ដោយៈវឌ្ឈនា
តូរ៉ង់តូៈ ក្រុមហ៊ុន Pinnacle International បានប្រកាសសាងសង់អគារខុនដូខ្ពស់បំផុតនៅក្នុងទីក្រុងតូរ៉ង់តូ ប្រទេសកាណាដា ក្នុងគម្រោងជំហានទី ២ (គម្រោងអភិវឌ្ឍន៍ Pinnacle One Yonge) ដែលនឹងក្លាយជាអគារខុនដូ លំនៅដ្ឋានខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
គម្រោងអគារនេះ នឹងត្រូវសាងសង់នៅក្នុងកម្រិតកំពស់៩៥ជាន់ ស្មើនឹង៣១៣.៤ ម៉ែត្រ ដែលនឹងក្លាយជាអគារខ្ពស់ជាងគេទី២ នៅក្នុងទីក្រុងតូរ៉ង់តូ បន្ទាប់ពីអគារCN Tower ។ អគារខុនដូនេះ ត្រូវបានរចនាឱ្យមានបន្ទប់៨០០ បន្ទប់ដែលមានប្លង់ផ្សេងៗគ្នាចាប់ពី៥២០ ដល់២,៣០០ ហ្វីតការ៉េដោយមានតម្លៃចាប់ពីជាង ៨០០.០០០ ដុល្លារ។
លោកAnson Kwok អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនPinnacle International បានថ្លែងថា គម្រោងថ្មីរបស់យើងនេះ ត្រូវបានសាងសង់នៅទីតាំងដែលមានសក្តានុពល រួមជាមួយនឹងស្ថាបកម្មនៃសំណង់ល្អបំផុត។
លោកថ្លែងថា “វិធីសាស្រ្តរបស់យើងក្នុងដំណាក់កាល នៃការអភិវឌ្ឍន៍តាមផែនការមេនេះ ត្រូវបានផ្តោតលើការប្តេជ្ញាចិត្ត មិនត្រឹមតែគ្រាន់តែអភិវឌ្ឍន៍អគារខុនដូ នៅក្នុងទីប្រជុំជនប៉ុណ្ណោះទេ។ ផ្ទុយទៅវិញយើងបានទទួលស្គាល់ឯកសិទ្ធិពិសេស ដើម្បីធ្វើការផ្លាស់ប្តូរទីក្រុងតូរ៉ង់តូ តាមរយៈការអភិវឌ្ឍនអគារខ្ពស់ៗ (Toronto Skyline)”។
អគារនេះ មិនត្រឹមផ្តល់ទេសភាពជុំវិញបឹង Lake Ontario អគារខុនដូនេះ ត្រូវបានរចនាប្លង់ជាមួយនឹងការស្រូបខ្យល់ អាកាសដ៏បរិសុទ្ធពីភ្នំTanner Hill ដែលនឹងធ្វើឱ្យជីវិតរស់នៅកាន់តែមានផាសុកភាព និងរវើក។ ក្រៅពីនេះគំរោងនេះ ក៏មានអាងហែលទឹកដ៏ធំ បន្ទប់ហាត់យោគៈ កន្លែងរៀបចំកម្មវិធីជប់លៀង និងកន្លែងសំរាកលំហែផងដែរ៕