អ្នកជំនាញៈដីធ្លីនៅតំបន់ជាយក្រុងនៅតែមានសក្តានុពលកើនឡើងនាពេលអនាគត

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖​ ក្រុមអ្នកជំនាញបានអះអាងស្រដៀងគ្នាថា ទីផ្សារដីធ្លីនៅយំបន់ជាយក្រុង​នៅតែមានភាពល្អប្រសើរ និងមានចរន្តទិញលក់សកម្មជាងតាមបណ្តាខេត្ត ទោះបីក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងមានបញ្ហាក្តី។

លោកស្រី អាន សុធីតានាយិកាប្រចាំប្រទេស នៃក្រុមហ៊ុនCBRE Cambodiaបានមា​នប្រសាសន៍ឲ្យដឹងផងដែរថា តម្លៃដីនៅជាយក្រុងជាផ្នែកមួយ ក្នុងចំណោមផ្នែកសំខាន់ៗចំនួន៣ នៃវិស័យអចលនទ្រព្យ ដែលនឹងមានភាពល្អ​ប្រសើរនៅឆ្នាំនេះ។ លោកស្រីបន្តថា​ តម្លៃដីនៅជាយក្រុងកើនឡើង ដោយសារការអភិវឌ្ឍ​ន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការពង្រីកទីក្រុង និងអ្នកវិនិយោគបានងាកទៅវិនិយោគ នៅតំបន់ជាយក្រុងកាន់តែច្រើន ព្រោះតម្លដីនៅក្នុងទីក្រុងកើនឡើងខ្ពស់ ដែលធ្វើឲ្យពួកគាត់មិនអាចវិនិយោគសាងសង់បុរី ឬលំនៅដ្ឋានានាបានចំណេញ។

លោកស្រីបន្តថា “កំនើនប្រជាសាស្រ្តនៅតំបន់ជាយក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិតជាកត្តាសំខាន់ដែលធ្វើឲ្យតំបន់ជាយក្រុងភ្នំពេញ មានការអភិវឌ្ឍ​លឿន និងធ្វើឲ្យតម្លៃដីកើនឡើងខ្ពស់”។

អគ្គនាយកក្រុមហ៊ុនPremium Housing Developmentលោកម៉ាន់ ច័ន្ទឌីបានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៣កន្លងមកថា តម្លៃដីធ្លីនៅតំបន់ជាយក្រុង នៅតែបន្តមានភាពល្អប្រសើរ និងបន្តកើនឡើង ដោយសារកត្តាជាច្រើន ដូចជាការរីកចម្រើន​នៃហេដ្ឋារចនាសម្ព័ន្ឋ កំនើនប្រជាសាស្រ្ត ការតភ្ជាប់មកកាន់ទីក្រុងមានចម្ងាយជិត និងកត្តាជាច្រើនទៀត។

លោកបន្តថា “ទោះបីកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចសាកលក្តី ប៉ុន្តែទីផ្សារដីធ្លីនៅតំបន់ជាយក្រុងនៅតែមានសកម្មភាព និងតម្លៃកើនឡើងជាបន្តបន្ទាប់”។

ជាមួយគ្នានេះ លោកកាង សុទ្ឋីអគ្គនាយកនៃក្រុមហ៊ុនCentury21 Land station Real estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា តម្លៃដីនៅតំបន់ជាយក្រុងពិតជាកើនឡើង ប៉ុន្តែតម្លៃតំបន់ខ្លះ នៅមានភាពសមរម្យអាចទទួលយកបាន តែតំបន់ខ្លះបានកើនឡើងខ្ពស់លើសការរំពឹងទុក ដែលមិនអាចទិញវិនិយោគរកផលចំណេញបានឡើយ។លោកបន្តដោយចង្អុលបង្ហាញថា តម្លដីនៅជាយក្រុងភ្នំពេញ នៅតំបន់កំបូល និងនៅតាម​ណ្តោយផ្លូវជាតិលេខ៦អា ជាតំបន់ដែលតម្លៃដីកើនខ្ពស់ជាងគេ។

ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុនKW Cambodiaអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តម្លៃដីធ្លីដែលដាក់លក់ភាគច្រើន មានតម្លៃលើសទីផ្សារចន្លោះពី៣០ទៅ៥០ភាគរយ ដែលវាមិនមែនជាតម្លៃពិតនៅលើទីផ្សារនោះទេ ព្រោះអ្នកលក់ចេះតែចង់បានតម្លៃខ្ពស់ ខណៈដីតំបន់នោះមិនទាន់មានតម្លៃ ដល់កម្រិតពួកគេចង់បាននៅឡើយ។ លោកបន្តថា “តម្លៃដីពិតលើទីផ្សារ មិនមែនជាតម្លៃដាក់លក់របស់អ្នកលក់ទេ តែជាតម្លៃដែលអ្នកទិញអាចទិញបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here