ព្រលានយន្តហោះទាំង ៣ នៅកម្ពុជា ជាប់លំដាប់កំពូលជាអាកាសយានដ្ឋានមានសុវត្ថិភាព

ដោយ ហ្សូលី

ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជា បានជាប់នៅលំដាប់កំពូលថាជាអាកាសយានដ្ឋានដែលមានសុវត្ថិភាពជាងគេ សម្រាប់ព្រលានយន្តហោះខ្នាតតូចដែលមានអ្នកដំណើរក្រោម ១៥លាននាក់ក្នុងមួយឆ្នាំ។

យោងតាមការវាយតម្លៃទទួលស្គាល់ផ្នែកសុខភាពតាមព្រលានយន្តហោះពីក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិបានឱ្យដឹងថា ព្រលានយន្តហោះដែលបើកដំណើរការដោយក្រុមហ៊ុន CAmbodia Airports នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាប់នៅលំដាប់កំពួលជាអាកាសយានដ្ឋានដែលមានវិធានការនិងរក្សាសុវត្ថិភាពល្អបំផុត។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានមានប្រសាសន៍ថា ការទទួលបានការវាយតម្លៃនេះគឺជាការលើកតម្កើងមុខមាត់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ថា ជាអាកាសយានដ្ឋានមានសុវត្ថិភព។

ទន្ទឹមនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ថ្លែងថា ក្រុមហ៊ុននៅតែរក្សាភាពស្មោះត្រង់ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាសាធារណៈដ៏សំខាន់មួយនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្តល់អាទិភាពជាចម្បងទៅលើសុវត្ថិភាព ផ្នែកសុខភាពរបស់អ្នកធ្វើដំណើរ និងសម្រាប់អ្នកប្រើប្រាស់ក្នុងព្រលានយន្តហោះ។
វិធានការទាំងនោះរួមមាន ការលាងសម្អាត និងការបាញ់ថ្នាំសម្លាប់មេរោគ ការរក្សាគម្លាតសុវត្ថិភាព ការការពារ បុគ្គលិក ការកំណត់ទីតាំងឈរ ទំនាក់ទំនងរវាងអ្នកដំណើរ និងកន្លែងសម្រាប់អ្នកដំណើរ។

អគ្គនាយកក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក លោក Stefano Baronci បានឱ្យដឹងថា សូមអបអរសាទរព្រលានយន្តហោះដំណើរការនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ ដែលទទួលបាននូវការវាយតម្លៃទទួលស្គាល់ផ្នែកសុខភាពតាមព្រលានយន្តហោះពី ACI។

ជាការបញ្ជាក់ប្រាប់ទៅពិភពលោក និងសហគមន៍ ក្រុមហ៊ុនបម្រើសេវាកម្មនានាថា វិធានការផ្នែកសុខភាព ប្រកបដោយប្រសិទ្ធភាព ត្រូវបានដាក់ឱ្យអនុវត្តស្របទៅតាមស្តង់ដាខ្ពស់បំផុត តាមការណែនាំរបស់អង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

ព្រលាន យន្តហោះ ទាំង ៣ ស្ថិត នៅ ក្នុង ចំណោម ព្រលានយន្តហោះ នានា ក្នុង តំបន់ អាស៊ាន ដែល ទទួល បាន នូវ ការទទួល ស្គាល់ ដូច គ្នា នៅក្នុង ចង្កោម ព្រលាន យន្តហោះ ធំៗ ក្នុង តំបន់ ដូចជា នៅ ប្រទេស សិង្ហបុរី ទីក្រុង ហ្សាការតា និង ទីក្រុង ម៉ានីល៕

ផែនការមេចំនួន៤ លើការស្ថាបនាវិថី ៧មករា ក្រុងព្រះសីហនុចាប់ផ្តើមអនុវត្ត

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ផែនការមេសំខាន់ៗចំនួន៤ពាក់ព័ន្ធទៅនឹងការស្ថាបនាវិថី៧មករា ឬផ្លូវ២០០ ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ផ្តើមអនុវត្ត ដើម្បីគម្រោងអាចអនុវត្តទៅបានដោយរលូន និងលើកសោភ័ណភាពក្រុង បង្កភាពងាយស្រួលចរាចរណ៍។

ផែនការមេចំនួន៤សំខាន់ៗដែលពាក់ព័ន្ធទៅនឹងការស្ថាបនាវិថី៧មករា ត្រូវបានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុប្រកាសនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ឱ្យអនុវត្តដើម្បីជំរុញ និងបង្ករភាពងាយស្រួលដល់ដំណើរការសាងសង់វិថី៧មករា ដែលមានទទឹង៤០ម៉ែត្រ ស្របតាមប្លង់ប្រព័ន្ធសុរិយោដី។

ផែនការស្ថាបនាវិថី៧មករា ឬផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តរួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ, ការលើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ ការលុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន រួមជាមួយនឹងការលើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។

លោក គួច ចំរើន បានមានប្រសាសន៍ថា “ដើម្បីឱ្យដំណើរការគម្រោងស្ថាបនាវិថី៧មករា (ផ្លូវលេខ២០០) នេះទទួលបានជោគជ័យ រដ្ឋបាលខេត្តស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយនៅលើដីចំណីផ្លូវ(ផ្លូវលេខ២០០)នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះមកឱ្យរដ្ឋបាលខេត្តធ្វើការស្ថាបនាផ្លូវទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត”។

គម្រោងស្ថាបនាវិថី៧មករា ឬផ្លូវលេខ២០០ នេះស្ថិតនៅក្នុងគម្រោងរួមនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត ដើម្បីធ្វើឱ្យល្អប្រសើរឡើង និងលើកកម្ពស់សោភ័ណភាពស័ក្ដិសមទៅនឹងប៉ូលសេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបពហុបំណង។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា សកម្មភាពក្រុមការងារស្ថាបនានៅតែបន្តដោយមិនមានការឈប់សម្រាកនោះឡើយ ហើយនៅក្នុងរង្វង់ខែធ្នូ ឆ្នាំ២០២០នេះ នឹងរៀបចំចាក់កៅស៊ូគ្រប់ផ្លូវទាំង ៣៤ ខ្សែ ដែលនឹងឱ្យរួចរាល់នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២១ នាពេលខាងមុខនេះ។

ក្រៅពីនេះ មានការបំពាក់កាមេរ៉ាសុវត្ថិភាព គូសគំនូសចរាចរណ៍ រៀបចំបន្ទប់អនាម័យនៅតាមតំបន់ឆ្នេរ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍ និងអនាម័យបរិស្ថានតំបន់ឆ្នេរឱ្យមានសោភ័ណភាព និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។

បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ដែលរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា ដើម្បីកែលម្អសោភ័ណភាព និងបរិស្ថានតំបន់ឆ្នេរក្រុងព្រះសីហនុ បាននិងកំពុងដំណើរការយ៉ាងមមាញឹក ទោះបីជាស្ថានភាព ជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ហើយព្រះរាជាណាចក្រកម្ពុជាក៏ ជួបបញ្ហាជំងឺនេះក៏ដោយ៕

Temple Paint កំពុងរួមចំណែកលើកកម្ពស់ផលិតផលខ្មែរតាមរយៈការផ្តោតលើគុណភាព

ដោយ៖ ប៊ី
ភ្នំពេញៈ ផលិតផលថ្នាំលាប ថេមភល (Temple) ដែលជាផលិតផលបង្កើតឡើងដោយកូនស្នាដៃខ្មែរសុទ្ធសាធ ហើយកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា កំពុងរួមចំណែកលើកកម្ពស់ផលិតផលខ្មែរ តាមរយៈការផលិតប្រកបដោយការយកចិត្តទុកដាក់លើគុណភាពសម្រាប់សម្រាប់អ្នកប្រើប្រាស់។

ផលិតផលនេះបានផលិតតាមរូមបន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាឡឺម៉ង់ ដែរមានភាពរឹងមាំ រលោង ជាងនេះទៅទៀតជាប្រភេទថ្នាំដែលធន់នឹងទឹក អាចលាងសម្អាតបាន ដើម្បីអោយផ្ទៃជញ្ជាំងទាំងមូល រក្សានូវភាពស្អាត និងរឹងមាំបានយូរអង្វែង គ្មានធាតុផ្សំ APEO ដែលបង្ករផលប៉ៈពាល់ទៅដល់ បរិស្ថាន អាចប្រើប្រាស់បាននៅក្នុងសំណង់ច្រើនប្រភេទ មានដូចជា បេតុង ជញ្ជាំងឥដ្ឋ ដែលបានបូកស៊ីម៉ង់ រួចជាស្រេច និង ម្នាងសិលា គ្រប់ប្រភេទ រួមទាំងពិដាន ឬប្រើប្រាស់សម្រាប់ការតុងតែងផ្សេងៗ ការពារជញ្ជាំងផ្នែកខាងក្នុងជាមួយនឹង សារធាតុផ្សំមូលដ្ឋានដ៏ទៃទៀតបាន។

លោកធួន ស៊ីណាន ប្រធានក្រុមហ៊ុន IMCT Co., Ltd បានថ្លែងប្រាប់ថា “យើងមានរោងចក្រនៅទីនេះ ដែលមានទីតាំងនៅផ្លូវ២០០៤ ហើយផលិតផលរបស់យើងដាក់ឱ្យចរាចរណ៍នៅលើទីផ្សាររយៈពេលពីបីរខែចុងក្រោយនេះ” ។ លោកបន្តថា “ផលិតផលរបស់យើងចរាចរនៅលើទីផ្សារយៈពេលខ្លីក្តី ប៉ុន្តែយើងទទួលបានការគ្រាំទ្រច្រើនពីអតិថិជន” ។

លោកបានបន្តថា “ក្រុមហ៊ុនយើងខ្ញុំបាន ទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ មានអនុញ្ញាតដំណើរការផលិតផល ថ្នាំលាបស្ពេត្រូជាចំបង”។

ក្រុមហ៊ុន បានឱ្យដឹងថា ការធានាលើគុណភាព ក្នុងរយៈពេល១០ឆ្នាំ តែត្រូវចាំបាច់អនុវត្តន៍អោយបានខ្ចាប់ខ្ជួន ទៅតាមបទដ្ឋានបច្ចេកទេស។

ថេមភល (Temple) ជាភាសាអន្តជាតិ ដែលបានន័យជាភាសាជាតិថា “ប្រាសាទ” ឬកន្លែងទីគោរពសក្ការៈ របស់មនុស្សនិងទេព្ដា។ ដើម្បីជាទីគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ បន្សល់ទុកស្នាដៃដ៏មហស្សចារ គ្មានពីរក្នុងលោក ក្រុមហ៊ុន IMCT Co., Ltd បានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានប្រើឈ្មោះប្រាសាទអង្គរវត្ត ជាទីគោរពសក្ការៈ នៅក្នុងម៉ាកយីរហោ ផលិតផលថ្នាំលាប របស់ក្រុមហ៊ុន IMCT Co., Ltd ដែលជាផលិតផល បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដើម្បីទុកជាការតបស្នងសងគុណ នូវឧបការៈគុណ ចំពោះបុព្វបុរសខ្មែរ ដើម្បីឱ្យមនុស្សក្នុងលោកចងចាំនូវឈ្មោះប្រាសាទនានា ដែលជាកេរិ៍ដំណែលដូនតាខ្មែរយើង៕

អ្នកវិនិយោគអន្តរជាតិៈ ការវិនិយោគនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញគឺជាការវិនិយោគល្អបំផុតសម្រាប់ពេលអនាគត

ដោយៈ ប៊ី

ភ្នំពេញៈ តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញត្រូវបានគេដឹងថា ជាតំបន់មួយដែលមានសក្តានុពលខ្លាំងជាងគេ និងសម្បូរដោយប្រជាជនជាច្រើនរស់នៅតំបន់នេះ។ ពិសេសក្នុងរយៈពេលចុងក្រោយនេះគម្រោងវិនិយោគធំៗបានបាញ់ឆ្ពោះទៅរកភាគខាងត្បូង ដូចជាគម្រោងខុនដូទំនើប Urban Village ជាដើម។

ម្ចាស់គម្រោង Urban Village ដែលបានបោះទុនវិនិយោគរាប់សិបលានដុល្លារបានលើកឡើងថា តំបន់ភាគត្បូងដែលតភ្ជាប់ពីទីក្រុងភ្នំពេញជាមួយទីក្រុងតាខ្មៅនឹងក្លាយជាតំបន់មួយប្រកបដោយភាពរស់រវើកជាមួយគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើន។

លោក Ben Li ស្ថាបនិក និងជាអគ្គនាយកគម្រោងខុនដូ Urban Village មានប្រសាសន៍ថា “អ្នកវិនិយោគគួរតែវិនិយោគនៅភាគខាងត្បូងរាជធានីភ្នំពេញ ពីព្រោះតំបន់នេះមានចំនួនប្រជាជនរស់នៅច្រើន ហើយវាជាចំណុចតភ្ជាប់រវាងទីក្រុងតាខ្មៅដែលមានប្រជាជនជាង១.៣លាននាក់ និងទីក្រុងភ្នំពេញដែលមានប្រជាជនជាង២.៥លាននាក់។”

លោក Ben Li ក៏បានបន្ថែមទៀតថា “មានមនុស្សជាច្រើនសួរខ្ញុំថា តើគួរវិនិយោគនៅទីតាំងណាក្នុងទីក្រុងភ្នំពេញ? តាមការសម្គាល់របស់ខ្ញុំទីតាំងវិនិយោគល្អបំផុតគឺនៅតាមបណ្ដោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ពីព្រោះមហាវិថីនេះសម្បូរដោយផ្សារទំនើបល្បីៗ និងអគារខ្ពស់ៗដូចជាគម្រោងផ្សារ ទំនើប AEON Mall 3 ជាមួយផ្ទៃក្រឡា ១៧០ ០០០ មែត្រការ៉េ និងផ្សារទំនើប Diamond Mall ជាដើម”។

លោក Ben Li បានពន្យល់ថាទៀតថាមូលហេតុតដែលគម្រោងធំៗជាច្រើនជ្រើសរើសទីតាំងនេះ ពីព្រោះនៅតាមបណ្ដោយមហាវិថីសម្តេចតេជោ ហ៊ុន សែន គឺជាផ្លូវធ្វើដំណើរដ៏សំខាន់មួយសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុងតាខ្មៅ និងរាជធានីភ្នំពេញដែលមានចំនួនជិត៤លាននាក់។

លោក Ben Li ក៏បានបញ្ជាក់ទៀតថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់ភាគខាងត្បូងទីក្រុង ភ្នំពេញគឺជាការដាក់ទុនវិនិយោគដ៏ល្អបំផុតជាមួយឱកាសចំណេញប្រាក់ខ្ពស់។ កត្តាសំខាន់មួយទៀត ដែលធ្វើឲ្យតំបន់ភាគខាងត្បូងរាជធានីភ្នំពេញក្លាយទៅជាតំបន់មានសក្ដានុពលបំផុតនោះគឺការកសាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

“ភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើរផ្សេងទៀតនឹងឈប់ធ្វើដំណើរឆ្លងកាត់តាមមហាវិថី សហព័ន្ធរុស្ស៊ី ដោយពួកគេនឹងងាកមកធ្វើដំណើរតាមមហាវិថីសម្តេចតេជោ ហ៊ុន សែន វិញទៅថ្ងៃ អនាគតនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះដាក់ឲ្យដំណើរការ។” នេះបើតាមលោក Ben Li បានមានប្រសាសន៍។

លោក Ben Li បញ្ជាក់បន្ថែមថា “តំបន់ភាគខាងត្បូងគឺជាអនាគតនៃទីក្រុងភ្នំពេញ ហើយប្រសិនអ្នកមាន គម្រោងវិនិយោគអ្នកគួរវិនិយោគនៅតំបន់បណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ហើយ ការវិនិយោគលើគម្រោងខុនដូគឺជាការវិនិយោគដ៏ល្អបំផុតនាពេលអនាគត ពីព្រោះការរស់នៅក្នុងខុនដូមានរួមបញ្ចូលសេវាកម្មចាំបាច់ផ្សេងៗ ដូចជាសេវាសន្តិសុខ២៤ម៉ោង ការថែទាំទូទៅ និងអនាម័យជាដើម ជាកត្តាបង្កភាពងាយស្រួលក្នុងការរស់នៅ ផ្ដល់ជូនផាសុកភាព និងឧត្តមភាពក្នុងយុគ្គសម័យថ្មី”៕

ប្រតិបត្តិករ ៖ ចុងឆ្នាំ២០២០តម្លៃអចលនវត្ថុលើទីផ្សារនៅតែរក្សាលំនឹងដដែល

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២០នេះ ទោះជាមានភាពប្រឈមទៅនឹងវិបត្តិជំងឺ Covid-19 ដែលកំពុងគំរាមកំហែងរាតត្បាតនៅក្នុងសហគមន៍នៅពេលនេះក៏ដោយ ប៉ុន្តែតម្លៃអចលនវត្ថុនៅលើទីផ្សារត្រូវបានប្រតិបត្តិករអះអាងបញ្ជាក់ថា នៅតែរក្សាភាពថេរដដែលមិនមានការធ្លាក់ចុះនោះទេបើធៀបទៅនឹងកាលពីដើមឆ្នាំ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះថា ទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការគំរាមកំហែងពីវិបត្តិដែលកំពុងកើតមានក្ដី សម្រាប់តម្លៃអចលនវត្ថុ រួមមានទាំងផ្នែកដីធ្លី និងផ្នែកសំណង់លំនៅដ្ឋានគឺមិនមានការធ្លាក់ចុះនោះទេ លើកលែងចំពោះម្ចាស់អចលនវត្ថុមួយចំនួនតូចដែលមានបញ្ហាចរន្តសាច់ប្រាក់ ដែលត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងទីផ្សារ។

លោក ម៉ម សិរីបញ្ញា បានអះអាងទៀតថា “តម្លៃអចលនវត្ថុងាយនឹងឡើងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ មានសកម្មភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ ប៉ុន្តែមិនងាយធ្លាក់ចុះនោះទេ គឺមានតែស្ថិតនៅក្នុងសភាពទ្រឹង ឬឡើងតិចតួចបន្ថែមទៀត ជាក់ស្ដែងជារៀងរាល់ឆ្នាំទាំងតម្លៃដី ទាំងតម្លៃសំណង់លំនៅដ្ឋាននានាតែមានកំណើនជានិច្ច”។

លោកបញ្ជាក់ថា “បើនិយាយពីទីផ្សារអចលនទ្រព្យ នៅពេលដែលមានវិបត្តិអ្វីមួយកើតឡើង វាបានប្រែក្លាយទៅជាឱកាសសម្រាប់អ្នកវិនិយោគដែលមានធនធានគ្រប់គ្រាន់ទិញទុកលក់បន្តយកចំណេញក្រោយពេលវិបត្តិត្រូវបានបញ្ចប់។ ជាក់ស្ដែងដូចជាពេលនេះដែលស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិជំងឺឆ្លង សម្រាប់តម្លៃអចលនវត្ថុទូទៅនៅលើទៅផ្សារគឺមិនមានធ្លាក់ចុះនោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាផ្នែកលំហូរសាច់ប្រាក់ ឬជាប់បំណុលធនាគារ អាចដាក់លក់អចលនវត្ថុរបស់ខ្លួនក្នុងតម្លៃទាបជាងទីផ្សារ ដែលរូបភាពបែបនេះគឺបានផ្តល់ឱកាសសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ទិញទុកលក់យកចំណេញ”។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate Co.,Ltd លោក វិន ឈុនហ៊ាត ដែលមានគម្រោងដីឡូតិ៍ជាច្រើនទីតាំអ និងគម្រោងបណ្តុំលំនៅដ្ឋាននៅក្នុងដៃបានទទួលស្គាល់ថា មួយរយៈចុងក្រោយនេះការទិញ-លក់អចលនវត្ថុពិតជាមានភាពថមថយមែន ប៉ុន្តសម្រាប់តម្លៃគឺនៅតែរក្សាសភាពដដែលមិនមានការធ្លាក់ចុះនោះទេ។

លោកបានបញ្ជាក់ថា “សម្រាប់តែដីដែលស្ថិតនៅតាមតំបន់ជាយក្រុងគឺនៅតែរក្សាតម្លៃខ្ពស់។ ប្រសើនបើស្ថិតនៅជាប់ផ្លូវជាតិ ឬផ្លូវធំ មួយឡូតិ៍មានតម្លៃមិនក្រោម២៥០០០ដុល្លារនោះទេ ខណៈដែលតម្លៃលំនៅដ្ឋានកម្រិតមធ្យមត្រូវបានដាក់លក់ចាប់ពីជាង៧ម៉ឺនដុល្លារក្នុងមួយខ្នង។ ដោយឡែកសម្រាប់ដីឡូតិ៍ដែលស្ថិតឆ្ងាយពីជាយក្រុង ឬ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ យ៉ាងហោចណាស់ក៏មានតម្លៃចាប់ពី៦០០០ដុល្លារឡើងទៅ ឬលើសនេះ អាស្រ័យទៅតាមតាមតំបន់”។

ជាមួយនឹងការបញ្ជាក់ពីតម្លៃអចលនវត្ថុខាងលើនេះ លោកបានបង្ហាញពីភាពជឿជាក់ថា នៅឆ្នាំ២០២១ខាងមុខ ទាំងតម្លៃដី និងតម្លៃលំនៅដ្ឋាន នឹងបន្តឡើងថ្លៃ ជាពិសេសក្រោយពេលវិបត្តិនៃជំងឺឆ្លងត្រូវបានទប់ស្កាត់បានជោគជ័យ ខណៈដែលដំណឹងល្អនៃការចែកចាយថ្នាំបង្ការត្រូវបានបណ្តាប្រទេសធំៗចាប់ផ្តើមធ្វើការចែចាយ៕

ខេត្តសៀមរាបភ្ញាក់ពីសុបិនបន្ទាប់ពីគំរោងធំៗចំនួន៥ត្រៀមបង្ហាញខ្លួន

ដោយគង់ សូរិយា

        ភ្នំពេញៈ ទោះបីកំពុងស្ថិតក្នុងវិបត្តិ ដោយសារការបាត់បង់ទេសចរណ៍ក្តី ប៉ុន្តែខេត្តសៀមរាប នៅតែបន្តទាក់ទាញគំរោងវិនិយោគធំៗៗជាច្រើន ពិសេសគំរោងអភិវឌ្ឍន៍របស់វិស័យឯកជននិងសាធារណៈ។

ខេត្តដែលពោរពេញដោយសក្តានុពលនេះ បាននិងកំពូងរៀបចំខ្លួនដើម្បីក្លាយជាទីក្រុងទំនើប និងរីកចម្រើនខ្លាំងនាពេលខាងមុខ ដោយសារគម្រោងអភិវឌ្ឍធំៗ៤ ពីស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ហេដ្ឋារចនាសម័ន្ធនឹងប្រសើរឡើង ជីវភាពប្រជាជនក្នុងស្រុកនឹងធូរធារ ហើយចំនួនភ្ញៀវទេសចរណ៍ នឹងកើនឡើងនាពេលខាងមុខនៅពេលវិស័យទេសចរត្រលប់មករកស្ថានភាពល្អវិញ។

គម្រោងស្ថាបនាផ្លូវ៣​៨​ខ្សែ  

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីម្សិលម៉ិញ បានប្រកាសបើកការដ្ឋានស្ថាបនា និងកែលំអរផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន។  ផ្លូវទាំង៣៨ខ្សែនេះមានប្រវែងជាង១០៨គីឡូ​ម៉ែត្រ គ្រោងប្រើប្រាស់​ថវិកាជាតិសរុបជាង១៤៩លានដុល្លារ។

តាម​ការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១។សម្តេ​ច​តេជោបានគូសបញ្ជាក់ថា ការ​​អភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធទ្រង់ទ្រាយធំ​បែបនេះនឹងធ្វើឱ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ដ៏មាន​សក្តា​​នុពលដែលត្រូវបានកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ។

គម្រោងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត និងស្តារ-កែលម្អដងស្ទឹងសៀមរាប

គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្ត ក្រោមការរៀបចំនិងដឹកនាំដោយអាជ្ញាធរជាតិអប្សារា ជិតបញ្ចប់ជាស្ថាពរមកដល់ពេលនេះ ដោយមានការរៀបចំសួនច្បារ ដាំដើមឈើប្រណិត និងឈើផ្កាព្រៃស្រស់បំព្រង។ គម្រោងកែលម្អនេះចាប់ផ្តើមនៅចុងឆ្នាំ២០១៩ ដើម្បីកែប្រែសោភ័ណ្ឌភាព នៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យសក្ដិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏បានត្រៀមថវិកា៥លានដុល្លារ ដើម្បីស្តារនិងកែលម្អដង​ស្ទឹងសៀមរាប។ គម្រោងទាំងពីរនេះ នឹងជួយលើកកម្ពស់សោភ័ណភាពទីក្រុងសៀមរាប ដើម្បីបង្កើនភាពទាក់ទាញ ក៏ដូចជាត្រៀមស្វាគមន៍ នៃការមកដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។

រមណីយដ្ឋានលំដាប់អន្តរជាតិតម្លៃ៣៥០លានដុល្លារ

ក្រុមហ៊ុនNaga Corp ​ចុះបញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​ក្រុង​ហុងកុង ចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍរមណីយដ្ឋានលំដាប់អន្តរជាតិនៅខេត្តសៀមរាប ដោយមិនមានបញ្ចូលកាស៊ីណូនោះទេ។  គម្រោងនេះមានឈ្មោះថា «Angkor Lake of Wonder» គ្រប់ដណ្តប់លើផ្ទៃដី ៧៥ហិកតា ហើយគ្រោងចំណាយប្រមាណ៣៥០លានដុល្លារ ហើយគ្រោងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥ ខាងមុខ។

ដំណាក់កាលដំបូង នៃគម្រោងអភិវឌ្ឍចម្រុះនេះមានដូចជា សួនទឹក សណ្ឋាគារលំដាប់ផ្កាយប្រាំ កន្លែងជិះទូកកម្សាន្ត (canal system)​ និងទីក្រុងចិន (Chinatown) ជាដើម។

គោលដៅទេសចរណ៍ថ្មីៗ

គោលដៅទេសចរណ៍ថ្មីចំនួន៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ដែលរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។

ផែនការទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលបច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំកែសម្រួល ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យនិងអនុម័ត នៅពេលខាងមុខ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានដល់៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ខេត្តសៀមរាបគិតចាប់ពីឆ្នាំ២០៣៥ទៅ។

គំរោងព្រលានយន្តហោះអន្តរជាតិថ្មី

ក្រុមហ៊ុនចិនបាននិងកំពុងសាងសង់ព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលព្រលានយន្តហោះថ្មីនេះ នឹងអាចអនុញ្ញាត្តឲ្យក្រុមហ៊ុនអាកាសចរណ៍ ហោះឆ្លងកាត់អន្តរទ្វីបអាចចុះចតបាន។ តាមផែនការគំរោងនេះ នឹងលើកកំពស់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងការវិនិយោគកាន់តែច្រើនផងដែរ។

តាមផែនការព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងបញ្ចប់ដំណាក់កាលទី១ និងដាក់​ឲ្យដំណើរការនៅឆ្នាំ២០២៣ខាងមុខនេះ។ ព្រលានយន្តហោះនេះត្រូវបានវវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ៩០០លានដុល្លារអាមេរិក៕

 

Century21 Zillion Holdingនឹងបន្តជ្រើសរើសភ្នាក់ងារអចលនទ្រព្យទូទាំងប្រទេស

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ក្រុមហ៊ុនCentury21 Zillion Holdingបាននិងកំពុងបន្តជ្រើសរើសភ្នាក់ងារអចលនទទ្រព្យ រាប់ពាន់នាក់ដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា។

យោងតាមគេហទំព័រZ1 Newsបានឲ្យដឹងថា បន្ទាប់ពីបានរៀបចំដោយជោគជ័យនៅខេត្តស្ទឹងត្រែងកាលពីម្សិលមិញ ក្រុមហ៊ុន Century 21 Zillion Holding បានបន្តដំណើរមកដល់ទឹកដីខេត្តក្រចេះបន្តទៀតនៅថ្ងៃអាទិត្យទី 29 វិច្ឆិកា 2020 នេះដើម្បីរៀបចំកម្មវិធីជ្រើសរើស និងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លី 3800 នាក់ សម្រាប់ខេត្តក្រចេះ។

កម្មវិធីនេះធ្វើឡើងនៅ សណ្ឋាគារ មេគង្គ ដលហ្វីន កម្មវិធីនេះមានអ្នកចូលរួមជិត ១០០ នាក់ ហើយស្ទើរគ្រប់គ្នាបានបង្ហាញ ចំណាប់អារម្មណ៍ចង់ក្លាយខ្លួន ជាអ្នកឯកទេសដីធ្លី ប្រចាំតំបន់ដែលពួកគេរស់នៅ ជាមួយក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding។

អ្នករៀបចំកម្មវិធីបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នៅវិធានការការពារជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ដោយមានការវាស់កម្តៅអ្នកចូលរួម តម្រូវឲ្យពាក់ម៉ាស់ រក្សាអនាម័យដោយលាងសម្អាតដោយប្រើសាប៊ូ និងអាល់កុលលាងដៃ និងការរក្សាគម្លាតសុវត្ថិភាព។

ក្រុមហ៊ុន Century 21 Zillion Holding នឹងបន្តរៀបចំកម្មវិធីដូចគ្នានេះ នៅតាមបណ្តាខេត្តមួយចំនួនទៀតដែលមិនទាន់ទៅដល់ ហើយកាលបរិច្ឆេទជាក់លាក់នឹងមានជូនដំណឹងពេលក្រោយ៕

ទុនវិនិយោគថ្មីសរុបជាង៥០លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុម័តនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០

ដោយ៖ រ៉ាណេត
ភ្នំពេញ៖ ទុនវិនិយោគសរុបជាង៥០លានដុល្លារទៅលើគម្រោងចំនួន១២ ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចអនុម័ត និងគាំទ្រ ទាំងស្រុងអនុញ្ញាតឱ្យមានដំណើរប្រតិបត្តិជាផ្លូវការ ដែលក្នុងភាគច្រើនស្ថិតនៅក្នុងវិស័យឧស្សាហកម្ម និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលបានផ្តល់ឱកាសការងាររាប់ពាន់កន្លែង។

ក្រុមទាំង១២ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរមានឈ្មោះដូចខាងក្រោម៖

១- ក្រុមហ៊ុន “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០២កន្លែង។

២- ក្រុមហ៊ុន “SHANDA (CAMBODIA) TEXTILE CO., LTD ” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៤កន្លែង។

៣- ក្រុមហ៊ុន “CHARMGO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥១៨កន្លែង។

៤- ក្រុមហ៊ុន “K R R PROCESSING FOOD CO., LTD.” ដែលជាគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦២កន្លែង។

៥- ក្រុមហ៊ុន “ABLE POINT INDUSTRY CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតសក់សិប្បនិម្មិត និងផលិតម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៦កន្លែង។

៦- ក្រុមហ៊ុន “LIAN FENG SHOES MATERIAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩១កន្លែង។

៧- ក្រុមហ៊ុន “G4TEC PROPERTY & INVESTMENT CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

៨- ក្រុមហ៊ុន “ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO.,LTD.”គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាលធំ (ទី៦) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៦កន្លែង។

៩- ក្រុមហ៊ុន “MING YUNG HUNG ENTERPRISE (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង ខ្សែភ្លើង និងផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០៤កន្លែង។

១០-ក្រុមហ៊ុន “GAO LONG JIANG PLASTIC PIPE CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបជ័រ និងទុយោជ័រគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។

១១- ក្រុមហ៊ុន SEAN ZORINA FASHION (CAMBODIA) CO., LTD. គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៣កន្លែង។

១២. ក្រុមហ៊ុន HARMONY APPAREL CO., LTD. គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៤កន្លែង៕

ក្រុមហ៊ុនអាមេរិកធំៗកំពុងស្វែករកឱកាសវិនិយោគនៅក្នុងព្រះសីហនុ ប្រជែងជាមួយចិន

រូបភាព ៖ Cambodia Skyline

ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ក្រុមហ៊ុនអាមេរិកជាច្រើន បាននិងកំពុងសិក្សាពីសក្ដានុព និងឱកាសចូលមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលក្នុងនោះវិស័យទេសចរណ៍ និងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធស្ថិតនៅចំណុចអាទិភាព។

អនុប្រធានផ្នែកបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Benjamin Wohlauesនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ នៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ បានបង្ហាញពីការកោតសរសើរពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ជាពិសេសភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារពាណិជ្ជកម្មធំៗ។

លោក លោក Benjamin Wohlaues ក៏បានបង្ហាញពីគោលបំណងចម្បងក្នុងការសិក្សាស្វែងយល់ពីសក្ដានុពលសំខាន់ៗរបស់ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាក្រុមហ៊ុនអាមេរិកជាច្រើនដែលកំពុងតែមានបំណងចូលមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុដែលជាគោលដៅពិសេសរបស់ពួកគេ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានជួបមន្ត្រីទូតសហរដ្ឋអាមេរិកចំនួន៤លើករួចមកហើយ ដោយក្នុងនោះសុទ្ធតែមានគោលបំណងចង់ស្វែងយល់ម្អិតពីសក្ដានុពលរបស់ខេត្តព្រះសីហនុ។

លោកអភិបាលបានបន្តថា ខេត្តព្រះសីហនុ មានហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ ៣២ កំពង់ផែអន្តរជាតិទឹកជ្រៅសម្រាប់ការដឹកជញ្ជូនទំនិញនាំចេញ-ចូល ជាង ៧០ភាគ រយទូទាំងប្រទេស ។ បច្ចុប្បន្នដោយមានការគាំទ្រពីរដ្ឋាភិ បាលជប៉ុន កំពុងកសាង និងអភិវឌ្ឍន៍កំពង់ផែឆ្នាំ២០២០ ដល់ ២០២៥ ជំហានទី១ អាចឱ្យនាវាជំរៅទឹក ៩.៥០ ម៉ែត្រចូលចត ជំហានទី២ អាចឱ្យនាវាជំរៅទឹក ១៣ម៉ែត្រ និងបន្តទៅជំហានទី៣ និងទី៤ ពីឆ្នាំ២០២៥ កសាងកំពង់ផែទឹកជ្រៅអាចឱ្យនាវាមានជំរៅទឹកជ្រៅចូលចត ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ និងមានព្រលានយន្តហោះអន្តរជាតិមានផ្លូវរត់ ៣,២០០ម៉ែត្រ ដែលអាចឱ្យយន្តហោះប្រភេទធំ ចុះចតបាន និងបន្តពង្រីកបន្ទប់រង់ចាំ ។

រាជរដ្ឋាភិបាលបានកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបើកកាដ្ឋានសាង សង់កាលពីពាក់កណ្តាលឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ ជួយកាត់បន្ថយការកកស្ទះ និងពេលវេលា ខេត្តមានផ្លូវដែក មិនទាន់មានក្រុមហ៊ុន ឬអ្នកវិនិយោគលើផ្លូវដែក។ តាមរយៈមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ក៏ដូចជាអ្នកតំណាងវិស័យពាណិជ្ជកម្មអាមេរិក នឹងកៀរគរអ្នកវិនិយោគ និងធុរកិច្ចជនជាតិអាមេរិកមកកាន់ខេត្តព្រះសីហនុ ដើម្បីធ្វើការនាំទំនិញចូលទៅអាមេរិកកាន់តែច្រើនថែមទៀត ព្រោះខេត្តព្រះ សីហនុមានសក្តានុពលឆ្នេរ កោះ ភ្នំ ជាឱកាសល្អសម្រាប់អ្នកវិនិយោគលើវិស័យទេសចរណ៍ និងវាយភណ្ឌ៕

ចំណេះ​ដឺ​ង! តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ​ត្រូវ​ជាប់ពន្ធ?

ដោយ វុត្ថា

ភ្នំពេញ៖ ការប្រមូល​ពន្ធ​ត្រូវ​អនុវត្តន៍​ចំពោះ​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​កម្ពុជា ប៉ុន្តែ​នៅក្នុង​ជំ​ហ៊ាន​ដំបូង​ច្បាប់​នេះ​បានកំណត់​យកពន្ធ​លើ​អចលនទ្រព្យ​ទាំងឡាយណា​ដែល​ស្ថិតនៅតាម​តំបន់​រដ្ឋបាល​ថ្នាក់ក្រុង (ទីក្រុង) និង​តំបន់​រដ្ឋបាល​ថ្នាក់​ខេត្ត (ទី​រួម​ខេត្ត) ជាមុនសិន​ចំណែក​តំបន់​ផ្សេងទៀត​ដូចជា​ថ្នាក់ស្រុក និង​ទីជនបទ​មិនទាន់​ជាប់ពន្ធ​នោះទេ។

យោងទៅតាម​ច្បាប់​ពន្ធ​អចលនទ្រព្យ​កម្ពុជា បញ្ជាក់ថា អចលនទ្រព្យ​ជាប់ពន្ធ​ទាំងនេះ​អាចមាន​ដូចជា ដី ផ្ទះ និង​សំណង់​នានា​ដែល​សាងសង់​ភ្ជាប់​ជាមួយ​ដី​នោះ។ ទោះយ៉ាងណា​មាន​អចលនទ្រព្យ​មួយចំនួន​ត្រូវបាន​លើកលែង​ដោយ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ដែលមាន​ដូចជា​ដី​កសិកម្ម ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដី​កម្មសិទ្ធិ​របស់​ស្ថានទូត ដី​កម្មសិទ្ធិ​របស់​អង្គការក្រៅរដ្ឋាភិបាល អង្គការ​សាសនា និង​អង្គការ​សប្បុរសធម៌។

អចលនទ្រព្យ​ជាប់ពន្ធ​លុះត្រាតែ​អចលនទ្រព្យ​នោះ​មានតម្លៃ​សរុប​លើសពី១០០លាន​រៀល (២៥,០០០ដុល្លារ) ឡើងទៅ។ យោងទៅតាម​ច្បាប់​អ្នក​ដែល​ជាប់​បន្ទុក​បង់ពន្ធ​គឺ​ម្ចាស់​កម្មសិទ្ធិ ឬ​អ្នកកាន់កាប់​ឬ​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ​លើ​អចលនទ្រព្យ​ជាប់ពន្ធ។

តើ​ត្រូវ​បង់ពន្ធ​នៅឯណា?

សម្រាប់​អចល​ទ្រព្យ​នៅតាម​ខេត្ត​តម្រូវ​ឲ្យ​បង់ពន្ធ​តាម​សាខា​ពន្ធដារ​ខេត្ត​ប្រសិនបើ​អចលនទ្រព្យ​ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​បង់​នៅ​សាខា​ពន្ធដារ​ខណ្ឌ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ។ ជាទូទៅ​ពន្ធ​អចលនទ្រព្យ​តម្រូវ​ឲ្យ​បង់​បាន​មុន​បំណាច់​ខែកញ្ញា​នៃ​ឆ្នាំ​ដែល​ជាប់ពន្ធ។ ទាក់ទង​នឹង​ការបង់ពន្ធ​នេះ​អ្នក​បង់ពន្ធ​តម្រូវ​ឲ្យ​ដាក់​លិខិត​ប្រកាស​ពន្ធ និង​គណនា​ពន្ធ​ដោយ​ខ្លួនឯង។

ក្រៅពី​ការបង់ពន្ធ​តាម​សាខា​ពន្ធដារ​ម្ចាស់​អចលនទ្រព្យ​ក៏​អាច​បង់ពន្ធ​នៅតាម​សាខា​ធនាគារ​ដៃគូ​មួយចំនួន​ដូចជា៖ ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កាណាឌីយ៉ា​ធនាគារ អេ​អិន​ហ្សិត​រ៉ូយ៉ាល់ ឬ​ធនាគារ​កម្ពុជា​សាធារណៈ៕