ចំណេះ​ដឺ​ង! តើ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ​ត្រូវ​ជាប់ពន្ធ?

ដោយ វុត្ថា

ភ្នំពេញ៖ ការប្រមូល​ពន្ធ​ត្រូវ​អនុវត្តន៍​ចំពោះ​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​កម្ពុជា ប៉ុន្តែ​នៅក្នុង​ជំ​ហ៊ាន​ដំបូង​ច្បាប់​នេះ​បានកំណត់​យកពន្ធ​លើ​អចលនទ្រព្យ​ទាំងឡាយណា​ដែល​ស្ថិតនៅតាម​តំបន់​រដ្ឋបាល​ថ្នាក់ក្រុង (ទីក្រុង) និង​តំបន់​រដ្ឋបាល​ថ្នាក់​ខេត្ត (ទី​រួម​ខេត្ត) ជាមុនសិន​ចំណែក​តំបន់​ផ្សេងទៀត​ដូចជា​ថ្នាក់ស្រុក និង​ទីជនបទ​មិនទាន់​ជាប់ពន្ធ​នោះទេ។

យោងទៅតាម​ច្បាប់​ពន្ធ​អចលនទ្រព្យ​កម្ពុជា បញ្ជាក់ថា អចលនទ្រព្យ​ជាប់ពន្ធ​ទាំងនេះ​អាចមាន​ដូចជា ដី ផ្ទះ និង​សំណង់​នានា​ដែល​សាងសង់​ភ្ជាប់​ជាមួយ​ដី​នោះ។ ទោះយ៉ាងណា​មាន​អចលនទ្រព្យ​មួយចំនួន​ត្រូវបាន​លើកលែង​ដោយ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ដែលមាន​ដូចជា​ដី​កសិកម្ម ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដី​កម្មសិទ្ធិ​របស់​ស្ថានទូត ដី​កម្មសិទ្ធិ​របស់​អង្គការក្រៅរដ្ឋាភិបាល អង្គការ​សាសនា និង​អង្គការ​សប្បុរសធម៌។

អចលនទ្រព្យ​ជាប់ពន្ធ​លុះត្រាតែ​អចលនទ្រព្យ​នោះ​មានតម្លៃ​សរុប​លើសពី១០០លាន​រៀល (២៥,០០០ដុល្លារ) ឡើងទៅ។ យោងទៅតាម​ច្បាប់​អ្នក​ដែល​ជាប់​បន្ទុក​បង់ពន្ធ​គឺ​ម្ចាស់​កម្មសិទ្ធិ ឬ​អ្នកកាន់កាប់​ឬ​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ​លើ​អចលនទ្រព្យ​ជាប់ពន្ធ។

តើ​ត្រូវ​បង់ពន្ធ​នៅឯណា?

សម្រាប់​អចល​ទ្រព្យ​នៅតាម​ខេត្ត​តម្រូវ​ឲ្យ​បង់ពន្ធ​តាម​សាខា​ពន្ធដារ​ខេត្ត​ប្រសិនបើ​អចលនទ្រព្យ​ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​បង់​នៅ​សាខា​ពន្ធដារ​ខណ្ឌ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ។ ជាទូទៅ​ពន្ធ​អចលនទ្រព្យ​តម្រូវ​ឲ្យ​បង់​បាន​មុន​បំណាច់​ខែកញ្ញា​នៃ​ឆ្នាំ​ដែល​ជាប់ពន្ធ។ ទាក់ទង​នឹង​ការបង់ពន្ធ​នេះ​អ្នក​បង់ពន្ធ​តម្រូវ​ឲ្យ​ដាក់​លិខិត​ប្រកាស​ពន្ធ និង​គណនា​ពន្ធ​ដោយ​ខ្លួនឯង។

ក្រៅពី​ការបង់ពន្ធ​តាម​សាខា​ពន្ធដារ​ម្ចាស់​អចលនទ្រព្យ​ក៏​អាច​បង់ពន្ធ​នៅតាម​សាខា​ធនាគារ​ដៃគូ​មួយចំនួន​ដូចជា៖ ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កាណាឌីយ៉ា​ធនាគារ អេ​អិន​ហ្សិត​រ៉ូយ៉ាល់ ឬ​ធនាគារ​កម្ពុជា​សាធារណៈ៕

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ដ៏​ធំ កំពុង​សិក្សា​គម្រោង​បង្កើត​ឧ​ទ្សា​ន​ទេសចរណ៍ និង​វប្បធម៌ នៅ​ខេត្តបាត់ដំបង

ដោយ ៖ រ៉ា​ណេ​ត

បាត់ដំបង ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​ធំ​របស់​ចិន ដែលមាន​ទីស្នាក់ការ​នៅក្នុង​ខេត្ត​យូ​ណាយ បាន និង​កំពុង​សិក្សា​លម្អិត​ពី​គម្រោង​បង្កើត​ឧទ្យាន​ទេសចរណ៍ វប្បធម៌​ដ៏​ធំ​នៅក្នុង​ខេត្តបាត់ដំបង​ជាមួយនឹង​ដើមទុន​វិនិយោគ​រាប់សិប​លាន​ដុល្លារ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អភិបាលខេត្ត​បាត់ដំបង។

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ propertyarea.asia នៅ​ល្ងាច​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមហ៊ុន​ចិន​ដែលមាន​បំណង់​បោះទុន​វិនិយោគ និង​បង្កើត​ឧទ្យាន​ទេសចរណ៍ និង​វប្បធម៌​ដ៏​ធំ​ប្រចាំ​នៅក្នុង​ខេត្តបាត់ដំបង​មួយ​នេះ បាន​បោះទុន​បង្កើត​ឧទ្យាន​កម្សាន្ត​នៅក្នុង​ក្រុង​សៀមរាប​មួយកន្លែង​រួចហើយ។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តទៀតថា “ដោយសារតែ​ខេត្តបាត់ដំបង​មាន​សក្ដានុពល​ទៅលើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ស្រាប់ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​នេះ​ក៏មាន​បំណង​បង្កើត​ឧទ្យាន​កម្ស​ន្ត​មួយកន្លែង​ទៀត ខណៈដែល​ពេលនេះ​ពួកគេ​កំពុងតែ​សិក្សា​លម្អិត​ពី​គម្រោង​នៃ​ការអភិវឌ្ឍន៍ រួម​ជាមួយនឹង​ការសិក្សា​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា” ។

ជាមួយនឹង​គម្រោង​ដ៏​ធំ​មួយ​នេះ លោក​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ដែល​ក្រុមហ៊ុន​មានបំណង​ធ្វើការ​វិនិយោគ​ជា​ឧទ្យាន​បែប​វប្បធម៌ ច្នៃប្រឌិត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ទស្សនា​កម្សាន្ត អាច​ដើរ​កំសាន្ត និង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។

លោក​បាន​បញ្ជាក់ថា ខេត្តបាត់ដំបង​ជា​ខេត្ត​ដែលមាន​ភាពសម្បូរ​បែប ទាំង​ផ្នែក​កសិកម្ម សេវាកម្ម និង​ទេសចរណ៍ ហើយ​ក្រៅពី​កសិកម្ម ខេត្ត​នេះ​មាន​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ជាច្រើន​កន្លែង ជា​ប្រភេទ​កែច្នៃ និង​ធម្មជាតិ ជាពិសេស​សំណង់ផ្ទះ​បុរាណ​ជាច្រើន​ទៀត បានធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន ព្រមទាំង​អ្នកវិនិយោគ​ផងដែរ ។ ចំណែក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏មាន​ខ្វាត់ខ្វែង ការធ្វើដំណើរ​ក៏​ប្រើ​រយៈពេល​កាន់តែ​ខ្លី និង​លឿន​ជាង​មុន ។

លោក ងួន រតនៈ បានបង្ហាញ​ពី​ក្ដី​សង្ឃឹមថា ក្រុមហ៊ុន​នឹងធ្វើ​ការវិនិយោគ​លើ​គម្រោង​ឧទ្យាន​បែប​វប្បធម៌ និង​កែច្នៃ​នេះ ឲ្យ​លេចចេញ​រូបរាងឆាប់ៗនៅក្នុង​ខេត្តបាត់ដំបង ដើម្បី​បម្រើ​ភាព​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ​ទាំងមូល និង​ដើម្បី​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​អ្នក​ទៀត​ឲ្យ​មក​ទស្សនា​ខេត្ត​មួយ​នេះ ព្រោះ​ខេត្តបាត់ដំបង​ជា​ខេត្ត​មួយ​ដ៏​ល្អឥតខ្ចោះ ក្នុងការ​រស់នៅ ការប្រកប​អាជីវកម្ម និង​សម្រាប់អ្នកទេសចរ​នានា​មក​ទស្សនា​ខេត្ត​នេះ​ផងដែរ ។

មុនពេល​បង្ហាញ​ពី​គម្រោង​នៃ​វិនិយោគ​នៅក្នុង​ខេត្តបាត់ដំបង ក្រុម​ខាងលើនេះ​បាន​បោះទុន​វិនិយោគ និង​អភិវឌ្ឍន៍​នៅក្នុង​ខេត្តសៀមរាប​ក្រោម​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយនឹង​ដើមទុន​ដំបូង​ជាង ២៧លាន​ដុល្លារ ស្ថិតនៅ​ផ្លូវ៦០ម៉ែត្រ ភូមិ​ទ្រាំង ឃុំ​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ផ្តល់ឱកាស​ការងារ​បាន​ចំនួន២១៣កន្លែង ក្រោម​ឈ្មោះ Angkor Culture Investment and Development Group ៕

S&P៖ សេដ្ឋកិច្ច​ថៃ​នឹង​ស្តារឡើងវិញ ទោះ​កំពុង​ប្រឈម​បញ្ហានយោបាយ​ក្តី

ដោយ ហ្សូ​លី

បាងកក៖ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បានទទួល​ស្គាល់​ចំណាត់ថ្នាក់​មាន​ស្ថេរភាព​របស់ ក្រុមហ៊ុន​ព្រាក​រណ៍​សេដ្ឋកិច្ច សម្រាប់​ប្រទេស​ថៃ ហើយ​ជឿជាក់ថា សេដ្ឋកិច្ច​ថៃ​នឹង​ងើប​ឡើងវិញ​ល្អ​នៅ​ឆ្នាំក្រោយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Anucha Burapachaisri បាន​និយាយថា ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​បាន​ទទួលស្គាល់ថា S&P Global Ratings (S&P) បានផ្តល់​ចំណាត់ថ្នាក់ និង​រក្សា​ទស្សនវិស័យ​ស្ថិរភាព​របស់ខ្លួន សម្រាប់​ប្រទេស​ថៃ​ពីព្រោះ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ និង​សារពើពន្ធ​ខាងក្រៅ​របស់​ថៃ​គឺ​ខ្លាំង។

ក្រៅពីនេះ​ចំនួន​បំណុល​នៅក្នុង​វិស័យ​រដ្ឋាភិបាល​មិនបាន​បង្ក​ការព្រួយបារម្ភ​អ្វី​ឡើយ ហើយ​ស្ថានភាព​នយោបាយ​ដែល​កំពុង​បន្ត​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​និង​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល។  លោក Anucha បាន​មានប្រសាសន៍ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ទំនងជា​នឹង​ងើប​ឡើងវិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

ហិរញ្ញវត្ថុ​សាធារណៈ​នៅតែមាន​ភាពរឹងមាំ​ដោយសារ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកបដោយ​គតិបណ្ឌិត។  អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា ទោះបីជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ដោះស្រាយ​បញ្ហា​មេរោគ​ឆ្លង​និង​ជំរុញ​សេដ្ឋកិច្ច​ធ្វើឱ្យ​ឱនភាព​ថវិកា​នៅ​ឆ្នាំ ២០២០ និង ២០២១ និង​បាន​បង្កើន​បំណុល​រដ្ឋាភិបាល​ក៏ដោយ ក៏​ពួកគេ​មិនបាន​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​នោះទេ។

គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ ២០២០ បំណុល​សាធារណៈ​របស់​ប្រទេស​ថៃ​មាន​ចំនួន ៧,៨ ទ្រី​លាន​បាត​ស្មើនឹង ៤៩,៣៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​និង​ក្រោម ៦០% ស្របតាម​វិន័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស។

S&P រំពឹងថា​សេដ្ឋកិច្ច​ថៃ​នឹង​ងើបឡើង​វិញ​និង​លូតលាស់​ក្នុង​រយៈពេល​មធ្យម។ ការ​ងើប​ឡើងវិញ​ជា​បណ្តើរ ៗ អាចធ្វើ​ទៅបាន​នៅ​ឆ្នាំក្រោយ​ដោយសារតែ​ការធ្វើឱ្យ​ប្រសើរឡើង​នៅក្នុង​វិស័យ​ទេសចរណ៍​ដោយ​ផ្អែកលើ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​កូ​វីដ១៩ និង​ការគាំទ្រ​របស់​រដ្ឋាភិបាល​សម្រាប់​ការវិនិយោគ​ជា​បន្តបន្ទាប់។

លោក Anucha បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​នឹង​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុងការ​រក្សា​ការងារ​និង​បង្កើន​ការចំណាយ​ថវិកា​តាមរយៈ​អង្គការ​រដ្ឋាភិបាល​និង​សហគ្រាស​រដ្ឋ​ដើម្បី​បង្កើត​ការងារ៕

ក្រុមហ៊ុន AEON បរិចាគ​ថវិកា​ជាង ៣៣,៦៦លាន​យ៉េន​ដល់​កម្ពុជា និង​មី​យ៉ាន់​ម៉ា

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន AEON ដែលជា​ក្រុមហ៊ុន​ផ្សារ​ទំនើប របស់​ប្រទេស​ជ៉ុ​ន តាម​យៈ មូលនិធិ​របស់ខ្លួន AEON 1% Club Foundation បានសម្រេច​ផ្តល់​ថវិកា​ជាង ៣៣,៦៦លាន​យ៉េន ដល់​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា ដើម្បី​ជួយ​ដល់​វិស័យ​ទឹកស្អាត។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅក្នុង​ប្រទេស​ជប៉ុន បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ​ថា ម​ឯកអគ្គរាជទូត​បាន​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ប្រគល់​ថវិកា​ចំនួន​ជាង ៣៣,៦៦លាន​យ៉េន ពី​មូលនិធិ AEON 1% Club Foundation ជូន​តំណាង​គណៈកម្មាធិការ UNICEF ជប៉ុន ដើម្បី​យកទៅជួយ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា និង​មី​យ៉ាន់​ម៉ា។

ស្ថានទូត​កម្ពុជា​បញ្ជាក់​ថា ថវិកា​នេះ​នឹងត្រូវ​បែងចែក​ពីរ​ស្មើគ្នា ៥០-៥០ សម្រាប់​ប្រ​ទស​ទាំងពីរ ខណៈ​ក្រុមហ៊ុន​នេះ បាន​បោះទុន​វិនិយោគ​ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​កម្ពុ​ជាមាន ៣ទីតាំង​ផ្សារ​ទំនើប​រួមមាន​ផ្សារ​ទំនើប AEON Mall Phnom Penh ផ្សារ​ទំនើប AEON MALL Sen Sok និង​ផ្សារ​ទំនើប AEON MALL Meanchey  មាន​ទីតាំង​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​នៃ​ទីក្រុង​រណប ING CITY ។

ផ្សារ​ទំនើប​ទី៣របស់​ក្រុមហ៊ុន AEON គឺ​នឹងមាន​ផ្ទៃក្រឡា​សរុប​រហូតដល់​ទៅ ១៧៤០០០ ម៉ែត្រការ៉េ ដែល​នេះ​គឺ​ធំ​ជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប AEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និង​ផ្សារ​ទំនើប AEON ២ សែន​សុខ (១០០០០០ ម៉ែត្រការ៉េ) ដែល​ទំហំ​សរុប​មាន​ត្រឹមតែ ១៦៨០០០ម៉ែត្រការ៉េ។

ទន្ទឹមនឹង​នេះដែរ ផ្សារ​ទំនើប​ទី៣របស់ AEON ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ឬ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​មួយ​នេះ​គឺ​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ២០២៣ខាងមុខនេះ។

បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា ក្រុមហ៊ុន Aeon Mall គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប Aeon ដំបូងបង្អស់ នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ដើមឆ្នាំ២០២១ នេះ ក្រោម​ទុនវិនិយោគ​ប្រមាណ ១៨០លាន​ដុល្លារ​អាមេរិក។

ផ្សារ​ទំនើប​នេះ ស្ថិតក្រោម​ការវិនិយោគ​នៃ​ក្រុមហ៊ុន​ពី​រួមគ្នា​គឺ ក្រុមហ៊ុន Aeon Mall និង​ក្រុមហ៊ុន Shwe Taung ដោយ​នឹង​សាងសង់​ស្ថិត​លើ​ផ្ទៃដី​ទំហំ ៧២ ០០០ ម៉ែត្រការ៉េ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២៣ខាងមុខនេះ។

ក្រុមហ៊ុន Aeon ជា​ក្រុមហ៊ុន​វិយោគ​ដ៏ំ​ធំ​របស់​ជប៉ុន មាន​ទីផ្សារ​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដោយមាន​សាខា​ចំនួន ៥ កន្លែង​នៅ​ប្រទេស​វៀតណាម ៣កន្លែង​នៅ​កម្ពុជា ខណៈ​មួយទៀត កំពុង​សាងសង់ និង២ កន្លែង​នៅ​ឥណ្ឌូនេស៊ី ជាមួយនឹង​ប្រាក់ចំណេញ​ប្រមាណ ៣៧២ លាន​ដុល្លារ​អាមេរិក៕

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​អនុម័ត​ប្រើ​បច្ចេកវិទ្យា​សំណង់​ក្រាល​ត្រួត​ពីរ​ជាន់

ដោយ វុត្ថា

ភ្នំពេញ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លៀន​ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​អនុម័ត​ប្រើប្រាស់​បច្ចេកវិទ្យា​សំណង់​ក្រាល​ត្រួត​ពីរ​ជាន់​បន្ត​លើ​គ្នា ដោយ​ក្នុងមួយថ្ងៃៗ សម្រេចបាន ៦០០ ទៅ ៧០០ម៉ែត្រ​ក្នុង​មួយថ្ងៃ។

ក្រុមហ៊ុន​សាងសង់​គម្រោង​ផ្លូវ​ល្បឿន​លឿន​របស់​ចិន បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ​ថា ការឆ្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មី​របស់​កម្ពុជា​ទទួលបាន​លទ្ធផល​ល្អ​អាច​ប្រើប្រាស់​បាន​ខ្នាត​ធំ ក្នុង​ក្រាល​ត្រួត​ពី​ឡ​លើ​គ្នា​នេះ ដោយមាន​ការសហការ​គ្នា ទើប​ទ​ទូល​បានការ​ជោគជ័យ​ក្នុងការ​សាងសង់​ប្រវែង ៦០០-៧០០មែត្រ​ក្នុង​មួយថ្ងៃ។

ក្រុមហ៊ុន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០២២ ប្រជាជន​កម្ពុជា​នឹង​អាចធ្វើ​ដំណើរ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ។យោងតាម​ស្ថិតិ​ដែល​សិក្សា​ពាក់ព័ន្ធ​ដោយ​ប្រទេស​ចិន តម្លៃ​វិនិយោគ​លើ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​មួយ​ដុល្លារ​អាច​ផ្តល់​ផល​យោជន៍​ដល់​សង្គម​វិញ​ក្នុងតម្លៃ​ប្រហែល៣ដុល្លារ។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែលមាន​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​នឹង​ភ្ជាប់​រាជធានី​ភ្នំពេញ​និង​ក្រុងព្រះសីហនុ​ក្នុង​រយៈពេល ២ ម៉ោង​ដែល​នឹង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។

លោក វ៉ា​ស៊ឹម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២០នេះ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​នេះ សម្រេចបាន ២៧ភាគរយ ហើយ​ដំណើរការ​នៃ​ការស្ថាបនា មិនមាន​ការរំខាន​ពី​ជំងឺ​កូ​វីដ-១៩នោះទេ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែល​គ្រោង​បើក​ឱ្យប្រើ​ប្រាស់​នៅ​ខែមីនា ឆ្នាំ២០២៣ ។ ផ្លូវ​ល្បឿន​លឿន បែង​ចែកជា ៤គន្លង ប្រវែង​សរុប ១៩០គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត-ក្រុង​ចំនួន ៥ ៕

កម្ពុជា​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេចបានជាង ៦០ម៉ឺន​តោន ក្នុង​រយៈពេល ១១ខែ

ដោយ វុត្ថា

ភ្នំពេញ៖ កម្ពុជា​នាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល ១១ខែ នៅ​ឆ្នាំ២០២០នេះ សម្រេចបាន ៦០១ ០៤៥ តោន ដែល​ក្នុងនេះ​មាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤៨១ ១២៣ តោន, អង្ក​រស​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ១១៣ ៧០៣ តោន និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦ ១៥១ តោន។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រម​ញ្ញ និង​នេសាទ បានឱ្យដឹង​នៅ​រាត្រី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ​ថា ការនាំចេញ​អង្ករ​រយៈ១១ខែ នៅ​ឆ្នាំ២០២០នេះ គឺមាន​ការកើនឡើង​ប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែល​ធៀប​ទៅនឹង​រយៈពេល១១ខែ នៅ​ឆ្នាំ២០១៩ មានតែ​ចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ ។

លោក​បន្តថា ដោយឡែក សម្រាប់​ខែ​វិឆ្ឆិកា ឆ្នាំ២០២០ នេះ​សម្រេច​ការនាំចេញ​អង្ករ​បាន​ចំនួន ៦៤ ៧៤០ តោន មានការ​កើនឡើង​ចំនួន ៨ ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀប​ទៅនឹង​បរិមាណ​នាំចេញ​នៅ​ខែ​វិឆ្ឆិកា ឆ្នាំ២០១៩ ។

លោក​រដ្ឋមន្ត្រី​បន្ថែមថា ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ១១ខែ​កន្លងទៅនេះ មាន​ចំនួន ៦០ ប្រទេស៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស ប្រទេស​ចិន(រួមទាំង កោះ​ហុងកុង ម៉ាក់​កាវ និង​តៃវ៉ាន់) ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន ២៩ ប្រទេស ។

លោក​បញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។

លោក​រដ្ឋមន្ត្រី​បន្ថែមថា ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ១១ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ ដោយឡែក​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី១៖ ១) ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩%, ២) ការនាំ​ចេញទៅ​សហភាព​អ៊ឺរ៉ុប​មាន​ចំនួន ២៤ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥%, ៣) បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មាន​បរិមាណ​សរុប​ចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១%, និង ៤) គោលដៅ​ដ៏ទៃទៀត ចំនួន២៩ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥% ។

បើតាម​លោក រដ្ឋមន្ត្រី វេ​ង សាខុន ថា  ការនាំចេញ​ស្រូវ​ទៅតាម​បណ្តា​ច្រក​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម មកទល់​ថ្ងៃទី ៣០ ខែ​វិឆ្ឆិកា ឆ្នាំ២០២០ មាន​បរិមាណ​សរុប​ចំនួន  ១ ៧៧៧ ១០៧ តោន ។ បរិមាណ​នាំចេញ​សម្រាប់​មួយថ្ងៃ នៅ​ថ្ងៃទី៣០ ខែ​វិឆ្ឆិកា ឆ្នាំ២០២០ នេះ មាន​ចំនួន ២៦ ៦១៩ តោន ៕

Balactanផលិតផលទឹកដោះគោដែលផ្តោតលើសុខភាពនិងអនាគតរបស់កុមារ

        ដោយៈរ៉ាណេត

        ភ្នំពេញៈ សេចក្តីស្រលាញ់របស់មាតា បិតាបានកើតមានដដំបូងបង្អស់ នៅពេលពួកគេដឹងថា ពួកគេបានផ្តល់កំណើតដល់ទារក សំរាប់ស្នងត្រកូលឬទាយាទរបស់ពួកគេនាពេលអនាគត។

ហេតុនេះ ការយកចិត្តទុកដាក់ដល់សុខភាពរបស់ទារក និងកុមារជារឿងសំខាន់ ដែលឳពុក ម្តាយគ្រប់រូបតែងតែយកចិត្តទុកដាក់ជាចម្បង ប៉ុន្តែការជ្រើសរើសផលិតផលសំរាប់ទារក និងកុមារត្រូវតែជារឿងសំខាន់ ខណៈវត្តមានទឹកដោះគោ Balactan Premium Gold ម្សៅទឹកដោះគោគ្មានជាតិសណ្ដែក ដ៏ល្បីឈ្មោះត្រូវបាននាំចូលមកពីប្រទេសអេស្បាញ។

ម្សៅទឹកដោះគោ បាឡាក់តាន់ នូទ្រីសិន ដែលផលិតដោយសាជីវកម្មផ្នែកចំនីអាហាររបស់ប្រទេសអេស្ប៉ាញ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត នៃចង្វាក់ផលិតកម្ម និងការអភិវឌ្ឍន៍ស្រាវជ្រាវ លើគ្រប់ផលិតផលរបស់ខ្លួន រហូតក្លាយជាម៉ាកសញ្ញាឈានមុខ ឈរនៅលំដាប់លេខ១នៅទ្វីបអឺរ៉ុប លើការផ្គត់ផ្គង់ប្រភេទទឹកដោះគោម្សៅសំរាប់ទារកដែលគ្មានជាតិសណ្តែក។

ទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល (Balactan Premium Gold) គឺជាទឹកដោះគោម្សៅ ដែលមានរូបមន្តឈានមុខគេ ដោយរួមបញ្ចូលនៅ ជីវជាតិចិញ្ចឹម ដែលបំពេញនូវ តំរូវការនៃការលូតលាស់ ទៅតាមវ័យនីមួយៗរបស់កុមារ។

អគ្គនាយិកាក្រុមហ៊ុន MYSL C, Ltd លោកស្រី ថេង សុខលី បានមានប្រសាសន៍បញ្ជាក់ប្រាប់ឲ្យដឹងថា ចំណុចខ្លាំងរបស់ទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងឈរនៅលំដាប់កំពូលនៅក្នុងទ្វីបអឺរ៉ុប ដោយបានទទួលស្គាល់ពីស្ថាប័ន និងអង្គការសុខភាពជាច្រើន រហូតទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីគុណភាព និងគុណសម្បត្តិ នៃផលិតផលរហូតដល់ចំនួន៧ផ្សេង។

លោកស្រីបានបញ្ជាក់ថា “អ្វីដែលពិសេស និងកាន់តែមានគុណប្រយោជន៍ចំពោះសុខភាពខួរក្បាល ប្រាជ្ញារស្មារតី និងរាងកាយ គឺវត្ថុធាតុដើមចាំបាច់ដែលបានចំរាញ់ចេញពីប្រភេទបន្លែ ផ្លែឈើសរីរាង្គមិនមានសារធាតុអវិជ្ជមាន ដល់គុណភាពនិងបរិស្ថាន” ។

ជាមួយគ្នានេះ អ្នកម្តាយជាច្រើនបានគាំទ្រលើផលិតផលនេះ ដែលពួកគេបានសម្រេចចិត្តប្រើប្រាស់វា ដោយសារពួកគេមើលឃើញពីគុណភាពរបស់Balactan។

រោងចក្រផលិតម្សៅទឹកដោះគោនេះ បានផលិតឡើងយ៉ាងសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។ ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។ ទី២  Balactan លេខ2  ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់១២ខែ និងទី៣ Balactan លេខ៣ សំរាប់កុមារចាប់ពី ១២ខែ រហូតដល់៣៦ខែ។

លោកស្រីថេង សុខលីបានបន្តជាមួយស្នាមញញឹមបណ្តើរថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាពស្មារតីរបស់ពួកគេ ដូច្នេះហើយ ទើបខ្ញុំសម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនចាទីស្រលាញ់របស់ពពួកគេ។

លោកស្រីបន្ថែមថា “ខ្ញុំក៏បានប្រើប្រាស់ផលិតផល Balactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ” ។

មានសារធាតុ Prebiotic ជំនួយដល់ការលូតលាស់បាក់តេរីល្អ ក្នុងពោះវៀន ដែលជួយអោយការស្រូបយកសារធាតុចិញ្ចឹមបានល្អ និងងាយបន្ទោរបង់ រួមជាមួយនឹងសារធាតុ Nucleotides ជំនួយដល់ការបង្កើតនៅកោសិការសរីរាង្គ (ឌីអេនអេ និង អរអេនអេ)។

នៅក្នុងវត្ថុធាតុដើមមិនមានសារជាតិប្រេងដូង (Palm Oil Free) ជួយអោយកុមារស្រូបយក ឌីអេចអេ និងកាល់ស្យូមបានកាន់តែប្រសើរ កាត់បន្ថយអត្រាជំងឺពុកឆ្អឹងនាថ្ងៃអនាគត និងជួយអោយស្រួលបន្ទោរបង់ មានជាតិ Taurine ជួយទ្រទ្រង់ដល់ការលូតលាស់ខួរក្បាល ភ្នែក និងបេះដូង។

ផលិតផលនេះក៏មានផ្ទុក DHA ដែលជួយដល់ការលូតលាស់ខួរក្បាល និងប្រាជ្ញាស្មារតី ហើយថែមទាំងមាន Calcium ជំនួយដល់ការលូតកម្ពស់យ៉ាងល្អប្រសើរ។ អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ពិសេសអ្នកម្តាយគ្រប់រូប ដែលចង់បានបុត្រធីតាមានសុខភាពល្អ គួរឲ្យស្រលាញ់ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 924 777, 078 925 777៕

តើគួរវិនិយោគលើដដីបែបណាដើម្បីកុំឲ្យជាប់គាំងនិងអាចពង្រីកទុនបន្ថែម?

        ដោយគង់ សូរិយា

        ភ្នំពេញៈ ការវិនិយោគលើដដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់ ពិតជាតម្រូវការរបស់អ្នកវិនិយោគ ប៉ុន្តែការវិនិយោគដែលគ្មានចំណេះដឹង នឹងធ្វើឲ្យលំហូរសាច់ប្រាក់របស់ខ្លួនជាប់គាំងមិនខាន។

ដោយមិនផ្តោតលើLand Banking ការទិញដីធ្លីដែលមានតម្លៃសមរម្យ ពិសេសរកបានដីក្រោមតម្លៃទីផ្សារជាជម្រើសល្អមួយផងដែរ។

អ្នកជំនាញផ្នែកដីធ្លីលោកកាង សុធីអគ្គនាយកក្រុមហ៊ុនCentury21 Land Stationបានមានប្រសាសន៍៍ថា អ្នកទិញដីទុកសំរាប់វិនិយោគភាគច្រើន ជាមនុស្សលោភលន់ ដោយពួកគេតែងតែចង់ចំណេញច្រើនខ្លាំង ប៉ុន្តែការពិតការទិញដីទុកសំរាប់វិនិយោគគួរតែលក់ចេញ បើចំណេញចន្លោះពី៥០ ទៅ១០០ភាគរយ ព្រោះការធ្វើបែបនេះ ធ្វើឲ្យយើងអាចពង្រីកទុនបន្ថែម ដោយអាចយកទៅទិញនៅកន្លែងផ្សេង ហើយយកប្រាក់ចំណេញខ្លះសំរាប់ការដើរលំហែរ។

លោកបន្តថា “បើលក់ដីចំណេញបាន៥០ទៅ១០០ភាគរយ យើងអាចយកទុនទៅទិញមួយកន្លែងឬពីកន្លែងទៀត ហើយលក់ទៀតបើបានចំណេញ។ ពេលនោះយើងអាចមានដីកើនដល់ពីរទៅបីកន្លែង ហើយកន្លែងណាចំណេញច្រើន យើងលក់ចេញជាបន្ត ដើម្បីវិនិយោគបន្តនៅកន្លែងផ្សេង ដើម្បីយកផលចំណេញទៀត”។

លោកកាង សុធីបានបន្តថា បើយើងលោភលន់ខ្លាំង មិនលក់ពេលចំណេញ ពេលខ្លះមិនប្រាកដថាបានលុយចំណេញទេ បើសិនជាជួបស្ថានភាពវិបត្តិសេដ្ឋកិច្ច ហេតុនេះការទិញដូរ លក់ចេញ ទិញចូលឲ្យបានញឹកញាប់ នៅពេលយើងទទួលបានចំណេញហើយ យើងនឹងមិនជាប់គាំងលំហូរសាច់ប្រាក់នោះទេ។

លោកបានផ្តល់ជាយោបល់បន្ថែមថា កាលណាយើងវិនិយោគ និងឆាប់លក់ចេញ​នៅពេលទទួលបានផលចំណេញ យកលុយចំណេញដើរកំសាន្តខ្លះ នឹងធ្វើឲ្យជីវិតយើងរីករាយ ហើយទ្រព្យរបស់យើងក៏កើន ជាជាងទុកចំណេញច្រើនពេក រហូតដល់ពេលជួប​វិបត្តោសេដ្ឋកិច្ច ពេលនោះដីលក់ក៏មិនចេញ ផលចំណេញក៏បាត់ ហើយគាំាំងលំហូរសាច់ប្រាក់ផងដែរ៕

កែបនៅតែស្រូបទាញភ្ញៀវទេសចរណ៍ដោយរយៈពេល១១ខែទទួលបានទេសចរ ជាង១.៣លាននាក់

ដោយៈ រ៉ាណេត

កែបៈ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ ខេត្តកែបបានទទួលស្វា​គមន៍ទេស​ចរចម្រុះជាតិសាសន៍នានា ជាពិសេសជនជាតិខ្មែរសរុបជាង១,៣លាននាក់ ដែលជាសញ្ញា​បង្ហាញពីសក្ដានុពល និងភាពទាក់ទាញរបស់ខេត្តក្នុងវិស័យទេសចរណ៍ ខណៈដែលវិស័យឯកជន កំពុងតែបណ្តាក់ទុនបន្ថែម ទៅលើការបង្កើតផលិតផលទេសចរណ៍ ថ្មីៗបន្ថែមទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

តាមរយៈរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកែប ដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២០កន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកសម្រាកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ឆ្នេរមានចំនួនជាង១,៣លាននាក់ ដោយតួលេខនេះមានការថយចុះបន្តិចបន្តូច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានភ្ញៀវ​ទេសចរមកលេងកម្សាន្តជាង១,៤លាននាក់។

ចាប់តាំងពីដើមឆ្នាំ២០២០ ដែលកើតមានជំងឺកូវីដ១៩ វាយលុកលុយទូទាំងពិភពលោក ទេសចរចម្រុះជាតិសាសន៍ បានផ្អាករាល់គម្រោងដំណើរកម្សាន្តរបស់ខ្លួន ដែលធ្វើឱ្យវិស័យមួយនេះទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលក្នុងកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលអវិជ្ជមានផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា តាមរយៈចលនាក្នុងស្រុក វិស័យទេសចរណ៍កម្ពុជានៅតែមានចលនា ជាពិសេសនៅតាមតំបន់ឆ្នេរ តំបន់ធម្មជាតិព្រៃភ្នំ ដែលជាតំបន់ទេសចរណ៍មានស្រាប់ និងទេសចរណ៍កែច្នៃដែលវិនិយោគដោយវិស័យឯកជន។

ដោយឡែកសម្រាប់តែខេត្តជាប់មាត់សមុទ្រ កែប នៅក្នុងរយៈពេល១១ខែកន្លងទភនេះ មានទេសចរចម្រុះជាតិសាសន៍ជាង១,៣លាននាក់ ចូលទៅកម្សាន្តនៅតាមរម​ណីយដ្ឋាននានាទូទាំងខេត្ត ដែលក្នុងនោះរួមមានដូចជា តំបន់ឆ្នេរអង្កោល ទីតាំងវត្តសមាធិ និងតំបន់ព្រៃកោងកាងជាដើម។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានថ្លែងដោយមោទនភាពថា “កែប ពិតជាខេត្តដែលមានលក្ខណៈពិសេស ដែលសម្រស់ដ៏ស្រស់ស្អាតរបស់ខេត្ត ហាក់មានបង្កប់នូវអាថកំបាំងកណ្តាលធម្មជាតិ ដែលធ្វើឱ្យទេសចរមានអារម្មណ៍ភ្ញាកផ្អើល និងមិនចង់ចាកចេញនោះទេ”។

លោកបញ្ជាក់ថា “ទេសចរជាច្រើន ហាក់ជាប់ចិត្តជាមួយនឹងខេត្តតូចច្រឡឹងនេះ។ ខេត្តកែបមានលក្ខណៈល្អពិសេស និងស័ក្តិសមជាកន្លែងសម្រាប់លំហែរកាយ ដែលក្រៅពីមានទឹក ដី និងខ្យល់ស្អាត ខេត្តក៏មានប្រៃកោងកាង ដើមឈើធំៗ និងរសជាតិអាហារសមុទ្រ ជាពិសេសក្តាមសមុទ្រ ដែលចង់ចិត្តទេសចរមិនអាចបំភ្លេចបាន”៕

អ្នកជំនាញៈតម្លៃអចលនទ្រព្យនៅកម្ពុជាស្ទុះឡើងចន្លោះ៧ ទៅ១០ភាគរយក្នុងមួយឆ្នាំ

ដោយ ហ្សូលី

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា សន្ទុះនៃតម្លៃអចលនទ្រព្យនៅកម្ពុជា នឹងនៅបន្តកើនឡើងចន្លោះពី៧ ទៅ១០ភាគរយក្នុងមួយឆ្នាំ ដោយអាស្រ័យទៅលើទីតាំងភូមិសាស្រ្ត។

អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ ២០២០នេះថា អ្នកជំនាញអចលនទ្រព្យជាច្រើនបានព្យាករណ៍ពីតម្លៃថា អាចនឹងមានការកើនឡើង ក្នុងមួយឆ្នាំប្រមាណ៧ទៅ១០ភាគរយក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោកបន្តថា “វាទំនងជាអាចទៅរួច ព្រោះតម្លៃនៅកម្ពុជាហាក់នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តារប្រទេសនានានក្នុងតំបន់អាស៊ី”។ លោកបន្តថា “អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺកម្ពុជាអាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋ ដែលមានចំណូលទាបនាពេលអនាគត ព្រោះការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យនៅកម្ពុជាបច្ចុប្បន្ន មិនទាន់ឆ្លើយតបនឹងជីវភាបរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃយ៉ាងហោចណាស់២៥០០០ដុល្លារទៅហើយ”។

ជាមួយគ្នានេះ លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ធ្លាប់បានមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសជាមួយគេហទំព័រ Propertyarea.asia ថា កាលណាមានតម្រូវការ ត្រូវការចាំបាច់ ការផ្គត់ផ្គង់ក៏មានកម្រិតដែរ។ តម្លៃក៏ដូចគ្នា នៅពេលដែលអចលនវត្ថុនោះ ស្ថិតនៅក្នុងទីតាំងណាមួយ ដែលមានអតិថិជនត្រូវការចង់បានច្រើន នោះតម្លៃនឹងកើនឡើង។

ប្រធានសមាគមរូបនេះបញ្ជាក់ថា “យើងអាចកត់សម្គាល់បានថា តម្លៃនោះវាអាចឡើងខ្ពស់ បើប្រៀបធៀបជាមួយតំបន់ផ្សេងៗតម្លៃអាចឡើងត្រឹម៥ភាគរយ អញ្ចឹងបើតំបន់ដែលមានតម្រូវការខ្ពស់ វាអាចនឹងឡើងដល់៧ភាគរយ ឬក៏១០ភាគរយជាដើម”។

ចំណែកឯតំបន់ខ្លះទៀតជាលក្ខណៈលំនៅដ្ឋាន ឬហៅថា Residence តម្លៃរបស់វាមានកំណើនទៅតាមកម្រិតរបស់វា។ សំខាន់គឺតំបន់ណាដែលមានតម្រូវការខ្ពស់ តម្លៃអចលនវត្ថុមានការហក់ឡើងខ្ពស់។

សន្ទុះនៃតម្លៃនេះ មិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានសេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានជាកំសួលចិត្តសាស្រ្តឬឥរិយាបទ (behavioral) របស់មហាជន និងអ្នកវិនិយោគ៕