ដោយ: គង់ សូរិយា
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ហុងគ្រីនឹងចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការទ្វេរភាគី ដើម្បីពង្រឹងនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះ នឹងធ្វើនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ដោយមានការចូលរួមជាអធិបតី ពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក អ៊ីស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យអភិវឌ្ឍការនាំចេញ នៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី នឹងបើកកិច្ចប្រជុំដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈដែលបានចុះហត្ថលេខាកន្លងមក។
ក្រោយចប់កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កិច្ចប្រជុំកម្រិតបច្ចេកទេសត្រៀម សម្រាប់កិច្ចប្រជុំលើកទី១ កាលពីសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១កន្លងទៅ តាមរយៈប្រព័ន្ធវីដេអូ (Virtual Conference) ក្រោមការដឹកនាំរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងគណៈប្រតិភូកម្ពុជា និងលោកស្រីបណ្ឌិត Judit Pekári-Vékei ប្រធាននាយកដ្ឋានទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចចម្រុះ នៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី តំណាងគណៈប្រតិភូហុងគ្រី ភាគីទាំងពីរបានឯកភាពលើខ្លឹមសារ សេចក្តីព្រាងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី១ ហើយកំណត់ហេតុរួមនៃកិច្ចប្រជុំនេះ នឹងត្រូវចុះហត្ថលេខាក្នុងកិច្ចប្រជុំលើកទី១ នារសៀលថ្ងៃទី២១នេះ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជានិងភាគីហុងគ្រី បានពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុរួម នៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី។
តាមរយៈកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗរួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច កសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់ វិស័យគ្រប់គ្រងធនធានទឹក អប់រំ យុវជននិងកីឡា វប្បធម៌ ទេសចរណ៍ ឧស្សាហកម្ម បច្ចេកវិទ្យានិងនវានុវត្តន៍ និងអាកាសចរស៊ីវិល៕