ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីធ្វើជាអធិបតីភាពអញ្ជើញសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅតំបន់ក្រុងរណប Grand Phnom Penh ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

-->
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្នុងពីធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ នឹងមានសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្ដេចបានបញ្ជាក់ថា “នៅថ្ងៃទី៤ ចំថ្ងៃខួបផ្លូវការរបស់ខ្ញុំពេលនោះយើង នឹងរៀបចំនៅក្នុងអគារតែម្តង ព្រោះខែនោះក្តៅអញ្ចឹងយើងរៀបចំនៅក្នុងអគារ ដើម្បីជាបទពិសោធន៍ សម្រាប់ការឈានទៅមុខជាមួយនឹងដំណើរការប្រក្រតី ឬជីវភាពដោយប្រក្រតី តាមគន្លងថ្មី នេះជាចំណុចដែលខ្ញុំគ្រាន់តែ ចាប់ផ្តើមបញ្ជាក់អំពីរបៀបសមយុទ្ធមួយនៃវិធីថ្មីរបស់យើង ដែលចំណុចនេះធ្លាប់ធ្វើនៅសៀមរាប ប៉ុន្តែទ្រង់ទ្រាយតូច ប៉ុន្តែ អីឡូវយើងធ្វើទ្រង់ទ្រាយធំបន្តិច”។
អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសាខាងមុខនេះ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកម្ពស់ ៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣% និងមានទីចំណតរថយន្តប្រមាណ៤៥០កន្លែង ដែលមានរចនាបក្នុងទម្រង់ស្ថាបត្យកម្មជាខ្មែរ៕