ដំណោះស្រាយ៖ ថែរក្សា​ស្ថិរភាព​ចរន្ត​សេដ្ឋកិច្ច​ក្រុមហ៊ុន ឬ​អាជីវកម្ម​ឱ្យ​រ៉ឹង​មាំគួរ​ធ្វើ​បែបណា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ការបង្កើត​ក្រុមហ៊ុន​មួយ​វា​មិនមែនជា​រឿង ដែល​លំបាក​ពេក​នោះទេ ប៉ុន្តែ​ការគ្រប់គ្រង​បុគ្គលិក ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បន្តដំណើរ​ការ​របស់​ក្រុមហ៊ុន​ឱ្យមាន​ភាព​រីកចម្រើន​នោះ ទើប​ជា​រឿង​ដែល​លំបាក ដែល​ត្រូវតែមាន​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត។


ការអនុវត្ត​ជាច្រើន ដែល​ត្រូវធ្វើ​ប្រសិនបើ​អ្នកជា​ម្ចាស់ទុន និង​រឹតតែ​ជា​ប្រធាន​ទីផ្សារ​នៃ​ការលក់ ដែល​តម្រូវឱ្យ​មានការ​ស្គាល់ នូវ​សមាសភាព​បុគ្គលិក​គ្រប់គ្រង និង​ដឹកនាំ​ក្រុមហ៊ុន​ឱ្យមាន​ភាព​រីកចម្រើន។ គ្រប់​អ្នកដឹកនាំ និង​អ្នកគ្រប់គ្រង​ទាំងអស់ គឺ​សុទ្ធ​តែមាន​យុទ្ធសាស្ត្រផ្សេងៗពីគ្នា ប៉ុន្តែ​សម្រាប់​រូបលោក​ផ្ទាល់ បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចំនួន៤ចំណុច​នេះ។

ទី១ ទុក​បុគ្គលិក​ដូចជា​បងប្អូន​បង្កើត

ធម្មតា​បុគ្គលិក ដែល​ចូលមក​បម្រើ​ការងារ នៅក្នុង​ក្រុមហ៊ុន​ដែល​ជ្រក​នៅក្រោម​ដំបូល​តែមួយ វា​ប្រៀបបាន​ទៅនឹង​ក្រុមគ្រួសារ។ ដូច្នេះ​ការយោគយល់ ការផ្តល់​ក្ដី​អាណិត​ស្រឡាញ់ ក្នុងនាម​ជា​សមាជិកគ្រួសារ ចាំបាច់​ត្រូវតែ​ផ្តល់​ដល់​ពួកគេស្មើៗគ្នា។ នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង ត្រូវតែ​ការជជែក​វែក​ញ៉ែ​ក​ពី​ហេតុ​បង្ក រួម​ជាមួយនឹង​ការស្វែងរក​ដំណោះស្រាយ ជាជាង​ការស្ដីបន្ទោស​ទាំង​កម្រោល និង​គ្មាន​ហេតុផល​នោះទេ។

ទី២ ភាពស្មោះត្រង់ និង​ផ្តល់​ទំនុកចិត្ត និង​ក្ដីសង្ឃឹម​ដល់​បុគ្គលិក

លើសពី​ការចាត់​ទុកជា​សមាជិក នៅក្នុង​ក្រុមគ្រួសារ​តែមួយ ក្នុងនាម​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ភាពស្មោះត្រង់ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់ ជាពិសេស​ផ្តល់នូវ​ក្ដីសង្ឃឹម​ដល់​បុគ្គលិក​ក្រោយ​ឱវាទ។

នៅពេល​បុគ្គលិក​បំពេញការងារ បាន​លទ្ធផល​ល្អប្រសើរ​គឺ​ប្រាប់ថា​ល្អ ប្រសិនបើ​ការងារ​ជួប​បញ្ហា ឬ​ជួប​ភាពបរាជ័យ ប្រាប់ថា​បរាជ័យ​នៅ​ចំពោះ​បុគ្គលិក ដើម្បី​កែប្រែ​កំហុស ដែល​វា​ជា​វិធី​ល្អ​មួយ ក្នុងការ​កែតម្រូវ​បុគ្គលិក ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ការងារ ល្អ​ជាង​ការ​គាំ​ទុក​ក្នុង​ចិត្ត ដែល​ប្រៀបបាន​ទៅនឹង​ការ​ជម្រុញ ឱ្យ​ធ្លាក់​ជ្រោះ​ជ្រៅ​យ៉ាង​ដូច្នោះ​ដែរ។

ទី៣ បរិយាកាស​ការងារ​គឺ​យក​លទ្ធផល​ជាធំ

ក្រុមហ៊ុន ឬ​កន្លែងធ្វើការ មិនមែនជា​កន្លែង​ហាត់រៀន​ច្បាប់​ទាហាន​នោះទេ។ មានន័យថា បរិយាកាស​នៃ​កន្លែង​បំពេញការងារ ក៏ត្រូវ​តែមាន​ភាព​រីក​រាយ​ស្រស់ស្រាយ ដើម្បី​ជម្រុញ​អារម្មណ៍ និង​ស្មារតី​របស់​បុគ្គលិក ឱ្យ​ចេះ​ស្រឡាញ់​ការងារ ខិតខំ​បំពេញភារកិច្ច​ជាប់​ជាប្រចាំ។

លទ្ធផល​ការងារ​ជាធំ ដូច្នេះ​សំពាធ​ស្មារតី និង​អារម្មណ៍ ទៅលើ​ច្បាប់ទម្លាប់​ហាក់​ត្រូវបាន​កាត់បន្ថយ​ខ្លះ។ ប៉ុន្តែ​មិនមែន​មានន័យថា មាន​ភាព​ធូរ​លុង​រហូត​បាត់បង់​វិន័យ​នៅក្នុង​ក្នុង​ក្រុមហ៊ុន​នោះទេ។

ទី៤ ការផ្តល់​រង្វាន់ និង​ការដាក់ពិន័យ

នេះ​ជា​ចំណុច​រួមមួយ ដែល​ស្ទើរតែ​គ្រប់​បុគ្គលិក​ទាំងអស់​ត្រូវការ។នៅពេល​បំពេញការងារ​បានល្អ ទទួលបាន​លទ្ធផល​ប្រសើរ គួរតែមាន​ការលើកទឹកចិត្ត តាមរយៈ​ការផ្តល់​ជា​រង្វាន់ ជា​ប្រាក់ឧបត្ថម្ភ​បន្ថែម​ទៅលើ​មុខងារ ដែល​ជាការ​ជម្រុញ​ទឹកចិត្ត​បុគ្គលិក​ឱ្យ​កាន់តែ​បង្កើន​ភាព​ខិតខំ​របស់ខ្លួន។

ប៉ុន្តែ​នៅពេលដែល​បុគ្គលិក​បង្ក​ជា​បញ្ហា ដែល​លើសពី​ការគិត ចាំបាច់​ត្រូវតែមាន​ការពិន័យ ឬ​បង្គាប់​ឱ្យមាន​ការកែតម្រូវ ទៅលើ​ការអនុវត្ត​របស់​បុគ្គ​លិ​ក ដែល​អនុវត្តន៍​ខុស​គោលការណ៍​ក្រុមហ៊ុន ដើម្បី​ជាការ​ព្រមាន និង​បង្ហាញ​ទៅដល់​បុគ្គលិក​ដទៃទៀត​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here