ក្រុមហ៊ុន​បរទេស​ជាច្រើន​កំពុង​ងាក​ចេញពី​សហរដ្ឋអាមេរិក ហើយ​ងាក​ទៅរក​មហា​យក្ស​ចិន

0

ដោយៈ​លាង​ហួរ

អន្តរជាតិៈ ក្រុមហ៊ុន​បរទេស​ជាច្រើន​កំពុង​បែរខ្នង​ដាក់​សហរដ្ឋអាមេរិក ដោយ​ងាក​ទៅ​ទាញយក​ផលប្រយោជន៍​ពី​ចិន ដែល​កំពុងមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដោយមាន​ប្រសិទ្ធិភាព។ នេះ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNN នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។

យោងតាម​របាយការណ៍​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​សន្និសីទ​ប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍​បាន​បញ្ជាក់ថា ការវិនិយោគ​ផ្ទាល់​ក្នុង​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន​បរទេស មាន​ទំហំ​ទឹកប្រាក់ ១៣៤ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៤៩%កាលពី​ឆ្នាំមុន។ ផ្ទុយទៅវិញ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ក្នុងប្រទេស​ចិន​មាន​ទំហំ​ទឹកប្រាក់១៦៣ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០២០ កើនឡើង៤% ។

ឆ្នាំ២០២០គឺជា​ឆ្នាំ ដែល​គេ​កត់សម្គាល់​ឃើញថា ជា​ឆ្នាំ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុងប្រទេស​ចិន​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន ចិន​ជា​ប្រទេស​ទទួល​ការវិនិយោគ​ធំ​បំផុត នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​លើ​ពិភពលោក។

ទោះបីជា​ជំងឺ​កូ​វីដ១៩ ជា​កត្តា​ដ៏​ធំ​បំផុត​មួយ ក្នុងការ​រាង​រាំង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​សហរដ្ឋអាមេរិក  និង​ប្រទេស​ជាច្រើន​បំផុត​ជុំវិញ​ពិភពលោក តែ​ការវិនិយោគ​របស់​អាមេរិក​ចាប់ផ្ដើម​ប្រសើរ​ឡើងវិញ មុនពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ។

ការវិនិយោគ​ពី​បរទេស​ក្នុង​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ​កាន់តែខ្លាំង​ក្រោយពី​ទទួលបាន​ទំហំ​ទឹកប្រាក់ ៤៤០ពាន់​លាន​ដុល្លារ​អាមេរិក ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ឆ្នាំ២០១៥ ។

អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បានធ្វើ​គោលនយោបាយ​ពាណិជ្ជកម្ម ដែល​ប៉ះពាល់​ដល់​ការវិនិយោគ​បរទេស ជាពិសេស​ពី​ប្រទេស​ចិន ដែល​ធ្វើឱ្យមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ក្នុងការ​វិនិយោគ​រប​ស់​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ហើយ​ភាពមិនប្រាកដប្រជា នៃ​កំណើនសេដ្ឋកិច្ច​ជុំវិញ​ពិភពលោក ក៏បាន​រួមចំណែក​ដល់​ការធ្លាក់ចុះ​នេះ​ផងដែរ។

កាលពី​ឆ្នាំមុន ការធ្លាក់ចុះ​ក្នុងការ​វិនិយោគ​ផ្ទា​ល់ពី​បរទេស ទៅក្នុង​សហរដ្ឋអាមេរិក មានការ​ប៉ះពាល់​ខ្លាំង​ដល់​ការធ្វើ​ពាណិជ្ជកម្ម សេវាកម្ម​ហិរញ្ញវត្ថុ និង​ផលិតកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here