ហេតុអ្វីត្រូវទិញខុនដូក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច?

ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញអះអាងថា ការទិញខុនដូទុកសំរាប់រស់នៅ និងទុកសំរាប់ជួលនាកំឡុងពេលនេះ វាជាពេលវេលាល្អបំផុតសំរាប់ការវិនិយោគ ព្រោះបច្ចុប្បន្នមានលក្ខខ័ណ្ឌពិសេសៗជាច្រើន ដែលអ្នកវិនិយោគអាចទទួលបានផលចំណេញ។

លោកAlan Neoអគ្គនាយកក្រុមហ៊ុនCSA Real Estate Groupបានមានប្រសា​សន៍ឲ្យដឹងថា ការទិញខុនដូកំឡុងពេលនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញច្រើនដូចជា ទី១ ទទួលបានគំរោងដែលមានគុណភាព និងភាពប្រាកដប្រជា ដែលមានន័យថា គំរោងដែលកំពុងដំណើរការគឺជាគំរោងល្អ ព្រោះពួកគេមិនជាប់គាំង ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ច ទី២ ទទួលបានការបញ្ចុះតម្លៃពិសេស ដែលមានការបញ្ចុះតម្លៃចាប់ពី២០ទៅ៣០ភាគរយ ទី៣ ទទួលបានជម្រើសច្រើនសំរាប់គំរោងដែលកំពុងដំណើរការ មានន័យថាអតិថិជនអាចជ្រើសរើសគំរោងបានច្រើន។

ទី៤ ពួកគេអាចចចារជាមួយម្ចាស់គំរោង ជាមួយលក្ខខ័ណ្ឌបង់ប្រាក់កាន់តែពិសេ​ស ដោយសារម្ចាស់ខុនដូឬអ្នកអភិវឌ្ឍន៍និមួយៗ តែងតែផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែមានភាពបត់បែន។

លោកAlan Neoបានបន្តថា ជាមួយនឹងជំនាញដែលយើងបាន និងកំពុងបណ្តុះបណ្តាលបុគ្គលិក និងថ្នាក់ដឹកនាំរបស់យើង យើងបាននិងកំពុងផ្តល់សេវាកម្មយ៉ាងពិសេស​ដល់អតិថិជន ជាមួយនឹងលក្ខខ័ណ្ឌពិសេស តាមរយៈការចចារបញ្ចុះតម្លៃពិសេសជូនអតិថិជន។ ហេតុនេះ អតិថិជនឬអ្នកវិនិយោគចង់បានគំរោងខុនដូល្អ មានតម្លៃសមរម្យ ផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងបញ្ចុះតម្លៃកាន់តែច្រើន សូមទាក់ទងមកកាន់ភ្នាក់ងាររបស់CSA Real Estate Group។

ជាមួយគ្នានេះទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានថ្លែងថា វាជាជម្រើសដ៏ឆ្លាតវៃសំរាប់អតិថិជន ឬអ្នកវិនិយោគសម្រេចចិត្តទិញខុនដូនិងអចលនទ្រព្យនានានៅក្នុងកំឡុងពេលនេះ ដោយសារវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យគំរោងជាច្រើនបានលក់បញ្ចុះតម្លៃពិសេស ពិសេសអ្នកវិនិយោគក៏មិនប្រឈមមុខ នឹងហានិភ័យ ដោយសារពួកគេមើលឃើញថា គំរោងដែលពួកគេទិញជាគំរោងដែលមានមូលដ្ឋានហិរញ្ញវត្ថុរ៉ឹងមាំ ដោយមិនជាប់គាំងឬមានបញ្ហាកំឡុងពេលនេះ។

លោកបន្តថា“គម្រោងដែលមានហិរញ្ញវត្ថុរ៉ឹងមាំ គឺបង្ហាញក្នុងពេលមានវិបត្តតិសេដ្ឋកិច្ចបែបនេះ ព្រោះពួកគេមិនពន្យាពេលសាងសង់ឬជាប់គាំង ប៉ុន្តែគម្រោងដែលរង់ចាំលុយពីអ្នកវិនិយោគយកទៅសាងសង់ គឺនឹងមានបញ្ហានៅពេលមានវិបត្តិសេដ្ឋកិច្ចបែបនេះ”។លោកបន្តថា “អ្នកវិនិយោគនឹងទទួលបានផលចំណេញ ពីការបញ្ចុះតម្លៃក្នុងអន្តរកាលនេះ ដោយសារពេលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ គំរោងនានានឹងឡើងថ្លៃ ហើយ​មិនបញ្ចុះតម្លៃច្រើននោះទេ”៕

សម្តេចតេជោ នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល ACMECS លើកទី៩ ក្នុងសប្តាហ៍នេះ

ដោយ៖ សាវុធ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល ACMECS លើកទី៩ ហើយដែលកិច្ចប្រជុំកំពូលទាំងពីរនេះ នឹងត្រូវដឹកនាំ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំរួមមាន លោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកវេង សាខុនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋា ភិបាលកម្ពុជាមួយចំនួនផងដែរ។

ក្រោមមូលបទ «ភាពជាដៃគូដើម្បីការ តភ្ជាប់ និងភាពរឹងមាំ» កិច្ចប្រជុំកំពូល ACMECS លើកទី៩ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេសលើវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យ ដែលនឹងដើរតួនាទីជាក្របខ័ណ្ឌសាមគ្គីភាពដ៏សំខាន់សម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នាក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល ACMECS ពីប្រទេសកម្ពុជា ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំកំពូល CLMV លើកទី១០ ធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពសម្រាប់សមាហរណកម្មតំបន់» នឹងពិនិត្យមើលឡើងវិញនូវសមិទ្ធផល នានាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកំណត់ទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដោយពិចារណាទៅលើវិបត្តិសុខភាពពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ -១៩ និងផែនការស្តារប្រទេសខ្លួនឡើងវិញក្រោយវិបត្តិនៃជំងឺនេះ។ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះនៅពេលបន្ទាប់។

កិច្ចប្រជុំកំពូល CLV DTV លើកទី១១ នឹងពិនិត្យឡើងវិញពីវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែន៕

កម្ពុជា-ឥណ្ឌាកំពុងជំរុញកំណើនពាណិជ្ជកម្មរួមគ្នាឱ្យបានលើសពីទំហំ ២៦០លានដុល្លារក្នុងមួយឆ្នាំ

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីក្ដីរំពឹង និងជឿជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា – ប្រទេសតំបន់ទន្លេមេគង្គ ដែលក្នុងនោះរួមមានកម្ពុជាផងដែរនោះ នឹងអាចបង្កើតនូវសមិទ្ធលថ្មីដោយការបង្កើនទំហំពាណិ្ជកម្មកាន់តែធំ និងមានទំហំវិនិយោគកាន់តែច្រើនបន្ថែមទៀត។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឈួន ដារ៉ា នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជាអាចចាប់យកឱកាសទាក់ទាញវិនិយោគបន្ថែមពីកិច្ចប្រជុំសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា និងប្រទេសទន្លេមេគង្គចំនួន៤ប្រទេស ហៅកាត់ថា CLMV។

លោកឈួន ដារ៉ា នៅក្នុងវេទិកា 6th India-CLMV Business Conclave 2020 លើកទី៦បានលើកឡើងថា “កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និងប្រទេសជាសមាជិក CLMV ពិតជាអាចឱ្យកម្ពុជាចាប់យកឱកាសអភិវឌ្ឍន៍ ប្រកបដោយចីរភាពរវាងប្រទេស និងប្រទេសព្រមទាំងតំបន់ទាំងមូល”។ លោកបានបញ្ជាក់ថា “នៅក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបានប្រឈមមុខនឹងបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់កម្ពុជា និងក្នុងពិភពលោកទាំងមូល ហើយបណ្តាប្រទេស CLMV និងឥណ្ឌាក៏បានឆ្លងកាត់បញ្ហាប្រឈមនេះផងដែរ”។

ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឆ្នើមប្រមាណ៧,១ភាគរយក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ទាក់ទងនឹងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងខ្លាំងពី៩២៨លានដុល្លារក្នុងឆ្នាំ២០០៩ ដល់៣១០០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ លំហូរវិនិយោគផ្ទាល់ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ កសិកម្ម សំណង់ និងទេសចរណ៍។

ដោយឡែកសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចក្តីរំពឹងទុករបស់ភាគីទាំងពីរ។ នៅឆ្នាំ២០១៩ យោងតាមទិន្នន័យផ្ទាល់ខ្លួនរបស់កម្ពុជា តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានចំនួន ២៥៦លានដុល្លារសហរដ្ឋអាមេរិក បាននាំចេញទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លាន​ដុល្លារ និងនាំចូលពីប្រទេសឥណ្ឌាក្នុងតម្លៃ១៩១,៥៩ លានដុល្លារ៕

ដំណឹង​រីករាយ៖ អង់គ្លេស​ចាប់ផ្តើម​ផ្តល់​ការនាំចេញ​តាម​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋដល់​កម្ពុជា (GSP) នៅ​ឆ្នាំ២០២១

ដោយៈ​ប៊ី

ភ្នំពេញៈ ចក្រភព​អង់គ្លេស នឹង​ផ្តល់​ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា ដែល​ប្រទេស​នេះ​នឹង​អាច​ទាញយក​អត្ថប្រយោជន៍​ច្រើន បន្ទាប់ពី​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហៅ​កាត់​ GSP របស់​ចក្រភព​អង់គ្លេស សម្រាប់​នាំ​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ​នឹង​ចូល​ជា​ធរមាន​ន​នៅ​ឆ្នាំ២០២១ខាងមុខនេះ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក​សុខ សុភ័ក្ត្រ ត្រូវបាន​ដកស្រង់​សម្តី​ចេញ​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​នៅ​ថ្ងៃទី៦ ខែ​ឆ្នូ ឆ្នាំ២០២០កន្លងមក​បាន​មានប្រសាសន៍ថា កម្ពុជា នឹង​ពិភាក្សា​ជាមួយ​អង់គ្លេស ដើម្បី​ស្តារ​ទំនាក់ទំនង​នៃ​ការនាំចេញ-នាំចូល​រវាង​ប្រទេស​ទាំងពីរ អំឡុងពេល​មាន​វិបត្តិ ហើយ​នៅក្រោយ​វិបត្តិ​កូ​វីដ១៩ ។

លោក​បន្តទៀតថា “កម្ពុជា​នឹង​ពិភាក្សា​រក​វិធានការ​ស្តារឡើងវិញ នូវ​ការនាំចេញ-នាំចូល​ឱ្យមាន​ប្រក្រតីភាព ហើយ​ទាញយក​នូវ​អ្វីដែល​បាន​ធ្លាក់ចុះ​កន្លង ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ការរីក​រាលដាល​កូ​វីដ១៩” ។

លោក​សុខ សុភ័ក្ត្រ​បាន​ថ្លែងថា “នៅពេល​អង់គ្លេស បែកចេញ​មកពី​សហភាព​អឺរ៉ុប គាត់ អត់​មានប្រើ​ប្រព័ន្ធ​ដែល​ចុះបញ្ជី​រួម​ទេ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ផ្នែក​រដ្ឋបាល​ជាមួយ​ចក្រភព​អង់គ្លេស ដើម្បី​យើង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ ឬមួយ​យើង​រៀបចំ​ប្រព័ន្ធ​មួយ ទទួលស្គាល់​វិធាន​ប្រភពដើម​ទំនិញ ដែល​នេះ​ជា​កិច្ច​ការបន្ត​ដែល​យើង​ត្រូវធ្វើ” ។

ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ជាការ​ជម្រុញ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ជាការ​ទាក់ទាញ​អ្នកវិនិយោគថ្មីៗបន្ថែម ឲ្យ​មក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​នូវ​លក្ខណៈពិសេស។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នឹង​ជំនួស​ការបាត់បង់ ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប សម្រេច​ដកចេញ​ពី​កម្ពុជា។

ទាំង​មន្ត្រី​រដ្ឋាភិបាល អ្នក​ក្នុង​វិស័យ​កាត់​ដែរ និង​វិស័យ​ឯកជន​បាន​រំពឹងថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នេះ នឹងមិន​ត្រឹមតែ​ជួយ​ជំរុញ​ទំនិញ​កាន់តែច្រើន នាំ​ចេញពី​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បំពេញបន្ថែម នូវ​ការបាត់បង់​ផ្នែក​ខ្លះ​នៃ​EBA នៅ​ទីផ្សារ​អឺរ៉ុប ជាពិសេស​ជួយ​ទាក់ទាញ វិនិយោគ​បន្ថែម​ចូលមក​កម្ពុជា ដើម្បី​ផលិត កែច្នៃ និង​វេច​ខ្ចប់ នាំ​ចេញទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស។

កម្ពុជា​នាំចេញ​ផលិតផល​ទៅ​ចក្រភព​អង់គ្លេស មានដូចជា ផលិតផល​សម្លៀកបំពាក់ ស្បែកជើង អង្ករ និង​កង់ ខណៈ​នាំចូល​មកវិញ មានដូចជា រថយន្ត និង​គ្រឿងចក្រ​ជាដើម។

ក្នុង​ឆ្នាំ២០១៩ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អង់គ្លេស មាន​ទឹកប្រាក់​សរុប​ជាង១ពាន់​លាន​ដុល្លារ​អាម​រិ​ក។ ចំណែក​នៅក្នុង​រយៈពេល៣ខែ ឆ្នាំ២០២០ កម្ពុជា​បាន​នាំចេញ សរុប​ជាង២០០លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​វិស័យ​កាត់ដេរ​ជាង ១៩០លាន​ដុល្លារ និង​ទំនិញផ្សេង១៥ លាន​ដុល្លារ​អាមេរិក៕

ចំណេះដឹង! អ្វី​ជា​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម?

ដោយ​វុត្ថា

ភ្នំពេញៈ ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម គឺជា​ទំនិញ​ដែល​ត្រូវបាន​នាំចូល​ម្តងម្កាល​ដោយ​អ្នកដំណើរ ឬ​ត្រូវបាន នាំចូល​ដោយ​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ជា​អចិន្ត្រៃយ៍​ក្នុង​តំបន់​ព្រំដែន សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ឬ ប្រើប្រាស់​ក្នុង​តំបន់​ព្រំដែន។

យោងតាម​ឯកសារ​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា ការ​នាំចូល​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ត្រូវ​អនុវត្តន៍​ដូចជា ទី១  ការនាំ​ចូល​ម្តងម្កាល​របស់​អ្នក​ដំំ​ណើ​រ ដែល​ត្រូវ​ចាត់ទុកថា​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម ត្រូវបំពេញ បែបបទ​គយ​តាមច្បាប់​ជា​ធរមាន ដោយ​ត្រូវ​បង្ហាញ​នូវ​លិខិតឆ្លងដែន ដែលមាន​បញ្ជាក់​ពី​ការចេញ-ចូល​ប្រទេស​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ច្រកទ្វារ ហើយ​ត្រូវ​ប្រថាប់ត្រា ឬ​សរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា “គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម-សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន” និង​ពុំ​ចាំបាច់ បិទ​ត្រា​គយ​ឡើយ។

ក្នុងករណី ដែល​អ្នកដំណើរ​ម្តងម្កាល​នោះ អ្នក​នាំចូល​ទំនិញ​ហើយ​ប្រកាសថា មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់ធ្វើ​អាជីវកម្ម ការកំណត់​តម្លៃ​គិត​ពន្ធគយ​ត្រូវ​បូក​បន្ថែម២០ ភាគរយ លើ​តម្លៃ​គិត​ពន្ធគយ​ជា​ធរមាន និង​ត្រូវ​ប្រថាប់ត្រា​ឬ​សរសេរ លើ​បង្កាន់ដៃ​ពន្ធ​ថា “មាន​លក្ខណៈ​ពាណិជ្ជកម្ម” ហើយ​ត្រូវ​បិទ​ត្រា​គយ​ជូន ប្រសិនបើ​មុខទំនិញ​នោះ​ស្ថិតក្រោម​ប្រព័ន្ធ ត្រា​គយ ដើម្បី អាច​ចរាចរ​លើ​ទីផ្សារ​បាន។

ទី២  ចំពោះ​ការនាំ​ចូល​របស់​ប្រជាជន ដែលមាន​លំនៅដ្ឋាន​ជា​អចិន្ត្រៃយ៍​ក្នុង​តំបន់​ព្រំដែន ត្រូវបំពេញ បែបបទ​គយ​តាម​ការកំណត់​ជា​ធរមាន ហើយ​ត្រូវ​ប្រថាប់ត្រា​ឬ​សរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា “សម្រាប់​ចរាចរ​ក្នុង​តំបន់​ព្រំដែន” ។ ប្រជាជន​តំបន់​ព្រំដែន ដែល​ធ្វើ​អាជីវកម្ម​នាំចេញ-នាំចូល​ទំនិញ មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ចរាចរ ទូទាំងប្រទេស​នោះ ត្រូវតែ​បង្កើតជា​ក្រុមហ៊ុន​ដែលមាន លេខ​អត្តសញ្ញាណ​កម្ម អាករ​លើ​តម្លៃបន្ថែម និង​ត្រូវមាន​ប័ណ្ណ​ប៉ាតង់​ឆ្នាំ​ចុងក្រោយ ដូច​អ្នក​នាំចេញ-នាំចូល​ធម្មតា ហើយ​ក្នុងករណី​ចាំបាច់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​ខាងលើ៕

រដ្ឋាភិបាល​គ្រោង​កែប្រែ​ស្រុក​អូ​រាំង​ខេត្ត​មណ្ឌល​គី​រី​ជា​ក្រុង​រណប​ក្រោយ​ការសាងសង់​ព្រលានយន្តហោះ​បញ្ចប់

ដោយៈ រ៉ា​ណេ​ត

មណ្ឌល​គី​រីៈ នៅក្នុង​ផែនការមេ​អភិវឌ្ឍន៍​ឆ្នាំ២០២០ -២០៣៥ រដ្ឋាភិបាល​បានបង្ហាញ​ពី​គម្រោង​នៃ​ការអភិវឌ្ឍន៍ តំបន់​ជាច្រើន​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដែល​ក្នុងនោះ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​កែប្រែ​ស្រុក​អូ​រាំង​ទៅជា​ក្រុង​រណប​ថ្មី នៅក្នុង​ខេត្ត បន្ទាប់ពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។

តាមរយៈ​កិច្ចប្រជុំ​ស្តីពី​គ​ម្រោ​អភិវឌ្ឍន៍​ខេត្ត​មណ្ឌល​គី​រី របស់​ក្រសួងទេសចរណ៍​កាលពី​សប្ដាហ៍​កន្លងទៅថ្មីៗនេះ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហើប​ថា នៅក្នុង​ផែនការមេ ដែល​គ្រោង​នឹងដាក់​ឆ្លង​ការសម្រេច ពី​សំណាក់​រាជរដ្ឋាភិបាល​នៅ​ដើមឆ្នាំ​ក្រោយនេះ នឹងមាន​ការអភិវឌ្ឍ​ន៍​ជាច្រើន​កន្លែង រួម​ជាមួយនឹង​ការបង្កើន​តំបន់​ទេសចរ​ធម្មជាតិ​កែច្នៃ ដែលជា​ផលិតផល​ទេសចរណ៍ថ្មីៗទាំង​នៅក្នុង​ក្រុង ជាពិសេស​គម្រោង​កែប្រែ​ស្រុក​អូ​រាំង​ទៅជា​ក្រុង​រណប​ផងដែរ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal ដែលជា​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​តំបន់​កម្សាន្ត​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ថា គ្រប់​ផែនការ និង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​រហូតមកដល់​ពេលនេះ ដូចជា មិនទាន់មាន​គម្រោង​ណាមួយ ដែល​ធ្វើ​មិនបាន​នោះទេ ផ្ទុយទៅវិញ​គឺមាន​តែ​ការអនុវត្ត​លឿន​និង​បញ្ចប់​មុន​ផែនការ។

លោក​ឧកញ៉ា​បាន​បន្តថា “ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន គឺ​តែង​ទទួលបាន​នូវ​ភាពជោគជ័យ ជាមួយ​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទន ស្ទើរ​គ្រប់ផ្នែក ដែល​ក្នុងនោះ​មិន​ថា​ការបង្កើត​ក្រវាត់ក្រុង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​បណ្តា​ខេត្ត​ក្រុង​នៅ​ទូទាំងប្រទេស ក៏ដូចជា​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ” ។

លោក​បន្តថា នៅក្នុង​ផែនការមេ ដែល​លើកឡើង​ដោយ​ក្រសួងទេសចរណ៍​ខាងលើនេះ គឺ​មិនមាន​អ្វី​ខុស​ឆ្គ​ង់​នោះទេ ពោលគឺ​ស្របទៅនឹង​សក្ដានុពល​របស់​ខេត្ត ដែលមាន​ស្រាប់​បន្ថែម​នូវ​ការអភិវឌ្ឍ ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន។ ជាក់ស្ដែង​នៅត្រឹម​ដំណាក់កាល​នាពេលនេះ ឃើញ​មាន​វិស័យ​ឯកជន បាន​បណ្តាក់ទុន​យ៉ាង​ស​ន្ឋឹ​ក​សន្ធាប់ ទៅលើ​ការវិនិយោគ ក្នុង​វិស័យ​ទេសចរណ៍ ដូចជា ការបង្កើត​តំបន់​កម្សាន្ត ការបង្កើត​ជា​បឹង​ហ្គា​ឡូ​ជាដើម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទេសចរណ៍ ដែល​កើនឡើង​យ៉ាងគំហុក​នៅក្នុង​ខេត្ត​មួយ​នេះ។ ទាំងអស់នេះ​ក៏​ជា​ផ្នែក​មួយ ស្ថិតនៅក្នុង​ផែនការមេ​របស់​ក្រសួងទេសចរណ៍​រួចជាស្រេច។

លោក​ឧកញ៉ា​នួន រិទ្ធី បាន​បញ្ជាក់ថា “នៅ​ថ្ងៃ​ខាងមុខ គម្រោង​អភិវឌ្ឍន៍​ដែល​ស្ថិតនៅក្នុង​ផែនការមេ​អាច​នឹង​លេចចេញ​ជា​រូបរាង ជាពិសេស​ក្រោយពេល​គម្រោង​សាងសង់​ព្រលានយន្ដហោះ​ត្រូវបាន​បញ្ចប់ ព្រោះ​នៅពេលដែល​ព្រលាន​បញ្ចប់ ការសាងសង់ ហើយ​ដាក់​ដំណើរការ​នោះ នឹងធ្វើ​ឱ្យមាន​កំ​ណើ​បន​ទេសចរ កំណើន​គម្រោង​វិនិយោគផ្សេងៗ ក្រោម​ភាពងាយស្រួល​នៅក្នុង​មធ្យោបាយ​ធ្វើដំណើរ” ។

អគ្គនាយិកា​ក្រុមហ៊ុន KAT APPRAISAL លោកស្រី​ចេ​វ សុ​ឃុន បាន​មាន​ប្រ សា សន៍​ថា ខេត្ត​មណ្ឌល​គី​រី​នាពេល​បច្ចុប្បន្ន គឺមាន​ភាពខុសប្លែក​ឆ្ងាយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ជាពិសេស​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០២០ ឃើញ​មាន​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី ក៏ដូចជា កំណើន​នៃ​គម្រោង​អភិវឌ្ឍន៍​នានា ដូចជា​តំបន់​ទេសចរណ៍​កែច្នៃ​លំហែរ​កាយ​ជា Resort ជា​ផ្ទះសំណាក់តូចៗបែប​ធម្មជាតិ ក៏ដូចជា​តំបន់​ស្នាក់នៅ​បែប​លំហែរ​កាយ​ផងដែរ ប៉ុន្តែ​ហាក់​មិនទាន់​ផុសផុល​ខ្លាំង​នោះទេ។

លោកស្រី​បាន​បន្តថា “ភាគច្រើន​ច្រើន​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​នេះ ជាគ​ម្រោ ង​ប​ង្កើ​រ​តំបន់​ទេសចរណ៍ និង​កម្សាន្ត​លក្ខណៈ​ធម្មជាតិ ប៉ុន្តែ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ឬ​សាងសង់​សំណង់ខ្ពស់ៗ គឺ​នៅ​មិនទាន់​ឃើញ​មាន​នោះទេ” ។ លោកស្រី​បន្ថែមថា “តម្លៃ​អចលនវត្ថុ​នៅក្នុង​ខេត្ត​ក៏​នៅ​ទាប បើ​ធៀប​ទៅនឹង​តម្លៃ​អចលនវត្ថុ នៅក្នុង​បណ្តា​ខេត្ត​ផ្សេងទៀត ដែល​វា​នៅតែ​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ ក៏ដូចជា​អ្នកទិញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ផ្សេង” ៕

ហេតុអ្វី​បានជា​ដី​ជាយក្រុង​ឡើងថ្លៃ​ជាប្រចាំ ខណៈដី​នៅតាម​បណ្តា​ខេត្ត​ស្ថិតក្នុង​ភាព​ទ្រឹង?

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញ​ជាច្រើន​បាន​យល់​ស្របគ្នា​ថា ដីធ្លី​នៅ​តំបន់​ជាយក្រុង​នៅតែ​ឡើងថ្លៃ ទោះបី​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​ក្តី តើ​ហេតុផល​អ្វីខ្លះ​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​ទាំងនេះ​ឡើងថ្លៃ និង​មាន​តម្រូវការ​ច្រើន?។

អ្នកតាមដាន​ការវិវត្ត​នៃ​សេដ្ឋកិច្ចសង្គម និង​អចលនទ្រព្យ​ឯករាជ្យ លោក​យិន លាង​គង់ ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia បាន​មានប្រសាសន៍ថា ការឡើង​ថ្លៃ​ដីធ្លី​នៅ​តំបន់​ជាយក្រុង ពិសេស​តំបន់​ដែលមាន​ចម្ងាយ​ពី២០ ទៅ៣០គីឡូម៉ែត្រ​ពី​ទីក្រុង​ដោយសារ​កត្តាសំខាន់ៗជាច្រើន ដូចជា ទី១ ការរីកចម្រើន​នៃ​ផ្នែក​នគរូបនីយកម្ម ដែល​មានន័យថា កំនើន​ប្រជាពលរដ្ឋ​បាន​កើនឡើង និង​ហូរ​ចូល​ទីក្រុង​កាន់តែច្រើន និង​ការពង្រីក​ក្រុង​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល។

ទី២ ការកើនឡើង​នូវ​លំហូរ​ប្រជាជន​ពី​ជនបទ មកកាន់​ទីក្រុង​កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​បើ​យោងតាម​ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា ប្រជាជន​រស់នៅ​ទីក្រុង និង​ទីប្រជុំជន​នឹង​កើន​ដល់៧លាន​នាក់​នៅ​ឆ្នាំ២០៣០ ទី៣ ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល កាន់តែ​សកម្ម​ដើម្បី​បំរើ​សច​ក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ទី៤ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម ពិសេស​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​នៅ​ទីក្រុង​កើនឡើង​ខ្ពស់ ជាង​តំបន់​ជនបទ​ឬ​តាម​បណ្តា​ខេត្ត​នានា។

លោក​យិន លាង​គង់​បាន​បន្តថា “កត្តាសំខាន់ៗទាំង៤ខាងលើនេះ ជា​កត្តា​សន្យា​នុ​ម័ត ដែល​មិនអាច​ប្រកែក​បាន ហើយ​វា​ជា​កត្តា​លី​ករ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំនើន​តម្លៃ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​បន្តទៀត” ។

លោក​បន្ថែមថា តាម​ព៌​ត​មាន​ដែល​យើង​ទទួលបាន រដ្ឋាភិបាល​កម្ពុជា​នឹងមាន​ផែនការ​ពង្រីក​ទីក្រុង​ភ្នំពេញ​បន្ថែមទៀត នៅ​ឆ្នាំ២០២៥ឬ២០៣០ខាងមុខ ដើម្បី​ជំរុញ​ការ​បង្ខិត​ជនបទ​មក​កៀក​ទីក្រុង​កាន់់តែច្រើន ពិសេស​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ខណៈ​មានការ​សិក្សា​រួចហើយ​ថា ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​នឹង​កើនឡើង​ដល់៥លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខនេះ។

ជាមួយគ្នានេះ លោក​បណ្ឌិត​ឧកញ៉ា​គីម ហ៊ាង​ប្រធាន KW Cambodia បាន​មានប្រសាសន៍ថា ពិត​មែនហើយ​ប្រជាជន មិន​ចង់​ចេញ​ទីក្រុង​ទៅ​រស់​នៅតាម​ជនបទ​នោះទេ មាន​តែមាន​ចេញពី​ជនបទ​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច ប្រាក់ចំណូល នឹងធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​នៅ​ទីក្រុង​កាន់តែ​ប្រសើរឡើង ដែល​នេះ​ជា​និន្នាការ​សាកល​មួយ។

រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ជាង ៣លាន​នាក់ និង​មាន​ផ្ទៃក្រឡា​សរុប​ប្រមាណ ៧០០គីឡូម៉ែត្រ​ការ៉េ និង​មាន​ខ័​ណ្ឌ​ចំនួន១៥ ៕

អភិបាលខេត្ត​កែប បង្ហាញ​ពី​បំណង​ក្នុងការ​បង្កើត​ទីក្រុងរ​ណ​ប​នៅក្នុង​ខេត្តដើម្បី​ទាក់ទាញ​ការវិនិយោគ

ដោយ​វុត្ថា

ភ្នំពេញៈ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានបង្ហាញ​ពី​គម្រោង​ក្នុងការ​បង្កើត​ទីក្រុងរ​ណ​ប​ថ្មី​មួយ នៅក្នុង​ខេត្ត​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ចូលមក​បណ្តាក​ទុនវិនិយោគ​នៅក្នុង​ខេត្ត​កាន់តែច្រើន។

លោក​ថឹ​ង បូ​រឹន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹង​កាលពី​ថ្ងៃទី ៦ ខែធ្នូ​ឆ្នាំ ២០២០ម្សិលមិញ​នេះ​ថា ក្នុង​គម្រោង​បង្កើតឱ្យមាន​ទីក្រុងរ​ណ​ប​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ពលរដ្ឋ​នៅក្នុង​ខេត្ត ដើម្បី​កាត់បន្ថយ​ការធ្វើ​នេសាទ​ខុសច្បាប់។

លោក​ថ្លែងថា តាម​ប្រសាសន៍​របស់ ឯកឧត្តម​អភិបាលខេត្ត​ខេត្ត គឺ​គាត់​ចង់​ពង្រីក​ខេត្ត​កែប ដោយ​សាងសង់​ទីក្រុង​រណប​ថ្មី​មួយ ឱ្យ​សាក​សមជា​ខេត្ត​ទេសចរណ៍ធម្មជាតិ ដែល​ស្របទៅនឹង រាជរដ្ឋាភិបាល​ដាក់ចេញ​ទិសដៅ​ប្រែក្លាយ ខេត្ត​កែប​ទៅ​ថ្ងៃក្រោយ​ទៅជា​ខេត្ត​ទេសចរណ៍​ធម្មជាត​ប្រណិត​កម្រិត​ខ្ពស់។

លោកន្ត​ថា “បច្ចុប្បន្ននេះ អភិបាលខេត្ត​បាន និង​កំពុង​ខិតខំ​ប្រែង​ប្រែង​អភិវឌ្ឍន៍​ហេ​ដ្ឋ​រ​ច​ន​សម្ព័ន្ធ​នានា នៅក្នុង​ខេត្ត​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ដើម្បី​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ” ។

លោក​បន្ថែមថា ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​ប្រាប់​ដល់​ម្ចាស់​ដី​ឱ្យមក​សាងសង់​ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន និង​ខុន​ដូរ ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ពលរដ្ឋ​នៅក្នុង​ខេត្ត ហើយ​ពេលនេះ ពួកគាត់​នឹង​ឈប់​នេសាទ​ខុសច្បាប់ ហើយ​មក​ធ្វើការ​នៅ​កន្លែង​ទាំងនេះ ។

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងទេសចរណ៍​ក​បានរៀបចំ​ផែនការមេ ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ​ជា“តំបន់​វិស្សមកាល​កម្រិត​ខ្ពស់”មួយ​នៅ​កម្ពុជា តាមរយៈ​ការមិន​ឲ្យ​មាន​រោងចក្រ សហគ្រាស និង​កាស៊ីណូ ដើម្បី​ប្រែក្លាយ​ខេត្ត​ដែល​មានតែ​ស្រុក​មួយ និង​ក្រុង​ចំនួន១នេះ​ជា​តំបន់​ទេសចរណ៍​ដ៏​ពិសិដ្ឋ។

អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អាជីវករ វិនិយោគិន​លើ​វិស័យ​ទេសចរណ៍ សណ្ឋាគារ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​កែប​កាន់តែ​រីកចម្រើន​បន្ថែមទៀត ខណៈ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បាន​នឹង​កំពុងមាន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍។

លោក​បាន​បន្តថា ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ អ្នកវិនិយោគ​គិ​ន រួមជាមួយ​នូវ​ភ្ញៀវ​ជាតិ-អន្តរជាតិ​ជាច្រើនរូប។ ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អោយមក​សម្រាក​កំសាន្ត​នៅ​ខេត្ត​កែប​ទីក្រុង​ទេសចរណ៍​កាន់តែច្រើន​ថែមទៀត។

ខេត្ត​កែប​មាន​សក្តានុពលសំខាន់ៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ធនធានធម្មជាតិ​លើគោក ធាន​ធាន​ធម្មជាតិ​ក្នុង​សមុទ្រ ឩ​ទ្យា​ជាតិ​កែប កោះ ឆ្នេរសមុទ្រស្អាតៗជាច្រើន​កន្លែង ។

ថ្នាក់ដឹកនាំ​ខេត្ត​កែប បានកំណត់​ចក្ខុ​វ​ស័​យ​រួចហើយ​ថា ខេត្ត​កែប ជា​តំបន់​ទេសចរណ៍ សម្រាក​ល​ម្អែ​កំសាន្ត​ប្រណិត​កម្រិត​ខ្ពស់ បរិស្ថាន​ល្អ កំណើន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​មក​ស្នាក់នៅ​រយៈពេល​យូរ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ប្រជាពលរដ្ឋ​គោរព​ច្បាប់ សុខុមាលភាព សមភាព​យេនឌ័រ សីលធម៌​រស់នៅ​ថៃ្ល​ថ្នូរ វប្បធម៌​រុងរឿង ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ​ខេត្ត​កែប ក៏​កំពុង​រៀបចំ​ឆ្នេរថ្មីៗ ដើម្បី​បំរើ​ដល់​ការកំសាន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ៕

ដំណឹង​ល្អ៖ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​នៅលើ​កោះរ៉ុង​សម្រេចបាន ៣០ភាគរយ​ក្រោម​ការ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Royal Group

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ គិត​ត្រឹម​សប្ដាហ៍​ទី១ដើមខែ​ធ្នូ ឆ្នាំ២០២០នេះ លទ្ធផល​នៃ​ការសាងសង់ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន​ដូចជា​ស្ពាន ផ្លូវថ្នល់​បេតុង​ប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ក្រោម​ទុនវិនិយោគ​ប្រមាណ៣៥លាន​ដុល្លារ របស់​ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េង (រ៉ូយ៉ាល់​គ្រុម​កោះរ៉ុង) សម្រេចបាន​ប្រមាណ៣០ភាគរយ​ហើយ​យ។

តាមរយៈ​បាយ​ការណ៍​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​កោះរ៉ុង​នៅ​ថ្ងៃ​ចុង​ស្ដា​ហ៍​នេះ​បាន​បង្ហាញថា រហូតមកដល់​ពេលនេះ ដំណើរការ​សាងសង់​បាន​ជិត៥ខែ ហើយ​សម្រេច​លទ្ធផល​បាន​ជាង៣០ភាគរយ នៃ​ផែនការ​កំណត់ ខណៈ​មន្ដ្រី​ជំនាញ​អះអាងថា​ដំណើរការ​នេះ នឹង​សម្រេច​ទៅដោយ​រលូន​ដូច​អ្វីដែល​បានគ្រោង​ទុក។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា គិត ម៉េង បាន​អភិវឌ្ឍន៍​នៅ​តំបន់​កោះរ៉ុង​យ៉ាងច្រើន ដោយ​ផ្ដើមចេញពី​ការកសាង​សណ្ឋាគារ​ផ្កាយ៥ ហើយ​មកដល់ពេលនេះ បាន​បន្ដ​ការសាងសង់​ផ្លូវ​ប្រវែង៧០គីឡូម៉ែត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យ​គោលដៅ​អភិវឌ្ឍន៍​មាន​ច្រើន ជា​បន្ដបន្ទាប់​ទៀត ដូចជា អគ្គិសនី ទឹកស្អាត និង​ព្រលានយន្ដហោះ​ជាដើម។

ជាមួយគ្នា​ន​លោក​ក៏បាន​ប​ង្ហ​ញ​នូវ​ក្ដី​សង្ឃឹមថា ទន្ទឹមនឹង​ការសាងសង់​ផ្លូវ​បេតុង៧០គីឡូម៉ែត្រ​នេះ អ្នកឧកញ៉ា គិត ម៉េង នឹង​ខិតខំ​ចាប់ផ្តើម​អភិវឌ្ឍន៍​គម្រោងផ្សេងៗទៀត ដើម្បី​ប្រែក្លាយ​កោះរ៉ុង ទៅជា​ទីក្រុង​មួយ​ដ៏​ស្រស់បំព្រង មាន​ផាសុខភាព​ល្អ តាមបែប​ធម្មជាតិ​នៃ​ឆ្នេរ​ខ្សាច់ និង​ព្រៃ​ប្រឹក្សា​នៅ​ទីនោះ សំដៅ​ទាក់ទាញ​ឱ្យ​កាន់តែ​ច្រើនឡើង​នូវ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​លំហែកាយ​នៅ​កោះរ៉ុង។

លោក​គួច ចំរើន បាន​បន្តថា “ សកម្មភាព​នៃ​ការអភិវឌ្ឍ ក៏ដូចជា​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាពិសេស​ផ្លូវថ្នល់​របស់​ក្រុមហ៊ុន​នៅពេលនេះ នឹង​កាន់តែ​ធ្វើឱ្យមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង ហើយក៏​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ផងដែរ” ។ លោក​បន្តថា “ខ្ញុំ​ជាមួយនឹង​មន្ត្រី​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ​ត្រៀមខ្លួន ដើម្បី​ផ្តល់​កិច្ចសហការ​ទាំង​បច្ចេកទេស និង​កិច្ច​សម្រួល ដើម្បីឱ្យ​ក្រុមហ៊ុន​ទាំងពីរ បើក​បាន​ដំណើរការ​អនុវត្ត​នូវ​សកម្មភាព​របស់ខ្លួន ឱ្យបាន​ជោគជ័យ​ទៅតាម​ពេល​វា​ដែល​បានកំណត់” ។

ការសាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ ដែលមាន​ប្រវែង៧០គីឡូម៉ែត្រ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង រវាង​ក្រុមហ៊ុន ROYAL Group Koh Rong Development Company និង​ក្រុម​ហ៊​ន​ជំនាញ​សាងសង់ Sinohydro Corporation Limited ដោយ​គ្រោង​បញ្ចប់​ក្នុង​រយៈពេល១៦ខែ៕

ការសិក្សា៖ សហគ្រាសចិនទទួលបានការវាយតម្លៃខ្ពស់នៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្នុងអំឡុងពេលធ្វើអាជីវកម្មនៅកម្ពុជា សហគ្រាសចិនបានគោរពច្បាប់ និងការកំណត់ពាក់ព័ន្ធការប្រកបអាជីវកម្មយ៉ាងល្អប្រសើរ ព្រមទាំងបានរួមបញ្ចូលជាមួយសង្គមក្នុងតំបន់ បំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួន ដែលបានបង្កើតរូបភាពល្អប្រសើរនៅប្រទេសកម្ពុជា ។

នេះបើយោងតា « របាយការណ៍ស្តីពីការអភិវឌ្ឍជានិរន្តរភាពនៅប្រទេសកម្ពុជារបស់សហគ្រាសចិន» ត្រូវបានប្រកាសនៅក្រុងប៉េកាំងប្រទេសចិន នាពេលថ្មីៗកន្លងទៅនេះ ដែលរបាយការណ៍នេះ ត្រូវបាក្រុមហ៊ុនហួរណេងគ្រុបប្រទេសចិន និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីនៅកម្ពុជា ដែលបានធ្វើការសិក្សាជ្រាវជ្រាវនិងពិនិត្យអង្កេតនៅកម្ពុជាអស់រយៈពេល៦ខែ ។

របាយការណ៍នេះ ត្រូវបានជ្រើសរើសសហគ្រាសចិន៦សហគ្រាស ដូចជាក្រុមហ៊ុនវារីអគ្គិសនីសេសាន្តកម្ពុជានៃក្រុមហ៊ុនហួរណេងគ្រុបប្រទេសចិន ក្រុមហ៊ុន China Duty Free Group (Cambodia) និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិននៅកម្ពុជាជាដើម សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ពីសភាពការណ៍ប្រកបអាជីវកម្មរស់ក្រុមហ៊ុនចិននៅកម្ពុជា ឥទ្ធិពលទៅលើសង្គមនិងបរិស្ថាន ព្រមនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ ។

របាយការណ៍ដែលក៏បានលើកយកក្រុមហ៊ុនវារីអគ្គិសនីសេសាន២នៃក្រុមហ៊ុនហួរណេងគ្រុបប្រទេសចិនជាឧទាហរណ៍ ស្ថានីយវារីអគ្គិសនីសេសាន្តក្រោម២ដែលក្រុមហ៊ុនហួរណេងគ្រុបបានសាងសង់ មិនគ្រាន់តែបានផ្តល់ថាមពលស្អាតប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងបានរ៉ាប់រងទំនួលខុសត្រូវសង្គមយ៉ាងសកម្មលើវិស័យកែលម្អបម្រែបម្រួលអាកាសធាតុ ជំរុញការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនជាដើមផងដែរ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានកោតសរសើរសហគ្រាសចិនជាច្រើនលើកផងដែរ ដោយបានសង្កត់ធ្ងន់ថា សហគ្រាសចិនបានជួយកម្ពុជាសាងសង់ផ្លូវថ្នល់ប្រវែងជាង៣ពាន់គីឡូម៉ែត្រ បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គជាច្រើនខ្សែ ប្រទេសចិនបានផ្តល់ជំនួយជាច្រើនលើវិស័យសុខាភិបាលធារាសាស្រ្ត អប់រំ និងធនធានមនុស្សជាដើម បានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក៏ដូចជាកែលម្អជីវភាពរស់នៅរបស់ប្រជាជនខ្មែរផងដែរ ។

បើទោះបីឆ្នាំនេះ ប្រឈមនឹងជំងឺកូវីដ១៩ដែលបានរីករាលដាលនៅទូទាំងពិភពលោកយ៉ាងណាក្តី ប៉ុន្តែចំពោះកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន នៅតែកម្ពស់ការកសាងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងគ្នានិងគ្នា លើកកម្ពស់កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម លើកកម្ពស់ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

គំនិតផ្តួចផ្តើមទាំង៤ចំណុចនេះមិនគ្រាន់តែបានចង្អុលបង្ហាញទិសដៅសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែស្អិតល្មួតប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិ្តការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាដែលមានកម្រិតកាន់តែខ្ពស់ទៀតផង ។ ជឿជាក់ថា ក្នុងការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា សហគ្រាសចិននឹងពង្រីកតួនាទីកាន់តែខ្លាំងឡើងៗ ៕