ទីតាំងសំខាន់ៗចំនួន​បី​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​បិទ​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់ការរីក​រាលដាល​កូ​វីដ១៩

ដោយ​គង់ សូរិយា

ភ្នំពេញៈ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ១៩ រដ្ឋាភិបាល​បានសម្រេច​បិទ​ទីតាំងសំខាន់ៗចំនួន​បី ដែលមាន​ជាប់​ពាក់​ព័​ន្ឋ​ជាមួយ​ភរិយា អគ្គនាយកដ្ឋាន​ព​ន្ឋ​ធនាគារ​នៃ​ក្រសួងមហាផ្ទៃ។

ទីតាំង​ទាំងនោះ​រូ​ម​មាន ផ្សារ​ទំនើប AEON Mall1, សណ្ឋាគារ​ភ្នំពេញ និង​សាលារៀន​អន្តរទ្វីប​អាមេរិកកាំង ស្ថិតនៅលើ​ផ្លូវជាតិ​លេខ២ តំបន់​ចក្រ​អង្រែ​ក្រោម ក្បែរ​សាលាខេត្ត​កណ្តាល។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​តាម​សារស ម្លេ​ង​កាលពី​រាត្រី​ថ្ងៃទី២៨ វិច្ឆិកា​កន្លងមក ដោយបាន​អំពាវនាវ​ឲ្យ​ប្រជាជន​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន ពិសេស​សូម​រក្សាកូនតូចៗរបស់ខ្លួន​នៅផ្ទះ ហើយ​អ្នក​ជាប់​ពាក់​ព័​ន្ឋ​ជាមួយ​អគ្គនាយក​ព​ន្ឋ​ធនាគារ និង​ភរិយា​របស់គាត់​ត្រូវ​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក្តិ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​នេះ​ធ្ងន់ធ្ងរ​ក្នុង​សហគមន៍។

សម្តេច​បាន​បញ្ជាក់ថា “ខ្ញុំ​ចាត់ទុកថា នេះ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ជា​លើកដំបូង ប៉ុន្តែ​យើង​មិនទាន់​ឈានដល់​ការបិទ​សាលារៀន អាជីវកម្ម​នានា​នោះទេ ប៉ុន្តែ​ស្ថាប័ន​ទាំងនោះ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល” ៕

ព្រឹក​នេះ​សម្តេច​តេ​ជោ​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ និង​ស្តារ-កែលម្អ​ដងស្ទឹង​សៀមរាប

ដោយ ហ្សូ​លី

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកា​ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ និង​ស្តារ-កែលម្អ​ដងស្ទឹង​សៀមរាប នៅ​ក្រុង​សៀមរាប ទោះ​កម្ពុជា​កំពុង​ប្រឈម​ការឆ្លង​វិបត្តិ​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍។

បើតាម​ឲ្យ​ដឹង​ពី​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​អន្តរក្រសួង​សាងសង់​ផ្លូវ​នេះ បាន​មានប្រសាសន៍ថា ផ្លូវ​ទាំង៣៨ខ្សែ​នេះ​មាន​ប្រវែង​សរុប​ជាង១០៨គីឡូម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិ សរុប​ប្រមាណ១៤០លាន​ដុល្លារ​អាមេរិក និង​ថវិកា​ជាង៩លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ផ្លូវ​ទាំង៣៨ខ្សែ​នេះ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា “ទីក្រុង​សៀមរាប​បាន និង​កំពុង​ប្រែក្លាយ​រូបរាង​ជាទី​ក្រុង​ទំនើប​និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ” ។

លោក​បង្ហាញ​ក្តី​រំពឹងថា ក្រោយពី​បញ្ចប់​ការសាងសង់ គម្រោង​នេះ នឹង​ដើរតួ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា ត​ភ្ជាប់​ទីប្រជុំជន​ទៅ​ជាយក្រុង និង​ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែ​ផ្លូវជាតិ​នានា​សំដៅ​កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹក ជញ្ជូន ទាក់ទាញ​វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ​ជាតិ -អន្តរជាតិ ដែលជា​ការរួមចំណែក​ក្នុងការ​ជំរុញ​កំណើន សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ ។

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ​គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត បន្ទាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាននិងកំពុង​ស្ថាបនា​សាងសង់ឡើង ត្រៀម​នឹង​បញ្ចប់​ការសាងសង់​នាពេល​ដ៏​ខ្លី​ខាងមុខ៕

សម្ដេចតេជោ អំពាវនាវឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នជំងឺ Covid-19 ខណៈការរកឃើញថ្មីៗបន្តកើនឡើង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការចាប់ផ្តើមរីករាលដាល់នៃជំងឺ Covid-19 ក្នុងសហគមន៍ជាលើកដំបូងនៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីណែនាំពីការអនុវត្តនូវវិធានការការពារខ្លួន និងប្រុងប្រយ័ត្នពីជំងឺឆ្លង រួមជាមួយនឹងការបញ្ជាក់ពីគម្រោងដំណើរការបើកការដ្ឋានស្ថាបនាផ្លូវទាំង៣៨ខ្សែទូទាំងក្រុងសៀមរាបដដែល ដោយមិនមានការផ្អាកនោះទេ។

នៅក្នុងសេចក្ដីណែនាំតាមរយៈសារសំឡេងកាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សូមប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់”។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចនឹងមិនអំពាវនាវឱ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី។ ជាមួយគ្នានេះ ដំណើរការកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ នៅខេត្តសៀមរាប នៅតែដំណើរការតាមគម្រោងធម្មតា តែត្រូវបង្កើនការប្រុងប្រយ័ត្ន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើងនឹងយល់ទៅដល់សភាពការណ៍នេះ ហើយខ្ញុំនឹងតាមដានដោយយកចិត្តទុកដាក់ទៅលើការវិវឌ្ឍន៍នៃភាពការណ៍ទាំងអស់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធរាយការណ៍ឱ្យខ្ញុំជាបន្តបន្ទាប់។ ឥឡូវនេះបើទោះបីហេតុការណ៍នេះបានកើតនៅក្នុងខេត្តសៀមរាប ក៏ខ្ញុំកំពុងស្ថិតនៅសៀមរាប ហើយខ្ញុំនៅតែដំណើរការកម្មវិធីធម្មតា ដោយគ្រាន់តែបង្កើនការប្រុងប្រយ័ត្នប៉ុណ្ណោះ។ ដូច្នេះមិនមានការលុបចោលនូវកម្មវិធីដែលបានគ្រោងទុកសម្រាប់ការបើកការដ្ឋានផ្លូវ ៣៨ខ្សែ រួមនឹងការកែលំអរដងស្ទឹងសៀមរាបផងនោះទេ”។

សម្តេចតេជោបន្ថែមថា “សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ទៅលើការការពារខ្លួន ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ហើយនៅក្នុងផ្ទះ ដើម្បីងាយស្រួលឱ្យអាជ្ញាធរធ្វើការត្រួតពិនិត្យទៅលើបញ្ហាទាំងឡាយ ហើយអ្នកត្រូវធ្វើចត្តាឡីស័ក ត្រូវធ្វើឱ្យបានម៉ត់ចត់ចៀសវាងការសាយភាយទៅកាន់កន្លែងផ្សេងទៀត។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងជម្នះបាននូវការលំបាកនៅក្នុងកាលៈទេសៈមិនទាន់ច្បាស់លាស់នេះ”

ស្ថិតនៅក្នុងស្ថានការណ៍ដែលកំពុងតែបន្តការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងបានប្រកាសបិទសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃ បន្ថែមពីលើការបិទបណ្តោះអាសន្នផ្សារទំនើប AEON Phnom Penh និងសាលារៀនឯកជន AIS សាខាចាក់អង្រែក្រោម។

គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប ៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕

កម្ពុជា ជួបហានិភ័យជាថ្មីដ៏ធំមួយពីការរីករាលដាលកូវីដនៅក្នុងសហគមន៍

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត ប្រទេសកម្ពុជាបាន និងកំពុងប្រឈមនឹងហានិភ័យដ៏ធំមួយពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ បន្ទាប់ពីបានធ្វើតេស្តរកឃើញវិជ្ជមានលើស្ត្រី២នាក់នៅក្នុងរាជធានីភ្នំពេញគិតត្រឹមរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

 

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ថា នៅក្នុងចំណោមស្ត្រី២រូបដែលមានវិជ្ជមានជំងឺកូវីដ១៩នេះ មានម្នាក់ជាភរិយារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធធនាគារ លោក ឆែម សាវុធ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមាននៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានអាការ និងចេញរោគសញ្ញាប្រមាណ១០ថ្ងៃមុន។

លោកស្រីរដ្ឋលេខាធិកាបានបញ្ជាក់ថា “អ្វីដែលសំខាន់នៅពេលនេះ គឺមានផលវិបាកក្នុងការតាមដាននៅពេលនេះគឺនៅមិនទាន់បានដឹងច្បាស់ថា ក្នុងរយៈពេល១០ថ្ងៃដែលគាត់ចាប់ផ្តើមមានរោគសញ្ញា ធ្លាប់បានទៅទីកន្លែងណាខ្លះ ដើម្បីស៊ើបអង្កេតស្វែងរកអ្នកពាកព័ន្ធដោផ្ទាល់ និងដោយប្រយោល”។ លោកថា “តាមព័ត៌មានបឋម ក្រៅពីស្នាក់នៅផ្ទះក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ គាត់បានចេញទៅខេត្តសៀមរាប និងទៅផ្សារទំនើបអ៊ីអន ភ្នំពេញ ខណៈដែលពេលនេះក្រសួងសុខាភិបាលបានសម្រេចបិតផ្សារទំនើបអ៊ីអន ភ្នំពេញនេះ ជាបណ្តោះអាសន្ន ដើម្បីធ្វើការសិក្សា និងតាមដានបន្ត”។

 

គិតមកត្រឹមវេលាម៉ោង១១ យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្ត្រីជំនាញសុខាភិបាល បានចុះដល់លំនៅដ្ឋានដែលមានទីតាំងដូចបានជម្រាបជូនខាងលើនេះ ដើម្បីនាំស្ត្រីដែលជាភរិយារបស់មន្ត្រីជាន់ខ្ពស់ខាងលើនេះទៅកាន់មន្ទីរពេទ្យព្យាបាលហើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានគោរពសុំការអនុញ្ញាតខ្ពង់ខ្ពស់ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំធ្វើការត្រួតពិនិត្យសុខភាព និងធ្វើតេស្តទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមប្រជុំពិសេសជាមួយលោក ឆែម សាវុធ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយក្នុងនោះរួមមាន សម្ដេចក្រឡាហោម ស ខេង , លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន , លោក កើត រិទ្ធ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត៕

ឱកាសល្អសម្រាប់អ្នកអភិវឌ្ឍន៍ ! ដីទំនេរ ១៤ហិកតា នៅក្បែរផ្សារទំនើបម៉ាក្រូ ខេត្តសៀមរាប ដាក់លក់ក្នុងតម្លៃក្រោមទីផ្សារ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ជាឱកាសល្អសម្រាប់អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ ជាមួយនឹងការប្រកាសដាក់លក់ដីទំនេរទំហំ១៤ហិកតា ក្នុងតម្លៃក្រោមទីផ្សារ ស្ថិតនៅក្នុងតំបន់ដែលពោរពេញទៅសក្ដានុពល ក្បែរផ្សារទំនើបម៉ាក្រូ ខេត្តសៀមរាប និងមានគម្រោងអភិវឌ្ឍន៍បុរីលំនៅឋានជាច្រើននៅហ៊ុមព័ទ្ធជុំវិញ ជាពិសេសនៅជាប់ផ្លូវជាតិលេខ៦តែម្ដង។

ដីទំនេរដែលស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍ធំៗក្នុងតំបន់ទីប្រជុំជន នៅជាប់ផ្លូវជាតិលេខ៦ និងមានផ្លូវហ៊ុមព័ទ្ធជុំវិញ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្បែរផ្សារទំនើបម៉ាក្រូត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃក្រោមទីផ្សារ ដែលផ្តល់ឱកាសដល់បណ្តាអ្នកអភិវឌ្ឍន៍ទទួលបានចំណេញច្រើនពីការវិនិយោគបន្ត។

លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា “សម្រាប់ដីដែលបានដាក់លក់ទំហំ១៤ ហិកតា ស្ថិតនៅទីតាំងដូចបានបញ្ជាក់ខាងលើនេះ អាចនិយាយបានថា ជាដីដែលមានទំហំធំ និងមានសក្ដានុពលក្នុងតំបន់ ព្រោះក្រៅពីនៅជាប់ផ្លូវជាលេខ៦ (ក្បាលដីខាងមុខ) នៅខាងក្រោយទីតាំងដីជាប់ផ្លូវរដ្ឋទំហំ២២ម៉ែត្រ ហើយនៅចំហៀងដី មានផ្លូវភូមិទំហំ១០ម៉ែត្រ និងនៅក្បែរផ្លូវក្រវាត់ក្រុងទំហំ៤០ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលចរាចរណ៍ និងដឹកជញ្ជូន”។

លោកស្រីបញ្ជាក់ថា “ក្រៅពីមានផ្លូវជាច្រើននៅហ៊ុមព័ទ្ធជុំវិញ ទីតាំងដីក៏ស្ថិតនៅជិតផ្សារម៉ាក្រូ ផ្សារស្វាយធំ មានសាលារៀនរដ្ឋ មណ្ឌលសុខភាពរដ្ឋ និងឯកជន ស្ថាប័នរដ្ឋ (មន្ទីរសាធារណការ និងដឹកជញ្ជូន) គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាជាច្រើន និងជាតំបន់ដែលមានការប្រកបអាជីវកម្មចម្រុះ ដែលទាំងអស់នេះសុទ្ធតែជាកត្តាសំខាន់ដែលជំរុញមានសក្ដានុពលកាន់តែខ្លាំង”។

ពាក់ព័ន្ធទៅនឹងការដាក់លក់ដីដែលមានទំហំធំមួយនេះ លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍បញ្ជាក់ថា “តម្លៃដីដែលត្រូវបានដាក់លក់នៅពេលនេះគឺស្ថិតក្នុងកម្រិតទាបជាងទីផ្សារ ពោលគឺត្រឹម១៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប្លង់រឹង ដែលផ្តល់ឱកាសចំណេញច្រើនសម្រាប់អ្នកទិញទុកវិនិយោគបន្ត ក៏ដូចជាអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗជាពិសេសគម្រោងអភិវឌ្ឍន៍ជាបុរី ឬបណ្តុំលំនៅដ្ឋានតម្លៃសមរម្យ”។

លោកស្រីបានបង្ហើបប្រាប់ថា “តាមខ្ញុំដឹក នៅក្បែរទីតាំងដីខាងលើនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនដ៏ធំមួយដែលគ្រោងនឹងចូលមកអភិវឌ្ឍន៍អចលនទ្រព្យ បង្កើតជាក្រុងថ្មីមួយ ដែលមានឈ្មោះថា China Town នៅទំហំទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ ហើយប្រសិនគមរោងអភិវឌ្ឍន៍មួយនេះលេចចេញជារូបរាង វានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ ទាំងដីនៅតំបន់ក្បែរខាងឡើងថ្លៃខ្ពស់ជាក់ជាមិនខាន។ ដូច្នេះសម្រាប់ការទិញដីនៅតំបន់នេះក្នុងពេលបច្ចុប្បន្ន គឺជាឱកាសដ៏ល្អបំផុត ខណៈដែលនៅមានកម្រិតនៅឡើយ”។

សម្រាប់ព័ត៌មានលម្អិតពីការលក់ដី អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 077 27 99 99 / 088 27 99 999

ក្រុមហ៊ុនអាកាសចរណ៍ចំនួន២នឹងចាប់ផ្តើមជើងហោះហើររៀងរាល់ថ្ងៃ រវាងភ្នំពេញ និងសិង្ហបុរី ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Silk Air និង Singapore Airlines នឹងចាប់ផ្តើមជើងហោះហើរជារៀងរាល់ថ្ងៃរវាងភ្នំពេញ និងសិង្ហបុរីចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។ នេះបើយោងតាមប្រភពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

ស្ថានទូតអូស្ត្រាលីបានបញ្ជាក់ថា ទោះបីជាលទ្ធភាពហោះហើរទៅកាន់អូស្ត្រាលីនៅមានកម្រិតក៏ដោយ ការមានជើងហោះហើររាល់ថ្ងៃនេះ នឹងកាត់បន្ថយពេលរង់ចាំនៅសិង្ហបុរី ព្រមទាំងផ្តល់ការតភ្ជាប់ជើងហោះហើរបន្ត ទៅជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបូរីទាំងអស់ ទៅកាន់អូស្ត្រាលី។

ក្រសួងទេសចរណ៍នៃកម្ពុជាបានប្រកាសសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នានាមកកាន់ទីក្រុងភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំងនោះបានប្រកាសផ្អាកជើងហោះហើរមួយរយៈដោយសារការរាតត្បាតនៃជំងឺ Covid-19។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) កាលពេលថ្មីៗនេះ ក៏បានប្រកាសពីប្រតិបត្តិការហោះហើរឡើងវិញពីទីក្រុងតូក្យូមកកាន់ទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១។

ក្រសួងទេសចរណ៍បញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពទេសចរណ៍ល្អបំផុតក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺ Covid-19 ដោយ “កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ Covid-19 បានល្អបំផុត”។

ការបើកហោះហើរឡើងពីក្រុមហ៊ុនអាកាសចរណ៍នេះ ដោយសារភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។

បច្ចុប្បន្នក្រសួងទេសចរណ៍បាន និងកំពុងរៀបចំកម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” (Travel Bubble) ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាពខ្ពស់៕

កម្ពុជា-វៀតណាមត្រូវការពេលវេលាដើម្បីសិក្សាលម្អិតលើគម្រោងតភ្ជាប់ផ្លូវដែកនិងផ្លូវល្បឿនលឿន

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធាណការ និងដឹកជញ្ជូនបានឱ្យដឹងថា តាមផែនការប្រទេសកម្ពុជា និងវៀតណាមនឹងមានគម្រោងតភ្ជាប់ផ្លូវដែក និងផ្លូវល្បឿនឆ្លងកាត់ព្រំដែននៃប្រទេសទំាងនាពេលខាងមុខនេះ ប៉ុន្តែផែនការនេះទាមទាឱ្យមានពេលវេលាយូបន្ថែមទៀត ដើម្បីពិភាក្សា។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់គេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា ផែនការនៃការតភ្ជាប់ផ្លូវដែក និងផ្លូវល្បឿនលឿនេះ ឆ្លងកាត់ព្រំដែននេះ តម្រូវឱ្យមានការសិក្សាលំអិតបន្ថែមទៀត  ខណៈវៀមណាម ក៏បង្ហាញពីឆន្ទះក្នុងការតភ្ជាប់នេះផងដែរ។

លោកថ្លែងថា យើងត្រូវការសិក្សាពីផែនការលម្អិត និងពិភាក្សាជាមួយភាគីវៀតណាម បន្ថែមទៀត ជាមួយគ្នានេះភាគីវៀណាម ក៏បានស្នើសុំឱ្យមានការភាក្សាបន្ថែមទៀតផងដែរថា តើយើងតភ្ជាប់ផ្លូវល្បឿន យើងតនៅកន្លែងណា ហើយផ្លូវដែក យើងតភ្ជាប់នៅកន្លែងណា ព្រោះការងារនេះ យើងត្រូវធ្វើទាំងសងខាង

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំទ្វេភាគីស្ដីពី ការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម កាលពីពេលថ្មីៗនេះឱ្យដឹងថា ប្រទេសវៀតណាមបាន និងកំពុងសិក្សាគម្រោងតភ្ជាប់ផ្លូវល្បឿន និងផ្លូវដែកនេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះ ឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។

លោកបញ្ជាក់ថា កម្ពុជាបាននិងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាទៅកាន់ច្រកទ្វារព្រំដែន

តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបញ្ជាក់ទៀតថា ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាម ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់ខ្លួនផងដែរ ដោយហេតុថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ចំណេះដឹង! តើពន្ធលើដីធ្លីមិនបានប្រើប្រាស់មានអត្រាប៉ុន្មានភាគរយ?

ដោយ វុត្ថា

ភ្នំពេញៈ ពន្ធលើដីមិនបានប្រើប្រាស់ ត្រូវបានអនុម័តដោយសភាជាតិនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៤ ក្នុងគោលគោលបំណង ទប់ស្កាត់គ្រប់រូបភាពនៃការទិញដីទុកមិនប្រើប្រាស់រង់ចាំពេលឡើងថ្លៃលក់កេងយកតម្លៃលើស។ ជំរុញការប្រើប្រាស់ដីឱ្យបានសមស្រប និងរកចំណូលដើម្បីរួមចំណែកដល់ផលប្រយោជន៍ថវិកាជាតិ។

ចំពោះដីមិនបានប្រើប្រាស់ត្រូវបន្តធ្វើឱ្យច្បាស់ថែមទៀតនូវនិយមន័យនិងលក្ខណៈវិនិច្ឆ័យផ្អែកលើការកំណត់ជាធរមានធ្វើជាមូលដ្ឋាននៃការពិចារណា។កម្មសិទ្ធិករនៃដីមិនបានប្រើប្រាស់ត្រូវទទួលខុសត្រូវលើការបង់ពន្ធដីប្រភេទនេះ។

ពន្ធលើដីមិនបានប្រើប្រាស់ត្រូវគណនាតាមអត្រា២% នៃតម្លៃដីតាមទីផ្សារដីដោយប៉ាន់តម្លៃទៅតាមថ្លៃដីក្នុងមួយម៉ែត្រការ៉េ និងគិតតាមខេត្ត ក្រុង និងតំបន់នីមួយៗ ដែលកំណត់ជារាល់ឆ្នាំ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រាស់ប្រាស់។

បច្ចុប្បន្នចំណូលពន្ធមានការកើនឡើង ដោយសាររាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើពន្ធដីមិនប្រើប្រាស់។ ការប្រមូលពន្ធប្រភេទនេះ មានការលំបាកដោយហេតុថា សមត្ថភាពត្រួតពិនិត្យការប្រើប្រាស់ដីធ្លី នៅមានកម្រិតនិងពុំមានការបញ្ជាក់ម្ចាស់ដីច្បាស់លាស់៕

ក្រុមហ៊ុនចិនជំរុញប្រព័ន្ធផ្កាយរណប Bei Dou ដែលធ្វើឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ទាំងមូល

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងសាជីវកម្មឧស្សាហកម្មមហាកំផែងចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅកម្ពុជា។

ការអភិវឌ្ឈនេះ នឹងធ្វើឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលទិន្នន័យសំរាប់តំបន់ និងផ្តល់ឥទ្ឋិផលដល់កម្ពុជាបន្ថែមទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណា និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះបញ្ជាក់ថា ភាគីទាំងពីរ គ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធីឧស្សាហកម្មចំនួនពីរគឺ ថ្នាលព័ត៌មាន ឬទម្រព័ត៌មានតាមដានត្រួតពិនិត្យយានយន្តជាតិ “NCVSP” និងប្រព័ន្ធតាមដានត្រួតពិនិត្យនាវា VMS  ដែលជាដំណាក់កាលដំបូងនៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ទន្ទឹមនឹងនេះដែរ សាជីវកម្ម CGWIC នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យបន្ថែមទៀតដោយផ្អែកលើតម្រូវការជាក់ស្តែងនៃផែនទីបង្ហាញផ្លូវក្នុងស្រុកដើម្បីធានាប្រតិបត្តិការអាជីវកម្ម។

ភាគីទាំងពីរបានព្រមព្រៀង បង្កើតក្រុមការងាររួមគ្នាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងធ្វើឱ្យប្រសើរឡើងនូវផែនការ ការងាររៀបចំយន្តការកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

កាលពីថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២០ប្រព័ន្ធផ្កាយរណប ដែលមានឈ្មោះថា៖ BeiDou-3 Navigation ត្រូវបានបញ្ចប់ជាផ្លូវការនិងបើកឱ្យដំណើរការទូទាំងពិភពលោក។ប្រព័ន្ធនេះមានមុខងារសំខាន់ពីរគឺមុខងារកំណត់ទីតាំងមានភាពជាក់លាក់ខ្ពស់និងការបញ្ជូនទិន្នន័យ។

ភាពត្រឹមត្រូវនៃការកំណត់ទីតាំង អាចធ្វើទៅបានកាន់តែល្អប្រសើរ ក្នុងរយៈចម្ងាយ១០ម៉ែត្រ ហើយអាចអនុវត្តបានកាន់តែល្អថែមទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធ ក្នុងលំហអាកាសធំដំបូងបង្អស់របស់ចិន ប្រព័ន្ធផ្កាយរណបBeiDou-3 ផ្តល់សេវាសាធារណៈទូទាំងពិភពលោក ផ្តល់កម្មវិធី (applications) យ៉ាងពេញលេញនៅក្នុងវិស័យដឹកជញ្ជូន សុវត្ថិភាពសាធារណៈ ការសង្គ្រោះគ្រោះមហន្តរាយ និងការបន្ថយផលប៉ះពាល់ កសិកម្ម រុក្ខាប្រមាញ់ ការចិញ្ចឹមសត្វ និងជលផល អភិបាលកិច្ចទីក្រុង និងឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសចិន។ ប្រព័ន្ធនេះបានបង្កើតខ្សែសង្វាក់ឧស្សាហកម្មពេញលេញមួយ ដោយរួមបញ្ចូល modules, boards, terminals និងសេវាប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។

ចំណងមិត្តភាពរវាងចិន និងកម្ពុជាមានប្រវត្តិជាយូរមកហើយ។  ក្នុងឆ្នាំ២០១០ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ។ទំនាក់ទំនងទ្វេភាគីបានឈានចូលដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈទូលំទូលាយនិងស៊ីជម្រៅ។

មិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ បានបង្កើតមូលដ្ឋានដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ របស់ប្រព័ន្ធផ្កាយរណបBeiDou ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធផ្កាយរណបBeiDou វានឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជាសមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជានិងយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនផងដែរ។

លើសពីនេះទៀត ភាគីទាំងពីរនឹងព្យាយាមស្វែងរក និងបង្កើតកិច្ចសហប្រតិបត្តិការ BeiDouប្រកបដោយភាពចាស់ទុំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន។ កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យ ក្នុងតំបន់ទាំងមូល ដែលធ្វើឱ្យប្រសើរឡើងដល់ឥទ្ធិពល និងឋានៈនយោបាយនៅក្នុងអាស៊ានផងដែរ៕

ក្រសួងទេសចរណ៍បង្ហើបពីគម្រោងសាងសង់ទីចំណតយន្តហោះលើទឹកនៅខេត្តមណ្ឌលគីរី

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហើបពីគម្រោងបង្កើតផលិតផលទេសចរណ៍ថ្មីនៅក្នុងខេត្តមណ្ឌលគីរីដោយការបង្កើតជាទីលានចំណតយន្ដហោះលើទឹកខ្នាតតូចនៅទន្លេស្រែពកដើម្បីបង្កើនភាពទាក់ទាញទេសចរជាតិនិងអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ បានបង្ហាញពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃចុងសប្ដាហ៍នេះ ដោយបានដាក់ចេញនូវការបង្កើតជាគោលដៅទេសចរណ៍សំខាន់ នៅទូទាំងខេត្ត ជាពិសេស ទីតាំងភូមិសា  ស្ត្រដែលមានសក្តានុពលដែលអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន។

លោកបណ្ឌិតបញ្ជាក់ថា តំបន់ប្រជុំជនស្រុកកោះញែក មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្តហោះលើទឹក (Water Plane) នៅទន្លេស្រែពក នៃស្រុកកោះញែក។ លោកបន្តថា ថ្វីដ្បិតទន្លេស្រែពក មិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេ អាចរៀបចំជាចំណតយន្តលើទឹក ដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានថែមទៀតផង

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ លោក ជុក ជំនោរ បានបង្ហើបថា ផែនការអភិវឌ្ឍប៉ូលទេសចរណ៍ធំៗចំនួន៦ ត្រូវបានគណៈកម្មការអន្តរក្រសួងជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០២០៣៥។

ប៉ូលទេសចរណ៍ធំៗទាំង ៦ រួមមាន៖ តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច តំបន់ក្រុងសែនមនោរម្យ តំបន់អាកាសយានដ្ឋានមណ្ឌលគិរីនៅស្រុកអូររាំង តំបន់សមាហរណកម្មច្រកទ្វារព្រំដែន និងតំបន់ប្រជុំជនស្រុកកោះញែក ខាងលើផ្ទាល់តែម្តង៕