុងតបណ្តាញចេញពីអាងស្តុកទឹកបន្តចែកចាយឲ្យបានគ្រប់ច្រកល្ហក នៅតាមមូលដ្ឋានរបស់ពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ឱ្យកាន់តែមានវិសាលភាពទូលំទូលាយជាងបណ្តាឆ្នាំកន្លងទៅ។

តាមក្រុមបច្ចេកទេសតបណ្តាញទឹករបស់ក្រុមហ៊ុន LYP Group បានឱ្យដឹងថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យការងារតបណ្តាញទឹករបស់ក្រុមហ៊ុនមានភាពយឺតយ៉ាវមួយចំនួន ប៉ុន្តែក្រុមហ៊ុនប្តេជ្ញាថា នឹងខិតខំពន្លឿនការងារតបណ្តាញនេះឱ្យរួចរាល់នៅក្នុងក្រុងខេមរភូមិន្ទនៅដំណាច់ឆ្នាំនេះ មុននឹងពង្រីកវិសាលភាពទៅស្រុកមណ្ឌលសីមាបន្ថែមទៀត៕

ហេតុ​អី​តំបន់​ជ្រោយចង្វារ​ក្លាយជា​ទីតាំង​សំរាប់​វិនិយោគ​ខុន​ដូកាន់តែ​ពុះកញ្ជ្រោល?

ដោយ​គង់ សូរិយា

ភ្នំពេញៈ តំបន់​ជ្រោយចង្វារ​បាន និង​កំពុង​ក្លាយជា​តំបន់​ដែលមាន​ការរីកចម្រើន​លឿន ដោយសារ​ការវិនិយោគ​កើនឡើង ពី​សំណាក់​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ។

ហេតុផល​ជាច្រើន ដែល​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បាននិងកំពុង​ជ្រើសរើស​តំបន់​នេះ សំរាប់​សាងសង់​ខុន​ដូ​គឺមាន​ច្រើន​ចំណុច​ដូចជា ទី១ មាន​ទន្លេ​អម​សងខាង ដែល​ផ្តល់​បរិយាកាស​រស់នៅ ប្រកបដោយ​ផាសុខភាព ទី២ មាន​ទេសភាព​ស្រស់ស្អាត ដែល​អាច​គយគន់​ដង​ទន្លេ​បាន​យ៉ាង​ស្រស់ស្រាយ ទី៣ ជា​តំបន់​ដែលមាន​ការតភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បាន​យ៉ាង​ល្អប្រសើរ និង​ទី៤ កត្តា​ហុង ស៊ុយ ដែល​អ្នកមាន​ជំនឿ​លើ​ផ្នែក​នេះ តែងតែ​គិតដល់ ព្រោះ​ហុងស៊ុយ​គឺ​ពាក់​ព័​ន្ឋ​ដល់​ជីវិត និង​គុណភាព​ជីវិត។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក​យិន លាង​គង់​បាន​មាន​ប្រសា​ស​សន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី៣ ធ្នូ​នេះ​ថា តំបន់​ជ្រោយចង្វារ​ប្រៀប​បីដូច​ជា​មេដែក​ឆក់​មួយ ដែល​បាននិងកំពុង​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​កើនឡើង ពិសេស​គំរោង​ខុន​ដូ​មិន​ក្រោម២០គំរោង​នោះទេ ដែល​បានបញ្ចប់ និង​កំពុងដំណើរកា​េ​េ​សាងសង់​នៅ​តំបន់​នេះ។

លោក​បន្តថា “វា​ជា​តំបន់​ស៊ី​វិ​ល័យ​មួយនា​ពេលអនាគត វា​ក៏​នឹង​ជា​តំបន់​សំរាប់ lifestyle មួយ​សំរាប់​អនាគត​ផងដែរ ព្រោះ​បច្ចុប្បន្ន​គំរោង​ជាច្រើន​បាននិងកំពុង​ផ្តល់នូវ​ការរស់នៅ​កាន់តែ​សម្បូរបែប​នៅ​តំបន់​នេះ។លោក​បន្តថា “ផ្សារ​ទំនើប Sky barនៅលើ​អាគារធំៗបាន និង​កំពុង​ស្រូបយក​ការចាប់អារម្មណ៍​ពី​អ្នកមាន​ជីវភាព​ធូរធារ​ចូលទៅ​កាន់​តំបន់​នេះ” ។

លោក​យិន លាង​គង់​បាន​បន្តថា បរិយាកាស​រស់នៅ​ល្អប្រសើរ អាច​ស្រូបយក​ខ្ស​យល់​អាកាស​បរិ​សុ​ទ្ឋ អាច​គយគន់​ទេសភាព​ពេល​រាត្រី ក៏ដូចជា ពេល​ព្រះអាទិត្យ​រះ​នា​ព្រឹក​ព្រលឹម សុ​ទ្ឋ​តែ​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ប៉ុន្តែ​ល​ទ្ឋ​ភាព​ទទួលបាន​នូវ​ការរស់នៅ​ប្រកបដោយ​ស៊ី​វិ​ល័យ និង​ភាពថ្លៃថ្នូរ​ជា​រឿង​មួយទៀត។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ Urban Living Solutions បាន​ឲ្យ​ដឹងថា ទីក្រុង​ភ្នំពេញ នឹងមាន​មនុស្ស​រស់នៅ​ដល់៤,៥ ទៅ៥លាន​នាក់ នៅ​ឆ្នាំ២០៣០ខាងមុខ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន ដោយសារ​កត្តា​មួយ​ចំនូ​ន​ដូចជា ទី១ កំនើន​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង ទី២ កម្រិត​ការកកស្ទះ​ចរាចរណ៍​កើនឡើង ទី៣ គុណភាព​ជីវិត​កាន់តែ​ល្អប្រសើរ ដោយសារ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ទី៤ ការរស់នៅ​ខុន​ដូ​មាន​ភាពងាយស្រួល ដែល​ផ្តល់នូវ​កញ្ចប់​សេវា​ស្ទើរ​ទាំងស្រុង​នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ៕