ប្រមុខដឹកនាំ៖ កម្ពុជា-វៀតណាមនឹងជម្រុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេរទិសរវាងប្រទេសទាំងពីរ

ដោយ ៖ ហ្សូលី

ភ្នំពេញ៖ កម្ពុជា-វៀតណាម នឹងខិតខំជម្រុញទំហំពាណិជ្ជកម្ម រួមទាំងការវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក ប្រមុខដឹកនាំវៀតណាម នៅក្នុងជំនួបតាមរយៈប្រព័ន្ធវីដេអូអនឡាញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរចំពោះលទ្ធផលប្រកបដោយជោគជ័យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ដោយសម្តេចឯកភាពទៅនឹងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការមានស្រាប់កាន់តែស៊ីជម្រៅ និងស្ថិតស្ថេរយូរអង្វែង។

លោក ង្វៀន សួនហ្វ៊ុក បានកោតសរសើរកម្ពុជាក្នុងការថែរក្សាស្ថិរភាពសេដ្ឋកិច្ច និងសង្គមអំឡុងការរិករាលដាលនៃវិបត្តិជំងឺសកល។ កម្ពុជានិងវៀតណាម នឹងពន្លឿនការដោះស្រាយខ្សែព្រំដែននៅសេសសល់ចំនួន ១៦ ភាគរយ ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនមានកិច្ចសហប្រិបត្តិកា ការអភិវឌ្ឍ សន្តិភាព និងមានស្ថិរភាព។

ប្រមុខដឹកនាំប្រទេសទាំងពីរបានសង្កត់ធ្ងន់នូវក្នុងការជម្រុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការដោះស្រាយបញ្ហានានាតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឱ្យបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពី សារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី ១៨ គ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងពីរប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងពហុភាគីដូចជា អនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ ។

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ក្នុងបរិយាកាសស្និទ្ធសា្នលបំផុតឆ្លុះបញ្ចាំងពីសាមគ្គីភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ៕

មន្ត្រីជំនាញប្រជុំត្រៀមរៀបពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា -ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រជុំត្រៀមរៀបចំពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានមានប្រសាសន៍ថា សមាជិកសមាជិកាគណៈកម្មការ និងអនុគណៈកម្មការត្រូវទទួលបន្ទុកត្រៀមរៀបចំពិធីនេះបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រព្រឹត្តទៅដោយរលូនតាមផែនការដែលបានគ្រោងទុក។

លោកបានបញ្ជាក់ថា “ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន នឹងត្រូវរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

ស្ពាននេះស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គម្រោងសាងសង់ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤ភាគរយ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ៕

ចំណេះដឹង! អ្វី​ជា​ភតិសន្យា​ពិសេស?

ដោយៈ តារា

ភ្នំពេញៈ ភតិសន្យា​ពិសេស គឺជា​កិច្ចសន្យា​មួយ​ដែល​ភាគី​ម្ខាង​ហៅថា​ភ​តិ​ប​តី​ឱ្យ​ភាគី​ម្ខាង​ទៀត​ដែលជា​កម្មករ សិស្ស និស្សិត ហៅថា​ភ​តិក ប្រើប្រាស់​ក្នុងការ​ស្នាក់នៅ​ដោយ​យក​ថ្លៃ។

បើ​និយាយ​ឱ្យ​ងាយ​យល់ ភតិសន្យា​ពិសេស​នេះ គឺជា​កិច្ចសន្យា​រវាង​ម្ចាស់​អចលនទ្រព្យ​ដែលមាន​ដូចជា ម្ចាស់​ផ្ទះជួល ឬ​ម្ចាស់​បន្ទប់​ជួល និង​កម្មករ សិស្ស និស្សិត ក្នុង​ការជួល​បន្ទប់ សម្រាប់​ការប្រើប្រាស់​ស្នាក់នៅ​ដោយ​យក​ថ្លៃឈ្នួល។

លក្ខណៈពិសេស​នៃ​ភតិសន្យា​នេះ​គឺ៖

ក. ភាគី​នៃ​កិច្ចសន្យា (មាត្រា៣)

ភ​តិ​ប​តី(អ្នក​ឱ្យ​ជួល) អាចជា​ម្ចាស់​បន្ទប់​ជួល ឬ​អ្នកយក​ថ្លៃឈ្នួល​លើ​បន្ទប់​ជួល​ជា​លក្ខណៈ​អាជីប។ ខុសពី​ភតិសន្យា(កិច្ចសន្យាជួល) ដែល​មានចែង​ក្នុង​ក្រមរដ្ឋប្បវេណី(ហៅថា កិច្ចសន្យា​ធម្មតា)ព្រោះ​នៅក្នុង​ភតិសន្យា​ទូទៅ មិន​កំណត់​ចំពោះ​អ្នក​ម្ចាស់​បន្ទប់​ជួល​នោះទេ។

ភ​តិកៈ(អ្នក​ជួល)៖ កម្មករ សិស្ស និស្សិត ដែលមាន​ការលំបាក​ខ្លាំង​ក្នុងការ​ទ្រទ្រង់​ជីវភាព។ ខុសពី​ភតិសន្យា​ធម្មតា​ត្រង់​ថា ភតិសន្យា​ធម្មតា​មិន​កំណត់ លក្ខណៈ​របស់​អ្នក​ជួល​ទេ នរណា​ក៏​អាច​ក្លាយជា​អ្នក​ជួល​បានដែរ។

ខ. កម្មវត្ថុ​នៃ​កិច្ចសន្យា

បន្ទប់​ជួល​ស្នាក់នៅ(មាត្រា៣)។ មិនមែនជា ដី ឬ​អគារ​ពាណិជ្ជកម្ម ជាដើម។ ខុសពី​ភតិសន្យា​ធម្មតា​ត្រង់​ថា កម្មវត្ថុ​នៃ​ភតិសន្យា​ទូទៅ អាចជា​ចលនវត្ថុ ឬ​អចលនវត្ថុ។

គ.លក្ខណៈ​នៃ​កិច្ចសន្យា

ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ និង​មាន​សេចក្តីបញ្ជាក់​របស់​មេឃុំ ឬ​ចៅសង្កាត់។ មានន័យថា មិនអាច​ឡើង​ដោយ​មាត់ទទេរ​បានទេ(មាត្រា៥)។ នៅក្នុង​ភតិសន្យា​ធម្មតា ភាគី​អាចបង្កើត​កិច្ចសន្យា ដោយ​គ្រាន់តែ​មានការ​ព្រមព្រៀង​រវាង​គូភាគី​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​តតាំង​ជាមួយ​តតិយជន​បាន ដែល​គាត់​ត្រូវ​កាន់កាប់ និង​ប្រើប្រាស់​វត្ថុ​ជួល​នោះ(មាត្រា៥៩៧ និង៥៩៨ នៃ​ក្រមរដ្ឋប្បវេណី​ឆ្នាំ២០០៧) ។

ឃ.អត្ថិភាព​នៃ​កិច្ចសន្យា

មិនតិចជាង២ឆ្នាំ ទោះបីជា​មិនបាន​កំណត់ ឬ​កំណត់​តិចជាង២ឆ្នាំ​ក៏ដោយ ត្រូវ​ចាត់ទុកថា​មាន​អត្ថិភាព២ឆ្នាំ(មាត្រា៦) ក្នុង​គោលបំណង​មិនឱ្យ​ម្ចាស់​បន្ទប់​ជួល​តម្លៃ​ថ្លៃឈ្នួល​ក្នុងអំឡុងពេល២ឆ្នាំ (មាត្រា៨)។

ផ្ទុយទៅវិញ​ភតិសន្យា​ធម្មតា អាចធ្វើ​ឡើង​ដោយ​កំណត់ ឬ​មិន​កំណត់​អំឡុងពេល​បាន ប៉ុន្តែ​បើ​អំឡុងពេល​ជួល​លើសពី ១៥ឆ្នាំ នោះ​នឹង​ក្លាយជា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​វិញ៕

ការព្យាករណ៍៖ ទី​ក្រុ​ចំនួន២ត្រូវបាន​ព្យាករណ៍​ថា​តម្លៃ​អ​ល​ចនទ្រ​ព្យ​កើនឡើង​ខ្ពស់​ជាងគេ

ដោយៈ​វុត្ថា

ពិភពលោកៈ តំលៃ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ចំនួន២ គឺ​ទីក្រុង​ក្រុង Cape Town និង​ទីក្រុង Shanghai  នឹង​កើនឡើង៥ដង​នៅក្នុង​ឆ្នាំ ២០២១ខាងមុខនេះ ព្រោះ​តម្រូវការ លំនៅឋាន​មានការ​កើនឡើង​ខ្ពស់ ប៉ុន្តែ​ការផ្គត់ផ្គង់​នឹង​ស្ថិតនៅក្នុង​សភាព​ទ្រឹង​ក្នុង​ទីក្រុង ​Cape Town និង​ធ្លាក់ចុះ​បន្តិច​នៅ​សៀង​ហៃ។

យោងតាម​ការព្យាករណ៍​ពិភពលោក​ចុងក្រោយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​ក្រុមហ៊ុន Knight Frank បានអោយដឹងថា នៅ​ឆ្នាំ​ក្រោយនេះ ទីក្រុង​ចំនួន២០ ក្នុងចំណោម​ទីក្រុង២២ ត្រូវបាន​គេ​រំពឹងថា​តម្លៃ​នៅតែមាន​ស្ថានភាព​ដដែល ឬ​កើន២ ភាគរយ។

ទោះបី​ជាមាន​ភាពចលាចល​ផ្នែក​ហិរញ្ញវត្ថុ ដែល​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ១៩ក៏ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​មាន​ភាព​រឹង​មុំ​ា​ង និង​គាំទ្រ​ដោយ​កម្ចី​ដែលមាន​តម្លៃ​ទាប។

របាយការណ៍​ដដែល​ន្ត​ថា នៅក្នុង​ទីក្រុង​ឡុង​ដ៍​នាពេល​បច្ចុប្បន្ននេះ អ្នកទិញ​កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពីថ្ងៃ​ឈប់សម្រាក ពន្ធ​ត្រា ដែល​កាត់​បន្ថយពន្ធ​លើ​ការលក់​លំនៅឋាន​រហូត​ដល់ ៥០០,០០០ផោន (៦៦៦,៤២៧ ដុល្លារ​អាមេរិក) មានការ​កើន​កើនឡើង៤ភាគរយ ដែល​ជួយ​ដល់​ការកាត់បន្ថយ​ពន្ធ​បន្ថែម​លើ​តម្រូវការ និង​មូលដ្ឋានគ្រឹះ​ទីផ្សារ​ក្រុមហ៊ុន។

លោក Tom Bill ប្រធាន​ផ្នែក​ស្រាវជ្រាវ​លំនៅដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ នៃ​ក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទីក្រុង​នេះ​ហួស​រយៈពេល​នៃ​ការកើនឡើង តម្លៃ​អចលនទ្រព្យ និង​ជាពិសេស​ទីក្រុង​នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពីរ​លក នៃ​តម្រូវការ​ពី​អ្នកវិនិយោគ​អន្តរជាតិ​ផងដែរ ដោយសារ​ការធ្វើដំណើរ និង​ការដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ត្រូវបាន​បន្ធូរបន្ថយ។

ដោយឡែក នៅក្នុង​ទីក្រុង Vancouver និង​ទីក្រុង Miami ការកើនឡើង​នៃ​សកម្មភាព​លក់ ដែល​មើលទៅ​ដូចជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ធ្វើឱ្យ​ត​តម្លៃ​អចលនទ្រព្យ​កើន ៣ភាគរយ និង ៤ភាគរយ​នៅ​ឆ្នាំ២០២១ នៃ​ទីក្រុង​នីមួយ។

នៅក្នុង​ទីក្រុង Monaco នឹង​កើនឡើង៣ភាគរយ​នៅ​ឆ្នាំ​ក្រោយនេះ ព្រោះ​មានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ប៉ុន្តែ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ នៃ​ទីផ្សារ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​អ្នកទិញ​អន្តរជាតិ​ជាច្រើន មិនអាច​ធ្វើដំណើរ​បាន ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ញូវយ៉ក ដែល​នៅពេលនេះ​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ៣ភាគរយ និង​បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំ២០២១ ៕

តើ​ស្ត្រី​ចិត្ត​ដែក​ដែល​ចេញមុខ​ប្រឆាំង​ជាមួយ​មេដឹកនាំ​ចិន​យ៉ាង​ស្រូ​ច​ស្រាវ​ជា​អ្នកណា?

ដោយៈ​ប៊ី

អន្តរជាតិៈ ជាមួយនឹង​ជ័យជម្នះ​ភ្លូក​ទឹក ភ្លូក​ដី​នៃ​ការបោះឆ្នោត​កាលពីដើមឆ្នាំ ដើម្បី​ឈាន​មកកាន់​អំណាច នៅ​អាណត្តិ​ទី២នៃ​ដែនដី​កោះ​តៃវ៉ាន់ ដែល​ចិន​តែងតែ​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន លោកស្រី​ត្សៃ អ៊ឹង​វិ​ន ជា​មេដឹកនាំ​តៃវ៉ាន់​មាន​ភាព​លេចធ្លោ​ខ្លាំង ដោយសារ​តែមាន​ទំនាក់ទំនង​ជាមួយ​អាមេរិក​យ៉ាង​ជិត​ស្និ​ទ្ឋ និង​តែងតែ​បង្ហាញ​មហិច្ឆតា​ដើម្បី​ឲ្យ​តៃវ៉ាន់​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​ចិន។

ជា​អ្នកនយោបាយ​ឆ្នើម​មួយរូប លោកស្រី Tsai Ing-wen (កើត​ថ្ងៃទី ៣១ ខែសីហា​ឆ្នាំ ១៩៥៦) គឺជា​អ្នកនយោបាយ និង​ជា​អ្នកសិក្សា​នៅ​តៃវ៉ាន់ ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ទី៧ នៃ​សាធារណរដ្ឋ​ចិន (តៃវ៉ាន់) ចាប់តាំងពី​ឆ្នាំ២០១៦ ។ ជា​សមាជិក​ម្នាក់​នៃ​គណបក្ស Democratic Progressive Party  (DPP) លោកស្រី Tsai គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់​របស់​តៃវ៉ាន់។

លោកស្រី​ធ្លាប់​ធ្វើជា​ប្រធាន​គណបក្ស DPP ពីមុន​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១២ និង​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៨ រហូតដល់​ឆ្នាំ២០២០ ។

លោកស្រី Tsai បាន​សិក្សា​ផ្នែក​ច្បាប់ និង​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ក្រោយមក​បានក្លាយ​ជា​សាស្ត្រាចារ្យ​ច្បាប់ នៅ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ Soochow University និង​សាកលវិទ្យាល័យ​ជាតិ Chengchi បន្ទាប់ពី​ទទួលបាន​សញ្ញាប័ត្រ​ផ្នែក​ច្បាប់ (LLB) ពី​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់ និង​អនុបណ្ឌិត​ច្បាប់ (LLM) មកពី​សាលា​ច្បាប់ Cornell ។

លោកស្រី​បាន​សិក្សា​ផ្នែក​ច្បាប់​នៅ​សាលា​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ទីក្រុង​ឡុង ហើយ​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត។

នៅ​ឆ្នាំ១៩៩៣ ក្នុងនាម​ជា​អ្នក​ឯករាជ្យ (ដោយ​គ្មាន​ការចូលរួម​ពី​គណបក្ស) លោកស្រី​ត្រូវបានតែងតាំង ក្នុង​តំណែង​ជាច្រើន​របស់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ រួមមាន​អ្នកចរចា​ពាណិជ្ជកម្ម សម្រាប់​កិច្ចការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម។

បន្ទាប់ពី​ប្រធាន​បក្ស DPP ដែល​លោក Chen Shui-bian  បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ២០០០ លោកស្រី Tsai បាន​បម្រើការ​ជា​រដ្ឋមន្ត្រី នៃ​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​ពេញ​មួយ​អាណត្តិ​ដំបូង​របស់លោក Chen ក្នុងនាម​ជា​អ្នក​មិន​ប្រកាន់បក្ស​ពួកនិយម។

លោកស្រី​បាន​ចូលរួម​ជាមួយ​បក្ស DPP ក្នុង​ឆ្នាំ២០០៤ ហើយ​បាន​បម្រើការ​ជា​សមាជិក ដែល​ត្រូវបានតែងតាំង​ដោយ​បក្ស DPP ។ ចាប់តាំងពី​ពល​បំរើការ​ងារ​នៅ​ទីនោះ លោកស្រី​ត្រូវបានតែងតាំង​ជា​អនុ​ប្រធានាធិបតី ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី Su Tseng-chang ។

លោកស្រី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស និង​ទទួល​តំណែង​ជា​មេដឹកនាំ​គណបក្ស DPP ក្នុង​ឆ្នាំ២០០៨ បន្ទាប់ពី​គណបក្ស​របស់លោក​ស្រី បាន​ចាញ់​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០០៨ ។ លោកស្រី​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន បន្ទាប់ពី​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១២ ។

លោកស្រី Tsai បាន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង New Taipei ក្នុងការ​បោះឆ្នោត សាលាក្រុង​ខែវិច្ឆិកា ឆ្នាំ២០១០ ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ក្រោម​អតីត​ឧបនាយករដ្ឋមន្ត្រី​ម្នាក់ទៀត​គឺ​លោក Eric Chu (KMT) ។

នៅ​ខែមេសា​ឆ្នាំ ២០១១ លោកស្រី Tsai បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់ នៃ​គណបក្ស​ដ៏​ធំ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​សាធារណរដ្ឋ​ចិន បន្ទាប់ពី​បាន​ផ្តួល​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របស់លោក​ស្រី គឺ​លោកស្រី Su Tseng-chang ។

លោកស្រី​ធ្លាប់បាន​ចាញ់​បេក្ខជន​គួ​បក្ខ​ដិ​បក្ស ជាតិនិយម​ចិន លោក Ma Ying-jeou  ក្នុង​ង​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់​លើក​ទី៥ ក្នុង​ឆ្នាំ២០១២ ប៉ុន្តែ​ត្រូវបាន​ជាប់​បោះឆ្នោត យ៉ាង​ភ្លូកទឹកភ្លូកដី៤ឆ្នាំ​ក្រោយមក នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ផ្ទាល់​លើក​ទី៦ ក្នុង​ឆ្នាំ២០១៦ ។

លោកស្រី​គឺជា​ប្រធានាធិបតី​ដំបូង ដែល​មិន​ធ្លាប់​កាន់តំណែង​នាយក​ប្រតិបត្តិ​ជាប់ឆ្នោត​មុនពេល​ធ្វើជា​ប្រធានាធិបតី និង​ជា​ប្រធានាធិបតី​ដំបូង ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស ដោយ​គ្មាន​ការ​កាន់តំណែង​ជា​អភិបាលក្រុង​តៃប៉ិ។

លោកស្រី Tsai បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ម្តងទៀត ជាមួយនឹង​ការកើនឡើង​នូវ​សំឡេងឆ្នោត នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ ។

កាលពីថ្មីៗនេះ រដ្ឋាភិបាល​ប្រទេស​ចិន​បានប្រកាសថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Boeing Defense ក្រុមហ៊ុន Raytheon ព្រមទាំង​បុគ្គល ឬ​ក្រុមហ៊ុន​អាមេរិក​ណាមួយ ដែល​ទាក់ទង​ទៅនឹង​ផែនការ​ផ្គត់ផ្គង់​អាវុធ​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅ​កោះ​តៃវ៉ាន់។

ក្រុមហ៊ុន​ទាំង៣នេះ បាន​ចូលរួម​ក្នុង​ការលក់​មី​ស៊ី​ល រត់​ចម្ងាយ​ឆ្ងាយ​ចំនួន១៣៥ ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ចំនួន១២ និង​ប្រព័ន្ធ​ចាប់​សញ្ញា​ឃ្លាំមើល​មួយចំនួន ទៅឱ្យ​កោះ​តៃវ៉ាន់ ដែល​ឧបករណ៍​ទាំងនេះ​មានតម្លៃ​សរុប ១,៨ ពាន់​លាន​ដុល្លារ។

ចិន​បានទាមទារ​ឱ្យ​អាមេរិក​បញ្ឈប់​ការលក់​នេះ ហើយ​បានប្រកាស​ការដាក់ទណ្ឌកម្ម ក្រោយ​ក្រសួងការបរទេស​អាមេរិក​បានអនុញ្ញាត​ឱ្យ​ការលក់ និង​ផ្គត់ផ្គង់​អាវុធ​នេះ​ដំណើរការ​ទៅមុខ។

សហរដ្ឋអាមេរិក ក៏ដូចជា​ប្រទេស​ភាគច្រើន គឺ​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ទេ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​មាន​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់ ក្នុងការ​ផ្ដល់ឱ្យ​កោះ​នេះ​នូវ​មធ្យោបាយ​ការពារ​ខ្លួន។

ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈពេល​ទីក្រុង​ប៉េកាំង បាន​បង្កើន​សកម្មភាព​សមយុទ្ធ​យោធា​របស់ខ្លួន ជាមួយនឹង​សកម្មភាព​របស់​រដ្ឋបាល​លោក Trump ក្នុងការ​បង្កើន​ចំណងទាក់ទង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​ជាពិសេស​ក្រោយពី​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោកស្រី Tsai Ingwen បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ២០១៦ ដោយ​លោកស្រី​មាន​គោលនយោបាយ ធ្វើឱ្យ​តៃវ៉ាន់​ទទួលបាន​ឯករាជ្យភាព និង​មិន​ទទួលយក​គោលការណ៍​ចិន​តែ១ ៕

តម្រូវការ​លំនៅដ្ឋាន​ទូទាំង​រាជធានី​ភ្នំពេញ​នឹង​កើន​ឡើងដល់​ជិត​កន្លះ​លានខ្នង​នៅ​ឆ្នាំ២០៣០

ដោយៈ​ហ្សូ​លី

ភ្នំពេញៈ នៅ​ឆ្នាំ២០៣០ខាងមុខ តម្រូវការ​លំនៅដ្ឋាន​ទូទាំង​រាជធានី​ភ្នំពេញ នឹង​ហក់​ឡើងដល់​កន្លះ​លាន​ខ្នង។ នេះ​បើតាម​ឱ្យដឹងពី​របាយការណ៍ របស់​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Vtrust Appraisal កាលពីថ្មីៗនេះ។

យោងតាម​ឯកសារ​ដែលមាន​ចំណងជើង​ថា “ភ្នំពេញ ឆ្នាំ 2030 ” បាន​បង្ហាញថា លំនៅឋាន​ដែល​បាន​និង កំពុង​សាងសង់​នឹង​កើនឡើង៣ដង ក្នុង​រយៈពេល១៣ឆ្នាំ​ខាងមុខ។ ក្រុមហ៊ុន​វាយតម្លៃ​ខាងលើ​បាន​អះអាងថា បច្ចុប្បន្ន​ចំនួន​លំនៅឋាន​សរុប​មាន​ចំនួន ១៥០,០០០ខ្នង ប៉ុន្តែ​នឹង​កើនឡើង​ដល់ ៤៥០,០០០ខ្នង​នៅ​ឆ្នាំ២០៣០ ។

របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ចំណោម​ខណ្ឌ​ទាំង១៤ នៅ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន៧បាន និង​កំពុងមាន​សកម្មភាព​ម​មា​ញឹក ក្នុងការ​សាងសង់​សំណង់​លំនៅឋាន ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ ដែល​នឹង​ធ្វើឱ្យ​កើនឡើង​រហូតដល់​ជិត​កន្លះ លាន​ខ្នង​នៅ​ឆ្នាំ២០៣០ ។

កំណើន​នេះ អាច​បណ្តាលមកពី​ការអភិវឌ្ឍ គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​កាន់តែ​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ចេញចូល​ក្រុង ជាពិសេស​ការតភ្ជាប់​ប​ណ្តា​ញ​ផ្លូវ​នានា រួមជាមួយ​លំហូរ​នៃ​ចំនួន ប្រជាសាស្ត្រ​ចូល​កាន់តែច្រើន ។

លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច បាន​មានប្រសាសន៍​ឱ្យដឹងថា កំណើន​លំនៅ   ដ្ឋា​ន​កាន់តែច្រើនឡើងៗ នឹង​បណ្តាលឱ្យ​តម្លៃ​អចលនទ្រព្យ​កាន់តែ​ខ្ពស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ តម្លៃ​ដីធ្លី​មានការ​កើនឡើង​ចន្លោះ​ពី ៧-១០ភាគរយ​ក្នុង​មួយឆ្នាំ​អាស្រ័យ​ទៅតាម​ទីតាំង។

លោក​បន្តថា “ការផ្គត់ផ្គង់​លំនៅឋាន​តម្លៃ​សមរម្យ​នាពេល​បច្ចុប្បន្ន មិន​ឆ្លើយតប​នឹង​កម្រិតជីវភាព​របស់​កម្មករ​ទេ ព្រោះ​ផ្ទះមួយ​ខ្នង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច២៥,០០០ ដុល្លារ។ វិបត្តិ​នេះ​កើតឡើង​រួចហើយ​នៅ​ហុងកុង ដូច្នេះ​កម្ពុជា​គួរតែ​រៀម​ខ្លួន​ជាមុន” ។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ​ថា គម្រោង​សំណង់​លំនៅឋាន​នៅតែ​បន្ត មាន​កំណើន​ល្អ​ដែល​នៅក្នុង​រយៈពេល៨ខែ ឆ្នាំ២០២០នេះ មាន​ចំនួន២,៨១៩ គម្រោង ឬ ស្មើនឹង៨៤% នៃ គម្រោង​សាងសង់​សរុប ។ គម្រោង​សំណង់​លំនៅឋាន​នេះ​កើនឡើង ៦.៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន៕

តំបន់​វេ​ង​ស្រេង​នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​ទំនើប​នាពេលខាងមុខ

ដោយៈ​វុត្ថា

ភ្នំពេញៈ តំបន់​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​បាន និង​កំពុង​វិវឌ្ឍន៍​ខ្លួនបណ្តើរៗទៅរក​តំបន់​ពាណិជ្ជកម្ម ទំនើប​នាពេលខាងមុខ​ដ៏​ខ្លី បន្ទាប់ពី​មាន​គម្រោង​វិនិយោគ​ផ្សារ​ទំនើប និង​គម្រោងផ្សេងៗទៀត​កំពុងមាន​វត្តមាន​នៅ់​ទីនោះ។

លោក​ឡុង គីម​សួគ៌ អគ្គនាយក​ក្រុមហ៊ុន Century21 Advance  បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងមក​ថា តំបន់​ផ្លូវ​វេ​ង​ស្រេង​នាពេល​បច្ចុប្បន្ននេះ កំពុងមាន​តែមាន​សក្តា​នុព​ល​ខ្ពស់ ព្រោះតែ​តំបន់​ជុំវិញ​នេះ​មានការ​ការអភិវឌ្ឍន៍ ដូចជា​គម្រោង​ស្ពាន​អាកាស​ចោម និង​ក្បែរ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ជាដើម។

លោក​បន្តថា “នៅក្នុង​តំបន់​នេះ​នឹង​កាន់តែ​រីកចំរើន ហើយ​នៅ​ថ្ងៃ​ខាងមុខ​វា​នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​ទំនើប និង​អាច​ប្រកួតប្រជែង ជាមួយនឹង​តំបន់​ផ្សេងទៀត​របស់​ទីក្រុង​ភ្នំពេញ ដោយសារ​ទីក្រុង​ភ្នំពេញ​នឹង​កាន់តែ​រីក​ធំ ហើយ​តំបន់​នឹង​មិនមែន​ជាយក្រុង​ទៀត​ទេ” ។

លោក​ឡូង គឹមសួគ៌ បាន​បន្ថែមថា ការរីកចំរើន​នេះ ស្របទៅនឹង​ផែនការ​របស់​រដ្ឋា​បាល​ក្នុង​ការពង្រីក​ក្រុង និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង កាន់តែ​ប្រសើរ និង​មាន​សេវា​ដឹកជញ្ជូន​កាន់តែ​ប្រសើរ​ផងដែរ ដែល​ជំរុញ​ការធ្វើដំណើរ​កាន់តែ​មាន​ភាពងាយស្រួល។

លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service បានឱ្យដឹងថា តំបន់​នេះ លែង​ជា​តំបន់​ជាយក្រុង ដែល​បណ្តុំ​ទៅដោយ​រោងចក្រ សហគ្រាស​ច្រើន​ហើយ វា​បាន​ក្លាយជា​តំបន់​កណ្តាល​ក្រុង និង​ជា​តំបន់​ពាណិជ្ជកម្ម។

លោកស្រី​បន្តថា “យើង​មិនបាច់​ប្រើពេល​យូ​ទៀត​ទេ ដោយ​បច្ចុប្បន្ននេះ វា​បាន​នឹង​កំពុង​ប្រែក្លាយ​បន្តិចម្តងៗ ទៅជា​តំបន់​ស៊ី​វិ​ល័យ នឹង​ទំនើប ហើយអ្វីៗនៅ​តំបន់​នេះ​ទាំង​ដីធ្លី និង​អចលនទ្រព្យផ្សេងៗ នឹង​កាន់តែ​ឡើងថ្លៃ​ខ្ពស់​បន្ថែមទៀត” ។

ទោះជា​យ៉ាងណា​លោកស្រី​បញ្ជាក់ទៀតថា តំបន់​នេះ​មិនអាច​អនុញ្ញាតឱ្យ​សាងសង់​អគារខ្ពស់ៗបាន​នោះទេ ព្រោះ​តំបន់​នេះ ក៏​នៅក្បែ​ព្រលានយន្តហោះ​អន្តរ​ជា​ភ្នំពេញ  ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តំបន់​នេះ​មានការ​រីកចំរើន​ទាំង​វិស័យ​អចលនទ្រព្យ​សំណង់ និង មាន​សក្តានុពល​ខ្ពស់​លើ​វិស័យសេដ្ឋកិច្ច៕

វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​កើតឡើង​រហូតដល់​ជាង១០១៦ករណី

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ការអភិវឌ្ឍន៍​ទៅលើ​វិស័យ​សំណង់​យ៉ាង​ឆាប់រហ័ស និង​មាន​តម្រូវការ​ប្រើប្រាស់​ដី​យ៉ាងច្រើន បានកើត​មាន​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ រួមជាមួយ​នឹង​សំណើ​ពាក់ព័ន្ធ ទៅនឹង​ការគ្រប់គ្រង​របស់​ស្ថាប័ន​នានា​មាន​ចំនួន​រហូតដល់១០១៦ករណី ដែល​រហូតមក​ដល់ពេលនេះ រដ្ឋបាលខេត្ត​កំពុង​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ និង​សម្របសម្រួល។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា គិត​ត្រឹម​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្ត​ព្រះសីហនុ បានទទួល​ឯកសារ​ពាក់ព័ន្ធ​សំណើ​ដីធ្លី និង​វិវាទ​ដីធ្លី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ មក​ដាក់ពាក្យ​ស្នើសុំ​នៅ​រដ្ឋបាលខេត្ត​មាន​ចំនួន ១០១៦ករណី។

លោក​បញ្ជាក់ថា ជាមួយនឹង​ការទទួលបាន​ពាក្យបណ្តឹង និង​សំណើ​ដោះស្រាយ​ទាំងនេះ រដ្ឋបាលខេត្ត​បាន​ឆ្លើយតប ទៅ​ម្ចាស់​សំណើ​បាន​ចំនួន១៨៣ករណី ធ្វើ​របាយការណ៍​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន៦០ករណី។ បញ្ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​សមត្ថកិច្ច​ចំនួន៨៤ករណី ដោះស្រាយ និង​សម្របសម្រួល​ចប់​ចំនួន១៥ករណី។ សរុប​មាន​ចំនួន៣៤២ករណី ក្នុងនោះ​បណ្តឹង​មកពី​គណ:ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស២ករណី ដោយ​ករណី​ទី១ ស្ថិតក្នុង​សមត្ថកិច្ច​តុលាការ ហើយ​ទី២ មន្ទីរ​បរិស្ថាន​កំពុង​ពិនិត្យ​ស្រាវជ្រាវ។

លោក​កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​លោក​អភិបាលខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ខិតខំ​បំពេញការងារ​សិទ្ធិមនុស្ស​បានល្អ​ក្នុង​ខេត្ត ថ្វីត្បិតតែ​ពាក់​ព​ន្ធ័​នឹង​បណ្តឹង​មានការ​កើនឡើង គឺ​មហាជន​មាន​ជំនឿ​ទុកចិត្ត​មកលើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត ក្នុងការ​ដោះស្រាយ​ឆ្លើយតបបាន​ទាន់ពេលវេលា។

លោក​បាន​បន្តថា “ប្រទេសជាតិ​មាន​សន្តិភាព មានការ​អភិវឌ្ឍន៍ បញ្ហា​ទំនាស់​ដីធ្លី​វា​តែងតែ​កើតមាន​ជាក់​ជាមិនខាន” ៕

រដ្ឋាភិបាលចិន ផ្តល់ជំនួយសម្ភារៈបរិក្ខាអគ្គិសនីសម្រាប់បំភ្លឺទូទាំងក្រុងព្រះសីហនុ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ រដ្ឋាភិបាលចិនបានសម្រេចផ្តល់នូវសម្ភារៈបរិក្ខាអគ្គិសនីជាច្រើនពាន់គ្រៅងសម្រាប់ដាក់បំភ្លឺនៅតាមផ្លូវ និងទីសាធារណៈនានាក្នុងក្រុងព្រះសីហនុ និងអាចមានលទ្ធភាពក្នុងកាត់បន្ថយការប្រើប្រាស់ថាមពើអគ្គិសនី និងជួយការពារបរិស្ថានក្រុងប្រកបដោយនិរន្តរភាព។

តាមរយៈសេចក្តីរាយការណ៍របស់មន្រ្តីទទួលបន្ទុកកិច្ចការក្នុងក្រសួងបរិស្ថាននៃកម្ពុជានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានបង្ហាញថា រដ្ឋាភិបាលចិនដែលមានមិត្តដែកថែមជាមួយកម្ពុជា បានដឹកជញ្ជូននូវគ្រឿងបរិក្ខារដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) មួយចំនួនធំ ដែលជាអំណោយជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបានមកដល់កំពង់ផែក្រុងព្រះសីហនុតាំងពីថ្ងៃទី២២ ខែវិច្ឆិកា ចុងសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងសេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា សម្ភារៈបរិក្ខារទាំងនេះរួមមានដូចជាអំពូលសូឡាចំនួន ២៨០០អំពូល ផ្ទាំងកញ្ចក់សូឡាចំនួន២០០ផ្ទាំង និងម៉ូតូអាគុយចំនួន២០០គ្រឿង។ បរិក្ខារទាំងនេះនឹងត្រូវបានប្រើ និងដំឡើងនៅតាមទីសាធារណៈនៃខេត្តព្រះសីហនុ ដូចជាសាលារៀន សួនច្បារជាដើម ក្នុងគោលបំណងជួយកាត់បន្ថយការបំភាយសារធាតុកាបូន បង្កើនការយល់ដឹងជាសាធារណៈស្តីអំពីការការពារបរិស្ថាន និងការកសាងទីក្រុងប្រកបដោយនិរន្តរភាព ស្អាត និងបរិស្ថានបៃតង។

គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ សមិទ្ធផលនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងព្រះសីហនុ ដែលវិនិយោគដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនសោភ័ណភាព និងលើកកម្ពស់ក្រុងក្នុងនាមជាគោលដៅទេសចរណ៍កម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ដែលជាប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេសនោះ សម្រេចបានជាង៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ។

នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ស្តីពីការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារចាក់បេតុងផ្លូវសម្រេចបាន ១០០ភាគរយ , ការងារដាក់លូតាមផ្លូវ ១០០ភាគរយ, ការងាររៀបចំប្រព័ន្ធលូរណប ៩២,៨១ភាគរយ , ការងាររៀបខឿនក្រានីត ៩០,២៧ភាគរយ, ការងាររៀបចំកម្រាលក្រានីត ៧៥,០៥ភាគរយ, ការងារដំឡើងបង្គោលភ្លើង តាមដងផ្លូវ ៩៨,០៥ភាគរយ, ការងារបំពាក់អំពូលភ្លើង តាមដងផ្លូវ ៩១,២៥ភាគរយ និងការងារដាំដើមឈើ ៦០,០៩ភាគរយ៕

ក្រសួងសេដ្ឋកិច្ចអនុម័តការបង្កើតសាជីវកម្មធានាឥណទានដល់សហគ្រាសខ្នាតតូចនិងមធ្យម

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយសម្រួលដល់ក្រុមហ៊ុននិងម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដែលជួបបញ្ហាប្រឈមក្នុងវិបត្តិជំងឺសកល កូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជានេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិ។

សាជីវកម្មធានាឥណទានកម្ពុជា មានតួនាទីផ្តល់សេវាធានាឥណទានដល់ក្រុមហ៊ុនអាជីវកម្មធុរកិច្ចនៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ពីវិបត្តិ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលរបស់ខ្លួន សំដៅបន្តនិរន្តភាពអាជីវកម្ម និងសម្របទៅបរិបទនៃធុរកិច្ចថ្មី។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា យន្តការធានាឥណទាន គឺជាការចែករំលែកហានិភ័យ ដែលក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា ត្រូវពិនិត្យលទ្ធភាពរួមគ្នាជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបើកឱកាសដល់ក្រុមហ៊ុនធុរកិច្ច ជាពិសេសសហគ្រាសធុនតូច និងមធ្យម អាចទទួលបានឥណទានពិសេសក្រៅពីយន្តការដែលមានស្រាប់។

ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀត សម្រាប់កំណត់ត្រាប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ គំនិតនេះនឹងទំលុះរបាំងដែលរាំងស្ទះដល់ដំណើរការនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រីកវិសាលភាពមូលដ្ឋានអតិថិជនរបស់ខ្លួន។

ទន្ទឹមនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏នឹងបង្កើនលទ្ធភាពទទួលហិរញ្ញប្បទានរបស់ក្រុមហ៊ុនធុរកិច្ច ជាពិសេស សហគ្រាស ធុនតូចនិងមធ្យម ដែលជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន ដោយសារបញ្ហាប្រឈមចម្បងកន្លងមកគឺតម្រូវ ឱ្យមានទ្រព្យបញ្ចាំតែមួយមុខគត់។

ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា នឹងនាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា រួមមានជំរុញបរិយាបន្នហិរញ្ញវត្ថុ, គាំទ្រប្រភពកំណើនថ្មី, និងពិពិធកម្មសេដ្ឋកិច្ច ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម, ឆ្លើបតបបញ្ហាប្រឈរមក្នុងទីផ្សារឥណទាន បំពេញតម្រូវការ និងបញ្ហាក្នុងសេដ្ឋកិច្ចនិងសង្គម, ព្រមទាំងបង្កបរិយាកាសក្នុងការបង្កើតផលិតផលកម្ចីថ្មីៗ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងរយៈពេលវែង៕