សម្តេចតេជោ៖ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី 

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនឹងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា នៅក្នុងអំឡុងពេលមានវិបត្តិនេះ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។

សម្តេចតេជោបន្តថា កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។

សម្តេចតេជោ បន្ថែមទៀតថា មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើកដូចជាការសង្រ្គោះជនក្រីក្រនិងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ។

សម្តេចតេជោ បញ្ជាក់ទៀតថា រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ៕

កម្ពុជា​នឹង​ទទួលបាន​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍ថ្មីៗចំនួន៣របស់​ប្រទេស​ថៃ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គណៈកម្មាធិការ​គោលនយោបាយ​ច្រក របៀង​សេដ្ឋកិច្ច​កើត (EEC) របស់​ថៃ កាល​ដើម​សប្តាហ៍ បានអនុម័ត​លើ​ការសិក្សា​លទ្ធភាព គម្រោង​អភិវឌ្ឍន៍​ថ្មី​ចំនួន ៣ ដែលមាន​តម្លៃ១,១៨ទ្រី​លាន​បាត ក្នុង​គោលបំណង​បង្កើត​ការតភ្ជាប់​រវាង​ច្រក EEC របស់​រដ្ឋាភិបាល និង​ឧស្សាហកម្ម​ក្នុង​តំបន់។

គម្រោង​ថ្មី​ចំនួន៣ គឺ​កំពង់​ផែស្ងួត​ចំនួន៣ ដែលមាន​តម្លៃ​សរុប២៤ ពាន់​លាន​បាត​នៅ​ស្រុក Khon Kaen ខេត្ត Nakhon Ratchasima និង Chachoengsao។ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ផ្លូវ​ហាយ​វេ និង​បណ្តាញ​អភិវឌ្ឍន៍​ផ្លូវដែក​ពីរ​ខ្សែ ត​ភ្ជាប់​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ Andaman មានតម្លៃ១៦៨ ពាន់​លាន​ដុល្លារ និង​គម្រោង​ស្ពាន​ថៃ (សាផាន​ថៃ) មានតម្លៃ ៩៩០ពាន់​លា​បាត។

កំពង់ផែ​ស្ងួត​ទាំង៣ នឹងត្រូវ​អភិវឌ្ឍន៍​ដើម្បី​ភ្ជាប់​ច្រករបៀង EEC ជាមួយ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ចិន។ គណៈកម្មាធិការ​រំពឹង​ថា យុទ្ធសាស្ត្រ​ភ្ជាប់​នឹង​មានន័យថា នឹង​បន្ថែម​កុងតឺន័រ​ចំនួន២លាន​កុងតឺន័រ​បន្ថែមទៀត ដល់​កំពង់ផែ Laem Chabang ។

គណៈកម្មាធិការ​ដែល​ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុ​ធ ចាន់​អូ​ចា បានអនុម័ត​រួចហើយ ដោយ​លោក​បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​គម្រោង​ថ្មី​ចំនួន៣ នឹង​ជួយ​ពង្រឹងសមត្ថភាព ប្រកួតប្រជែង​របស់​ច្រករបៀង EEC និង​បង្កើត​ទំនាក់ទំនង​រវាង EEC និង​គម្រោង​អភិវឌ្ឍន៍​តំបន់​ស្រដៀង​គ្នា។

អគ្គលេខាធិការ​ការិយាល័យ​ច្រករបៀង EEC លោក Kanit Sangsubhan មានប្រសាសន៍ថា ការិយាល័យ​របស់លោក​មាន​ភារកិច្ច ដោះស្រាយ​ការសិក្សា​លទ្ធភាព​នៃ​គម្រោង​ទាំង៣ ។

លោក Kanit បាន​និយាយថា ការិយាល័យ​មាន​គោលបំណង​បញ្ចប់ ការសិក្សា​លើ​កំពង់ផែ​ស្ងួត Chachoengsao ដែលមាន​តម្លៃ​ប្រមាណ៨ពាន់​លាន​បាត នៅ​ឆ្នាំ២០២១ ដោយ​ការសាងសង់​ចំណាយពេល២ឆ្នាំ​ទៀត។

ការសិក្សា​លើ​កំពង់ផែ​ស្ងួត​ចំនួន២កន្លែង​ទៀត នៅ​តំបន់ Khon Kaen និង​ណា​ខុន​រ៉ា​ក់សី​ម៉ា ដែលមាន​តម្លៃ​សរុប១៦ ពាន់​លាន​បាត គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២២ ហើយ​ចំណាយពេល​ពីរ​ឆ្នាំ​ដើម្បី​សាងសង់។

កំពង់ផែ​ស្ងួត​ទាំង៣ នឹង​ត្រូវបាន​អភិវឌ្ឍន៍ ដើម្បី​ភ្ជាប់​ច្រករបៀង EEC ជាមួយ​ប្រទេស​ឡាវ កម្ពុជា មី​យ៉ាន់​ម៉ា វៀតណាម និង​ចិន។ គណៈកម្មាធិការ​រំពឹង​ថា យុទ្ធសាស្ត្រ​ត​ភ្ជាប់​នេះ​នឹង​គាំទ្រ​ដល់​កុងតឺន័រ​ចំនួន ២ លាន​កុងតឺន័រ​បន្ថែមទៀត​ដល់​កំពង់ផែ Laem Chabang ៕ Bangkok Post៕

ចំណេះដឹង! តើ​អ្វី​ជា​វិយោគ​ទុន​មាន​សារៈសំខាន់​យ៉ាងណា?

ដោយ​វុត្ថា

ភ្នំពេញៈ វិនិយោគទុន​គឺជា​ការជាប់​កិច្ចសន្យា រវាង​វិនិយោគិន​បរទេស និង​វិនិយោគិន​ខ្មែរ លើ​ទឹកដី​ណាមួយ​តាម​កិច្ចព្រមព្រៀង​ជាមុន ទោះ​នៅទីណា​ក៏ដោយ​ដោយ​អនុលោម​តាមច្បាប់ និង​បញ្ញា​ត្តិ​របស់​ភាគី​ចុះកិច្ចសន្យា។

វិនិយោគទុន​មាន​សារៈសំខាន់ និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិ​វ​ឌ្ឈ​ន៍ សេដ្ឋកិច្ចជាតិ​នៃ​ប្រទេសមួយ ដែល​កំពុង​មានការ​អភិ​វ​ឌ្ឈ​ន៍ ក៏ដូចជា​ប្រទេស​អភិ​វ​ឌ្ឈ​ន៍​ដែរ ។ ក្នុង​វិស័យ​ឯកជន ត្រូវបាន​ចាត់ទុក​លើ​ការវិនិយោគ​យ៉ាងសំខាន់ ជាមួយ​វិស័យ​សាធារណៈ​ក្នុងការ​អភិ​វ​ឌ្ឈ​ន៍​លើ​គ្រប់​វិស័យ ក្នុង​គោលបំណង​លើកស្ទួយ ដល់​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​រីកចំរើន​ជា​បន្តបន្ទាប់ ។

ម្យ៉ាងវិញទៀត​សារៈសំខាន់​នេះ​បាន​ជួយ ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប និង​ជួយ​លើក​ត​ម្កើ​ន​ជីវភាព​ពលរដ្ឋ​ក្រីក្រ ដើម្បី​ឲ្យ​មាន​ជីវភាព​ថ្កុំ​ថ្កើ​ន ដូច​អ​រ្យ​ប្រទេស​ក្នុង​ពិភពលោក នាពេល​បច្ចុប្បន្ន។

វិនិយោគទុន មាន​លក្ខណៈ​ខុសគ្នា​បន្តិច​ពី​វិនិយោគ ដោយ​ក្នុងន័យ “វិនិយោគ” គឺជា​ការធ្វើ​ប្រតិបត្តិការ​ដើម្បី​បង្កើត​មូលធន មានដូចជា​ទ្រព្យ ក្នុង​ការរក្សា​ស្ថេរភាព សម្រាប់​បម្រើ​សេចក្តីត្រូវការ និង​ចាំបាច់ ។ តាមន័យ​នេះ ការវិនិយោគ​មាន​ដូចតទៅ៖

  • ការ​បង្កើតជា​សហគ្រាស បរទេស​ដែលមាន បុត្រ​សម្ព័ន្ធ ការិយាល័យ​តំណាង និង​សាខា ។
  • ការទិញ​សហគ្រាស​ដែលមាន​រួចជាស្រេច
  • ចូល​ដើមទុន​សម្រាប់​សហគ្រាស​បង្កើត​ថ្មី
  • ចូល​ដើមទុន​សម្រាប់​សហគ្រាស​ដែលមាន​ស្រាប៕

ចិន​បង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នាំ​ឲ្យ​តម្លៃ​គ្រឿងសំណង់​ហក់​ឡើង​ខ្ពស់

ដោយ ហ្សូ​លី

ប៉េកាំងៈ រដ្ឋាភិបាល​ចិន​បង្ហូរ​លុយ​ជាច្រើន ចូលទៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពី​ថាមពលបៃតង ថាមពល​អគ្គិសនី និង​ព្រលានយន្តហោះ ជា​ចលករ​ជម្រុញ​ទីផ្សារ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង​ក្លា។

ការចំណាយ​នេះ កំពុង​បង្ហាញ​នៅក្នុង​ស​ន្ទ​ស្សន៍ ដែលជា​គោលដៅ​សម្រាប់​ថ្លៃដើម​នៃ​ទំនិញ​ដឹកជញ្ជូន​ដូចជា​រ៉ែ ដែក និង​ធ្យូងថ្ម កើន​ឡើងដល់​កំរិត​ខ្ពស់បំផុត​ចាប់តាំងពី​ខែកញ្ញា ។

លោកស្រី Caroline Bain ប្រធាន​អ្នកសេដ្ឋកិច្ច​ទំនិញ​នៃ​ស្ថាប័ន Capital Economics និយាយថា “ វា​កើនឡើង​ទ្វេដង ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដែល​វា​ពិតជា​អ  ស្ចា​រ្យ​ណាស់។លោកស្រី​បន្តថា  “ការនាំ​ចូល​លោហៈ​ពី​ប្រទេស​ចិន និង​រ៉ែ​ដែក​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​វា​បាន​ធ្លាក់​ពី​ការជាប់គាំង​របស់ខ្លួន​មក” ។

លោកស្រី Bain បាន​និយាយថា អាជ្ញាធរ​ចិន​បានកំណត់​ការចំណាយ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ប៉ុន្តែ​មាន​សញ្ញា​ថា​មិន​គ្រប់គ្រាន់​នៃ​គម្រោង​ទាំងនោះ។

ប្រទេស​ចិន​មាន​ឥទ្ធិពល​ហួស​ពី​តម្លៃ ពីព្រោះ​ប្រទេស​នេះ ប្រើប្រាស់​គ្រឿងសំណង់​ប្រហែល​ពាក់កណ្តាល នៃ​ការផ្គត់ផ្គង់​ទំនិញ​ទាំងនោះ។ ផ្ទុយទៅវិញ ប្រទេស​នេះ​បាន​កាត់បន្ថយ​ប្រេង​ប្រមាណ១៣% ។

រោង​ម៉ាស៊ីន​ចិន​បាន​ច្របាច់​បញ្ចូល​ដែកថែប ដែលមាន​បរិមាណ​ច្រើន ដើម្បី​ផលិត​ដែកថែប។ វិធានការណ៍​ដែល​ប្រទេស​ចិន បានប្រកាស​គាំទ្រ​សេដ្ឋកិច្ច​របស់ខ្លួន ក្នុង​អត្រា​ប្រហែល៥ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប គឺ​តិចជាង​វិធាន​ការដែល​ប្រកាស​ដោយ​ប្រទេស​មួយចំនួនទៀត។

យោងតាម​ទិន្នន័យ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ សហរដ្ឋអាមេរិក​កំពុង​ចំណាយ​ប្រហែល១១ភាគរយ ដែលមាន​សក្តានុពល​កា​ន់​តែ​ច្រើន ខណៈដែល​ប្រទេស​បារាំង​កំពុង​លង់ខ្លួន​ប្រហែល ៦ភាគរយ។

លោកស្រី Bain បាន​និយាយថា សេដ្ឋកិច្ច​ធំ ៗ ភាគច្រើន​កំពុង​ចំណាយ​ប្រាក់​ដើម្បី​ទ្រទ្រង់​និង​ការប្រើប្រាស់ ពេលដែល​ប្រទេស​ចិន​កំពុង ចំណាយ​ប្រាក់​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ៕

អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ ចាប់ផ្តើម​បង្ហាញ​សក្តានុពលទាក់ទាញ​ការវិនិយោគ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា វិស័យ​អចលនទ្រព្យ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤កំពុង​កម្រើក​ឡើង ខណៈ​ផ្លូវ​នេះ​នឹង​អាច​ក្លាយទៅជា​តំបន់​បណ្តុំ រោងចក្រ​ឧស្សាហកម្ម​នាពេល​អនាគត ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ​ថា ផ្លូវជាតិ​លេខ ៤៤ កំពុង​បង្ហាញ​ភាព​ទាក់ទាញ ដល់​រោងចក្រ​ឧស្សាហកម្ម​ជាច្រើន ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​នាពេល​អនាគត។

លោក​បាន​ថ្លែងថា “ថ្ងៃនេះ​ខ្ញុំ​និយាយ​ពី​ការទស្សទាយ​នៅពេល​អនាគត ផ្លូវជាតិ​លេខ៤៤ ហើយ​ផ្លូវ​ក្រវ៉ាត់​ដែល​ចាប់ពី​ខាងស្តាំ ដែល​ចុះទៅ​ផ្លូវ១៤៤០ និង​ផ្លូវ៥១ នឹង​ក្លាយទៅជា​តំបន់ឧស្សាហកម្ម។ លោក​បន្តថា “ដូច្នេះ​ពេល​ក្លាយទៅជា​តំបន់ឧស្សាហកម្ម វា​នឹង​ក្លាយ​កន្លែង​បណ្តុំ​រោងចក្រ ហើយ​វិស័យ​អចលនទ្រព្យ​ទទួលបាន​រីក​ម្រើ​ន ដែល​គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម” ។

លោក​បន្តទៀតថា “តំបន់​នេះ ពិសេស​នៅ​ប៉ែក​ខាងជើង ផ្លូវ​លេខ៤៤ នៅ​ខាងស្តាំ​ភាគច្រើន​ទទួល បាន​ផល​ចំ​ពេញ​ពី​ការវិនិយោគ។ ផ្លូវ​លេខ៤៤ ដែល​ភ្ជាប​ន់​ទៅ​ឱ​រ៉ា​ល់ ផ្លូវ៥១ទៅ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ គឺជា​ទីតាំង​ភូមិសាស្ត្រ​វិនិយោគ ដែល​អ្នកជំនាញ​អចលនទ្រព្យ​មើលឃើញ ហើយ​តាម​ការវិភាគ​របស់ខ្ញុំ ផ្លូវ៤៤ និង​ផ្លូវ៥១ នឹង​រីកចម្រើន​នាពេល​អនាគត” ។

លោ​កវិន ឈុន​ហ៊ា​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ DEYTHMEY Real Estate បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី៨ខែតុលា ឆ្នាំ២០២០ថា បច្ចុប្បន្ន ផ្លូវជាតិ​លេខ៤៤ កំពុង​បង្ហាញ​សក្តានុពល​សម្រាប់ កា​រលើ​វិស័យ​ឧស្សាហកម្ម ដោយបាន​ទាក់ទាញ​រោងចក្រ​ចំនួន​បោះទីតាំង​នៅតាម​ផ្លូវ​នេះ។

លោក​បាន​ថ្លែងថា “ជាមួយគ្នានេះដែរ វិស័យ​អចលនទ្រព្យ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ កំពុង​មានការ​កម្រើក​ឡើងបណ្តើរៗ ដោយសារ​ផ្លូវ​នេះ​មាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​រោងចក្រ ការអភិវឌ្ឍន៍ផ្សេងៗកំពុង​កើតឡើង និង​ជា​ផ្លូវ​ត​ភ្ជាប់​ជាមួយ​ខេត្តសំខាន់ៗ ដូចជា​ខេត្តកោះកុង​ជាដើម” ។

លោក​បាន​បន្តទៀតថា “បច្ចុប្បន្ន តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ៤៤ កំពុងមាន​តម្រូវ​ការគួរសម ហើយ​តម្លៃ​ដី​អាច​រកបាន​ចាប់ពី១៥ដុល្លារ​ឡើងទៅ ហើយ​នា​អនាគត តម្លៃ​ដី​នៅតាម​ផ្លូវ​នេះ​នឹង​កើនឡើង​ជាងនេះទៅទៀត” ។

ផ្លូវជាតិ​លេខ៤៤ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០១៦ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។ ផ្លូវជាតិ​លេខ៤៤ ចាប់ផ្តើម​ត្រង់​គីឡូម៉ែត្រ​លេខ៤៨ លើផ្លូវ​ជាតិ​លេខ៤ ឆ្លងកាត់​ក្រុង​ច្បារមន និង​ស្រុក​ចំនួន៤ រួមមាន ស្រុង​សំរោង​ទង ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧ​ត្តុ​ង្គ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥ ត្រង់​គីឡូ​ម៉ែត​លេខ៣។

កាលពីថ្មីៗនេះ អភិបាលខេត្ត​កំពង់ស្ពឺ លោក​វ៉ី សំណាង​បាននិងកំពុង​ជំរុញ ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទៅ​បោះទីតាំង នៅតាម​បណ្តោយ​ផ្លូ​ជាតិ​លេខ៤៤ ដែល​កំណាត់​ផ្លូវ​នេះ មាន​ប្រវែង៤៨ គីឡូម៉ែត្រ​ពី​ទី​រួម​ក្រុង​កំពង់ស្ពឺ​ឆ្ពោះទៅកាន់​ស្រុក​ឱ​រ៉ា​ល់។

លោក​អភិបាលខេត្ត​បន្តថា រដ្ឋបាលខេត្ត​បាន និង​កំពុង​ជំរុញ​រោងចក្រ​សហគ្រាសផ្សេងៗ ទៅ​បោះទីតាំង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ បន្ថែមទៀត ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ពលរដ្ឋ​នៅ​ទីនោះ ដើម្បី​ធ្វើការ​ហើយ​ទទួលបាន​ចំណូល ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​ឱ្យ​កាន់តែ​ប្រសើរឡើង។

លោក​បាន​ថ្លែងថា “ខ្ញុំ​មិនមែន​តែ​ខិតខំ​ប្រឹងប្រែង រក​អ្នកវិនិយោគ​ដាក់​នៅ​ស្រុក​គងពិសី ស្រុក​បសេដ្ឋ​នោះទេ យើង​ខិតខំ​ជំរុញ​ទៅ​ផ្លូវ​លេខ៤៤ ហើយ​កាលពីពេល​ថ្មី​នេះ​ខ្ញុំ​បាន​ចុះហត្ថលេខា​ឱ្យ​រោងចក្រ​ចំនួន២បន្ថែមទៀត ឱ្យទៅ​កាន់​ទីនោះ​ក្នុងដំណាក់កាល​នៃ​ជំងឺ Covid-19 នេះ” ៕

ឆ្នាំ២០២១ ក្រសួង​ដែនដី​នឹង​ចុះបញ្ជី៧លាន​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាការ​ធានា​ដល់​សុវត្ថិភាព និង​ភាព​សុខ​របស់​ប្រជាពលរដ្ឋ ក្នុងការ​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ស្របច្បាប់ នៅត្រឹម​ឆ្នាំ២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹងធ្វើ​ការចុះបញ្ជី​ចំនួន៧លាន​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ។

លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា សុផារ៉ា បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា នៅ​ឆ្នាំ២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នឹង​ចុះបញ្ជី​ក្បាលដី៧លាន​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ ។

លោក​បន្តថា “សូមឱ្យ​ទាំងអស់គ្នា ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ពុះពារ​នៅក្នុង​ការចុះបញ្ជី​ដីធ្លី ព្រោះ​ការចុះបញ្ជី​ដីធ្លី​នេះ គោលដៅ​ដ៏​ចម្បង យើង​ត្រូវ​ជំរុញ​ឱ្យបាន៩៤ភាគរយ នៅ​ឆ្នាំ២០២០ ហើយ​ត្រូវ​ចប់​នៅ​ខែធ្នូ ពេល​សន្និបាត​ឆ្នាំ២០២១ គឺ​ត្រូវ​បញ្ចប់​ការចុះបញ្ជី​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​ប៉ាន់ស្មាន​មាន​ជាង៧លាន​ក្បាលដី” ។

លោក​ជា សុផារ៉ា​បាន​សង្កត់ធ្ងន់ថា ការចុះបញ្ជី​ក្បាល​ជូន​ប្រជាពលរដ្ឋ​ឱ្យអស់​នៅ​ឆ្នាំ២០២១ ខាងមុខនេះ គឺជា​ការងារ​ដ៏​សំខាន់បំផុត ដើម្បីឱ្យ​ការគ្រប់គ្រង​ដី​មាន​សុវត្ថិភាព មាន​បណ្ណ​សម្គាល់​អចល​វត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូប ព្រមទាំង​ធ្វើឱ្យមាន​ស្ថិរភាព ហើយ​បណ្ណ​នេះ​ក្លាយទៅជា​ទុន ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ខិតខំ​ធ្វើការ​បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ មាន៥ដំណាក់កាល​កន្លងផុត​ទៅហើយ។

ចាប់ពី​ឆ្នាំ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បានផ្តល់​បណ្ណ​កម្មសិទ្ធិ ទទួលស្គាល់​សិទ្ធិ កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន៥ដំណាក់កាល ដូច្នេះ​ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ទាំង៥ដំណាក់កាល បានក្លាយ​ជា​ទុន​ដែល​រដ្ឋ​បាន​ផ្តល់ជូន ដល់​ប្រជាពលរដ្ឋ​ទាំងអស់។ ការផ្តល់ជូន​បណ្ណ​កម្មសិទ្ធិ​លើដី​ធ្លី​នេះហើយ បាន​នាំមក​នូវ​សក្តានុពល​លើ​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​ក្រុមគ្រួសារ និង​អាច​ស្វែងរក​ដៃគូរ​អភិវឌ្ឍ​នានា មក​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ដីធ្លី​របស់​ពួកគាត់​ជាដើម។ និយាយ​ម្យ៉ាងទៀត វា​បាន​ក្លាយទៅជា​ការជំរុញ​អនុវត្តន៍​ការដោះស្រាយ​វិវាទ​ដីធ្លី​ផងដែរ៕

WTO៖ ទំហំពាណិជ្ជកម្មទូទាំងពិភពលោកធ្លាក់ចុះលើសពីការរំពឹងទុក សម្រាប់ឆ្នាំ ២០២០

ដោយ : ហ្សូលី

ភ្នំពេញ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរំលឹកពីការព្យាករណ៍របស់ខ្លួនថា ទំហំពាណិជ្ជកម្មទូទាំងពិភពលោកនៅក្នុងឆ្នាំ ២០២០នេះធ្លាក់ចុះលើសពីការរំពឹងទុក ពោលគឺធ្លាក់ចុះពី ១២.៩ភាគរយ មកត្រឹម ៩.២ ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការពាណិជ្ជកម្មពិភពលោករៀបរាប់ថា ទស្សនវិស័យវិជ្ជមានកើតឡើងដោយផ្អែកលើលទ្ធផលនៃការធ្វើពាណិជ្ជកម្មដ៏រឹងមាំនៅក្នុងខែមិថុនា និងខែកក្កដា នៅពេលវិធានការប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ត្រូវបានបន្ធូរបន្ថយ។

ការធ្វើពាណិជ្ជកម្មទំនិញដែលទាក់ទងទៅនឹងទំនិញនៃជំងឺរាតត្បាតមានសន្ទុះខ្លាំងក្នុងអំឡុងពេលនេះ។ នេះជាការសង្កេតឃើញរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO។

សេចក្តីប្រកាសព័ត៌មានដដែលថា ការព្យាករណ៍សម្រាប់ឆ្នាំក្រោយអាចមានទុទិដ្ឋិនិយមច្រើនជាងការប៉ាន់ស្មានកាលពីលើកមុននៃកំណើនប្រមាណ ២១.៣ ភាគរយ ដែលធ្វើឱ្យពាណិជ្ជកម្មទំនិញស្ថិតនៅក្រោមនិន្នាការរីករាលដាលមុនឆ្នាំ ២០២១។

ទន្ទឹមនេះ សេដ្ឋវិទូប្រចាំស្ថាប័ននេះបានព្រមានថា ទស្សនវិស័យដែលប្រសើរឡើងអាចត្រូវបានរំខានដោយផលប៉ះពាល់ដែលកំពុងកើតមានដោយជំងឺរាតត្បាត។

ជំងឺ Covid-19 បានធ្វើឱ្យមានផលប៉ះពាល់ និងរំខានលើវិស័យជាច្រើនទូរទាំងពិភពលោកដូចជា វិស័យទេសចរណ៍ ការធ្វើដំណើរ និងផលិតកម្ម។ កាលពីខែមេសា សេដ្ឋកិច្ច និងអាជីវកម្មជាច្រើនបានបិទទាំងស្រុង អង្គការពាណិជ្ជកម្មពិភពលោក បានធ្វើការព្យាករណ៍ម្តងថានឹងមានការធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២០ ចន្លោះ ១២ ភាគរយ ទៅ ៣២ ភាគរយ។

បច្ចុប្បន្នពាណិជ្ជកម្មពិភពលោកកំពុងជួបប្រទះការស្ទុះងើបឡើងវិញនៃការនាំចេញនិងការនាំចូល តែក៏នៅមានភាពមិនប្រាកដប្រជា ដោយសារការព្យាករណ៍ពឹងផ្អេកលើការវិវត្តនៃជំងឺរាតត្បាតនិងការឆ្លើយតបរបស់រដ្ឋាភិបាលពិភពលោក៕

បណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ពង្រឹងសមត្ថភាពលើការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ បណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង បានបង្ហាញពីការចាប់ផ្តើមពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកនៅក្នុងបណ្តាប្រទេសនានាដែលស្ថិតនៅអនុតំបន់រួមគ្នា។

អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក ជួប ប៉ារីស៍ បានឱ្យដឹងនៅក្នុងការឱ្យដំណើរការនៃការអនុវត្តគម្រោងនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះថា ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងយុទ្ធសាស្រ្តរេដបូកជាតិ រួមគ្នាបង្កើនប្រសិទ្ធភាពកាត់បន្ថយការបាត់បង់ព្រៃឈើ និងការសឹករេចរឹលព្រៃឈើនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា “វេទិកានាថ្ងៃនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តគម្រោង និងធ្វើការបង្ហាញពីផែនការសកម្មភាពរបស់គម្រោងនិងរចនាសម្ព័ន្ធសម្រាប់អនុវត្ត ព្រមទាំងប្រមូលធាតុចូលតាមរយៈកិច្ចពិភាក្សា យោបល់ និងការរំពឹងទុកពីភាគីពាក់ព័ន្ធនានាដើម្បីធានាការអនុវត្តគម្រោងបានត្រឹមត្រូវ និងទទួលបានលទ្ធផលពេញលេញ តាមទិសដៅនិងគោលបំណងដែលបានគ្រោងទុក”។

រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោក សៅ សុភាព បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការឡានឆាង គឺជាគម្រោងមានគោលបំណងបង្កើនចំណងមិត្តភាពរវាងបនណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ចំនួន៦ ប្រទេសមាន ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ដោយបានចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងសហគមន៍មួយ ដែលមានសន្តិភាព និងវិបុលភាពរួមគ្នា។

លោកបន្តថា “គម្រោងពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើម និងសម្របសម្រួលតាមរយៈក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាគម្រោងថ្នាក់អនុតំបន់មេគង្គឡានឆាង មានរយៈពេល២ឆ្នាំ ដោយមានគោលដៅពង្រឹងសម្ត្ថត្ថភាពរបស់ស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិ (ជាពិសេសមន្រ្តីនៃខេត្តកំពង់ឆ្នាំង ពៅធិសាត់ បាត់ដំបង និងប៉ៃលិន)” ។

សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ អភិរក្សជីវៈចម្រុះ ផ្អែកលើឯកសារសំខាន់ៗពីរ ផែនការយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៨-២០២២ និងយុទ្ធសាស្រ្តរេដបូកជាតិ២០១៧-២០២៦។

ក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១៧ បានទទួលគម្រោងចំនួន៣ រួមមានៈ
១- គម្រោងកសាងភាពធន់នៃតំបន់ដីសើមដីសណ្តរមេគង្គក្រោមតាមរយៈការពង្រឹងជីវភាពរស់ សុខមាលភាព និងជីវៈចម្រុះប្រកបដោយនិរន្តរភាពនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។
២- គម្រោងប្រព័ន្ធតាមដានគុណភាពទឹកនិងសាងសង់មជ្ឈមណ្ឌលព័ត៌មាននៅទន្លេមេគង្គ
និង៣- គម្រោងពង្រឹងសមត្ថភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ដែលដំណើរការអនុវត្តចាប់ពីពេលនេះ៕

រដ្ឋមន្ត្រីការបរទេសចិននឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅចុងសប្តាហ៍នេះ

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ១១ និង ១២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមឱ្យដឹងពីមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា។

លោក វ៉ាង យី ត្រៀមខ្លួនមកបំពេញទស្សនកិច្ចនៅកម្ពុជាផ្លូវការ និងអញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសរូបនេះនឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ធ្លាប់បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ ២០១៦ កន្លងទៅ។

ទំនាក់ទំនងរវាងកម្ពុជាជាមួយចិន និងការជួយជ្រោមជ្រែងរបស់ប្រទេសមហាអំណាចមួយនេះ មកលើកម្ពុជា មានច្រើនវិស័យដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម អចលនទ្រព្យ និងវិស័យឧស្សាហកម្មដទៃទៀត។

ថ្លែងក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងពីការជួយ និងអរគុណដល់ភាគីចិនដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមជួយកម្ពុជាក្នុងការស្ថាបនាផ្លូវរាប់ពាន់គីឡូម៉ែត្រ៕

បណ្តាអ្នកជំនាញ បង្ហាញពីការព្យាករណ៍ទីផ្សារអចលនទ្រព្យសម្រាប់ឆ្នាំ២០២១

ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ វិស័យអចលនទ្រព្យសកលបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីឥទ្ធិពលនៃវតបត្តិ Covid-19 ។ ដោយឡែកសម្រាប់កម្ពុជាហាក់មានភាពធូរស្រាលជាងបណ្តាប្រទេសដទៃ ហើយនៅឆ្នាំ២០២១ខាងមុខនេះ អាចនឹងមានភាពកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ខណៈដែលសកម្មភាពទិញលក់ និងអភិវឌ្ឍក្នុងស្រុកនៅតែបន្តមានយ៉ាងមមាញឹក។

ប្រធានសមាគមអចលនទ្រព្យ សកល លោក សំ សុខនឿន បានបង្ហាញពីការព្យាករណ៍មកកាន់គេហទំព័រ Property Area Asia ជាមួយនឹងក្ដីរំពឹងថា វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២១ អាចនឹងមានសន្ទុះជាងឆ្នាំ២០២០នេះ។

លោកបានបញ្ជាក់ថា ប្រសិនបើ វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ត្រូវបានរកឃើញជាស្ថាពរ និងលុបបំបាត់ការរាត់ត្បាតជាសកលបាន ខ្ញុំជឿជាក់ថា តាមរយៈរាជរដ្ឋាភិបាល អាចនឹងទាក់ទាញវិនិយោគិនពីក្រៅស្រុកឱ្យចូលមកក្នុងប្រទេសកម្ពុជាបានច្រើនជាងនេះ ហើយវិស័យអចលនទ្រព្យនឹងកាន់តែក្តៅគគុកល្អជាងនេះ។ ខ្ញុំជឿជាក់ ១០០ភាគរយថា នៅពេលវិនិយោគិនចិន និងបណ្តាប្រទេសផ្សេងៗទៀតចូលមកទីផ្សារកម្ពុជាសាជាថ្មី ចលនានៃការទិញ-លក់អចលនទ្រព្យនឹងកក្រើកឡើងវិញ”។

ដោយឡែក នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហួរ បានលើកឡើងថា សម្រាប់វិស័យអចលនទ្រព្យឆ្នាំ២០២១ បើសិនជាជំងឺរាតត្បាតផុតរលត់ អ្វីៗវានឹងងើបមកប្រសើរឡើងវិញ តែបើសិនជាវានៅមានចំហាយ ហើយអូសបន្លាយទៀត ស្ថានភាពនឹងមិនខុសគ្នាពីឆ្នាំ២០២០នេះឡើយ។

លោកស្រីបញ្ជាក់ថា “បើវាមិនផុតទៅទេ នោះស្ថានភាពនឹងកាន់តែពិបាកខ្លាំង តែយ៉ាងណាមិនធ្ងន់ធ្ងរ និងប៉ះពាល់គ្រប់មុខដូចសង្គ្រាមលោកនោះទេ តែបើជំងឺនេះ វាជាហើយ គ្រប់យ៉ាងនឹងត្រឡប់មករកសភាពធម្មតាជាក់ជាមិនខាន”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហាញទស្សនៈផ្ទាល់ខ្លួនផងដែរថា “សម្រាប់ការយល់ឃើញរបស់ខ្ញុំ នៅក្នុងឆ្នាំ ២០២១ វាហាក់ដូចជាមានភាពស្រពេចស្រពិលនៅឡើយសម្រាប់ធ្វើការព្យាករណ៍ ដោយសារតែវ៉ាក់សាំងមិនទាន់ប្រាកដប្រជា។ ទោះជាយ៉ាងណាក៏ដោយ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានសកម្មភាព ជាពិសេស អតិថិជនក្នុងស្រុកនៅតែបន្តទិញ-លក់ ប៉ុន្តែអាចនឹងមិនកម្រើកច្រើននោះទេ”។

ប្រធានសមាគមរូបនេះបានបញ្ជាក់ទៀតថា “ធនាគារមួយចំនួននៅតែបន្តគាំទ្រផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ ដែលវាជារឿងល្អ និងអនុញ្ញាតឱ្យវិស័យនេះនៅតែមានដង្ហើម បើទោះជាកម្ពុជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ ដើម្បីឱ្យកិច្ចការងារលើវិស័យអចលនទ្រព្យដំណើរការ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល វិស័យធនាគារ និងតម្រូវការក្នុងស្រុក គឺជាកត្តាសំខាន់ជួយជម្រុញឱ្យវិស័យអចលនទ្រព្យរីកចម្រើននាពេលអនាគត”៕