ការសិក្សា​ថ្មី​បង្ហាញថា​គម្រោង​វិនិយោគធំៗរបស់​ចិន​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​វិនិយោគ​របស​ក្រុមហ៊ុន​ចិនធំៗនៅ​កម្ពុជា ហើយ​បាន​រកឃើញថា គម្រោង​ទាំងនេះ​បាននិងកំពុង​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ និង​សង្គម​នៅ​កម្ពុជា។

យោងតាម​លោក​បណ្ឌិត កែវ ពិសិដ្ឋ ប្រធាន​មជ្ឈមណ្ឌល​ការសិក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ក្នុង​កិច្ចសម្ភាសន៍​តាម​វីដេអូ ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្មីៗនេះ​បានឱ្យដឹងថា វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជាធំៗនៅ​កម្ពុជា មានដូចជា ក្រុមហ៊ុន​សាងសង់​ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុន​ទំនិញ​រួច​ពន្ធ វា​រី​អគ្គិសនី ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន ដែល​នាំមុខ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​ដែល​ចំណងជើង​ថា “អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា” បាន​បង្ហាញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ជីវភាព ការលើកស្ទួយ​សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារ​សង្គម និង​កិច្ចការ​មនុស្សធម៌​ដែល​បាន​ជួយ​កម្ពុជា​កន្លងមកនេះ។

លោក​បណ្ឌិត​កែវ ពិសិដ្ឋ បាន​បន្តថា បានការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានចាប់ផ្ដើម​ពីសី​ហា ដល់​ខែតុលា បាន​សិក្សា​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជា​ចំនួន៦ រួមមាន​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារ​ចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះ​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ មាន China Huaneng Groupជា​ម្ចាស់​ភាគហ៊ុន​ធំ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ។

លោក​បណ្ឌិត​បានឱ្យដឹង​ទៀតថា ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា បើ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៩ តួលេខ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន ចិន​មាន​ប្រមាណ១ភាគ៥ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា។ បន្ទាប់ពី​ប្រទេស​ចិន គី​ក្រុមហ៊ុន​វិនិយោគ ដែល​មកពី​សាធារណៈរ​ដ្ឋ​កូរ៉េ អង់គ្លេស ម៉ា​ឡេ ជប៉ុន និង​វៀតណាម៕

អភិបាល​ខេត្តកំពត៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ២៤,៨លាន​ដុល្លារ​នឹងចូលរួមលើកស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​នៅក្នុង​ខេត្ត

ដោយ ​វុត្ថា

កំ​ពតៈ អភិបាលខេត្ត​កំពត​បា​ន​អះអាងថា គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ​កម្រិត​ផ្កាយ៤ អាគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូរ និង​សេវា​ទេសចរណ៍​តម្លៃ២៤,៨លាន​ដុល្លារ​អាមេរិក នឹងចូលរួម​លើកស្ទួយ​ចំណូល​សេដ្ឋកិច្ច របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ឱ្យ​កាន់តែ​មានការ​រីកចំរើន​បន្ថែមទៀត។

លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​ឱ្យដឹង​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា​ម្សិលមិញ​នេះ​ថា គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កំពុងតែ​ដំណើរ​ទៅមុខ ប៉ុន្តែ​កិច្ចការ​នេះ​ត្រូវធ្វើ​ទៅតាម​ដំណាក់កាលនីមួយ។

លោកន្ត​ថា “ការវិនិយោគ​ឱ្យមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដ៏​ធំ​បំផុត​នៅក្នុង​ខេត្ត​នេះ នឹង​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ចំណូល​កាន់តែច្រើន និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​អ្វីដែល​រាជរដ្ឋាភិបាល​ប្រ​ថ្នា​ចង់បាន ជាពិសេស​ខេត្តកំពត” ។

លោក​ជាវ តា​យ កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០កន្លងមកនេះ បាន​បើក​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​លើក​ទី២ ពិនិត្យ​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD ហើយ​បានស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ ជាមួយ​អង្គភាព​ជំនាញ ធ្វើការ​លើ​ការងារ​បច្ចេកទេស ផ្លូវច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​គម្រោង​វិនិយោគ​នេះ។

គម្រោង​ស្នើសុំ​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ​កម្រិត​ផ្កាយ៤ អាគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូរ និង​សេវា​ទេសចរណ៍ ដោយ​គ្រោង​បោះទុន​វិនិយោគ​ប្រហែល ២៤,៨លាន​ដុល្លា​អាមេរិក​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់​សំណើសុំ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ ៤២ហិកតា ជា​តំបន់​ជាប់មាត់​សមុទ្រ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ខេត្តកំពត​ជា​ខេត្ត​មួយ ដែលមាន​កំពុងមាន​ស​ក្តា​នុព​ល​ខ្ពស់ លើ​ការវិនិយោគ និង​ទាក់ទាញ​ភ្ញៀវទេសចរ មកពី​គ្រប់ទិសទី​ទាំង​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​មួយ​នេះ ដោយសារតែ​ខេត្ត​មួយ​នេះ មាន​អំណោយផល​ផ្នែក​ធម្មជាតិ សមុទ្រ ព្រែក ភ្នំ និង​សក្តានុពល​ផ្សេងទៀត ហើយ​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ធ្វើដំណើរ​ប្រមាណ​តែ២ ទៅ៣ម៉ោង​ពី​ភ្នំពេញ។

ខេត្តកំពត បើទោះបី​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​សកល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩យ៉ាងណាក្តី កន្លងមកនេះ បាន​ទត​ទទួល​នៅ​គម្រោង​វិនិយោគ​ជាច្រើន តាមរយៈ​ការបោះ​ទុន​ពី​អ្នកវិនិយោគ​ក្នុងស្រុក លើ​រមណីយដ្ឋាន តំបន់​ទេសចរណ៍ វិស័យ​បដិសណ្ឋារកិច្ច និង អគារ​ពាណិជ្ជកម្ម​ជាច្រើន​ផ្សេងទៀត៕

រដ្ឋបាលខេត្តកោះកុងស្នើក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ពន្លឿនការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់រោងចក្រអគ្គិសនី ៧០០មេហ្គាវាត់

ដោយ ៖ រ៉ាណេត

កោះកុង ៖ រដ្ឋបាលខេត្តកោះកុងបានស្នើដល់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង (Royal Group Co,.Ltd) ដែលទទួលបានសិទ្ធិវិនិយោគ និងអភិវឌ្ឍន៍គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីកម្លាំង៧០០មេហ្គាវាត់ ដើរដោយធ្យូងថ្ម និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅឃុំថ្ម ស្រុកបូទុមសាគរ ជួយសម្រួល និងពន្លឿនការដោះស្រាយលើផលប៉ះពាល់ដែលនៅសេសសល់។

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា បានលើកឡើងនៅក្នុងកិច្ចប្រជុំ និងពិនិត្យផ្តល់យោបល់លើរបាយការណ៍នៅដើមសប្ដាហ៍នេះថា រដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធបានសិក្សា និងធ្វើការវាយតម្លៃទៅលើផលប៉ះពាល់សង្គម និងបរិស្ថាន ទៅលើគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អនុភាព៧០០មេហ្គាវាត់របស់ក្រុមហ៊ុន Royal Group រួចរាល់ហើយ ខណៈដែលក្រុមហ៊ុនក៏បានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋបានមួយចំនួនធំ និងនៅសល់តែបន្តិចបន្តួចតែប៉ុណ្ណោះ។

លោកបានបន្តថា រហូតមកដល់ពេលនេះ ផលប៉ះពាល់ដែលនៅមិនទាន់ដោះស្រាយនៅតិចតួចប៉ុណ្ណោះ ប៉ុន្តែដើម្បីជំរុញកិច្ចដំណើរការនៃគម្រោងប្រព្រឹត្តដោយរលូន រដ្ឋបាលខេត្តបានស្នើដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍មួយនេះ ជួយសម្រួល និងពន្លឿនដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលនៅសេសសល់។ រដ្ឋបាលខេត្តក៏បានស្នើក្រុមហ៊ុនឱ្យមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងការរក្សាសន្តិសុខសុវត្ថិភាព និងហ្វឹកហាត់ជាប្រចាំ ដើម្បីទប់ស្កាត់ និងពន្លត់អគ្គីភ័យ។ បន្ថែមពីនេះ ក៏មានការស្នើឱ្យមានការបញ្ជូនរបាយការណ៍ស្ដីពីការគ្រប់គ្រងសំណល់ ការតាមដានគុណភាពខ្យល់ សំឡេង និងរំញ័រ ការតាមដានគុណភាពទឹកក្រោមដី និងសមុទ្រមករដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋាននៃការមានវិធានការ និងរបាយការណ៍ជូនរដ្ឋបាលថ្នាក់ជាតិ ជាពិសេសក្រសួងបរិស្ថាន។

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក បានទទួលបានសម្បទានអនុវត្តគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល មានអនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង ៥០គីឡូម៉ែត្រ។ រោងចក្រនេះ មានអនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោង ៨០%ក្នុង១ឆ្នាំ។ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ។

គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានអនុភាព៧០០មេហ្គាវាត់មួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចគាំទ្រទាំងស្រុង និងត្រូវបានកំណត់តំបន់គ្រប់គ្រងលើផ្ទៃដីទំហំ ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិ បុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុម សាគរ ខេត្តកោះកុង ទៅជាតំបន់ ប្រើប្រាស់ដោយ ចីរភាព ដូចមានផែនទីនិង និយាមកាភ្ជាប់ជាឧប សម្ព័ន្ធ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដើម្បីបន្តរៀបចំបំពេញបែបបទ នីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បើកជើងហោះហើរឡើងវិញ ក្រោយពីខាតបង់ជាង ៣០០ពាន់លានបាត

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways នឹងចាប់ផ្ដើមប្រតិបត្តិការឡើងវិញ ដោយធ្វើការហោះហើរនៅក្នុងស្រុក និងទៅក្រៅប្រទេស ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុន បានផ្អាកប្រតិបត្តិការជិត៩ខែ ដោយសារតែវិបត្តិកូវីដ១៩ រាតត្បាតប្រទេសថៃ។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះគ្រោងចាប់ផ្ដើមហោះហើរទៅកាន់គោលដៅមួយចំនួននៅក្រៅប្រទេស ដូចជា អាល្លឺម៉ង់ អង់គ្លេស ហុល្លង់ អូស្ត្រាលី កូរ៉េខាងត្បូង ហ្វីលីពីន ចិន និង ជប៉ុន ផងដែរ និងងចាប់ផ្ដើមប្រតិបត្តិការជើងហោះហើរក្នុងស្រុករវាងក្រុងបាងកក-ខេត្តឈៀងម៉ៃ និង បាងកក-ភូកេត ឡើងវិញ។

ជើងហោះហើរពីទីក្រុងបាងកកទៅកាន់ខេត្តទេសចរណ៍សំខាន់ចំនួន ២ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី ១ ខែមេសា។ រីឯថ្ងៃទី ២៥ ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងដំណើរការជើងហោះហើរចំនួន ៣ ក្នុងមួយសប្តាហ៍។ ប្រភពមួយបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កាលវិភាគថ្មីនឹងដំណើរការរហូតដល់យ៉ាងហោចណាស់ថ្ងៃទី ២៨ ខែកុម្ភៈ។

ក្រុមហ៊ុនអាកាសចរណ៍ថៃកំពុងចាប់ដំណើរការជើងហោះហើរអន្តរជាតិមួយចំនួនឡើងវិញចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ២៧ ខែមីនារួមមានជើងហោះហើរប្រចាំសប្តាហ៍ទៅកាន់ ទីក្រុងឡុងដុន ស៊ីដនី សេអ៊ូល ម៉ានីល តៃប៉ិ និងអូសាកា។ ជើងហោះហើរពីទីក្រុងបាងកកទៅតូក្យូនឹងមាន ៣ ដងក្នុងមួយសប្តាហ៍ ហើយជើងហោះហើរពីទីក្រុងបាងកកទៅហុងកុង នឹងមានជារៀងរាល់ថ្ងៃ។

ក្រុមហ៊ុនអាកាសចរណ៍របស់ថៃ បានខាតបង់ទឹកប្រាក់ជាង ៣០០ពាន់លានបាត និងដាក់សំណើសុំជំនួយដើម្បីស្ដារក្រុមហ៊ុនឡើងវិញ ទៅកាន់តុលាការក្ស័យធនកណ្ដាលរបស់ថៃ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានប្រកាសលក់យន្តហោះចំនួន ៣៤គ្រឿង និងបានបញ្ចប់កិច្ចសន្យាបុគ្គលិករបស់ខ្លួនប្រហែល ៥០០០នាក់ផងដែរ៕

ចិនវិនិយោគរោងចក្រផលិតដែកថែបតម្លៃជាង ១៦ លានដុល្លារ នឹងបើកដំណើរការនៅស្រុកឧដុង្គ

ដោយ ហ្សូលី

ភ្នំពេញ៖ ចិនបានវិនិយោគលើគម្រោងរោងចក្រផលិតដែកថែបតម្លៃប្រមាណ ១៦,៧លានដុល្លារ របស់ ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.កនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នឹងប្រតិបត្តិការនៅក្នុងដើមខែធ្នូ ឆ្នាំ ២០២០នេះ។

រោងចក្រផលិតដែកថែបនេះអាចផលិតបាន ៥០០,០០០តោន នៅក្នុងដំណាក់កាលដំបូង បន្ទាប់ពីការសាងសង់រយៈពេល ១ ឆ្នាំ និងឈានចូលដល់ការធ្វើតេស្តនូវគុណភាពផលិត។

លោក កែវ តរនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា លោកនឹងគាំទ្រដល់តម្រូវការថាមពលប្រើប្រាស់ក្នុងរោងចក្រនេះ ដោយសង្ឃឹមមុតមាំថា កម្ពុជានឹងអាចមានវិនិយោគិនចិនកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា និងសាងអនាគតសម្រាប់ប្រទេសកម្ពុជា និងប្រទេសចិន។

លោកបន្តថា គម្រោងវិនិយោគនេះនឹងជួយលើកស្ទួយប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា។

ក្រុមហ៊ុនចិន ហុងឌីសេង ខេមបូឌា នេះភាគច្រើនផលិតដូចជា ខ្សែលួស ដែកថ្នាំងអំពៅ និងដែកសរសៃ ដើម្បីបម្រើដល់ទីផ្សារសំណង់កម្ពុជា។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា កម្ពុជាបាននាំចូលសម្ភារសំណង់តម្លៃ ៥៦៥,៩១ លានដុល្លារ នៅឆមាសទី ១ ឆ្នាំនេះ ខណៈការនាំចូលមានតម្លៃជាង ១,៥១ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។
ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៩ កម្ពុជាបាននាំចូលដែកថែប ៧២២,៦២១ តោន តម្លៃ ៤៧៧,១៩ លានដុល្លារ ស៊ីម៉ងត៍ ១,៩៧ លានតោន តម្លៃ ១២៨,៨៥ លានដុល្លារ និងសម្ភារ សំណង់ ១,៧ លានតោនមានតម្លៃ ៩០០,៥១ លានដុល្លារ ៕

ទឹកប្រាក់ចំនួន ៤១៥លានដុល្លារ ចូលទៅក្នុងទីផ្សារនាំចេញអង្ករទៅកាន់អន្តរជាតិ

ដោយ ហ្សូលី

ភ្នំពេញ៖ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន ៤១៥ លានដុល្លារ សម្រាប់រយៈពេល១១ខែ នៃឆ្នាំ២០២០នេះ ។ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត ១៧% ដែលគិតជាបរិមាណសរុប មានចំនួន ៦០១,០៤៥ តោន ។

បើតាមរបាយការណ៍ របស់សហព័ន្ធស្រូងអង្ករកម្ពុជា ទឹកប្រាក់ចំនួន ៤១៥លានដុល្លារសហរដ្ឋអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន ៤៣លានដុល្លារសហរដ្ឋអាមេរិក ឬជិត ១២% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលបាននាំចេញគិតជាទឹកប្រាក់ត្រឹម ៣៧២លានតែប៉ុណ្ណោះ។

របាយការណ៍បន្តថា ក្នុងរយៈពេល១១ខែនេះដែរ កម្ពុជាបាននាំចេញ អង្ករក្រអូប ចំនួន៤៨១២០០តោន ឬស្មើនឹង៨០%នៃបរិមាណនាំចេញសរុប ដែលក្នុងនោះ អង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥% អង្ករសែនក្រអូបចំនួន ២៥%។

ដោយឡែកសម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤,៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង ១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ ១៣.២៦% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។

នៅក្នុងខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២% ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក។

បើតាមលោករដ្ឋមន្ត្រី វេង សាខុន បានឱ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែមានកំណើននៅ គ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១ សហភាពអ៊ឺរ៉ុប បណ្តាប្រទេស សមាជិកអាស៊ាន និងគោលដៅដទៃទៀត ចំនួន២៩ ប្រទេស៕

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះបើកការដ្ឋានអ៊ុតកៅស៊ូបេទីមលើផ្លូវទាំង៣៤ខ្សែ ចុងក្រោយនៅខេត្តព្រះសីហនុ

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ នៅត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់០.០៧ម៉ែត្របន្ថែមពីលើបេតុងដែលបានចាក់រួចជាបន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ បន្ទាប់ពីថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានសម្ពោធបើកឱ្យដំណើរការនូវការអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៃផ្លូវទាំងនេះ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា “នេះជាជំហានដំបូង ដោយក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាពក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ”។

ចំពោះក្រុមហ៊ុនដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុមានចំនួន៣ក្រុមហ៊ុនគឺ៖
១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីម ផ្លូវចំនួន០៥ខ្សែ ទទួលអ៊ុតផ្លូវចំនួន ៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែករាម ជាប់ (ផ្លូវជាតិលេខ៤)។

២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវា: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃ នប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។

៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ខ្សែ ទទួលអ៊ុតផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយក្រុមហ៊ុនទាំង៣នេះកំពុងដំណើរការអ៊ុតបេទីមព្រមៗគ្នា។ ដោយឡែកក្រុមហ៊ុន L.S Construction Lee Service Cambodia PTC,LTD បានឱ្យដឹងថា ក្រុមហ៊ុនប្រើពេលវេលា ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ ២០២១ ខាងមុខ ៕

ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យកម្លាំង៩០មេហ្គាវាត់ នៅខេត្តពោធិ៍សាត់នឹងដំណើរការនៅដើមឆ្នាំ២០២១

ដោយ ៖ រ៉ាណេត

ពោធិ៍សាត់ ៖ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ឬបន្ទះសូឡា ដែលមានអនុភាពសរុបចំនួន៩០មេហ្គាវាត់ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្នលទ្ធផលនៃការសាងសង់ជិតបញ្ចប់ក្នុងដំណាក់កាលដំបូងហើយ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ថា គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យខាងលើត្រូវបានវិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd នៅលើផ្ទៃដីសរុប១៣៥ហិចតា ជាមួយដើមទុនប្រមមាណ២៨លានដុល្លារ សម្រាប់ប្រើប្រាស់ដាក់ផ្ទាំងសូឡាសាងសង់អគារ ផ្លូវ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត ដែលមានអានុភាពផលិតបច្ចុប្បន្ន៦០មេហ្គាវ៉ាត់ ដោយឡែក៣០មេហ្គាវ៉ាត់ទៀត នឹងបញ្ចប់គម្រោងនៅដើមឆ្នាំ២០២១ខាងមុខ។

លោកបានបន្តថា “កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ស្ថានីយផលិតអគ្គិសនីដែលស្ថិតនៅក្នុងភូមិអន្សរក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់មួយនេះបានផលិតថាមពល និងដាក់បញ្ចូលទៅក្នុងបណ្តាញជាតិកម្រិត៣០មេហ្គាវាត់រួចមកហើយ ដោយឡែកដំណាក់កាលបន្ទាប់នៅត្រឹមខែមករា ឬកុម្ភៈ ដើមឆ្នាំ២០២១ខាងមុខនេះ ស្ថានីយនឹងមានលទ្ធភាពក្នុងការផលិត និងដាកើបញ្ចូលបន្ថែមចំនួន៦០មេហ្គាវាត់ ដែលសរុបទាំងអស់មានអនុភាពរហូតដល់៩០មេហ្គាវាត់ ដូចដែលបានគ្រោងទុកនៅក្នុងផែនការមេ”។

សម្រាប់ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចគាំទ្រ និងអនុម័តលើគម្រោងបង្កើតប្រភពផលិតផលិតថាមពលអគ្គិសនីចំនួន២ ទី១គឺស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានទីតាំងដូចបានលើកឡើងខាងលើនេះ ហើយទី២ គឺគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដែលមានអនុភាព ៨០មេហ្គាវាត់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងតំបន់ និងចែកចាយបន្តទៅកាន់បណ្តាខេត្តដែលស្ថិតនៅក្បែរគ្នា៕

KITA៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានដល់ ៧២៤លានដុល្លារ

ដោយ ហ្សូលី

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូងមានតម្លៃប្រមាណ ៧២៤ លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

តួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ២៦៧ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងគឺធ្លាក់ចុះ ៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃ ៤៥៧ លានដុល្លារពោលគឺថយចុះ ២១ ភាគរយ។

ផលិតផលរបស់ប្រទេសកម្ពុជាដែលនាំចេញទៅប្រទេសកូរ៉េភាគច្រើនគឺ សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម រីឯការនាំចូលសំខាន់ៗពីប្រទេសកូរ៉េចូលមកកម្ពុជាគឺ យានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈឱសថ និងផលិតផលប្លាស្ទិក។

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ៦ ភាគរយ ដល់ជាង ១០០០លានដុល្លារអាមេរិកដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣៣៦ លានដុល្លារ។

ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់នៅពេលកិច្ចពិភាក្សាកំពុងបន្តស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បានបញ្ចប់ ហើយកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន។ ប្រទេសកម្ពុជានិងកូរ៉េខាងត្បូងទើបតែបញ្ចប់ការចរចា FTA លើកទី ៤ របស់ពួកគេ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា លទ្ធផលនៃការចរចារនេះបានបង្ហាញពីវឌ្ឍនភាពវិជ្ជមានហើយ មានតែចំណុចដែលទាក់ទងនឹងទំនៀមទម្លាប់ដែលនៅសេសសល់ នឹងត្រូវពិភាក្សានៅក្នុងកិច្ចចរចានាពេលខាងមុខ៕

អ្នកជំនាញៈទីផ្សារបុរីលំនៅដ្ឋាននៅកម្ពុជាផ្តោតលើអតិថិជនក្នុងស្រុកទិញសម្រាប់រស់នៅ

ដោយ ហ្សូលី

ភ្នំពេញៈ គម្រោងបុរីលំនៅដ្ឋាននៅកម្ពុជា កំពុងមានកំណើនជាបន្តបន្ទាប់។ ចំណែកការអភិវឌ្ឍនៅតែដំណើរការជាធម្មតាដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

អ្នកជំនាញបានលើកឡើងថាបុរីលំនៅដ្ឋានភាគច្រើនផ្តោតលើអតិថិជនក្នុងស្រុកដែលមានគម្រោងទិញសម្រាប់រស់នៅលក្ខណៈគ្រួសារ។

អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ឱ្យដឹងថា តម្រូវការបុរីលំនៅដ្ឋាននៅតែរក្សាបានដំណើរការល្អប្រសើរព្រោះម្ចាស់គម្រោងភាគច្រើនកំពុងទាក់ទាញអតិថិជនក្នុងស្រុក។ចំណែកឯការអភិវឌ្ឍនៅតែរក្សាបានដំណើរការសាងសង់និងមានបុរីខ្លះបានប្រគល់សោជូនដល់អតិថិជនខ្លះទៅហើយ។

លោកស្រីបន្តថា នៅកម្ពុជាមិនទាន់មានសញ្ញាណាមួយដែលបញ្ជាក់ថា ការផ្គត់ផ្គង់លើផ្នែកបុរីលំនៅដ្ឋាននេះ លើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងម្ចាស់គម្រោងនិមួយៗរិះរកយុទ្ធសាស្រ្ត សម្រាប់ផ្តល់លក្ខខណ្ឌក្នុងការលក់ ទៅឱ្យអតិថិជនឱ្យមានភាពងាយស្រួលជាងពេលមុនៗ

នាយិការូបនេះបញ្ជាក់ថាអតិថិជនដែលទិញបុរីលំនៅដ្ឋានភាគច្រើនទិញទុកសម្រាប់រស់នៅលក្ខណៈគ្រួសារមិនមែនសម្រាប់ទុកវិនិយោគបន្តអ្វីនោះទេ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់មានប្រសាសន៍កាលពីពេលថ្មីៗថា តម្រូវការលំនៅឋាននៅតែបន្តមានពីសំណាក់ពលរដ្ឋកម្ពុជា រីឯតម្លៃវិញក៏មិនចុះផងដែរ ដើម្បីឆ្លើយតបទៅតម្រូវការនេះ អ្នកអភិវឌ្ឍន៍បន្តអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទាំងតម្លៃកម្រិតមធ្យម និងកម្រិតខ្ពស់។

លោកបន្តថា តាមការមើលឃើញជាក់ស្តែង នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗចេញពីភ្នំពេញទៅតាមបណ្តាខេត្ត មានគម្រោងអភិវឌ្ឍន៍ទាំងលំនៅឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ជាច្រើនមានការកើនឡើងច្រើន និងបន្តរីកចំរើនបន្ថែមទៀត

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែមុនបានឱ្យដឹងថា គម្រោងបើកដំណើរការថ្មីទាំងនេះ គ្របដណ្តប់ក្នុងខណ្ឌចំនួន៦ មានដូចជា ខណ្ឌសែនសុខ កំបូល ព្រែកព្នៅ ដង្កោ ជ្រោយចង្វារ និងខណ្ឌមានជ័យ។ ក្នុងចំណោមនោះ ខណ្ឌសែនសុខ មានចំណែក៦០ភាគរយនៃគម្រោង លំនៅឋានថ្មីសរុបដែលបើកដំណើរការ៕