ដោយស៊ីវ ម៉េង
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរា តម្លៃ២០០០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក សម្រេចបាន២៥ភាគរយហើយ រហូតមកទល់ពេលនេះ ខណៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងមូល គ្រោងបញ្ចប់នៅខែតុលាឆ្នាំ២០២៣។
អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៣ មករានេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋទាំងប្រព័ន្ឋទឹក ភ្លើង ច្រាំងទន្លេ ស្ពាន នៃទីក្រុងកោះនរាទាំងមូល គ្រោងចំណាយប្រាក់២០០០លានដុល្លារអាមេរិក ខណៈគំរោងនេះបាននិងកំពុងឆ្ពោះទៅមុខ ហើយនឹងបញ្ចប់តាមផែនការនៅឆ្នាំ២០២៣។
លោកបន្តថា “ស្ពានតភ្ជាប់កោះទីក្រុងកោះពេជ្រ និងទីក្រុងនរានឹងបញ្ចប់ការស្ថាបនានៅពេលដំណាលគ្នា នឹងហេដ្ឋារចនាសម្ព័ន្ឋរបស់ទីក្រុងនេះ ដែលមានទំហំសរុប១២៥ហិកតា”។លោកបន្តថា “បច្ចុប្បន្នម្ចាស់ដីនៅតំបន់Zone1 , Zone2 ប្រសិនជាពួកគេចង់សាងសង់គំរោងអ្វីមួយ អាចចាប់ផ្តើមរៀបចំបានបណ្តើរៗហើយ”។
លោកទូច សំណាងបានបន្តថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះ មានភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ នាពេលបច្ចុប្បន្ននេះ ដោយក្រុមហ៊ុននឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគំរោងជាច្រើនទៀត ដែលMaster Planលំអិតរបស់ទីក្រុងនេះមិនអាចបញ្ចេញបាននៅឡើយទេ។
ស្ពានតភ្ជាប់ទីក្រុងកោះពេជ្រ និងកោះនរាបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុ ជាកាលពីចុងឆ្នាំមុន ដែលស្ពាននេះ នឹងផ្តល់ការលើកកំពស់សោភ័ណភាព រាជធានីភ្នំពេញបន្ថែមទៀត ពិសេសជួយសម្រួលចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ១ផងដែរ៕