ដោយគង់ សូរិយា
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទគ្រោងបង្កើតAgriculture Parkនៅកម្ពុជានាពេលខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អ្នកនៅក្នុងវិស័យនេះ ក៏ដូចជាកសិករអាចប្រមូលផ្តុំ ឬបង្ហាញផលិតផលរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកនាំចេញ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកវេង សាខុនបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា លោកមានបំណងបង្កើតAgriculture Park សម្រាប់ជាកន្លែងប្រមូលផ្តុំឬស្តុកកសិផលធំមួយ ដើម្បីឆ្លើយតបជាមួយនឹងអ្នកនាំចេញ ឬអ្នកវិនិយោគនានាក្នុងវិស័យកសិកម្មអាចទទួលបានព៌តមានគ្រប់គ្រាន់ និងអាចមកជ្រើសរើសផលិតផលដើម្បីនាំចេញពីតំបន់នេះបាន។
លោកបន្តថា “ការងារនេះត្រូវរៀបចំនិតិវិធីច្រើន និងត្រូវការដីធំ និងដៃគូសហការរ៉ឹងមាំាំ ទើបយើងអាចធ្វើបាន ព្រោះវាផ្តល់ផលប្រយោជន៍ដល់កសិករ និងអ្នកនៅក្នុងផ្នែកកសិឧស្សាហកម្ម ដើម្បីអាចយកផលិតផល កសិផលរបស់ខ្លួនមកតាំងបង្ហាញនៅតំបន់Agriculture Parkបាន”។លោកបន្តថា “ការរៀបចំបែបនេះ នឹងត្រូវចំណាយពេលវេលា និងធនធានច្រើន ហេតុនេះខ្ញុំមិនអាចកំណត់ថាគម្រោងនេះ នឹងលេចរូបរាងនាពេលឆាប់ៗបានទេ”។
លោករដ្ឋមន្រ្តីវេង សាខុនក៏មិនទាន់បញ្ជាក់ឲ្យដឹងពីទីតាំង និងទំហំទុនវិនិយោគលំអិតលើគំរោងនេះនៅឡើយទេ៕