រដ្ឋាភិបាលកំពុងរៀបចំដំណើរនៃការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជាជាមួយការសាទរ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាការឆ្លើយតបទៅនឹងភាពចាំបាច់ និងតម្រូវការជាក់ស្ដែងនៅក្នុងវិស័យពាណិជ្ជកម្មកម្ពុជាដើម្បីបញ្ចៀសនូវរាល់បញ្ហា និងការដោះស្រាយនូវរាល់វិវាទ នៅក្នុងការធ្វើពាណិជ្ជកម្ម ក្រសួងយុត្តិធម៌មានសម្រេចគាំទ្រ សំណើររបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការបង្កើតតុលាការពាណិជ្ជកម្មនោះហើយ។

ជាមួយនឹងការសាទរ ទៅនឹងសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌ ក្នុងការរៀបចំបង្កើតឱ្យមានតុលាការពាណិជ្ជកម្ម ដែលនឹងអាចឈានទៅរកការដាក់ដំណើរការ ជាផ្លូវការក្នុងពេលខាងមុខនេះ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុ ជាបានបង្ហាញពីការសាទរ រួមជាមួយនឹងការបង្ហាញពីភាពជឿជាក់ថា តាមរយៈតុលាការពាណិជ្ជកម្មថ្មីមួយនេះ នឹងជួយលើកកម្ពស់ និងជំរុញការវិនិយោគជាតិ និងអន្តរជាតិបន្ថែមទៀតនៅកម្ពុជា។

លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍បញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជាបានទទួលលិខិតចេញសេចក្ដីសម្រេច រៀបចំគណៈកម្មការក្រុមការងារ នៃការបង្កើតតុលាការពាណិជ្ជកម្ម ដែលជាការឆ្លើយតបទៅនឹងការស្នើសុំ ដែលផ្តួចផ្ដើមដោយសភាពាណិជ្ជកម្មជាច្រើនឆ្នាំកន្លងមកហើយ។

លោកឧកញ៉ាបញ្ជាក់ថា “សភាពាណិជ្ជកម្មកម្ពុជាបានផ្តួចផ្ដើម ស្នើសុំឱ្យមានតុលា​ការពាណិជ្ជកម្មនេះយូរឆ្នាំមកហើយ ប៉ុន្តែទើបតែកាលពីឆ្នាំកន្លងទៅនេះ មានការជំរុញ និងស្នើឱ្យមានការពន្លឿន រៀបចំបង្កើតឱ្យបានឆាប់ ដើម្បីអាចដោះស្រាយបញ្ហាវិវាទក្នុងការធ្វើពាណិជ្ជកម្ម ដែលតែងកើតមានជាហូរហែរ រហូតមានពេលខ្លះធ្វើឱ្យវិនិយោគិនបរទេសបាត់បង់ទំនុកចិត្ត ក្នុងការធ្វើពាណិជ្ជកម្មជាដៃគូ ជាមួយអ្នកជំនួញក្នុងស្រុកក៏មានដែរ”។

លោកឧកញ៉ាបន្តថា ជាមួយនឹងការរៀបចំបង្កើតតុលាការពាណិជ្ជកម្មនេះ ក្រុមម  ន្ត្រីជំនាញ ដែលស្ថិតនៅក្នុងគណៈកម្មការ ក៏មានការបង្កើតឱ្យមានច្បាប់សម្របសម្រួលផ្លូវការក្រៅប្រព័ន្ធតុលាការផងដែរ ដើម្បីអាចកាត់បន្ថយរឿងវិវាទឡើងតុលាការ ឬអាចកាត់បន្ថយបញ្ហាពីធំមកតូច ពីតូចមកជាដំណោះស្រាយដ៏ល្អ ដែលជាប្រយោជន៍រួម និងជាគោលដៅគឺធ្វើយ៉ាងណា អាចជួយធ្វើឱ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជា មានភាពល្អប្រសើរ លើកទឹកចិត្តផ្តល់ទំនុកចិត្តដល់វិនិយោគិនជាតិ អន្តរជាតិ ដើម្បីជៀសវាងបាត់បង់ផលប្រយោជន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here