អឺរ៉ុបនឹងយកពន្ធលើទំនិញអាមេរិកតម្លៃ៤ពាន់លានដុល្លារ ដើម្បីសងសឹកឱ្យក្រុមហ៊ុនផលិតយន្តហោះរបស់ខ្លួន

ដោយៈវុទ្ឋី

អន្តរជាតិ៖ សហគមន៍អឺរ៉ុបត្រូវបានអនុញ្ញាតឱ្យយកពន្ធ លើផលិតផលអាមេរិក ដែលមានតម្លៃ៤ពាន់លានដុល្លារ ដែលជាសងសឹកមួយចំពោះក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិកនៅក្នុងការប្រកួតប្រជែងរយៈពេល១៦ ឆ្នាំចុងក្រោយនេះ រវាងក្រុមហ៊ុនផលិតយន្តហោះអាមេរិក និងក្រុមហ៊ុនAirbus ដែលជាគូប្រជែងសំខាន់បំផុតនៅអឺរ៉ុបរបស់ខ្លួន។

យោងតាមសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានពន្យាពេលដោយសារជំងឺរាតត្បាតកូវីដ១៩ បានបង្កើនភាពតានតឹងពាណិជ្ជកម្មភ្លាមៗ មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បើទោះបីជាអាចកំណត់ពេលមួយ សម្រាប់ការចរចាពន្ធរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានដាក់ពន្ធលើទំនិញអឺរ៉ុបរួចមកហើយ ក្នុងសកម្មភាពប្រឆាំងនឹងក្រុមហ៊ុន Airbus

លោក Valdis Dombrovskis អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្មបានមានប្រសាសន៍ថា ការចង់បានធំបំផុតរបស់យើង គឺជំហរក្នុងការដោះស្រាយដោយសន្តិវីធី បើមិនដូច្នោះទេយើងនឹងត្រូវបង្ខំចិត្ត ការពារផលប្រយោជន៍របស់យើង ហើយឆ្លើយតបតាមវិធីដ៏សមស្របមួយ

អង្គការពាណិជ្ជកម្មពិភពលោក បានចេញសេចក្តីសម្រេចកាលពីខែមេសាឆ្នាំ ២០១៩ ថា ការឧបត្ថម្ភធនរបស់អាមេរិកដល់ក្រុមហ៊ុន Boeing គឺខុសច្បាប់ ប៉ុន្តែមិនបាននិយាយថាក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះទេ។

ទោះយ៉ាងណាក៏ដោយចន្លោះពីឆ្នាំ២០០៦ដល់ឆ្នាំ២០៤០ក្រុមហ៊ុនBoeing ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ ពីការកាត់បន្ថយពន្ធចំនួន៦ពាន់លានដុល្លារ៕

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាកំពុងជួយជម្រុញតម្លៃអចលនទ្រព្យនៅខេត្តរតនៈគិរីកើនឡើង

ដោយៈ រ៉ាណេត

រតនៈគីរីៈ ស្របទៅនឹងគម្រោងនៃកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលនឹងសាងសង់នៅក្នុងទឹកដីខេត្តរតនៈគីរីក្រោមការវិនិយោគទុនដោយផ្ទាល់ពីរាជរដ្ឋាភិបាលនិងមានការចូលរួមពីវិស័យឯកជនទៅលើការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យបានជំរុញតម្លៃដីនៅក្នុងខេត្តនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។

ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជាលោកស្រីចេវសុឃុនបានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទបន្ទាប់ពីបានចុះសិក្សាស្វែងយល់ពីសក្តានុពលវិស័យអចលនទ្រព្យនៅតំបន់ភូមិភាគឥសាន្តបានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៤តុលានេះថាក្នុងចំណោមខេត្តដែលស្ថិតនៅប៉ែកឦសានខេត្តរតនៈគីរីហាក់មានភាពរស់រវើកជាងខេត្តដទៃទាំងវិស័យឯកជននិងការអភិវឌ្ឍន៍ទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគរដ្ឋាភិបាល។

លោកស្រីបន្តទៀតថា នៅក្នុងខេត្តរតនៈគីរី ជាពិសេសនៅទីប្រជុំជននៃក្រុងបានលុង គឺមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលក្នុងនោះមានទាំងសណ្ឋាគារកម្រិតខ្ពស់ និងផ្សារទំនើបផងដែរ ហើយវិស័យលំនៅដ្ឋានក៏មានភាពរីកចម្រើនគួរឱ្យគត់សម្គាល់។ លោកស្រីបានបញ្ជាក់ថា ខេត្តដែលស្ថិតនៅភាគឦសានមួយនេះ មានសក្ដានុពលល្អក្នុងវិស័យទេសចរណ៍ ហើយបើនិយាយពីការវិនិយោគ ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងសំណង់ផ្សេងៗ ក៏ស្ថិតនៅក្នុងគោលដៅបម្រើដល់វិស័យទេសចរណ៍ដែរ ដូចជាការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិបែបកែច្នៃ និងការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយជាដើម

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានលើកឡើងពីការមើលឃើញរបស់លោកថា ខេត្តរតនៈគីរី នៅមានវិសាលភាពដីធ្លីធំធេង ដែលផ្តល់ឱកាសដល់ការវិនិយោគជាច្រើន ហើយក៏អាចអភិវឌ្ឍន៍សម្រាប់បម្រើនៅក្នុងវិស័យផ្សេងៗផងដែរ។

លោកបានបន្តថា ខេត្តមួយនេះមានសក្ដានុពលខ្លាំង និងផ្តល់ឱកាសច្រើនទៅលើការវិនិយោគក្នុងវិស័យកសិកម្ម និងទេសចរណ៍ច្រើនជាងការវិនិយោគ ក្នុងវិស័យសំណង់។លោកបន្តថា វិស័យទេសចរណ៍ នៅខេត្តរតនគីរី មានសក្ដានុពលខ្លាំងដែលសម្បូរទៅដោយតំបន់កម្សាន្តបែបធម្មជាតិជាច្រើន ដែលបណ្តាខេត្តភាគច្រើននៅក្នុងប្រទេសកម្ពុជាមិនមានដូច

លោកបន្តថា តាមខ្ញុំគិតបច្ចុប្បន្ននេះ វាជាឱកាសល្អ សម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី ដោយសារតែដីនៅមានវិសាលភាពធំធេងនៅឡើយ ហើយតម្លៃក៏នៅមានកម្រិត

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ខេត្តរតនគិរីកំពុងទទួលបានគម្រោងវិនិយោគ រោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រឧស្សាហកម្មជាច្រើន ដោយគិតមកទល់ពេលនេះ គម្រោងចំនួនរោងចក្រ និងសិប្បកម្មក្នុងខេត្តមានចំនួនសរុប២៣០ ហើយដោយសារសក្តានុពលដីធ្លី មានអំណោយផលលើវិស័យកសិកម្ម បានធ្វើឱ្យខេត្តនេះអាចនាំចេញកសិផល ទៅក្រៅប្រទេសបានជាង៨៧,០០០តោន មានទឹកប្រាក់ប្រមាណ៣៧លានដុល្លារកាលពីឆ្នាំមុន។

លោកបន្តថា នៅក្នុងក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន២៧ក្រុមហ៊ុន វិនិយោគលើផ្ទៃដីជាង១២០,០០០ហិកតា ប៉ុន្តែការអនុវត្តលើការដាំដុះ សម្រេចបានតែប្រមាណ៥៥,០០០ហិកតាប៉ុណ្ណោះ៕

រដ្ឋមន្រ្តីក្រសួងរ៉ែអះអាងថា ភូមិទាំងអស់នៅកម្ពុជានឹងមានអគ្គិសនីប្រើប្រាស់ក្នុងឆ្នាំនេះ

ដោយ: គង់ សូរិយា

ភ្នំពេញ: លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែមបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ គ្រប់ភូមិទាំងអស់ទូទាំងប្រទេស នឹងមានខ្សែភ្លើងចេញពីបណ្តាញជាតិទៅដល់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ស្របតាមគោលដៅអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មរបស់រាជរដ្ឋាភិបាល។

លោកស៊ុយ សែមបានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ទៅសិក្សានៅប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលសេឡង់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០កន្លងមកថា ការអភិវឌ្ឍន៍វិស័យអគ្គិសនីក្រោយពីរបបខ្មែក្រហមមក កម្ពុជាបានដើរចេញពីចំណុចសូន្យ មកមានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ក្នុងនោះគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាជម្រុញឲ្យអគ្គិសនីឲ្យមានស្ថិរភាព គុណភាព សុវត្ថិភាព និងមានអគ្គិសនីគ្របដណ្តប់ទូទាំងប្រទេស ជាពិសេសមានតម្លៃទាប ដើម្បីផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍ របស់ប្រទេសជាតិទាំងមូល។

លោកបានបន្តថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំប្រែងជម្រុញនូវគ្រប់ឧបសគ្គ ដើម្បីឲ្យកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ លោកបន្តថា ដូច្នេះនៅក្នុងឆ្នាំ២០២០នេះ គ្រប់ភូមិទាំងអស់នឹងមានខ្សែភ្លើង ចេញពីបណ្តាញជាតិទៅដល់ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពល

លោករដ្ឋមន្រ្តីស៊ុយ សែមបានបញ្ជាក់ទៀតថា ក្រៅគម្រោងផែនការ ដែលក្រសួងនឹងអនុវត្តន៍ឲ្យបាន១០០ភាគរយនោះ នៅមានភូមិឧបសម្ព័ន្ធចំនួន២៣៧ផ្សេងទៀត ដែលមិនមែនជាភូមិរៀបរយ ដូចជា ភូមិដែលប្រជាពលរដ្ឋបង្កើតថ្មី ភូមិនៅដាច់ស្រយ៉ាលនៅតាមកោះ ឬការរស់នៅតាមដងទន្លេនានា ដែលគ្មានលទ្ធភាពក្នុងការអូសខ្សែបញ្ជូនទៅដល់ជាគោលការណ៍ រដ្ឋាភិបាលក៏មិនទុកចោលនោះឡើយ ជាក់ស្តែងក្រសួងកំពុងគិតគូរ ក្នុងការរៀបចំគម្រោងដាក់ប្រព័ន្ធពន្លឺព្រះអាទិត្យ ជម្រុញឲ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់៕

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សរុបប្រវែង២៤៣គីឡូម៉ែត្រកំពុងជួបប្រទះផលប៉ះពាល់ដោយសារទឹកជំនន់

ដោយ ហ្សូលី

ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សរុបប្រវែង២៤៣គីឡូម៉ែត្រឬស្មើនឹង១៩៩កំណាត់កំពុងជួប្រឈមមុខនឹងការខូចខាត។នេះបើតាមឱ្យដឹងពីលោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះ។

ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផលប៉ះពាល់ ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវលេខ២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាចំនួន១៣ខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និងខេត្តសៀមរាប និងបង្កផល ប៉ះពាល់ និងជន់លិចខ្សែផ្លូវសរុបចំនួន៨៧ខ្សែ ដោយមានចំនួន១៩៩កំណាត់ មានប្រវែងសរុបចំនួន ២៤៣គីឡូម៉ែត្រ។ 

ចំពោះការខូចខាតនិងថវិកាក្នុងការជួសជុលឡើងវិញ មិនទាន់ត្រូវ បានវាយតម្លៃនៅឡើយទេ ដោយរង់ចាំស្ថានភាពទឹកស្រកសិន ទើបក្រុមការងារបច្ចេកទេសសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធអាចចុះ ពិនិត្យ និងវាយតម្លៃលើស្ថានភាពជាក់ស្ដែងបាន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់យានយន្តដឹកជញ្ជូនធំៗ ត្រូវផ្អាកការធ្វើដំណើរ ឬចៀសវាងផ្លូវសំខាន់ៗ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាកុំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ដែលកំពុងទទួលរងផលប៉ះពាល់ស្រាប់។ ម្យ៉ាងក៏ជាការចូលរួមសន្សំសំចៃថវិកាជាតិដែលត្រូវចំណាយទៅលើការជួសជុល ស្ដារឡើងវិញនូវផ្លូវថ្នល់ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនពិនិត្យមើល លទ្ធភាពស្តារប្រឡាយដោយប្រើគ្រឿងចក្រ ដើម្បីបញ្ចៀសទឹកជំនន់សង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងនូវការលិចលង់ខ្លាំងនៅក្នុងសង្កាត់គងនយខណ្ឌដង្កោរាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល បានណែនាំឲ្យក្រុមហ៊ុន ដែលកំពុងសាងសង់ផ្លូវជាតិលេខ៣ ធ្វើការលុបជង្ហុកធំៗ បង្កឡើងដោយទឹកភ្លៀងហូរច្រោះ ឋិតនៅម្ដុំស្ពានទំនប់ទឹក៧មករា ដែលអាចបង្កឱ្យមានការកកស្ទះ ក៏ដូច ជាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕

បឹងកេងកងនៅតែបន្តឈានមុខគេជាតំបន់ដែលមានតម្លៃថ្លៃជាងគេក្នុងទីក្រុងភ្នំពេញ

ដោយ ហ្សូលី

ភ្នំពេញៈ បឹងកេងកង ដែលជាតំបន់ពោរពេញដោយគម្រោងអភិវឌ្ឍជាច្រើន នៅតែបន្តជាប់ឈ្មោះជាតំបន់ ដែលមានតម្លៃអចលនទ្រព្យខ្ពស់ជាងគេ ប្រចាំទីក្រុងភ្នំពេញដដែល បើទោះបីជាកម្ពុជាទទួលរងនូវវិបត្តិយ៉ាងណាក្តី។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហ៊ួរ បានថ្លែងប្រាប់គេហទំព័រ PropertyArea.Asia ថា បើប្រៀបធៀបទីតាំងទាំងអស់នៅក្នុងទីក្រុងភ្នំពេញ បឹងកេងកងមានតម្លៃថ្លៃជាងគេតែម្តង។

លោកស្រីបន្តថា តំបន់នេះមានតម្លៃថ្លៃស្រាប់ទៅហើយ ប៉ុន្តែតម្លៃនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ បើក្រឡេកទៅមើលតម្លៃដីនៅកែងជិតៗផ្លូវធំ តម្លៃជិត១០,០០០ ដុល្លារទៅហើយក្នុងមួយម៉ែត្រការ៉េ។ លោកស្រីបន្ថែមថា ប៉ុន្តែបើផ្លូវកាត់ៗ តម្លៃមិដល់ប៉ុណ្ណឹងនោះទេ ហើយវាស៊ីសងទៅតាមទំហំដីតូចធំផងដែរ

បឹងកេងកង១ និងតំបន់ស្ថិតក្នុងសង្កាត់បឹងកេងកង២ និងទី៣ បានក្លាយជាបណ្តុំសំណង់អគារខ្ពស់ ដែលបម្រើលើវិស័យពាណិជ្ជកម្ម ខុនដូ និងអាផាតមិនដែលជាប្រភេទតម្លៃកម្រិតខ្ពស់ បច្ចុប្បន្ននេះក៏នៅតែបន្តប្រជាប្រិយភាព និងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំបន្ថែមទៀត។

បើតាមការចុះផ្សាយរបស់គេហទំព័រ Invest Asian បានឱ្យដឹងថា បឹងកេងកងគឺជាសង្កាត់ មានប្រជាជនរស់នៅកាន់តែច្រើនឡើង ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងកន្លែងស្នាក់នៅភោជនីយដ្ឋាន និងសណ្ឋាគារកាន់តែច្រើន វាក្លាយជាតំបន់ដែលគួរអោយចង់រស់នៅបំផុតនៅក្នុងទីក្រុង។

គេហទំព័រដដែលបន្តថា បឹងកេងកងត្រូវបានគេស្គាល់ផងដែរថា តំបន់នេះជាសហគមន៍សម្រាប់ជនបរទេស និងជាកន្លែងដែលមានស្ថានទូត និងធុរកិច្ចអន្តរជាតិជាច្រើន ក្នុងនោះវត្តមាននៃសាលាអន្តរជាតិ បានទាក់ទាញក្រុមគ្រួសារជនបរទេសផងដែរ ដោយសារតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមជនបរទេសទីផ្សារខុនដូរបស់វាមានតម្លៃថ្លៃ។

ខុនដូមួយយូនីតជាធម្មតា មានតម្លៃជាង២០០,០០០ដុល្លារ ហើយអ្នកទិញទំនងជានឹងទទួលបានប្រាក់ចំណេញមកវិញនូវការវិនិយោគ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញកំពុងស្វែងរកកន្លែងរស់នៅ បឹងកេងកងគឺនៅតែជាជម្រើសដ៏គួរឱ្យទាក់ទាញ៕

កម្ពុជាស្នើសភាពាណិជ្ជកម្មអឺរ៉ុបជំរុញអ្នកវិនិយោគមកកម្ពុជាបន្ថែម ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ឱ្យជួយទាក់ទាញ និងកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺ Covid-19 ត្រូវបានបញ្ចប់។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងឱកាសជំនួបជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលទើបទទួលតំណែងថ្មី នៅទីស្ដីក្រសួងការងារ បានធ្វើការបង្ហាញពីវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នាពេលកន្លងមក ទាំងលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យវិនិយោគ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ដោយសារវិបត្តិជំងឺ Covid-19 សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យនានាមួយចំនួនទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំដោះស្រាយបញ្ហាទាំងនេះផងដែរ ដោយបានធ្វើពិពិធកម្មសេដ្ឋកិច្ចឡើងវិញ។ ជាមួួយគ្នានេះ លោកក៏បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ធ្វើយ៉ាងណាផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិនានារបស់កម្ពុជា”។

ចំពោះសំណើនេះ ត្រូវបានលោក Tassilo BRINZER ឯកភាពយល់ព្រម និងបានបញ្ជាក់ថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបទាំងឡាយ ពិសេសនៅប្រទេសជិតខាង មានប្រទេសថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈបរិយាកាសវិនិយោគនៅកម្ពុជាគឺពិតជាមានភាពល្អប្រសើរ។

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានធានាថានឹងខិតខំធ្វើឱ្យផលិតផលដែលផលិតបាននៅកម្ពុជា មានលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការល្អប្រសើរជាងមុន ដើម្បីធានាថាផលិតផលដែលនាំចេញទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតកាន់តែមានស្ដង់ដាខ្ពស់។

រីឯផែនការយុទ្ធសាស្រ្តរយៈពេល២ឆ្នាំខាងមុខទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប គឺធ្វើយ៉ាងណាខិតខំជំរុញ និងទាក់ទាញវិនិយោគិនរបស់អឺរ៉ុបមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះកម្ពុជាជាគោលដៅវិនិយោគប្រកបដោយសក្តានុពលមួយនៅក្នុងតំបន់។

ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចបាននូវការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ទោះបីមានបញ្ហា EBA ឬបញ្ហាជំងឺ Covid-19 ក៏ភាគីទាំងពីរនៅតែប្រកៀកស្មាគ្នាជម្នះឧបសគ្គឱ្យបាន។

គួរជម្រាបជូនផងដែរថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខាទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ ប្រទេសពីសហភាពអឺរ៉ុប។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕

លោក ស៊ុន ចាន់ថុល៖ ក្រសួងសាធារណការនឹងចុះជួលជុលផ្លូវឬស្ពានភ្លាម បើមានករណីដាច់ខូចខាត

ដោយ ហ្សូលី

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់ដល់អង្គភាពក្រោមឱវាទថា ក្នុងករណីមានផ្លូវ-ស្ពាន ដាច់ឬខូចខាត មិនអាចធ្វើចរាចរណ៍បាន ដោយសារគ្រោះទឹកជំនន់ គឺត្រូវចាត់កម្លាំងជាបន្ទាន់ ចុះជួសជុល និងតភ្ជាប់ផ្លូវស្ពាននោះ ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍។

លោកបានមានប្រសាសន៍ថា រាល់មានការដាច់ផ្លូវ-ស្ពានដោយទឹកជំនន់ ត្រូវលើកសំណើរសុំគោលការណ៍ចំណាយមកក្រសួងឱ្យបានឆាប់រហ័សបំផុត។ ជាមួយគ្នានេះ ត្រូវចាត់កម្លាំងតម្លើងស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាពនៅតាមទីតាំងដែលកំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដំណើរ។

តាមរយៈសេចក្តីណែនាំ ចុះកាលបរិច្ឆេទ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនរូបនេះ បានបញ្ជាក់ថា អង្គភាពពាក់ព័ន្ធត្រូវគោរពតាមដូចជា៖

១- ចូលរួមផ្សព្វផ្សាយអំពីសភាពការណ៍គ្រោះអាសន្ននានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងត្រូវចូលរួមសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងគ្រោះអាសន្ន និងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់។

ទន្ទឹមគ្នានេះ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ទល់គ្រោះទឹកជំនន់ និងទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធន់ធ្ងន់ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់ និងត្រូវផ្សព្វផ្សាយផ្តល់ព័ត៌មានផ្លូវការជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

ជាពិសេស ត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាព ដើម្បីត្រៀមចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ និងស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕

របាយការណ៍! ការផ្គត់ផ្គង់គម្រោងខុនដូនៅក្នុងទីក្រុងភ្នំពេញកើនតិចតួចនៅក្នុងត្រីមាសទី ៣នេះ

ដោយវុត្ថា

ភ្នំពេញ៖ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ការផ្គត់ផ្គង់គម្រោងខុនដូនៅក្នុងទីក្រុងភ្នំពេញ មានកំណើនប្រមាណ ៣.៩៧ ភាគរយប៉ុណ្ណោះ ខណៈនៃការបញ្ចប់នៅក្នុងដំណាក់កាលទី១មានតែមួយគម្រោង គឺ គម្រោង Urban Village ដែលកើនឡើងនូវការផ្គត់ផ្គង់នៅក្នុងផែ្នកតម្លៃសមរម្យ ១៥.៦៧ ភាគរយ ។

ក្រមហ៊ុនអន្តរជាតិ CBRE Cambodia បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនថា គ្មានគម្រោងខុនដូណាមួយត្រូវបានសម្ពោធដាក់ចូលនៅក្នុងទីផ្សារក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ប៉ុន្តែ មានគម្រោងចំនួន ៣ បានបង្ហាញក្នុងដំណាក់កាលថ្មីចំពោះការផ្គត់ផ្គង់បន្តទៀត ស្របពេលដែលវិនិយោគិនយល់ថា ទីក្រុងភ្នំពេញនៅតែរក្សាបាននូវសុទិដ្ឋិនិយមនឹងវិលមករកភាពល្អប្រសើរវិញនាពេលខាងមុខ។

ក្រុមហ៊ុន CBRE Cambodia បន្ថែមថា សម្រាប់ត្រីមាសទី ៤ នាពេលខាងមុខនេះ នឹងមានឃើញគម្រោងចំនួន ៤ បន្ថែមទៀត នឹងត្រូវសាងសង់បញ្ចប់ ដែលមាន ២៦០០ យូនីត។ ប៉ុន្តែការសាងសាង់នៅក្នុងវិស័យខុនដូនេះត្រូវបានពន្យាពេល ជាមួយនឹងគម្រោងចំនួន ៦ កំពុងពន្យាពេលសាងសង់ ហើយអាចនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២១ ខាងមុខន។

លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា នៅត្រីមាសទី៣ ទីផ្សារខុនដូដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចនោះ បានចាប់ផ្តើមមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានគម្រោងជាច្រើនបានបង្ហាញពីលទ្ធផលល្អក្នុងការលក់ដូចគ្នា។

លោកស្រីបន្តថា គម្រោងខុនដូដែលមានតម្រូវការទីផ្សារនេពេល ជាប្រភេទខុនដូកម្រិតមធ្យម ដែលមានតម្លៃនៅលើទីផ្សារចាប់ពីជាង ៧ម៉ឺនដុល្លារ ឬមានតម្លៃក្រោម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។

លោកស្រីបន្តថា “កំណើនទីផ្សារនៅពេលនេះ ក៏ព្រោះតែអ្នកអភិវឌ្ឍន៍បានប្ដូរនូវយុទ្ធសាស្ត្រនៃគម្រោងរបស់ខ្លួនដោយងាកមកចាប់ចំណែកទីផ្សារពីប្រជាជនខ្មែរវិញ រួមជាមួយនឹងការបង្កើតកម្មវិធីងាយស្រួលក្នុងការទិញ-លក់ ដែលក្រៅពីមានតម្លៃសមរម្យ ថែមមានផ្តល់ជូននូវភាពងាយស្រួលក្នុងការបង់ប្រាក់ផងដែរ”។

លោកស្រីបញ្ជាក់ទៀតថា “បន្តិចទៀត នៅពេលដែលសេដ្ឋកិច្ចកាន់តែរឹងមាំ និងរីកចម្រើន ការអភិវឌ្ឍកាន់តែធំជាងមុន កំណើនប្រជាជនក្នុងក្រុងកាន់តែកើនឡើងច្រើន នោះតម្រូវការនៃការទីផ្សារខុនដូនឹងកើនឡើងដោយស្វ័យប្រវត្តិ”៕

សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីកំពង់ផែទាំង ១០៥ នៅកម្ពុជា កំពុងត្រូវបានពិនិត្យ និងពិភាក្សាលម្អិតបន្ទាន់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីកំពង់ផែនៅកម្ពុជាទាំងចំនួន ១០៥ រួមមានកំពង់ផែទន្លេចំនួន ៧៨ និងកំពង់ផែសមុទ្រចំនួន ២៧ ទីតាំង ត្រូវបានលើកយកមកបើកកិច្ចប្រជុំ និងពិភាក្សា ក្រោមវត្តមានរបស់មន្ត្រីជំនាញ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ក្នុងគោលបំណងពិនិត្យ និងកំណត់យក ឃ្លា ប្រយោគ និងនិយមន័យ ឲ្យបានគ្រប់ជ្រុងជ្រោយស៊ីជម្រៅបន្ថែមទៀត ក្នុងនោះអង្គប្រជុំបានឯកភាព និងសម្រេចកែសម្រួលអត្ថន័យតាមមាត្រានីមួយៗឱ្យមានខ្លឹមសារគ្រប់គ្រាន់។

ច្បាប់នេះមានគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរក្សាបាននូវសណ្ដាប់ធ្នាប់សម្រាប់ការអភិវឌ្ឍកំពង់ផែ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាកំពង់ផែ ផ្តល់កាលានុវត្តភាពដល់ការវិនិយោគ ប្រកួតប្រជែងប្រកបដោយសមធម៌ ធានាសុវត្ថិភាព សន្តិសុខកំពង់ផែ និងរួមចំណែកការពារបរិស្ថាន។

លោកទេសរដ្ឋមន្ត្រី ដែលជាប្រធានអង្គប្រជុំបានស្នើឱ្យក្រុមការងារជំនាញបច្ចេកទេសពិនិត្យបន្ថែម និងសិក្សាពាក្យ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ស៊ីជម្រៅ ជាពិសេសឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា និងថ្លឹងថ្លែងប្រៀបធៀបដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

ជាមួយគ្នានោះផងដែរ លោកក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសជំនាញ ពាក់ព័ន្ធខិតខំប្រឹងប្រែងពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានឆាប់តាមតែអាចធ្វើទៅបានដើម្បី ដាក់ជូនគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាបន្ត។

នៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពង់ផែទន្លេមានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧។ មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះ មានតួនាទីសំខាន់ណាស់នៅក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ៕

ផ្លូវជាតិលេខ៣ នៅបន្តបិទផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយទទួលរងនូវការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងគំហុក ដែលបណ្តាលឱ្យលិចដោយកន្លែង ជាពិសេសបន្ទាប់ពីទទួលបានបទបញ្ជាបន្ទាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដែលតម្រូវឱ្យផ្អាកការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៣ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅមិនទាន់អនុញ្ញាតឱ្យចរាចរណ៍នៅឡើយនោះទេ។

ដោយក្ដីព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកធ្វើដំណើរឆ្លងកាត់ ដឹកជញ្ជូន ក៏ដូចជាបង្ការភាពខូចខាតប៉ះពាល់ដល់គុណភាពផ្លូវ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យផ្អាកការធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៣ជាបណ្តោះអាសន្ន ដែលគិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅតំបន់មួយចំនួននៅមិនទាន់អនុញ្ញាតឱ្យធ្វើចរាចរណ៍ឡើងវិញនៅឡើយនោះទេ។

សម្តេចតេជោ បញ្ជាឱ្យបិទចរាចរណ៍កំណាត់ផ្លូវជាតិ3បណ្ដោះអាសន្ននៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ខណៈពេលដែលជំនន់កំពុងបន្តជន់លិច លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ និងចុះបញ្ជាដោយផ្ទាល់ ដោយបានរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិចតាមដងស្ទឹងព្រែកត្នោតទៅរកទីកន្លែងមានសុវត្ថិភាព។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់លោក ឃួង ស្រេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ទោះបីយ៉ាងណា អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងមានអូប័រ ជិត៣០គ្រឿង ព្រមទាំងរថយន្តធុនធំសម្រាប់ដឹកនាំជញ្ជូនសម្ភារៈ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕