ជប៉ុនឧបត្ថម្ភគ្រឿងចក្រសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេសកម្ពុជា

ដោយ ហ្សូលី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានឧបត្ថម្ភជាគ្រឿងចក្រសាងសង់ផ្លូវដល់រាជរដ្ឋាភិបាលកម្ពុជាយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា ពិសេសផ្លូវដែលទទួលរងនូវការខូចខាតខ្លាំងដោយកត្តាផ្សេងៗ រួមមានការដឹកលើសទម្ងន់កំណត់ និងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប។

ថ្លែងក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវប្រភេទ stabilizer នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សង្ឃឹមថា ការផ្តល់គ្រឿងចក្រនេះ នឹងចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមរយៈឯកឧត្តមMIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន បានជួយឧបត្ថម្ភគាំទ្រជាស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងបានផ្តល់នូវជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់ការសាងសង់ ស្ពារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន សំខាន់ៗជាច្រើនកន្លែង។

លោកបន្តថា បន្ថែមពីនេះ កំពង់ផែអន្តរជាតិសម្រាប់ជួយសម្រួលដល់ចរាចរដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

តាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ជប៉ុនបានផ្តល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគន្លឹះជាច្រើននៅកម្ពុជា។

ចំពោះវិស័យសាធារណការ និងដឹកជញ្ជូន ជប៉ុនបានផ្តល់ហិរញ្ញប្បទានសម្បទានជាជំនួយឥតសំណងសម្រាប់ស្តារ និងសាងសង់ផ្លូវចំនួន៣ខ្សែ រួមមាន៖ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុបជាង២៥៤គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ១៨៩,១លានដុល្លារអាមេរិក។ ចំណែកស្ពានធំៗ មានដូចជា ស្ពានគីហ្សូណា ស្ពានត្សឹបាសា ប្រវែងសរុប៣.៥៧៥ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦លានដុល្លារ និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១.០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ៣០លានដុល្លារ។

បច្ចុប្បន្ន ជប៉ុនកំពុងតែផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលសាងសង់ស្ពានចំនួន៧ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក ខណៈផ្លូវជាតិលេខ៥ ដែលមានប្រវែង៣៦៦គីឡូម៉ែត្រ បាននិងកំពុងសាងសង់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនក្នុងទំហំថវិកាប្រមាណ៥០០លានដុល្លារ៕

កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ នៅក្នុងដំណើរទស្សកិច្ចកិច្ចផ្លូវការរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជា នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ និងឯកសារសំខាន់២ ទៀត រួមមាន លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជួបពិភាក្សាការងារ ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
លោក វ៉ាង យី មានជំនួបប្រជុំផ្លូវការជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានឱ្យដឹងដែរថា តាមគោលការណ៍ដែលចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា -ចិន ភាគីកម្ពុជាអាចមានសិទ្ធិ ក្នុងការនាំយកទំនិញចេញទៅកាន់ទីផ្សារប្រទេសចិន ច្រើនជាង ១០៣០០មុខ ដែលមានភាគរយខ្ពស់ជាងភាគីចិន នាំទំនិញចូលមកកាន់ទីផ្សារកម្ពុជា។

លោកឧកញ៉ាបានបញ្ជាក់ថា “តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងប្រទេសយក្សចិនមួយនេះ យើងនឹងទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសការធ្វើពិពិធកម្ម នៃលទ្ធភាពក្នុងនាមជាអ្នកផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំនៃប្រទេសមហាអំណាចមួយនេះ និងកាន់តែធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតស្គាល់នូវផលិតផលរបស់កម្ពុជា”។

លោកឧកញ៉ាបន្តថា “វាក៏ជាឱកាសទីផ្សារកម្ពុជានៅក្នុងតំបន់អាស៊ានដែរ ប្រសិនបើមានបណ្តាក្រុមហ៊ុនអន្តរជាតិនានា ចូលមកវិនិយោគនៅក្នុងកម្ពុជា នៅក្នុងការកែច្នៃផលិតផលកសិផលកម្ពុជា ហើយនាំចេញដែលក្រៅពីប្រទេសចិនក៏អាចនាំទៅកាន់ទីផ្សារដទៃទៀត ដែលទាំងអស់នេះ សុទ្ធតែជាការពង្រីកវិសាលភាពរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក”។

លោកបន្ថែមថា “វាជាផលប្រយោជន៍ដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយត្រូវយកឱកាសនេះ សម្រាប់បង្កើនលទ្ធភាពក្នុងការផលិត ជាពិសេសក្នុងវិស័យកសិកម្ម ដូចជាដំណាំអាទិភាពរួមមាន អង្ករ ដំឡូងមី សណ្ដែក ពោត កៅស៊ូ ហើយយើងសង្ឃឹមថា អាចនឹងនាំចេញនូវផ្នែកបសុសត្វ និងប្រភេទវារីវប្បកម្មផងដែរ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ ក្នុងការជម្រុញធ្វើពិពិធកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពខ្ពស់”៕

មេអាកាសចរស៊ីវិលចុះពិនិត្យព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុងដើម្បីជុំរុញល្បឿននៃការសាងសង់

ដោយវុត្ថា

កោះកុង៖ នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដើម្បីពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចេញផ្សាយនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០នេះ ឱក្យដឹងថា គោលបំណងនៃបេសកម្មចុះ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន៖

១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group
២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់
៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៍មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង
៤-បញ្ហាផ្សេងៗ

សេចក្តីដំណឹងដដែលបន្តថា ដោយឡែក ការរៀបចំពេលវេលាសំខាន់ៗរបស់គម្រោងសាងសង់អាកាសយានដ្ឋានរួមមាន៖
– ការរៀបចំធ្វើ សុពលភាពហោះហើរ ( Flight Validation) នឹងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០
– បញ្ចប់ សុពលភាពហោះហើរ ( Flight Validation)នឹងធ្វើនៅខែ កុម្ភះ ឆ្នាំ ២០២១
– ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១
– ការធ្វើការហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១
– បំពេញទទួលបញ្ចប់គម្រោងអាកាសយានដ្ឋាន ផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
– ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
– ការបំពេញលក្ខខណ្ឌប្រតិបត្តិការអាកាសយានដ្ឋាន (សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន) និងចាប់ផ្តើមប្រតិបត្តិការអកាសយានដ្ឋាន នាពាក់កណ្តាលឆមាសទី០២ ឆ្នាំ២០២១៕

អ្នកជំនាញអះអាងថា ការរៀបចំនគរូបនីយកម្មទីក្រុងមិនបានល្អបានធ្វើឱ្យប្រឈមការជន់លិចកាន់តែខ្លាំង

ដោយវុត្ថា

ភ្នំពេញ៖ អ្នកជំនាញមើលឃើញពីការរៀបចំនគរូបនីយកម្មទីក្រុងមិនទាន់បានល្អប្រសើរ បានជំរុញឱ្យមានការជន់លិចនៅតាមបណ្តាក្រុងមួយចំនួនរបស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលមានបាតុភូតធម្មជាតិ ដោយមានភ្លៀងធ្លាក់ច្រើនក្នុងរយៈពេលប៉ុន្មាសប្តាហ៍កន្លមងកនេះ ។

លោកបណ្ឌិត វាន់ វ៉ាត អ្នកជំនាញផ្នែកនគរូបនីយកម្ម និងសំណងបានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការរៀបចំនគរូបនីយកម្មក្រុងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមិនទាន់មានផែនការអនុវត្តនៅទូទាំងប្រទេសនៅឡើយទេ បើទោះបីមានការរៀបំហេដ្ឋារនាសម្ព័ន្ធក្រុងមួយចំនួនរួចហើយយ៉ាងក្តី ដែលការនេះជំរុញឱ្យមានការជួបប្រទះនូវជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

លោកបន្តថា កន្លងមកនេះ យើងបានរៀបចំហេដ្ឋារនាសម្ព័ន្ធក្រុងបានរួចហើយនៅតាមបណ្តាខេត្តមួយចំនួន ដូចជានៅក្នុងខេត្តកណ្តាល យើងក៏បានសិក្សានៅក្នុងកម្រិតតាមផែនការ ហើយចំពោះការអនុវត្តជាក់ស្តែងទៅលើគម្រោងមិនទាន់ចេញជាផែនជាក់ស្តែងដោយកង្វះខាតពាក់ព័ន្ធនឹងកញ្ចប់ថវិកា ។

លោកបន្តថា “ដូច្នេះរាល់បាតុភូតធម្មជាតិដែលមានការជន់លិច ដូចជាការអនុវត្តជាក់ស្តែង លើការងារផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុង គឺយើងផ្អែកទៅលើផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគម្រោងអភវិឌ្ឍន៍ទាំងនៅក្នុងស្រុង និងក្រៅស្រុក ដែលមានការគាំទ្រថិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែមកដល់ពេលនេះ យើងឃើញថា មិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ”។

លោកបណ្ឌិតបន្តថា “យើងនៅតែមានចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកា ដើម្បីយកមកអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធរំដោះទឹក” ។ លោកពន្យល់ថា “កន្លងមកនេះ យើងនៅមានចន្លោះខ្វះខាតហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងលើកកម្រិតជាលក្ខណៈផ្លូវជាតិ ផ្លូវមហាវិថី វិថី ក៏ដូចជាផ្លូវបេតុ និងផ្លូវលំនៅតាមជនបទ ជាដើម ដែលយើងមិនបានយកចិត្តទុកដាក់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរំដោះទឹក ដូចជាប្រព័ន្ធលូ ប្រព័ន្ធព្រែកប្រឡាយមេ និងប្រឡាយផ្សេងៗជាដើម”។

លោកបណ្ឌិតពន្យល់ថា “ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ កម្ពុជាបានទទួលរងនូវប្រព័ន្ធសម្ពាតទាប ហើយមានភ្លៀងធ្លាក់ខ្លាំង បានធ្វើ ឱ្យតំបន់មួយចំនួនទទួលរងនូវការលិចលង់ក្រុង ដោយសារនៅកន្លែងខ្លះ យើងកំពុងធ្វើការជុសជួល ហើយផ្លូវមួយចំនួនយើងបញ្ចប់ការសាងសង់ប៉ុន្តែ យើងមិនបានរៀបចំប្រឡាយរំដោះទឹកឱ្យបានល្អ(ឧទាហរណ៍ផ្លូវជាតិលេខ៤ ) ក្នុងទីប្រជុំជន។

លោកបន្ថែមទៀតថា “នៅកន្លែងខ្លះទៀត បើទោះបីធ្វើផ្លូវរួចហើយ តែយើងមិនបានរៀបចំប្រឡាយរំដោះទឹកឱ្យបានត្រឹមត្រូវតាមរយៈការតភ្ជាប់ទៅកាន់ប្រឡាយមេ (ធ្លាក់ចូលទន្លេ) ហើយបើតាមស្ថានភាពបច្ចុប្បន្ននេះ បើយើងមានប្រព័ន្ធបង្ហូររំដោះទឹកល្អ និងមានប្រព័ន្ធចែករំលែងទៅកាន់អូរ ឬប្រឡាយ ស្ទឹង បឹង ជាច្រើនផ្សេងទៀតជាលក្ខណៈស្បែកខ្លា នឹងមិនធ្វើឱ្យមានការជនលិចនោះទេ”។

លោកបញ្ជាក់ទៀតថា បើយើងមិនមានប្រព័ន្ធបង្ហូររំដោះច្រើនទេ យើងនិងមិនងាយរំដោះទឹកបានលឿនទេ ដូចនៅក្រុងពោធិ៍សាត់ចឹង មានតែស្ទឹងតែមួយ អ៊ីចឹងហើយបានធ្វើឱ្យមានការជនលិច ហើយការបែងចែកខ្នែងរំដោះទឹកកាន់តែច្រើន បើទោះបីមិនមានធំល្អ ហើយអាចនៅប្រើការបាន វាក៏នឹងជួយឱ្យជួយរំដោះទឹកកាន់តែបានលឿងនផងដែរ។

លោកបញ្ជាក់ទៀត “ដើម្បីឱ្យស្ថានភាពនេះ កាន់តែល្អប្រសើរនាពេលអនាគត (កុំឱ្យមានជនលិចបន្តទៀត) យើងត្រូវតែមានការគាំទ្រកញ្ចប់ថវិការដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អជ្ញាធរមូលដ្ឋាន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំមានការចាក់ដីបំពេញនៅតាមប្រឡាយ ឬមាត់លូជាដើម”។

លោកបណ្ឌិត សុខ ទូត ប្រធានរាជបណ្ឌិត្យសភាពកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ខ្លួនឱ្យដឹងដែរថា ស្ថានភាពទឺកលិចលង់នៅតាមបណ្តាខេត្តក្រុងមួយចំនួនៅក្នុងប្រទេសកម្ពុជាដោយសារកត្តាសំខាន់មួយចំនួន។

លោកបណ្ឌិតបានសរសេរថា ពេលនេះ ទើបដឹងថាអ្វីទៅដែលមានសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង ដោយក្នុងនោះ ១. សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ ២. ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឱ្យបានជ្រៅល្អ ៣. ស្រះត្រូវតែមានតាមភូមិក៏ដូចតាមវត្តដែរ ៤. កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់។

លោកបន្តថា “សូមយើងទាំងអស់គ្នាជួយថែរក្សា សម្បត្តិទាំងនេះជារបស់យើងទាំងអស់គ្នា។ នា អាណាចក្រអង្គរដ៏ល្បីល្បាញត្រូវបានពិភពលោកទទួលស្គាល់ថាមានសេដ្ឋកិច្ចរុងរឿង ដោយសារវិស័យមួយគឺកសិកម្ម ដែលក្នុងនោះការរៀបចំប្រព័ន្ធធារាសាស្ត្រដោយការជីកបារាយណ៍ធំៗស្ដុកទឹក សម្រាប់បម្រើវិស័យកសិកម្ម”។

លោកបន្ថែមថា “បន្ថែមលើនេះទៀត អ្នកជំនាញបុរាណវត្ថុវិទ្យាក៏បានរកឃើញដែរថា អាណាចក្រនេះមិនត្រឹមជីកបារាយណ៍ធំៗប៉ុណ្ណោះទេ គេក៏ជីកត្រពាំងរាប់រយនៅតាមលំនៅ ភូមិដ្ឋានទៀតផង និង កុំចង់មានតែមួយជំនាន់ ហើយក្រតជំជាន់”។

គេហទំព័រ propertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានទេ ដោយបានទូរស័ព្ទទៅមិនមានអ្នកលើក ៕

ចិន-កម្ពុជានឹងចុះហត្ថលេខាផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង លើកគម្រោងអភិវឌ្ឍសំខាន់ៗចំនួន៨ សម្រាប់ឆ្នាំ ២០២០នេះ

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា រដ្ឋាភិបាលចិននឹងចុះហត្ថលេខា ផ្តល់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០នេះ ដើម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍សំខាន់ចំនួន៨នៅក្នុងប្រទសកម្ពុជា ។

លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅក្នុងជំនួបជាមួយ ឡោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែតុលា ២០២០ បានបញ្ជាក់ថា គម្រោងត្រៀមចុះហត្ថលេខាមាន៖
គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង គម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧ គម្រោងជម្រុញផលិកម្មស្រូវ និងនាំចេញអង្ករ គម្រោងដែលកំពុងរៀបចំមាន៖ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។

លោក ឧបនាយករដ្ឋមន្ត្រី ស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០.០០០តោន។ លោកឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយ(ដែលបានចុះអនុស្សារណរួចហើយ) និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់។

លោកឧបនាយករដ្ឋមន្ត្រី បានលើកថា “កន្លងមកមិត្តចិនបានទិញកសិផលយើងបានច្រើនមួយចំនួនហើយ ដូចជាចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទីជាដើម ខ្ញុំក៏បានស្នើមិត្តចិនជួយទិញឲ្យបានច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញៈ ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន។ល។” ។

លោក ឧបនាយករដ្ឋមន្ត្រី ក៏ស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍កសិកម្ម។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកករណីវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន ស្នើភាគីមិត្តចិនផ្តល់វ៉ាក់ សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនៈកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈកន្លងមក។លោកបន្តថា ការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺដោយសារសម្ដេចតេជោ និងលោកឧបនាយករដ្ឋមន្ត្រី បានខិតខំកន្លងមក។

លោក វ៉ាង យី បន្ថែមថា ក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា និងវិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយCovid-19 ទេ តែកាន់តែមានច្រើន។

លោកបន្ថែមថា ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងសម្រប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន950លានយាន់(ប្រហែល140លានដុល្លារ)។ ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនិងCovid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។

លោកថា ចិន សន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ចិនបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល ស្នើអោយកម្ពុជាគាំទ្រ៕

ទីបំផុតកន្លែងទេសចរណ៍ភូមិវប្បធម៌កម្ពុជា ក្នុងខេត្តសៀមរាប ប្រកាសបិទអាជីវកម្មជាផ្លូវការ

ដោយ ហ្សូលី

ភ្នំពេញ៖ បន្ទាប់ពីបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា មានទីតាំងស្ថិតនៅខេត្តសៀមរាប បានប្រកាសពីការបិទអាជីវកម្មរបស់ខ្លួនជាផ្លូវការ ដោយសារវិបត្តិហិរញ្ញវត្ថុ។

ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី ១១ តុលា ថ្មីៗនេះថា ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នឹងបិទដំណើរការអាជីវកម្មទាំងស្រុងនៅថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២០តទៅ។

សេចក្តីជូនដំណឹងដដែលឲ្យដឹងទៀតថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះជាគំហុក អស់រយៈពេលជាច្រើនខែ។ ដូច្នេះក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ការចំណាយនានាជុំវិញដំណើរការអាជីវកម្មទៀតបាន។

ភូមិវប្បធម៌ជាកូនភូមិទេសចរណ៍វប្បធម៌គម្រូមួយដែលមានសំណង់ផ្ទះ និង អគារប្រវត្តិសាស្រ្ដទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និង ជីវភាពរបស់ជនជាតិទាំងអស់ ។ កន្លែងនេះមានទំហំ ២១០ ០០០ ម៉ែត្រការ៉េ ស្ថិតក្នុងក្រុងសៀមរាប ។

មានភូមិចំនួន ១២ ដែលតំណាងឲ្យវប្បធម៌ផ្សេងគ្នា និង ចរិតលក្ខណៈរបស់ជនជាតិ ១៩ ។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្ដែងរបាំប្រពៃណីខ្មែរ និង របាំប្រពៃណីរបស់ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា និង អាចទស្សនាការសំដែងលើប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ព្រមទាំងទស្សនីយភាពដែលសម្ដែងអំពី ប្រវត្តិសាស្រ្ដខ្មែរនាសម័យអង្គរ ក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ ទៀតផង។ នៅតាមភូមិនីមួយៗ ភ្ញៀវទេសចរក៏អាចមើលឃើញការបង្ហាញពីរបៀបឆ្លាក់លើផ្ទាំងថ្ម លើឈើ ដំគ្រឿងប្រាក់ និង ឆ្នៃត្បូង។

នៅទីនោះក៏មានសារមន្ទីរក្រមួនដែលបង្ហាញពីរូបប្រវត្តិសាស្រ្ដផ្សេងៗ តាំងពីរបៀបសាងសង់ប្រាសាទអង្គរវត្ត ជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យចេនឡា និង រូបតំណាងឲ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ដផ្សេងៗទៀត ។ លើសពីនេះទៅទៀត នៅទីនោះមានរូបគម្រូ ១/២០ នៃផ្សារធំថ្មី ព្រះបរមរាជវាំង វត្តភ្នំ នៅភ្នំពេញ ភ្នំឧត្តុង្គ និង មានសំណង់គម្រូនៃខ្ទម និង ផ្ទះខ្មែរ, ផ្ទះជនជាតិ, វត្ត និង វិហារឥស្លាម ។ ដំណើរកម្សាន្ដនៅ ភូមិវប្បធម៌កម្ពុជា ជាដំណើរទេសចរណ៏ដែលមិនអាចបំភ្លេចបាន ៕

តើ​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​និយាយ​អ្វី​ពី​ទីផ្សារ​ខុន​ដូ​សំរាប់​ប្រជាជន​ខ្មែរ?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ដោយសារតែ​សម័យកាល​កាន់តែ​រីកចម្រើន និង​មានការ​អភិវឌ្ឍ​កាន់តែ​ល្អប្រសើរ ដែលនាំឱ្យ​មានការ​ផ្លាស់​ប្ដូរ​នៃ​ការគិត និង​តម្រូវការ​ជាក់ស្ដែង​នៃ​ការរស់នៅ ប្រជាជន​ខ្មែរ​មួយចំនួន នឹង​ការប្ដូរ​និន្នាកា​ទិញ​ដីឡូត៍​ដោយ​ការបង់​រំ​លោះ មក​ទិញ​ខុន​ដូ​ដោយ​ការបង់​រំ​លោះ​វិញ ជាមួយនឹង​ការ​សម្លឹង​ឃើញ​ពី​ឱកាស ទទួលបាន​ផលចំណេញ​ផងដែរ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ក្នុងពេល៣-៥ ឆ្នាំ​ខាង​មុននេះ ប្រជាជន​ខ្មែរ នឹងមាន​និន្នាកា​ប្រែប្រួល​ពី​ការទិញ​ដីឡូត៍ មក​ទិញ​ខុន​ដូច្រើនឡើងៗ ហើយ​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​មួយចំនួន​ក៏​នឹង​អាច​ងាក​មក​ចាប់អារម្មណ៍ លើ​ការអភិវឌ្ឍន៍​គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ ក្នុង​កម្រិត​ណាមួយ​ដើម្បី​ស្របតាម​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង។

អ្នក​ទំនាញ​រូបនេះ​បាន​ពន្យល់ថា “ខ្ញុំ​សម្លឹង​មើលឃើញ​ទីផ្សារ​ខុន​ដូ នាពេល​អនាគត​បែបនេះ ហើយ​វា​ជាការ​ពិត​ដែល​ខ្ញុំ​ត្រូវតែ​និយាយ ការនិយាយ​បែបនេះ​អាចឱ្យ​បងប្អូន ដែលជា​អ្នកទិញ​ដីឡូត៍​នៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក ឬ​អ្នក​អភិវឌ្ឍន៍​គម្រោង​ដីឡូត៍​អាចមាន​ការមិន​ពេញចិត្ត។ លោក​បន្ថែមថា “ប៉ុន្តែ​វា​ជា​រឿង​ពិត ដែល​និន្នាកា​ប្រែប្រួល​នៃ​តម្រូវ​ខុន​ដូរ​នឹង​កើនឡើង​ដោយសារតែ​ហេតុផល​ចាំបាច់​មួយចំនួន” ។

លោក​សំ សុខ​នឿន​បាន​បញ្ជាក់ថា មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង និង​ជាយក្រុង​ងាក​មក​ទិញ​ខុន​ដូ ដោយសារតែ ទី១ កំណើនប្រជាជន​ក្នុង​ក្រុង​កាន់តែច្រើនឡើងៗ ដែល​បណ្តាល​ឲ្យ​ចរាចរ​ក្នុង​ក្រុង​កាន់តែ​មហា​ញឹក ស្ទះ​ចង្អៀត ពិបាក​ក្នុងការ​ធ្វើដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ដែល​ធ្វើ​ឲ្យ​ចំណាយ​ពេលវេលា​យូរ​នៃ​ការធ្វើដំណើរ។ ទី២ ការអភិវឌ្ឍ​ដីឡូត៍ និង​ការអភិវឌ្ឍន​បុរី​កាន់តែ​ឆ្ងាយ​ពី​ទីក្រុង​លើសពី៤០គីឡូម៉ែត្រ ដែល​ធ្វើឱ្យ​អ្នកទិញ​សម្រាប់ សាងសង់​ផ្ទះ​ស្នា​ក់មាន​ផល​ពិបាក ដែល​ក្រៅពី​ចំណាយ​ថវិកា​សាងសង់​លំនៅដ្ឋាន ថែមទាំង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ក្នុងការ​ធ្វើដំណើ​ចេញចូល​ក្រុង​ដើម្បី​បំពេញការងារ និង​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ។

លោក​បន្តថា “គម្រោង​អភិវឌ្ឍន៍​ដីឡូត៍ អាច​ជួប​បញ្ហាលំបាក​នាពេល​អនាគត ដែល​បញ្ហាលំបាក​ទាំងនោះ ទាក់ទង​នឹង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធ​លូ ទឹក​ភ្លើង -ល-។ ជាមួយគ្នានេះ នៅពេល​ស្ថេរភាព​នយោបាយ​កាន់​តែមាន​លំនឹង សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កាន់តែ​ល្អប្រសើរឡើងៗ នាពេល​អនាគត ចំណូល​ប្រជាជន​ខ្មែរ​កាន់តែ​កើនឡើង រួមជាមួយ​ចំណេះដឹង​នៃ​ការគិត​ទៅលើ​ផាសុកភាព នៃ​ការរស់នៅ​កាន់តែ​ខ្ពស់ នឹង​ធ្វើឱ្យ​ពួកគាត់​ចង់​រស់នៅ​ខុន​ដូ ដែលមាន​បណ្តុំ​សេវា​ជាច្រើន ដូចជា កន្លែង​ហាត់ប្រាណ​ដើម្បី​សុខភាព ស្ទី​ម សូ​ណា មាន​អាង​ហែល​ទឹក ផ្សារ​ទំនើប អាហា​រដ្ឋា​ន ដែល​បង្ក​ភាពងាយស្រួល​ក្នុងការ​រស់នៅ” ។

បច្ចុប្បន្ន សម្រាប់​ទីផ្សារ និង​តម្រូវ​ការទិញ​ខុន​ដូ​តម្លៃ​សមរម្យ ក្នុង​រង្វង់​ចាប់ពី​ជាង៥ម៉ឺន​ដុល្លារ​ឡើងទៅ មាន​កើនឡើង​បើ​ធៀ​ម​ទៅនឹង​ឆ្នាំ​កន្លងទៅ ដោយសារ​អ្នក​អភិវឌ្ឍ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទទួល​លក់ ផ្តល់នូវ​លក្ខខណ្ឌ​ងាយស្រួល​ក្នុង​ការទិញ និង​មាន​កិច្ចសហការ​ពី​ធនាគារ ដែល​ផ្តល់ជូន​នៃ​ការបង់ប្រាក់​រយៈពេល​វែង ឬ​កម្ចី​ពី​ធនាគា​ដែលមាន​ការប្រាក់​ទាប និង​អនុគ្រោះ​ដល់​អតិថិជន ក្នុងការ​បង់ប្រាក់​រំលស់​ប្រចាំខែ ក្នុង​កម្រិត​ទាប និង​សមរម្យ​ប្រហាក់ប្រហែល​ទៅនឹង​ការបង់​រំ​លោះ​ដី​ឡូ​តិ៍​ផងដែរ៕

ចំណេះដឹង! តើ​អ្វី​ជាការ​បង្រួប​ក្បាលដី និង​ការ​បំបែក​ក្បាលដី?

ដោយ​វុត្ថា

ភ្នំពេញៈ ការ​បង្រួម​ក្បាលដី សំដៅ​ដល់​កា​រប​ញ្ជូ​ល​ក្បាលដី​ច្រើន ដែល​ជាប់​គ្នា​ឱ្យក្លាយ​ដី​តែមួយ ដោយ​ដី​ទាំងនោះ​មាន​ម្ចាស់​កម្មសិទ្ធិ​តែមួយ ជា​ប្រភេទ​ដី​តែមួយ​និង​ស្ថិតក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​តែមួយ។

ម្យ៉ាងទៀត សំដៅ​ដល់​ការបញ្ចូល​ក្បាលដី​ច្រើន ដែល​ជាប់​គ្នា​ឱ្យទៅជា​ក្បាលដី​តែមួយ ដើម្បី​ធ្វើ​ផែនការ​អភិវឌ្ឍ សម្រាប់ធ្វើ​សមាហរណកម្ម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ សេវាសាធារណៈ និង​ភាពងាយស្រួល​នៃ​ទីក្រុង។ ការ​បង្រួម​ក្បាលដី​ប្រភេទ​នេះ​អាច​ហៅថា ការធ្វើសមាហរណកម្ម​ក្បាលដី។

ការ​បំបែក​ក្បាលដី​សំដៅ​ដល់​ការ​បំបែក​ក្បាលដី​មួយ ឱ្យទៅជា​ក្បាលដី​ច្រើន​សំរាប់ ការសាងសង់​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម ឧស្សាហកម្ម។ល។ ដោយ​ធានាបាន​នូវ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ លំហ​សាធារណៈ ផ្ទៃ​បៃតង និង​សេវាសាធារណៈ សម​ស្របតាម​បញ្ញត្តិ​នៃ​ការប្រើប្រាស់​ដី។

១) តើ​ក្នុងករណី​ដែលមាន​ក្បាលដី​មួយចំនួន ជាប់​បន្ទុក​នៅ​ធនាគារ តើ​ការ​បង្រួម​ក្បាលដី និង​បំបែក​ក្បាលដី អាចធ្វើ​បានដែរ​ឬទេ?

ចម្លើយ៖ ការចុះបញ្ជី​បង្រួម​ឬ​បំបែក​ក្បាលដី ដែល​កំពុង​ជាប់​បន្ទុក​អាច​ធ្វើបាន​លុះត្រាតែ​បំពេញ​នូវ​លក្ខ​ខ័​ណ្ឌ​មួយចំនួន​ដូចជា

១) បំពេញបាន​នូវ​លក្ខខណ្ឌ​ជា​ក្បាលដី​តែមួយ ដូច​មានចែង​ក្នុង​មាត្រា២២៧ នៃ​ច្បាប់​ភូមិបាល២០០១ (ករណី​បង្រួម​ក្បាលដី)។

២) មាន ការយល់ព្រម​ពី​ម្ចាស់​សិទ្ធិ​ប្រាតិភោគ (ធនាគារ​ម្ចាស់បំណុល) ឱ្យ​បង្រួម​ឬ​បំបែក​ក្បាលដី កំពុង​ជាប់​បន្ទុក​នោះ។

៣) ភាគី​ទាំងអស់​ដែលមាន​ផលប្រយោជន៍​ពាក់ព័ន្ធ ត្រូវ​ព្រមព្រៀងគ្នា​អំពី​លំដាប់​នៃ​ការចុះបញ្ជី ជាអាទិ៍ នៅពេល​ផ្ទេរ​ការចុះបញ្ជី​សិទ្ធិ​ប្រាតិភោគ (ផ្ទេរ​បន្ទុក) ពី​ក្បាលដី​ចាស់ផ្សេងៗគ្នា ទៅ​ប្រមូលផ្តុំ​នៅលើ​ក្បាលដី​ថ្មី​តែមួយ (ករណី បង្រួម​ក្បាលដី) ឬ​ពី​ក្បាលដី​ចាស់​តែមួយ ទៅ​ពង្រាយ​លើ​ក្បាលដី​ថ្មី​ជាច្រើន(ករណី​បំបែក​ក្បាលដី)៕

អាគារ​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​លើកដំបូង​នៅ​ក្រុង​កំពត​ចាប់ផ្តើម​សាងសង់​ហើយ

ដោយ រ៉ា​ណេ​ត

កំ​ពតៈ គំរោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំដាប់​អន្តរជាតិ​កំពស់​កម្ពស់៤២ជាន់ ក្រោម​ទុនវិនិយោគ​ប្រមាណ ៩៥លាន​ដុល្លារ បាននិងកំពុង​ចាប់ផ្តើម​សាងសង់​ហើយ ដែល​វត្តមាន​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ នឹង​រួមចំណែក​លើក​កំពស់​ការអភិវឌ្ឍ​ក្នុង​ក្រុង​នេះ​កាន់​តែមាន​សក្តានុពល​ថែមទៀត។

អភិបាល​ខេត្តកំពត លោក ជាវ តា​យ ធ្លាប់បាន​មានប្រសាសន៍ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បានបង្ហាញ​ពី​កំណើន​យ៉ាងខ្លាំង នៃ​ប្រភព​អចលនទ្រព្យ​ក្នុងស្រុក ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច លូតលាស់​លឿន ដែល​វិស័យ​ឧស្សាហកម្ម សំណង់ និង​សេវាកម្ម នៅតែ​ជា​កម្លាំងចលករ​យ៉ាងសំខាន់។

លោក​បាន​បញ្ជាក់ថា “គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង នាពេលនេះ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ សំណង់​អគារ​លំដាប់​អន្តរជាតិ​ជា​លើកដំបូង និង​ខ្ពស់​ជាងគេ​នៅ​ខេត្តកំពត ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្តកំពត ហើយ​សម្រាប់​បំពេញតម្រូវការ​របស់​វិនិយោគិន ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើការ​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្តកំពត” ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អនុវត្ត​នូវ​កម្មវិធី យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល និតិ​កាល​ទី៦ នៃ​រដ្ឋសភា ដើម្បី​ជា​គន្លឹះ​ត្រីវិស័យ​ក្នុងការ ទ្រទ្រង់​និង​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ ក៏បាន​ចាត់ទុក​អាគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ក្រុង​កំពត​ដែល​ក្រុមហ៊ុន ថៃ​ប៊ុន​រ៉ុង សាងសង់​ពេលនេះ គឺ​ពិតជា​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ ទេសចរណ៍ នៅ​ខេត្តកំពត ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ ជួរ​ភ្នំ និង​មាន​សក្ដានុពល ទេសចរណ៍ បែប​ធម្មជាតិ ព្រមទាំង​ជា​តំបន់​ដែលមាន​សក្ដានុពលភាព ក្នុងការ​បង្កើតជា​តំបន់​វិស្សមកាល ហើយ​ស្របទៅនឹង​ប្លង់​មេ ដែល​ខេត្តកំពត​បានអនុម័ត​គម្រោង​ខាងលើ គឺជា​ការតភ្ជាប់​សំខាន់​ដែល​ក្រុមហ៊ុន​នេះ មាន​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅក្នុង​រោងចក្រ​ស៊ីម៉ង់ត៍ នៅ​ភ្នំ​ល្អាង​ដែល​នឹងត្រូវ​រៀបចំ​ការសម្ពោធ នៅពេល​ខាងមុខ​នេះហើយ។

ការដ្ឋាន​សាងសង់​អគារ ថៃ ប៊ុន​រ៉ុង​កំពត បៀ​ល​ឌី​ង មាន​ទីតាំង​ស្ថិតនៅ​គល់ស្ពាន​ចាស់​ក្នុងភូមិ១ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ។

គម្រោង​អាគារ​ពាណិជ្ជកម្ម​មួយ​នេះ គឺជា​គម្រោង​សាងសង់​អគារ​ពហុ​មុខងារ មាន​ផ្ទៃ​សំណង់​សរុប១៣៨,៤៥០.៤៤ម៉ែត្រក្រឡា សង់​នៅលើ​ដី​ឡូ​តិ៍​ទំហំ៧,១២៥ ម៉ែត្រក្រឡា មាន​កម្ពស់៤២ជាន់ ដែល​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់ វិនិយោគ​សរុប​ដោយ​ពុំ​គិតពី​តម្លៃ​ដី​មាន​ចំនួន​ប្រមាណ៩៥លាន​ដុល្លារ និង​ប្រើ​រយៈពេល​សាងសង់​ប្រមាណ៣ឆ្នាំកន្លះ ហើយ​គម្រោង​នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែមេសា ឆ្នាំ២០២៣ ៕

អភិបាលខេត្ត​កែប៖ រាល់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​ខេត្ត​សុទ្ធតែ​ផ្តល់ប្រយោជន៍​ដល់៣ភាគី

ដោយៈ រ៉ា​ណេ​ត

កែបៈ អភិបាលខេត្ត​កែប លោក​សោម ពិសិដ្ឋ បាន​អះអាងថា រាល់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​គ្រប់​វិស័យ​នៅ​ទូទាំង​ខេត្ត ជាពិសេស​ការអភិវឌ្ឍ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​ដែល​គាំទ្រ​ដោយ​រដ្ឋបាលខេត្ត សុទ្ធតែ​បាន​ផ្តល់នូវ​ផលប្រយោជន៍ និង​ចំណេញ​ដល់៣ភាគី រួមមាន​រាជរដ្ឋាភិបាល អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ។

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ប្រាប់​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​ក្រុមការងារ នៃ​គេហទំព័រ www.propertyarea.asia កាលពី​ល្ងាច​ទី១១ ខែតុលា ឆ្នាំ២០២០ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ជាច្រើន បាននិងកំពុង​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្ត ដែល​ភាគច្រើន​ស្ថិត​ជា​គម្រោង​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

លោក​បន្តថា “នៅក្នុង​ចំណោម​ក្រុមហ៊ុន ដែល​ចូលខ្លួន​មក​វិនិយោគ និង​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​នៅក្នុង​ខេត្ត​កែប ភាគច្រើន​ជា​គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ជាប់មាត់​ព្រែក ឬ​នៅក្បែរ​តំបន់ភ្នំ​ដែលមាន​ទេសភាព​ស្រស់ស្អាត​បែប​ធម្មជាតិ” ។

លោក​បាន​មានប្រសាសន៍​បន្តទៀតថា ក្រៅពី​តំបន់​ដែលមាន​ភាពអំណោយ​ផល​ពី​ធម្មជាតិ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ខេត្ត​កែប​ក៏មាន​តំបន់​កោះ​ចំនួន១២ ដែលមាន​សក្ដានុពល​ក្នុងការ​វិនិយោគ​ផងដែរ ស្របពេល​ដែលមាន​ក្រុមហ៊ុន​ជាច្រើន កំពុងធ្វើការ​សិក្សា​លម្អិត​មុនពេល​បណ្តាក់​ទុនវិនិយោគ។

ជាមួយនឹង​ការលើកឡើង​ពី​សក្ដានុពល​ខាងលើនេះ លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​ពី​គោលការណ៍​សំខាន់​របស់​រដ្ឋបាលខេត្ត ក្នុងការ​គាំទ្រ​ទៅលើ​គម្រោង​វិនិយោគ​ផងដែរ​ថា “រាល់​គម្រោង​វិនិយោគ ដែល​ត្រូវ​បានទទួល​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត គឺ​សុទ្ធតែ​ធានាបាន​នូវ​ផលប្រយោជន៍​ថា អាច​ទទួលបាន​ទាំង៣ភាគី រួមមាន ផលចំណេញ​ដល់​រាជរដ្ឋាភិបាល ផលចំណេញ​ដល់​អ្នក​បណ្តាក់​ទុនវិនិយោគ និង​ផលចំណេញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផងដែរ” ។

បច្ចុប្បន្ន ខេត្ត​កែប ត្រូវបាន​ក្លាយជា​គោលដៅ​ទេសចរណ៍​កម្រិត​អន្តរជាតិ ដែល​ត្រូវបាន​យកចិត្ត​ទិ​ក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល រួម​ជាមួយនឹង​គម្រោង​ក្នុងការ​បង្កើត​ទៅជា​ទីក្រុង​ទេសចរណ៍ ដ៏​មាន​សក្ដានុពល​នៅក្នុង​តំបន់ ជាពិសេស​ខេត្ត​កំពុង​ត្រៀមខ្លួន​រៀបចំ​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ២០២២ខាងមុខនេះ៕