ទឹកប្រាក់ជាង៩១លានដុល្លារ នឹងត្រូវចំណាយសម្រាប់ជួសជុលផ្លូវជនបទនៅទូទាំងប្រទេស

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលនឹងត្រូវចំណាយថវិកាប្រមាណជាង៩១លានដុល្លារអាមេរិក សម្រាប់ការស្ដារ និងជួសជុលផ្លូវជនបទ ដែលរងការខូចខាតដោយសារទឹកជំនន់នៅទូទាំងប្រទេសសរុបចំនួន ៦៧០ខ្សែ ស្មើនឹងប្រវែង ៥,៣៨៩.៥៩ គីឡូម៉ែត្រ ដោយក្នុងនោះ ផ្លូវរងការខូចខាតប្រវែង ៣១,៥៤.៤២គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ចំនួន២២៩កន្លែង។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងហោចណាស់ ក្រសួងត្រូវការថវិកាប្រមាណជាង ៩១លានដុល្លារសម្រាប់ចំណាយក្នុងស្ដារផ្លូវជនបទដែលទទួលរងការខូចខាតដោយទឹកជំនន់។

លោកបានបញ្ជាក់ថា ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥នេះ ក្រសួងរកឃើញថា មានខេត្តចំនួន៩ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងនោះ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពងស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង ឧត្តរមានជ័យ។ ប៉ុន្ដែក្នុង៩ខេត្តនោះ ក្រសួងជ្រើសរើសអាទិភាព ចំនួន៣ខេត្ត ដែលត្រូវជួសជុលជាចាំបាច់មុនគេបំផុត គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង។

លោក ចាន់ ដារ៉ុង បានឲ្យដឹងទៀតថា ខេត្តទាំង៣ដែលជាខេត្តអាទិភាព ត្រូវស្ដារឡើងវិញមុនគេនេះ ត្រូវចំណាយថវិកាប្រមាណ១៦លានដុល្លារ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំណាយ៤.៦លានដុល្លារ, ពោធិ៍សាត់ ចំណាយ៤.៦លានដុល្លារ និងបាត់ដំបង ៣.៣លានដុល្លារ។ ហើយនៅពេលនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានទម្លាក់កញ្ចប់ថវិកាចំនួន១៥លានដុល្លារហើយ ដើម្បីក្រសួងអភិវឌ្ឍន៍ជនបទ ដោះស្រាយលើបញ្ហានេះ។

ដោយឡែក ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ អ្នកនាំពាក្យ ចាន់ ដារ៉ុង បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ ដែលទទួលរងនូវផលប៉ះពាល់ គឺអណ្ដូងទឹក។ ចំពោះអណ្តូងដែលទទួលរងការខូតខាតមានចំនួនសរុប ៤,១៥៥អណ្តូង។ ចំពោះការចំណាយក្នុងការជួសជុល និងស្ដារអណ្ដូងទឹកដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទាំងអស់នេះមានចំនួនទឹកប្រាក់សរុបប្រមាណជាង៩០ម៉ឺនដុល្លារអាមេរិក៕

អ្នកជំនាញៈស្រុកឧដុង្គជាទីតាំងស្នូលនៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ក្នុងខេត្តកំពង់ស្ពឺ

ដោយ ហ្សូលី

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ស្រុកឧដុង្គ ជាទីតាំងវិនិយោគសំខាន់ក្នុងខេត្តកំពង់ស្ពឺ សម្រាប់ការអភិវឌ្ឍលើវិស័យអចលនទ្រព្យជាច្រើនប្រភេទ ដូចជា បុរីលំនៅដ្ឋាន ដីឡូតិ៍ ពិសេសការបង្កើតរោងចក្រសហគ្រាស់ខ្នាតតូចធំ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃតំបន់អាស៊ាន និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Propertyareaasiaនៅក្នុងកិច្ចសម្ភាសនៅថ្ងៃទី២៤ វិច្ឆិកានេះថា ខេត្តកំពង់ស្ពឺ គឺជាទិសដៅនៅក្នុងការអភិវឌ្ឍក្រុង សព្វថ្ងៃរាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្តានុពលនៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យអចលនវត្ថុ តាមរយៈការផ្តល់ឱកាសឱ្យប្រជាជនក្នុងតំបន់នោះ។

លោកបន្តថា “រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍ គម្រោងពង្រីកតំបន់ឧស្សាហកម្ម ឬហៅថា Industral Zone ទៅកាន់ខេត្តកំពង់ស្ពឺតែម្តង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងស្រុកឧដុង្គ។ តំបន់នេះគឺជាតំបន់ដែនឹងត្រូវអភិវឌ្ឍជា Industrial zone នាពេលអនាគត”។

ជាមួយគ្នានេះ ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានថ្លែងថា វិស័យអចលនទ្រព្យក្នុងខេត្តកំពង់ស្ពឺ មានភាពទាក់ទាញកាន់តែខ្លាំងប្រមាណ២ឆ្នាំ ចុងក្រោយនេះ ដោយមានគម្រោងវិនិយោគរោងចក្រ សហគ្រាសនិងលំនៅឋានថ្មីៗជាច្រើនសាងសង់នៅទីនោះ។ ក្នុងនាមជាខេត្តដែលកំពុងមានសក្តានុពលខ្ពស់ លើវិស័យអចលនទ្រព្យ ខណៈបច្ចុប្បន្នមានអ្នកវិនិយោគកាន់តែច្រើន បាននាំគ្នាទៅសង់លំនៅឋានឬពុះដីឡូត៍លក់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា វិនិយោគិនបានចាប់អារម្មណ៍លើការវិនិយោគជាច្រើន ក្នុងទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសទីតាំងដែលមានការចាប់អារម្មណ៍ខ្លាំង គឺនៅតាមបណ្តោយជាតិលេខ៤៤ ផ្លូវជាតិ៥១ និងផ្លូវជាតិ៤១ ដែលជាផ្លូវជាតិដ៏មានសក្តានុពលក្នុងការវិនិយោគ និងមានសេដ្ឋកិច្ចល្អ។

លោកបន្តថា “សម្រាប់ខេត្តកំពង់ស្ពឺវិញ គឺមិនថយចុះនៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យឡើយ ដោយទទួលបានការទាក់ទាញ គម្រោងវិនិយោគលើវិស័យអចលនទ្រព្យជាច្រើនពីអ្នកអភិវឌ្ឍន៍”៕

បុរីថ្មីមួយតម្លៃរាប់សិបលានដុល្លារ កំពុងរួមចំណែកធ្វើឱ្យស្រុកពញាក្រែកកាន់តែមានភាពទាក់ទាញ

ដោយ ៖ រ៉ាណេត

ត្បូងឃ្មុំ ៖ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទាន់សម័យដ៏ធំលើកដំបូងនៅក្នុងខេត្តត្បូងឃ្មុំ ដែលកំពុងមានសកម្មភាពសាងសង់ជាបណ្តើរៗនាពេលបច្ចុប្បន្ននេះ នឹងចូលរួមកែប្រែសោភ័ណភាពខេត្ត ជាពិសេសស្រុកពញាក្រែកដែលមានប្រជាជនរស់នៅច្រើនជាងគេ ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញប្រចាំតំបន់។

ស្ថិតនៅលើផ្លូវជាតិលខ៧ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ គម្រោងសាងសង់បុរីលំនៅដ្ឋានបែបទាន់សម័យ និងធំជាងគេប្រចាំខេត្តត្បូងឃ្មុំ បុរី ក្រែក ស៊ីធី ហ្គាឌិន (Krek City Garden) នឹងជួយកែប្រែសោភ័ណភាព និងសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យកាន់តែមានភាពល្អប្រសើរ ស្ថិតនៅភូមិ ហួចលិច ឃុំក្រែក ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ។

លោកបណ្ឌិត តេង រិទ្ធី ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍មួយនេះ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារគេហទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា បុរី ក្រែក ស៊ីធី ហ្គាឌិន (Borey Krek City Garden) គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំជាងគេនៅក្នុងខេត្ត ជាពិសេសនៅក្នុងស្រុកពញាក្រែក លើផ្ទៃដីទំហំជាង១៦ហិកតា ស្មើនឹងប្រមាណ ៧០០ខ្នង ដោយមានការបែងចែកជាប្រភេទ ផ្ទះអាជីវកម្ម (ប្រភេទ២ជាន់ និង៣ជាន់, ) វីឡាទោល រួមជាមួយនឹងការអភិវឌ្ឍផ្សារសហគមន៍បែបទំនើបដែលមានរហូតដល់ប្រមាណ៤០០ស្ដង់។

លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍បន្តថា “នៅទីនេះ គឺជាទីតាំងដែលប្រមូលផ្តុំទៅដោយប្រជាពលរដ្ឋ ហើយក៏ជាតំបន់សេដ្ឋកិច្ចដ៏មមាញឹកជាងគេប្រចាំខេត្តត្បូងឃ្មុំ ដោយមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនតភ្ជាប់ទៅកាន់បណ្តាខេត្តផ្សេងៗដូចជាខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង ក៏ដូចជាតភ្ជាប់ជាមួយរាជធានីភ្នំពេញតាមរយៈផ្លូវជាតិ ៧ និងផ្លូវជាតិលេខ៨ តភ្ជាបជាមួយផ្លូវជាតិលេខ៦A ហើយក៏ជាផ្លូវឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ដែលជាតំបន់ផ្លាស់ប្ដូរទំនិញផងដែរ”។

អ្វីដែលជាលក្ខណៈពិសេសរបស់គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទាន់សម័យមួយនេះ គឺមានការផ្តល់ជូននូវជម្រើសក្នុងការក្លាយខ្លួនជាម្ចាស់លំនៅដ្ឋានបានយ៉ាងងាយស្រួល ដោយរាល់ការទិញបង់ផ្តាច់នឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយភ្លាមៗ។ ដោយឡែកសម្រាប់ការទិញដោយបង់រំលោះ អតិថិជនគ្រាន់តែបង់ចំនួន៣០ភាគរយលើកដំបូង ហើយធ្វើការបង់រំលោះប្រចាំខែដោយគ្មានការប្រាក់រហូតដល់ចំនួន២ឆ្នាំ ជាមួយនឹងការផ្តល់នូវទំនុកចិត្តខ្ពស់បង់រំលោះជាមួយក្រុមហ៊ុនក៏បាន ឬជាមួយធនាគារក៏បាន។

សម្រាប់ប្រភេទលំនៅដ្ឋានអាជីវកម្មដែលមានកម្ពស់២ជាន់ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ ៣៨០០០ដុល្លារឡើងទៅ ហើយប្រភេទផ្ទះអាជីវកម្ម៣ជាន់ មានតម្លៃចាប់ពីជាង ៧ម៉ឺនដុល្លារឡើងទៅ ដោយឡែកប្រភេទផ្ទះវីឡាទោល ត្រូវបានដាក់លក់ត្រឹមតម្លៃជាង ៥ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ ដោយគ្រប់ប្រភេទលំនៅដ្ឋាន និងវីឡា សុទ្ធតែត្រូវបានសាងសង់ឡើងស្របតាមកម្រិតស្ដងដារ ទាំងទំហំផ្ទះ និងទំហំដីផងដែរ។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងគម្រោង លោកអ្នកអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៧ ៧០ ៥៤ ៨៨៨ / ០៩៧ ៧១ ៥៤ ៨៨៨៕

គម្រោងសិក្សាសាងសង់រថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ហាក់ស្ថិតក្នុងមន្ទិល

        ដោយគង់ សូរិយា

        ភ្នំពេញៈ គំរោងសិក្សាសាងសង់រថភ្លើងល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងតភ្ជាប់ទៅកាន់ទីក្រុងប៉ោយប៉ែត ហាក់ស្ថិតក្នុងមន្ទិលឬភាពមិនច្បាស់លាស់នៅឡើយ។

អ្នកនាំាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា គំរោងសិក្សាលើផែនការសាងសង់ខ្សែរថភ្លើងល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងសៀមរាប និងក្រុងប៉ោយប៉ែត លោកមិនមានព៌តមានជាក់លាក់នៅឡើយទេ។

លោកបន្តថា “ទោះបីជាមានក្រុមហ៊ុនសិក្សា ក៏គេមិនទាន់ទម្លាក់ឬបញ្ចេញរបាយ​ការណ៍មកក្រសួងនៅឡើយ ហេតុនេះខ្ញុំមិនទាន់បានទទួលព៌តមាន ពីគំរោងនេះសិក្សាចប់ឬយ៉ាងណាឡើយ”។

ទោះជាយ៉ាងណានាពេលកន្លងមក ក្រុមហ៊ុនចិនមួយចំនួនធ្លាប់បានជួបជាមួយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីស្នើ​សុំសិក្សាគំរោងដ៏ធំ និងទំនើបនេះ ហើយជាលទ្ឋផលក្រសួងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនសិក្សាលើគំរោងនេះ ប៉ុន្តែលទ្ឋផលបែបណាមិនទាន់ មានការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តីថាបានបញ្ចប់ឬយ៉ាងណានៅឡើយទេ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់​បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ កាន់តែច្រើន ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ជារឿងប្រឈមមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ លោកបន្តថា បញ្ហាហេដ្ឋារចនាសម្ព័ន្ឋបានធ្វើឲ្យការដឹកជញ្ជូនមានតម្លៃថ្លៃនៅកម្ពុជា ធៀបជាមួយប្រទេសក្នុងតំបន់ ហេតុនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់ ហើយរដ្ឋាភិបាលបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្ម ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋត្រូវការពេលយូរ មិនមែបសង់ចប់មួយខែឬមួយថ្ងៃទេ។

លោកបន្តថា “ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដែលជាតម្រូវការចាំាំបាច់សំរាប់រុញសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំណាក់កាលថ្មីមួយទៀត”៕

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ROYAL Group គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកបុទុមសាគរ ខេត្តកោះកុង

ដោយ ៖ រ៉ាណេត
កោះកុង ៖ ក្រៅពីគម្រោងដ៏មហិមាដែលមានតម្លៃទុនវិនិយោគជាង ១៣៤៤លានដុល្លារក្នុងការបង្កើតរោងចក្រផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្មដែលមានកម្លាំង៧០០មេហ្គាវាត់ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ក៏បាន និងកំពុងបម្រុងទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតស្ថិតនៅទីតាំងរួមគ្នាក្នុងតំបន់ឧទ្យានបុទុមសាគរ ខេត្តកោះកុង។

តបទៅនឹងសំណើសុំវិនិយោគ និងអភិវឌ្ឍន៍បង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើនេះ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិកមិញនេះ មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ខេត្តបានបើកកិច្ចប្រជុំពិភាក្សាសិក្សាលម្អិតអំពីទីតាំង ដែលក្រុមហ៊ុន Royal Group Co., Ltd បានស្នើសុំក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រ ឃុំតានូន និងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងដែលបានដឹកនាំកិច្ចប្រជុំ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានឯកភាព និងគាំទ្រឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងឧទ្យានជាតិបូទុមសាគរ ដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ អ្វីដែលត្រូវយកចិត្តទុកដាក់ជាសំខាន់នោះ គឺសុំឱ្យបញ្ចៀសនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជីវចម្រុះឱ្យនៅកម្រិតទាបបំផុត។ បន្ថែមពីលើនេះ ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ក្នុងឧទ្យានជាតិបូទុមសាគរ ក្នុងគោលបំណងសិក្សាលម្អិតអំពីស្ថានភាពភូមិសាស្ត្រឱ្យបានជាក់លាក់។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ក៏បានចូលរួមកិច្ចប្រជុំពិភាក្សាថ្មីមួយទៀតស្តីពីការកាត់ឆ្វៀលដីចេញពីឧទ្យានជាតិបូទុមសាគរ និងប្រជុំសិក្សាការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកបូទុមសាគរ របស់ក្រុមហ៊ុន ROYAL Group Co,.Ltd ក្រោមការចូលរួមពីលោក សុខខេង នវិន្ទ រដ្ឋលេខាធិការក្រសួងបរិស្ថានផងដែរ។

កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចគាំទ្រការស្នើសុំវិនិយោគរបស់ក្រុមហ៊ុន ROYAL GroupCo,.Ltd ដូចតទៅ ៖
មាត្រា១ ត្រូវបានកំណត់ តំបន់គ្រប់គ្រងលើផ្ទៃដីទំហំ ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិ បុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុម សាគរ ខេត្តកោះកុង ទៅជាតំបន់ ប្រើប្រាស់ដោយ ចីរភាព ដូចមានផែនទីនិង និយាមកាភ្ជាប់ជាឧប សម្ព័ន្ធ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដើម្បីបន្តរៀបចំបំពេញបែបបទ នីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

មាត្រា២ ត្រូវបានធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នូវដីទំហំ ១៦៨,៨០ហិកតា ដូចមានក្នុងមាត្រា១ នៃអនុក្រឹត្យនេះ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ដែលត្រូវស្ថិតក្រោមការ ចាត់ចែងនីតិវិធីបន្តដោយ ក្រសួងបរិស្ថានជាអាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ និងមានកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុជាអាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្របតាម ច្បាប់និងគោលការណ៍របស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក បានទទួលបានសម្បទានអនុវត្តគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល មានអនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង ៥០គីឡូម៉ែត្រ។ រោងចក្រនេះ មានអនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោង ៨០%ក្នុង១ឆ្នាំ។ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ៕

ក្រុមហ៊ុន CP All ប្រកាសផ្អាកការបើកដំណើរការទំនិញ 7-Eleven នៅកម្ពុជា និងឡាវ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករទទួលបានសិទ្ធិផ្តាច់មុខបើកហាងទំនិញ 7-Eleven នៅក្នុងតំបន់ បានផ្អាកផែនការរបស់ខ្លួនក្នុងការបើកដំណើរការហាងទំនិញ 7-Eleven នៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា ដោយសារតែវិបត្តិ Covid-19។ នេះបើយោងតាមកាសែត The Nation របស់ថៃ ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន CP All លោក Kriengchai Boonpoapichart បាននិយាយថា ក្រុមហ៊ុននឹងបន្តផែនការដាក់ឱ្យដំណើរការ នៅពេលដែលស្ថានភាព មានភាពប្រសើរឡើង។

ក្រុមហ៊ុន CP ALL (ខេមបូឌា) និងក្រុមហ៊ុន CP All (ប្រទេសឡាវ) ត្រូវបានផ្តល់សិទ្ធិផ្តាច់មុខ សម្រាប់ការបង្កើតនិងប្រតិបត្តិការហាងទំនិញ 7-Eleven ក្នុងរយៈពេល ៣០ ឆ្នាំ។

ប្រតិបត្តិការនៅប្រទេសថៃរបស់ក្រុមហ៊ុន CP All កំពុងរៀបចំផែនការបើកសាខាចំនួន ៧០០ កន្លែងផ្សេងទៀតនៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ ដែលក្នុងនោះមាន ៥១៣ ត្រូវបានបើកនៅខែកញ្ញា។ បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការហាង 7-Eleven សរុបចំនួន ១២.២២៥ នៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន បានឱ្យដឹងថា ខ្លួននឹងវិនិយោគ ១១,៥ពាន់លានបាត ទៅ១២ពាន់លានបាតនៅឆ្នាំនេះ ដើម្បីបើកម៉ាតថ្មីៗ ជួសជុលម៉ាត ដែលមានស្រាប់ និងបើកដំណើរការគម្រោងថ្មីៗ៕

ចិនបង្ហាញមហិច្ឆតាសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួននៅឆ្នាំក្រោយ

ដោយ៖ វុធ្ធី

អន្តរជាតិ៖ លោកQu Yiguangអនុប្រធានគម្រោង Chang Zheng 5 របស់ក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CASC) បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិន នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួននៅឆ្នាំក្រោយ។

លោកQu Yiguang បាននិយាយថា “ចាប់តាំងពីការលេចចេញនូវគម្រោងយានអវកាស Chang Zheng 5 គម្រោងនេះត្រូវបានកំណត់ថា នឹងអនុវត្តបេសកកម្មនៃការបាញ់បង្ហោះយានអវកាសធំជាងគេរបស់ចិន”។

លោកបានបន្តថា “នៅឆ្នាំក្រោយ យើងនឹងចាប់ផ្តើមអនុវត្តការបាញ់បង្ហោះ ដែលជាផ្នែកមួយនៃបេសកកម្ម ដើម្បីសាងសង់ស្ថានីយ៍អវកាសរបស់ប្រទេសរបស់យើង”។

ស្ថានីយ៍អវកាសនេះ ត្រូវបានគេដាក់ឈ្មោះថា “Tiangong” ដែលមានន័យថាជាភាសារខ្មែរថា វិមាននៅឋានសួគ៌ ហើយមន្ទីរពិសោធន៍អវកាសចិនចំនួនពីរ Tiangong 1 និង Tiangong 2 បានដំណើរការក្នុងគន្លងគោចរ។

អវកាសយានិកចិន ៣នាក់ ឬ៦នាក់ ក្នុងកំឡុងពេលផ្លាស់ប្តូរនាវិក អាចស្ថិតនៅលើស្ថានីយ៍ក្នុងពេលដំណាលគ្នា។ ស្ថានីយ៍នេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២២ ជាមួយនឹងបេសកកម្មសរុបចំនួន១២។

កាលពីឆ្នាំមុន មន្ទីរពិសោធន៍អវកាសដំបូងបង្អស់របស់ប្រទេសចិន គឺស្ថានីយអវកាស Tiangong-2 ត្រូវបានបង្ហោះដោយជោគជ័យ ដែលបានក្លាយជាឱកាសដំបូងបង្អស់របស់ប្រទេសចិន ដើម្បីធ្វើការពិសោធន៍រុក្ខជាតិរយៈពេលវែងនៅទីអវកាស។

កាលពីឆ្នាំ២០១៨ ប្រទេសចិន បានប្រកាសពីគោលបំណង ដែលប្រទេសនេះបានកំណត់សម្រាប់កម្មវិធីតាមចន្ទគតិ ដោយបានបញ្ជូនមនុស្សទៅឋានព្រះច័ន្ទ ដើម្បីធ្វើបេសកកម្មនេះ និងបង្កើតស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រអចិន្រ្តៃយ៍មួយនៅទីនោះ៕ Sputnik

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្នាតធំចំនួន ៣ បានបញ្ចប់ការសិក្សា នៅឡើយតែកំណត់ថ្ងៃសាងសង់

ដោយ ហ្សូលី

ភ្នំពេញ៖ បច្ចុប្បន្នរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលត្រូវចំណាយខ្ទង់លានដុល្លារ ក្នុងការសម្រួលដល់ប្រព័ន្ធដឹកជញ្ជូន និងចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋកម្ពុជាហាក់រង់ចាំមើលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចំនួន ៥ ដែលបានបញ្ចប់ការសិក្សា នៅឡើយសម្រេចថ្ងៃចាប់ផ្តើមសាងសង់។

ផ្លូវក្រវ៉ាត់ក្រុងទី ៤
បើតាមឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថា គម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី ៤នេះបានបញ្ចប់ការសិក្សារួចរាល់ហើយ ប៉ុន្តែពេលណាចាប់ផ្តើមសាងសង់ នៅមិនទាន់កំណតច្បាស់នៅឡើយ។
នៅពេលបញ្ចប់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៤ នេះ វានឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការធូរស្បើយនៃចរាចរណ៍ និងសម្រួលដល់បណ្តាញដឹកជញ្ជូនទំនិញចេញ-ចូលទីក្រុងភ្នំពេញ ក៏ដូចជាទៅកាន់បណ្តារខេត្តនានា។

ផ្លូវរថភ្លើងអាកាស
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន បានផ្តល់ព័ត៌មានថា សម្រាប់គម្រោងអភិវឌ្ឍរថភ្លើងលើអាកាសនេះ បានដាក់ឱ្យក្រុមហ៊ុនចិនសិក្សារួចមកហើយ គ្រាន់តែត្រូវរង់ចាំលទ្ធផល ព្រោះពេលនេះមានបញ្ហាដោយសារជំងឺកូវីដ១៩។ របាយការណ៍សិក្សានឹងត្រូវបញ្ជូនមកដល់ដៃក្រសួងនៅពេលឆាប់ៗនេះនៅពេលដែលទទួលបាន ក្រសួងនឹងផ្សព្វផ្សាយ។
គម្រោងស្ថាបនាផ្លូវរថភ្លើងលើអាកាសនេះ ត្រូវបានអ្នកនាំពាក្យបង្ហើបថា ទាមទារការសិក្សាលម្អិត ព្រោះក្រុមហ៊ុនល្មមៗមិនអាចធ្វើបានទេ ពិសេសក្រុមហ៊ុនក្នុងស្រុកមិនអាចធ្វើបានទេ លុះត្រាក្រុមហ៊ុនមកពីបរទេស មានបទពិសោធន៍ និងធនធានខ្ពស់ ទើបអាចធ្វើកិច្ចការនេះបាន។

ស្ពានឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅខេត្តក្រចេះ
កម្ពុជាបានស្នើប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀត នៅខេត្តក្រចេះ ដែលមានប្រវែងសរុបប្រមាណ ១,៧៦១ ម៉ែត្រ។ បន្ទាប់ពីពិនិត្យរួចលោកបានរៀបចំគម្រោង សំណើរក្នុងឆ្នាំ ២០២០ ចំណែកការសាង់សង់អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ប៉ុន្តែមិនទាន់កំណត់ថ្ងៃ ខែជាក់លាក់នៅឡើយទេ។ ស្ពាននេះនឹងផ្តល់ភាព ងាយស្រួលដល់ប្រជាពលដ្ឋក្នុងការធ្វើដំណើរពីស្ទឹងត្រែងទៅកាន់ខេត្តកំពង់ធំ ចំណេញពេលវេលា និងថវិកា ច្រើនជាងមុន៕

ហេដ្ឋារចនាសម្ព័ន្ធថ្មីមួយខ្សែទៀតនៅខេត្តកែប ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអាមេថ្មីមួយខ្សែទៀតស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ ដែលស្របទៅនឹងផែនការអភិវឌ្ឍន៍នៅទូទាំងខេត្ត ដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញក្នុងនាមជាគោលដៅទេសចរណ៍នៅតំបន់ឆ្នេរកម្រិតអន្តរជាតិ។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍នៅក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវថ្មីនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ផ្លូវបេតុងអាមេ ១ខ្សែនេះ ជាផ្លូវយុទ្ធសាស្រ្ត តភ្ជាប់ពីផ្លូវលេខ ១៣៣ A ទៅផ្លូវលេខ ១៣៣២ ហើយវាពិតជាមានសារៈសំខាន់ណាស់ ព្រោះផ្លូវនេះ អាចជួយសម្រួលការធ្វើដំណើររបស់ប្រជាកសិករបានយ៉ាងល្អប្រសើរ។

លោកបានបញ្ជាក់ទៀតថា “ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ផ្លូវបេតុងអាមេ ១ខ្សែនេះ គឺជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង”។

លោកបានបន្តថា “សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានា ជូនដល់ប្រជាពលរដ្ឋ ហើយការសាងសង់ផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្ស បានធ្វើដំណើរទៅសាលារៀន”។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង និងបានណែនាំដល់គ្រប់ក្រុមហ៊ុនដែលទទួលបានសិទ្ធស្ថាបនាផ្លូវ០១ខ្សែនេះ ត្រូវខិតខំស្ថាបនាឲ្យទាន់តាមពេលវេលាដែលបានកំណត់នៅក្នុងកិច្ចសន្យា ត្រឹមត្រូវតាមស្តង់ដារ និងប្រកបដោយគុណភាពភាពខ្ពស់ ៕

ស្តាប់​អ្នកជំនាញធំៗពីររូប​លើកឡើង​ពី​ហេតុផល​នៃ​ការកើនឡើង​ឬ​ធ្លាក់ចុះ​នៃ​តម្លៃ​ដីធ្លី

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ក្រោយ​មាន​ព័ត៌មាន​ដែល​បញ្ជាក់ថា ប្រធានាធិបតី​ប្រទេស​កូរ៉េ​ទទួលយក​សំណើរ​សម្ដេច​តេ​ជោ ហ៊ុន សែន លើ​ការជួយ​សាងសង់​ស្ពាន​ថ្មី​ឆ្លងទន្លេ ត​ភ្ជាប់​ពី​ខេត្តកណ្តាល​មក​រាជធានី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុននេះ បានធ្វើ​ឱ្យមាន​ការលើក​ឡើង​ថា តម្លៃ​ដី​នៅ​តំបន់​ត្រើយ​ខាងកើត ជាពិសេស​តំបន់​អរិយ​ក្សត្រ​មានការ​ឡើងថ្លៃភ្លាម។

ជាមួយនឹង​ការនិយាយ​ត​គ្នា ពី​បញ្ហា​នៃ​ការ​ឡើងថ្លៃ​តម្លៃ​ដី​នៅ​អរិយ​ក្សត្រ​នេះ ប្រធាន​សមា​គ​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក​ថា ការឡើង​ថ្លៃ​នៃ​តម្លៃ​ដី​នៅ​តំបន់​ណាមួយ គឺ​អាស្រ័យទៅលើ​សកម្មភាព​នៃ​ការអភិវឌ្ឍន៍ ភាព​មាន​តម្រូវការ​ប្រើប្រាស់​ដី​ចាំបាច់ និង​ជាក់ស្ដែង ដែល​វា​មិនមែន​ឡើង​ត្រឹម​ឮ​ពី​គម្រោង ប៉ុន្តែ​មិនមាន​រូបរាង​នោះទេ។

លោក​បញ្ជាក់ថា “ព័ត៌មាន​នេះ​ខ្ញុំ​ក៏បាន​ឮ​គេ​ផ្អើល​និយាយ​ត​គ្នា​ដែរ ប៉ុន្តែ​សម្រាប់​ការឡើង​ថ្លៃ​នៃ​តម្លៃ​ដី ដូច​ខ្ញុំ​បានលើកឡើង​ខាងលើ គឺ​មិនមែន​ចេះតែ​ឡើងភ្លាមៗគ្រាន់តែ​ឮ​មាន​គម្រោង​អភិវឌ្ឍន៍​នោះទេ” ។ លោក​បន្តថា “និយាយ​ជារួម ការវាយតម្លៃ​ដី​ឡើងថ្លៃ ឬ​មិន​ឡើងថ្លៃ មិនមែន​ត្រឹម​ការនិយាយ​របស់​មនុស្ស​ម្នាក់​ដែលជា​ម្ចាស់ ឬ​សម្ដី​របស់​ភ្នាក់ងារ​ណា​ម្នាក់​នោះទេ ប៉ុន្តែ​ត្រូវមាន​ការវាយតម្លៃ​ពី​អ្នក​អាជីព​ត្រឹមត្រូវ ដោយ​ផ្អែកទៅលើ​ទឡ្ហីករណ៍​ពាក់ព័ន្ធផ្សេងៗជាច្រើន​ទៀត” ។

លោក​បាន​បន្តថា អ្នកខ្លះ​គាត់​ចង់ល​ក់ដី​គាត់​បាន​ថ្លៃ​ខ្ពស់ គាត់​ចេះតែ​បំប៉ោង ហើយ​ភ្នាក់ងារ​ខ្លះទៀត ដោយសារតែ​ចង់បាន​កម្រៃជើងសារ​ខ្ពស់ ឬ​អាច​លក់​ដី​បាន​លឿន​ក៏​ចេះតែ​និយាយ​ខុស​ក្រមសីលធម៌ ដែល​ទាំង​អស់វា​អាច​នឹង​ជា​ចំណែក​មួយ ធ្វើឱ្យ​ការទិញ​លក់​ដីធ្លី​មាន​ភាព​រញ៉េរញ៉ៃ​កើតឡើង។

លោក​បន្តថា តម្លៃ​ដី​នៅ​អរិយ​ក្សត្រ​បាន​កើនឡើង​រួចទៅហើយ បើទោះជា​មាន​គម្រោង​សាងសង់​ស្ពាន​ពិតមែន ក៏​មិនទាន់​អាច​ឡើង​ខ្ពស់ភ្លាមៗ ដូច​ការនិយាយ​ត​គ្នា​នេះដែរ ដូច្នេះ​សម្រាប់​អ្នកទិញ​ក៏​គួរ​ពិចារណា និង​ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​តម្លៃនៅលើទីផ្សារ​រួម​ក្នុង​តំបន់​មុនពេល​សម្រេចចិត្ត​ទិញ ឬ​អាច​ពឹង​ក្រុមហ៊ុន​ឬ​ភ្នាក់ងារ​អាជីព​ស្របច្បាប់​ណាមួយ ជៀសវាង​ការជួប​ភាព​ខាតបង់​ដោយ​ប្រការ​ណាមួយ។

ជាមួយគ្នានេះ លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង​ប្រធាន KW Cambodia បាន​មានប្រសាសន៍ថា ជាទូទៅ​ម្ចាស់​ដី​ឬ​អចលនទ្រព្យ​នៅ​កម្ពុជា ពិសេស​នៅពេល​ដីធ្លី​មាន​ហាងឆេង​ម្ចាស់​ដី តែងតែ​ទារ​តម្លៃលើស​តម្លៃ​ទីផ្សារ​ចន្លោះ ៣០ទៅ៥០ភាគរយ ឬ១០០ភាគរយ​ក៏សឹងមាន ប៉ុន្តែ​តម្លៃពិត​ប្រាកដ​មិនមែន​ស្ថិតនៅលើ​ម្ចាស់​ដី​ចង់បាន​នោះទេ។

លោក​បន្តថា “តម្លៃ​ដី​នៅលើ​ទីផ្សារ​ពិត គឺ​ស្ថិតនៅលើ​តម្លៃ​ដែល​អ្នកទិញ​ហ៊ាន​ទិញ និង​អ្នកលក់​សម្រេចចិត្ត​លក់ មិនមែន​តម្លៃ​ទាមទារ​តាមតែ​ការនឹកឃើញ​នោះទេ” ៕