ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងដំណឹងល្អនៃការត្រៀមនាំយកវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ក្រោមជំនួយពីរដ្ឋាភិបាលចិន ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលចុងសប្ដាហ៍កន្លងទៅនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យសុទ្ធតែបានបង្ហាញពីក្ដីសាទរ រួមជាមួយនឹងក្ដីរំពឹងពីការកម្រើកឡើងវិញនូវតម្រូវការទីផ្សារមួយនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះថា យើងពិតជារីករាយ និងសាទរជាមួយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលនឹងជួយធ្វើឱ្យវិស័យនានានៅកម្ពុជាអាចវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរវិញបន្ទាប់ពីមានការប្រើប្រាស់វ៉ាក់សាំងប្រកបដោយជោគជ័យ។
លោកថា “សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែមានដំណើរការក្រោមតម្រូវការក្នុងស្រុក ប៉ុន្តែសម្រាប់ចំណូលវិនិយោគមកពីក្រៅស្រុកអាចត្រូវរងើចាំពេលវេលាបន្តិចទៀត ដែលអាចក្នុងរយៈប្រមាណ១ឆ្នាំទៀត ដើម្បីស្ដារវិស័យអចលនទ្រព្យឱ្យបានដូចស្ថានភាពមុនកូវីដ១៩ ហើយវានឹងចាប់ផ្ដើមធ្វើសកម្មភាពដោយអ្នកវិនិយោគសម្រាប់គម្រោងតូចៗ។ ជាបន្តទៅទៀត អ្នកវិនិយោគគម្រោងធំៗក៏នឹងចាប់ផ្ដើមទៅតាមនោះដែរ ដោយសារតែអ្នកវិនិយោគ និងអភិវឌ្ឍន៍មួយចំនួននៅរង់ចាំមើលពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ជាមុនសិន”។
លោកបានបញ្ជាក់ថា “ថ្វីត្បិតថាកាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាជួបនឹងវិបត្តិកូវីដ១៩ក្ដី ប៉ុន្តែមិនធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំងនោះដែរ។ តំបន់ខ្លះនៅតែមានតម្លៃខ្ពស់ និងងើបជាងឆ្នាំមុន តែតំបន់ខ្លះទៀតនៅទ្រឹង និងមានការថមថយតិចតួច”។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LUCKY Realty Co,.Ltd លោកឌិត ចណ្ណា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១នេះ ស្ទើរតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យនឹងមានតម្រូវការខ្ពស់ជាងឆ្នាំ២០២០កន្លងទៅ ជាពិសេសក្រោយពេលកម្ពុជាមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ព្រោះថាបច្ចុប្បន្ននេះទាំងតម្រូវការលំនៅឋានជាប់ដី ទីផ្សារខុនដូ ក៏ដូចជាការជួលទីតាំងស្នាក់នៅ និងបំពេញការងារផ្សេងៗនៅតែមាន។
លោកបន្តថា “ក្រោយពីមានការចាក់វ៉ាក់សាំងរួចរាល់ អ្នកវិនិយោគក្រៅស្រុកប្រហែលជាមិនមានច្រើនដូចមុនទេ តែវានឹងចាប់ផ្ដើមពីអ្នកវិនិយោគក្នុងស្រុក ដូច្នេះនៅពេលអ្នកក្នុងស្រុកចាប់ផ្ដើមវិនិយោគច្រើន ហើយមានចលនាទិញលក់មានច្រើន ពេលនោះអ្នកវិនិយោគខាងក្រៅក៏ចាប់ផ្ដើមចូលមកដោយសារតែមានជំនឿចិត្ត។ ជាបន្តបន្ទាប់អ្នកវិនិយោគក្រៅស្រុក ទេសចរ នឹងចូលមកជាហូរហែរ ពេលនោះនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះប្រសើរឡើងវិញ”៕