លោក ឡោ វិចិត្រ ៖ ជោគជ័យរបស់ក្រុមហ៊ុនអចលនទ្រព្យមាន២ប្រភេទ ដែលមានទាំងភាពវិជ្ជមាន និងអវិជ្ជមាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងវិស័យអចលនទ្រព្យនាពេលនាបច្ចុប្បន្នគេសង្កេតឃើញមានមនុស្សជាច្រើនបានចាប់អារម្មណ៍ងាកមកប្រឡូកយ៉ាងសកម្មដោយសារយល់ឃើញថា វិស័យមួយនេះអាចទទួលបានចំណូលយ៉ាងក្រាសក្រែល។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក ឡោ វិចិត្រ អនុប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា គ្រប់បណ្តាភ្នាក់ងារ ក៏ដូចជាក្រុមហ៊ុនដែលបម្រើសេវានៅក្នុងវិស័យអចលនទ្រព្យសុទ្ធតែចង់បាននូវភាពជោគជ័យទៅលើគម្រោងរបស់ខ្លួន ប៉ុន្តែសំណួរសួរថា តើភាពជោគជ័យមួយនេះអាចសម្រេចបានដោយរបៀបណា គួរធ្វើយ៉ាងណាទើបអាចសម្រេចបានភាពជោគជ័យនេះ។

លោក ឡោ វិចិត្រ បានលើកឡើងថា “ភាពជោគជ័យរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យគឺមាន២ប្រភេទ ទី១គឺជោគជ័យត្រឹមរយៈពេលខ្លី និងទី២ ជោគជ័យក្នុងរយៈពេលវែង”។

លោកបានបញ្ជាក់ថា “ជោគជ័យរយៈពេលខ្លី គឺសំដៅទៅលើក្រុមហ៊ុនដែលផ្តោតលើបរិមាណ និងរូបភាពខាងក្រៅ ធ្វើយ៉ាងម៉េចឱ្យសាធារណៈជនមើលឃើញថាក្រុមហ៊ុនគាត់សម្បើម ហើយមានភ្នាក់ងារច្រើនក្នុងរយៈពេលដ៍ខ្លី, ពេលនោះនឹងមានម្ចាស់គំរោងជាច្រើនទាក់ទងមកគាត់ដើម្បីលក់គម្រោង ក៏ដូចជាមានភ្នាក់ងារជាច្រើនដាក់ពាក្យចូលធ្វើជាភ្នាក់ងារ”។

ក្នុងរូបភាពបែបនេះ បើក្រលែកមើលមួយភ្លែតគឺក្រុមហ៊ុនមួយនោះជោគជ័យជាមួយកំណើនភ្នាក់ងារដ៏ច្រើននោះ ហើយបន្តភាគរយនៃភាពជោគជ័យដោយការណែនាំពីគម្រោង ព្រមទាំងបិទការលក់ ដើម្បីបានកំរៃជើងសាពីម្ចាស់គម្រោង។

លោកបញ្ជាក់ថា “នៅពេលភ្នាក់ងាជាច្រើនចូលក្រុមហ៊ុនគាត់ហើយ តែមិនមានសមត្ថភាពបិទការលក់ ពួកគេនឹងប្តូរក្រុមហ៊ុនអចលនទ្រព្យថ្មីមួយទៀតជាមិនខាន។ ពេលនោះម្ចាស់គម្រោងដឹងភ្លាមថា ក្រុមហ៊ុនគាត់ផ្តោតតែលើបរិមាណភ្នាក់ងារដើម្បីចរចាយកគម្រោងទៅលក់ តែអត់មានសមត្ថភាពបិទការលក់ដូចរូបភាពខាងក្រៅដែលសម្បើមនោះទេ, នេះគឺអ្វីដែលខ្ញុំសំដៅថា ជោគជ័យរយៈពេលខ្លី”។

លោកថា “ជោគជ័យរយៈពេលវែង គឺសំដៅលើការបណ្តុះបណ្តាលភ្នាក់ងារ និងផ្តល់សេវាកម្មឱ្យបានល្អជាមួយគ្រប់អតិថិជនដោយមិនផ្តោតលើបរិមាណ ឬបំប៉ោងរូបភាពខាងក្រៅឱ្យសម្បើមទាំងដែលសមត្ថភាពភ្នាក់ងារខ្លួននៅខ្សោយ ហើយការបំរើសេវាកម្មចំពោះអតិថិជននៅមានកម្រិត”។

លោកបានបញ្ជាក់ថា “ក្រុមហ៊ុនអាចជោគជ័យរយៈពេលវែងលុះត្រាមានភ្នាក់ងារដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបំរើសេវាអតិថិជនប្រកបដោយវិជ្ជាជីវៈនិងគុណភាពមិនមែនបង្ហាញរូបភាពល្អមើលតែខាងក្រៅនោះទេ ហើយក្រុមហ៊ុនតែងតែមានវគ្គបណ្តុះបណ្តាលជំនាញជាប្រចាំជូនភ្នាក់ងារ ដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារឱ្យរឹងមាំទើបអាចឆ្លើយតបនឹងសំណួរ ក៏ដូចជាកង្វល់អតិថិជនលើការវិនិយោគក្នុងវិស័យអចលនទ្រព្យបាន៕

អ្នកជំនាញអន្តរជាតិៈទិញការិយាល័យសំរាប់ជួលមានអត្រាចំណេញ២០ភាគរយ ពីការវិនិយោគប្រចាំឆ្នាំ

ដោយគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា ការទិញការិយាល័យសំរាប់ជួលនៅទីក្រុងភ្នំពេញ មានផលចំណេញរហូតដល់២០ភាគរយប្រចាំឆ្នាំ ពីការវិនិយោគរបស់ពួកគេ(return of investment)។

អគ្គនាយកក្រុមហ៊ុនCSA Real Estate Group លោកAlan Neoបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រកន្លងមកថា ការទិញការិយាល័យសំរាប់ជួលយកផលចំណេញ វាជានិន្នាការថ្មីមួយនៅទីក្រុងភ្នំពេញ ប៉ុន្តែទស្សនទាននេះវាបាននិងកំពុងមកដល់ទីក្រុងភ្នំពេញ ខណៈប្រជាជនកម្ពុជាតិចតួចនៅឡើយបានដឹងរឿងនេះ ប៉ុន្តែវាជាការវិនិយោគដ៏ល្អមួយ។

លោកបន្តថា និន្នាការនេះនឹងផ្លាស់ប្តូរនៅតំបន់បឹងកេងកង១ ហើយផលចំណេញពីការវិនិយោគខ្ពស់បែបនេះ នឹងធ្វើឲ្យការទិញការិយាល័យសំរាប់ជួល នឹងកើនឡើងនៅទីក្រុងភ្នំពេញ

ដោយសារទស្សនទាន និងនិន្នាការទីផ្សារថ្មីនេះហើយ បានធ្វើឲ្យអ្នកសាងសង់ការិយាល័យសំរាប់ជួលបានចាប់ផ្តើម ជាមួយគំរោងGolden Tower322 ដែលបាននិងកំពុងសាងសង់ ពិសេសគម្រោងនេះបានផ្តល់នូវគំនិតច្នៃប្រឌិត និងនាំមកនូវស្តង់ដាការិយាល័យលំដាប់ពិភពលោក(Google office)

លោកAlan Neoបានមានប្រសាសន៍ពន្យល់ថា ហេតុផលដែលការទិញការិយាល័​យសំរាប់វិនិយោគមានផលចំណេញខ្ពស់​ ដោយសារតំបន់បឹងកេងកង១ មិនសូវមានការិយាល័យសំរាប់ជួល តំបន់នេះទាក់ទាញភ្ញៀវបរទេស ការកើនឡើងនូវក្រុមហ៊ុនថ្មីៗ ការចូលមកដល់របស់ក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន ដែលពួកគេត្រូវការការិយាល័យស្តង់ដា និងនិន្នាការផ្លាស់បប្តូរការិយាល័យតាមផ្ទះ មកការិយាល័យស្តង់ដាកំពុងកើនឡើង។

លោកបន្តថា ទីផ្សារការិយាល័យ បានចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតលើការវិនិយោគរបស់ប្រជាពលរដ្ឋខ្មែរនាពេលអនាគតឆាប់ៗនេះ

ស្រុក​កៀនស្វាយ​នឹង​ស្វាគមន៍​រោងចក្រ​ស្រា​បៀរ​ធំ​មួយ​ដែលមាន​ទុនវិនិយោគ៧៨លាន​ដុល្លារ

ដោយៈ​ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​រោងចក្រ​ផលិត​ស្រា​បៀរ​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន “INTER-MATTRID BEVERAGE (CAMBODIA)   ដែលមាន​មាន​ទុនវិនិយោគ​ចំនួន ៧៨លាន​ដុល្លារ​អាមេរិក ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC នៅ​ល្ងាច​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បានឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន៧៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៥០កន្លែង។

បច្ចុប្បន្ននេះ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅតែ​បន្ត​ទទួលបាន​គម្រោង​វិនិយោគថ្មីៗបន្ថែមទៀត ក្នុងតម្លៃ​ទុន​រាប់លាន​ដុល្លារ​អាមេរិក បើទោះបី​កម្ពុជា​ស្ថិតនៅក្នុង​វិបត្តិ​នៃ​រាតត្បាត​ជា​កល​នូវ​ជំងឺឆ្លង​ប្រភេទ​ថ្មី  Covid-19 ។

ស្ថានភាព​វិនិយោគ​ក្នុងស្រុក ធុរកិច្ច និង​វិនិយោគ​មកពី​បរទេស​មកកាន់​កម្ពុជា មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ ដោយ​សកម្មភាព​ពាណិជ្ជ​កម្ម និង​វិនិយោគ​មាន​ភាព​ធម្មតា។

ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឲ្យ​ពិភពលោក​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ក្នុងនោះ​ក៏មាន​កម្ពុជា​ដែល​ផ្នែក​ជាច្រើន ជាពិសេស​វិស័យ​ទេសចរណ៍ បាន​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ដូចជា​ទីផ្សារ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ ធ្វើ​ឲ្យ​បាត់បង់​ការងារ និង​បាត់បង់​ប្រាក់ចំណូល៕

ចំណេះដឹង! តើ​ការរៀបចំ​ដែនដី​ទីក្រុង​មាន​សារៈសំខាន់​យ៉ាងណា?

ដោយៈ​វុត្ថា

ភ្នំពេញៈ ការរៀបចំ​ដែនដី​ទីក្រុង កាន់​តែមាន​សារៈសំខាន់​ណាស់​នៅ​កម្ពុជា ខណៈដែល​ទីក្រុង​រីក​ធំ​យ៉ាងរ​ហ័យ តម្រូវការ​លំនៅឋាន និង​ទីកន្លែង​សម្រាប់​ធុរៈកិច្ច​កាន់តែ​កើនឡើង​ច្រើន ហើយ​សំពាធ​លើ​សេវ​ភាព និង​ហេដ្ឋារចនាសម្ព័ន្ធ កាន់តែខ្លាំង។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ គោលនយោបាយ​ដីធ្លី​បានឱ្យដឹងថា រាជធានី​ភ្នំពេញ​គឺជា​ឧទាហរណ៍​ធំ​មួយ ប៉ុន្តែ​បណ្តា​ខេត្ត​នានា​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ដូចគ្នា​ដែរ។ ការរៀបចំ​ដែនដី​ទីក្រុង ទាមទា​នូវ​ការអភិវឌ្ឍន៍​ជាច្រើន ដើម្បី​ឈានដល់​កំរិត​នៃ​ជីវភាព​ដែល​ត្រូវ​ធានា។

ម្យ៉ាងទៀត​ការរៀបចំ​ដែនដី​ក្រុង ដើម្បី​មានការ​ទាក់ទាញ​ការវិនិយោគ និង​ដើម្បី​ធ្វើឱ្យ​ទីតាំង​ដី​បាន​ប្រសើរឡើង និង​ដើម្បី​អាចរ​កដី​បានទាមទារ​ត្រូវមាន​កត្តា​ផ្សេងទៀត ពី​ការផ្តល់​លំនៅឋាន​ដែល​អាច​ទិញ​បាន និង​សេវាកម្ម​ផ្សេងទៀត។

ដំណាក់​ការសំខាន់​មួយ​គឺ ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់​ពី​សមត្ថកិច្ច​របស់​ក្រុង និង​ឃុំ សង្កាត់ ក្នុង​ការកសាង​ផែនការ​ប្រើប្រាស់​ដី ផែនការអភិវឌ្ឍន៍ ក្រម​សំណង់ បទបញ្ញត្តិ​កំណត់​តំបន់ នីតិវិធី​កែតម្រូវ​ក្បាលដី និ​យន្តការ​សម្រាប់​អនុវត្ត។ ដំណាក់​ការ​គន្លឹះ​ទី​ពពីរ​គឺ​ត្រូវ​បញ្ជាក់​ច្បាស់​ពី​យន្តការ​បែងចែក​ដីស​ម្រា​ប់​អភិវឌ្ឍ​ទីក្រុង។

ការបញ្ជាក់​ទាំងនេះ គ្របដណ្តប់​លើកលែង​ដី​សាធារណៈ (សម្រាប់​គោល​ដី​ដឹកជញ្ជូន សេវាកម្ម​សាធារណៈ ការសង់​លំនៅឋាន និង​ពាណិជ្ជកម្ម) តួនាទី​នៃ​ទីផ្សារ​ដី​ក្នុងការ អភិវឌ្ឍន៍​ថ្មី និង​តម្រូវការ​ក្នុងការ​កែតម្រូវ​ក្បាលដី (កែតម្រូវ​ព្រំប្រទល់​ក្បាលដី និង​ហេដ្ឋារចនាសម្ព័ន្ធ)។

ដំណាក់កាល​នេះ ត្រូវ​បានគ្រោង​ដាក់បញ្ចូល​ទៅក្នុង​អនុក្រឹត្យ​ស្តីពី ផែនការ​ប្រើប្រាស់​ដី និង​ការរៀបចំ​ដែនដី​ទីក្រុង។ អនុក្រឹត្យ​ទាំង​ត្រូវ​បញ្ជាក់​ផងដែរ អំពី​ដំណើរការ​ត្រួតពិនិត្យ និង​ការអនុម័ត​លើ​ផែនការ​អភិវឌ្ឍ​របស់​មូលដ្ឋាន៕

ម្ចាស់​គម្រោង​អភិវឌ្ឍ​លំនៅឋាន​បច្ចុប្បន្នកំពុង​ផ្តល់​លក្ខខណ្ឌ​ពិសេស​ដល់​អតិថិជន

ដោយ​វុត្ថា

ភ្នំពេញៈ ស្រប​ពេលដែល​កម្ពុជា កំពុងតែ​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជាស​កល នៃ​ជំងឺ Covid-19 នាពេល​បច្ចុប្បន្ននេះ ម្ចាស់​គម្រោង​អភិវឌ្ឍ​លំនៅឋាន​មួយចំនួន បានផ្តល់​លក្ខខណ្ឌ​ពិសេស​ជូន​ដល់​អតិថិជន ខណៈ​ការទិញ​លក់​នៅតែមាន​តម្រូវការ។

លោក ម៉ាន់ ចាន់​ឌី អគ្គនាយក​ក្រុមហ៊ុន Premium Group ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា បើទោះបី​កម្ពុជា​ស្ថិតនៅក្នុង​វិបត្តិ​ជំងឺ Covid-19 យ៉ាងណាក្តី តែ​ការ​តម្រូវការ​លំនៅឋាន​នៅតែមាន​ជា​រៀងរាល់ថ្ងៃ ជាពិសេស​គឺ​អ្នក​ដែល​ស្វែងរក​ទិញ ទទួលបាន​នូវ​លក្ខខណ្ឌ​ពិសេស​ពី​ម្ចាស់​គម្រោង។

លោក​បន្ត​ថ្លែងថា “តម្រូវ​ការទិញ​លក់​លំ​នៅ​ឋាន​នៅតែមាន ហើយ​ស្ថិតនៅក្នុង​លក្ខណពិសេស ដូចជា​ទិញ​ដោយ​គ្មាន​ប្រាក់​កក់ និង​មានការ​ថែម​នូវ​សម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុង​ផ្ទះបាយ ដូចជា​ទូទឹកកក​ជាដើម” ។ លោក​បន្ថែមថា “ទាំង​លក្ខខណ្ឌ​នៃ​ការបង់​រំលស់​ផ្ទះ ក៏​ស្ថិតនៅក្នុង​ស្ថានភាព​ល្អប្រសើ​រ​ផងដែរ” ។

តែ​យ៉ាងណាក៏ដោយ  លោក​ថា ការទិញ​លក់​លំនៅឋាន​នេះ ស្ថិតនៅក្នុង​ស្ថានភាព​យឺត​យ៉ា​ជាង​ពេលមុន ដែល​មិនទាន់មាន​ការផ្ទុះ​ឡើយ​នៅ​ជំងឺ Covid-19 កាលពី​កន្លងមកនេះ។  លោក​បន្តថា  ទន្ទឹមនឹង​ការទិញ​លក់​នៅតែមាន ក៏​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​នានា នៅតែ​បន្ត​មាន​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ​នេះ។

ចំណែក លោកស្រី តាំង ហួរ អគ្គនាយិកា​ក្រុមហ៊ុន Amatak Property Service បានឱ្យដឹង​ដែរ​ថា ជាការ​ពិត​ណា តម្រូវការ​លំនៅ​ឋានស​ម្រា​ប់​រស់នៅ​នៅតែមាន ហើយ​មាន​លក្ខខណ្ឌ​ពិសេស ខណៈ​ការទិញ​លក់​លំនៅឋាន សម្រាប់ធ្វើ​ការវិនិយោគ​បន្ត​មិនទាន់មាន​នោះទេ។

លោក​ថ្លែងថា “នាពេល​បច្ចុប្បន្ននេះ ម្ចាស់​គម្រោង​មួយចំនួន​បាន និង​កំពុង​បន្ធូរបន្ថយ​នូវ​លក្ខខណ្ឌ​ពិសេស ដល់​អតិថិជន​របស់​ខ្លួន តាមរយៈ​ការបោះ​រំលស់១០០ភាគរយ និង​ផ្តល់នូវ​សម្ភារៈ​ប្រាស់​ប្រាស់ផ្សេងៗ  ហើយ​បើ​មិន​បន្ធូរបន្ថយ​ទេ នឹងមាន​ការលំបាក។

លោក​បន្ថែមថា  “នៅពេលដែល​អ្នក​អភិវឌ្ឍន៍​បន្ធូ​បន្ថយ នូវ​លក្ខខណ្ឌ​ពិ​សេ​នេះ អតិថិជន ដែលជា​អ្នកស្វែងរក​លំនៅ​ឋានស​ម្រា​ប់រស់​នៅ ហើយ​មានលទ្ធភាព​គួរតែ​ទិញ​ទុកអោយហើយ  ជាពិសេស​តម្លៃ​ក៏មាន​លក្ខ​ខណៈ​សមរម្យ  បើ​ទៅមុខទៀត តម្លៃនឹង​មានការ​កើនឡើង” ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ ថា វិបត្តិ​នៃ​ជំងឺ Covid-19 មិនមែនជា​ឧបសគ្គ​ក្នុង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំងប្រទេស​កម្ពុជា​នោះទេ ជាពិសេស​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា នៅតែមាន​លទ្ធភាព​ទិញ​សម្រាប់​រស់នៅ៕

ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ទទួលបាន​គ​ម្រោ​ង​វិនិយោគ៣ និង​មាន​ទុនវិនិយោគ សរុប​ជិត១១០លាន​ដុល្លារ

ដោយៈ រ៉ា​ណេ​ត

កណ្តាលៈ ស្រុក​កៀនស្វាយ ដែលជា​ចំណុះ​ខេត្តកណ្តាល មាន​ព្រំប្រទល់​ជាប់​រាជធានី​ភ្នំពេញ ទទួលបាន​គម្រោង​វិនិយោគធំៗចំនួន៣ព្រម​គ្នា ដែលមាន​ទុន​សរុប​រហូតដល់​ជិត១១០លាន​ដុល្លារ លើ​ការសាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ រោងចក្រ​ផលិត​ជី​កសិកម្ម និង​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក។

តាមរយៈ​សេចក្ដីប្រកាស​ជា​ផ្លូវការ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃ​ចុង​ស  ប្ដា​ហ៍​នេះ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​គាំទ្រ និង​អនុម័ត​ទាំង​ស្រុក​ទៅលើ​គម្រោង​វិនិយោគធំៗចំនួន៣ស្ថិតនៅក្នុង​ស្រុក​កៀន ជាមួយ​ទុន​សរុប​ជិត១១០លាន​ដុល្លារ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ជិត៨០០នាក់។

គម្រោង​ទាំង៣ ដែល​ទើបតែ​ទទួលបាន​ការអនុម័ត ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា រួមមាន​ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (Preform, Cap, Bottle) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​តាន​ប់២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ១១,៧លាន​ដុល្លារ អាចបង្កើត​ការងារ​បាន​ចំនួន៥២កន្លែង។

ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម​មាន​ទីតាំង ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ២០,១លាន​ដុល្លារ បង្កើត​ការងារ​បាន​ចំនួន១៧៤កន្លែង។

ក្រុមហ៊ុន  INTER-MATTRID BEVERAGE (CAMBODIA) CO., LTD ជា​គម្រោង​ដែល​ធំជាងគេ គឺ​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្តៅ​កន្លែង២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន៧៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៥០កន្លែង។

ជាមួយនឹង​ការសម្រេច​គាំទ្រ ទៅលើ​គម្រោង​ទាំងអស់​ខាងលើនេះ រាជរដ្ឋាភិបាល​ក៏បាន​កំណត់ និង​តម្រូវឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​វិនិយោគ ធ្វើ​របាយការណ៍​ពី​ផលប៉ះពាល់​នានា​នៃ​គម្រោង ដល់​ប្រជាពលរដ្ឋ សង្គម និង​បរិស្ថាន ដើម្បី​អាចធ្វើឱ្យ​គម្រោង​មានដំណើរ​ដោយ​រលូន។

បច្ចុប្បន្ន​នៅក្នុង​ស្រុក​កៀនស្វាយ ជាពិសេស​នៅតាម​តំបន់​ផ្លូវជាតិ​លេខ​មួយ បាន និង​កំពុងមាន​ការអភិវឌ្ឍ​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​វិស័យ​លំនៅដ្ឋាន បានបង្ហាញ​ពី​ភាពលេច​ធ្លោ ជាមួយនឹង​គម្រោង​បុរី​លំនៅដ្ឋាន​ជាច្រើន ដូចជា គម្រោង​បណ្ដុំ​កៀនស្វាយ​ផ្លា​ហ្សា បុរី​កៀនស្វាយ​ផាក ជាពិសេស​គម្រោង​អភិវឌ្ឍន៍​សួន​កម្សាន្ត ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លារ។ បន្ថែម​ពីនេះ នៅមាន​គម្រោង​ពង្រីក​កំពង់ផែ​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​បង្កើត​កំពង់ផែ​ទេសចរណ៍​ផងដែរ ដែល​ជំរុញ​ឱ្យ​តំបន់​កាន់​តែមាន​សក្ដានុពល៕

ខេត្តកំពត​នឹងមាន​រដ្ឋបាល​ប្រមូលផ្តុំ​នាពេល​ខាងមុខនេះ និង​លើក​ទី១សំរាប់បណ្តា​ខេត្ត​ជាប់​តំបន់ឆ្នេរ

ដោយៈ​វុត្ថា

ភ្នំពេញៈ ខេត្តកំពត នឹងមាន​រដ្ឋបាល​ប្រមូលផ្តុំ​នាពេល​ខាងមុខនេះ ស្របតាម​បំណង​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា​នានា​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងមូល។

លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​ខេត្ត​រៀបចំ​រដ្ឋបាល ប្រមូលផ្តុំ​ដើម្បី​បង្ក​ភាពងាយស្រួល ក្នុងការ​បំរើសេវាសំខាន់ៗនានា​ជូន ខណៈដែល​រដ្ឋបាល​ប្រមូលផ្តុំ​នេះ បណ្តុំ​ទៅដោយ​មន្ទីរ​ស្ថាប័ន​គ្រប់​ជំនាញ។

លោក​បន្តថា “ផែនការ​នេះ​បង្កើតឱ្យមាន​រដ្ឋបាល​ប្រមូលផ្តុំ​នេះ ត្រូវការ​ទាមទា​ឱ្យមាន​ការសិក្សា​លម្អិត និង​ពេលវេលា​បន្ថែមទៀត  ខណៈដែល​រដ្ឋបាល​ប្រមូលផ្តុំ​នេះ មាន​គ្រប់​សេវា​ទាំង​អស់ពី​អង្គភាព​គ្រប់​ស្ថាប័ន និង​មន្ទីរជំនាញ ដោយ​ប្រជាពលរដ្ឋ​មិនបាច់​ទៅរក​នៅ​ទី​ន្លែ​ង​ផ្សេង​នោះទេ” ។ លោក​ន្ថែ​ម​ថា “រឿង​បង្កើត​រដ្ឋបាល​ប្រមូលផ្តុំ​នេះ គឺជា​ការគិត​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ទៅមុខទៀត យើង​ត្រៀម​ធ្វើ​វា ខ្ញុំ​មិនទាន់​ឆ្លើយតបភ្លាមៗនោះទេ គឺ​ត្រូវ​ការគិតគូរ និង​ពេលវេលា​បន្ថែម” ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​កន្លងមកនេះ បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​កំពត បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ សិក្សា​ទៅលើ​លទ្ធភាព​នៃ​ការបង្កើត​តំបន់​រដ្ឋបាល​ប្រមូលផ្តុំ និង​គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​ថ្មី ប្រចាំ​នៅក្នុង​ខេត្តកំពត ដើម្បី​ចូលរួម​លើកកម្ពស់​សក្ដានុពល និង​សេដ្ឋកិច្ច​ខេត្ត​ឱ្យ​កាន់តែ​រីកចម្រើន។

រដ្ឋាភិបាល​បានកំណត់​យក​ទីក្រុង​កំពត ជា​ទិសដៅ​ទេសចរណ៍ សំខាន់បំផុត​មួយ និង​ជា​កន្លែង​ប្រមូល​ផលិតផល​កសិកម្ម សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ក្នុង​ទី​ក្រុប​ឆ្នេរសមុទ្រ​មួយ​នេះ កំពុង​ត្រូវបាន​កសាង និង​អភិវឌ្ឍន៍។

យោងតាម​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​កំពត​គឺ រដ្ឋាភិបាល​កំពុង​សំដៅ​រៀបចំ និង​អភិវឌ្ឍ ក្រុង​កំពត​ជា​ក្រុង​គុជ​បៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្ប​ធ​ម៍ និង​ពាណិជ្ជកម្ម តាមរយៈ​ការអភិវឌ្ឍន៍​ជាទី​ក្រុង រមណីយដ្ឋាន​គុជ​ទេសចរណ៍​ឆ្នេរសមុទ្រ ធម្មជាតិ វប្ប​ធ៌​ម ដែល​ស្អាត​បំផុត​លើ​សកលលោក។

តាមរយៈ​ចក្ខុវិស័យ​នគររូបនីយកម្ម​នេះ ទីក្រុង​កំពត​នឹង​អភិវឌ្ឍ​ទៅជា​មជ្ឈមណ្ឌល​កែច្នៃ​ផ​លិ​ផល កសិកម្ម ឧស្សាហកម្ម ទីផ្សារ​អន្តរជាតិ​សម្រាប់​ផលិតផល​កសិកម្ម និង​ចែកចាយ​ទំនិញ និង​ជាទី​ក្រុង​ទំនើប ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ទីក្រុង និង​គុណភាព​បរិស្ថាន​រស់នៅ​ប្រសើរ៕

ក្រុមហ៊ុន​ថៃធំៗចំនួន៤ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​សួន​ឧស្សាហកម្ម​ខ្នាត​យក្សនៅ​មី​យ៉ាន់​ម៉ា

ដោយៈ​សុខុម

អន្តរជាតិៈ​ក្រុមហ៊ុន​ថៃធំៗចំនួន៤ រួមមាន​ក្រុមហ៊ុន B.Grimm Group ក្រុមហ៊ុន Amata Corporation ក្រុមហ៊ុន PTT និង​ក្រុមហ៊ុន Global Power Synergy បាន​ចុះ​កិច្ចព្រមព្រៀង​លើ គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម​ខ្នាត​យក្ស​មួយ លើ​ផ្ទៃដី​រហូតដល់​ទៅ ៨០០គីឡូ​ម៉ែត្រការ៉េ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា។

លោក​ហា​រ៉​ល លីង (Harald Link) ប្រធាន​ក្រុមហ៊ុន B.Grimm បាន​ថ្លែងថា តាម​ការរំពឹងទុក អនុស្សរណៈ​នៃ​ការយោគយល់ (MoU) មួយ​អាច​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ដើមឆ្នាំ២០២១ ដ៏​ខ្លី​ខាងមុខ។

លោក​បាន​បន្តថា “តួនាទី​សំខាន់​របស់​ក្រុមហ៊ុន B.Grimm នៅក្នុង​ការចាប់​ដៃ​សហការ​នេះ គឺ​ដំណើរការ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​មួយ នៅក្នុង​សួន​ឧស្សាហ​កម្មនេះ សម្រាប់​ផ្គត់ផ្គង់ ដល់​សួន​ឧស្សាហកម្ម​នេះ​ទាំងមូល ហើយ​សល់​ប៉ុន្មាន​លក់​ទៅឱ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា” ។

ទោះជា​យ៉ាងណា លោក​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែមទៀត ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នេះឡើយ។

លោក​លើកឡើងថា អាជីវកម្ម​ផលិត​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន B.Grimm Group នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ស្វែងរក​ប្រាក់​ចំណូល ក្នុង​រយៈពេល៨ ឆ្នាំ​បន្ទាប់ ដោយ​កំណត់​គោលដៅ​ប្រាក់ចំណូល សរុប​រហូតដល់​ទៅ១៥០ពាន់​លាន​បាត (ប្រមាណ ៥ ពាន់​លាន​ដុល្លារ) នៅត្រឹម​ឆ្នាំ២០២៨ ។

នៅ​ឆ្នាំ​នេ​ចំនួន ៧០% នៃ​ប្រាក់ចំណូល​ប៉ាន់ស្មាន​សរុប​របស់​ក្រុមហ៊ុន​នេះ (៦០ ពាន់​លាន​បាត ឬ​ប្រមាណ២ពាន់​លាន​ដុល្លារ) បាន​ពី​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី B.Grimm Power Plc. ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន។

ក្រុមហ៊ុន B.Grimm ដំណើរការ​អាជីវកម្ម​ថាមពល​អគ្គិសនី ដែលមាន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​សរុប ៣.០១៩ មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ប្រទេស​ជាច្រើន រួមមាន ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ដែល​ចែកចាយ​បន្ត​មក​ប្រទេស​កម្ពុជា​យើង​ផងដែរ៕

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។

២- “BLISSFULL CAPITAL CO., LTD” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២កន្លែង។

៤- “RUIZEXING CHEMICAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។

៥- “INTER-MATTRID BEVERAGE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥០កន្លែង។

ខេត្តព្រះសីហនុ ទទួលបានចំណូលជាង ២,២២លានដុល្លារ ពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន

ដោយ ៖ វត្ថា

ព្រះសីហនុ ៖ លទ្ធផលនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅក្នុងខេត្តព្រះសីហនុ សម្រេចបានជិត៨៩០០លានរៀល ស្មើនឹងជាង ២,២២លានដុល្លារនៅក្នុងឆ្នាំ២០២០ ជាមួយចំនួនយានយន្តសរុប ១៦,២៥០គ្រឿង។

ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន ស៊ីផល បានឱ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា ការប្រមូលពន្ធលើមធ្យោបាយដឹងជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក ដោយសាខាពន្ធដារខេត្តព្រះសីហនុប្រមូលថវិកាលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទមានចំនួន ១៦,២៥០គ្រឿង និងប្រមូលថវិកាបានចំនួន ៨,៨៩៦,៥១០,០០០រៀល បើធ្វើការប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មានយានយន្តកើនឡើងចំនួន ៣,១៨១គ្រឿង និងប្រាក់ពន្ធកើនឡើង ១,៨២៦,៩៨០,០០០រៀល ស្មើនឹង២៥ភាគរយ។

លោកបានបន្តឱ្យដឹងបន្ថែមទៀតថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទមានការកើនឡើងក្នុងឆ្នាំ២០២០នេះ ដោយសារតែបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹកពីកាតព្វកិច្ចបង់ពន្ធចូលមកបង់ពន្ធ នៅតាមសាខាពន្ធដារ និងតាមធនាគារនានាបានទាន់ពេលវេលាមានការកើនឡើងជាបន្ត បន្ទាប់ជារៀងរាល់ឆ្នាំ ទោះបីកម្ពុជា និងពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង កូវីដ-១៩ យ៉ាងណាក៏ដោយ។

លោកប្រធានសាខាពន្ធដារបានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបើកសិក្ខា សាលាផ្សព្វផ្សាយអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តនានាដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីកាតព្វកិច្ចបង់ពន្ធជូនដល់បងប្អូនប្រជាពលរដ្ឋ។

បច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋកាន់តែច្រើន ពួកគាត់បាននាំគ្នាចូលមកបង់ពន្ធជូនរដ្ឋនៅតាមស្នាក់ការសាខាពន្ធដារក្រុង ស្រុក និងតាមធនាគារដែលបានសហការចុះកិច្ចព្រមព្រៀង (MOU) ជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការប្រមូលពន្ធនៅតាមធនាគារ មានដូចជាធនាគារអេស៊ីលីដា ធនាគារការណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជា សាធារណៈ និងធនាគារ ANZ រ៉ូយ៉ាល់ជាដើម៕