ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាបសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរ ដោយបច្ចុប្បន្នការសាងសង់បានដំនើរការយ៉ាងសកម្ម ដែលរំពឹងនឹងសម្រេចបានលទ្ឋផល៦៧ភាគរយនៅដំណាច់ឆ្នាំនេះ។
ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co Ltd(AIAI) លោក Lu Wei ដែលជាក្រុមហ៊ុនកំពុងសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីក្នុងតម្លៃជិត៩០០លានដុល្លារ បានដាក់ផែនការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះឱ្យបាន៦៧ភាគរយ នៅត្រឹមដំណាច់ឆ្នាំ ២០២១ ខណៈការងារសាងសង់នៅការដ្ឋាននាពេលនេះ សម្រេចបានជាង៣០ ភាគរយហើយ បើទោះបីមានការរំខានខ្លះពីការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
លោក Lu Weiបានឱ្យដឹងក្នុងឳកាស ដែលលោកនាយឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានចុះពិនិត្យអំពីវឌ្ឍនភាពព្រលាននេះជាលើកទី២ថា ចាប់ពីគម្រោងបើកការដ្ឋានសាងសង់ពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ មកដល់ពេលនេះការងារសំខាន់ៗសម្រេចបានរួមមាន ការបុកគ្រឹះប្រមាណ១២៦៧ បានបញ្ចប់១០០ភាគរយ ខណៈអគារអ្នកដំណើរជាន់ផ្ទាល់ដី និងជាន់ទី១បានចាក់បេតុង១០០ភាគរយ និងជាន់ទី២ ចាក់បេតុងបាន២៥ភាគរយ។
លោកប្រាប់ថា “យើងបានចាប់ផ្តើមការងារសាងសង់ កន្លែងស្តុកប្រេងយន្តហោះ ហើយនៅថ្ងៃទី១ ខែវិច្ឆិកា យើងចាប់ផ្តើមការងារក្នុងតំបន់ហោះហើរ រហូតមកដល់បច្ចុប្បន្នយើងក៏បានឈូសឆាយដីបាន៨០ភាគរយហើយ”។
លោកក៏បញ្ជាក់ដែរថា ក្រុមការងារសាងសង់ស្ពានអាកាស ក៏ចាប់ផ្តើមធ្វើការកាលពីថ្ងៃពុធផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានធ្វើការតភ្ជាប់ផ្លូវពីព្រលានទៅកាន់ផ្លូវជាតិលេខ៦ និងបច្ចុប្បន្នពីផ្លូវលេខ៦៤ ទៅផ្លូវចំណតអ្នកធ្វើដំណើរ។ ក្រុមហ៊ុនក៏សាងសង់ផ្លូវ៨ គីឡូម៉ែត្ររួចរាល់ហើយដែរ ដោយគ្រោងនឹងចាក់បេតុង។ ចំណែកនៅសល់ផ្លូវ ១៦,៥ គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៦៤ ទៅផ្លូវជាតិលេខ៦ កំពុងតែធ្វើការងារដែលពាក់ព័ន្ធនានា និងសាងសង់របង។
បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាជាមួយ EDC ដែលគ្រោងនឹងចុះ MoU ផ្គត់ផ្គង់អគ្គិសនីជាផ្លូវការនៅឆ្នាំក្រោយចំនួន២៣០KW សម្រាប់ការដ្ឋានសាងសង់ ហើយក៏បានរៀបចំកសាងអនុស្ថានីយថ្មី១ទៀត។ យើងក៏មានគម្រោងចុះ MoU ដើម្បីត្រៀមតទឹកស្អាតពីទីរួមខេត្តផងដែរ។
លោក Wei បាននិយាយថា តាមគម្រោងយើង គឺនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២១ ការងារសាងសង់ទាំងអស់នឹងបញ្ចប់បាន ៦៧ ភាគរយ។ នៅក្នុងនោះគម្រោងអគារអ្នកដំណើរនឹងបញ្ចប់ ៧៧ ភាគរយ តំបន់ហោះហើរបញ្ចប់ ៤៥ ភាគរយ និងការងារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនឹងបញ្ចប់៥០ភាគរយ។
លោកម៉ៅ ហាវណ្ណាល់បានថ្លែងថា យើងសូមកោតសរសើរដល់ក្រុមហ៊ុន និងសហការីដែលបានខិតខំប្រឹងប្រែង អនុវត្តន៍ការងាររបស់គាត់ ព្រោះបើគ្មានការខិតខំក៏យើងមិនអាចទទួលបានលទ្ធផលដូចថ្ងៃនេះដែរ។
លោកបន្ថែមទៀតថា “តាមរយៈការរាយការណ៍ ខ្ញុំអាចវាយតម្លៃជារួមថា យើងសម្រេចបានជាង៣០ភាគរយនៃគម្រោងរួមមូលហើយ។ អ៊ីចឹងការសន្និដ្ឋានរបស់ខ្ញុំគឺស្របនឹងការលើកឡើងរបស់លោក Lu Wei ថានៅដំណាច់ឆ្នាំ ២០២១ នឹងសម្រេចការសាងសង់បាន ៦៧ ភាគរយ”។
លោកបន្ថែមថា៖ «ដូច្នេះខ្ញុំសង្ឃឹមថា ឆ្នាំ ២០២១ គម្រោងនឹងបញ្ចប់ ៦៧ ភាគរយ ហើយឆ្នាំ ២០២២ យើងនៅសល់ការងារមិនជាធំដុំនោះទេ អ៊ីចឹងបានន័យថា យើងនៅសល់ ៣៣ ភាគរយទៀតឆ្នាំ ២០២២ យើងនឹងបញ្ចប់គម្រោងទាំងស្រុងសម្រាប់អាកាសយានដ្ឋានសៀមរាបថ្មីយើង»។
ព្រលានយន្តហោះថ្មី ដែលគ្រោងចំណាយប្រាក់ប្រមាណ៨៨០លានដុល្លារនេះ ត្រូវបានសាងសង់លើផ្ទៃដី៧៥០ហិកតា នៅស្រុកសូទ្រនិគម នៅជាយក្រុងសៀមរាប។ គម្រោងនេះនឹងត្រូវសាងសង់៣ដំណាក់កាល។
ក្រុមហ៊ុននឹងវិនិយោគជាង៥០០លានដុល្លារ សម្រាប់ដំណាក់កាលទី១ និងទី២ ដែលនឹងអាចឱ្យយន្តហោះដឹកអ្នកដំណើរទំហំមធ្យម និងចម្ងាយឆ្ងាយដូចជាយន្តហោះ Boeing 737 និងយន្តហោះ Airbus A320 ចុះចតបាន។ ទឹកប្រាក់៣០០លានដុល្លារផ្សេងទៀតនឹងត្រូវបម្រុងទុកសម្រាប់ដំណាក់កាលទី៣៕