គម្រោងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ-កំពង់ធំអាចនឹងស្ថិតនៅក្នុងគម្រោងអាទិភាពឆ្នាំ២០២២ ឬ២០២៣

ដោយ ៖ រ៉ាណេត

ក្រចេះៈ គម្រោងសាងសង់ស្ពានឆ្លងទន្លេ ដែលមានប្រវែងជិត២គីឡូម៉ែត្រតភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលគ្រោងសាងសង់ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ និងបម្រើដល់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋអាចនឹងត្រូវដាក់ក្នុងគម្រោងអាទិភាពនៅឆ្នាំ២០២២ ឬឆ្នាំ២០២៣ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលចិន។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងសាងសង់ស្ពានឆ្លងទន្លេដែលមានប្រវែង១,៧៦១ម៉ែត្រ តភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំមិនអាចសាងសង់នៅត្រឹមឆ្នាំ២០២១បាននោះទេ ខណៈដែលគម្រោងដ៏ធំមួយនេះ ស្ថិតនៅក្នុងគម្រោងអាទិភាពក្រោយ។

លោក វ៉ា ស៊ីមសូរិយា បានបញ្ជាក់ថា “វានៅអាទិភាពក្រោយ ដោយនៅក្នុងឆ្នាំ២០២១គម្រោងអាទិភាពគឺមានតែ៣ទេ គឺគម្រោងសាងសង់ផ្លូវជាតិ៤១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ ដែលនឹងត្រូវចាប់ផ្តើមសាងសង់។ ដូច្នេះសម្រាប់គម្រោងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ អាចនឹងស្ថិតនៅក្នុងឆ្នាំបន្ទាប់ ២០២២ ឬហួសទៅឆ្នាំ២០២៣ក៏អាចថាបាន”។

លោកបន្តថា “នៅក្នុងឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវលេខ៧០c តភ្ជាប់ពីគល់ស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ហើយបន្ទាប់មកទៀតផ្លូវលេខ៥០c នៅកំពង់ធំ-កំពង់លែង រួមជាមួយនឹងផ្លូវផ្សេងៗមួយចំនួន ដែលស្ថិតនៅក្នុងផែនការអាទិភាព។ ប៉ុន្តែបើតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេដវែងនេះ ក៏អាចស្ថិតនៅក្នុងអាទិភាពឆ្នាំ២០២២ដែរ តែខ្ញុំមិនទាន់មានព័ត៌មានលម្អិត និងប្រាកដជាក់ពីគម្រោងស្ពានមួយនេះនៅឡើយនោះទេ”។

ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ស្ពានតភ្ជាប់ រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា ការសិក្សាសាងសង់ស្ពានេះ បានចប់សព្វគ្រប់អស់ហើយ សៀវ ភៅ  និងឯកសារផ្សេងៗមានទំាងអស់ ដោយត្រៀមតែក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភាក្សាគ្នាចចាតម្លៃជាមួយក្រុមហ៊ុនសាងសង់។

លោកបន្ត  “នៅពេលចរចាចប់ និងមានការឯកភាព ព្រមទាំងសុំការអនុញ្ញាតពីសម្តេចតេជោរួចរាល់ហើយនោះ ទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើលិខិតស្នើទៅមិត្តចិនដើម្បីសុំប្រាក់កម្ចី។ នេះគឺជានិតិវិធី តែយ៉ាងណាយើងបានសិក្សារួចរាល់អស់ហើយ”។

លោកបន្ថែមថា “និតិវិធីមិនមែនចេះតែធ្វើស្រួលៗនោះទេ  យើងត្រូវចូលរួមសិ  ​ក្សាជាមួយគេ មើលឯកសារហើយ ពិនិត្យ និចចារហើយ រួចបញ្ជូនទៅមិត្តចិន ឱ្យគេពិនិត្យ ឯកភាព ឬមិនឯកភាព មានផលប៉ះពាល់ដល់បរិស្ថានដែរឬទេ  ដូច្នេះសូមបងប្អូនយើងឱ្យយល់ផង”៕

អភិបាលខេត្តកំពង់ស្ពឺអះអាងថា តំបន់សេដ្ឋកិច្ចពិសេសផ្លូវលេខ៤៤ កំពុងពន្លឿនការសាងសង់រោងចក្របន្ថែម

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ និងបង្កើតសួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវ៤៤ ខេត្តកំពង់ស្ពឺ កំពុងតែជំរុញការសាងសង់រោងចក្រយ៉ាងសកម្ម ខណៈដែលបច្ចុប្បន្នមានរោងចក្រចំនួន៤ត្រូវបានសាងសង់រួចរាល់ និងត្រៀមដំណើរការទាំងអស់។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា ត្បិតថាបច្ចុប្បន្នវិបត្តិកូវីដកំពុងបន្តការគំរាមកំហែង ប៉ុន្តែសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍របស់សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវ៤៤ ស្រុកឱរ៉ាល់ មិនបានផ្អាកនោះទេ។

លោកអភិបាលបានបញ្ជាក់ថា “តាមខ្ញុំដឹងរហូតមកដល់ពេលនេះ មានរោងចក្រប្រមាណ៤ ឬ៥ ដែលបានបញ្ចប់ការសាងសង់រួចហើយ ហើយខាងក្រុមហ៊ុនគេនៅតែបន្តសាងសង់រោងចក្រថ្មីៗបន្ថែមទៀត ហើយនឹងត្រៀមដំណើរការទាំងអស់នៅពេលឆាប់ៗខាងមុខនេះ”។

លោកបានបន្តថា “វាជាការពិត នៅពេលដែលមានគម្រោងអភិវឌ្ឍន៍ ឬសាងសង់ជាតំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស វានឹងជំរុញឱ្យមានតម្រូវការប្រើប្រាស់ដី ដែលប្រែក្លាយពីដីទំនេរ ដីស្រែ ដីព្រៃ ទៅជាទីតាំងគោលដៅសាងសង់សំណង់ផ្សេងៗ ដែលវាមានទាំងរោងចក្រ សហគ្រាស តំបន់សម្រាប់កម្មករស្នាក់នៅជាដើម ហើយទាំងអស់នឹងវានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ និងតំបន់ក្បែរខាងឡើងថ្លៃ វាជារឿងធម្មតា”។

បច្ចុប្បន្ននេះ ដោយសារតែភាពអំណោយផលនៃកត្តាភូមិសាស្ត្រ ដែលបង្កភាពងាយស្រួលក្នុងការដាក់ទីតាំងរោងចក្រ ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូន ខេត្តកំពង់ស្ពឺបានទាក់ទាញគម្រោងវិនិយោគរាប់រយគម្រោង ជាពិសេសស្ថិតនៅតាមតំបន់ផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ ផ្លូវ៤១ និងផ្លូវ៤៤ ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍ និងសាងសង់សំណង់រោងចក្រជាច្រើន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា ផ្លូវជាតិលេខ ៤៤ កំពុងបង្ហាញភាពទាក់ទាញ ដល់រោងចក្រឧស្សាហកម្មជាច្រើន ដែលនឹងផ្តល់ផលប្រយោជន៍ដល់វិស័យនាពេលអនាគត។

លោកបន្តថា “ផ្លូវជាតិលេខ៤៤ នឹងក្លាយទៅជាតំបន់ឧស្សាហកម្មដ៏មមាញឹកនៅពេលអនាគត ដូច្នេះពេលក្លាយទៅជាតំបន់ឧស្សាហកម្ម វានឹងក្លាយកន្លែងបណ្តុំរោងចក្រ ហើយវិស័យអចលនទ្រព្យទទួលបានរីកម្រើន ដែលគាំទ្រដោយវិស័យឧស្សាហកម្ម” ។
លោកបន្តទៀតថា “តំបន់នេះ ពិសេសនៅប៉ែកខាងជើង ផ្លូវលេខ៤៤ នៅខាងស្តាំភាគច្រើនទទួលបានផលចំពេញពីការវិនិយោគ។ ដោយឡែកផ្លូវលេខ៤៤ ដែលភ្ជាប់ទៅឱរ៉ាល់ ផ្លូវ៥១ទៅកំពង់ឆ្នាំង និងពោធិ៍សាត់ គឺជាទីតាំងភូមិសាស្ត្រវិនិយោគ ដែលអ្នកជំនាញអចលនទ្រព្យមើលឃើញ ហើយតាមការវិភាគរបស់ខ្ញុំ ផ្លូវ៤៤ និងផ្លូវ៥១ នឹងរីកចម្រើននាពេលអនាគត”៕

ទីតាំងសក្តានុពលៈមួយសប្ដាហ៍ការលក់របស់បុរីKrek City ខេត្តត្បូងឃ្មុំសម្រេច បានជាង២០ភាគរយហើយ

ដោយៈ រ៉ាណេត

ត្បូងឃ្មុំៈ ជាមួយទីតាំងមានសក្តានុពល ដែលអាចប្រកបអាជីវកម្មបាន បានធ្វើឲ្យបុរីKrek City ទទួលបានការបញ្ជាទិញឆាប់រហ័ស ក្នុងពេលបើកលក់សាកល្បងក្នុងដំណាក់ដំបូង គម្រោងបុរីលំនៅដ្ឋានទាន់សម័យ Krek City ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសម្រេចបានជាង២០ភាគរយ។

បុរី ក្រែក ស៊ីធី ហ្គាឌិន (Borey Krek City Garden) គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំជាងគេនៅក្នុងខេត្ត ជាពិសេសនៅក្នុងស្រុកពញាក្រែក លើផ្ទៃដីទំហំជាង១៦ហិកតា ស្មើនឹងប្រមាណ ៧០០ខ្នង ដោយមានការបែងចែកជាប្រភេទ ផ្ទះអាជីវកម្ម (ប្រភេទ២ជាន់ និង៣ជាន់) វីឡាទោល រួមជាមួយនឹងការអភិវឌ្ឍផ្សារសហគមន៍ បែបទំនើបដែលមានរហូតដល់ប្រមាណ៤០០ស្ដង់។

លោកបណ្ឌិត តេង រិទ្ធី ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍មួយនេះ បានមានប្រសា​សន៍ប្រាប់ភ្នាក់ងារគេហទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះថា ទើបតែរយៈពេលមួយសប្ដាហ៍ នៃការបើកលក់សាកល្បងរបស់គម្រោង ទទួលបានការកក់ជាង២០ភាគរយនៃគម្រោងសរុប ដែលក្នុងនោះមានទាំងអតិថិជន ដែលទិញសម្រាប់ស្នាក់នៅផ្ទាល់ និងក្រុមហ៊ុនដែលជាភ្នាក់ងារជាដៃគូផងដែរ។

លោកបានបញ្ជាក់ថា “តាមគម្រោងយើងចង់បើកសម្ពោធការលក់ជាផ្លូវការ ប៉ុន្តែដោយសារតែព្រឹត្តិការណ៍ ភាពប្រឈមនឹងជំងឺឆ្លង ចេះតែកើតមានជាបន្តបន្ទាប់ ដូច្នេះក៏ ពន្យាពេលតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា”។ លោកបន្តថា“ប៉ុន្តែទោះជាយ៉ាងណា គម្រោងមួយនេះគឺមានការគាំទ្រច្រើន ហើយសកម្មភាពនៃការសាងសង់ក៏ត្រូវបានចាប់ផ្តើមទៅតាមផែនការ”។

លោកបណ្ឌិតតេង រិទ្ធី បានមានប្រសាសន៍ថា សម្រាប់អតិថិជនដែលចង់ក្លាយខ្លួនជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី Krek City គឺមានភាពងាយស្រួល ដោយគ្រាន់តែធ្វើការកក់ចាប់ពី១០ភាគរយឡើងទៅតែប៉ុណ្ណោះ ក្រោយពេលសម្ពោធលក់ជាផ្លូវការ ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះ គឺសម្រាប់ការបើកលក់ក្នុងជំហានដំបូងនៅពេលនេះ គឺត្រូវកក់ត្រឹមតែ៥០០ដុល្លារ ក៏អាចក្លាយជាម្ចាស់លំនៅដ្ឋាន ក្នុងគម្រោងអភិវឌ្ឍន៍បុរីមួយនេះបានដែរ។

គម្រោងនេះស្ថិតនៅលើផ្លូវជាតិលខ៧ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ គម្រោងសាងសង់បុរីលំនៅដ្ឋានបែបទាន់សម័យ និងធំជាងគេប្រចាំខេត្តត្បូងឃ្មុំ បុរី ក្រែក ស៊ីធី ហ្គាឌិន (Krek City Garden) នឹងជួយកែប្រែសោភ័ណភាព និងសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យកាន់តែមានភាពល្អប្រសើរ ស្ថិតនៅភូមិ ហួចលិច ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្រាប់ប្រភេទលំនៅដ្ឋានអាជីវកម្មដែលមានកម្ពស់២ជាន់ ត្រូវបានដាក់លក់ក្នុងតម្លៃចាប៣៨,០០០ដុល្លារឡើងទៅ ហើយប្រភេទផ្ទះអាជីវកម្ម៣ជាន់ មានតម្លៃចាប់ពីជាង៧ម៉ឺនដុល្លារឡើងទៅ។ ដោយឡែកប្រភេទផ្ទះវីឡាទោល ត្រូវបានដាក់លក់ត្រឹមតម្លៃជាង៥ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ ដោយគ្រប់ប្រភេទលំនៅដ្ឋាន និងវីឡាសុទ្ធតែត្រូវបានសាងសង់ឡើងស្របតាមកម្រិតស្ដងដារ ទាំងទំហំផ្ទះ និងទំហំដីផងដែរ។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងគម្រោង លោកអ្នកអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៧ ៧០ ៥៤ ៨៨៨ / ០៩៧ ៧១ ៥៤ ៨៨៨៕

តើដីមានតម្លៃប៉ុណ្ណាដែលអ្នកគួរវិនិយោគដើម្បីងាយស្រួលលក់ចេញ?

ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកវិនិយោគដដីធ្លីតែងតែមានឳកាសចំណេញ ប្រសិនជាជ្រើសរើសទីតតាំងបានល្អ និងតម្លៃសមរម្យ ពិសេសកំឡុងពេលសេដ្ឋកិច្ចកើនឡើងល្អប្រសើរ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យ​ដឹងនាព្រឹកថ្ងៃទី៣ ធ្នូនេះថា ប្រសិនជាអ្នកវិនិយោគដីធ្លី ដែលងាយស្រួលក់ចេញនិងងាយស្រួករកអ្នកទិញ លោក អ្នកគួរសិក្សាពីតម្លៃ និងលទ្ឋភាពរបស់ប្រជាជនកម្ពុជាភាគច្រើន ព្រោះប្រជាជនកម្ពុជាភាគច្រើនជាអ្នកមានចំណូលមធ្យម ហេតុនេះលទ្ឋភាពរបស់ពួកគេក៏មានកម្រិតផងដែរ។

លោកបន្តថា “បើលោក អ្នកមានលទ្ឋភាពទិញដីវិនិយោគតម្លៃត្រឹម៥ ទៅ១០ម៉ឺនដុល្លារ លោក អ្នកគួរទិញដីក្នុងតម្លៃចន្លោះពី១០ទៅ៣០ដុល្លាររក្នុងមួយម៉ែត្រការ៉េ ព្រោះដដីមានតម្លៃប៉ុណ្ណឹងងាយឡើងថ្លៃ ប្រសិនជាមានទីតាំងល្អ ពិសេសជាយក្រុងភ្នំពេញ”។​លោកបន្តថា “បើអ្នកមានលទ្ឋភាព២០ទៅ៣០ម៉ឺនដុល្លារ លោក អ្នកក៏គួរវិនិយោគដីមិនលើស១០០ដុល្លាររក្នុងមួយម៉ែត្រការ៉េដែរ ព្រោះដីមានតម្លៃប៉ុណ្ណឹងឡើង អាចពិបាករកអ្នកទិញ”។

លោកយិន លាងគង់បានបន្តថា យ៉ាងណាក៏ដោយដីមានតម្លៃថ្លៃ មិនមែនមិនមានផលចំណេញនោះទេ វាក៏មានផលចំណេញដែរ វាអាស្រ័យលើទីតាំងដែលមានភាពល្អប្រសើរឬអត់? ប៉ុន្តែការពិតលទ្ឋភាពរបស់ប្រជាជនកម្ពុជា ដែលមានប្រាក់ទិញដីតម្លៃចាប់ពី១០០ដុល្លារ ទៅ៥០០ដុល្លារ ឬ២០០០ដុល្លារ ទៅ៩០០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅមានកម្រិតនៅឡើយ។

លោកបន្តថា “ហេតុនេះការវិនិយោគលើដីធ្លី ដែលមានតម្លៃចន្លោះ៥ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺជាតម្លៃសមរម្យ ដែលអ្នកមានជីវភាពមធ្យមអាចមានលទ្ឋភាពទិញបាន ហើយអ្នកមានលទ្ឋភាព ឬជីវភាពមធម្យមមានចំនួនច្រើនលើសលុបនៅកម្ពុជា៕

វិភាគៈតើភាពជឿនលឿននៃបច្ចេកវិទ្យានឹងផ្តល់ប្រយោជន៍ដល់វិស័យ អចលនទ្រព្យនៅកម្ពុជាអ្វីខ្លះ

ដោយៈម៉ាណេត

ភ្នំពេញៈ ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល នៃដំណើរការផ្ទេរអចលនទ្រព្យនៅកម្ពុជា នឹងធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយ ដល់វិស័យអចលនទ្រព្យ ដែលធ្វើឱ្យដំណើរការអាជីវកម្មក្នុងវិស័យអចលនទ្រព្យកាន់តែមានសុវត្ថិ ភាពតម្លាភាព និងលឿនជាងមុនដើ​ម្បីលើកទឹកចិត្តការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នកម្មសិទ្ធិករ អាចចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន តាមពីររបៀបដែលរដ្ឋាភិបាលទទួលស្គាល់។

ចាប់តាំងពីឆ្នាំ២០០១ម្ចាស់អចលនទ្រព្យអាចទទួលបាន នូវប័ណ្ណកម្មសិទិ្ធជាម្ចាស់កម្មសិទិ្ធដីធ្លីដែលហៅថា “ប្លង់រឹង” តាមរយៈការិយាល័យសុរិយោដី នៅក្រសួងគ្រប់គ្រងដែនដី។ ប្លង់រឹងត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិ និងជាទម្រង់កម្មសិទ្ធិដែលមានសុវត្ថិភាពបំផុត។

វិធីទីពីរដែលមិនសូវមានសុវត្ថិភាព គឺដោយទទួលបាន “ប្លង់ទន់” ដែលជាកម្មសិទិ្ធអចលនទ្រព្យទ្រព្យ ត្រូវបានទទួលស្គាល់នៅថ្នាក់មូលដ្ឋាន ប៉ុន្តែអាចត្រូវបានជំទាស់ដោយភាគីផ្សេងទៀត។ ទោះបីជាប្លង់នេះមិនសូវមានសុវត្ថិភាពក៏ដោយ ក៏វានៅតែជាទម្រង់នៃការកាន់កាប់យ៉ាងទូលំទូលាយនៅកម្ពុជាដដែល។

កម្មសិទ្ធិប្លង់ទន់ មិនមានការការពារច្បាប់ពេញលេញទេ ប៉ុន្តែត្រូវបានគេប្រើជាញឹកញាប់ ព្រោះវាងាយស្រួលក្នុងការផ្ទេរអចលនទ្រព្យ នៅពេលដែលម្ចាស់លក់អចលនទ្រព្យរបស់ខ្លួនដោយមាននីតិវិធីរដ្ឋបាលតិចតួចដែលទាមទារ។

តាមរយៈការបង្កើតវេទិកាអនឡាញ អចលនទ្រព្យអាចត្រូវបានផ្ទេរក្នុងដំណើរការប្រកបដោយសុវត្ថិភាព និងផ្លូវការ ហើយមានតម្លាភាពដោយមិនចាំបាច់មានភ្នាក់ងារ និងឈ្មួញកណ្តាល ដែលបន្ថែមការចំណាយមិនចាំបាច់ ហានិភ័យ និងពេលវេលាទៅក្នុងដំណើរការទាំងមូល។ ឈ្មួញកណ្តាលទាំងនេះមិនមានអាជ្ញាប័ណ្ណ ហើយមិនត្រូវបានទទួលស្គាល់ដោយក្រសួងរដ្ឋាភិបាល ហើយផ្តល់ឯកសារតិចតួច ឬគ្មានឯកសារសម្រាប់សេវាកម្មរបស់ពួកគេ។ ឥលូវនេះការផ្ទេរអចលនទ្រព្យ តាមរយៈភ្នាក់ងារអាចចំណាយពេលដល់ទៅ៣ខែ ដើម្បីឲ្យដំណើរការដោយក្រសួងរៀបចំដែនដី។

តាមរយៈការបង្កើតវេទិកាផ្ទេរកម្មសិទ្ធិតាមអនឡាញ រាជរដ្ឋាភិបាលកម្ពុជានឹងនាំមកនូវភាពច្បាស់លាស់ ដែលត្រូវការចាំបាច់ដល់ដំណើរការរដ្ឋបាល ដែលមានសារៈសំខាន់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងការវិនិយោគអចលនទ្រព្យ ខណៈដែលអ្នកទិញអចលនៈទ្រព្យនឹងមានលទ្ធភាពថវិកា និងរៀបចំផែនការរលួន។ នេះបើតាមរបាយការណ៍របស់ EuroCham ចេញផ្សាយនៅសប្តាហ៍នេះ។

ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ក៏នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលប្រមូលថ្លៃសេវា និងពន្ធពីវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព។

របាយការណ៍នេះបានបន្ថែមថា “ការប្រមូលថ្លៃសេវា និងពន្ធតាមបែបអេឡិចត្រូនិកនឹងមានការសម្រួលដល់ការងារបានច្រើន ហើយនឹងមិនមានរំលោភបំពានណាមួយកើតឡើងឡើយ ខណៈវាអាចលុបបំបាត់ ការផ្តល់សេវាដោយភ្នាក់ងារណាមួយ ដើម្បីសម្របសម្រួលដំណើរការទាំងស្រុង”។

ក្រសួងរៀបចំដែនដីបានចាត់វិធានការសំខាន់ៗ ក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡា ញទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួងបានដាក់ចេញកម្មវិធីជាច្រើន ដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើQR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័តជាក់ស្តែង លើគម្រោងសាងសង់ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាលដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។

ការធ្វើទំនើបកម្មឌីជីថល នៃដំណើរការផ្ទេរកម្មសិទ្ធិ នឹងផ្លាស់ប្តូរវិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។

របាយការណ៍របស់ EuroCham បានឱ្យដឹងថា “[ការធ្វើទំនើបកម្មឌីជីថល] នឹងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ ក្នុងការផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាមInternet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេ ជាមួយនឹងការិយាល័យសុរិយោដី ដែលអាចដើរតួជាច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ”៕

តម្លៃដីនៅតំបន់ឆ្នេរខេត្តកោះកុង កំពុងបន្តកើនឡើង

ដោយ ៖ រ៉ាណេត

កោះកុង ៖ ខុសប្លែកពីទីផ្សារដីធ្លីនៅតាមបណ្តាខេត្តមួយចំនួនកំពុងស្ថិតនៅក្នុងសភាពទ្រឹងនោះ សម្រាប់តែខេត្តកោះកុង ជាពិសេសតំបន់ឆ្នេរត្រូវបានប្រតិបត្តិករនៅក្នុងវិស័យនេះអះអាងថា កំពុងតែបន្តឡើងថ្លៃជាបន្តបន្ទាប់ ដែលយ៉ាងហោចណាស់ក្នុងមួយឡូតិ៍មានតម្លៃចាប់ពី១ម៉ឺនដុល្លារឡើងទៅ។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Vibol Realty លោក សេង វិបុល ដែលកំពុងកាន់គម្រោងដីឡូតិ៍ជាច្រើនទីតាំងនៅក្នុងខេត្តកោះកុង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា ការពុះដីឡូតិ៍នៅក្នុងខេត្តកោះកុងទើបតែចាប់ផ្តើមមានសកម្មភាពក្នុងរយៈពេលប្រមាណ ២-៣ ចុងក្រោយនេះតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “ដីឡូតិ៍នៅក្នុងខេត្តកោះកុងត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគនានាធ្វើការពុះឡូតិ៍លក់ក្នុងទ្រង់ទ្រាយផ្សេងៗពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ និងទីតាំង ដូចជាដីស្ថិតនៅតំបន់ឆ្នេរ ដីនៅតំបន់ជិតជើងភ្នំ ដីស្ថិតជិតមាត់ព្រែក និងដីដែលស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅស្រាប់”។

លោក សេង វិបុល បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនដីឡូតិ៍ដែលស្ថិតនៅតាមតំបន់ជិតជើងភ្នំ ឬជិតព្រែ្ ត្រូវបានអ្នកអភិវឌ្ឍន៍ពុះឡូតិ៍ដែលមានទំហំធំ ១០x២៥ម៉ែត្រ សម្រាប់សាងសង់ជាផ្ទះលំហែរកាយ និងត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណជាង១ម៉ឺនដុល្លារឡើងទៅ។ ដោយឡែកដីដែលស្ថិតនៅក្នែរតំបន់ឆ្នេរ ត្រូវបានអ្នកអភិវឌ្ឍន៍ពុះលក់ក្នុងទំហំ៥x២០ម៉ែត្រ លក់ក្នុងតម្លៃជាង១ម៉ឺនដុល្លារដូចគ្នា ហើយដីសម្រាប់សាងសង់លំនៅដ្ឋានស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅស្រាប់ក៏ត្រូវបានគេលក់តម្លៃចាប់ពីជាង១ម៉ឺនដុល្លារដូចគ្នា”។
ជាមួយនឹងការលើកឡើងពីតម្លៃដីខាងលើនេះ លោក សេង វិបុល បានបង្ហាញពីភាពជឿជាក់ថា នៅឆ្នាំបន្ទាប់តម្លៃដីនឹងបន្តឡើងខ្ពស់ជាងនេះ ជាពិសេសដីដែលស្ថិតនៅតំបន់ឆ្នេរ ខណៈពេលដែលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តកំពុងតែបន្តសកម្មភាពយ៉ាងមមាញឹក។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង លោក ហ៊ាង ប៊ុណ្ណា បានមានប្រសាសន៍ថា ទទួលស្គាល់ថាសកម្មភាពទិញ-លក់ដីនៅក្នុងខេត្តពិតជាមានភាពមមាញឹក ប៉ុន្តែភាគច្រើនជាប្រភេទដីតូចៗសម្រាប់សាងសង់លំនៅដ្ឋានតែប៉ុណ្ណោះ ដោយឡែកសម្រាប់ដីធំៗដែលទំហំគិតជាហិកតាឡើងទៅ ក្នុងរយៈពេលនេះហាក់មានភាពស្ងប់ស្ងាត់បន្តិច។

លោកបានបន្តឱ្យដឹងថា ភាគច្រើនពួកគាត់ដែលទិញដីទំហំតូចៗ គឺមានឯកសារទទួលស្គាល់ត្រឹមភូមិ ឃុំតែប៉ុណ្ណោះ ហើយសម្រាប់ម្ចាស់ដីដែលពុះជាឡូតិ៍មួយចំនួនក៏មិនទាន់រត់ការឯកសារច្បាប់មកកាន់មន្ទីរនោះដែរ។ សម្រាប់អ្នកដែលធ្វើអាជីវកម្មដីឡូតិ៍ក្នុងទ្រង់ទ្រាយធំ ត្រូវតែមានការរៀបចំឯកសារពាក់ព័ន្ធឱ្យត្រឹមត្រូវ ជៀសវាងកើតមានបញ្ហាទំនាស់ណាមួយកើតឡើងពាក់ព័ន្ធទៅនឹងការបញ្ជាក់ពីកម្មសិទ្ធិ៕

ក្រសួង​រៀបចំ​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ​នៅ​ចុងខែ​ធ្នូ​ខាងមុខនេះ ប្រសិន​បញ្ហា​កូ​វីដ​បញ្ចប់

ដោយ:គង់ ម៉ា​លីន​ណា

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៤ ដល់២៧ ខែធ្នូ​ខាងមុខនេះ​ក្រសួង​នឹង​បន្ត​រៀបចំ​ពិ​ព័រ​ណ៌​ផលិតផល​ខ្មែរ ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី៥ ដែល​នឹង​រៀបចំឡើង​នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម បាន​នៅ​រសៀល​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០កន្លងមក​បានឱ្យដឹង​ថា ការរៀបចំ​ព្រឹ​ត្ត​ការណ៍​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច គ្រប់​ប្រព័ន្ធ​រវាង​រាជធានី-ខេត្ត​ទូទាំងប្រទេស និង​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឡើងវិញ។

ក្រសួង​នឹង​ប្រមូល​កៀរគរ​ផលិតផល​ខ្មែរ ដែលមាន​គុណភាព​ខ្ពស់ សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ និង​មានការ​វេច​ខ្ចប់​បានល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម​ពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​មក​ដាក់តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​ទៅ​លក់​បន្ត។

សេចក្តីជូនដំណឹង​ដដែល​បាន​បន្តថា ក្នុងអំឡុងពេល​ពិធី​នោះដែរ ក្រសួង​នឹង​សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដោយ​អនុលោម​តាម​ស្តង់ដារ​សុខាភិបាល​ជាតិ៕

ចំណេះដឹង! អ្វី​ជា​សន្និធិ​គយ​បណ្តោះអាសន្ន និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់?

ដោយៈ​វុត្ថា

ភ្នំពេញៈ សន្និធិ​គយ​បណ្តោះអាសន្ន គឺ​សំដៅលើ​សន្និធិ​ទំនិញ ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​គយ នៅ​កន្លែង​ដែល​ទទួល​ការអនុញ្ញាត ដើម្បី​រង់ចាំ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ។

អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិ​ករ ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន ត្រូវ​សម្រេច​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ គឺជា​ទីកន្លែង​ដែល​ទំនិញ ត្រូវ​បានដាក់​សម្រាប់រ​យៈ​ពេល​ជាក់លាក់​មួយ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​គយ ដោយមាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់។ ការដាក់​ទំនិញ​ក្នុង​ភ​ណ្ឌា គារ​គយ​មាន​ដែន​កំណត់ ត្រូវបាន​ព្យួរ​ការបង់ពន្ធ អាករ និង​ការដាក់​កម្រិត​កំណត់​ដែល​ទំនិញ​ទាំងនោះ ត្រូវ​ជាប់។ ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​មាន​បី​ប្រភេទ៖

ក. ភណ្ឌាគារ​សាធារណៈ ដែល​ទទួល​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាចធ្វើ ប្រតិបត្តិការ ដោយ​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល ឬ ដោយ​បុគ្គល​ណាមួយ​បាន។ ភណ្ឌាគារ​នេះ​ត្រូវបាន ប្រើប្រាស់​សម្រាប់​ផ្តល់​សេវា ដល់​បុគ្គល​ទាំងឡាយ​ដែលមាន​សិទ្ធិ​ធ្វើ​សន្និធិ​ទំនិញ។

ខ. ភណ្ឌាគារ​ឯកជន ត្រូវ​បានផ្តល់​ការអនុញ្ញាត ដោយ​នាយក​ទីចាត់ការគយ និង​រដ្ឋាករ​ត្រូវបាន​ប្រើប្រាស់ ដោយឡែក ដោយ​បុគ្គល​ណា​ម្នាក់​សម្រាប់ធ្វើ​សន្និធិ​ទំនិញ ដើម្បី​ការប្រើប្រាស់​ដោយឡែក រាប់បញ្ចូល ទាំង​ប្រតិបត្តិ​ករ​អគារ​លក់ទំនិញ​រួច​ពន្ធ។

គ. ភណ្ឌាគារ​ពិសេស គឺជា​ភណ្ឌាគារ​ដែល​ទទួលបាន​សិទ្ធិ ពី​នាយក​ទីចាត់ការគយ​និង​រដ្ឋាករ សម្រាប់​ថែរក្សា​ប្រភេទ​ទំនិញ​គ្រោះថ្នាក់ ប៉ះពាល់​ដល់​គុណភាព​ទំនិញ​ដទៃទៀត ឬ​អាច​ត្រូវការ​ទីកន្លែង ពិសេស​សម្រាប់​រក្សា​ទំនិញ​ទាំងនោះ។

អាជ្ញាប័ណ្ណ សម្រាប់​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ត្រូវ​កំណត់​នូវ​ល័ក្ខខ័ណ្ឌ​សម្រាប់​ម្ចាស់​កម្មសិទ្ធិ និង​ប្រតិបត្តិ​ករ​រាប់បញ្ចូល​ទាំង​ទីតាំង សំណង់ គម្រោង​អគារ នីតិវិធី​សម្រាប់​ចាត់ចែង និង​គ្រប់គ្រង ។

ទំនិញ​អាច​រក្សាទុក​ក្នុង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ រហូតដល់​រយៈពេល​ពី​រ (២) ឆ្នាំ​គិតពី​ថ្ងៃ​ចុះ ។

ស្ថិតក្នុង​កាលៈទេសៈ​ជាក់ស្តែង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​អនុញ្ញាត​ឲ្យ​បង្កើត​ភណ្ឌាគារ ផលិតកម្ម​មាន​ដែន​កំណត់ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គយ​ក្នុង​គោលបំណង​កែច្នៃ និង​ផលិត​ទំនិញ។ ផលិតផល​ដែល​ដាក់​ចូលក្នុង​ភណ្ឌាគារ​ផលិតកម្ម​មាន​ដែន​កំណត់​ត្រូវ​ព្យួរ​ពន្ធ និង​អាករ​នាំចូល ។

ប្រតិបត្តិ​ការកែច្នៃ ឬ​ចំរាញ់​តេ​ល​សិលា​ឆៅ​ឬ​បី​ទី​ម​ខនិជ ដើម្បី​ទទួលបាន​ផលិតផល​តេ​ល​សិលា ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​របប​ភណ្ឌាគារ ផលិតកម្ម​មាន​ដែន​កំណត់​បាន៕

កោះរ៉ុង​សន្លឹម​នឹងមាន​អគ្គិសនី​ប្រើប្រាស់​ដើរ​ដោយ​ថាមពល​នាពេលខាងមុខឆាប់ៗ

ដោយៈ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​ចែកចាយ​ថាមពល​ពន្លឺព្រះអាទិត្យរ​បស់​បារាំង (DG) សហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Canopy Power Pte Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី សំរេច​បង្កើត​បណ្តាញ​អគ្គិសនី​ថាមពល​ពន្លឺព្រះអាទិត្យ និង​ស្តុក​ថាមពល​នៅ​កម្ពុជា។

យោងតាម​ការចុះផ្សាយ​បស់​គេហទំព័រ renewablesnow.com កាលពី​ថ្ងៃ​ចន្ទ​កន្លងមកនេះ​ឱ្យដឹងថា ក្រុមហ៊ុន (EPC) ជា​អ្នកម៉ៅការ​ផ្នែក​វិស្វកម្ម និង​សាងសង់ និង​ក្រុមហ៊ុន Canopy Power នឹង​ទទួលបន្ទុក​រចនា​ប្លង់ និង​សាងសង់​ឧទ្យាន​ពន្លឺព្រះអាទិត្យ (PV) ដែល​បំពាក់​ដោយ​ថាមពល១,២៥មេ​ហ្គា​វ៉ា​ត់ និង​ថាមពល​ថ្ម២មេ​ហ្គា​វ៉ា​ត់ រួមបញ្ចូល​ជាមួយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​ឧបករណ៍​បញ្ជា​ឆ្លាត។

ចំណែក​ក្រុមហ៊ុន Total Solar DG ជា​អ្នកគាំទ្រ​ហិរញ្ញប្បទាន របស់​គម្រោង​នឹង​គ្រប់គ្រង និង​ដំណើរការ​បណ្តាញ​អគ្គិសនី​បន្ទាប់ពី​ប្រគល់ជូន។

បណ្តាញ​អគ្គិសនី​ខ្នាតតូច ដែល​ត្រូវបាន​បង្កើតឡើង នឹងត្រូវ​សាងសង់​នៅលើ​កោះ​កម្ពុជា​នៃ​កោះរ៉ុង​សន្លឹម ស្ថិតនៅ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ។

យោងតាម​ក្រុមហ៊ុន​ថាមពល ពន្លឺព្រះអាទិត្យ​បារាំង​បានអោយដឹងថា សហគ្រាស​ទេសចរណ៍​នៅ​កោះ​នេះ ពឹង​ផ្អែកលើ​ម៉ាស៊ីនភ្លើង​ម៉ា​ស៊ូ​តរបស់​ពួកគេ ដោយបាន​នាំចូល​ប្រេង។

ក្រុមហ៊ុន Total Solar DG បាន​និយាយថា បណ្តាញ​អគ្គិសនី​ថ្មី​អាច​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងម៉ាស៊ូត​របស់​កោះ​នេះ បាន​ច្រើនជាង ៦០ម៉ឺន​លីត្រ​ក្នុង​មួយឆ្នាំ។

បើតាម​ក្រុមហ៊ុន​បារាំង ការសាងសង់​គម្រោង​បានចាប់ផ្តើម​រួចហើយ ក្រុមហ៊ុន​រំពឹងថា​វា​នឹង​បញ្ចប់​នៅ​ខែមេសា​ឆ្នាំ២០២១ ៕

ការសិក្សា​ថ្មី​បង្ហាញថា​គម្រោង​វិនិយោគធំៗរបស់​ចិន​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​វិនិយោគ​របស​ក្រុមហ៊ុន​ចិនធំៗនៅ​កម្ពុជា ហើយ​បាន​រកឃើញថា គម្រោង​ទាំងនេះ​បាននិងកំពុង​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ និង​សង្គម​នៅ​កម្ពុជា។

យោងតាម​លោក​បណ្ឌិត កែវ ពិសិដ្ឋ ប្រធាន​មជ្ឈមណ្ឌល​ការសិក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ក្នុង​កិច្ចសម្ភាសន៍​តាម​វីដេអូ ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្មីៗនេះ​បានឱ្យដឹងថា វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជាធំៗនៅ​កម្ពុជា មានដូចជា ក្រុមហ៊ុន​សាងសង់​ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុន​ទំនិញ​រួច​ពន្ធ វា​រី​អគ្គិសនី ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន ដែល​នាំមុខ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​ដែល​ចំណងជើង​ថា “អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា” បាន​បង្ហាញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ជីវភាព ការលើកស្ទួយ​សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារ​សង្គម និង​កិច្ចការ​មនុស្សធម៌​ដែល​បាន​ជួយ​កម្ពុជា​កន្លងមកនេះ។

លោក​បណ្ឌិត​កែវ ពិសិដ្ឋ បាន​បន្តថា បានការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានចាប់ផ្ដើម​ពីសី​ហា ដល់​ខែតុលា បាន​សិក្សា​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជា​ចំនួន៦ រួមមាន​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារ​ចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះ​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ មាន China Huaneng Groupជា​ម្ចាស់​ភាគហ៊ុន​ធំ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ។

លោក​បណ្ឌិត​បានឱ្យដឹង​ទៀតថា ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា បើ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៩ តួលេខ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន ចិន​មាន​ប្រមាណ១ភាគ៥ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា។ បន្ទាប់ពី​ប្រទេស​ចិន គី​ក្រុមហ៊ុន​វិនិយោគ ដែល​មកពី​សាធារណៈរ​ដ្ឋ​កូរ៉េ អង់គ្លេស ម៉ា​ឡេ ជប៉ុន និង​វៀតណាម៕