តើ​កត្តា​អ្វីខ្លះ​ដែល​ទាក់ទាញ​សហគ្រិន​វ័យក្មេង​ឲ្យ​ប្រើប្រាស់​ការិយាល័យ​សហកម្ម​សិ​ទ្ឋ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការិយាល័យ​រួម (Co-Working Space) ដែលជា​កន្លែងធ្វើការ​ស​ម្រា​ប់​សហគ្រិន​ឯករាជ្យ​វ័យក្មេង ឬ​ជា​ក្រុម​មាន​សមាជិក​តិច ដែលមាន​បំណង​បើក​អាជីវកម្ម​ផ្តួចផ្តើម​ថ្មី បច្ចុប្បន្ន​វា​កំពុង​ទាក់ទាញ និង​មាន​ភាព​ពេញនិយម​ច្រើន ដោយសារ​កត្តា​ចំបង​មួយចំនួន។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ​បាន​មានប្រសាសន៍ថា “ការិយាល័យ​រួមមាន​អត្ថប្រយោជន៍​ច្រើន ដោយមាន​ផ្តល់​បរិក្ខារ​ពេញលេញ​ដូចជា គ្រឿង​សង្ហា​រឹម បណ្តាញ​អ៉ិ​ន​ធឺ​ណែ​ត ម៉ាស៊ីនត្រជាក់ ដោយ​មិនចាំបាច់​រៀបចំ​ខ្លួនឯង​នោះទេ” ។

លោក​ពន្យល់ថា ក្រុមហ៊ុនតូចៗ ឬ​សហគ្រិន​វ័យក្មេង មិនចាំបាច់​ជួល​ការិយាល័យធំៗផ្ទាល់ខ្លួន​ឡើយ ព្រោះ​ទីនោះ​មានតម្លៃ​ថ្លៃ ដូច្នេះ​ការិយាល័យ​រួម​នឹង​ផ្តល់ឱ្យ​នូវ​តម្លៃ​សមរម្យ ដែល​អាច​ផ្តល់​ជា​ការបង់​ប្រចាំខែ គិត​ទៅតាម​ម៉ែត្រការ៉េ​ឬ​តុ។ ប៉ុន្តែ​បច្ចុប្បន្ន​ទីផ្សារ​គិត​ជា​តុ​ច្រើនជាង អាច​អង្គុយ​បាន៣ ទៅ៤នាក់ រីឯ​តម្លៃ​វិញ​មាន​ចាប់ពី៣០០ដុល្លារ​ឡើងទៅ តាម​ចំនួន​តុ។

មិនតែប៉ុណ្ណោះ កត្តា​គួរឱ្យ​ទាក់ទាញ​មួយទៀត​នោះ លោក វ៉ា វីរៈ បាន​លើកឡើងថា “ក្រុមហ៊ុន​ឬ​អាជីវកម្ម​ផ្តួចផ្តើម​ថ្មី អាច​កំណត់​ទីតាំង​របស់​ការិយាល័យ​រួម​បាន ឧទាហរណ៍ នៅពេល​មានការ​ទម្លាក់​ទំនិញ ផ្ញើ​សំបុត្រ ឯកសារ​នានា ព្រមទាំង​របស់របរ​ចាំបាច់ផ្សេងៗនោះបាន​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ច្រើន” ។

ទន្ទឹមនេះ​លោក​សង្កត់ធ្ងន់ថា សហគ្រិន​អាចមាន​ឱកាស​ជួប​មនុស្ស​ច្រើន នៅ​ទីនោះ អាច​ប្រាស្រ័យ​ទាក់ទង​គ្នា ចែករំលែក​បទពិសោធ​ន៍ និង​ជួយ​សហការគ្នា​ទៅវិញទៅមក ព្រោះ​ភាគច្រើន​ការិយាល័យ​រួម​ច្រើន តែ​ស្ថិតនៅ​តំបន់​ទីប្រជុំជន ងាយស្រួល​ជួបពិភាក្សា​ជាមួយ​អតិថិជន​ផងដែរ។

អ្នកជំនាញ​មួយរូប​ដែលជា​អគ្គនាយក​ក្រុមហ៊ុន ERA Cambodia លោក ខន គង្គា​បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ PropertyArea.asiaថា  កត្តា​មាន​ច្រើន​ដែល​ធ្វើ​ឲ្យ​ការិយាល័យ​រួមមាន​ភាព​ទាក់ទាញ។ កត្តា​ទាំងនោះ​មានដូចជា ការិយាល័យ​រួម អនុញ្ញាតឱ្យ​ក្រុមហ៊ុនតូចៗអាចធ្វើ​ការ​មាន​វិជ្ជាជីវៈ ហើយ​មួយទៀត​នោះ​បើ​ពួកគាត់ ទៅ​ជួល​ការិយាល័យធំៗ អាច​នឹងមិន​មានលទ្ធភាព​ជួល ដូច្នេះ​ការិយាល័យ​រួម​នេះ​នឹង​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​បាន។

ជា​ការពិត​ការិយាល័យ​រួម មិនទាន់មាន​ការរីក​ដុះដាល ទូទាំងប្រទេស​កម្ពុជា​នៅឡើយ​ទេ ដោយឡែក​មាន​ច្រើន​តំបន់​គួរសម​ក្នុង​ទីក្រុង​ភ្នំពេញ ដូចជា ម្តុំ​បឹង​កេងកង ទួល​ទំ​ពួ​ង បឹង​ព្រលឹត និង​ទួលគោក​ជាដើម។

យ៉ាងណាមិញ អ្នកវិនិយោគ​លើ​វិស័យ​ការិយាល័យ​រួម​សម្រាប់​ជួល ឬ​ហៅថា Co-working Space នេះ ចាប់ផ្តើម​លូតលាស់​បន្តិចម្តងៗ ព្រោះថា​កម្ពុជា​កំពុងមាន​ការកើនឡើង​ខ្លាំង​នូវ​សហគ្រិន ឬ​អ្នក​ដែល​ចង់​រកស៊ី​មុខ​ជំនួញផ្សេង៕

រាជធានី ខេត្ត​ចំនួន៥ របស់​កម្ពុជា​កំពុង​ក្លាយជា​តំបន់​ភស្តុភារ​កម្ម​ជំរុញកំនើន​សេដ្ឋកិច្ចជាតិ

ដោយ វ​ឌ្ឈ​នា

ភ្នំពេញៈ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​សម្រាប់​ឆ្នាំ២០២១ រំពឹង​កើនឡើង​ដោយ​សន្ទុះ នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) ស្ថិតក្នុង​អត្រា​អាច​សម្រេចបាន​ក្នុង​រង្វង់៤ទៅ៥ភាគរយ។

ជាមួយគ្នានេះ វិស័យ​ភស្តុភា​រកម្ម ក៏បាន​រួមចំណែក​យ៉ាង​ខាន់ ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច​នេះ​ផងដែរ។

យោងតាម​ការសិក្សា​ផែនការមេ​ស្តីពី ការកែលម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​ក្រសួង​សាធារណការ និ​ដឹកជញ្ជូន បានចេញ​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​បាន​បង្ហាញថា ទីតាំង​ចំនួន៥នៃ​ប្រទេស​កម្ពុជា កំពុងមាន​ការកើនឡើង​ខ្ពស់​ស្រប​ទៅ​កំណើនសេដ្ឋកិច្ច សេវាកម្ម​ដឹកជញ្ជូន និង​ប្រជាពលរដ្ឋ​ដែល​រួមមាន ទីក្រុង​ភ្នំពេញ ក្រុងព្រះសីហនុ។ ច្រកព្រំដែន​គោក ច្រករបៀង​បាត់ដំបង-កំពង់ចាម និង​តំបន់​ឦ​សាន្ត។

១ រាជា​ធានី​ភ្នំពេញ

ឧស្សាហកម្មចម្បងៗនៅក្នុង​ឬ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ជា​ឧស្សាហកម្ម​ធុន​ស្រាល​ដូចជា រោងចក្រ​កាត់ដេរ និង​រោងចក្រ​ផលិត​ស្បែកជើង សម្រាប់​ការនាំ​ទៅកាន់​ទីផ្សារ​ទាំង​ឡាយ​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ ទោះ​មាន​កំណើន​ថ្លៃ​ផលិតកម្ម ជាពិសេស​កំណើន​ថ្លៃ​ពលកម្ម ដែល​នឹង​បង្កង​ផល​អវិជ្ជមាន ដល់​ឧស្សាហកម្ម​ទាំងនេះ ក្នុង   រយៈពេល​ខាងមុខ​ក្តី ការអភិវឌ្ឍថ្មីៗ ដែល​កំណត់​ទ្រង់ទ្រាយ​ឧស្សាហកម្ម ក្នុង​រាជធានី​ភ្នំពេញ ទំនងជា​ជា​ត្រូវ​រាប់បញ្ចូល​ទាំង១) ។

ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា កំណើន​ទំនើបកម្ម នៃ​ឧស្សាហកម្ម​ធុន​ស្រាល​បច្ចុប្បន្ន បានផ្តល់​លទ្ធភាព​ឱ្យ​ឧស្សាហ​កម្មនេះ អាចឆ្លើយតប​ទៅនឹង​តម្រូវឱ្យមាន​ប្រសើរ​ជាង​មុន ២) ការធ្វើ​ពិពិធ​កម្ម​នៃ​វិស័យ​កម្មន្តសាល ឆ្ពោះទៅរក​ឧស្សាហកម្ម ដែល​តម្រូវឱ្យមាន​បំណែក និង​វត្ថុធាតុដើមថ្មីៗសម្រាប់​ផលិតកម្ម៣) វិស័យ​កម្មន្តសាល​ជំនួស​ការនាំ​ចូល ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ជាពិសេស​សម្រាប់​ប្រជាជន​ក្នុង​ក្រុង។

គេ​រំពឹងថា​កំណើនសេដ្ឋកិច្ច​ជា​បន្ត​នេះ នឹង​បង្កើន​ប្រាក់ចំណូល​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំណើន​ប្រាក់ចំណូល​នេះ នឹង​បង្កើន​ទំហំ​និង​បរិមាណ​នៃ​ទំនិញ​ពាណិជ្ជកម្ម (សម្រាប់​អ្នកប្រើប្រាស់ និង​អាជីវកម្ម)។ ជាទូទៅ​ប្រជាជន​នៅក្នុង​ទីក្រុង ដូចជា ទីក្រុង​ភ្នំពេញ​នឹងមាន​ទ្រព្យធន​កាន់តែច្រើន​ដូច្នេះ ពួកគេ​នឹង​ប្រើប្រាស់​ផលិតផល​កាន់តែច្រើន​ប្រភេទ និង​មាន​ត​ម្ល​ស​កាន់តែ​ខ្ពស់ ដែល​តម្រូវឱ្យមាន​ភស្តុរ​ភារ​កម្ម​ច្រើន​ប្រភេទ និង​តម្លៃ​កាន់តែច្រើន ស្របទៅតាម​កំណើន​នៃ​ភាពស្មុកស្មាញ និង​ភាពទំនើប​នៃ​ឧស្សាហកម្ម។

កម្ពុជា​នឹងត្រូវ​ការ​វិស័យ​ភស្តុភារ​កម្ម​ដើម្បី​ផ្តល់​សេវា​ជាច្រើន​ដែល​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​ដ៏​ច្រើន​ដូចជា ទំហំ តម្លៃ ល្បឿន ភាព​ញឹកញាប់ និង​សេវា​ទាន់ពេលវេលា។

២ ក្រុងព្រះសីហនុ

រោងចក្រ​ភាគច្រើន​នៅក្នុង​ក្រុងព្រះសីហនុ ជា​ឧស្សាហកម្ម​ធុន​ស្រាល ដែល​ផលិត​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP)។ រោងចក្រ​ទាំងនេះ ប្រើ​សេវា​កំពុងផែ​ក្រុងព្រះសីហនុ ក្រុងព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២ គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលមាន​រោងចក្រ​កម្មន្តសាល​ប្រភេទ​ថ្មី ដែល​ផលិតផល​តូច ស្រាល និង​តម្លៃបន្ថែម​ខ្ពស់​ផងដែរ។

ទំនិញ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ កើនឡើង​ជាប្រចាំ​ស្របទៅតាម​កំណើនសេដ្ឋកិច្ច និង​កំណើនប្រជាជន​នៃ​ប្រទេស​កម្ពុជា។ កំពង់ផែ​ក្រុងព្រះសីហនុ នឹងត្រូវ​ពង្រីក​សមត្ថភាព និង​ភាព​អាច​បត់បែន​បាន​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់។

ខេត្តកំពត​ដែល​នៅក្បែ​នោះ បាន​ផលិតផល​ស៊ីម៉ង់ត៍ ដោយ​ប្រើប្រាស់​ថ្មកំបោរ​ដែល​បានមក​តំបន់​ជុំវិញ​ខេត្ត នឹង​បង្កើត​ប្រភព​ទាំង​ទំនិញ​ល្អ ស្រាប់​ខ្សែ​ផ្លូវដែក​ភាគខាងត្បូង។

ក្រសួងទេសចរណ៍ បាន​ព្យាយាម​ធ្វើ​ពិពិធ​កម្ម ទិសដៅ​ទេសចរណ៍ ឧទាហរណ៍​ក្រុងព្រះសីហនុ ត្រូវបាន​កំណត់​យក និង​ជំ​រុញឱ្យ​ក្លាយទៅជា​ទិសដៅ ទេសចរណ៍​ដ៏​ធំ​មួយ។ មជ្ឈមណ្ឌល​ចែកចាយ(ឧទាហរណ៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម)អាច​បម្រើ​សេចក្តីត្រូវការ​ខាង​ទេសចរណ៍ តាមរយៈ​ការផ្តល់​ទំណិញ​ចាំបាច់​ឱ្យបាន​គ្រប់គ្រាន់។

៣ ច្រកព្រំដែន​គោក

ក្រុង​បាវិត​និង​ក្រុង​ប៉ោយប៉ែត គឺជា​ច្រកព្រំដែន​គោ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​ច្រក​ទាំងពីរ​នេះ ស្ថិតនៅតាម​អនុ​ច្រករបៀង​ភាគ​កណ្តាល នៃ​ច្រករបៀង​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ​ភាគខាងត្បូង។ យើង​អាចបែងចែក​ទំនិញ ឆ្លងកាត់​តាម​ច្រក​ទាំងពីរ​នេះ​ទៅជា២ប្រភេទ៖ ១) បំណែក/វត្ថុធាតុដើម មកពី​រោងចក្រ​មេ​ក្នុងប្រទេស​ថៃ និង​វៀតណាម និង២) ទំនិញ​ឆ្លងកាត់​មកពី​ប្រទេស​ថៃ និង​វៀតណាម​ទៅកាន់​រាជធានី​ភ្នំពេញ។

ការ​បម្លាស់​ផលិតកម្ម​កម្មន្តសាល​ចេញពី​ប្រទេស​ថៃ និង​វៀតណាម នឹង​កើន​ឡើងជា​បន្តបន្ទាប់​ដែល​គេ​រំពឹងថា ទំហំ​និង​ប្រភេទ​ទំនិញ នឹង​បន្ត​កើនឡើង​ស្របតាម​កំណើន​នោះដែរ។

៤ ច្រករបៀង​បាត់ដំបង-កំពង់ចាម

តំបន់​ភាគខាងត្បូង​នៃ​បឹង​ទន្លេសាប ជា​តំបន់​ដែលមាន​ឈ្មោះ​ល្បី ខាង​ការផលិត​ស្រូវ​អង្ក ដែលមាន​គុណភាព​ខ្ពស់។ អង្ករ​នាំចេញ​តែងតែ​ត្រូវការ ការដឹកជញ្ជូន​តាមរ​ថ​យន្ត​ទៅកាន់​រាជធានី​ភ្នំពេញ និង​ដឹកជញ្ជូន​ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីផ្សារ​ក្រៅប្រទេស តាមរយៈ​កំពង់ផែ​ក្រុងព្រះសីហនុ ឬ​ការដឹកជញ្ជូន​តាមផ្លូវ​ទន្លេ។

ការនាំចេញ​អង្ករ​បាន​កើនឡើង​ក្នុង​អត្រា​ថេរ និង​ត្រូវបាន​រំពឹងថា នឹង​បន្ត​កើនឡើង​ដោយសារ​គោលនយោបាយរ​បស់​រាជរដ្ឋាភិបាល។ លើសពីនេះ​ទៀត ខេត្តបាត់ដំបង​ផលិត​ផលិតផល​ស៊ីម៉ងត៍ ដែលជា​ប្រភេទ​ទំនិញ​មាន​សក្តានុពល សម្រាប់​ប្រតិបត្តិការ​ខ្សែ​ផ្លូវដែក​ភាគ​ខាងជើង​ផងដែរ។

៥ តំបន់​ភាគ​ឦ​សាន្ត

តំបន់​ឦ​សាន្ត​ភាគ​ខាងក្រោម មាន​ចំការ​ដំឡូង​មី និង​ចំការកៅស៊ូ​ជាច្រើន ដែល​គេ​រំពឹងថា នឹង​ក្លាយទៅជា​ផលិតផល​នាំចេញ​ដ៏​សំខាន់ ជាពិសេស​ទៅកាន់​ប្រទេស​ចិន ដោយ​ពឹង​ផ្អែកលើ​ការដឹកជញ្ជូន​តាមផ្លូវ​ទន្លេ។ ដោយសារ​ផលិតផល​ដំឡូង​មី និង​ជ័រកៅស៊ូ​កើនឡើង ស្របតាម​លក្ខណ​អំណោយផល នៃ​ទីផ្សារ​តម្រូវការ​ភស្តុភា​រកម្ម ដែល​ទាក់ទង​នឹង​កសិផល​ទាំងនេះ នឹង​កើនឡើង​ស្របទៅតាម​កំណើន​ទាំង​នោះដែរ។

តំបន់​ឦ​សាន្ត​មាន​រ៉ែ​ធម្មជាតិ ដែលមាន​សក្តានុពល​រួមមាន អត់​ទី​ម៉ូ​ន (ជា​ប្រភេទ​ដែក​កម្រ) រ៉ែ​ប៊ុ​ក​ស៊ីដ ធ្យូងថ្ម និង​មាស ក្នុង​ខេត្តក្រចេះ ព្រះវិហារ រតនៈគិរី និង​ខេត្តស្ទឹងត្រែង។ ការអភិវឌ្ឍ​ភស្តុភា​រកម្ម អាច​ចូលរួមចំណែក​ក្នុងការ​ពង្រឹង ការអភិវឌ្ឍ​អាជីវកម្ម​រ៉ែ តាមរយៈ​ការផ្តល់​បណ្តាញ​ផ្លូវថ្នល់​ចូល ចេញពី​ការដ្ឋាន​រ៉ែ និង​ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន៕

គំរោង​ខុន​ដូ​តម្លៃ ៧០០លាន នៅ​តំបន់​ជ្រោយចង្វារ​កំពុង​ទាក់ទាញ​កា​ររ​ចាប់អារម្មណ៍

ដោយ​គង់ សូរិយា

ភ្នំពេញៈ គំរោង​ខុន​ដូ និង​ម​ជ​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ៧០០លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Morgan Group កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ។

ជាមួយនឹង​ក្រុម​លក់​ជាង ១០០នាក់ លោក​ង៉ែត តារា Chairman នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ​Ipin បាន​មានប្រសាសន៍ថា ដោយសារ​ជា​គំរោង​ដែលមាន​ការវិនិយោគ​ពី​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ លើ​ទុនវិនិយោគ​រាប់រយ​លាន​ដុល្លារ ទើប​ធ្វើ​ឲ្យ​អតិថិជន​ជាច្រើន​ងាក​មក ជាវ​យ៉ាងច្រើន។

លោក​បន្តថា “បច្ចុប្បន្ន​អតិថិជន​ជាច្រើន បាន​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក ដោយ​ឈប់​ទិញ​ពី​គម្រោង​ផ្ទាល់ ជាពិសេស​ការប្រើប្រាស់​សេវាកម្ម​ប្រឹក្សា​លក់​គម្រោង​ខុន​ដូ​របស់​ក្រុមហ៊ុន អចលនទ្រព្យ អាយ ភី​ន” ។

លោក​ង៉ែត តារា​បាន​បាន​បន្តថា ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ ដែលមាន​វិជ្ជា​ជី​វះ​និង​ទំនុកចិត្ត​ខ្ពស់ យើង​តែងតែ​ប្រយ័ត្នប្រយែង​បំផុត​ក្នុងការ​សិក្សា វិភាគ មុខ​ពេល​សំរេចយក​និង​ណែនាំ​គម្រោង​ជូន​អតិថិជន។ លោក​បន្ថែមថា យើង​ជា​ក្រុមហ៊ុន​ដែល​ណែនាំ តែ​គម្រោង​ណា​ដែល​អាច​ជឿទុកចិត្ត​បាន មិន​បារម្ភ​ខ្លាច​រាំងស្ទះ​ចំពោះ​ដំណើរការ​សាងសង់។

ជាមួយនឹង​ទីតាំង​ដ៏​មាន​សក្តានុពល ក្រុមហ៊ុន Ipin បានធ្វើ​ការណែនាំ​ពី​គម្រោង​ដែលមាន​ទីតាំង​ប្រកប ដោយ​សក្តានុពល​ទាំង​សំរាប់​ការរស់នៅ និង​វិនិយោគ​ប៉ុណ្ណោះ ដែល​វិធីសាស្ត្រ​យ៉ាង​ស្ទាត់ជំនាញ​របស់​យើង គឺ​ជ្រើស​រើសយក​យូ​នី​ត ដែលមាន​ទីតាំងល្អៗ ដើម្បី​ងាយស្រួល​ដោះដូរភ្លាមៗ ឬ​ការរស់នៅ​ជូន​អតិថិជន​ផងដែរ។

លោក​បន្តថា ជាមួយនឹង​សមត្ថភាព​ជំនាញ យើង​មាន​ក្រុមហ៊ុន​ការងារ សមត្ថភាព​ខ្ពស់​ក្នុង​ការចរចា ទិញ​ក្នុង​តំលៃ​ល្អ​ជូន​អតិថិជន ពីព្រោះ​ខាង​គម្រោង​បាន​ចុះ MOU ជាមួយ​ក្រុមហ៊ុន​មិនអាច​លក់​ទាប​ជាង​ក្រុមហ៊ុន​ជាដាច់ខាត។ លោក​បន្តថា ក្រុមហ៊ុន​អាច​ចរចា​ជួយ​សំរួល ដោយ​ផ្តល់​លក្ខខណ្ឌ​ទូរ​ទាត់ ឬ​បង់ប្រាក់​ដែល​ល្អ​ឲ្យ​សមស្រប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​អតិថិជន។

ក្រុមហ៊ុន​មាន​បណ្តាញ​លក់​ច្រើន នឹង​អាចជួយ​សម្រួល បើសិនជា​អតិថិជន​ចង់​លក់​រឺ​ជួល​បន្ត​គឺមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​ជាពិសេស​ទទួលបាន​តំលៃ​ខ្ពស់។ អតិថិជន​ចំណេញ​ពេលវេលា​ច្រើន ក្នុងការ​ស្វែងរក​ទីតាំង​អចលនទ្រព្យល្អៗ ដែល​ខ្លួន​ចង់បាន។លើសពីនេះ អតិថិជន​មិនចាំបាច់​ហត់​និង​រវល់​រៀបចំ​ឯកសារផ្សេងៗឡើយ ដែល​ជួយ​កាត់បន្ថយ​ហា​នី​ភ័យ លើ​ការទិញ​អចលនទ្រព្យ ដែល​ពាក់ព័ន្ធ និង​មាន​បញ្ហា​ទាំងឡាយ​បាន​ខ្ពស់បំផុត។

លោក​ង៉ែត តារា​បាន​បន្តថា “នេះ​ជា​ផ្នែក​មួយ​នៃ​កា​ជួយ​មើលថែរ អចលនទ្រព្យ​របស់លោក​អ្នក​ដូចជា កា​ជួយ​គ្រប់គ្រង កា​ចាត់ចែង ថែរក្សារ​ការពារ​ផលប្រយោជន៍ កា​ជួយ​ដោះស្រាយ​បញ្ហារផ្សេងៗ និង​គ្រប់​ពេលដែល​ម្ចាស់​ត្រូវកា​ជំនួយ” ។ លោក​បន្ថែមថា IPinជា​អ្នកផ្តល់​ប្រឹក្សារ​ដ៏​ល្អ​បំផុត លើ​កា​វិនិយោគ​អចលនទ្រព្យ​ជូន​លោក អ្នក ដែល​អាច​ណែនាំ​ពី​កា​ប្រើប្រាស់​ចរន្ត​សាច់ប្រាក់ ការ​ជ្រើស​ទីតាំង​គម្រោង​អចលនទ្រព្យ ជាពិសេស​ពេលណា​គួរ​វិនិយោគ​ប្រភេទ​អចលនទ្រព្យ។ ជា​អ្នកផ្តល់​ព៌​ត​មាន និង​មាន​ទិន្ន័យ​ជាច្រើន ជាពិសេស​ព័ត៌មាន ដែល​ទាក់ទង​ការងារ​វិស័យ​អចលនទ្រព្យ ជូន​អតិថិជន​នៅពេល​គាត់​ត្រូវការ៕

រំលឹក​ឡើងវិញ៖ តើ​ប្លង់គោល​អភិវឌ្ឍន៍​ទាំង១៥ នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បែងចែក​ដូចម្តេច?

ដោយ​គង់ សូរិយា

 ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត ប្លង់គោល​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវការ​កាលពី​ប៉ុន្មាន​ឆ្នាំមុន  បាន​បែក​ចែក​រាជធានី​ចំណាស់​នេះ​ជា១៤តំបន់ខុសៗគ្នា តាម​លក្ខណៈ​ប្រជាសាស្ត្រ សេដ្ឋកិច្ច និង​កំណើន​នគរូបនីយកម្ម។

យោងតាម​សេចក្តីព្រាង​ប្លង់គោល​រាជធានី​ភ្នំពេញ ដែល Propertyarea.asia សូម​លើក​យកមក​បង្ហាញ​ជាថ្មី​បាន​បង្ហាញថា រដ្ឋាភិបាល​បានកំណត់ លក្ខណៈវិនិច្ឆ័យ​លើ១៤ចំណុច ដូចជា ទី១ ទម្រង់​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ទី២ការដឹកជញ្ជូន ទី៣ ទីផ្សារ​អចលនវត្ថុ ទី៤ ទីផ្សារ​អចលនទ្រព្យ ទី៥ សង្កាត់​មិន​រៀបរយ ទី៦ ការកកើត​និង​ការរីកចំរើន​របស់​ទីក្រុង​ពី​ឆ្នាំ១៨៥០ ដល់​ឆ្នាំ១៩៩៣ ទី៧ លក្ខណៈសម្បត្តិ​រូបសាស្ត្រ​និង​តួនាទី​លំហ​ក្រុង ទី៨ សន្ទុះ​និង​បុគ្គលិកលក្ខណៈ​ភ្នំពេញ ទី៩ ទេសភាព និង​សមាសភាគ​ទីក្រុង ទី១០ កសិកម្ម​និង​នគរូបនីយកម្ម។

ទី១១ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង ទី១២ មធ្យោបាយ​និង​សេវាសាធារណៈ ទី១៣ និន្នាការ​និង​ទស្សនវិស័យ​នៃ​នគរូបនីយកម្ម​ភ្នំពេញ និង​ទី១៤ ទស្សនវិស័យ​សេដ្ឋកិច្ច​សង្គម​និង​លំហ។

ប្លង់គោល​រាជធានី​ភ្នំពេញ ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ២០១៥ តាមរយៈ​អនុ​ក្រិត​ស្តីពី “ការដាក់​ឲ្យ​អនុវត្ត​ប្លង់គោល ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ២០៣៥” ។

យោងតាម​មាត្រា២ នៃ​អនុ​ក្រិត​លេខ៧៧ អនប​ប្រក ចុះ​ថ្ងៃទី៧ មិថុនា​ឆ្នាំ២០១២ បាន​កំណត់ថា ប្លង់គោល​ប្រើប្រាស់​ដី​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខ័​ណ្ឌ​ជា​ផែនការ​កំណត់​ចក្ខុវិស័យ​និង​យុ​ទ្ឋ​សាស្ត្រ​រួម សម្រាប់​ការ​អភិ​វ​ឌ្ឈ​ផ្នែក​រូបវ័ន្ត​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​គមនាគមន៍សំខាន់ៗ និង​ធ្វើ​សមាហរណកម្ម​ថ្នាក់​រាជធានី ថ្នាក់ស្រុក ថ្នាក់​ខ័​ណ្ឌ​ទៅនឹង​តំបន់​និង​ថ្នាក់ជាតិ។

អតីត​អភិបាល​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស​បាន​ថ្លែងថា “គោលដៅ​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ២០៣៥ ជា​ឯកសារ​យុ​ទ្ឋ​សាស្ត្រ​បំរើ​ឲ្យ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ​មាន​គោលដៅ និង​ទស្សនវិស័យ​ដល់​ឆ្នាំ២០៣៥ ក្នុងការ​គ្រប់គ្រង និង​តំរង់ទិស​ការ​អភិ​វ​ឌ្ឈ​សេដ្ឋកិច្ច ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី និង​តំបន់​ប្រជុំជន​ពាក់​ព័​ន្ឋ​ទាំងទ្បាយ​នៅជាប់​ជុំវិញ ឆ្លើយតបបាន​នឹង​កំនើន​នៃ​ការវិនិយោគ​ឯកជន និង​ចំនួន​ប្រជាជន​ក្នុង​រាជធានី តាមរយៈ​ការ​តំរង់ទិស និង​ជំរុញ​ការវិនិយោគ​សាធារណៈ​ស្របតាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​អភិ​វ​ឌ្ឈ​ន៍​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ” ។

ប្រជាជន​សរុប​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ប្រមាណ៣លាន​នាក់​នាក់ (តាម​ការធ្វើអង្កេត​ប្រជាសាស្ត្រ​កម្ពុជា​ឆ្នាំ២០២១ នៃ​ក្រសួងផែនការ)។ កំនើន​នគរូបនីយកម្ម និង​កំណើន​សាងសង់​សំណង់ធំថ្មីៗ លើសពី៥ជាន់​មាន​ប្រមាណ៦២៨អាគារ និង​សំណង់​បុរី​ចំនួន១១០ទីតាំង ពង្រាយ​នៅ​ទាំង​ខ័​ណ្ឌ​ក្នុង​ក្រុង និង​ជាយក្រុង​និង​បាន​ជំរុញ​ការរីក​ទីក្រុង​ទៅ​តំបន់​ខាងក្រៅ ចេញពី​ខ័​ណ្ឌ​កណ្តាល​ក្រុងភ្នំពេញ ស្ទើរតែ​ហួស​ពី​តំបន់​រដ្ឋបាល​របស់ខ្លួន។

លោក​ម៉េង ប៊ុណ្ណា​រិ​ទ្ឋ​មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា ក្នុង​ប្លង់គោល​នេះ​បានរៀបចំ​រាជធានី​ភ្នំពេញ​ប្រមាណ១៥តំបន់ខុសៗគ្នា ដូចជា​តំបន់​ពាណិជ្ជកម្ម តំបន់​លំនៅដ្ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្ម​តំបន់​ដែល​ត្រូវ​អភិ​រ័ក្ស​ជាដើម ប៉ុន្តែ​នៅពេល​ប្លង់គោល​នេះ​ត្រូវ​សិក្សា​លំអិត តំបន់​និមួយៗអាច​នឹងមាន​ច្រើនជាង​នេះ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង។

នៅពេល​សាក​សួរថា​តើ​ទីក្រុង​ភ្នំពេញ នឹងត្រូវ​ពង្រីក​បន្ថែមទៀត​ឬ​យ៉ាងណា​លោក​ម៉េង ប៊ុណ្ណា​រិ​ទ្ឋ​បាន​ថ្លែងថា “នៅពេល​នយោបាយ​កម្ពុជា​នៅតែមាន​ស្ថិរភាព សេដ្ឋកិច្ចកម្ពុជា​បន្ត​កើន​ទ្បើង និង​មាន​កំណើន​នៃ​ការ​អភិ​វ​ឌ្ឈ ការពង្រីក​ក្រុង​អាច​ត្រូវ ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង​រៀងរាល់៥ឆ្នាំ​ម្តង។ លោក​បន្ថែមថា“ប្លង់​របស់​យើង​អាច​មានការ​លំអៀង ដូច្នេះ​ការពង្រីក​ទីក្រុង​នឹងត្រូវ​សិក្សា​ទ្បើង​វិញ តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីកចំរើន​នគរូបនីយកម្ម និង​កំណើន​ប្រជាសាស្ត្រ” ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​យើង​បាន​រង់ចាំ​រាប់​ឆ្នាំ​មកហើយ។ គ្រប់​ទីក្រុងធំៗ នៅតាម​បណ្តា​ប្រទេស​នៅលើ​ពិភពលោក សុ​ទ្ឋ​តែមាន​ប្លង់គោល​នៅ​ទ្បើ​យ តែ​កម្ពុជា​មិនទាន់មាន។ ដូច្នេះ​ការ​មាន​ប្លង់គោល​ជាការ​ប្រសើរ​ណាស់ ព្រោះ​ទី១ អាច​បង្ហាញ​ពីរ​ចនាស​ម្ព័​ន្ឋ​ទីក្រុង​ច្បាស់លាស់​ថា ត្រូវ​សាងសង់​អ្វី និង​ជាការ​ងាយស្រួល​ដែល​យើង​បង្ហាញ​ពី​ប្លង់គោល​ទីក្រុង​របស់​យើង​ទៅ​អ្នកវិនិយោគ។

ទី២ អាច​ដឹង​ពី​តំបន់​ណា​ត្រូវធ្វើ​អ្វី និង​កសាង​អាគារ​កំពស់​ប៉ុណ្ណា ទី៣ អាច​កាត់បន្ថយ​ការសាងសង់​សំណង់អាណាធិបតេយ្យ និង​ទី៤ អាច​កាត់បន្ថយ​ផល​រំខាន​នានា​លើ​ការសាងសង់​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​សាធារណៈ៕

យុទ្ធសាស្ត្រ៣ ជា​សូចនាករ​សម្រាប់​ធ្វើការ​វិនិយោគ​អចល​ទ្រព្យ​ទទួលបានប្រាក់ចំណេញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​ធ្វើឡើង​ច្រើន​វិធី និង​ច្រើន​យុទ្ធសាស្ត្រ ក្នុង​គោលបំណង​រួម​តែមួយ គឺ​ចង់​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ ដែល​បញ្ហា​នេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​បង្ហើប​ពី​យុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជា​មូលដ្ឋានគ្រឹះ ដើម្បី​ជោគជ័យ​លើ​ការវិនិយោគ និង​ចំណេញ​បាន​ប្រាក់​ច្រើន។

លោក​បាន​មានប្រសាសន៍ថា យុទ្ធសាស្ត្រ​ចំនួន៣ ដែល​ត្រូវបាន​គេ​យកមកអនុវត្ត និង​ទទួលបាន​លទ្ធផល​ល្អ ឆ្លើយតប​ទៅនឹង​ការវិនិយោគ ដូចជា ទី១- ការវិនិយោគ​ជា​លក្ខណៈ​បុគ្គល ទី២- ការវិនិយោគ​ជា​លក្ខណៈ​ក្រុមតូចៗ និង​ទី៣ ការវិនិយោគ​រួមជាមួយ​ក្រុមហ៊ុន​ដែលមាន​អ​ជ្ញា​ប័ណ្ណ គ្រប់គ្រង​មូលនិធិ​ហិរញ្ញវត្ថុ ដែល​មូលដ្ឋាន​ទាំង៣នេះ អាចជួយ​ជម្រុញ​ការវិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ ប្រកបទៅដោយ​ភាពជោគជ័យ និង​ទទួលបាន​ប្រាក់ចំណេញ។

ទី១ ការវិនិយោគ​ជា​លក្ខណៈ​បុគ្គល

អ្នកវិនិយោគ​ត្រូវមាន​រូបមន្ត ក្នុងការ​ចាប់ផ្ដើម​ចេញ​ពី​មូលដ្ឋាន ក្នុងការ​ស្វែងរក​ប្រភព​នៃ​ព័ត៌មាន ដែល​ស័ក្ដិសម​ទៅនឹង​លទ្ធភាព នៃ​ការវិនិយោគ​របស់​យើង នៅក្នុង​តំបន់ ដែលមាន​លក្ខណៈ​ដូចជា​ប្រភេទ​លំនៅដ្ឋាន ឬ​ជា​ដីធ្លី ឬ​ជា​ប្រភេទ​អា​ពាណិជ្ជកម្ម ដែល​ការវិនិយោគ​ប្រភេទ​នេះ ចាំបាច់​ត្រូវ​អាស្រ័យទៅលើ​ចំណូលចិត្ត និង​ការប្រឹក្សា​យោបល់​បន្ថែម ពី​អ្នកជំនាញ​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ស្ថិតនៅក្នុង​សមាគម ដែលមាន​ជាង១២០ក្រុមហ៊ុន និង​ជាង៣០០០ភ្នាក់ងារ​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​មិន​ត្រូវបាន​ចំណាយ​ថវិកា​នោះទេ។

ទី២ ការវិនិយោគ​ជា​លក្ខណៈ​ក្រុមតូចៗ

ជា​កិច្ចសហការ​ជា​ដៃគូ​ចាប់ពី២នាក់ រហូតដល់១០នាក់ ដោយ​ការចូល​បដិភាគ​ទុនវិនិយោគ ដើម្បី​ទិញ​អចលនទ្រព្យ​ទុក សម្រាប់​វិនិយោគ​បន្ត​ទទួលយក​ប្រាក់ចំណេញ​នៅពេល​អនាគត​រួមគ្នា ដោយ​ការ​បែង​ចែង​ភាគលាភ ទៅតាម​ភាគរយ​នៃ​ដើមទុន ដែល​បាន​ចូលរួម។ តើ​ត្រូវមាន​នីតិវិធី​ដូចម្ដេច ដើម្បី​អាច​ជៀស​ផុតពី​ហានិភ័យ ហើយ​មាន​អត្រា​ជោគជ័យ​ខ្ពស់? ចម្លើយ​គឺ ត្រូវមាន​មូលដ្ឋាន ដើម្បី​ចងក្រង​ជា​ក្រុម​ដោយមាន​ការចែក​បែងចែក​នូវ​អំណាច​នៃ​ការអនុវត្ត ការទទួលខុសត្រូវ និង​ការ​បំណែងចែក​ការងារ។

ការ​ចងក្រង​ជា​ក្រុម គឺអាច​ជួយ​ដុស​ខាត និង​បណ្តុះ​ចំណេះដឹង​ដល់​សមាជិក​ក្នុង​ក្រុម ក្នុង​ការចេះ​សម្លឹងមើល​ពី​បរិបថ​នៃ​ទីផ្សារ​កាន់តែ​ទូលាយ និង​មានឱកាស​រីកចម្រើន​លឿន។

ទី៣ ការវិនិយោគ​រួមជាមួយ​ក្រុមហ៊ុន​ដែលមាន​អ​ជ្ញា​ប័ណ្ណ គ្រប់គ្រង​មូលនិធិ​ហិរញ្ញវត្ថុ (Real Estate Investment Trust)

ការវិនិយោគ​បែបនេះ ភាគច្រើន​ក្រុមហ៊ុន​ដែលមាន​អ​ជ្ញា​ប័ណ្ណ មាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​មូលនិធិ​ហិរញ្ញវត្ថុ ដែល​ប្រមូលបាន​ពី​ការសហការ​ចូលរួម វិនិយោគ​ពី​ដៃគូតូចៗមក​បង្កើតជា​ដើមទុន សម្រាប់​វិនិយោគ​ទៅលើ​គម្រោង​ធំ ដែល​អាចមាន​លទ្ធភាព​ទទួលបាន​ប្រាក់ចំណេញ​ច្រើន ដោយមាន​ការ​សន្ម​ត់​ពី​ថេរវេលា​យ៉ាងច្បាស់​លាស់ ពី​ក្រុមហ៊ុន​មាន​អ​ជ្ញា​ប័ណ្ណ ដែលជា​អ្នកគ្រប់គ្រង​មូល​នី​ធិ​ហិរញ្ញវត្ថុ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បានបញ្ជាក់​ផងដែរ​ថា នៅក្នុង​ចំណោម​មូលដ្ឋាន​វិនិយោគ​ទាំង៣ខាងលើនេះ សុទ្ធតែ​មានឱកាស​ទទួល​បាន​ភាគលាភ​ដូចគ្នា ប៉ុន្តែ​អ្វីដែល​សំខាន់ មុនពេល​សម្រេចចិត្ត​វិនិយោគ​នៅក្នុង​ចំណែក​ណាមួយ ចាំបាច់​បំផុត​ត្រូវមាន​ការសិក្សា ស្វែងយល់ និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​ឱ្យមាន​គ្រប់គ្រាន់ ឬ​អាចមាន​មេធាវី​ក្នុង​ការរក្សា និង​ការពារ​ផលប្រយោជន៍។

លោក​បន្តថា “អ្វីដែល​សំខាន់​ជាង​ទៅទៀត សម្រាប់​ប្រភពព័ត៌មាន និង​ការរៀបចំ​ឯកសារ​ពាក់​ព័ន្ធ​នានា លោកអ្នក​ក៏​អាច​ប្រឹក្សា​បន្ថែម​ជាមួយ​សមាជិក សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ដោយ​មិនមាន​តម្រូវ​ចំណាយ​ថវិកា​នោះទេ” ៕

សម្តេច​តេ​ជោ អញ្ជើញ​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្តីការក្រសួង​សាធារណការ​នៅថ្ងៃនេះ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ អគារ​ទីស្តីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់មាន​ប្រសាសន៍ថា អាគារ​ទីស្ដីការ​ថ្មី​នេះ ណឹ​ង​សម្រួល​ដល់​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ​ប្រកប​ដោយ​ផាសុកភាព។

លោក​បាន​បញ្ជាក់ថា “គណៈកម្មការ​ទទួលបន្ទុក​ការងារ​សាងសង់ បានធ្វើការ​កែសម្រួល​ចំណុច​ខ្វះខាត​មួយចំនួន​នៅ​ខាងក្រៅ ក៏ដូចជា​ផ្ទៃ​ខាងក្នុង​អគារ ដើម្បី​បង្កើន​គុណភាព និង​លើកកម្ពស់​សោភ័ណភាព​អគារ​ឱ្យ​កាន់តែ​ល្អប្រសើរ” ។ លោក​បាន​ថ្លែង​ទៀតថា “ការសាងសង់​អាគារ​នេះ​ឡើង គឺ​សំដៅ​ធ្វើយ៉ាងណា​សម្រួល ដល់​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ​ប្រកប​ដោយ​ផាសុកភាព” ។

អាគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ៥៩៨ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (ផ្លូវ​ឯកឧត្តម​ជា សុផារ៉ា) ត្រូវបាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ហើយ​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ កាលពី​ដំណាច់ឆ្នាំ២០២០កន្លងមកនេះ។

អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សាងសង់​ឡើងលើ​ផ្ទៃដី​ជិត៤ហិកតា។ អគារ​ទីស្តីការ​នេះ រួមមាន អគារ​រដ្ឋបាល​កម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ២៣,២០ម៉ែត្រ អគារ​រដ្ឋបាល២ខ្នង (អគារ​ស្លាប​សងខាង) កម្ពស់៨ជាន់ អគារ​សាលប្រជុំ និង​បណ្ណាល័យ១ខ្នង កម្ពស់៣ជាន់ ព្រមទាំង​បំពាក់​សម្ភារ​ការិយាល័យ សម្ភារ​សង្ហា​រឹម និង​ជណ្តើរយន្ត សាងសង់​អគារ​ដាក់​គ្រឿងចក្រ៥ខ្នង ជួសជុល​អគារចាស់ៗ ដែលមាន​ស្រាប់​ចំនួន៦ខ្នង សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្តាញ​ផ្លូវ បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រមទាំង​បាន​ទិញ​គ្រឿងចក្រ​ចំនួន២២២គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី-ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​បាន​ចំណាយ​ថវិកា​សរុប​ជាង២៦លាន​ដុល្លារ​អាមេរិក។

ជាមួយគ្នានេះ អគារ​វិទ្យាស្ថាន «តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន» មាន​ចំនួន១ខ្នង កម្ពស់៤ជាន់ មាន​បន្ទប់​សិក្សា​ចំនួន២៤បន្ទប់ ការិយាល័យ​រដ្ឋបាល​ចំនួន៣បន្ទប់ មន្ទីរពិសោធន៍​ចំនួន១បន្ទប់ បណ្ណាល័យ​ចំនួន១បន្ទប់ និង​បាន​បំពាក់​ទៅដោយ​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍ទំនើបៗ ដោយបាន​ចំណាយ​ថវិកា២.៥លាន​ដុល្លារ​អាមេរិក។

បើតាម​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ការបង្កើត​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សម្រាប់​បណ្តុះបណ្តាល​បុគ្គលិក-មន្ត្រីរាជការ សិក្ខាកាម និង​សិស្ស-និស្សិត ដើម្បី​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ-ស្ពាន ដែល​នឹង​ធានាថា កូន​ខ្មែរ​អាច មាន​សមត្ថភាព​កសាង​ផ្លូវ-ស្ពាន​របស់ខ្លួន ប្រកបដោយ​គុណភាព នាពេល​អនាគត។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​បានលើកឡើង​ថា សមិទ្ធផល​ថ្មី​លើ​ទឹកដី​សន្តិភាព​ដែល​លេចចេញ​ជា​រូបរាង​ឡើង​នេះ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា មិនអាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​មន្ត្រីរាជការ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ទស្សនទាន​វែងឆ្ងាយ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី៕

ធនាគារពិភពលោកៈ កូវីដ១៩ធ្វើឱ្យប្រជាជនថៃចំនួន១,៥លាននាក់ធ្លាក់ទៅរកភាពក្រីក្រ

ដោយៈលក្ខិណា

ប្រទេសថៃៈ របាយការណ៍របស់ធនាគារពិភពលោកនិយាយថា ប្រជាជនថៃប្រមា​ណ១,៥លាននាក់ ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ ២០២០ ដោយសារតែជំងឺរាតត្បាត។

លោកKiatipong Ariyapruchya សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសថៃនៅធនាគារពិភពលោកបាននិយាយថា ប្រជាជនក្រីក្ររបស់ប្រទេសថៃ មានចំនួនសរុប៣,៧លាននាក់ក្នុងឆ្នាំ២០១៩ ហើយចំនួនសរុបត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៥,២លាននាក់នៅឆ្នាំ ២០២០ ដែលត្រូវបានសន្និដ្ឋានថា ជាផលប៉ះពាល់អវិជ្ជមានពីវិបត្តិជម្ងឺឆ្លង។

លោកបន្តថា “ចំនួនប្រជាជនក្រីក្រ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះវិញដល់៥លាននាក់នៅឆ្នាំ២០២១ ដោយសារតែការងើបឡើងវិញនៃការងារ ខណៈសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានការងើបឡើងវិញផងដែរ”។

អត្រានៃភាពក្រីក្ររបស់ប្រជាជនថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់៨,៨% ក្នុងឆ្នាំ២០២០ កើនឡើងពី៦,២% ក្នុងឆ្នាំ២០១៩ មុនពេលកាត់បន្ថយមកនៅត្រឹម៨,៤ភាគរយនៅឆ្នាំនេះ។ ធនាគារពិភពលោកកំណត់បន្ទាត់នៃភាពក្រីក្រ ក្នុងប្រាក់ចំណូលប្រចាំថ្ងៃមានចំនួន៥.៥០ដុល្លារ ឬ១៦៥បាត សំរាប់មនុស្សម្នាក់ ។

ការផ្ទុះឡើងនៃមេរោគកូរ៉ូណា បានជះឥទ្ធិពលដល់ទីផ្សារការងារប្រទេសថៃយ៉ាងខ្លាំង ជាពិសេសនៅឆមាសទីមួយនៃឆ្នាំកន្លងទៅ ដែលនាំឱ្យមានអត្រាគ្មានការងារធ្វើខ្ពស់ ។ វិបត្តិនេះ បានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនថៃ។

នៅឆមាសទីមួយនៃឆ្នាំ ២០២០ ប្រទេសថៃ បានកត់ត្រាការខាតបង់ការងារចំនួន ៣៤០,០០០ការងារ ជាមួយនិងការកាត់បន្ថយម៉ោងធ្វើការប្រហែល៣ម៉ោង សំរាប់ស្ត្រីនិង២ម៉ោងសំរាប់បុរស។

យោងតាមការងារ និងប្រាក់ចំណូលដែលកំពុងងើបឡើងវិញ របាយការណ៏ចុងក្រោយនៃក្រុមអ្នកតាមដានសេដ្ឋកិច្ចធនាគារពិភពលោក របស់ប្រទេសថៃបានឲ្យដឹងថា សេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណថា ធ្លាក់ចុះ6.5ភាគរយ និងកើនឡើង៤ភាគរយ នៅឆ្នាំ២០២១។

របាយការណ៍បាននិយាយថា ការងើបឡើងវិញនៃការងារប្រកបដោយចីរភាពគឺចាំបាច់ ដើម្បីជួយប្រទេសនេះ ឱ្យស្តារឡើងវិញនៅឆ្នាំ ២០២១-២២ ។ ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនថៃ៥០ភាគរយ ត្រូវបានរំពឹងថា ធ្វើឡើងនៅឆមាសទី២ នៃឆ្នាំ ២០២១ ដែលនឹងជួយជម្រុញឧស្សាហកម្មទេសចរណ៍ របស់ប្រទេសនេះជាបណ្តើរៗ។

សម្រាប់នៅកម្ពុជាវិញ កន្លងមក ធនាគារពិភពលោកក៏បានព្យាករណ៍អត្រាភាពក្រីក្រក៏នឹងអាចកើនឡើងថែមទៀតដែរ ដោយសារតែកូវីដ១៩ តែដោយសារតែវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យអត្រាភាពក្រីក្រ នៅកម្ពុជាបានទប់ស្កាត់មិនឱ្យធ្លាក់ចុះបន្ថែមទៀត៕

ក្រុងព្រះសីហនុចាប់ផ្តើមរៀបចំបង្កើតវិថីអាហារលើកដំបូងនៅកណ្តាលក្រុង

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ក្រុងព្រះសីហនុ នឹងមានទីតាំងវិថីអាហារដ៏ធំ និងស្រស់ស្អាតលើកដំបូងនៅកណ្តាលក្រុង ក្រោមការផ្តួចផ្តើមបង្កើតឡើង ដោយក្រសួងទេសចរណ៍ ដោយជ្រើសរើសយកបរិវេណ សួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ជាចំណុចដែលត្រូវសិក្សារៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្មស្តង់ដារ Street Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។

បន្ថែមពីនេះ លោកបានផ្តល់យោបល់ឱ្យគ្រោង រៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់អនាម័យ ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នកដែលត្រូវបានអនុញ្ញាត ឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវ  ឱ្យអនុវត្តតាមស្តង់ដារ សេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ  Street Food ដែលកំណត់ច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌ ដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃ ណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឱ្យលក់។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា តាមរយៈការប្រលងប្រណាំងទីក្រុងស្អាត ក្រសួងទេសចរណ៍បានដាក់ចេញការប្រល​ងប្រណាំងស្តង់សេវាកម្មវិថីម្ហូបអាហារ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួនដូចជា ស្តង់ដារតូប ការតុបតែង ស្លាកយីហោ អនាម័យ ទីតាំងចំណត មានបន្ទប់ទឹកស្អាត ការដាក់ច្រករបាំង បង្ហាញផ្លូវដល់ភ្ញៀវ សញ្ញាសម្រប់ភ្ញៀវចេញចូល  និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ដោយមានការពិនិត្យវាយតម្លៃយ៉ាងត្រឹមត្រូវ ស្របតាមសូចនាករគោលរបស់ក្រសួងទេសចរណ៍ ដើម្បីលើកកំពស់គុណភាពសេវាទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

 

ក្រុមហ៊ុនPrince Real Estate Group បើកសាលាផលិតនាឡិកាស្វ‍៊ីសនៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ:  ពិភពលោកមានសុទិដ្ឋិយមច្រើនថា នៅឆ្នាំ២០២១ នេះអ្វីៗនឹងល្អប្រសើរឡើង ជាពិសេសការងើបឡើងនៃសេដ្ឋកិច្ច ពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រោយពីក្រុមអ្នកវិទ្យាសាស្ត្រផលិតបានវ៉ាក់សាំងកូវីដ-១៩ ដែលមានប្រសិទ្ធភាពបានជាបន្តបន្ទាប់។ ក្នុងឆ្នាំថ្មីនេះ ក៏មានដំណឹងល្អគួរឱ្យអបអរសាទរសម្រាប់កម្ពុជាយើងផងដែរ។

យោងតាមគេហទំព័រ taiwannews.com ចុះផ្សាយកាលពីថ្ងៃទី២០ មករា ឱ្យដឹងថា ក្រុមហ៊ុន Prince Group របស់អ្នកឧកញ៉ាចេន ហ្ស៊ី (Chen Zhi) ម្ចាស់ធនាគារ ព្រីនស៍ ម.ក (Prince Bank Plc.) ដែលកំពុងដំណើរការនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានសហការជាមួយក្រុមហ៊ុនស្វ‍៊ីស នៅក្នុងការបើកដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដា​លផលិត និងជួសជុលនាឡិកាស្វ‍៊ីស ដោយដាក់ឈ្មោះថា Prince Horology Vocational Training Center។

ការបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជាន់ខ្ពស់នេះ នឹងផ្ដល់ឱកាសឱ្យយុវជនកម្ពុជា បានសិក្សាជំនាញផលិត និងជួសជុលនាឡិកាស្វ‍៊ីស ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលនឹងជួយឱ្យពួកគេមានឱកាសកាន់តែច្រើន ក្នុងផ្សារការងារទាំងនៅកម្ពុជា និងនៅបរទេស ក្រោយបញ្ចប់ការសិក្សា។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះនិយាយថា ខ្លួននឹងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍នៃការផលិត និងជួសជុលនាឡិកាស្វ‍៊ីស ដាក់ចេញដោយស្ថាប័នត្រួតពិនិត្យគុណភាពនាឡិកាក្នុងប្រទេសស្វ‍៊ីស។

មជ្ឈមណ្ឌលនេះ នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលពេញម៉ោង រយៈពេល២ឆ្នាំ ហើយសិក្ខាកាម ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្រ certificate fédéral de capacité (CFC) ដែលទទួលស្គាល់ដោយរដ្ឋាភិបាលស្វ‍៊ីស។ ក្រៅពីយកថ្លៃសិក្សា មជ្ឈមណ្ឌលក៏មានផ្ដល់អាហារូបករណ៍ សម្រាប់សិក្ខាកាមក្នុងស្រុកផងដែរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីតម្លៃសិក្សា និងអាហារូបករណ៍នេះឡើយ។

ក្រុមហ៊ុន Prince Group បានគូសបញ្ជាក់ថា ខ្លួនបានជួលអ្នកជំនាញខាងផលិតនាឡិការល្បីៗកម្រិតពិភពលោក រួមទាំងលោក Maarten Pieters ដែលជាអតីតនាយកសាលាបង្រៀន ផលិតនាឡិកាឈានមុខគេរបស់ស្វ‍៊ីស Watchmakers of Switzerland Training and Educational Program (WOSTEP) ផងដែរ។

សាលានេះបានឲ្យដឹងថា សិក្ខាកាមដែលចាប់អារម្មណ៍ លើជំនាញនេះអាចដាក់ពាក្យឥឡូវនេះ បានសម្រាប់ឆ្នាំសិក្សាដំបូង ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ទោះជាយ៉ាងណា សាលាទទួលតែសិស្ស៨នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយក្នុងចំណោមសិស្សទាំង៨នាក់នោះ ត្រូវមានសិស្សកម្ពុជាយ៉ាងតិច៥នាក់ឡើងទៅ៕

វឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសម្រេចបានប្រមាណ៥០ភាគរយ

ដោយ ៖ រ៉ាណេត

កំពត ៖ គិតត្រឹមសប្ដាហ៍ទី៣នៃខែមករា ឆ្នាំ២០២១នេះ វឌ្ឍនភាពនៃការសាងសង់គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំប្រចាំនៅក្នុងខេត្តកំពតបានសម្រេចប្រមាណ៥០ភាគរយ ដោយគ្រោយនឹងបញ្ចប់ទាំងស្រុងនៅត្រឹមខែមិថុនា ឆ្នាំ២០២១ និងអាចដាក់ឱ្យដំណើរការសម្រាប់ទទួលទេសចរជាតិ និងអន្តរជាតិនៅដំណាច់ចុងឆ្នាំនេះ។

វឌ្ឍនភាពការងារនេះត្រូវបានបង្ហាញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិលើកដំបូងប្រចាំនៅក្នុងខេត្តកំពតនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានតម្លៃជិត១០លានដុល្លារអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ នឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំរុះជាតិសាសន៍ ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកកាន់កម្ពុជា។

គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។

នៅពេលដែលទីតាំងកំពង់ផែបានបញ្ចប់ និងដាក់ឱ្យដំណើរការសេវាកម្ម វានឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសតាមរយៈកញ្ចប់ទេសចរណ៍ ដែលភ្ជាប់ខេត្តកំពត ជាមួយគោលដៅនៅប្រទេសវៀតណាម និងថៃ ដោយរំពឹងថានឹងផ្តល់សេវាទេសចរណ៍អន្តរជាតិ និងក្នុងស្រុកចំនួន៣,៦០0,០០០នាក់ក្នុងមួយឆ្នាំ។

កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ មានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវា ដឹកអ្នកដំណើរបានពី៣០០-៤០០នាក់។ កំពង់ផែនេះក៏ផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ហើយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕