ចំណេះដឹង! តើ​គោលនយោបាយ​ដីធ្លី​ត្រូវបាន​បែងចែក​ដូចម្តេច?

ដោយៈ​វុត្ថា

ភ្នំពេញ៖ ចក្ខុវិស័យ​ស្តីពី​គោលនយោបាយ​ដីធ្លី​នៅ​កម្ពុជា គឺ​ដីធ្លី​ត្រូវបាន​គ្រប់គ្រង រៀបចំ និង​បែងចែក​តាមរបៀប​មួយ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សម្រេច​នូវ​គោលដៅ​ជាតិ​ដ៏​ទូលំទូលាយ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ អភិបាលកិច្ច​ល្អ​នៅក្នុង​សង្គម​ប្រជា​ធិ​តេ​យ្យ ដែល​តម្រង់ទិស​ទៅរក​ទីផ្សារ​ដូច​បាន​ពិពណ៌នា នៅក្នុង​សេចក្តីប្រកាស​ស្តីពី​គោលនយោបាយ​ដីធ្លី។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដី នគរូបនីយកម្ម និង​សំណង់​ស្តីពី ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ នៃ​គោលនយោបាយ​ដីធ្លី​បានឱ្យដឹងថា ចក្ខុ​វិស័យនេះ ត្រូវបាន​បែក​នៅក្នុង​ទិដ្ឋភាពធំ៣គឺ៖

១) ដី​ត្រូវបាន​គ្រប់គ្រង​តាម​វិធិ ដែល​ធ្វើឱ្យ​សិទ្ធិ​លើ​អចលនទ្រព្យ មាន​ភាពច្បាស់លាស់ និង​មាន​សុវត្ថិភាព​ធ្វើឱ្យ​ការផ្ទេរ​ជា​ផ្លូវការ​នូវ​សិទ្ធិ​ទាំងនោះ​មាន​ភាពងាយស្រួល និង​ល្មម​អាំ​ចំណាយបាន។ វិវាទ​នឹង​ថយចុះ​ជា​លំដាប់ ហើយ​ចំពោះ​ករណី​ណា​ដែលមាន​លទ្ធភាព​អាច​ដោះស្រាយ បាន​និង​ដោះស្រាយ​នៅក្រៅ​ប្រព័ន្ធតុលាការ។

២) ដី​ត្រូវ​បានរៀបចំ​តាម​វិធី​មួយ ដែល​ធ្វើឱ្យ​ការប្រើប្រាស់​បានល្អ​ប្រកបដោយ​ចីរភាព និង​ត្រឹមត្រូវ​តាម​បែបបទ​បរិស្ថាន ។ នៅក្នុង​តំបន់​ច្រើន ការប្រើប្រាស់​ដី​ទាមទារ​ឱ្យមាន​តុល្យភាព​រវាង​អ្នកប្រើប្រាស់​ទាំងឡាយ និង​ការប្រើប្រាស់​ច្រើន​គោលដៅ ទន្ទឹមនេះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​នានា។

៣) ដី​រដ្ឋ​ត្រូវបាន​ការពារ​សម្រាប់​ការប្រើប្រាស់ ជា​សាធារណៈ​តាម​កន្លែង​ណា ដែល​សម​នឹង​ប្រើ ក្រៅពីនោះ​ត្រូវ​បែ​អ​ចែក​សំរាប់​ជា​ប្រយោជន៍​ឯកជន តាមរយៈ​ដំណើរការ​ដែលមាន​តម្លៃ​ភាព។

ពេល​សម្រេចបាន​ចក្ខុវិស័យ​ទាំងនេះ នឹង​អនុញ្ញាតឱ្យ​កម្ពុជា​ប្រើប្រាស់​ដី​ប្រកបដោយ​ប្រសិទ្ធិភាព សម្រាប់​គោលដៅ​សេដ្ឋកិច្ច និង​សង្គមកិច្ច និង​ធ្វើឱ្យមាន​ការដោះដូរ​ដី​ធ្វើបាន​ដោយ​សេរី ព្រមទាំង​ទទួលបាន​ផលចំណេញ ពី​ដី​ដែលជា​បិ​តិក​ភណ្ឌ​សាធារណៈ ៕

ការ​អ​ភ​វិ​ឌ្ឍ​លំនៅឋាន​តម្លៃ​ថ្លៃ ចាប់ផ្តើម​រីកសាយ​ភាយ​ទៅកាន់​តំបន់​ជាយក្រុង

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា ការអភិវឌ្ឍន៍​លំនៅឋាន​តម្លៃថ្លៃៗ បាននិងកំពុង​រីកសាយ​ភាយ ទៅកាន់​តំបន់​ជាយ​រាជធានី​ភ្នំពេញ ស្ទើរតែ​គ្រប់​ទិស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ​កាលពីថ្មីៗនេះ​ថា ការរីក​សាយ​នៃ​ការអភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​ថ្លៃ​ទៅកាន់​ជាយ​រាជធានី ដោយសារតែ​តម្លៃ​ដីនៅក្បែរៗ ឬ​កណ្ដាល​រាជធានី​មានការ​ឡើងថ្លៃ​ខ្ពស់ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​មិនអាច​រកប្រាក់​ចំណេញ​បាន។

លោក​បាន​ថ្លែងថា “ដូច្នេះ​ពួកគេ​ត្រូវការ​តម្លៃ​ដី​ទាប ល្មម​ដែល​អាចឱ្យ​ពួកគេ​ចំនេញ​ពី​ការវិនិយោគ។ ម្យ៉ាងទៀត​នៅក្បែរ ឬ​កណ្ដាល​រាជធានី​ក៏​មិនមាន​ដី​ទូលាយ​សម្រាប់​អភិវឌ្ឍន៍​ជា​បុរី​បាន​ស្រួល​នោះដែរ” ។ លោក​បន្តថា “នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ននេះ ក៏មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ច្រើន​ផងដែរ ដែល​ជំរុញ​អោយ​វិនិយោគិន​ងាក​ទៅរក​តំបន់ជាយៗក្រុង​សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា តាម​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏បាន​កំណត់​ការអភិវឌ្ឍ​ជុំវិញ​រាជធានី​ជា​មុំ៣៦០ដឺ​ក្រេ ដូច្នេះហើយ​គ្រប់​ទិស​នៃ​រាជធានី គឺ​ត្រូវមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់។ សម្រាប់​តម្លៃ​ត្រឹម២០ ឬ៣០ម៉ឺន​ដុល្លារ​អាមេរិក នៅ​តំបន់​ជាយ​រាជធានី បច្ចុប្បន្ន​គឺ​នៅមាន​ការគាំទ្រ​ច្រើន ពី​ប្រជាពលរដ្ឋ​ព្រោះថា​វា​ក៏​មិនទាន់​ថា​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ដែរ។

បើតាម​ផែនការមេ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា រដ្ឋាភិបាល​នឹង​បន្ត​ពង្រីក​ក្រុងភ្នំពេញ​បន្តទៀត ជាក់ស្ដែង​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាននិងកំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នានា​ជាច្រើន​ដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុង ស្ពាន​អាកាស និង​បណ្ដាញទឹក​ភ្លើង​ជាច្រើន​ទៀត ។

តាម​ការសង្កេត​ជាក់ស្ដែង​នេះ គម្រោង​លំនៅឋាន​តម្លៃ​ខ្ពស់​មួយចំនួន​បាន​ងាក​ចេញពី​កណ្ដាល ឬ​ក្បែរ​ក្រុង​ទៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយចំនួន ដូចជា​ផ្លូវជាតិ​លេខ៦ ដែលមាន​បុរី​លំនៅឋាន​តម្លៃ រហូតដល់​កន្លះ​លាន​ដុល្លារ​អាមេរិក តំបន់​ក្រាំងធ្នង់​ដែល​ពី​មុនគេ​ចាត់ទុកជា​វាលស្រែ ក៏មាន​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​បុរី​ដឹ​អ័​រ​គី​ដេ​វីឡា​នៅ​តំបន់​ក្រាំងធ្នង់ បានឱ្យដឹងថា គម្រោង​របស់ខ្លួន​បាន​លក់​អស់ ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បន្ទាប់ពី​បើក​លក់​ប៉ុណ្ណោះ បើទោះបីជា​តម្លៃ​លំនៅឋាន​នេះ មានតម្លៃ​ដល់​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ល្វែង​ក៏ដោយ៕

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០ សម្រេចបាន​ជិត ៤០ភាគរយ​ហើយ

ដោយៈ​វុត្ថា

ភ្នំពេញៈ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០ ត​ភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ពោធិសាត់​មកកាន​ក់​ខេ​ត្កោះ​កុង សម្រេចបាន​ប្រមាណ​ជិត៤០ភាគរយ​ហើយ រហូតមកដល់​ពេលនេះ ខណៈដែល​ក្រុមហ៊ុន​កំពុងតែ​ព​ន្លឿ​ន​ការសាងសង់ និង​ដោះស្រាយ​ផលប៉ះពាល់។

លោក​សុខ សុ​ទ្ធី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង នៅ​ថ្ងៃទី ៣ ខែធ្នូ​ឆ្នាំ ២០២០នេះ ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន និង​កំពុង​ដោះស្រាយ​ផល​បះ​ពាល់​ឱ្យនៅ​តិច​បំផុត ចំពោះ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០នេះ ខណៈដែល​គម្រោង​នេះ មាន​ផលប៉ះពាល់ ចំពោះ​ចំការកៅស៊ូ​របស់​ប្រជាពលរដ្ឋ​មួយចំនួន ២០ទៅ២៥ភាគ​ប៉ុណ្ណោះ ។

លោក​បន្តថា ផ្លូវជាតិ​លេខ១០នេះ មាន​ប្រវែង​សរុប​ជាង១៩៨ គីឡូម៉ែត្រ ដែល​នឹងត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ១៨៨លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ត្រូវ​បានប្រកាស​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់បាន​ឱ្យដឹងថា  ផ្លូវជាតិ​លេខ១០នេះ នឹងត្រូវ​សាងសង់​ស្របទៅតាម​ស្តង់ដារ ផ្លូវថ្នល់​កម្រិត៣ នៃ​បទដ្ឋាន​បច្ចេកទេស​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប៩ម៉ែត្រ ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែល​នឹងត្រូវ​ប្រើ​រយៈពេល​សាងសង់៤៨ខែ គិត​ចាប់​ខែធ្នូ ឆ្នាំ២០១៩ ដល់​ខែធ្នូ ឆ្នាំ២០២៣ ។

ផ្លូវជាតិ​លេខ១០ មាន​ប្រវែង​សរុប​ចំនួន១៩៨,៧១គីឡូម៉ែត្រ គិត​ចាប់ពី​តំបន់​វាលវែង​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តបាត់ដំបង ស្រុក​សំឡូត និង​បន្ត​ឆ្ពោះទៅកាន់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

ផ្លូវជាតិ​មួយ​ខ្សែ​នេះ គឺមាន​សារៈ​សំខាន់បំផុត សម្រាប់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ជាពិសេស​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​រវាង​ខេត្ត​ទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ហើយក៏​អាស្រ័យ​ផល និង​ផ្តល់​ភាពងាយស្រួល​ដល់​ខេត្ត​ជិតខាង​មួយចំនួនទៀត​ផងដែរ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍ថា បើទោះបីជា​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ជំងឺឆ្លង Covid-19 យ៉ាងណាក៏ដោយ វា​មិនមែនជា​ឧបសគ្គ​របស់​កម្ពុជា​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ធ​នៅ​ទូទាំងប្រទេស​នោះទេ។ ផ្ទុយទៅវិញ​នៅក្នុង​កាលៈទេសៈ​នេះ កម្ពុជា​បាន​ព្យាយាម​ជំនះ និង​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិស័យសំខាន់ៗ មួយចំនួន​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត៕

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង៩នៅ​ខេត្ត​កែប នឹង​បង្កើន​ទេសចរណ៍ធុរកិច្ច​ក្នុង​តំបន់

ដោយៈ រ៉ា​ណេ​ត

កែប៖ ស្ថិតនៅក្នុង​គោលនយោបាយ ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​បានកំណត់​យក​ខេត្ត​កែប ជា​គោលដៅ​ទេសចរណ៍​កម្រិត​ខ្ពស់ បច្ចុប្បន្ន​រដ្ឋបាលខេត្ត បាននិងកំពុង​អនុវត្តតាម​យុទ្ធសាស្ត្រ ដោយ​ការអភិវឌ្ឍន៍​អាទិភាព ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ​ទូទាំង​ខេត្ត ជាពិសេស​តំបន់​ទេសចរណ៍ធម្មជាតិ​នា​តំបន់ឆ្នេរ។

អភិបាលខេត្ត​កែប លោក​សោម ពិសិដ្ឋ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០កន្លងមក​ថា ក្នុងពេល​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​បាន​បានដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​នានា ក្នុងការ​អភិវឌ្ឍ​ខេត្ត ដោយ​ក្នុង​មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន៩កំពុងដំណើរការ។

លោក​បាន​បញ្ជាក់ថា “មាន​ផ្លូវ​មានសង្ឃឹម ដែល​ប្រយោគ​នេះ​បាន​ក្លាយទៅជា​ចក្ខុវិស័យ​ក្នុងការ​អភិវឌ្ឍន៍​ខេត្ត ក៏ដូចជា​កែប្រែ​មុខមាត់​ខេត្ត ឱ្យ​កាន់តែ​រីកចម្រើន ជាពិសេស​គឺ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៅតាម​ទីប្រជុំជន​រហូតដល់​ជនបទ​តាមរយៈ​ការកសាង​ផ្លូវ​នេះឯង” ។ លោក​បន្តថា “ម្យ៉ាងទៀត តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ល្អប្រសើរ វា​ក៏​ជា​ចលករ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​បង្កើន​កំណើន​ធុរកិច្ច​ទេសចរណ៍​បន្ថែម​ពីលើ​អ្វីដែល​កំពុងមាន​ស្រាប់” ។

លោក​សោម ពិសិដ្ឋ​បាន​បន្តថា ជាក់ស្តែង​ពេលនេះ មាន​ការដ្ឋាន​សាងសង់​គម្រោងធំៗចំនួន៩ កំពុងដំណើរការ​នៅ​ទូទាំង​ខេត្ត ចាប់ពី​ថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ ដែល​ក្នុងចំណោម​គម្រោងធំៗទាំងនោះ​មាន គម្រោង​ជួលជុល​ផ្លូវ​ចំនួន៦គម្រោង ដោយ​គម្រោង​ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ អា​សេ​មាន១គម្រោង មាន១០កំណាត់​ខ្សែ ស្ថិតនៅ​ក្រុងកែប គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន៣គម្រោង ស្ថិតនៅ​មូលដ្ឋា​ន​ក្រុងកែប និង​ស្រុក​ដំណាក់​ចង្អើរ។

គម្រោង​ជួសជុល​ផ្លូវ​ចាក់​បេតុង​អា​មេ ប្រវែង១.៨០០ម៉ែត្រ នៅ​ចំណុច​ផ្លូវ​ស្រែអំបិល​ភូមិ​អំពេ​ង និង​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង ១.៨៩០ម៉ែត្រ លើ​កំ​ណាក់​ផ្លូវ ១៣៣អា ស្ថិតក្នុង​ភូមិ​កែប ក្រុងកែប” ។

ក្រៅពី​គម្រោង​ជួសជុល​ផ្លូវ ខេត្ត​ក៏​កំពុងដំណើរការ​កា​ដ្ឋា​ន​គម្រោង​សាងសង់ រូបសំណាក​នាង​មច្ឆានុ ដែល​ស្ថិតនៅ​ភូមិ​អំពេ​ង គម្រោង​សាងសង់​សាលប្រជុំ​ស្តង់ដា​របស់​សាលាខេត្ត​កែប និង​គម្រោង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដងគោម​បំភ្លឺ និង​ត​បណ្តាញ​អគ្គិសនី​នៅ​ទូទាំង​ខេត្ត​កែប​ទាំងមូល​ផងដែរ៕

គម្រោង​តំបន់​ទេសចរណ៍​របស់​ក្រុមហ៊ុន Naga Corp នៅ​សៀមរាប នឹងមាន​ទំហំ​ធំ​ជាង Diseyland នៅ​អាមេរិក

ដោយ៖ ប៊ី

សៀមរាបៈ គម្រោង Angkor Lake of Wonder នៅលើ​ផ្ទៃដី៧៥ហិកតា​របស់​ក្រុមហ៊ុន ណាហ្គា​ខ​ប (NagaCorp) នឹងមាន​ទំហំ​ធំ​ជាង​កន្លែង​កម្សាន្ត​អន្តរជាតិ​ពីរ​រួមបញ្ចូល​គ្នា​នៅ​រដ្ឋ Los Angeles របស់​សហរដ្ឋអាមេរិក ខណៈ​គម្រោង​នេះ រួមបញ្ចូល​សណ្ឋាគារ​លំ​ដាប់​ខ្ពស់ ឧទ្យាន​ទឹក សួនឧទ្យាន បច្ចេកវិទ្យា កន្លែង​កម្សាន្ត​តាម​ដងទឹក និង​កន្លែង​ប្រជុំ​ធ្វើ​សន្និសីទ និង​តាំងពិព័រណ៍។

ក្រុមហ៊ុន​ណាហ្គា​ខ​ប ដែលជា​ម្ចាស់​និង​ប្រតិបត្តិ​ករ​ណាហ្គា​វើ​ល ក្នុង​រាជធានី​ភ្នំពេញ កាល​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញ​ផែនការ​អភិវឌ្ឍ​រមណី​យ      ដ្ឋា​ន​មិនមាន​ល្បែង ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន៣៥០លាន​ដុល្លារ​នេះ នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​លើកកម្ពស់​តំបន់​ប្រាសាទអង្គរវត្ត ដែល​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក។

រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន NagaGroup Global Limited ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ណាហ្គា ដោយ​ជួល​រយៈពេល៥០ឆ្នាំ លើ​ផ្ទៃដី៧៥ហិកតា ដែលមាន​ចម្ងាយ​តែ៥០០ម៉ែត្រ​ពី​ភាគខាងត្បូង​តំបន់ហាមឃាត់​ខាងក្រៅ​ជុំវិញ​ប្រាសាទអង្គរវត្ត។

ក្រុមហ៊ុន​បានឱ្យដឹងថា “គម្រោង​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា Angkor Lake of Wonder នៅលើ​ផ្ទៃដី៧៥ហិកតា​ធំ​ជាង​ទំហំ​រួម នៃ​កន្លែង​កម្សាន្ត​ខ្នាត​អន្តរជាតិ Disneyland និង Disney California ផ្សងព្រេង​នៅ Los Angeles រួមបញ្ចូល​សណ្ឋាគារ​លំ​ដាប់​ខ្ពស់ ឧទ្យាន​ទឹក សួនឧទ្យាន បច្ចេកវិទ្យា កន្លែង​កម្សាន្ត​តាម​ដងទឹក និង​កន្លែង​ប្រជុំ​ធ្វើ​សន្និសីទ និង​តាំងពិព័រណ៍” ។

មិនតែប៉ុណ្ណោះ ក៏មាន​កន្លែង​កម្សាន្ត​មួយ​ឈ្មោះថា Siem Reap China Town ផ្តល់ជូន​នូវ​អាហារ​តាម​ចិញ្ចើមថ្នល់ Street Food ហាង​ស្រា តន្ត្រី និង​ដើរ​ទិញ​ឥ​វ៉ាន់ ដែល​នឹង​ត្រូវបាន​រួមបញ្ចូល ជាមួយនឹង​សួនច្បារ និង​ត្រូវបាន​ការពារ ដោយ​គម្រប​ដំបូល​អាកាសធាតុ ដែល​ជួយ​លើកកម្ពស់​មិន​ប៉ះពាល់​ដល់​បរិស្ថាន។

ក្រុមហ៊ុន​ណាហ្គា​ខ​ប​បានឱ្យដឹងថា “ការអភិវឌ្ឍ​នេះ នឹង​បម្រើ​ដល់​គោលបំណង​ជាច្រើន​ដូចជា ការបង្កើន​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវទេសចរ ទៅកាន់​ខេត្តសៀមរាប ស្របពេល​ណាហ្គា​វើ​ល​ដ៏ អនុវត្តន៍​យុទ្ធសាស្ត្រ​ធ្វើដំណើរ​ថ្មី​ភ្ជាប់​ខេត្តសៀមរាប និង​ភ្នំពេញ” ។

ក្រុមហ៊ុន​នេះ មានបំណង​អនុវត្តន៍​យុទ្ធសាស្ត្រ ធ្វើការ​ជាមួយ​ភ្នាក់ងារទេសចរណ៍​តាម​អ៊ិន​ធឺរ​ណែ​ត និង​ភ្នាក់ងារទេសចរណ៍​ប្រទេស​ចិន និង​កន្លែង​ផ្សេងទៀត ដើម្បី​ផ្តល់ជូន​នូវ​ដំណើរ​កម្សាន្ត ដោយ​ផ្អែកលើ​មូលដ្ឋាន​ពេញលេញ ក្នុង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ៕

ក្រុមហ៊ុន​អាមេរិក​បោះទុន១១ពាន់​លាន​ដុល្លារ​ទិញ​អចលនទ្រព្យ​នៅក្នុងប្រទេស​ជប៉ុន

ដោយ​វុត្ថា

ប្ររទេស​ជប៉ុនៈ ក្រុមហ៊ុន​ភាគហ៊ុន​ឯកជន​ដ៏​ធំ​មួយ របស់​សហរដ្ឋអាមេរិក Blackstone Group បានសម្រេច​ចំណាយ​ទុន​ប្រមាណ១១០ពាន់​លាន​យ៉េន​ដែល​ស្មើ១,០៥ពាន់​លាន​ដុល្លា​អាមេរិក ដើម្បី​ទិញ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ធំ ៗរបស់​ប្រទេស​ជប៉ុន ។

សារព័ត៌មាន Nikei បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី៣ ខែធ្នូ ថា ការទិញ​អ​ច​ចលនទ្រព្យ នៅក្នុង​ប្រទេស​ជប៉ុន​នេះ​រំពឹងថា នឹងមាន​តម្រូវ​ការជួល​រយៈពេល​វែង​នាពេល​ខាងមុខនេះ ខណៈ​ក្រុមហ៊ុន​របស់​មកពី​តំបន់​អាស៊ី បាន​ទិញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ជប៉ុន​ចំនួន៨ ដែល​ភាគច្រើន​ត្រូវបាន​ទិញ អចលនទ្រព្យ​ដោយ​ក្រុមហ៊ុន General Electric។

សារព័ត៌មាន​ដដែល​បន្តថា លំហូរ​ទុនវិនិយោគ​បរទេស កំពុង​ជំរុញ​ការទិញ​លក់​អចលនទ្រព្យ​របស់​ជប៉ុន បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង ក្នុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ។ ក្រុមហ៊ុន Blackstone គឺជា​ក្រុមហ៊ុន​តែមួយគត់ ត្រូវបាន​គេ​ដឹងថា​នឹង​បោះទុន ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន៦០០ ពាន់​លាន​យ៉េន​នៅក្នុង​វិស័យ​អចលនទ្រព្យ​របស់​ជប៉ុន​នៅ​ឆ្នាំនេះ។

ក្រុមហ៊ុន Blackstoneនេះ បាននិងកំពុង​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​កាន់​តែមាន​ផលចំណេញ​នៅក្នុង​ប្រទេស​ជប៉ុន តាមរយៈ​ការជួសជុល និង​បង្កើន​តម្លៃ​មុនពេល​លក់​ទៅឱ្យ​វិនិយោគិន​ផ្សេងទៀត ក្នុង​រយៈពេល​វែង​ទៅឱ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង ឬ​អ្នក​ដែលមាន​ធនធាន​ខ្ពស់។

វិនិយោគិន​បរទេស​បាន​ទិញ​អចលនទ្រព្យ នៅក្នុង​ប្រទេស​ជប៉ុន​កើនឡើង​ប្រមាណ៤០% នៃ​កិច្ចព្រមព្រៀង នៅក្នុង​រយៈពេល៣ត្រីមាស​ដំបូង​នៃ​ឆ្នាំ២០២០នេះ ។ បើ​យោងតាម​ក្រុមហ៊ុន​សេវាកម្ម អចលនទ្រព្យ​របស់​ប្រទេស​ជប៉ុន Jones Lang LaSalle  បាន​បញ្ជាក់ថា ការសម្រេចបាន​ក្នុង​ទំហំ​នេះ ដោយសារ​មាន​ផលប៉ះពាល់​តិចតួច នៃ​ជំងឺ​រាតត្បាត​នៅក្នុង​ប្រទេស​ជប៉ុន បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​ប។

ក្រុមហ៊ុន Blackstone បាន​បង្កើន​ការវិនិយោគ​នៅក្នុង​ប្រទេស​ជប៉ុន​ដោយ​ផ្តោតលើ​វិស័យ​ភ័ស្តុភារ ដឹកជញ្ជូន និង​អចលនទ្រព្យ​សម្រាប់​ការរស់នៅ។ កាលពី​ខែ​មុន​ក្រុមហ៊ុន​នវ បានសម្រេច​ចិត្ត​ទិញ​អាជីវកម្ម​អា​ផាត​មិន​ជួល​របស់​ប្រតិបត្តិ​ក​របស់​ក្រុម​ហ៊ុ Isetan Mitsukoshi Holdings ក្នុង​កិច្ចព្រមព្រៀង​ដែលរ​មានតម្លៃ​ជិត ២៩០ លាន​ដុល្លារ​អាមេរិក៕

លោកឧកញ៉ា លឹម ហេងៈកម្ពុជាកំពុងធ្វើពិពិធកម្មពាណិជ្ជកម្មថ្មី ជាមួយទីផ្សារប្រទេសចិន

ដោយៈ រ៉ាណេត

ភ្នំពេញៈ  ត្បិតថាទីផ្សារប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មស៊ីជម្រៅជាមួយកម្ពុជា ប៉ុន្តែសម្រាប់ការនាំចេញនូវផ្លែស្វាយស្រស់ លើកដំបូងរបស់កម្ពុជានាពេលនេះ វាគឺជាការធ្វើពិពិធកម្មពាណិជ្ជកម្មថ្មីមួយទៀតរបស់កម្ពុជា ហើយក៏ជាបទពិសោធន៍ថ្មីផងដែរសំេាប់អ្នកនាំចេញកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសា​សន៍នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងដំណាក់កាលនេះ វាគឺជាជំហានដំបូងរបស់កម្ពុជា ហើយក៏ជាបទពិសោធន៍ថ្មីផងដែរ លើការនាំយកផលិតផលកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន។

លោកឧកញ៉ាបានបញ្ជាក់ថា កាលពីពេលកន្លងទៅ ការនាំស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ធ្លាប់មានរួចមកហើយតាមរយៈក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនក្នុងស្រុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ហើយរហូតនាំយកទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។ ប៉ុន្តែសម្រាប់ការនាំចេញទៅកានើទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជានៅពេលនេះ វាគឺជាលើកដំបូង ហើយក៏ជាបទពិសោធន៍ថ្មីផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា “ប្រសិនបើការនាំចេញលើកដំបូងនេះ ទទួលបានលទ្ធផលល្អ នោះវានឹងក្លាយជាចលករថ្មីជួយជំរុញ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បន្ថែមទៀត ហើយកាន់តែល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបង្កើនផលលើដំណាំស្វាយ និងកំពុងមានឧបសគ្គទីផ្សារនាពេលបច្ចុប្បន្ន”។

បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់ សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិនមានចំនួន៤៨ក្រុមហ៊ុនរួមមានម្ចាស់ចម្ការ និងសហគមន៍កសិកម្ម។

នៅក្នុងដំណាក់កាលទី១: អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះពិនិត្យ វាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន១ និងបានផ្ញើជូនGACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានេះ ដើម្បីបំពេញតាមលក្ខខណ្ឌ តម្រូវភូតគាមអនាម័យឱ្យបានល្អសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិ​កម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួន នៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំឱ្យបំពេញបាននូវលក្ខខណ្ឌ តម្រូវភូតគាមអនាម័យរបស់ប្រទេសចិន៕

ហេតុអីតំបន់ជ្រោយចង្វារក្លាយជាទីតាំងសំរាប់វិនិយោគខុនដូ កាន់តែពុះកញ្រ្ជោល?

ដោយគង់ សូរិយា

          ភ្នំពេញៈ តំបន់ជ្រោយចង្វារបាន និងកំពុងក្លាយជាតំបន់ដែលមានការរីកចម្រើនលឿន ដោយសារការវិនិយោគកើនឡើង ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

ហេតុផលជាច្រើន ដែលអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងជ្រើសរើសតំបន់នេះ សំរាប់សាងសង់ខុនដូគឺមានច្រើនចំណុចដូចជា ទី១ មានទន្លេអមសងខាង ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខ​ភាព ទី២ មានទេសភាពស្រស់ស្អាត ដែលអាចគយគន់ដងទន្លេបានយ៉ាងស្រស់ស្រាយ ទី៣ ជាតំបន់ដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋបានយ៉ាងល្អប្រសើរ និងទី៤ កត្តាហុង ស៊ុយ ដែលអ្នកមានជំនឿលើផ្នែកនេះ តែងតែគិតដល់ ព្រោះហុងស៊ុយគឺពាក់ព័ន្ឋដល់ជីវិត និងគុណភាពជីវិត។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៣ ធ្នូនេះថា តំបន់ជ្រោយចង្វារប្រៀបបីដូចជាមេដែកឆក់មួយ ដែលបាននិងកំពុងជំរុញឲ្យតម្លៃដីធ្លីនៅតំបន់នេះកើនឡើង ពិសេសគំរោងខុនដូមិនក្រោម២០គំរោងនោះទេ ដែលបានបញ្ចប់ និងកំពុងដំណើរកាេេសាងសង់នៅតំបន់នេះ។

លោកបន្តថា “វាជាតំបន់ស៊ីវិល័យមួយនាពេលអនាគត វាក៏នឹងជាតំប​ន់សំរាប់lifestyle មួយសំរាប់អនាគតផងដែរ ព្រោះបច្ចុប្បន្នគំរោងជាច្រើនបាននិងកំពុងផ្តល់នូវការរស់នៅកាន់តែសម្បូរបែបនៅតំបន់នេះ”។លោកបន្តថា “ផ្សារទំនើប Sky barនៅលើអាគារធំៗបាន និងកំពុងស្រូបយកការចាប់អារម្មណ៍ពីអ្នកមានជីវភាពធូរធារចូលទៅកាន់តំបន់នេះ”។

លោកយិន លាងគង់បានបន្តថា បរិយាកាសរស់នៅល្អប្រសើរ អាចស្រូបយកខ្សយល់អាកាសបរិសុទ្ឋ អាចគយគន់ទេសភាពពេលរាត្រី ក៏ដូចជា ពេលព្រះអាទិត្យរះនាព្រឹកព្រលឹម សុទ្ឋតែជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែលទ្ឋភាពទទួលបាននូវការរស់នៅប្រកបដោយស៊ីវិល័យ និងភាពថ្លៃថ្នូរជារឿងមួយទៀត។

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutions បានឲ្យដឹងថា ទីក្រុង​ភ្នំពេញ នឹងមានមនុស្សរស់នៅដល់៤,៥ ទៅ៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខ ដែលធ្វើឲ្យប្រជាជនកម្ពុជា សម្រេចចិត្តរស់នៅតាមខុនដូកាន់តែច្រើន ដោយសារកត្តាមួយចំនូនដូចជា ទី១ កំនើនតម្លៃអចលនទ្រព្យនៅក្នុងទីក្រុង ទី២ កម្រិតការកកស្ទះចរាចរណ៍កើនឡើង ទី៣ គុណភាពជីវិតកាន់តែល្អប្រសើរ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងទី៤ ការរស់នៅខុនដូមានភាពងាយស្រួល ដែលផ្តល់នូវកញ្ចប់សេវាស្ទើរទាំងស្រុងនៃតម្រូវការប្រចាំថ្ងៃរបស់ពួកគេ៕

អាមេរិក បានអនុម័តច្បាប់ដើម្បីបង្ខំឱ្យក្រុមហ៊ុនធំៗរបស់ចិនគោរពតាមគោលការណ៍របស់ខ្លួន

ដោយ៖ សុខុម

អន្តរជាតិ៖ ក្រុមសមាជិកសភាអាមេរិក បានអនុម័តសេចក្ដីព្រាងច្បាប់មួយកាលពីថ្ងៃពុធ ទី០២ ខែធ្នូនេះ ដែលអាចរាំងខ្ទប់បណ្ដាក្រុមហ៊ុនចិន មិនឱ្យចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារភាគហ៊ុនអាមេរិក ដរាបណាក្រុមហ៊ុនទាំងនោះមិនគោរពតាមស្ដង់ដារគណនេយ្យភាពរបស់សហរដ្ឋអាមេរិក ឱ្យបានម៉ឺងម៉ាត់បំផុតទេនោះ។ នេះបើយោងតាមគេហទំព័រ channelnewsasia.com ចុះផ្សាយកាលពីថ្ងៃទី៣ ធ្នូនេះ។

សេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័យជាឯកច្ឆន្ទ បន្ទាប់ពីព្រឹទ្ធសភាអនុម័តកាលពីដើមឆ្នាំនេះ រួចបញ្ជូនទៅសេតវិមាន ដែលរំពឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជានឹងចុះហត្ថលេខាសម្រេចឱ្យវាក្លាយជាច្បាប់ជាធរមាន។

“ច្បាប់ជំរុញឱ្យក្រុមហ៊ុនបរទេសទទួលខុសត្រូវ” ឬ Holding Foreign Companies Accountable Act ខាងលើនេះហាមមិនឱ្យចុះបញ្ជីភាគហ៊ុននៃបណ្ដាក្រុមហ៊ុនបរទេសនៅលើទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកឡើយ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនគោរពតាមការណែនាំរបស់ក្រុមសវនករនៃក្រុមប្រឹក្សាត្រួតពិនិត្យគណនេយ្យភាពសាធារណៈ (Public Accounting Oversight Board) របស់សហរដ្ឋអាម៉េរិក រយៈពេល៣ឆ្នាំជាប់គ្នាទេនោះ។

ជាការពិតណាស់ ទោះបីជាច្បាប់នេះអនុវត្តទៅលើក្រុមហ៊ុនមកពីគ្រប់ប្រទេសដោយស្មើភាពគ្នាយ៉ាងណាក្ដី ក៏គេមើលឃើញថា ច្បាប់នេះមានបំណងដាក់សម្ពាធលើក្រុមហ៊ុនចិន ដូចជាក្រុមហ៊ុន Alibaba ក្រុមហ៊ុនបច្ចេកវិទ្យា Pinduoduo និងក្រុមហ៊ុនប្រេងខ្នាតយក្ស PetroChina ជាដើម។

គេសង្កេតឃើញថា វិធានការតឹងរ៉ឹងនានា ដើម្បីដាក់សម្ពាធលើក្រុមហ៊ុនចិន និងការអនុវត្តពាណិញ្ជកម្មរបស់ចិន គឺតែងតែងឆ្លងផុតដំណាក់កាលអនុម័តនៅរដ្ឋសភាដោយសំឡេងភាគច្រើន ព្រោះទាំងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ សុទ្ធតែប្រកាន់ជំហរប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេ្យ លោក គ្រីស វែន ហូឡិន (Chris Van Hollen) ដែលជាអ្នកតាក់តែងសេចក្ដីព្រាងច្បាប់នេះជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក ចន កេណ្ណឌី (John Kennedy) បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា បណ្ដាវិនិយោគិនអាមេរិក “បានចាញ់បោកលុយ បន្ទាប់ពីបណ្ដាក្រុមហ៊ុនចិន ដែលមើលពីសម្បកក្រៅហាក់ស្របច្បាប់ មិនត្រូវបានចាប់បង្ខំឱ្យគោរពតាមស្តង់ដារតែមួយ ដែលគោរពដោយបណ្ដាក្រុមហ៊ុនចុះបញ្ជីសាធារណៈ”៕

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ រួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិដ៏មានប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លើកទី១១ នៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២០ ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ។

ជាមួយគ្នានោះផងដែរ លោកបានបញ្ជាក់ថា “បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា កំពុងប្រឈមនឹងតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺតម្រូវឱ្យស្វែងរកប្រភពហិរញ្ញប្បទានពីបណ្តាដៃគូអភិវឌ្ឍនានារួមមានដូចជា គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” “ខ្សែក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រ” “វិថីសូត្រតាមផ្លូវសមុទ្រនៅសតវត្សទី២១” ហើយលើសពីនេះទៀត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន (Asian Infrastructure Investment Bank-AIIB) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ”។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងបណ្តាក់ទុនវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ជាពិសេស ក្រៅពីរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកំពូលប្រចាំប្រទេស និងជាប៉ូលសេដ្ឋកិច្ចទី១ គឺមានការវិនិយោគនៅប៉ូលសេដ្ឋកិច្ចទី២ និងទី៣ ដែលរួមមានខេត្តព្រះសីហនុស្ថាបនាផ្លូវចំនួន៣៤ខ្សែ ដែលចំណាយប្រមាន២០០លានដុល្លារ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមដើមឆ្នាំ២០២១ បន្ថែមពីលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ការវិនិយោគនៅខេត្តសៀមរាបក៏សាងផ្លូវចំនួន៣៨ខ្សែ គ្រោងចំណាយថវិកា ១៥០លានដុល្លារ ដែលទើបបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ ក្រៅពីគម្រោងសាងសង់ផ្លូវជាតិលេខ៣ ដែលនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ សម្រាប់ឆ្នាំ២០២១ គម្រោងអាទិភាពនៃការសាងសង់ និងស្ថាបនាផ្លូវជាតិសំខាន់ៗរួមមានចំនួន៣ទៀត គឺផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ៕