ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងអ្នកតំណាងស្ថាប័នពាក់ព័ន្ធនឹងការវិនិយោគជប៉ុនចំនួនចំនួន២ផ្សេងទៀតបានជួបពិភាក្សាការងារជាមួយប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាដែលធ្លាប់កើតមាន និងការស្វែងរកកិច្ចសម្របសម្រួលបង្កភាពងាយស្រួលដល់វិនិយោគិនក្នុងការបណ្តាក់ទុនវិនិយោគ និងធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរ។
ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) លោក KANDA Yogo បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះថា បញ្ហាប្រឈមកាលពីពេលកន្លងទៅភាគច្រើនគឺពាក់ព័ន្ធនឹងការអនុវត្តមុខងារស្នើសុំលិខិតអនុញ្ញាតគយតាមប្រព័ន្ធបញ្ជរតែមួយជាតិ។
លោកថា “ជាដំណោះស្រាយល្អ ស្នើសុំជួយសម្រួលទៅលើលិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់, កាត់បន្ថយឯកសារភ្ជាប់ក្នុងទម្រង់ក្រដាស, ការកាត់បន្ថយអត្រាពន្ធគយ និងអាករពិសេសលើមុខទំនិញប្រេងរំអិល,ការកកស្ទះនៅមាត់ច្រកព្រំដែនបាវិត មាត់ច្រកព្រំដែនប៉ោយប៉ែត មាត់ច្រកព្រំដែនព្រៃវល្លិ, ការអនុវត្តនីតិវិធីពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស,ការអនុវត្តគោលការណ៍មកមុន ពិនិត្យមុន “First come, first serve”, និង ការរក្សាទុកឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងទៀតជាដើម”។
ជាមួយគ្នានេះ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JICA) ក៏បានជម្រាបអង្គប្រជុំពីគម្រោងជំនួយសំខាន់ៗ របស់ខ្លួននាពេលបច្ចុប្បន្ន រួមមាន ១. ការសិក្សាដើម្បីកាត់បន្ថយការកកស្ទះចរាចរទំនិញ និងអ្នកដំណើរនៅកំណាត់ផ្លូវជាតិលេខ ១ តំបន់មាត់ច្រកបាវិត-ម៉ុកបៃ ២.ការបកប្រែបទប្បញ្ញត្តិគយជាភាសាអង់គ្លេស ដើម្បីដាក់ផ្សព្វផ្សាយក្នុងគេហទំព័រគយ និង ៣. ការអនុវត្តសាកល្បងប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយនៅតាមកំពង់ផែ និងច្រកទ្វារព្រំដែនសំខាន់ៗ។
លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថារដ្ឋបាលគយកម្ពុជា ស្រដៀងគ្នានឹងរដ្ឋបាលគយនៃប្រទេសនានាលើពិភពលោកដែរ បាននិងកំពុងអនុវត្តនូវតួនាទីនិងភារកិច្ចគន្លឹះរបស់ខ្លួនចំនួន ៣ រួមមាន (១)ការងារប្រមូលចំណូលពន្ធអាករគយ (២)ការបង្ការនិងបង្រ្កាបបទល្មើសគយ និង (៣)ការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិ និងតាមបទប្បញ្ញត្តិជាតិជាធរមាន។ អគរ តែង តែខិតខំរក្សាឲ្យបាននូវតុល្យភាពគ្នារវាងការអនុវត្តច្បាប់ ជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្ម សំដៅធ្វើយ៉ាងណាឱ្យ ធុរជនអាចទទួលបាននូវភាពងាយស្រួល ក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទន្ទឹមគ្នាដែលរដ្ឋបាលគយអាចគ្រប់គ្រងបាននូវអនុលោមភាពរបស់ធុរជនផងដែរ។
តាមរយៈទិន្នន័យពីស្ថាប័នធុរកិច្ចជប៉ុននៅក្រៅប្រទេស (JETRO)បានបង្ហាញថា គិតត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនត្រូវបានកត់ត្រាក្នុងទឹកប្រាក់ចំនួន ១.៥៤៨ លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ២៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសជប៉ុនចំនួន ៣៣៩ លានដុល្លារ ពោលគឺធ្លាក់ចុះ ១៤,៨ ភាគរយ៕