ដោយស៊ីវ ម៉េង
ត្បូងឃ្មុំៈ ជាមួយនឹងដំណើរឆ្ពោះទៅមុខ លើវឌ្ឍនភាពនៃការសាងសង់ បុរី Krek City Garden បានទទួលការគាំទ្រ បន្ទាប់ពីអ្នកវិនិយោគបានសិក្សាពីទីផ្សារ តម្រូវការ និងរៀបចំប្លង់ស្ថាបត្យកម្មរបស់គំរោង ប្រកបដោយការគិតគូរពីសុខមាលភាព ដល់អ្នករស់នៅ។

-->
លោកបណ្ឌិតតេង រិទ្ឋី អ្នកអភិវឌ្ឍន៍បុរី Krek City Garden ដែលបានបោះទុនជាង៣០លានដុល្លារលើផ្ទៃដីជិត២០ហិកតា លើគំរោងនេះបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា មុនពេលវិនិយោគលើបុរីនៅទីរួមស្រុកពញ្ញាក្រែកនេះ ក្រុមហ៊ុនបានសិក្សាពីសក្តានុពលរបស់តំបន់នេះ ច្បាស់លាស់រួចហើយ ទាក់ទងនឹងកម្រិតជីវភាព សក្តានុពលសេដ្ឋកិច្ច និងកត្តាប្រជាសាស្ត្រនៅតំបន់នេះ។

លោកបន្តថា “ខ្ញុំបានសិក្សាពីតំបន់នេះកាលពី៣ឆ្នាំមុន លើកត្តាសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ដោយយើងបានគិតពីតម្លៃដែលយើងបានដាក់ចេញ គឺយើងគិតថាអាចធ្វើទៅបាន ទើបយើងវិនិយោគគំរោងនេះតែម្តង។ លោកបន្ថែមថា “តាមពិតខេត្តត្បូងឃ្មុំជាខេត្តថ្មីមែនទែន ប៉ុន្តែជាខេត្តមានសក្តានុពល ដោយមានមនុស្សរស់នៅប្រមាណ៨០ទៅ៩០ម៉ឺននាក់ ដែលធ្វើឲ្យមានតម្រូវការលំនៅដ្ឋានស្តង់ដា ប៉ុន្តែមិនទាន់មានអ្នកវិនិយោគណាចាប់អារម្មណ៍ ទើបខ្ញុំសម្រេចចិត្តវិនិយោគនៅទីនោះ” ។

លោកបណ្ឌិតតេង រិទ្ឋី ដែលជាស្ថាបត្យករល្បីឈ្មោះមួយរូប បានមានប្រសាសន៍ឲ្យដឹងទៀតថា ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្តបានរីករាយសហការជាមួយយើង បានធ្វើឲ្យយើងកាន់តែមានទឹកចិត្ត និងមានភាពងាយស្រួលធ្វើការសហការគ្នា ពិសេសប្រជាជនមូលដ្ឋានបានរីករាយនឹងគំរោងនេះ ដោយសារពួកគេចង់មានគេហដ្ឋានល្អ មានផ្សារទំនើប ដែលបើកលក់ពីព្រឹករហូតដល់យប់ជ្រៅ ដែលវានឹងធ្វើឲ្យសេដ្ឋកិច្ចនៅមូលដ្ឋានមានការរីកចម្រើន។

លោកបន្តថា “អ្វីដែលយើងធ្វើ គឺរៀបចំលំនៅដ្ឋាន ផ្លួវ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតមានស្តង់ដាលំដាប់អន្តរជាតិ ដូចបុរីមួយចំនួននៅរាជធានីភ្នំពេញផងដែរ” ។ លោកបន្តថា “យើងសង្ឃឹមជឿជាក់ថាគំរោងនេះនឹងជោគជ័យ ដោយសារយើងបានសិក្សាច្បាស់លាស់ទាំងម៉ូតផ្ទះ តម្លៃ និងតម្រូវការរបស់អតិថិជន ហើយរហូតមកទល់ពេលនេះ យើងមិនទាន់បើកលក់ជាផ្លូវការផង ប៉ុន្តែយើងលក់អស់ជាង២០ភាគរយហើយ” ។

លោកបណ្ឌិតតេង រិទ្ឋី បានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុនយើងកំពុងរៀបចំបុកគ្រឹះសាងសង់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ពិសេសទុនវិនិយោគយើងមានគ្រប់គ្រាន់ ដែលមិនមានអ្វីគួរឲ្យបារម្ភទេ។ ឥលូវនេះសេដ្ឋកិច្ចនៅតាមបណ្តារាជធានី ខេត្តទាំង២៥មានការរីកចម្រើនល្អ ជាពិសេសតំបន់ទីប្រជុំជនស្រុកពញ្ញាក្រែក ដែលមានមនុស្សរស់នៅប្រមាណ៣០,០០០នាក់ និងកៀកនឹងព្រំដែនអន្តរជាតិត្រពាំងផ្លុង ដែលជាច្រកទ្វារអន្តរជាតិធំទី២ជាមួយប្រទេសវៀតណាម។

បុរី Krek City Garden ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ទៅលើប្លង់ស្ថាបត្យកម្ម ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវ សួនច្បារ ការដាំដើមឈើ និងការបន្សល់ទុកដីមុខផ្ទះចន្លោះពី១៥ទៅ៣៥ម៉ែត្រ ដែលមានភាពអំណោយផលដល់ការរស់នៅ ផ្តល់បរិយាកាសស្រស់ស្រាយ និងខ្យល់ចេញចូលស្រួល ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅក្នុងបុរីនេះ៕

