កម្ពុជា និងប្រទេសចំនួន ១៥ នៅក្នុងតំបន់អាស៊ី – ប៉ាស៊ីហ្វិក ជំរុញឱ្យឥណ្ឌាចូលតុចរចាពាណិជ្ជកម្មសេរីឡើងវិញ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កម្ពុជា និងប្រទេសចំនួន ១៥ ផ្សេងទៀតនៅក្នុងតំបន់អាស៊ី – ប៉ាស៊ីហ្វិកដែលបាននឹង
កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីម្សិលមិញនេះ បានទទូចឱ្យប្រទេសឥណ្ឌាត្រឡប់ចូលតុចរចាវិញ ខណៈ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ផ្អែកតាមផែនការ នឹងត្រូវចុះតហត្ថលេខានៅចុងឆ្នាំនេះ។

តាមការចុះផ្សាយរសារព័ត៌មាន kyodo ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថា ប្រទេសឥណ្ឌា បានដកខ្លួនចេញពីការចរចាពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ី – ប៉ាស៊ីហ្វិកជាច្រើនលើកច្រើនសារ ដោយបានបង្ហាញការព្រួយបារម្ភថា ការបើកទីផ្សាររបស់ខ្លួននឹងបង្កើនឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន។

សារព័ត៌មាន Kyodo ចុះផ្សាយថា “ ប្រទេសឥណ្ឌាបានលើកពេលអត់ចូលរួមរាល់ការចរចាសម្រាប់ក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នៅឆ្នាំនេះ (Regional Comprehensive Economic Partnership framework ) ។

រដ្ឋមន្រ្តីមកពីសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម និង ជប៉ុន អូស្រ្តាលី ចិន នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង បានចូលរួមនៅក្នុងកិច្ចចរចាសម្រាប់ក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)មិនដែលខកខាន ។

ក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានបង្ហាញពីគោលបំណងបង្កើតច្បាប់រួមមួយសម្រាប់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា។ ក្របខណ្ឌនេះនឹងគ្របដណ្តប់លើមួយភាគបី នៃសេដ្ឋកិច្ចពិភពលោក និងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកប្រសិនបើប្រទេសឥណ្ឌាត្រូវបានបញ្ចូល៕

អចលនវត្ថុ ២ ប្រភេទដែលប្រជាជនកម្ពុជានិយមចំណាយលុយវិនិយោគ ងាយស្រួលសម្រួលចរន្តសាច់ប្រាក់

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ ប្រជាជនកម្ពុជានៅបច្ចុប្បន្ននេះមានចំណេះដឹងកាន់តែទូលាយនៅក្នុងការចំណាយលុយវិនិយោគ ជាពិសេសវិស័យវិស័យអចលនទ្រព្យ ដែលពលរដ្ឋកម្ពុជា ហ៊ានចំណាយលុយវិនិយោគ ជាមួយភាពជឿជាក់ថាអាចទទួលបានផលចំណេញត្រឡប់មកវិញច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា ក្នុងនាមជាអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ លោកសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើននិយមចំណាយលុយវិនិយោគទៅលើវិស័យលំនៅដ្ឋាន និងវិស័យដីធ្លី។

លោកបន្តថា “វាអាស្រ័យទៅលើស្ថានភាពរបស់អ្នកវិនិយោគដែរ ទីមួយប្រសិនបើជាអ្នកមានធនធានច្រើន នោះពួកគាត់ចូលចិត្តវិនិយោគទៅលើធីធ្លី អញ្ចឹងហើយគាត់គិតថាអាចទទួលបានប្រាក់ចំណេញច្រើន។
ទី២ ប្រសិនបើអ្នកនោះប្រើប្រាស់ប្រាក់មកពីប្រភពផ្សេងដូចជា កម្ចីពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុណាមួយ នោះពួកគាត់ច្រើនតែវិនិយោគជាផ្នែកខ្លះទៅលើផ្ទះ និងផ្នែកខ្លះទៀតទៅលើដីធ្លី”។

ប្រធានសមាគមរូបនេះរៀបរាប់ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យផ្ទះ និងដីធ្លីក្លាយជាមុខព្រួញ និងជាគោលដៅមានតម្រូវការច្រើន ដោយសារតែផ្ទះអាចរកបានប្រាក់ចំណូលពីការជួលប្រចាំខែ ដែលវាធ្វើឱ្យចរន្តលំហូរសាច់ប្រាក់មិនមានបញ្ហា។ រីឯការទិញដី វាមានផលលំបាកដែលពិបាកនឹងដាក់ជួល ប៉ុន្តែអាចទុករង់ចាំពេលវេលាណាមួយលក់យកចំណេញ លើកលែងតែចំនុចមួយគឺដីគ្មានចរន្តលំហូរសាច់ប្រាក់បង្វិលឡើយ។

ទន្ទឹមនេះ លោក ច្រឹក សុខ នីម បានណែនាំដល់អ្នកទិញអចលនទ្រព្យទាំងឡាយដែលមិនមានធនធានគ្រប់គ្រាន់ គួរណាកុំវិនិយោគលើវិស័យដីធ្លី យល់ល្អគប្បីវិនិយោគលើវិស័យលំនៅដ្ឋានវិញ។ ចំណែកឯអ្នកមានជីវភាពមធ្យម ឬមានប្រភពចំណូលគ្រប់គ្រាន់ អាចចំណាយថវិកាខ្លះវិនិយោគលើវិស័យលំនៅដ្ឋាន និងមួយផ្នែកទៀតវិនិយោគលើវិស័យដីធ្លីទើបជាការល្អប្រសើរ៕

បណ្តាញសំខាន់ៗចំនួន៩ខ្សែ ត្រូវបានប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្ន

ដោយ ៖ រ៉ាណេត

កណ្តាល ៖ ក្រសួងសាធារណៈ និងដឹកជញ្ជូន តាមរយៈរដ្ឋបាលខេត្តកណ្តាលបានប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅតាមបណ្តាញផ្លូវជាតិសំខាន់ៗចំនួន៩ខ្សែ ជាពិសេសប្រភេទរថយន្ដធុនធ្ងន់ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងធ្វើឱ្យផ្លូវរងនូវការខូចតាត។

ក្រោមស្ថានភាពគំរាមកំហែងពីគ្រោះជំនន់ទឹកភ្លៀងដែលកំពុងបន្តជន់លិចស្ទើទូទាំងខេត្ត ជាពិសេសនៅតាមតំបន់សំខាន់ៗមួយចំនួន នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ មន្ទីរសាធារណការខេត្តកណ្ដាលបានសម្រេចផ្អាកការធ្វើចរាចរណ៍ រថយន្តធុនធំនៅតាមផ្លូវជាតិសំខាន់ៗចំនួន៩ខ្សែ។

នៅក្នុងសេចក្ដីជូនដណឹងរបស់មន្ទីរសាធារណការខេត្តកណ្ដាលបានបញ្ជាក់ថា៖ សេចក្តី ជូន ដំណឹង ស្តីពី ការ បិទ ចរាចរណ៍ រថយន្ត ដឹក ទំនិញ ធុន ធំ គ្រប់ ប្រភេទ នៅ លេី កំណាត់ ផ្លូវ ជាតិ លេខ ២ ,៣,៤,៥ ផ្លូវ ជាតិ លេខ ២០,២០អា,២១,២១អា និង ផ្លូវ ជាតិ លេខ ២១បេ ស្ថិតក្នុង ភូមិ សាស្ត្រ ខេត្ត កណ្តាល ជា បណ្ដោះ អាសន្ន។
ការអនុវត្តនៃការបិទចរាចរណ៍នៅតាមបណ្តាញផ្លូវជាតិសំខាន់ៗនៅជុំវិញ ដែលមានព្រំប្រទល់ជាប់នឹងរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកំពត ក៏ដូចជានៅក្នុងខេត្តកណ្តាល មានប្រសិទ្ធភាពចាប់ពីពេលចេញសេចក្ដីប្រកាសនេះតទៅ រហូតដល់ពេលមានការជូនដំណឹងសាជាថ្មីស្ដីពីការបើកឱ្យចរាចរណ៍ឡោះងវិញ ។

សេចក្ដីលម្អិតមានបង្ហាញនៅក្នុងសេចក្ដីជូនដំណឹងដូចខាងក្រោម៖

IMF ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនដល់ទៅ ៦,៨ភាគរយនៅឆ្នាំក្រោយ

ដោយ ៖ ប៊ី
ភ្នំពេញ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦,៨ ភាគរយ ដែលនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៣ នៅតំបន់អាស៊ាននាឆ្នាំក្រោយ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុតនៅក្នុងតំបន់នៅឆ្នាំ២០២៥ ។

យោងតាមការសិក្សារបស់ IMF ដែលត្រូវបានចេញផ្សាយក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ២,៨ ភាគរយនៅឆ្នាំនេះ ខណៈការព្យាករណ៍ធ្លាក់ចុះចំនួន ១,៥ ភាគរយសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

អំឡុងពេលជំងឺរាតត្បាកូវីដ១៩ ការធ្លាក់ចុះ ៨,៣ ភាគរយត្រូវបានព្យាករណ៍សម្រាប់ហ្វីលីពីន ៧,១ ភាគរយសម្រាប់ប្រទេសថៃនិង ៦,០ ភាគរយសម្រាប់ទាំងម៉ាឡេស៊ី និងសិង្ហបុរី។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចក្នុងអាស៊ានលឿនបំផុតនៅឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុបកើនឡើង ២,០ ភាគរយ បន្ទាប់មកគឺប្រទេសវៀតណាមមានកំណើន ១,៦ ភាគរយ។

ប្រទេសឡាវត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹមតែ ០,២ ភាគរយ និងព្រុយណេត្រឹមតែ ០,១ ភាគរយប៉ុណ្ណោះ។
ដោយឡែក នៅឆ្នាំ២០២១ ប្រទេសម៉ាឡេស៊ីត្រូវបានគេមើលឃើញថាមានការងើបឡើងវិញយ៉ាងខ្លាំង (៧,៨ ភាគរយ) បន្ទាប់មកទៀតគឺប្រទេសហ្វីលីពីន (៧,៤ ភាគរយ) ប្រទេសកម្ពុជា (៦,៨ ភាគរយ) និងប្រទេសវៀតណាម (៦,៧ ភាគរយ) ។

ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានផ្សេងទៀតកំណើនសេដ្ឋកិច្ចយឺតត្រូវបានព្យាករណ៍សម្រាប់ឥណ្ឌូណេស៊ី (៦,១ ភាគរយ) មីយ៉ាន់ម៉ា ៥,៧ ភាគរយសិង្ហបុរី ៥,០ ភាគរយឡាវ ៤,៨ ភាគរយថៃ ៤,០ ភាគរយ និងព្រុយណេ (៣,២ ភាគរយ) ។

ការព្យាករណ៍រយៈពេលមធ្យមរបស់ IMF សម្រាប់ឆ្នាំ ២០២៥ បង្ហាញថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងការព្យាករណ៍កំណើន ៦,៩ ភាគរយ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។

កំណើនសេដ្ឋកិច្ចទាបត្រូវបានព្យាករណ៍សម្រាប់ប្រទេសវៀតណាម (៦,៦ ភាគរយ) មីយ៉ាន់ម៉ា និងហ្វីលីពីន (៦,៥ ភាគរយ) ឡាវ (៦,១ ភាគរយ) ឥណ្ឌូណេស៊ី (៥,១ ភាគរយ) ម៉ាឡេស៊ី (៥ ភាគរយ) ថៃ (៣,៧ ភាគរយ) សិង្ហបុរី (២,៥ ភាគរយ) និងព្រុយណេ (១,៨ ភាគរយ)៕

ការសិក្សា៖ វិស័យអចលនទ្រព្យនៅកម្ពុជាចាប់ផ្តើមងាកទៅរកភាពប្រក្រតីឡើងវិញ

ដោយ ៖ ប៊ី

ភ្នំពេញៈ ឆ្នាំ២០២០ គឺជាឆ្នាំមួយដែលមានបញ្ហាកើតឡើងមិនធ្លាប់មានពីមុនមកដោយសារជំងឺកូវីដ១៩ ហើយផលប៉ះពាល់របស់វាលើទីផ្សារអចលនទ្រព្យនៅកម្ពុជាគឺមានភាពខុសគ្នា។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ការកែតម្រូវអត្រាជួល និងកម្រិតនៃការជួលមានភាពយឺតជាងការរំពឹងទុក។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយប្រចាំកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍ជាច្រើន ព្រមទាំងប្រតិបត្តិការជួល និងលក់ បានកើនឡើងនៅត្រីមាសទី៣ បើប្រៀបធៀបនឹងត្រីមាស២ ឆ្នាំ២០២០នេះ ប៉ុន្តែបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ គឺមានធ្លាក់ចុះ។ ដូច្នេះក៏ដោយ ក៏វានៅតែបានបង្ហាញថា សកម្មភាពក្នុងវិស័យអចលនទ្រព្យ ចាប់ផ្តើមត្រឡប់មករកសភាពដើមជាបណ្តើរៗហើយ។

វិស័យលំនៅដ្ឋាន ៖ គម្រោងដីបុរីថ្មីចំនួន៤ ត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជននៅខណ្ឌចំនួន៤ ដូចជាខណ្ឌមានជ័យ ច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារក្នុងរយៈពេល ៦ ខែគិតចាប់ពីត្រីមាសទី២ ឆ្នាំ ២០២០ ដល់ត្រីមាសទី៣ ឆ្នាំ ២០២០ ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍បានបន្តថា “អ្វីដែលគួរអោយកត់សំគាល់ជាងនេះគឺថា ក្នុងរយៈពេលដូចគ្នា ទោះបីមានភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តកើតមាន ក៏គម្រោងចំនួន១២ ត្រូវបានដាក់ដំណើរការនៅទូទាំង៧ ខណ្ឌស្មើនឹងប្រមាណ៤០០០យូនីត ដែលបង្ហាញពីការបន្តមានទំនុកចិត្តរឹងមាំលើវិស័យនេះ” ។

ខណ្ឌសែនសុខ បន្តទទួលបានគម្រោងថ្មីៗច្រើនជាង ដោយគម្រោងចំនួន៤ចាប់ ផ្តើមដាក់ដំណើរការសាងសង់ ខណៈដែលជ្រោយចង្វារ និងមានជ័យទាំងពីរ បានឃើញការបន្ថែមគម្រោងថ្មីចំនួន២រៀងខ្លួន។ អ្នកអភិវឌ្ឍន៍ដែលមានស្រាប់បានចូលរួមចំណែកដល់គម្រោងភាគច្រើន ទោះយ៉ាងណាអ្នកអភិវឌ្ឍន៍ថ្មីបានចំណែក២៥ភាគរយ នៃការបើកដំណើរគម្រោងថ្មី ក្នុងរយៈពេលនេះ ដែលបង្ហាញពីការផ្គត់ផ្គង់យ៉ាងទូលំទូលាយ នាពេលអនាគតនៅក្នុងវិស័យនេះ។

ខុនដូ ៖ ការផ្គត់ផ្គង់ខុនដូសរុបនៅទូទាំងរាជធានីភ្នំពេញ មានការកើនឡើង៣,៩៧%ក្នុងរយៈពេលត្រីមាសទី៣ ខណៈការកើនឡើងនេះ មានការចូលរួមតែមួយពីការបញ្ចប់ដំណាក់កាលទី១របស់គម្រោង Urban Village ហើយបានបង្កើនការផ្គត់ផ្គង់ខុនដូតម្លៃសមរម្យ ១៥.៦៧%។

អំឡុងត្រីមាសទី៣នេះ មិនមានគម្រោងថ្មីណាមួយ ត្រូវបានដាក់ឱ្យដំណើរការទេ ប៉ុន្តែមានគម្រោង៣ បានដាក់ចេញការអភិវឌ្ឍនូវដំណាក់កាលថ្មីៗ ទៅក្នុងទីផ្សារផ្គត់ផ្គង់ ដែលបង្ហាញថា អ្នកអភិវឌ្ឍន៍ដែលស្គាល់ពីទីផ្សារក្រុងភ្នំពេញ នៅតែមានសុទិដ្ឋិនិយមចំពោះវិស័យនេះ។
របាយការណ៍បានឱ្យដឹងថា គេរំពឹងថានៅត្រីមាសទី៤ឆ្នាំនេះ នឹងឃើញការបញ្ចប់គម្រោងចំនួន៤បន្ថែមទៀត ដែលនឹងចូលរួមចំណែកក្នុងទីផ្សារ ប្រមាណ២,៦០០យូនីត ។ ទោះយ៉ាងណា ការពន្យាពេលនៃការសាងសង់ នៅតែបន្តកើតមាននៅក្នុងវិស័យនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន៦ ពន្យាពេលបញ្ចប់គម្រោងទៅឆ្នាំ២០២។

តម្លៃលក់ជាមធ្យមនៅគ្រប់ផ្នែក បានបន្តប្រឈមនឹងសម្ពាធធ្លាក់ចុះ នៅក្នុងត្រីមាសទី។ ខុនដូតម្លៃមធ្យមធ្លាក់ចុះ១,៣៩% ខុនដូតម្លៃសមរម្យធ្លាក់ចុះ១,១៧% និងខុនដូប្រណីតធ្លាក់ចុះ ១,០២% ។
អ្នកអភិវឌ្ឍន៍នៅតែសកម្ម ក្នុងការផ្តល់ការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយពីខុនដូយូនីតនៅក្នុងគម្រោងរបស់ពួកគេ ដើម្បីរក្សាល្បឿនលក់។

ការិយាល័យជួល ៖ អាគារការិយាល័យជួលថ្មីចំនួន៣ ត្រូវបានបញ្ជាប់ការសាងសង់នៅត្រីមាសទី៣ មានដូចជាអគារការិយាល័យ TK Central អគារ The Point និងអគារ Sayon Phnom Penh ដែលនឹងចូលរួមចំណែក ក្នុងទីផ្សារផ្គត់ផ្គង់ការិយាល័យបន្ថែម៣០,០០៧ ម៉ែត្រការ៉េ។
នៅដំណាច់ឆ្នាំនេះ អត្រាការិយាល័យជួលនៅទំនេរ នៅទូទាំងទីផ្សារត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ ២០១១ ។ នៅត្រីមាសទី៣ អត្រានៃការកាន់កាប់មាន ៧៤,៧%។ ទោះយ៉ាងណាជា មួយនឹងការបញ្ចប់គម្រោងជាច្រើននៅត្រីមាសទី៤ ឆ្នាំ២០២០ នឹងធ្វើឱ្យអត្រានៃការកាន់កាប់ការិយាល័យជួលទំនងជានឹងធ្លាក់ចុះថែមទៀត។ គម្រោងការិយាល័យជួលចំនួន៨ ត្រូវបានបញ្ចាប់ការសាងសង់ គិតចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយអត្រាទំនេរគិតជាមធ្យម មានការកើនឡើងខ្ពស់។ ការអភិវឌ្ឍការិយាល័យជួល មួយចំនួននឹងត្រូវបានពន្យារពេល ដោយមានប៉ាន់ស្មានថា មានទំហំ ៥០,០០០ ម៉ែត្រការ៉េត្រូវបានពន្យារពេលទៅដល់ឆមាសទី១ ឆ្នាំ២០២១ ។

ទីផ្សារលក់រាយ ៖ គម្រោងផ្សារទំនើបបែបសហគមន៍ (Community Mall) ចំនួន២ត្រូវបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ដែលបានធ្វើឱ្យទំហំនេះកើនឡើងដល់ ២១,៨០០ ម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីពេលថ្មីនេះបង្ហាញថា គម្រោងផ្សារទំនើបបែបសហគមន៍ (Community Malls) ចំនួន២ រួមមានផ្សារទំនើប The One Mall និង 313 Quayside ដែលផ្សារទាំងពីរនេះបន្ថែមដល់ ២១,៨០០ម៉ែត្រការ៉េ ស្មើនឹង២៦.១ភាគរយ ក្នុងចំណោមកផ្សារទាំងអស់ និងប្រមាណ ៦.០៩ ភាគរយ ទៅនឹងការផ្គត់ផ្គង់ផ្សារទំនើបនៅក្នុងត្រីមាសទី៣នេះ៕

ប្រទេសអៀរឡង់សម្រេចបោះទុន ១៤០ លានផោនរៀបចំកំពង់ផែ និងសាងសង់អគារខ្ពស់ជាងគេនៅក្នុងប្រទេសខ្លួន

ដោយវុត្ថា

អៀរឡង់៖ ក្រុមប្រឹក្សាក្រុង Cork របស់ប្រទេសអៀរឡង់ (Cork City Council) បានចេញសេចក្តីសម្រេចឱ្យមានការអភិវឌ្ឍន៍ក្រុងកំពង់ផែចំណាស់មួយ (Port of Cork) ក្នុងទំហំថវិកាចំនួន ១៤០ ផោន រូមជាមួយនឹងការសាងសង់អគារខ្ពស់ជាងគេនៅក្នុងប្រទេស។

តាមការចុះផ្សាយរបស់ គេហទំព័ត៌មាន www.rte.ie បានឱ្យដឹងថា
អគារដែលនឹងត្រូវសាងសង់នេះ នៅ Custom House Quay នឹងមានកម្ពស់ ១៤០ ម៉ែត្រឬ ៣៤ ជាន់និងមានសណ្ឋាគារលំដាប់ផ្កាយ ៥ និង ២៤១ បន្ទប់។

ក្រុមហ៊ុនអភិវឌ្ឍន៍អគារ Tower Holdings បានសម្តែងការស្វាគមន៍ចំពោះព័ត៌មានចំពោះការអនុញ្ញាតិឱ្យមានការសាងសង់អគារប្រើប្រាស់ចម្រុះនេះ មានទំាងផ្សារទំនើប និងមជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរដោយផ្តោតសំខាន់លើវប្បធម៌ និងបេតិកភណ្ឌសមុទ្រ។

មន្ត្រីរដ្ឋបាលក្រុង Cork បានឱ្យដឹងថា “យើងបានធ្វើការយ៉ាងជិតស្និតជាមួយនឹង ក្រមប្រឹក្សាក្រុង (Cork City Council) ក្នុងការរៀបចំប្លង់ ដើម្បីធានា ថា បានបំពេញនូវរាល់តម្រូវការទាំងអស់ជាពិសេសទាក់ទងនឹងវិធីអភិរក្ស និងសមាហរណកម្មឆ្ពោះទៅរកអគារប្រវត្តិសាស្រ្តដែលមានស្រាប់” ។

មន្ត្រីរូបនោះថ្លែងថា “ឥឡូវនេះ យើងត្រូវពិនិត្យឱ្យបានពេញលេញនូវលក្ខខណ្ឌនៃការធ្វើផែនការ និងចំណុចជាក់លាក់មួយចំនួនដើម្បីបង្កើតប្រសិទ្ធភាពទៅលើគ្រោងការណ៍នេះ”។

ក្រុមប្រឹក្សាក្រុង ក៏បានដាក់ចេញនូវផែនការកែលម្អរអគារ ប្រវត្តិសាស្ត្រ Custom House ដែលនឹងរៀបចំឱ្យមានឃ្លាំងផ្ទុកទំនិញ ហើយនឹងត្រូវបើកជាសាធារណៈជាលើកដំបូងរបស់ខ្លួន។

បច្ចុប្បន្នអគារខ្ពស់ជាងគេរបស់ប្រទេសអៀរឡង់គឺជា អគារ Capital Dock ដែលមានកម្ពស់ ២២ ជាន់នៅទីក្រុង Dublin ។

វិស័យ​សំណង់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រង​ភាព​ក្រឡាប់ចាក់​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ

ដោយ ហ្សូ​លី

ភ្នំពេញៈ យោងតាម​របាយការណ៍​របស់ GlobalData បានអោយដឹងថា ការចាក់​សោរ និង​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​យ៉ាង​តឹងរ៉ឹង ដោយសារតែ​ជំងឺ​រាតត្បាត​រ៉ាំរ៉ៃ បាន​បង្អាក់​ឧស្សាហកម្ម​សំណង់ នៅ​ទូទាំង​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍។

ឧស្សាហកម្ម​សំណង់​ក្នុង​តំបន់​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្លាក់ចុះ៨,៥ភាគរយ​ក្នុង​ឆ្នាំ ២០២០ ។ ទោះបីយ៉ាងណា បើ​ការ​រាលដាល​នៃ​រលក​ឆ្លង​លើក​ទី២ ទិន្នផល​នឹង​កើនឡើង​យ៉ាងខ្លាំង​នៅ​ឆ្នាំ២០២១ ដោយសារ​ឥទ្ធិពល​មូលដ្ឋានទាប និង​សក្តានុពល​ជា​មូលដ្ឋាន​សម្រាប់​កំណើន​ក្នុង​តំបន់។

របាយការណ៍​នេះ​បាន​បង្ហាញថា ដោយសារតែ​ការកើនឡើង នៃ​ចំនួន​ប្រជាជន​វណ្ណៈ​កណ្តាល និង​ការវិនិយោគ ដែល​បាន​ភ្ជាប់​មក​នៅក្នុង​លំនៅដ្ឋាន និង​ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ធ ការវិនិយោគ​ធ្លាក់ចុះ​នេះ ត្រូវបាន​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ត្រីមាស​ទី២ នៅក្នុង​ប្រទេស ដូចជា សិង្ហ​បុរី (៥៩,៣ ភាគរយ) ឥណ្ឌា (៥០,៣ ភាគរយ) ម៉ាឡេស៊ី (៤៤,៥ ភាគរយ) និង​ហ្វីលីពីន (៣៣,៥ ភាគរយ) ។

របាយការណ៍​បានចង្អុលបង្ហាញ​ថា សំណង់​ឧស្សាហកម្ម អាច​ទទួលបាន​ផលប្រយោជន៍​ដោយផ្ទាល់ ក្នុង​រយៈពេល​ពី​មធ្យម​ទៅ​រយៈពេល​វែង ព្រោះ​ប្រទេស​ឧស្សាហកម្ម​កំពុង​ធ្វើ​ពិពិធ​កម្ម ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​ឱ្យ​ឆ្ងាយ​ពី​ប្រទេស​ចិន។  ជា​លទ្ធផល អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ផ្តល់នូវ​ជម្រើស​គួរឱ្យ​ទាក់ទាញ ដោយ​តម្លៃ​ពលកម្ម​ទាប​ក៏ដូចជា​ទីផ្សារ​ដ៏​ធំ​មួយ នៅក្នុង​ទម្រង់​នៃ​ការកើនឡើង​ចំនួន​ប្រជាជន​វណ្ណៈ​កណ្តាល។

លោក Dhananjay Sharma អ្នកវិភាគ​ផ្នែក​សំណង់​នៅ GlobalData មានប្រសាសន៍ថា“ ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​កត្តា​ជំរុញ​កំណើន ដ៏​សំខាន់​មួយ​នៅ​ឆ្នាំ២០២១ និង​លើសពីនេះ នៅពេលដែល​រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់ ពិនិត្យមើល​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​និង​បង្កើត​ការងារ” ។

នេះ​នឹង​ត្រូវបាន​ជួយ​ដោយ​ការវិនិយោគ​របស់​ចិន នៅក្នុង​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​ផ្តួចផ្តើម (BRI)នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ដែល​នឹង​គាំទ្រ​ដល់​កំណើន​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស ក៏ដូចជា សមាជិក​អាស៊ាន​រួមមាន​ប្រទេស​មី​យ៉ាន់​ម៉ា វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ។ ការបង្កើន​ការវិនិយោគ​ក្នុង​គម្រោង​ថាមពល​កកើត​ឡើងវិញ និង​ហេដ្ឋារចនាសម្ព័ន្ធ​5G ក៏​នឹង​ជួយ​គាំទ្រ​ដល់​កំណើន​ក្នុង​រយៈពេល​មធ្យម​និង​រយៈពេល​វែង​ផងដែរ។

ខណៈដែល​ទីផ្សារ​លំនៅដ្ឋាន​ខ្សោយ នៅក្នុង​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ សូម្បីតែ​មុនពេល​ការផ្ទុះ​ឡើង នៃ​ការ​រាតត្បាត និង​ការ​ចាក់សោរ​ក្រុង​ជា​បន្តបន្ទាប់ បានធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់ទៅ។ វិស័យនេះ​នឹង​បន្ត​ការតស៊ូ នៅពេល​សកម្មភាព​សេដ្ឋកិច្ច​ចុះខ្សោយ​ការថយចុះ​ប្រាក់ និង​ការគ្មានការងារធ្វើ​កើនឡើង។  សារាចរ​ដែល​មិនបាន​បង្ហាញ​នឹងដាក់​សម្ពាធ​បន្ថែមទៀត នៅពេលដែល​អ្នក​អភិវឌ្ឍន៍ នឹង​បញ្ឈប់​ឬ​លុបចោល​គម្រោង​នានា​ក្នុង​រយៈពេល​ខ្លី។

លើសពីនេះ​ទៀត​វិស័យ​ពាណិជ្ជកម្ម ក៏ត្រូវ​បាន​គេ​រំពឹងថា នឹងរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការផ្ទុះ​ឡើង​នៃ​វីរុស ដោយ​ការវិនិយោគ​នៅក្នុង​ទីផ្សារ​ពាណិជ្ជកម្ម ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​លុបចោល ឬ​រុញច្រាន​ថយក្រោយ ដែល​ឆ្លុះបញ្ចាំង​ពី​ការដួលរលំ​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍។

វិស័យ​ឧស្សាហកម្ម​ត្រូវបាន​រំពឹងថា នឹងរង​ផលប៉ះពាល់​ក្នុង​រយៈពេល​ខ្លី ដែល​រង​ផលប៉ះពាល់ ដោយ​ការបិទទ្វារ​ជា​បណ្តោះអាសន្ន នៃ​ផ្នែក​ផលិតកម្ម​របស់​ក្រុមហ៊ុនផ្សេងៗនៅ​ទូទាំង​តំបន់។ នេះ​នឹង​ប៉ះពាល់​ដល់​ការវិនិយោគ ព្រោះថា​ក្រុមហ៊ុន​អាច​កាត់បន្ថយ​ផែនការ​ពង្រីក​របស់ខ្លួន។

ទោះយ៉ាងណា ក្នុង​រយៈពេល​វែង​ផ្នែក​សំណង់​ឧស្សាហកម្ម ទំនងជា​នឹង​ទទួលបាន​អត្ថប្រយោជន៍ ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ក៏ដូចជា ការផ្លាស់ប្តូរ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន បន្ទាប់ពី​មានការ​រអាក់រអួល​កាលពីដើមឆ្នាំ២០២០ ៕

តើ​កត្តា​អ្វីខ្លះ​កំពុង​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ខុន​ដូ​កាន់តែច្រើន

ដោយ​គង់ សូរិយា

ភ្នំពេញៈ មាន​កត្តាសំខាន់ៗជាច្រើន​បាននិងកំពុង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បែបផែន​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ពួកគេ​កាន់តែច្រើន​បានសម្រេច​ចិត្ត​វិនិយោគ​លើ​ខុន​ដូ និង​ទិញ​សំរាប់​ការរស់នៅ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solution បាន​រកឃើញថា ទីក្រុង​ភ្នំពេញ​នឹងមាន​ប្រជាពលរដ្ឋ រស់នៅ​ប្រមាណ៥លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ ដែល​កំនើន​ប្រជាសាស្ត្រ​នេះ​បាន និង​កំពុង​ជះ​ឥ​ទ្ឋិ​ពល​ដល់​ការផ្លាស់ប្តូរ​បែបផែន​ជីវិត ការផ្លាស់ប្តូរ​ផ្នែក​នគររូបនីយកម្ម​ទីក្រុង។ ការសិក្សា​នេះ​បាន​រកឃើញ​កត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ កំនើន​តម្លៃ​អចលនទ្រព្យ​ពិសេស​លំនៅដ្ឋាន នឹងធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​តាម​ខុន​ដូ ទី២ ការកកស្ទះ​ចរាចរណ៍​នឹង​កើនឡើង​កាន់តែខ្លាំង ហេតុនេះ ប្រជាពលរដ្ឋ​នឹង​ស្វែងរក​កន្លែង​រស់នៅ​ជិត​កន្លែងធ្វើការ​របស់​ពូកគេ។

ទី៣ ការផ្លាស់ប្តូរ​គុណភាព​ជីវិត មានន័យថា​គុណភាព​ជីវិត​កាន់តែ​ប្រសើរឡើង ដោយសារ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា ដោយ​ពួកគេ​អាច​កុំម៉ង់​អាហារ​ញុំ​ា​បាន​តាម​ការចង់បាន និង​មាន​សេវាកម្ម​ដឹក​ដល់ផ្ទះ​របស់​ពួកគេ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល និង​ជា​អគ្គនាយក​នៃ Propertyarea.asiaដែល​បាន​តាមដាន​កា​វិ​វត្ត នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​យល់ស្រប​នឹង​ការ​សសិ​ក្សា​ខាងលើ ដោយ​លោក​បាន​ថ្លែងថា ពិតណាស់​ការរីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា ការកើនឡើង​នូវ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម ពិតជា​បាននិងកំពុង​ផ្លាស់ប្តូរ​របៀប​នៃ​ការគិត​របស់​ប្រជាពលរដ្ឋ។

លោក​បន្តថា “ការ​ស្នាក់​នៅតាម​ខុន​ដូ បានផ្តល់​ភាពងាយស្រួល​ច្រើន​ដោយសារ​គំរោង​ខ្លះ​បានផ្តល់​សេវាកម្ម ជា​កញ្ចប់​នៅក្នុង​គម្រោង​របស់​ពួកគេ ដូចជា មាន​អា​ហែង​ទឹក មាន Sky Bar មាន​Mini Mart សេវាកម្ម​ហាត់ប្រាណ និង​កន្លែង​កំសាន្ត​នៅលើ​ដំបូល​ដទៃទៀត” ។

លោក​យិន លាង​គង់​បាន​បន្តទៀតថា បទពិសោធន៍​បែបនេះ បាន​ធ្លាប់​កើត​មាននៅ​ប្រទេស​ថៃ ម៉ាឡេស៊ី វៀតណាម​ជាដើម ដែល​ប្រជាពលរដ្ឋ​ដំបូង​ឡើយ​ពួកគេ​មិន​ចង់​រស់នៅ​តាម​ខុន​ដូ​នោះទេ ប៉ុន្តែ​ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម បាន​ផ្លាស់ប្តូរ​ប្រ​ព័​ន្ឋ​នៃ​ការគិត​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រជាជន​ខ្មែរ​បាននិងកំពុង​ទទួល​ឥ​ទ្ឋិ​ពល​នេះ៕

គម្រោង​តំបន់​ទេសចរណ៍ “កំពត​ឋានសួគ៌” តម្លៃ​ច្រើន​លាន​ដុល្លារ គ្រោង​បើកសម្ពោធ​នៅ​ដើមឆ្នាំ២០២១

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ​ គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត និង​លំហែរ​កម្រិត​ខ្ពស់​ប្រចាំខេត្ត “កំពត​ឋានសួគ៌” ដែល​ចំណាយ​ដើមទុន ក្នុង​វិនិយោគ​ជាច្រើន​លាន់​ដុល្លារ គ្រោង​នឹង​ចាប់​បើក​ដំណើរ​ជា​ផ្លូវការ​នៅត្រឹម​ថ្ងៃទី១ខែមករា ឆ្នាំ២០២ឆាប់ៗខាងមុខនេះ ដើម្បី​បម្រើ​សេចក្ដីត្រូវការ​របស់​ទេស​ចរ​ជាតិ និង​អន្តរជាតិ។

លោក​ឧកញ៉ា​នួន អក​ម្ចាស់​គំរោង​អភិ​វ​ឌ្ឈ​ន៍​គំរោង​នេះ​បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា កំពត​ជា​ខេត្ត​មួយ​ដែលមាន​សក្ដានុពល និង​អំណោយផល​ពី​ធម្មជាតិ ដែល​ក្រៅពី​ទីតាំង​ភូមិសាស្ត្រ​ល្អជា​តំបន់​សមុទ្រ និង​មាន​ដៃសមុទ្រ​កាត់​ខ្វាត់ខ្វែង នៅ​កៀក​ភ្នំពេញ ដែលមាន​ភាពងាយស្រួល និង​ចំណាយពេល​តិច​ក្នុងការ​ធ្វើដំណើរ ហើយ​តម្លៃ​ដី​នៅ​ទាប​នៅឡើយ បើ​ប្រៀបធៀប​ទៅនឹង​ខេត្ត​ព្រះសីហនុ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​អភិវឌ្ឍន៍ និង​មានឱកាស​ទទួលបាន​ចំណេញ​ច្រើន​ពី​ការវិនិយោគ។

លោក​ឧកញ៉ា​បាន​បន្តថា “តាមរយៈ​ភាពល្អប្រសើរ​នៃ​កត្តា​ភូមិសាស្ត្រ ជាពិសេស​ភាពអំណោយ​ផល​ពី​ធម្មជាតិ ទៅលើ​វិស័យ​ទេសចរណ៍ ខ្ញុំ​ជឿជាក់ថា នៅ​ថ្ងៃ​អនាគត​ខាងមុខ​ដ៏​ខ្លី​នេះ ខេត្តកំពត​នឹង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​ជាក់​ជាមិនខាន ខណៈដែល​បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​ចំណាយ​ដើមទុន​ជាច្រើន​លាន​ដុល្លារ​លើ​ការវិនិយោគ និង​កែច្នៃ​ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន​ទីតាំង” ។

លោក​ឧកញ៉ា​នួន អក បាន​មានប្រសាសន៍ប្រាប់​ឱ្យ​ថា នៅក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍ និង​កែច្នៃ​បង្កើតជា​តំបន់​កម្សាន្ត​លំហែរ​កាយ​បែប​ធម្មជាតិ នៅ​តំបន់​ដែលមាន​ជួរ​ព្រៃភ្នំ ដងស្ទឹង ក៏ដូចជា​ដៃសមុទ្រ​ជាច្រើន​គម្រោង​នោះ លោក​ក៏បាន​បោះ​ដើមទុន​ជាច្រើន​លាន​ដុល្លារ ក្នុងការ​វិនិយោគ​បង្កើត​តំបន់​កម្សាន្ត និង​លំហែរ​នៅក្នុង​ខេត្តកំពត​ផងដែរ ដោយមាន​ឈ្មោះថា កំពត​ឋានសួគ៌ ស្ថិតនៅ​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក​ឧកញ៉ា​បញ្ជាក់ថា “គម្រោង​មួយ​នេះ​គឺមាន​ទំហំធំធេង និង​ត្រូវបាន​បែង​ចែកជា​តំបន់​កម្សាន្តផ្សេងៗគ្នា​ជាច្រើន មិនតិចជាង៥នោះទេ ដូចជា តំបន់​កម្សាន្ត​សួនផ្កា​ឈូករ័ត្ន តំបន់​កម្សាន្ត និង​លំហែរ​ព្រៃកោងកាង ភោជនីយដ្ឋាន តំបន់​ផ្ទះ​លំហែរ និង​សណ្ឋាគារ ដែល​នៅ​ថ្ងៃ​អនាគត អាច​សាងសង់​រហូតដល់​ប្រមាណ១០០០បន្ទប់” ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ជា​គោលដៅ​នៃ​ភាពជោគជ័យ​របស់​គម្រោង​គឺ​ការប្រមូលផ្តុំ​នូវ​មនុស្ស ឱ្យទៅ​រស់នៅក្នុង​តំបន់​ដ៏​ស្រស់ស្អាត​មួយ​នេះ បាន​កាន់តែច្រើន រួមជាមួយ​នឹង​ការ​បង្កើតជា​ទីប្រជុំជន ដែល​ក្រៅពី​ជា​តំបន់​កម្សាន្ត ថែមទាំង​អាច​អនុញ្ញាតឱ្យ​បងប្អូន​ប្រជាជនមាន​ការងារ​ធ្វើ កាត់បន្ថយ​ការ​ចំនាកស្រុក ហើយ​អាច​ផ្តល់ប្រាក់​ចំណូល​ចូល​គ្រួសារ យ៉ាងហោចណាស់១០០០ដុល្លារ​ក្នុង​មួយខែ ក៏ដូចជា​អាច​ផ្តល់​ចំណូល​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ” ។

នៅទីនេះ​ត្រូវបាន​ហ៊ុំព័ទ្ធ ទៅដោយ​ខ្សែទឹក​សមុទ្រ​ទាំង​រដូវប្រាំង ទាំង​រដូវវស្សា មាន​ហ្វូង​សត្វ​ស្លាប​ទឹក ជាពិសេស​មាន​ដើម​រុក្ខជាតិ ព្រៃកោងកាង​នៅ​ជុំ​យ៉ាង​ស្រស់ស្អាត ដែល​នៅពេល​អនាគត កំពត​ឋាន អាច​នឹង​កា្ល​យ​ជា​តំបន់​ទេសចរណ៍​ឈានមុខ​គេ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់ ក៏ដូចជា​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ប្រមាណ១០០០នាក់ ខណៈដែល​គម្រោង​ដ៏​អស្ចារ្យ​ប្រចាំ​ខេត្តកំពត​មួយ​នេះ នឹង​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅត្រឹម​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕

ស្វែងយល់​ពី​តួនាទីសំខាន់ៗចំនួន៣របស់​ធនាគារជាតិ​នៃ​កម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជា ចាន់តូ ​បាន​ថ្លែងថា ធនាគារជាតិ គឺជា​ធនាគារកណ្តាលរ​បស់​កម្ពុជា ដែលមាន​តួនាទី​ចម្បង​បី ដើម្បី​ជួយ​ជំរុញ​កំនើន​សេដ្ឋកិច្ចកម្ពុជា។

លោក​បាន​លើកឡើងថា តួនាទី​ចម្បង​ទី១របស់​យើង​គឺ​ស្ថេរភាព​ថ្លៃ និង​ផ្តល់​ប្រព័ន្ធ​ធនាគារ​មួយ​ដែលមាន​ប្រសិទ្ធភាព ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ចកម្ពុជា។ យើង​បោះផ្សាយ​ប្រាក់រៀល​ជា​រូបិយវត្ថុ ដែល​ប្រើប្រាស់​រាល់ថ្ងៃ។ ដោយ​គ្រប់គ្រង​ប្រាក់រៀល ផ្អែកលើ​តម្រូវការ​សេដ្ឋកិច្ច យើង​រក្សាបាន​នូវ​តម្លៃ​ប្រាក់រៀល និង​ការងារ​អំណាច​ទិញ​នៃ​ចំណូល​របស់​ប្រជាពលរដ្ឋ។

ប្រព័ន្ធ​រូបិយវត្ថុ​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ហើយ​ការគ្រប់គ្រង​ប្រាក់​បានល្អ និង​មាន​ថេរភាព​គឺជា​មូលដ្ឋាន​ពិ​ប្រាកដ ក្នុងការ​ធានាបាន​នូវ​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន និង​ការអភិវឌ្ឍ​របស់​ប្រទេស។

តួនាទី​ចម្បង​ទី២ របស់​យើង​គឺ​រក្សា​ថេរភាព​ប្រព័ន្ធ​ធនាគារ តាមរយៈ​ការត្រួតពិនិត្យ និង​ការធ្វើ​និយ័តកម្ម​យ៉ាង​តឹងរ៉ឹង​លើ​ប្រព័ន្ធ​ធនាគារ។ យើង​បានធ្វើឱ្យ​ធនាគារ​ទាំងឡាយ​មាន​សុវត្ថិភាព និង​ទទួលបាន​នូវ​ការជឿទុកចិត្ត​ពី​សាធារណៈជន។

ធនាគារ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​កែន​ប្រមូលប្រាក់​ទៅឱ្យ​អ្នក​បោះទុន។ អន្ត​រិ​យ​កម្ម​បែបនេះ ជួយ​ដល់​ការពង្រីក​អាជីវកម្ម និង​សកម្មភាព​សេដ្ឋកិច្ច​នានា។ រាល់ថ្ងៃ​ចំនួន​ប្រជាជន​កម្ពុជា ដែល​ប្រើប្រាស់​សេវាកម្ម​ធនាគារ បាន​កើន​ឡើងជា​លំដាប់ ដែលមាន​រហូតដល់​ការទិញ បណ្តា​ក់នូវ​សម្ភារៈប្រើប្រាស់​នានា និង​ការទិញ​ផ្ទះ​ដោយ​បង់​រំលស់​ទៀតផង។

ខាងលើនេះ​អាច​កើតឡើង​ទៅបាន នៅពេល​សាធារណៈជន​មាន​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ និង​ដាក់​ប្រាក់​សន្សំ​ក្នុង​គណនី​ធនាគារ។

តួនាទី​ចម្បង​ទី៣ របស់​យើង គឺ​ការ​ផ្តល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ដែល​ជួយ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដំណើរការបាន​ដោយ​រលូន និង​ប្រសិទ្ធភាព។ ប្រព័ន្ធ​បច្ចេកវិទ្យា​ទូទាត់​ថ្មី​ប្រកបដោយ​សុវត្ថិភាព និង​ឆាប់រហ័ស​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ។

យើង​ផ្តល់​សេវា​ធនាគារ​កាន់តែ​មាន​ប្រសិទ្ធភាព រក្សាបាន​នូវ​រូបិយវត្ថុ ប្រកបដោយ​ទំនុកចិត្ត​នៅក្នុង​សេដ្ឋកិច្ច ដែល​កំពុង​រីកចម្រើន សម្រាប់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប៕