ដោយ៖ ម៉ាណេត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលនឹងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញជាមួយនឹងការខិតខំប្រឹងប្រែងទាំងអស់ និងការទប់ស្កាត់កុំឱ្យមានការរីករាលដាលជាថ្មីម្តងទៀតក្នុងសហគមន៍។
សម្ដេចតេជោបានថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារក្រសួងសាធារណៈការ និងដឹងជញ្ជូនថ្មីនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា សេដ្ឋកិច្ចឆ្នាំ២០២០ បើទោះបីជាអវិជ្ជមាន ក៏ប៉ុន្តែវាមិនអាក្រក់ហួសហេតុពេកទេ យើងធ្លាប់រងផលអាក្រក់នេះកាលពីវិបត្តិសេដ្ឋកិច្ចសាកល ឆ្នាំ២០០៨ និងក្រោយឆ្នាំ២០០៨។
សម្ដេចតេជោបានថ្លែងថា យើងធ្លាប់ធ្វើឱ្យសេដ្ឋកិច្ចនៅឆ្នាំ២០០៥ កើនឡើងដល់១៣,៣ភាគរយ ឆ្នាំ២០០៦មានកំណើន១២ភាគរយ ឆ្នាំ២០០៧ មានកំណើនជាង១១ភាគរយ ប៉ុន្តែដល់វិបត្តិសេដ្ឋកិច្ចចាប់ផ្តើមនៅឆ្នាំ២០០៨ យើងធ្លាក់មកត្រឹម៦,៨ភាគរយ ហើយដល់ឆ្នាំ២០០៩ យើងនៅសល់០,៥ភាគរយតែប៉ុណ្ណោះ។ ចាប់តាំងឆ្នាំ២០១០ មកយើងរើបមកជាង៦ភាគរយ ហើយចាប់ឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ យើងមានកំណើនជាង៧ភាគរយរហូត។
សម្រាប់ឆ្នាំ២០២១ សម្តេចតេជោមានប្រសាសន៍ថា “ឥឡូវ គេព្យាករថា យើងនឹងមានកំណើនសេដ្ឋកិច្ចជិត៤ភាគរយ ហើយយើងត្រូវជំរុញកំណើនសេដ្ឋកិច្ចឡើងវិញជាមួយនឹងការខិតខំប្រឹងប្រែងទាំងអស់ បន្តជួយប្រជាពលរដ្ឋ និងកម្មករបាត់បង់ការងារធ្វើ ក៏ត្រូវជួយផងដែរ”។
សម្តេចតេជោបានបន្តថា “គោលនយោបាយជំនួយសង្គមនៅតែបន្តធម្មតា ដូច្នេះដំណើរការរបស់យើងត្រូវធ្វើឱ្យសេដ្ឋកិច្ច ងើបឡើង ជាមួយការទប់ស្កាត់កុំឱ្យមានការរីករាលដាលជាថ្មីម្តងទៀតក្នុងសហគមន៍”៕